គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ
រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលថវិការដ្ឋឆ្នាំ២០២៦ ក្នុងរង្វង់ ៣២,៧ ទ្រីលានរៀល ត្រូវជាង ១៥% នៃ ផសស

2025/11/10 11:55:29 am        428
រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលសរុបថវិការដ្ឋឆ្នាំ២០២៦ ក្នុងរង្វង់ ៣២,៧ ទ្រីលានរៀល សមមូលនឹងប្រមាណ ៨,១ ប៊ីលាន ដុល្លារអាម៉េរិក ត្រូវជាង ១៥% នៃ ផសស ដោយមានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋ ឲ្យបានស្មើនឹង ១៤,៥៦% នៃ ផសស។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខា សាលា ស្ដីពីការស្វែងយល់អំពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ចំណូលសរុបថវិការដ្ឋ ឬហៅថា ចំណូលសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួនប្រមាណ ៣២,៧ ទ្រីលានរៀល សមមូលនឹងប្រមាណ ៨,១ ប៊ីលានដុល្លារអាម៉េរិក, ត្រូវជា ១៥,០៩% នៃ ផសស។ ឈរលើមូលដ្ឋាននេះ, ក្របខណ្ឌថវិកាឆ្នាំ២០២៦ មានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋឲ្យបាន ស្មើនឹង ១៤,៥៦% នៃ ផសស។ចំណែកចំណាយសរុបថវិការដ្ឋ ឬហៅថាចំណាយសរុបថវិកាជាតិវិញ, ត្រូវបានគ្រោងចំនួនប្រមាណ ៤០,៩ ទ្រីលានរៀល សមមូលនឹងប្រមាណ ១០,១ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ១៨,៨៥% នៃ ផសស, កើនឡើង ៧,៨% ធៀបនឹងច្បាប់ឆ្នាំ ២០២៥, ក្នុងនោះចំណាយចរន្តថវិការដ្ឋ ត្រូវបានគ្រោងចំនួន ២៧,៣ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៦,៨ ប៊ីលានដុល្លារអាម៉េរិក ត្រូវជា ១២,៥៩% នៃ ផសស, កើនឡើង ៤,៨% ធៀបនឹងច្បាប់ឆ្នាំ២០២៥។ចំណែកការកំណត់ពិតាននៃការខ្ចីវិញ នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ, រាជរដ្ឋាភិបាលគ្រោងធ្វើការខ្ចីក្នុងប្រទេស តាមរយៈការ បោះផ្សាយមូលបត្ររដ្ឋចំនួន ២,១ ទីលានរៀល, សមមូលនឹងប្រមាណ ៥២៤ លានដុល្លារអាម៉េរិក សម្រាប់ហិរញ្ញប្បទានលើចំណាយ វិនិយោគ និងរក្សាតុល្យភាពថវិកាជាតិ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏បានកំណត់ទំហំនៃការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និង ដៃគូអភិវឌ្ឍន៍ ចំនួន ២,២៥ ប៊ីលានអេសដេអ៊ែ, សមមូលនឹងប្រមាណ ៣,១ ប៊ីលានដុល្លារអាម៉េរិក, កើនចំនួន ២២៥ លាន អេសដេអ៊ែ ពីឆ្នាំ២០២៥។ជារួមថវិកាឆ្នាំ២០២៦, នៅក្នុងក្របខណ្ឌថវិការដ្ឋ ឬក្របខណ្ឌថវិកាជាតិ ដែលបូករួមនូវថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលអាចរក្សាអតិរេកថវិកាចរន្ត ឲ្យស្ថិតក្នុងកម្រិតប្រមាណ ១,៩៨% នៃផសស នៅឆ្នាំ២០២៦, ដែលជាលទ្ធផល, ឱនភាពសរុប ថវិកាថ្នាក់ជាតិ នឹងមានទំហំស្មើនឹង -៣,៧៦% នៃ ផសស ។ ក្នុងនោះ (ទី១), រាជរដ្ឋាភិបាលនឹងមានតម្រូវការហិរញ្ញប្បទាន ក្នុងទំហំ ៣,៧៦% នៃ ផសស, ត្រូវជាប្រមាណ ៨,២ ទ្រីលានរៀល, ដើម្បីបំពេញឱនភាពថវិកាជាតិ។ (ទី២). មានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ១,២៣% នៃ ផសស, ត្រូវជាប្រមាណ ២,៧ ទ្រីលានរៀល, សម្រាប់ការទូទាត់ប្រាក់ខ្ចី ដើម្បីរំលស់បំណុលសាធារណៈក្នុងប្រទេស និង ក្រៅប្រទេស; និង (ទី៣).មានតម្រូវការហិរញ្ញប្បទាន សម្រាប់ការបង្វិលសងលើអាករលើតម្លៃបន្ថែម ក្នុងទំហំ ០,២១% នៃ ផសស, ត្រូវជាប្រមាណ ៤៤៥ ប៊ីលានរៀលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាព្យាករអាចនឹងសម្រេចកំណើន ៥% ខណៈរយៈពេល៩ខែឆ្នាំនេះ ស្ថានភាពសេដ្ឋកិច្ចសម្រេចបានកំណើនក្នុងរង្វង់ ៥,២%

2025/11/10 11:42:46 am        440
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានថ្លែងបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៦, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា អាចនឹងសម្រេចបាន កំណើន ៥% ដូចគ្នាទៅនឹងការរំពឹងទុកក្នុងក្របខណ្ឌ MTFF, ប៉ុន្តែ មានការកែសម្រួលនូវ អត្រាកំណើន ទៅតាមវិស័យ និង អនុវិស័យនីមួយៗ ខណៈរយៈពេល ៩ ខែដើមឆ្នាំ ២០២៥នេះស្ថានភាពសេដ្ឋកិច្ចកម្ពុ សម្រេចបានកំណើនក្នុង រង្វង់ ៥,២%, ពោលគឺ ដូចគ្នាទៅនឹងការវាយតម្លៃក្នុងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) កាលពីខែ មេសា ឆ្នាំ ២០២៥ កន្លងទៅ ។ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្លែងបញ្ជាក់បែបនេះ ក្នុងសិក្ខាសាលា ស្តីពីការស្វែងយល់អំពីការកសាងក្របខណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ សាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា ជាបរិការណ៍រួម នៃការរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ ២០២៦ ក្របខណ្ឌគោលនយោបាយម៉ាក្រូ-សេដ្ឋកិច្ច ឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើង ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា បន្តត្រូវបានហ៊ុមព័ទ្ធ ដោយអន្តរកាលនៃពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជា នោះឡើយ, ជាអាទិ៍៖ ការប្រែប្រួលយ៉ាងរហ័សនៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់តែមានទំនោរទៅរកចរន្តគាំពារនិយម និង ឯកតោនិយម តាមរយៈ គោល-នយោបាយពន្ធគយបដិការ, ការបន្តបិទខ្ទប់ព្រំដែនគោក រវាងកម្ពុជា-ថៃ ។ល។ ក្នុង បរិការណ៍នេះ, ទស្សនវិស័យសេដ្ឋកិច្ច, ទាំងក្នុងកម្រិតសកល, តំបន់, និង រួមទាំងកម្ពុជា ផង, ហាក់មានទំនោរទៅជួបប្រឈមនឹងហានិភ័យ ច្រើនជាងកាលានុវត្តភាព, ដែល ទាមទារនូវការតាមដានឲ្យបានជាប្រចាំ និង កាន់តែខ្ជាប់ខ្ជួនបំផុត អំពីការវិវត្តនៃស្ថាន-ភាពសង្គម-សេដ្ឋកិច្ច, ជាពិសេស ការគិតគូរអំពីកម្មវិបាក និង បច្ច័យ មកលើស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុក, សម្រាប់តម្រែតម្រង់ទិសដៅគោលនយោបាយ និង រៀបចំវិធានការ ឆ្លើយតប ឲ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងករណី ចាំបាច់ ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបន្តថា ផ្អែកតាមការវិវត្តជាបន្តបន្ទាប់ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៥ នេះ, ក្រុម-ការងារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានវាយតម្លៃឡើងវិញ លើស្ថានភាពសេដ្ឋកិច្ច ដោយរំពឹងថា ជារួម, សេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៥ អាចនឹងសម្រេចបានកំណើន ក្នុង រង្វង់ ៥,២%, ពោលគឺ ដូចគ្នាទៅនឹងការវាយតម្លៃក្នុងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) កាលពីខែ មេសា ឆ្នាំ ២០២៥ កន្លងទៅ។ ក៏ប៉ុន្តែ, កំណើន តាមវិស័យ និង អនុវិស័យមួយចំនួន មានការប្រែប្រួល, ដោយវិស័យខ្លះ ត្រូវបានវាយ-តម្លៃថា នឹងអាចសម្រេចបាន នូវកំណើនខ្ពស់ជាងការរំពឹងទុក, វិស័យខ្លះ នឹងអាច សម្រេចបាននូវកំណើន ដូចការរំពឹងទុក, និង វិស័យខ្លះទៀត នឹងអាចសម្រេចបាន នូវកំណើនទាបជាងការរំពឹងទុក, សហរដ្ឋអាម៉េរិក និង ការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ។ ចំពោះកំណើនលម្អិត តាមវិស័យ និង អនុវិស័យនីមួយៗ, សហការីរបស់ខ្ញុំ នឹងរាយការណ៍លម្អិត ក្នុងបទបង្ហាញ ជូនអង្គសិក្ខាសាលា នាពេលបន្តិចទៀតនេះ ។ បើតាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទោះជាយ៉ាងនេះក្តី, ដោយសារស្ថានភាពមិនទាន់ច្បាស់លាស់មួយចំនួន, ស្ថានភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ អាចជួបប្រឈមនឹងភាព-មិនប្រាកដប្រជាខ្ពស់, ដែលជាយថាហេតុ, ប្រការនេះធ្វើឲ្យកំណើនសេដ្ឋកិច្ច ជារួម អាចនឹងមិនសម្រេចបានដូចការរំពឹងទុក។ ដូច្នេះ, ក្នុងការគ្រប់គ្រងសភាពការណ៍ ដែលមានភាពមិនប្រាកដប្រជាខ្ពស់បែបនេះ, រាជរដ្ឋាភិបាល នៅតែបន្តប្រកាន់ខ្ជាប់នូវ ទស្សនវិជ្ជារួមនៃសកម្មភាពគោលនយោបាយរបស់ខ្លួន គឺ៖ «សង្ឃឹម សម្រាប់ស្ថានភាព ប្រសើរ, តែត្រៀមខ្លួន សម្រាប់ស្ថានភាពអាក្រក់» (Hope for the Best, But Prepare for the Worst) ។ ឈរលើមូលដ្ឋាននៃអភិក្រមនេះ, កម្ពុជានឹងអាចតស៊ូ ដើម្បីរស់រាន ត្បិតស្ថានភាពសេដ្ឋកិច្ច នឹងពុំអាចវិលត្រលប់ទៅរកប្រក្រតីភាពវិញភ្លាមៗ ដូចបរិបទ មុន មានការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ នោះទេ។ ទោះជាយ៉ាងណា, ជារួម, កម្ពុជា នៅតែ រក្សាបាននូវចលនការកំណើនមួយដ៏ល្អនៅឡើយ, ដែលត្រូវបានគាំទ្រដោយវិស័យបម្រើ ការនាំចេញ គួបផ្សំនឹងការបន្តនិន្នាការល្អនៃការប្រើប្រាស់ក្នុងស្រុក និង ចរន្តងាកមក គាំទ្រ និង ប្រើប្រាស់ផលិតផលក្នុងស្រុក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឈរលើមូលដ្ឋាននៃការវាយតម្លៃនេះ, ផសស ថ្លៃបច្ចុប្បន្ន ឆ្នាំ ២០២៦ នឹងស្ថិតក្នុងរង្វង់ ២១៧ ០៦៣ ប៊ីលានរៀល, សម មូលនឹងប្រមាណ ៥៣ ៧៩៩ លានដុល្លារអាម៉េរិក, ខណៈដែល ផសស សម្រាប់ មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនដល់ ៣ ០២០ ដុល្លារអាម៉េរិក ។ ជាមួយគ្នានេះ, សូចនាករផ្នែកម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ក៏ត្រូវបានរំពឹងថា នឹងបន្តមានស្ថិរភាព, ក្នុងនោះ អត្រាអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨% ក្នុងឆ្នាំ ២០២៦ ក្រោមការរំពឹងទុកនៃការបន្តរក្សាបានស្ថិរភាពនៃថ្លៃទំនិញអន្តរជាតិ, ជាពិសេស ថ្លៃ ប្រេងឥន្ធនៈ, ស្របពេលដែលការប្រើប្រាស់ក្នុងស្រុក និង សកម្មភាពចាយវាយ នៅ បន្តមាននិន្នាការវិជ្ជមាន ។ អត្រាប្តូរប្រាក់ផ្លូវការ (រៀល/ដុល្លារអាម៉េរិក) ត្រូវបានរំពឹង ថា នឹងអាចរក្សាបានក្នុងរង្វង់ ៤ ០៣៥ រៀល/ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៦ ។ ចំណែកឯ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងបន្តកើនដល់ ២៧ ៩៨៩ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៦ ដែលអាចធានាការនាំចូលបាន ៧,៩ ខែ ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្រាប់ឆ្នាំ ២០២៦, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា អាចនឹងសម្រេចបាន កំណើន ៥% ដូចគ្នាទៅនឹងការរំពឹងទុកក្នុងក្របខណ្ឌ MTFF, ប៉ុន្តែ មានការកែសម្រួលនូវ អត្រាកំណើន ទៅតាមវិស័យ និង អនុវិស័យនីមួយៗ ។ បើពិនិត្យជារួម, «ក្របខណ្ឌ ហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) ឆ្នាំ ២០២៦-២០២៨» ដែលត្រូវ បានដាក់ចេញ កាលពីខែ មេសា ឆ្នាំ ២០២៥ នៅតែមានភាពសមស្រប សម្រាប់ប្រើប្រាស់ ជាមូលដ្ឋាន ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៦ ដើម្បីធានានូវ ភាពទាន់ពេលនៃការបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ស្របតាម ប្រតិទិនកំណត់ ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។ ទន្ទឹមនេះ, ខ្ញុំក៏សូមជម្រាប ជូនដែរថា, ជាគោលការណ៍, លទ្ធផលជាក់ស្តែងសម្រាប់ឆ្នាំ ២០២៥ និង ការវាយតម្លៃ ឡើងវិញ អំពីកំណើនឆ្នាំ ២០២៦ នឹងត្រូវបានធ្វើឡើងម្តងទៀត នៅដើមឆ្នាំ ២០២៦ សម្រាប់ការរៀបចំ MTFF ឆ្នាំបន្ទាប់ ។ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ជាការពិត, កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦, ដែលត្រូវបានព្យាករថា អាចនឹងសម្រេច បានក្នុងអត្រា ៥% នេះ, មានកំណើនថមថយបន្តិច បើធៀបឆ្នាំ ២០២៥, ដែលឆ្លុះ-បញ្ចាំងពីកម្មវិបាក នៃការអនុវត្តពន្ធគយបដិការ មកលើវិស័យបម្រើការនាំចេញ គួបផ្សំ នឹងការរំពឹងទុក នូវបច្ច័យនៃការអូសបន្លាយនៃការបិទខ្ទប់ព្រំដែនគោក កម្ពុជា-ថៃ៕

ឯកឧត្តម ស៊ុន ចាន់ថុល ស្នើ​ក្រុមហ៊ុន Medline ​ពិចារ​ណាព​ង្រីកការ​ទិញ​ផលិតផលបរិក្ខាពេទ្យ ដែល​ផលិតនៅកម្ពុជាបន្ថែម និង​ពិនិត្យ​លទ្ធ​ភាព​ដាក់​ទុនវិនិយោគ​បង្កើតរោងចក្រ​នៅកម្ពុជា​ដោយ​ផ្ទាល់​

2025/11/04 05:28:21 pm        431
កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹ​ក​នាំ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​ពាណិជ្ជ​កម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម​ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូ សមាគម​ឧក​ញ៉ា​ក​ម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Rob Calia អនុ​ប្រធាន​ក្រុម​ហ៊ុន និងជាប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាល របស់ក្រុមហ៊ុន Medline ដែលជាក្រុម​ហ៊ុន​ឯក​ជន​ដ៏​ធំ​បំផុតមួយរបស់សហរដ្ឋអាម៉េរិក មានឯកទេសក្នុងការផលិត និងចែកចាយបរិក្ខារពេទ្យ និង​ផលិតផលថែទាំសុខភាពជាង ៣៣៥ពាន់មុខ ព្រមទាំង​ជា​អ្នក​ផ្តល់​ដំណោះ​ស្រាយ​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់ ជូនស្ថាប័នថែទាំសុខភាពទូទាំងពិភពលោកផងដែរ។ជំនួប​នេះបានផ្តោតសំខាន់ក្នុងការជំរុញវិនិយោគលើវិស័យឧស្សាហកម្មផលិតសម្ភារ និង​បរិក្ខារ​ពេទ្យ​នៅ​កម្ពុជា ដោយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពី​ឧត្តម​ភាព​វិនិយោគ​ជូន​ថ្នាក់​ដឹកនាំ Medline រួមមានជាអាទិ៍៖ សក្តានុពលរបស់ក​ម្ពុ​ជា​ក្នុង​ការ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ផលិត​កម្មស​ម្រាប់ការនាំចេញ ដោយយោងលើច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើ​ក​ទឹក​ចិត្ត​ខ្ពស់​សម្រាប់​វិស័យ​បច្ចេកវិទ្យាទំនើប និងសុខាភិបាល, ការចូលទៅកាន់ទីផ្សារសំខាន់ៗ ដូចជា​សហរដ្ឋ​អាម៉េរិក(GSP) សហភាពអឺរ៉ុប(EBA) ចិន(FTA) និងកូរ៉េ(FTA), ព្រមទាំងមូលធនមនុស្ស ដែល​មាន​វ័យក្មេងអាចបណ្តុះបណ្តាល ដើម្បីបំពេញតម្រូវ​ការ​ក្នុង​វិស័យ​ផលិត​កម្ម​វេជ្ជ​សាស្ត្រ​បាន​។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរទៅកាន់ក្រុមហ៊ុន Medline ឱ្យ​ពិចារ​ណាព​ង្រីកការ​ទិញនូ​វផលិតផលបរិក្ខាពេទ្យ ដែលផលិតនៅកម្ពុជាបន្ថែមទៀត និង​ពិនិត្យ​លទ្ធ​ភាព​ក្នុង​ការ​បណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតបរិក្ខារពេទ្យនៅកម្ពុជាដោយផ្ទាល់ ជា​ពិសេស​ផលិត​ផលដែលមានតម្រូវការខ្ពស់ដូចជា ស្រោមដៃ ឧបករណ៍វះកាត់សម្រាប់​ការ​ប្រើ​តែ​ម្តង​គត់ (Non-woven surgical supplies for single use only) និងសម្ភារៈការពារប្រភេទ PPE ​ដើម្បីជាការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍។ ឯកឧត្តម បាន​បន្ថែម​ថា ការវិនិយោគរបស់ Medline នឹងមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំ​ង​រួម​ចំណែក​ដល់​ការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការផ្ទេរបច្ចេក​ទេស​ផលិត​គុណ​ភាព​ខ្ពស់​ផងដែរ៕

អ្នកជំនាញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-អាមេរិក នឹងបង្កើនទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ខ្លាំង​ជាងមុន

2025/11/03 12:58:43 pm        492
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច មើលឃើញថា ក្រោយកម្ពុជា និងអាមេរិក​បាន​ចុះ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការជាមួយគ្នាកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ក្រោម​អធិប​តី​ភា​ពស​ម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានា​ធិបតី​អាមេរិក​ធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម កាទូត ឬឈានដល់ទំនាក់ទំនងផ្នែកយោធា រវាង​ប្រទេ​ស​ទាំងពីរអាចនឹងមានសន្ទុះងើបឡើងវិញរឹតតែខ្លាំង ជា​ពិសេស​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​សក្ដា​នុពលបានបន្ទាប់អត្រាពន្ធបដិការសូន្យភាគរយរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានមើឃើញថា តាមរយៈ កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​កម្ពុជា​បាន​ទម្លាក់​អត្រា​នាំ​ចូល​ទំនិញអាមេរិករហូតដល់សូន្យភាគរយលើមុខទំនិញមួយចំនួនដូចជាកសិកម្ម ឧស្សាហកម្ម និង​ចំណី​អាហារជាដើម, ប៉ុន្ដែជាមួយគ្នានេះ អាមេរិក​ក៏​បាន​ទម្លាក់​អត្រា​ពន្ធ​បដិការ​រហូត​ដល់​សូន្យ​ភាគ​រយ​ដល់កម្ពុជាវិញផងដែរ មានដូចជា ប្រភេទទំនិញ លើផលិតផលវាយនភណ្ឌ ដែល​មាន​វត្ថុ​ធាតុ​ដើម​នៅកម្ពុជា (Organic) ក្រណាត់សេរីរាង្គ, ឬក្រណាត់កាតុង, ក្រណាត់សូត្រ និង​ក្រណាត់​បែប​ប្រពៃណី, បន្ទះសូឡា ឬបន្ទះពន្លឺព្រះអាទិត្យ, ទំនិញកសិកម្មសិរីរាង្គ, គ្រឿង​សង្ហា​រិម​ធ្វើ​អំពី​ឈើ និងទំនិញប្រភេទគ្រឿងវិចខ្ចប់ឬក្រដាស ដែលអាចរលាយទៅវិញបាន។ ចំណែក ឯកឧត្តមបណ្ឌិត សោ សុន្ទរ៍ធារី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង​ជា​សាស្រ្ដា​ចារ្យជំនាញសេដ្ឋកិច្ច បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក​មាន​តាំង​ពី​ទសវត្ស​រ៍​ឆ្នាំ១៩៥០ ទាំងទំនាក់ទំនងកាទូត និងពាណិជ្ជកម្ម, ហើយទំនាក់​ទំន​ង​ប្រទេស​ទាំង​ពីរ​បាន​ឈានដល់ដំណាក់កាលថ្មីមួយក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្ដី​នៃ​កម្ពុជា​ ពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗរវាងប្រទេសទាំងពីរ យើង​មាន​សុទិដ្ឋិនិយម និងសង្ឃឹមលើការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងកាទូត​បន្ថែ​ម​ទៀត​រវាង​ប្រទេសទាំងពីរ។សូមជម្រាបថា មកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក កំពុង​បន្ត​មាន​ការ​រីក​ចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ, ជាក់ស្ដែងរយៈពេល ៩ខែឆ្នាំ២០២៥នេះ ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា និងអាមេរិក កើនឡើងរហូតទៅដល់ ៨.៣ ពាន់លានដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញ​ទៅ​អាមេរិកមានរហូតទៅដល់ ៧.៩ ពាន់លានដុល្លារ ចំណែកអាមេរិក​នាំចូល​មក​កម្ពុជា​វិញ​មាន​ប្រមាណ ​៤០០ លានដុល្លារ, ចំនួននេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​កម្ពុជា និងអាមេរិកមានការកើនឡើង ៥.១ ភាគរយ៕ 

ក្របខ័ណ្ឌទស្សនាទានស្តីពីយុទ្ធសាស្រ្តជំរុញវិនិយោគនឹងជួយទាក់ទាញការវិនិយោគដល់កម្ពុជា

2025/10/29 10:54:22 am        174
ក្របខ័ណ្ឌទស្សនាទាន ស្ដីពីយុទ្ធសាស្រ្តជំរុញវិនិយោគ នឹងក្លាយឯកសារមគ្គុទ្ទេសដ៏សំខាន់ បង្កើនការទាក់ទាញវិនិយោគលើវិស័យ អេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម ដើម្បី​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់ពិពិធកម្មមូលដ្ឋានឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃទី២៨ តុលា ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាព លើ​ការ​រៀប​ចំ​សេចក្តី​ព្រាង​ក្របខ័ណ្ឌទស្សនាទាន ស្ដីពីយុទ្ធសាស្រ្តជំរុញវិនិយោគ ជាមួយ ក្រុមការងារ នៃ​កម្ម​វិធី​ភាព​ជាដៃគូរវាងកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), សេចក្តី​ព្រាង ក្របខ័ណ្ឌទស្សនាទាននេះ នឹងក្លាយ​ឯកសារ​មគ្គុទ្ទេស​សម្រាប់​បង្កើន​ការ​ទាក់​ទាញ​វិនិយោគ ដោយផ្ដោតសំខាន់លើវិស័យអេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម ដែលជា​វិស័យ​អាទិភាព​ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ពិពិធកម្មមូលដ្ឋានឧស្សាហកម្មនៅកម្ពុជា ហើយក៏ ជាមគ្គុទ្ទេសសម្រាប់ការរៀបចំឯកសារយុទ្ធសាស្ត្រផ្ទៃក្នុង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សំដៅបន្តពង្រឹងប្រសិទ្ធភាពស្ថាប័ន ក្នុងនាមជា សេនាធិការរបស់រាជរដ្ឋាភិបាលលើការជំរុញទាក់ទាញវិនិយោគឯកជន។កិច្ចប្រជុំនេះ ក៏បានពិនិត្យពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាននេះ ដើម្បីប្រមូលធាតុចូលបន្ថែម ពីថ្នាក់ដឹកនាំអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា សម្រាប់តម្រង់ទិសការរៀបចំសេចក្តីព្រាងឯកសារឱ្យមានតម្លាភាព។ ជាលទ្ធផល, អ្នកជំនាញការបានទទួលយកធាតុចូល សម្រាប់គម្រោងរៀបចំកែសម្រួលចុងក្រោយ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ និងផ្តល់ការអនុម័ត លើសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទានមួយនេះ។ក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ជា វុទ្ធី ក៏បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន GOMI RECYCLE ក្នុងនោះ លោក Okumura Yusuke ប្រធានក្រុមហ៊ុន បានជម្រាបជូនអំពីបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន បាននិងកំពុងដំណើរការគម្រោងវិនិយោគ កែច្នៃសំរាម (ប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។ បញ្ហានេះក្រុមហ៊ុនក៏បានសម្រេច ចិត្តពង្រីកការវិនិយោគ ដោយនិងពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បម្រើដល់ផលិតកម្មកែច្នៃ។ ជាការឆ្លើយតប, ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន ក្នុងការពង្រីកការ វិនិយោគនៅកម្ពុជា និងបានសម្តែងនូវការស្វាគមន៍គម្រោងពង្រីកការវិនិយោគនេះ ដែលនឹងអាចចូលរួមបង្កើតការងារបន្ថែមជូនដល់ ប្រជាពលរដ្ឋកម្ពុជា និងការចូលរួមសម្អាតបរិស្ថានជាដើម៕ អត្ថបទ៖ សុន រ៉ាឌី 

ប្រធានសមាគមក្នុងស្រុក៖ ការធ្វើពាណិជ្ជកម្មកម្ពុជា-អាមេរិក នឹង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​ចុះ​កិច្ច​ព្រមព្រៀងថ្មីនេះ

2025/10/28 11:15:14 am        274
ប្រធានសមាគមធំៗក្នុងស្រុក ថ្លែងនូវការអបអរសាទរ ចំពោះ​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ស្តីពី​ពាណិជ្ជ​កម្ម​បដិការ ដើម្បីពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និង​សហរដ្ឋ​អាម៉េរិក ដែលនេះគឺជាការលើកកម្ពស់ដល់ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងការ​វិនិយោគ​បន្ថែម​នៃ​ប្រទេសទាំងពីរ។ ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគ នវានុវត្តន៍ និង​អភិវឌ្ឍន៍​ (IDI) លើកឡើងក្នុង កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការចុះ​ហត្ថ​លេខា​កិច្ច​ព្រម​ព្រៀង​ស្តីពី​ពាណិជ្ជកម្មបដិការរវាងកម្ពុជានិងអាម៉េរិក នេះថា ចំពោះ ការសម្រេចបានសមិទ្ធផលថ្មី តាម​រយៈនៃការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះ គឺមិនមែន​កើត​ឡើង​ដោយ​ឯក​ឯង​នោះឡើយ ពោលគឺបានកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោ​ម​កា​រដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទើបធ្វើ ឱ្យ​កម្ពុជា​សម្រេច​បាន​ផ្លែផ្កាគួជាទីមោទនៈ។ឧកញ៉ាបណ្ឌិត បន្តថា ជាក់ស្តែងការឈានដល់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ ដើម្បី​ពង្រឹង​ទំនាក់​ទំនងសេដ្ឋកិច្ចទ្វេ ភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកនេះ គឺ​បាន​បង្ហាញ​ឱ្យ​ឃើញនូវចំណុចច្បាស់លាស់ និងពិតប្រាកដ សម្រាប់ ជាមូលដ្ឋានគ្រឹះ ក្នុងការ​បង្កើន​ទំនាក់​ទំនង និងបង្កើតទំនុកចិត្តដល់ធុរកិច្ចដែលកំពុងធ្វើអាជីវកម្មក្នុងស្រុក និងជាការទាក់ទាញ វិនិ​យោគិនបរទេសមកបណ្តាក់បន្ថែមផងដែរ។ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា មើលឃើញថា កម្ពុជា-អាម៉េរិក​បាន​ជំរុញ​បង្កើត​នូវ​ទំនាក់ ទំនងយ៉ាងកាន់តែជិតស្និទ្ធ និងពង្រីកនូវកិច្ចសហ​ប្រតិបត្តិការ​កាន់​តែ​ខ្លាំង​ក្លា ​ជាពិសេសជំរុញដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី ជាក់ស្តែង នៅទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ​ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​បដិការ​ ដើម្បីពង្រឹងនិងពង្រីកពាណិជ្ជកម្មទ្វេភាគីបន្ថែម។ តាមរយៈនេះយើងរំពឹងថា ការធ្វើ​ពាណិជ្ជ​កម្ម​នៃប្រទេសទាំងពីរកាន់តែមានភាព ខ្លាំងក្លាថែមទៀត ជាពិសេសជាជំរុញ​ដល់​កំណើន​នៃ​ការ​នាំចេញរបស់កម្ពុជាបន្ថែម។សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្ដី​នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីសហរដ្ឋអាមេរិក, ឯកឧត្តម ដូណាល់ ត្រាំ អញ្ជើញ​ចុះ​ហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងព្រះរាជា ណាចក្រកម្ពុជា និង​សហ​រដ្ឋ​អាម៉េរិក ដើម្បីពង្រឹងនិងពង្រីក ពាណិជ្ជកម្មទ្វេភាគី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជុំវិញការ កិច្ចព្រមព្រៀងអាមេរិក-កម្ពុជានេះដែរ បើតាមផេកផ្លូវការរបស់ សេតវិមាន​សហ​រដ្ឋ​អាមេរិក​ តាមរយៈការចុះហត្ថលេខាកិច្ចព្រមព្រៀង អាមេរិក-កម្ពុជានេះដែរ ក៏ជាការលុប​បំបាត់​ពន្ធ​លើ ​១០០% នៃទំនិញឧស្សាហកម្ម និងកសិកម្មរបស់សហរដ្ឋអាមេរិកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី បង្កើតកិច្ចសហការផលិតទឹកដោះគោស្រស់ ដើម្បីបំពេញតម្រូវការទីផ្សារ

2025/10/27 11:14:39 am        336
ធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី បង្កើតកិច្ចសហការ លើការពង្រីកប្រតិបត្តិការអាជីវកម្ម និងការវិនិយោគ​របស់​ក្រុមហ៊ុន Farm Fresh Berhad មកកាន់ប្រទេសកម្ពុជា លើខ្សែច្រវាក់ផលិតកម្ម ផលិត​ផល​ចេញពីទឹកដោះគោស្រស់ ដើម្បីចូលរួមបំពេញតម្រូវការ ទីផ្សារ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេចមហា- បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងជំនួប សម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ ក្រុមហ៊ុន Farm Fresh Berhad ដឹកនាំដោយលោក Loi Tuan Ee សហ​ស្ថាបនិក, នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិក្រុមហ៊ុន។បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាខាងលើ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុង​ពិធី​ផ្លាស់​ប្តូរ​ចុះ​អនុស្សរណៈ លើការយោគយល់គ្នា រវាងក្រុមហ៊ុន Alpha Group របស់កម្ពុជា តំណាង​ដោយ​អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមហ៊ុន ជាមួយនឹង ក្រុមហ៊ុន Farm Fresh Berhad របស់ម៉ាឡេស៊ី តំណាងដោយ លោក Loi Tuan Ee។ អនុស្សរណៈលើការយោគយល់គ្នាបានផ្លាស់ប្តូរនាឱកាសនេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង ​ដើម្បីបង្កើតកិច្ចសហការ ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្ម និងការ​វិនិយោគ​របស់​ក្រុម​ហ៊ុន ​Farm Fresh Berhad មកកាន់ប្រទេសកម្ពុជា ដែលពាក់ព័ន្ធ នឹងខ្សែ​ចង្វាក់​ផលិត​កម្ម​ផលិត​ផល​ចេញ​ពីទឹកដោះគោស្រស់ ដើម្បីចូលរួមបំពេញតម្រូវការទីផ្សារ៕ អត្ថបទ៖ សុន រ៉ាឌី

ផលិតផលខ្មែរជាច្រើនមុខ ដែលផលិតនៅក្នុងស្រុក បាននិងកំពុងដាក់លក់ នៅក្នុងស្តង់ ផ្សារផលិតផលខ្មែរ ខេត្តកំពង់ស្ពឺ

2025/10/25 10:45:16 am        378
ផ្សារផលិតផលខ្មែរខេត្តកំពង់ស្ពឺ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ស្ពឺ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍នឹងអាទិត្យ ចាប់ពីម៉ោង ៦៖៣០ព្រឹក ដល់ម៉ោង១៨៖០០ល្ងាច ដែលមានទីតាំងនៅបរិវេន វិមានសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ជិតវេទិកាអុំទូក ខេត្តកំពង់ស្ពឺ។ ស្វែងរកទីតាំងផ្សារផលិតផលខ្មែរ ខេត្តកំពង់ស្ពឺ https://maps.app.goo.gl/WFJH6PVzYaYkh5VH7?g_st=atmសូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។សូមចូលរួមគាំទ្រផ្សារផលិផល ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ។

ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ចាប់អារម្មណ៍ និងមានគម្រោងអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍តាមដងព្រែកជីកហ្វូណនតេជោ

2025/10/25 10:32:40 am        443
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Wang Huan តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន-ផ្លូវថ្នល់ចិនប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងរាយការណ៍អំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំងស្នើសុំអនុសាសន៍ពីឯកឧត្តមរដ្ឋមន្រ្តីដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងគម្រោងសំខាន់ៗមួយចំនួនទៀត នៅទីស្តីការក្រសួងទេសចរណ៍។ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន-ផ្លូវថ្នល់ចិនប្រចាំកម្ពុជា (CRBC) ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តវិស័យអាទិភាព ជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ លើកកម្ពស់តួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ ជាពិសេសការចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ឱ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាជាមួយគោលនយោបាយលើកទឹកចិត្ត ដោយផ្តោតលើតំបន់ដែលមានសក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ ដោយឈរលើការអភិរក្ស និងអភិវឌ្ឍ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តាមខេត្តជាប់ដងព្រែក សហគមន៍ លើកកម្ពស់ជីវភាពប្រជាជន និងរួមចំណែកការកាត់បន្ថយភាពក្រីក្រ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើលោក Wang ទាក់ទាញវិនិយោគិនមកធ្វើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍តាមខេត្តជាប់ដងព្រែកបន្ថែមទៀត៕

គណៈប្រតិភូវិនិយោគិនទីក្រុងឆឹងទូ ឈុងឈីង និងម៉ាឡេស៊ី ចាប់អារម្មណ៍​ការវិនិយោគ​នៅកម្ពុជា

2025/10/24 04:25:09 pm        1129
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនមកពីទីក្រុងឆឹងទូ ឈុងឈីង និងប្រទេសម៉ាទ្បេស៊ី ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត Tan Yew Kuan នាយកប្រតិបត្តិ Asia Pacific Top Excellence Brand Committee និងលោក Gan Dehong ប្រធានសភាពាណិជ្ជកម្ម Chengdu Machinery Manufacturing។ ក្នុងឱកាសនេះ គណៈប្រតិភូវិនិយោគិន បានចាប់អារម្មណ៍ចំពោះឱកាសការវិនិយោគនៅកម្ពុជា។គណៈប្រតិភូវិនិយោគិនមកពីទីក្រុងឆឹងទូ ឈុងឈីង និងប្រទេសម៉ាទ្បេស៊ីនេះ មានកម្មវត្ថុអាជីវកម្មក្នុងវិស័យកម្មន្ដសាល, ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់, ឧបករណ៍អគ្គិសនី និងមេកានិច, គ្រឿងម៉ាស៊ីនឆ្លាតវៃ, ការវេចខ្ចប់, ការផលិត និងកែច្នៃ ព្រមទាំងវិស័យអចលនទ្រព្យ។ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាសនៅកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការរងបានជម្រាបជូនគណៈប្រតិភូអំពីច្បាប់ ស្តីពីវិនិយោគ របបលើកទឹកចិត្តដែលប្រកបដោយភាពទាក់ទាញ សក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន និងគោលនយោបាយដើម្បីលើកកម្ពស់បរិស្ថានវិនិយោគនិងធុរកិច្ចនៅកម្ពុជា។ លោក Gan Dehong ប្រធានសភាពាណិជ្ជកម្ម Chengdu Machinery Manufacturing បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការរង ដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូនាពេលនេះ និងព្រមទាំងបានអត្ថាធិប្បាយលម្អិតអំពីស្ថានភាពវិនិយោគនៅកម្ពុជាជូនគណៈប្រតិភូ។ លោក Gan Dehong ក៏បានមានការកត់សម្គាល់ឃើញថា កម្ពុជាពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងរំហូរនៃការវិនិយោគបានចូលមកកម្ពុជាកាន់តែច្រើនឡើងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយម្យ៉ាងទៀតរាជរដ្ឋាភិបាលកម្ពុជាតែងតែស្តាប់នូវមតិយោបល់របស់សហគមន៍វិនិយោគដើម្បីកែលម្អបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។ ស្របជាមួយគ្នានេះ លោកប្រធានគណៈប្រតិភូបានធ្វើការវាយតម្លៃខ្ពស់ចំពោះ​សកម្មភាព​ការងារ​ប្រកប​ដោយវិជ្ជាជីវៈរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ការ​ទាក់​ទាញវិនិយោគ និងថែទាំវិនិយោគ ហើយបានសន្យានឹងធ្វើការពាំនាំ​ព័ត៌មាន​សំខាន់ៗ​ដែល​ទទួល​បាន និងទិដ្ឋភាពជាក់ស្តែងដែលបានឃើញដោយផ្ទាល់នាពេលនេះ ដើម្បីចែករំលែក​ជាមួយ​សមាជិក និងបណ្តាញធុរកិច្ច និងវិនិយោគរបស់ខ្លួនដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុន​វិនិយោគនៅ​កម្ពុជា​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតី៖ មធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃ បានជួយសម្រួលបន្ទុកចំណាយសរុបប្រមាណ ១២ពាន់លានរៀល ដែលចំនួននេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន
04/22/2026 07:04 AM
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM
ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ
04/21/2026 09:04 PM
EU រំពឹងថានឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅថ្ងៃពុធស្អែកនេះ
04/21/2026 09:04 PM
ខ្មាន់កាំភ្លើងសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅពីរ៉ាមីត Teotihuacan
04/21/2026 09:04 PM
នាយអគ្គលេនាធិការកងទ័ពរុស្ស៊ី៖ កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែនក្នុងឆ្នាំនេះ
04/21/2026 09:04 PM
ប្រភព៖ នាវាអ៊ីរ៉ង់ដែលរឹបអូសបានទំនងជាដឹកទំនិញប្រើបានទាំងយោធា និងស៊ីវិល
04/21/2026 09:04 PM
ឈីលី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ
04/21/2026 09:04 PM
ក្រុមអ្នកវិទ្យាសាស្រ្តរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស
04/21/2026 09:04 PM
ប្រេសិតក្រុមប្រឹក្សាសន្តិភាពមានសុទិដ្ឋិនិយមចំពោះការអនុវត្តផែនការតំបន់ហ្កាហ្សា
04/21/2026 09:04 PM