សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

វិមាន​ក្រឹម​ឡាំង​ជំរុញឲ្យមាន​ការឆ្លើយ​តប​ជា​សកល​ជុំវិញ​ការបាញ់​ផ្លោង​នៅ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/11/22 09:35:00 pm        698
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​ដោយ​ការបាញ់​ផ្លោង​ជាថ្មី​នៅ​រោងចក្រ​ថាម​ពលនុយក្លេអ៊ែរ Zaporizhzhia កាលពី​ចុង​សប្តាហ៍ និង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​នានា​ប្រើប្រាស់​ឥទ្ធិពល​របស់​ពួកគេ ដើម្បី​ជួយ​បញ្ចប់​ការវាយប្រហារ​លើ​ស្ថានីយ៍​ថាមពលនុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​។​ ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅ​ប្រទេស​អ៊ុយ​ក្រែ​នដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រុស្ស៊ី ត្រូវបានធ្វើ​ឲ្យ​រង្គោះរង្គើរ​ដោយ​ការបាញ់​ផ្លោង​កាលពី​ថ្ងៃអាទិត្យ បណ្តាល​ឲ្យ​មានការ​ថ្កោលទោស​ពី​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ ដែល​បាន​និយាយថា ការវាយប្រហារ​បែបនេះ​បង្ក​ហា​នី​ភ័យ​គ្រោះមហន្តរាយ​ធំ​។​ អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា យើង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​លើ​ពិភពលោកប្រើប្រាស់​ឥទ្ធិពល​របស់​ពួកគេ ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​នឹង​បញ្ឈប់​ការបាញ់​ផ្លោង​។ការបាញ់​ផ្លោង​ម្តង​ហើយ​ម្តងទៀត​នៅ​រោងចក្រ​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​ បាន​បង្កើន​ការព្រួយបារម្ភ​អំពី​សក្តានុពល​នៃ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែលមាន​ចម្ងាយ​ត្រឹមតែ ៥០០​គីឡូម៉ែត្រ​ពី​ទីតាំង​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក ជា​គ្រោះមហន្តរាយ​នៅ​រោងចក្រ Chornobyl កាលពី​ឆ្នាំ១៩៨៦​៕​អត្ថបទ៖ ប៊ុនថន

ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ៖ ​ជំរុញ​ឲ្យ​បញ្ជូន​អាវុធ​បន្ថែម​ឲ្យ​អ៊ុយក្រែន មុន​ការចរចា​សន្តិភាព​

2022/11/22 07:35:14 pm        492
​អ៊ុយក្រែន៖ ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg និយាយថា ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ទំនងជា​នឹង​បញ្ចប់​បាន​តាមរយៈ​ការចរចា ជា​មូល​ហេតុ​ដែល​ទីក្រុង Kiev ចាំបាច់​ត្រូវការ​អាវុធ​បន្ថែម​ទៀត។ ​​លោក Stoltenberg បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​ឯ​សម័យប្រជុំ​ប្រចាំឆ្នាំ​ នៃ​សន្និបាត​សភា​របស់​សម្ព័ន្ធ​យោធា​ណា​តូ​លើក​ទី​៦៨ ក្នុង​ទីក្រុង Madrid កាលពី​ថ្ងៃ​ចន្ទ​ថា យើង​ទាំង​អស់គ្នា​ចង់​ឲ្យ​សង្គ្រាម​នេះ​បញ្ចប់ ដោយ​បន្ថែម​ថា បញ្ហា​នៅ​ត្រង់​ថា តើ​សហរដ្ឋអាមេរិក​ដែល​ដឹកនាំ​ប្លុក​យោធា​នេះ​ ត្រូវ​បញ្ចប់​ជម្លោះ​នេះ​ដោយ​របៀប​ណា​។ ប្រមុខ​អង្គការ​ណា​តូ​បាន​លើក​ឡើង​ថា ​យើង​ត្រូវតែ​ដឹង​ថា សង្គ្រាម​នេះ​ទំនង​នឹង​បញ្ចប់​តាម​ដំណាក់កាល​មួយ​ចំនួន​នៅ​តុ​ចរចា​។ ប៉ុន្តែ​យើង​ក៏​ត្រូវតែ​ដឹង​ផង​ដែរ​ថា លទ្ធផល​នៃ​ការចរចា​ទាំងនោះអាស្រ័យ​លើ​កម្លាំង​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​។​ លោក​ថា ដូច្នេះ​ប្រសិនបើ​យើង​ចង់បាន​លទ្ធផល​ដែល​អ៊ុយ​ក្រែ​ន​អាច​ទទួល​យក​បាន ជា​មធ្យោបាយ​ល្អ​បំផុត​នៃ​ការ​សម្រេច​បាន​គឺ​ការ​ផ្ដល់​ការគាំទ្រ​ខាង​យោធា​ដល់​អ៊ុយ​ក្រែ​ន។​លោក​ថា សមាជិក​ណា​តូ​ទាំងអស់​ត្រូវតែ​ត្រៀម​គាំទ្រ​អ៊ុយ​ក្រែ​ន ​សម្រាប់​ជម្លោះ​អូស​បន្លាយ​រយៈ​ពេល​វែង ដោយ​ជំរុញ​ឲ្យ​ក្រុម​តំណាងរាស្ត្រ​បន្ត​ការ​តស៊ូ​មតិ​ សម្រាប់​ជំនួយ​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ​រូប​នេះ​បាន​លើក​ឡើង​ថា លោក​ខាង​លិច​នឹង​ត្រូវ​តែ​សង​យ៉ាង​ច្រើន​ចំពោះ​ភាព​រឹងរូស​របស់​ខ្លួន ប្រសិនបើ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ព្រោះ​វា​នឹង​ក្លាយ​ជា​សញ្ញា​ចំពោះ​របប​អាជ្ញាធរ​ផ្សេងទៀត ដែល​ពួកគេ​អាច​សម្រេច​បាន​គោលដៅ​ដោយ​ប្រើ​កម្លាំង ដែល​នឹង​បង្ក​គ្រោះថ្នាក់​កាន់​តែខ្លាំង​ថែមទៀត​ដល់​ពិភពលោក៕អត្ថបទ៖ សុខមាន

ទួរគី​និយាយថា ក្រុម​សកម្មប្រយុទ្ធ ១៨៤​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​នៅ​ស៊ី​រី

2022/11/22 06:49:14 pm        523
​ទួរគី៖ ក្រសួងការពារជាតិ​ទួរគីបាន​និយាយថា ក្រុម​សកម្មប្រយុទ្ធ​ ១៨៤​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ច័ន្ទ​។ ក្រសួង​និយាយថា ប្រតិបត្តិការ​នេះ​រួមមាន​ការវាយប្រហារ​តាម​អាកាស និង​អាវុធ​បាញ់​នៅលើ​ដី​។ ប្រទេស​ទួរគីនិយាយថា ​ប្រតិបត្តិការ​កាលពី​ចុង​សប្តាហ៍​របស់ខ្លួន​គឺជា​ការ​សងសឹក​ ចំពោះ​ការវាយប្រហារ​ដោយគ្រាប់បែក​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​សប្តាហ៍​មុន​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ៦នាក់​ស្លាប់ ដែល​អាជ្ញាធរ​បានដាក់​កំហុស​លើ​ក្រុម​សកម្មប្រយុទ្ធ​ឃឺ​ដ​។ កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ (SDF) ដែល​ដឹកនាំ​ដោយ​គណបក្ស​ពលករ​ឃឺ​ដ​(PKK) និង YPG បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកានៅលើ​ផ្លូវ​ថ្មើរជើង​ដ៏​មមាញឹក​មួយកន្លែង​។​​ប្រទេស​ទួរគី​និយាយថា កងជីវពល​ឃឺ​ដ​បានសម្លាប់​មនុស្ស​ ២​នាក់​នៅក្នុង​ការវាយប្រហា​រ​ដោយ​កាំភ្លើង​ធំ​ពី​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ ជាការ​បង្កើន​ការសង​សឹក​ឆ្លង​ព្រំដែន ​បន្ទាប់ពី​ប្រតិបត្តិការ​តាម​អាកាស​របស់​ប្រទេស​ទួរគី​កាលពី​ចុង​សប្តាហ៍ និង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ដ៏​ឃោ​ឃៅ​ នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាល​ពីមួយ​សប្តាហ៍​កន្លង​ទៅនេះ​។ កងកម្លាំងប្រដាប់អាវុធ​របស់​ទួរគី​បាន​និយាយថា ខ្លួន​កំពុង​ឆ្លើយតប ហើយ​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា យន្តហោះ​របស់​ទួរគី​បានចាប់ផ្តើម​វាយលុក​លើ​គោលដៅ​ជាច្រើន​កន្លែង នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី៕អត្ថបទ៖ សុខមាន

អគ្គិភ័យ​បណ្តាល​ឲ្យ​មនុស្ស ៣៦​នាក់​ស្លាប់​ក្នុង​ទីក្រុង Anyang ប្រទេស​ចិន

2022/11/22 06:12:41 pm        495
ចិន៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អគ្គិភ័យ​នៅ​រោងចក្រ​មួយកន្លែង​ក្នុង​ទីក្រុង Anyang ខេត្ត Henan ប្រទេស​ចិន​បាន​បណ្តាល​ឲ្យ​មនុស្ស ៣៦នាក់​ស្លាប់ និង ២​នាក់​ផ្សេង​ទៀត​រង​របួស​។ វីដេអូ CCTV របស់​រដ្ឋបានបង្ហាញ​ឱ្យឃើញ​ពី​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដោយមាន​ផ្សែង​ខ្មៅ​ពេញ​ផ្ទៃ​អាកាស ហើយ​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​កំពុង​ប្រឹងប្រែង​ពន្លត់ភ្លើង​។​ យោងតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក​បានឱ្យ​រាយការណ៍​ថា អគ្គិភ័យ​បាន​ឆាបឆេះនៅ​ក្រុមហ៊ុន Kaixinda Trading Co Ltd ក្នុង​សង្កាត់ Wenfeng ឬតំបន់​បច្ចេកវិទ្យា​ខ្ពស់ក្នុង​ទីក្រុង Anyang ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​បញ្ជូន​រថយន្ត​ចំនួន ៦៣គ្រឿង​ទៅកាន់​កន្លែងកើតហេតុ​។​​អគ្គិភ័យ​ត្រូវបាន​គ្រប់គ្រង​មិន​ឲ្យ​រាលដាល​នៅ​ម៉ោង ៨យប់ថ្ងៃ​ចន្ទ​ម៉ោង​ក្នុង​តំបន់ ហើយ​បាន​រលត់​ទាំងស្រុង​នៅ​ម៉ោង ១១យប់​។ ទូរទស្សន៍ CCTV បាន​រាយការណ៍​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី២២ ខែវិច្ឆិកានេះ មនុស្ស ៣៦នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់ និង ២​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស ហើយ​មនុស្ស​ពីរ​នាក់​ផ្សេងទៀត​នៅ​បាត់​ខ្លួន៕​អត្ថបទ៖ ប៊ុនថន

អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ថា ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ប្រឈម​ការគំរាមកំហែង​ដល់​អាយុជីវិត​ក្នុង​រដូវរងា​

2022/11/22 05:55:34 pm        624
​អ៊ុយក្រែន៖ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ប្រជាពលរដ្ឋ​រាប់លាន​នាក់​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ប្រឈម​នឹង​ការគំរាមកំហែង​ដល់​អាយុជីវិត​ក្នុង​រដូវរងា​នៅ​ឆ្នាំនេះ ខណៈ​រុស្ស៊ី​បន្ត​បាញ់ស្រោច​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស​នេះ ស្របពេល​សីតុណ្ហភាព​ចុះ​ត្រជាក់។ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ប្រទេស​រុស្ស៊ី​បានដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ ក្នុងការ​វាយប្រហារ​ដោយ​មី​ស៊ី​ល រួមទាំង​ស្ថានីយ​ទឹក និង​អគ្គិសនី បណ្ដាល​ឲ្យ​លំនៅឋាន​ទូទាំងប្រទេស​គ្មាន​អគ្គិសនី​ប្រើប្រាស់ ខណៈ​រដូវរងា​ជិត​ចូលមក​ដល់ ដែលជា​ការដាក់បន្ទុក​លើ​វិបត្តិ​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត​។ លោក Hans Henri P Kluge ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុបបាន​និយាយថា ពាក់កណ្ដាល​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​នត្រូវបាន​រង​ការខូចខាត ឬបំផ្លាញ។ បញ្ហា​នេះបាន​ប៉ះពាល់​រួចទៅហើយ​ដល់​ប្រព័ន្ធ​សុខភាព​ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​។​លោក​បាន​ព្រមាន​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង Kyiv ថា រដូវរងា​នេះនឹង​ក្លាយជា​ឱកាស​ក្នុងការ​ស្រោចស្រង់​ជីវិត​មនុស្ស​ដោយ​បន្ថែមថា ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន ​១០​លាន​នាក់​បច្ចុប្បន្ន​គ្មាន​អគ្គិសនី​ប្រើប្រាស់​ទេ​។ អង្គការ​សុខភាព​ពិភពលោក​បាន​ព្យាករណ៍​ថា ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ប្រមាណ ៣​លាន​នាក់អាច​ចាក​ចេញពី​លំនៅឋាន​របស់ខ្លួន​ស្វែងរក​កន្លែង​កក់ក្ដៅ ​និង​សុវត្ថិភាព​។ សីតុណ្ហភាព​ត្រូវគេ​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ​រហូតដល់​ដក​ ២០​អង្សា​សេ​នៅ​តំបន់​ជាច្រើន​ក្នុង​ប្រទេស​នេះ​៕អត្ថបទ៖ សុខមាន

រដ្ឋ New York ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​បន្ទាប់ពី​ព្រិល​ធ្លាក់​ខ្លាំង

2022/11/22 05:27:28 pm        941
​អាមេរិក៖ អភិបាលរដ្ឋ New York លោកស្រី Kathy Hochul បាន​ប្រកាស​ថា លោក​ប្រធានាធិបតី Joe Biden បាន​អនុម័ត​សំណើ​របស់​លោកស្រី​រួចហើយ សម្រាប់​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​លើ​តំបន់​ចំនួន​ ១១។ ក្រោយ​ព្យុះ​ព្រិល​រដូវរងា​ជា​ប្រវត្តិសាស្ត្រដែល​បាន​ធ្លាក់​កប់​សហគមន៍​នានា​ក្នុង​រដ្ឋ New York កម្រាស់​ជិត​ ៧​ហ្វី​ត​កាលពី​សប្ដាហ៍​មុន​។ ​ដោយ​ស្ថិត​ក្រោម​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន ជំនួយ​ដោយ​ផ្ទាល់​ពី​សហព័ន្ធ​គឺ​ត្រូវ​ផ្ដល់​វិធានការ​ការពារ​បន្ទាន់​សម្រាប់​រដ្ឋ​នេះ រួមទាំង​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ ព្រមទាំង​សកម្មភាព​នានា​ដើម្បី​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ដូចជា​ផ្លូវថ្នល់ និង​ស្ពាន ការគ្រប់គ្រង​អាង​ស្តុក​ទឹក និង​ឧបករណ៍ប្រើប្រាស់​ផ្សេងៗជាដើម​។​ ​គ្រឿង​ឧបករណ៍​សម្រាប់​ឆ្លើយតប​បន្ទាន់​របស់​ទីភ្នាក់ងារ​ជួយសង្គ្រោះ​របស់​រដ្ឋ​នេះ ត្រូវ​បន្ត​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​នានាក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សម្អាត និងស្ដារឡើងវិញ​​ក្រោយ​ហេតុការណ៍​ព្យុះ​ព្រិល​ជា​ប្រវត្តិសាស្ត្រ​។​ព្រិល​ធ្លាក់​កម្រាស់ ​៨០អ៊ិ​ញត្រូវបាន​រាយការណ៍​នៅក្នុង​ឧទ្យាន Orchard Park ក្នុង​តំបន់ Erie ដោយមាន​ព្រិល​ធ្លាក់​កម្រាស់ ​៦​អ៊ិ​ញក្នុង​មួយ​ម៉ោង ខណៈដែល​ផ្នែក​ខ្លះទៀត​នៃ​ទីក្រុង Buffalo និងទីក្រុង Lackawanna នៅតែ​ស្ថិតក្រោមបម្រាម​ធ្វើដំណើរ​នៅឡើយ​។ ​លោកស្រី Hochu បាន​និយាយថា គ្រោះថ្នាក់​រថយន្តបុក​គ្នា​ជិត ​៩០​ករណីត្រូវបាន​រាយការណ៍ មនុស្ស​ជិត ​២៩០នាក់ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​ផ្លូវ​នានា និង​មានការ​បំពាន​បម្រាម​ធ្វើដំណើរ​ជាង​ ៣៩០ករណី​ផងដែរ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ៖ UNដាក់គោលដៅអភិវឌ្ឍន៍៨ តែកម្ពុជាបានស្នើឱ្យ​បញ្ចូលគ្រាប់មីន​ជាអាទិភាព​ផងដែរ

2022/11/22 04:43:27 pm        668
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាន​អាជ្ញាធរមីន​បាន​បញ្ជាក់អំពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព ជាពិសេស​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់អង្គការសហប្រជាជាតិមានត្រឹម៨គោលដៅប៉ុណ្ណោះ ប៉ុន្តែកម្ពុជា​បាន​ដាក់​ចេញ​រហូត​ដល់​៩គោលដៅ សម្រាប់​ផែនការ​អភិវឌ្ឍន៍​ជាតិ​សំខាន់ៗ​របស់​ខ្លួន​នោះ​គឺ​បាន​ដាក់​បញ្ចូល​បញ្ហា​គ្រាប់មីន​ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាគោលដៅអាទិភាពផងដែរ។សម្ដេចតេជោប្រមុខរាជរដ្ឋា ភិបាល​បាន​មាន​ប្រសាសន៍យ៉ាងដូច្នេះ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលបានធ្វើឡើង នៅ​សាល​មហោស្រពកោះពេជ្រនាព្រឹកថ្ងៃទី២២វិច្ឆិកានេះ។សម្តេចបានគូសបញ្ជាក់ថា៖កម្ពុជាបានដាក់បញ្ចូលបញ្ហាគ្រាប់មីនជាគោលដៅអភិវឌ្ឍន៍ដោយចីរភាពទៅក្នុងផែនការយុទ្ធសាស្ត្រជាតិសំខាន់ៗរបស់ខ្លួនរហូតដល់ ៩ចំណុច ខណៈ​UNបាន​ដាក់ត្រឹម​តែ ៨គោលដៅ ហើយគោលដៅ​អភិវឌ្ឍន៍​ដោយចីរភាព​UN​បាន​ដាក់​ចេញ​ត្រឹម​តែ​១៧​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​កម្ពុជាបានដាក់ចេញរហូតដល់ ១៨គឺបន្ថែមមីន១ទៀត។សូមជម្រាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាល​ពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាព​មីន​នៅ​កម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ហើយនៅថ្ងៃទី២២ វិច្ឆិកា​នេះ គឺជាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក៏ដូចជាបង្ហាញនូវសមិទ្ធផលស្នាដៃ៣០ឆ្នាំ នៃ​សកម្មភាពកំចាត់មីននៅកម្ពុជា។ ពិធីដ៏ប្រពៃនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិបត្តិករសកម្មភាពមីន តំណាង​អង្គការ​សង្គមស៊ីវិល តំណាងអ្នកទទួលផល តំណាងជនរងគ្រោះដោយសារមានផងដែរ ហើយ​គោល​បំណង នៃខួប៣០ ឆ្នាំដែលបានរៀបចំ​មហាសន្និបាត​នេះ​ គឺ​ដើម្បី​អបអរ​សាទរ​នូវ​សមិទ្ធ​ផល​ជា​ប្រវតិ្តសាស្រ្ត នៃសកម្មភាពមីន រយៈពេល ៣០ឆ្នាំកន្លងមក ដែលយើងទាំងអស់គ្នា រាជរដ្ឋាភិបាល​កម្ពុជា ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត អង្គការជាតិ អន្តរជាតិ និងសហគមន៍​សកម្មភាព​មីន ទាំងអស់ បានផ្តល់ការគាំទ្រ ចូលរួមពោរពេញដោយសុឆន្ទះ ចិត្តសប្បុរស អាណិត​អាសូរ ការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ ចំពោះការដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និង​សំណល់​ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើល​ចំពោះព័ត៌មាន​ផ្សាយ​រឿងមិនពិត​ទាក់ទងនឹង​កិច្ច​ជំនួប​សម្តេច​ជា​មួយអគ្គ UN និងលោក ចូ បៃឌិន

2022/11/22 04:26:04 pm        636
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការភ្ញាក់ផ្អើល បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​ជនអគតិ ឬសារព័ត៌មានមួយក្តាប់តូចបានផ្សាយថា អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ(UN) បានបញ្ជាសម្តេច ឲ្យធ្វើនេះធ្វើនោះ(ទាក់ទងសិទ្ធិមនុស្ស) ខណៈ​សម្តេច​អះអាង​​ថា ពេលដែលសម្តេចបានជួបជាមួយលោកអគ្គលេខាធិការរូបនេះ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​និយាយ​តែ​អំពីបញ្ហាគ្រាប់មីន បញ្ហាសាលាក្តីខ្មែរក្រហម និងបញ្ហា​ការ​បញ្ជូន​កង​ទ័ព​មួក​ខៀវ​ទៅ​ក្រៅ​ប្រទេសជាដើមនោះ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាព​មីន​នៅ​កម្ពុជា ក្រោមប្រធានបទ«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២​នេះ​ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា សម្តេចពិតជាមានការភ្ញាក់ផ្អើល ក្រោយព័ត៌មាន ផ្សាយទាក់ទង​កិច្ច​ជំនួបរបស់សម្តេចជាមួយ លោក Antionio Guterres នៅកម្ពុជា ក្នុង​ពេល​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាកាលពីប៉ុន្មានថ្ងៃមុននោះ ដោយ​មិន​បាន​ពិភាក្សា រឿងអ្វីដូចដែលក្រុមទាំងនោះបានផ្សព្វផ្សាយនោះឡើយ ហើយ​សម្តេច​ពិត​ជា​ឆ្ងល់​យ៉ាង​ខ្លាំង​មិន​ដឹងថា បានព័ត៌មានបែបបំភ្លើសនេះមកពីណា។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏មានការហួសចិត្តចំពោះការផ្សព្វផ្សាយពី​​​ជំនួប​រវាង​សម្តេចតេជោ ជាមួយលោកប្រធានាធិបតីអាមេរិកចូ បៃឌិន ដែរថា ការជំនួបនោះលោក បៃឌិន បាន​លើក​ឡើងអំពីកញ្ញា សេង ធារី (អប្សារាក្បាលត្រងោល) ដែលកំពុងជាប់គុក និង​បាន​ដាក់​គំនាប​ដល់សម្តេច​រឿងនេះរឿងនោះ គឺគ្មានទាល់តែសោះ ដោយ​ការ​ផ្សាយ​របស់​ពួក​គេទាំ​ង​នោះ​មិន​ដឹង​បានព័ត៌មានមកពីខាងណានោះទេ។សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវ​គោរព​អំពី​ក្រម​សីល​ធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានផង ខណៈការផ្សព្វផ្សាយរបស់អ្នកព័ត៌មានទាំង នោះ​គ្មាន​ការ​ពិត​​ទាល់​តែ​សោះ ខណៈកិច្ចជំនួបរវាងសម្តេច ជាមួយអគ្គលេខាធិការអង្គការ សហប្រជាជាតិ និង​ប្រធានាធិប​តីអា​មេរិក កាលពីកន្លងទៅថ្មីៗ​នេះ​មិន​បាន​និយាយ​គ្នា​ដូច​ការ​ផ្សព្វ​ផ្សាយ​របស់​សារ​ព័ត៌មាន​ទាំង​នោះឡើយ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

2022/11/22 04:05:53 pm        813
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទ​សន្និបាត​ជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ។ពិធីបិទសន្និបាតមីនព្រឹកនេះ មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាង​កម្ម​វិធី​អភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោក​ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិបត្តិករ​សកម្មភាព​មីន តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកទទួលផល តំណាង​ជន​រង​គ្រោះ​ដោយសារ​មីន​ផងដែរ។គោលបំណង នៃខួប៣០ ឆ្នាំក៏ដូចជាពិធីបិទមហាសន្និបាតនេះ គឺដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​ជា​ប្រវតិ្តសាស្រ្ត នៃសកម្មភាពមីន រយៈពេល ៣០ឆ្នាំកន្លងមក ដែលកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ ចំពោះ​ការ​ដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖- សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់អាជ្ញាធមីន, ប្រតិបត្តិករដោះមីន, អង្គការ-សមាគម​ដៃគូ និងប្រទេសជាមិត្ត ដែលបានប្រឹងប្រែង​ធ្វើកិច្ចការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​មីន​នៅ​កម្ពុជា ប្រកប​ដោយ​លទ្ធផលល្អប្រសើរ គួរជាទៅមោទនៈ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មីនជាបញ្ហាមួយ ដែល​ត្រូវ​បាន​យក​ចិត្តទុក​ដាក់​នៅ​លើ​ពិភព​លោក ជាពិសេសប្រទេស ដែលធ្លាប់ញាំញីដោយសង្គ្រាម ហើយកម្ពុជា​ក៏​បាន​ដាក់​ចេញ​គោល​ដៅ​សំខាន់​ សម្រាប់សកម្មភាពមីននេះផងដែរ។- សម្តេចតេចជោ ហ៊ុន សែន ប្រកាសថា ជំនួបរវាងសម្តេច និង​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាតិ លោក Antionio Guterres នៅកម្ពុជា ក្នុងពេលប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធនានា មិនមានការពិភាក្សា ឬ​ដាក់​គំនាប​មក​កម្ពុជា​ពាក់ព័ន្ធ​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុងកម្ពុជាឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា-អង្គការសហប្រជាជាតិ បានពិភាក្សាគ្នា និង​ផ្តល់​ធាតុ​ចូល ពាក់ព័ន្ធសកម្មភាពមីន, សាលាក្តីខ្មែរក្រហម និងបញ្ហាសកល ដែលពិភពលោក និង​តំបន់ កំពុងជួបប្រទះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺ​ជា​ការងារ​មួយ​យ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ ដែលប្រែក្លាយ​ដី​រង​ផល​ប៉ះពាល់​ទាំងនោះឱ្យក្លាយជាដីសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្មវិធី​សកម្មភាព​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា​ចាប់​ផ្តើម​ឡើង​នៅ​ឆ្នាំ​១៩៩២ ដើម្បីឆ្លើយតបបន្ទាន់នឹងការធ្វើមាតុភូមិនិវត្តន៍ របស់ជនភៀសខ្លួន។- សម្តេចតេជោ ហ៊ុន សែន បន្តថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព នៅឆ្នាំ១៩៩៧ កម្ពុជា​បាន​ចុះហត្ថលេខា និងបានក្លាយជារដ្ឋភាគី នៃអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (ឬហៅកាត់ថា អនុសញ្ញាអូតាវ៉ា) ក្នុងឆ្នាំ២០០០។- សម្ដេចតេជោ មានប្រសាសន៍ថា សន្តិភាព​បានរួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​ដល់​កិច្ច​ដំណើរ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ការគោរពសិទ្ធិ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់មនុស្ស ដែលធ្វើឱ្យ​ប្រជាជន​កម្ពុជា​បាន​យល់​យ៉ាង​ច្បាស់​អំពី​គុណ​តម្លៃ​ នៃ​សុខ​សន្តិភាព និងប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​មិន​ឲ្យ​បាត់​បង់​ទៅ​វិញ​ជា​ដាច់ខាត ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងនាមជារដ្ឋភាគី កម្ពុជាមានមោទនភាពណាស់ ដោយ​បាន​ក្លាយជាសមាជិកដ៏សកម្ម និងហ្មត់ចត់ក្នុងកិច្ចការបោសសម្អាតមីន និងមាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ចំពោះកាតព្វកិច្ចរបស់ខ្លួន។- សម្តេចតេជោ ហ៊ុន សែន បានសម្តែងដោយមោទនភាពថា ក្នុងឋានៈជាម្ចាស់ផ្ទះ កម្ពុជា​បាន​នាំ​ពិ​ភព​លោកឲ្យវិលត្រលប់មកកាន់ទីកំណើតដើម នៃចលនា​ហាម​ប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​នេះ ហើយបាននាំយកតថភាពពិត និងរូបភាពពិតរបស់អនុសញ្ញានេះ មកដាក់​បង្ហាញ​ចំពោះ​មុខ​កិច្ច ប្រជុំតែម្តង។- សម្តចេតេជោ ហ៊ុន សែន បន្តថា តាំងពីកម្ពុជាចាប់ផ្តើមស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ រាជ​រដ្ឋាភិបាល​បានកំណត់យកសកម្មភាពមីន ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ និងផែនការយុទ្ធសាស្រ្តជាតិសំខាន់ៗ។ ដោយមើលឃើញពីសារសំខាន់នេះកម្ពុជា បាន​សម្រេច​ដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចូល​ជា​គោល​ដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃអនាគត កម្ពុជាគឺជាប្រទេសដែលគ្មានមីន ហើយ​ការ​គំរាម​កំហែង​ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម ត្រូវបានកាត់បន្ថយឲ្យនៅកម្រិតអប្បបរមា និង​មាន​ការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្ស ប្រព្រឹត្តទៅដោយសុវត្ថិភាព។ ផែន​ការ​យុទ្ធសាស្រ្ត​នេះ ជាផែនទីតម្រង់ទិស ដោះស្រាយបញ្ហាមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម និង​ឆ្លើយ​តប​ទៅ​នឹងការគំរាមកំហែងដែលនៅសេសសល់ក្រោយឆ្នាំ ២០២៥។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ ក្នុងរយៈពេល ៣​ទសវត្សរ៍ កម្ពុជាបានប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន ទៅជា​ប្រទេស​ដែល​ចែក​រំលែក​បទពិសោធន៍លើឆាកអន្តរជាតិ នៅតាមបណ្តា​ប្រទេស​ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលគណៈប្រតិភូមកពីបណ្តាប្រទេសជាច្រើន បាន​មក​ទស្សនា​ប្រទេសកម្ពុជា ដើម្បីរៀនសូត្រ និងទទួលបទពិសោធន៍។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការប្តេជ្ញាចិត្តរបស់កម្ពុជា បានធ្វើឱ្យមជ្ឈដ្ឋានជាតិ-អន្តរជាតិ​ស្ញប់ស្ញែងនូវបេសកកម្មរបស់កម្ពុជា ក្នុងការចូលរួម​ប្រកប​ដោយ​កិត្តិយស​ដ៏​ឧត្តុង្គ​ឧត្តម​បំផុត សម្រាប់មនុស្សជាតិលើពិភពលោកក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដែល​ទង់​ជាតិ​កម្ពុជា​បន្ត​បង្ហូត​ខ្ពស់ត្រដែត ស្មើមុខស្មើមាត់ ស្មើសិទ្ធិ ស្មើភាពជាមួយ​បណ្តា​ប្រទេស​បរិច្ចាគ​កង​កម្លាំង​ទាំងអស់។- សម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ច័ន្ទអូចា លើ​បញ្ហា​ដោះមីន​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងសងខាង ទោះ​តំបន់​នោះមិន​ទាន់ឯកភាពក្នុងការកំណត់ព្រំដែនក៏ដោយ ហើយ​កិច្ច​ការ​បន្ទាប់​គណៈកម្មាធិការ​ព្រំដែន​ប្រទេសទាំងពីនឹងធ្វើការជាមួយគ្នា។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបន្តកសាងស្នាដៃដ៏ធំធេងជាច្រើនដូចជា ការ​បោស​សម្អាតមីន ការកំទេចគ្រាប់ ការស្ថាបនាសំណង់ផ្តេក-បញ្ឈរ ក្នុង​តំបន់​បេសកកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់។ ស្នាដៃរបស់វីរយុទ្ធនារីកម្ពុជា នាឆ្នាំ២០២២ នេះ បាន​ទទួល​លំដាប់​លេខ​រៀង​ទី២ ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខ១២ ក្នុងចំណោម ១២០​ប្រទេស​បរិច្ចាគ​កង​កម្លាំង​។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នកនយោបាយ និងក្រុមជ្រុលនិយមមួយចំនួន គប្បី​កុំ​មាន​ការ​ធ្វើអ​ត្ថាធិប្បាយលើសហួសហេតុ ភូតកុហក់ បំភ្លៃបំផ្លើស ពាក់ព័ន្ធ​ជំនួប​ទ្វេភាគី​រវាង​សម្តេច​តេជោ ហ៊ុន សែន ជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក្នុងពេល​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០-៤១ និងកិច្ចកំពូលពាក់ព័ន្ធនានានៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជំនួបរវាងសម្តេច និងលោក Antionio Guterres អគ្គ​លេខា​ធិការUN ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យមីន, តុលាការកូនកាត់ (សាលាក្តី​ខ្មែរ​ក្រហម) និងសកម្មភាពមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិ តាមរយៈ​បញ្ជូន​កម្លាំង​ទៅ​រក្សា​សន្តិភាពប្រទេសដែលញាំញីដោយសង្គ្រាម។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើគ្មានការប្រែប្រួលទេ រដ្ឋមន្ត្រីការពារជាតិចិន និងជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លើទឹកសៀមរាបអង្គរ ក្នុងពេលកម្ពុជា កំពុង​រៀបចំ​កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន។សង្កថាសម្ដេចតេជោ ហ៊ុន សែន ចប់នៅម៉ោង ៩និង០៣នាទី 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

2022/11/22 02:58:26 pm        732
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមជម្រាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ហើយនៅថ្ងៃទី២២ វិច្ឆិកានេះ គឺជាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក៏ដូចជាបង្ហាញនូវសមិទ្ធផលស្នាដៃ៣០ឆ្នាំ នៃសកម្មភាពកំចាត់មីននៅកម្ពុជា។ ពិធីបិទសន្និបាត នាព្រឹកនេះ មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិបត្តិករសកម្មភាពមីន តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកទទួលផល តំណាងជនរងគ្រោះដោយសារមានផងដែរ។ គោលបំណងនៃខួប៣០ ឆ្នាំក៏ដូចជាពិធីបិទមហាសន្និបាតនេះគឺដើម្បីអបអរសាទរនូវសមិទ្ធផលជាប្រវតិ្តសាស្រ្ត នៃសកម្មភាពមីន រយៈពេល ៣០ឆ្នាំកន្លងមក ដែលយើងទាំងអស់គ្នា រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត អង្គការជាតិ អន្តរជាតិ និងសហគមន៍សកម្មភាពមីន ទាំងអស់ បានផ្តល់ការគាំទ្រ ចូលរួមពោរពេញដោយសុឆន្ទះ ចិត្តសប្បុរស អាណិតអាសូរ ការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ ចំពោះការដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM