សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

ជន​ស៊ីវិល ​៥​នាក់​ស្លាប់ និង​ ៥​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​លើ​ក្រុង Azaz ប្រទេស​ស៊ី​រី​

2022/11/23 09:25:44 pm        305
​ស៊ីរី៖ គិលានុបដ្ឋាយិកា​នៅ​មន្ទីរ​ពេទ្យ​ក្នុង​តំបន់ និង​សកម្មជន​បា​និយាយ​ថា ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ទៅលើ​ទីក្រុង Azaz ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រីដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ បណ្តាល​ឲ្យ​ជន​ស៊ីវិល ៥នាក់​ស្លាប់ និង​រងរបួស ៥នាក់​ផ្សេងទៀត​កាលពី​ថ្ងៃ​អង្គារ​។ អ្នកស្លាប់​រួមមាន​កុមារ​ម្នាក់ និង​បុរស​ ៤​នាក់​។ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាច​បញ្ជាក់បាន​ភ្លាមៗ​ពី​ប្រភព​នៃ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត ដែល​បាន​កើតឡើង​នៅក្នុង​តំបន់​ក្បែរ​ព្រំដែន​ប្រទេស​ទួរគី ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​អ៊ីស្លាម​និយម​គាំទ្រ​ដោយ​ទួរគី​នោះទេ​។​ ​វីដេអូ​ដែល​បង្ហោះ​តាម​បណ្តាញ​អ៊ីនធឺណិតបានបង្ហាញ មនុស្ស​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​គំនរ​បាក់បែក​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង ខណៈ​សំឡេង​ស៊ី​រ៉ែ​ន​រថយន្ត​សង្គ្រោះបន្ទាន់​ប្រញាប់ប្រញាល​ជួយសង្គ្រោះ​អ្នករងរបួស​។ ឧប្បត្តិ​ហេតុនេះ​កើតឡើង បន្ទាប់ពី​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​ និង​យន្តហោះ​ចម្បាំង​របស់​ទួរគី​លើ​កងជីវពលអង្គភាព​ការពារ​ប្រជាជន​ឃឺ​ដ ​(YPG) នៅ​ប្រទេស​ស៊ី​រីក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ខណៈ​ប្រទេស​ទួរគី និង​អង្គភាព YPG បង្កើន​ការវាយប្រហារ​សងសឹក ដែល​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់​នៅ​ព្រំដែន​ទាំងសង​ខាង​។​​ប្រទេស​ទួរគី​បាន​និយាយថា យន្តហោះ​ចម្បាំង​របស់ខ្លួន​បាន​បំផ្លាញ​គោលដៅ​ចំនួន ៨៩​កន្លែងនៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ដោយ​ក្រុម​សកម្មប្រយុទ្ធ​ចំនួន ១៨៤នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​អង្គភាព​YPG និង​គណបក្ស​ពលករ​ឃឺ​ដ ​(PKK) កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ​។ ទីក្រុង​អង់កា​រ៉ានិយាយថា ប្រតិបត្តិការ​កាលពីចុង​សប្តាហ៍​របស់ខ្លួន​គឺជា​ការ​សងសឹក​ ចំពោះ​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​សប្តាហ៍​មុន បណ្តាល​ឲ្យ​មនុស្ស ៦នាក់​ស្លាប់ ជា​អ្វីដែល​អាជ្ញាធរ​បានដាក់​កំហុស​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​។ ប៉ុន្តែ​គ្មានក្រុម​ណាមួយ​បាន​អះអាង​ទទួលខុសត្រូវ​នោះទេ ហើយ​គណបក្ស​ពលករ​ឃឺ​ដ ​(PKK) និង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ (SDF) បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ក្នុងការ​បំផ្ទុះ​នេះ៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ៣៥នាក់​រង​របួស​ក្នុង​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​កម្រិត ៦​រ៉ិ​ច​ទ័​រ​អង្រួន​ប្រទេស​ទួរគី​ភាគ​ខាងលិច

2022/11/23 07:35:42 pm        296
​ទួរគី៖ ការ​រញ្ជួយ​ដី​កម្រិត ​៦​រ៉ិ​ច​ទ័​រ​បាន​វាយប្រហារ​តំបន់​មួយ​ នៃ​ប្រទេស​ទួរគី​ភាគ​ខាងលិច​ជិត​ទីប្រជុំជន Duzce ប្រមាណ ២១០គីឡូម៉ែត្រ​ភាគ​ខាងកើត​ទីក្រុង​ធំ​បំផុត Istanbul របស់​ប្រទេស​ទួរគី បណ្ដាល​ឲ្យ​មនុស្ស ​៣៥​នាក់​រង​របួស​។ ការ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ ៤:០៨​នាទី​ព្រឹក​ថ្ងៃពុធ​ម៉ោង​នៅ​ទួរគី​​។ ​សារព័ត៌មាន​នានា​បាន​រាយការណ៍​ថា កម្លាំង​រញ្ជួយ​ខ្លាំង​ល្មម​ធ្វើ​ឲ្យ​អង្រួន​នៅ​ក្នុង​រដ្ឋធានី Ankara និង​ទីក្រុង Istanbul។​ នៅ​ពុំមាន​សេចក្ដីរាយការណ៍​ស្ដីពី​ការខូចខាត​នៅឡើយ​ទេ។ ​តាម​ការ​ប៉ាន់​ប្រមាណ​ជម្រៅ​នៃ​ការ​រញ្ជួយ​នេះ​ចាប់ពី ២គីឡូម៉ែត្រ​ទៅ ១០គីឡូម៉ែត្រ​​។ ​មាន​សេចក្ដីរាយការណ៍​ជាច្រើន​បង្ហាញ​ពី​ការ​រំខាន​ក្នុង​តំបន់ ព្រមទាំង​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លោត​ចេញពី​រាន​ហាល​មុខ​ផ្ទះ​។​​ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទួរគី​លោក Suleyman Soylu បាន​និយាយ​ថា ​ពុំ​មាន​ព័ត៌មាន​បញ្ជាក់​ពី​ការ​បាត់បង់​អាយុជីវិត​មនុស្ស​នោះ​ទេ​។ ​ទីប្រជុំជន Duzce ធ្លាប់​បាន​រង​ការវាយប្រហារ​ដោយ​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​កម្រិត ៧.២​រ៉ិ​ច​ទ័​រ​កាលពី​ឆ្នាំ​១៩៩៩ សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៨៤៥​នាក់​។ ការ​រញ្ជួយ​នេះ​កើតឡើង​ ក្រោយ​ការរញ្ជួយ​ដី​ដ៏​ធំ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​នៅ​ទីក្រុង Izmit ស្ថិតនៅ​ចម្ងាយ ១០០​គីឡូម៉ែត្រ​ភាគ​ខាងលិច​ដែល​បាន​សម្លាប់​មនុស្ស​ជាង ​១៧.០០០​នាក់ និង​បណ្ដាល​ឲ្យ​អគារ​ជាច្រើន​ក្នុង​តំបន់​នេះ​រង​ការខូចខាត​៕អត្ថបទ៖ សុខមាន

ក្រុងមូស្គូបង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ បន្ទាប់ពី​តំបន់​គ្រី​ម៉េ​ត្រូវ​រង​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​

2022/11/23 07:05:29 pm        383
​រុស្ស៊ី៖ ក្រុម​អាជ្ញាធរ​លើក​បន្តុប​ដោយ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា ឧបទ្វីប​គ្រី​ម៉េ (Crimea) ដែល​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​របស់​រុស្ស៊ីត្រូវ​បាន​ដាក់​គោលដៅ​ដោយ​យាន​ដ្រូ​ន​វាយប្រហារ​កាលពី​ថ្ងៃ​អង្គារ ដោយ​បន្ថែម​ថា ​កងកម្លាំង​របស់​ទីក្រុង​មូស្គូ​នៅ​ទីនោះ​បាន​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​។ ​ការវាយប្រហារ​នេះ​បានកើត​ឡើង ខណៈ​អ៊ុយ​ក្រែ​ន​អះអាង​ជ័យជម្នះ​នៃ​ការ​ដណ្ដើម​ទឹកដី​យក​មក​វិញ​មួយ​ផ្សេងទៀត និង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ទីក្រុង​មូស្គូ​និយាយ​ថា ខ្លួន​កំពុង​ពង្រឹង​កម្លាំង​របស់​ខ្លួន​នៅ​ឧបទ្វីប​គ្រី​ម៉េ​។ ​លោក Mikhail Razvozhayev អភិបាល​នៃ​តំបន់​រដ្ឋបាល Sevastopol ក្នុង​ឧបទ្វីប​គ្រី​ម៉េ​បាន​និយាយ​នៅ​លើ​បណ្ដាញ Telegram ថា មានការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន តែ​ពុំ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ណាមួយ​ត្រូវ​បាន​រង​ការខូចខាត​ទេ និង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់​។​លោក​ថា ប៉ុន្តែ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​កំពុង​វាយបក​សន្ធាប់​ខ្លាំងក្នុង​តំបន់​ភាគ​ខាង​ត្បូង​ឆ្ពោះ​មកកាន់​ឧបទ្វីប​នេះ ហើយ​កាលពី​ដើមខែ​នេះពួកគេ​បាន​ដណ្ដើមយក​ត្រឡប់​ទៅវិញ​នូវ​ទីក្រុង Kherson ដែល​មាន​ព្រំដែន​ជាប់​ឧបទ្វីប​គ្រី​ម៉េ​។ លោក​ថា កងកម្លាំង​របស់​ពួក​លោក​កំពុង​ទប់ទល់​ធានា​សន្តិសុខ​ដល់​ពលរដ្ឋ ​នៅឧបទ្វីប​គ្រី​ម៉េ​ទាំងមូល​៕អត្ថបទ៖ សុខមាន

អ៊ីរ៉ង់​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ឆ្លើយតប​ទៅនឹង​សេចក្ដីសម្រេច​របស់ IAEA

2022/11/23 06:26:15 pm        408
​អ៊ីរ៉ង់៖ ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ហៅ​កាត់​ថា IAEA បាន​និយាយ​ថា អ៊ីរ៉ង់​បាន​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម និង​ការប្រើប្រាស់​ម៉ាស៊ីន​សែន​ធី​ផ្យូច​ដ៏​ទំនើប​នៅ​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​ ២​កន្លែង ឆ្លើយតប​ទៅ​នឹង​សេចក្ដី​សម្រេច​រង​ការរិះគន់​យ៉ាង​ខ្លាំងដែល​បាន​អនុម័ត​ប្រឆាំង​អ៊ីរ៉ង់ ​នៅ​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​ពិភពលោក​។ ​សារព័ត៌មាន​រដ្ឋ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា អ៊ីរ៉ង់​បាន​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​មរបស់​ខ្លួន​នៅ​រោងចក្រ​នុយក្លេអ៊ែរ Fordow រហូតដល់ ​៦០% ជា​ការ​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​សេ​ក្ដី​សម្រេច​ដែល​បាន​អនុម័ត​ ដោយក្រុមប្រឹក្សាភិបាល​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។​ របាយការណ៍​នានា​និយាយ​ថា អ៊ីរ៉ង់​ក៏​បាន​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ម៉ាស៊ីន​សែន​ធី​ផ្យូ​ច​នានា​នៅ​រោងចក្រ​នុយក្លេអ៊ែរ Natanz ក្នុង​ខេត្ត Isfahan ផង​ដែរ​ដែលជា​ផ្នែក​មួយ​នៃ​ដំណើរការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​។​ដំបូង​ឡើយ​អ៊ីរ៉ង់បាន​បង្កើន​សមត្ថភាព​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដល់ ​៦០% នៅ​រោងចក្រ​នុយក្លេអ៊ែរ Natanz កាលពី​ខែ​មេសា ឆ្នាំ​២០២១ បន្ទាប់ពី​មានការ​វាយប្រហារ​មួយ​លើ​រោងចក្រ​នេះ ដែល​បាន​ដាក់​ការស្ដីបន្ទោស​លើ​ប្រទេស​អ៊ីស្រាអែល​។ ចាប់​តាំង​ពី​ពេលនោះ​មក​អ៊ីរ៉ង់​បាន​បន្ថែម​ម៉ាស៊ីន​ទំនើប​នៅ​ទីនោះ ដែល​អនុញ្ញាត​ឲ្យ​ចម្រាញ់​បាន​កាន់តែ​លឿន និង​ងាយស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ​រវាង​កម្រិត​ចម្រាញ់​៕អត្ថបទ៖ សុខមាន

អ្នក​នៅ​រស់រានមានជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ីខ្វះ​ទឹក និង​អាហារ​ ខណៈ​លោក Widodo សន្យា​ផ្ដល់​សំណង​ប៉ះប៉ូវ​ការខូចខាត​

2022/11/23 05:56:44 pm        348
​ឥណ្ឌូនេស៊ី៖ ក្រុម​អ្នក​នៅ​រស់រានមានជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ​៥.៦​រ៉ិ​ច​ទ័​រ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ ទី​២១ ​វិច្ឆិកា ដែល​បាន​ផ្ដាច់ជីវិត​មនុស្ស​រាប់​រយ​នាក់​នៅ​ក្នុង​ខេត្ត​ជ្វា​ខាងលិចបាន​និយាយ​ថា ពួកគេ​ត្រូវ​ការ​ទឹកស្អាត​ និង​ស្បៀងអាហារ​ជា​ចាំបាច់ ខណៈ​ក្រុម​អ្នក​សង្គ្រោះ​ព្យាយាម​ទៅដល់​អ្នក​បាន​រួច​ជីវិត​ជាប់​ក្រោម​គំនរ​កម្ទេច​ថ្ម ស្រប​ពេល​មាន​រលក​រញ្ជួយ​បន្តបន្ទាប់​។​លោក​ប្រធានាធិបតី Joko Widodo បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីប្រជុំជន Cianjur កាលពី​ថ្ងៃ​អង្គារដើម្បី​លើកទឹកចិត្ត​ក្រុម​អ្នក​ជួយសង្គ្រោះ ហើយ​លោក​ថា ​រដ្ឋាភិបាល​នឹង​ផ្ដល់​សំណង​ប៉ះប៉ូវ​ការ​ខូចខាត​ដល់​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ លោក​បាន​សន្យា​ថា ​រដ្ឋាភិបាល​នឹង​ផ្ដល់​ប្រាក់ ៣,២០០ដុល្លារអាមេរិក​ដល់​ពលរដ្ឋ​ម្នាក់ៗ ដែល​លំនៅឋាន​របស់​ពួកគេ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី​។​លោក​ប្រធានាធិបតី​រូប​នេះ​បាន​សម្ដែង​ភាព​ក្រៀម​ក្រម​ចូលរួម​រំលែក​ទុក្ខ និង​បាន​និយាយ​ថា ខ្ញុំ​បាន​បញ្ជា​ដល់​រដ្ឋាភិបាល​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ឲ្យ​ធ្វើការ​រួមគ្នា​ជួយ​ដោះស្រាយ ក្រោយ​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​នេះ​។ ទីភ្នាក់ងារ​សម្រាល​បន្ទុក​គ្រោះ​មហន្តរាយ​ធម្មជាតិ ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា មនុស្ស​ជាង ១.០០០​នាក់​បាន​រង​របួស និង ៥៨.០០០​នាក់​ជម្លៀស​ចេញពី​លំនៅឋាន ព្រមទាំង​ផ្ទះសម្បែង​ជាង ​២២.០០០​ខ្នង​ត្រូវ​បាន​ខូចខាត​៕អត្ថបទ៖ សុខមាន

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ចាប់ផ្ដើមពិភាក្សាគ្នាលើបញ្ហាសន្តិសុខតំបន់ និងសកល

2022/11/23 05:54:13 pm        562
សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លេីកទី៩ នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ កិច្ចប្រជុំនេះ ពិភាក្សាគ្នាផ្តោតលើបញ្ហាសន្តិសុខតំបន់ និងសកល ជាពិសេសការលេីកកម្ពស់យន្តការពហុភាគីនិយមក្នុងវិស័យការពារជាតិ។

កុមារ​ឥណ្ឌូនេស៊ី​រាប់រយ​នាក់​ត្រូវបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​រញ្ជួយ​ដី​

2022/11/23 05:27:36 pm        724
​ឥណ្ឌូនេស៊ី៖ ជនរងគ្រោះ​ក្មេងៗ​នៃ​គ្រោះ​រញ្ជួយ​ដី​ក្នុង​ខេត្ត​ជ្វា​ខាងលិច​របស់​ប្រទេស​ឥណ្ឌូនេស៊ី កំពុង​ត្រូវបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មួយ​កាលពី​ថ្ងៃ​អង្គារ មួយថ្ងៃ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់​ ២៦៨​នាក់​ក្នុង​ខេត្ត​ដ៏​​ពេញ​និយម​បំផុត​របស់​ប្រទេស​នេះ។ ​ការ​រញ្ជួយ​ដី​កម្រិត ​៥.៦​រ៉ិ​ច​ទ័​រ​បាន​វាយប្រហារ​ប្រទេស​ឥណ្ឌូនេស៊ីកាលពី​រសៀល​ថ្ងៃ​ចន្ទ ​ទី​២១ ​វិច្ឆិកា បណ្ដាល​ឲ្យ​ខូច​ខាត​ធ្ងន់ធ្ងរ​លើ​ទីប្រជុំជន Cianjur នៅ​ចម្ងាយ ​៧៥​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​រដ្ឋធានី​ចា​កាតា។ កំពុង​អង្គុយ​នៅ​ក្នុង​មន្ទីរពេទ្យ​ក្បែរ​កូនស្រី​របស់​ខ្លួន​អ្នកស្រី Siti Fatimah បាន​និយាយ​ថា នៅ​ពេល​ខ្ញុំ​ប្រាប់​កូនស្រី​របស់ខ្ញុំ Fitri ឲ្យ​ទៅ​លាងដៃ​ពេល​ទទួល​ទាហាន​អាហារ​រួច ហើយ​ពេល​កូនស្រី​របស់​ខ្ញុំ​កំពុង​ដើរ​ទៅ​បន្ទប់ទឹក ប៉ុន្មាន​នាទី​ក្រោយមក​ក៏​រញ្ជួយ​ដី​បាន​កើតឡើង ហើយ​ខ្លាំង​ទៀតផង​។​ជញ្ជាំង​ផ្ទះ​បាន​បាក់​ធ្លាក់​សង្កត់​ត្រឹម ក កូនស្រី ខ្ញុំឃើញតែ​ក្បាល​ប៉ុណ្ណោះ ហើយ​ទឹក​ក្ដៅ​ក្នុង​បំពង់​បាន​កំពុប​លើ​ខ្លួន និង​ជើង​ធ្វើ​ឲ្យ​រលាក​ដោយសារតែ​ជញ្ជាំង​រលំ​លើ​។​ កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​មាន​ភាពស្មុគស្មាញ​ ដោយសារ​ការ​ដាច់​ចរន្តអគ្គិសនីនៅក្នុង​តំបន់​មួយចំនួន និង​មាន​រលក​រញ្ជួយ​ចំនួន ១៤៥​លើក ដែល​ក្រុមមន្ត្រីបានចេញ​ការព្រមាន​ថា ​អាច​នឹងមាន​បំណាក់​ដី​បន្ថែមទៀតក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​៕ អត្ថបទ៖ សុខមាន

សម្ដេចតេជោ៖ ដើម្បីឲ្យតំបន់មានសន្តិសុខ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ

2022/11/23 05:21:16 pm        615
 ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បានថ្លែងថា ដើម្បីឲ្យក្នុងតំបន់អាស៊ាន មានសន្តិសុខប្រកបដោយភាពសុខ ដុម ប្រទេសជាសមាជិកទាំងអស់ ត្រូវពង្រឹងនូវកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ដែល​ផ្អែក​លើការជឿទុកចិត្ត និងប្រជាជនជាស្នូល ។ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ( 9th ADMM-Plus) សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មូលបទកិច្ចប្រជុំឆ្នាំនេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​សន្តិសុខប្រកបដោយភាពសុខដុម ដែលនេះជាគំនិតថ្មីមួយ សម្រាប់តំបន់នេះ ដោយ​យើងត្រូវទទួលស្គាល់ និងរំលេចអំពីសារសំខាន នៃការអាស្រ័យគ្នាទៅវិញទៅមក សម្រាប់​សន្តិភាព និងស្ថិរភាព ។សម្ដេចតេជោ បានបន្តថា ជាការកត់សម្គាល់ ភាពផ្សារភ្ជាប់ ការអាស្រ័យគ្នាទៅវិញទៅមក និង​សន្តិសុខ​ប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាព​នៅ​ក្នុង​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ប្រធានអាស៊ានឆ្នាំ២០២២ បានសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចពិភាក្សាគ្នា ដោយបើកចំហ ស្មោះត្រង់ និងប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង ការ​បង្ការ​ជម្លោះ​នាពេលអនាគត និងការកសាង “សន្តិសុខប្រកបដោយភាពសុខដុម” ដោយផ្អែក​លើ​ការ​គោរព​គ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក ដោយ​យើង​ត្រូវ​រួមគ្នាដោះស្រាយបញ្ហាប្រឈម នៃសន្តិសុខជាប្រពៃណី និងមិនមែន​ជា​ប្រពៃណី​របស់​យើង៕ អត្ថបទ៖ បាន សុខរិទ្ធិ

​ចំនួន​អ្នកស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ីឡើងដល់ ​២៦៨​នាក់​ ខណៈការស្វែងរក​នៅតែ​បន្ត​

2022/11/23 05:17:15 pm        709
​ឥណ្ឌូនេស៊ី៖ ក្រុម​អ្នក​ជួយសង្គ្រោះ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ីកំពុងធ្វើការ​រហូតដល់​យប់​ទី​២ ដើម្បី​ព្យាយាម​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិតដែល​បាន​ជាប់​ក្រោម​កម្ទេច​ថ្ម ក្រោយ​គ្រោះ​រញ្ជួយ​ដី​ក្នុង​ខេត្ត​ជ្វា​ខាងលិច​។ ​ក្រុមមន្ត្រី​បានកំណត់​ចំនួន​អ្នកស្លាប់​សរុប​ឡើងដល់​ ២៦៨​នាក់ភាគច្រើន​នៃ​ជនរងគ្រោះ​ជា​កុមារ និង​ ១៥១​នាក់​នៅតែបន្ត​បាត់​ខ្លួន ព្រមទាំង​ជាង​ ១.០០០​នាក់បាន​រងរបួស​។ ផ្លូវ​ដែល​រង​ការខូចខាត និង​ការប៉ះពាល់​ដ៏​ធំធេងកំពុង​បង្ក​ការលំបាក​ក្នុងការ​ចូលទៅ​ជួយសង្គ្រោះ​ជនរងគ្រោះ​។ ទីភ្នាក់ងារ​សម្រាល​គ្រោះមហន្តរាយ​ជាតិបាន​និយាយថា លំនៅឋាន​​ចំនួន ២២.០០០​ខ្នងត្រូវបាន​បំផ្លាញ និង​មនុស្ស​ជាង ​៥៨.០០០​នាក់ត្រូវបាន​បញ្ជូន​ទៅកាន់​ជម្រក​បណ្ដោះ​អាសន្នក្នុង​ទីតាំង​មួយចំនួន​នៅ​តំបន់​នោះ​។​គ្រោះ​រញ្ជួយ​ដី​កម្រិត ​៥.៦រ៉ិ​ច​ទ័​របាន​អង្រួន​តំបន់ភ្នំកាលពី​ថ្ងៃ​ចន្ទ បណ្ដាល​ឲ្យ​មាន​បំណាក់​ដីគ្រប​សង្ក​ត​ភូមិឋាន​នានាទាំងមូល​ជិត​ទីប្រជុំជន Cianjur ​របស់​ខេត្ត​ជ្វា​ខាងលិច​។ អ្នកតំណាង​ទីភ្នាក់ងារ​ជាតិ​ស្វែងរក និង​ជួយសង្គ្រោះក៏បានបញ្ជាក់​ផងដែរ​ថា ភាគច្រើន​នៃ​អ្នកស្លាប់​គឺជា​ក្មេងៗ ព្រោះនៅ​ម៉ោង ​១​រសៀលក្មេងៗ​ទាំងនោះនៅ​សាលារៀន​នៅ​ឡើយ៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ចែករំលែកបទពិសោធន៍ ៣ចំណុច អំពីដំណើរការសន្តិភាពនៅកម្ពុជា ក្នុងកិច្ចប្រជុំ ADMM-Plus លើកទី៩

2022/11/23 05:09:42 pm        678
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធានអាស៊ាន​ឆ្នាំ២០២២ បានចែករំលែកនូវបទពិសោធន៍សង្ខេបចំនួន ៣ចំណុច នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ( 9th ADMM-Plus) អំពី​ដំណើរ​ការ​សន្តិភាព​នៅ​ក្នុង​ប្រទេសកម្ពុជា ។ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំ ADMM-Plus នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នា​ខេត្ត​សៀមរាប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាក្នុងនាមជាជនរងគ្រោះ នៃ​សង្គ្រាម​ស៊ីវិលបីទសវត្សរ៍ មានបទពិសោធមួយចំនួន ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត ក្នុង​ការ​ធ្វើឲ្យមានសន្តិភាព កសាងសន្តិភាព រក្សាសន្តិភាព និងកសាង​ប្រទេស​ជាតិ​នៅ​ក្រោយ​សង្គ្រាម ។សម្ដេចតេជោបន្តថា ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា ជាពិសេស​ក្រោម​គោល​​នយោបាយ ឈ្នះ ឈ្នះ នៅទសវត្សរ៍ឆ្នាំ១៩៩០ សូមសង្ខេបចំនួន៣ចំណុច ពាក់ព័ន្ធ​ដំណើរ​ការ​សន្តិភាព​នៅកម្ពុជា មានទី១. ត្រូវតែរក្សាទ្វាឲ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និង​ការចរចាប្រកបដោយបរិយាបន្ន, ទី២. ត្រូវធានានូវសុវត្ថិភាព យុត្តិធម៌ និងសុខុមាល​ភាព​របស់​គ្រប់​ភាគីទាំងអស់ និងទី៣. ត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុង​ទទួល​ខុសត្រូ​វ​លើ​ដំណើរ​ការ​សន្តិភាព ។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ ចំពោះ​ការចរចា​សន្តិភាព។ប្រធានអាស៊ានឆ្នាំ២០២២ បានរំលឹកថា កាលពី១០ឆ្នាំមុន សម្ដេចក៏ធ្លាប់បានស្នើឲ្យមាន តំបន់​ដែល​គ្មានស​ង្គ្រាមស៊ីវិល ឬតំបន់ដែលគ្មានជម្លោះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នៅពេលនោះ គ្មាន​រដ្ឋសមាជិកអាស៊ានណាមួយ បានគិតអំពីការកើតសង្គ្រាមឡើងវិញ នៃ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​តំបន់​នោះទេ ។សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប៉ុន្តែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ា កំពុង​រំកិល​ទៅ​រក​សង្គ្រាម​ស៊ីវិល ដោយនៅផ្នែកខ្លះ នៃប្រទេសមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងទៅហើយ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM