សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

WHO៖ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស និង​ដែនដី​ជាង​ ១០០

2021/07/08 06:38:46 pm        496
​WHO​៖ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ករណី​ឆ្លង​វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​ត្រូវ​បាន​គេ​អះ​អាង​ថា​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​ត្រូវ​បាន​គេ​រាយការណ៍​ថាបាន​ឆ្លង​រាលដាល​ដល់​ប្រទេស ​និង​ដែនដី​ជាង ១០០។​​របាយការណ៍​ចុងក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ប្រទេស ​និង​ដែនដី​ចំនួន ១០៤ បាន​បញ្ជាក់​ពី​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta គិត​ត្រឹម​ថ្ងៃ​អង្គារ​គឺ​កើន​ឡើង​ចំនួន ៧​ប្រទេសពី​សប្ដាហ៍​មុន​។​ អង្គការ​សុខភាព​ពិភពលោក​បាន​ផ្តល់​ព័ត៌មាន​ថ្មីៗ ​ស្ដីពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំនេះ​។​ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​មេសា យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន ១៧ រួម​ទាំង​ប្រទេស​ឥណ្ឌា ​និង​សហរដ្ឋអាមេរិក​បាន​រាយ​ការណ៍​ពី​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​។ បន្ទាប់មក​នៅ​ចុងខែ​ឧសភា ប្រទេស ​និង​ដែនដី​ចំនួន​ ៦០ បាន​រាយការណ៍​អំពី​ករណី​ឆ្លង​បែបនេះ ហើយ​នៅ​ចុងខែ​មិថុនា​មាន​ចំនួន ៩៦​ប្រទេស។​​ក្រឡេក​មើល​វីរុស​ប​ម្លែ​ង​ខ្លួន​ផ្សេងទៀតគិត​ត្រឹម​ថ្ងៃ​អង្គារ​បណ្តា​ប្រទេស ​និង​ដែនដី​ដែល​បាន​រាយ​ការណ៍​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Alpha ដែល​ត្រូវ​បាន​បញ្ជាក់​ដំបូង​នៅ​ចក្រភព​អង់គ្លេស បាន​ឡើង​ដល់ចំនួន ១៧៣​ប្រទេស​ និង​ដែនដីគឺ​កើន​ឡើង​មួយ​ប្រទេស​ពី​សប្ដាហ៍​មុន​។ ប្រទេស​ដែល​បាន​រាយ​ការណ៍​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Beta ដែល​ត្រូវ​បាន​បញ្ជាក់​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​កើន​ឡើង ៣​ប្រទេសបន្ថែម​ទៀត​ដែល​កើន​ឡើង​ដល់ ​១២២​ប្រទេស​ និង​ដែនដី ហើយ​ប្រទេស​ដែល​បាន​រាយការណ៍​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Gamma ដែល​ត្រូវ​បាន​បញ្ជាក់​ដំបូង​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​លគឺ​កើន​ឡើង ២​ប្រទេស​ថែមទៀត នាំ​ឲ្យ​កើន​ឡើង​សរុប​ដល់​ ៧៤ប្រទេស ​និង​ដែនដី​៕អត្ថបទ៖ សុខមាន

ប្រទេស​ហៃ​ទី​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន បន្ទាប់ពី​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​

2021/07/08 05:51:12 pm        817
ហៃ​ទី​៖ ប្រទេស​ហៃ​ទី​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ​បន្ទាប់ពី​ការ​ធ្វើឃាត​ប្រធានាធិ​ប​តី​របស់​ខ្លួន​គឺ​លោក Jovenel Moïse​ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទាំង​យប់​ នៅ​ក្នុង​លំនៅ​ឋាន​ឯកជន​របស់​លោក​នៅ​ជាយក្រុង​រដ្ឋធានី Port-au-Prince។​​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន ​លោក Claude Joseph បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​​មួយ​ថា ​នៅ​ប្រហែល​ម៉ោង ១​ព្រឹក​ ក្រុម​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​អ្នកខ្លះ​និយាយ​ភាសា​អេ​ស្ប៉ា​ញ ​បាន​វាយប្រហារ​គេហដ្ឋាន​ឯកជន​ប្រធានាធិបតី​របស់​សាធារណរដ្ឋ​មួយ​នេះ និង​បាន​ធ្វើ​ឱ្យ​ប្រមុខរដ្ឋ​រង​របួស​ធ្ងន់​។ ក្រោយមក​លោក​បាន​និយាយ​ថា ​ក្រុម​ឃាតក​ក៏​និយាយ​ភាសា​អង់គ្លេស​ដែរ​។​ លោក Joseph បាន​អំពាវនាវ​ដល់​ប្រជាជន​ចំនួន ១១​លាន​នាក់​របស់​ប្រទេស​ស្ថិត​ក្នុង​តំបន់​កា​រ៉ា​អ៊ី​ប​មួយ​នេះ ​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ថ្កោលទោស​ចំពោះ​អ្វី​ដែល​លោក​ហៅថា ​អំពើ​គួរ​អោយ​ស្អប់ខ្ពើម​អមនុស្សធម៌ និង​សាហាវ​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ទី​១​ របស់​លោក​ Moïse Martine រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។ លោក​បាន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​ពិភាក្សា​ពី​ស្ថានភាព​នៅ​ហៃ​ទី​ឱ្យ​បាន​ឆាប់​បំផុត​។​​ឃាតកម្ម​លើ​លោក​ប្រធានាធិបតី​ហៃ​ទី បាន​ជំរុញ​ឱ្យ​មាន​ការ​ថ្កោលទោស​ និង​ការ​ព្រួយ​បារម្ភ​ជា​អន្តរជាតិ​។ ប្រធានាធិបតី​អាមេរិកលោក Joe Biden បាន​ហៅ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ហៃ​ទី​ថា​ជា ​“គួរ​ឱ្យ​ព្រួយបារម្ភ​ណាស់​” ហើយ​បាន​និយាយ​ថា ​ទីក្រុង​វ៉ាស៊ីនតោន​ត្រៀមខ្លួន​ជាស្រេច​​ដើម្បី​ជួយ​។​ ​អគ្គលេខាធិការ​អង្គារ​សហប្រជាជាតិ លោក António Guterres បាន​អំពាវ​នាវឲ្យប្រជាជន​ហៃ​ទី​រក្សា​សាមគ្គីភាព​ចំពោះ​មុខ​អំពើ​គួរ​ស្អប់ខ្ពើម​នេះ និង​ការពារ​បទបញ្ជា​រដ្ឋធម្មនុញ្ញ​។ អង្គការ​អាមេរិកាំង​បាន​ថ្កោលទោស​ថា​ ជា​ការ​ប្រមាថ​ចំពោះ​សហគមន៍​ប្រជាជាតិ​ប្រជាធិបតេយ្យ​៕អត្ថបទ៖ សុខមាន

ភាគី​ថៃ​បំភ្លឺ​មក​កម្ពុជា​ថា សំណង់​ប្រាសាទ​ថ្មី​កំពុង​សាង​សង់​នៅ​ខេត្ត​បុរីរម្យ​ ​មិន​បាន​យក​លំនាំ​តាម​រចនាបថ​ប្រាសាទ​អង្គរ​វត្ត​ទេ

2021/07/07 12:19:57 pm        524
ភ្នំពេញ៖ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឱ្យ​ដឹង​ថា សំណង់​ប្រាសាទ​ដែល​ត្រូវ​បាន​អះ​អាង​ថា សាង​សង់​ឡើង​តាម​រចនា​បថ​នៃ​ប្រាសាទ​បុរាណ​កម្ពុជា​នោះ ត្រូវ​បាន​សាង​សង់​ឡើង​តាម​រចនាបថ​សំណង់​ប្រាសាទ​បុរាណ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់បែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញនៅថ្ងៃនេះ បន្ទាប់ពីទទួលបានការបំភ្លឺពីក្រុមអ្នកសាងសង់សំណង់មួយនេះ។សំណង់​ប្រាសាទ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរការ​សាង​សង់​ពី​ថ្ម ស្ថិត​នៅ​ក្នុង​ខេត្ត​បុរីរម្យ ក្នុង​ប្រទេស​ថៃ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចោទ​សួរ​ថា តើ​រចនាបថ​នៃ​សំណង់​ថ្មី​នោះ បាន​ចម្លង​តាម​ទ្រង់​ទ្រាយ​នៃ​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា ឬ​ក៏​យ៉ាង​ណា។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បញ្ជាក់​ថា ក្រសួង​បាន​ស្វែង​រក​ព័ត៌មាន​លម្អិត​អំពី​សំណង់​ថ្មី​នេះ​តាម​រយៈ​ការ​សហការ​ជាមួយ​នឹង​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា និង​ទទួល​បាន​ការ​បំភ្លឺ​ពី​ម្ចាស់​សំណង់​នោះ។ក្រសួង​ឱ្យ​ដឹង​ទៀត​ថា ម្ចាស់​សំណង់​បាន​បំភ្លឺ​ថា សំណង់​ប្រាសាទ​នោះ មិន​បាន​ចម្លង​រចនាបថ​ស្ថាបត្យកម្ម​ប្រាសាទ​អង្គរ​វត្ត​ ឬ​សំណង់​ប្រាសាទ​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ផ្ទុ្ទុយទៅវិញ ម្ចាស់សំណង់ប្រាសាទថ្មីនេះ ដែលជាព្រះចៅអធិការវត្តមួយអង្គ បានបំភ្លឺទៀតថា រចនាបថនៃសំណង់ថ្មីនេះ យកលំនៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួននៅក្នុងតំបន់។ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ម្ចាស់​សំណង់​ថ្មី​នេះ ក៏​ស្វាគមន៍​ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​កម្ពុជា​ទៅ​លើ​សំណង់​ថ្មី​នេះ​ផង​ដែរ ប្រសិន​បើ​កម្ពុជា​នៅ​តែ​មាន​មន្ទិល​សង្ស័យ។ដំណើរការ​សំណង់​ប្រាសាទ​ថ្មី ដែល​​ស្ថិត​លើ​ផ្ទៃ​ដី​ទំហំ​ប្រហែល ២០០​រ៉ៃ ឬ​ប្រហែល ៣២​ហិកតា​ បាន​ចាប់​តាំង​ពី​ខែ​មេសា​កន្លង​មក ហើយ​សំណង់​ប្រាសាទ​ថ្មី​នេះ ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ថា «សីហ​ណៈខន» ឬ​អាន​តាម​ភាសា​ខ្មែរ​ថា «សីហនគរ»៕

អង្គការសហប្រជាជាតិ​៖ ​ស្ថានការណ៍​មហន្តរាយ​នៅ​មី​យ៉ាន់​ម៉ា​បង្ក​បញ្ហា​ប្រឈម​កាន់តែ​ធំ​នៅ​ក្នុង​តំបន់

2021/07/07 12:02:21 pm        376
មីយ៉ាន់ម៉ា៖ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ទី៦ ខែ​កក្កដា​ថា ​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នៅ​សហភាព​មី​យ៉ាន់​ម៉ា​ចាប់​តាំង​ពី​រដ្ឋប្រហារ​ខែ​កុម្ភៈ កំពុង​ជំរុញ​ប្រទេស​ទៅ​រក​សង្គ្រាមស៊ីវិល​ដែល​អាច​កើតមាន ​ហើយ​អាច​បង្ក​អសន្តិសុខ​ក្នុង​តំបន់​ទៀត​ផង​។​​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ លោកស្រី Michelle Bachelet ​បាន​ពណ៌នា​ថា ​សហភាព​មី​យ៉ាន់​ម៉ា​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ បាន​វិ​វត្ត​ពី​វិបត្តិ​នយោ​បាយ​ទៅជា​មហន្តរាយ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ។​ លោកស្រី​បាន​និយាយ​ថា​ “ការឈឺចាប់ និង​អំពើ​ហិង្សា​នៅ​ទូទាំង​ប្រទេសគឺជា​ការ​រំពឹង​ទុក​ដ៏​អាក្រក់ ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ហើយ​បង្កើន​លទ្ធភាព​នៃ​ការ​បរាជ័យ​របស់​រដ្ឋ ឬ​ការ​រីក​កាន់តែ​ធំ​នៃ​សង្គ្រាមស៊ីវិល។​ បន្ថែម​ពីលើ​នេះ​លោកស្រី​បាន​ព្រមាន​ថា​ ការវិវឌ្ឍន៍​ដ៏​មហន្តរាយ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ ចាប់​តាំង​ពី​រដ្ឋប្រហារ​កំពុង​បង្ក​យ៉ាង​ច្បាស់​ដល់​អសន្តិសុខ​ដ៏​ធំធេង ដែល​នឹង​រីក​កាន់តែ​ធំ​នៅ​ក្នុង​តំបន់​៕អត្ថបទ៖ សុខមាន

មនុស្ស​ជាង​ ២៣០​នាក់​ត្រូវ​បាន​បាញ់សម្លាប់​ក្នុង​ការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៤​ ខែកក្កដា​ចុង​សប្ដាហ៍​មុន​

2021/07/07 05:57:16 pm        533
​អាមេរិក៖ មនុស្ស​យ៉ាងហោចណាស់ ​២៣៣​នាក់​បាន​ស្លាប់ និង ៦១៨​នាក់​រង​របួស​ក្នុង​អំពើ​ហិង្សា​ដោយ​អាវុធ​ ក្នុង​ការ​បាញ់​ប្រហារ​ជាង ៥០០​លើក​នៅ​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ថ្ងៃ​ទី​៤ ខែ​កក្កដា​ចុង​សប្ដាហ៍​មុន ដែល​ជា​ការ​ធ្លាក់​ចុះ ២៦% ពី​ថ្ងៃ​ឈប់សម្រាក​កាលពី​ចុង​សប្ដាហ៍​ឆ្នាំមុន នេះ​បើ​យោង​តាម​ទិន្នន័យ​ចុងក្រោយ​ ដែល​បាន​ចងក្រង​ដោយ​ទីភ្នាក់ងារ​មិន​ស្វែងរក​ប្រាក់ចំណេញ Gun Violence Archive​។​​ទីភ្នាក់ងារ​មិន​ស្វែងរក​ប្រាក់ចំណេញ Gun Violence Archive បាន​និយាយ​ថា យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដែល​មើល​ទៅលើ​ការ​បាញ់​ប្រហារ​ពី​ម៉ោង ៥​ល្ងាច​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​ចន្ទ​ មានការ​បាញ់សម្លាប់​មនុស្ស​ចំនួន ៣១៤​នាក់ ដោយមាន​មនុស្ស​ចំនួន ៧៥១​នាក់រង​របួសធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ការ​បាញ់​ប្រហារ​ និង​ជនរងគ្រោះ​ពី​ការ​បាញ់​ប្រហារ​កើតឡើង​ ខណៈ​ដែល​ទីក្រុង​ធំ​ៗ​នៅ​ទូទាំង​ប្រទេស​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​ហិង្សា​កើន​ឡើង​។​ ​ថ្ងៃ​ឈប់សម្រាក​ចុង​សប្ដាហ៍​កាលពី​ឆ្នាំមុន​បាន​កើត​ឡើង ​ស្រប​ពេល​ដែល​ប្រទេស​នេះ​បាន​ចាប់ផ្ដើម​បើក​ឡើងវិញ ​បន្ទាប់ពី​ការ​បញ្ជា​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​ដោយសារតែ​ជំងឺ​រាតត្បាត​សកល និង​ស្រប​ពេល​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ទាក់ទង​នឹង​ការ​សម្លាប់​បុរស​ស្បែក​ខ្មៅ George Floyd​។​​ស្នងការ​នគរបាល​ក្រុង New York បាន​និយាយ​ថា​ នៅ​ក្នុង​ទីក្រុង New York ជាទី​ដែល​អំពើ​ហិង្សា​ដោយ​អាវុធ​បាន​កើន​ឡើង​ ដល់​កម្រិត​ខ្ពស់​មួយ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ មាន​ជនរងគ្រោះ​ចំនួន ៣៥​នាក់ក្នុង​នោះ​ស្លាប់​ចំនួន ២​នាក់​ពី​ការ​បាញ់​ប្រហារ​ចំនួន ២៩​លើកដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​ចន្ទ ជា​ការ​ថយ​ចុះ​ពី​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន នៅ​ពេល​មនុស្ស ៧៨​នាក់​ត្រូវ​បាន​បាញ់សម្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ចំនួន​ ៥៥​លើក៕អត្ថបទ៖ សុខមាន

មនុស្ស ១៥០​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ជាង ៤០០​លើក​កាលពី​ថ្ងៃ​ទី​៤ ខែ​កក្កដា​ចុង​សប្ដាហ៍

2021/07/06 09:04:32 pm        191
​អាមេរិក៖ យ៉ាងហោចណាស់​មនុស្ស ១៥០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​អំពើ​ហិង្សា​ដោយ​អាវុធ​ ក្នុង​ការ​បាញ់​ប្រហារ​ជាង ៤០០​លើក​នៅ​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ថ្ងៃ​ទី​៤ ខែ​កក្កដាចុង​សប្តាហ៍​នេះ ខណៈ​ទីក្រុង​ធំៗនៅ​ទូទាំង​ប្រទេស​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​ហិង្សា​កើន​ឡើង នេះ​បើ​យោង​តាម​ទិន្នន័យ​ចងក្រង​ ដោយ​ភ្នាក់ងារ​ស្រាវជ្រាវ​មិន​ស្វែងរក​ប្រាក់ចំណេញ Gun Violence Archive​។​​ទិន្នន័យ​ដែល​រួម​ទាំង​ចំនួន​ឧបទ្ទវហេតុ​នៃ​ការ​បាញ់​ប្រហារ​ និង​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ដោយ​អាវុធ​ក្នុង​រយៈពេល ៧២ម៉ោង​ចាប់​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ​នៅ​តែ​មាន​ការ​វិវត្ត​ ហើយ​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​។​ ស្នងការ​នគរបាល​ក្រុង New York បាន​និយាយ​ថា នៅ​ក្នុង​ទីក្រុង New York ជាទី​ដែល​អំពើ​ហិង្សា​ដោយ​អាវុធ​បាន​កើន​ឡើង​ ដល់​កម្រិត​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ មាន​ជន​រងគ្រោះ​ចំនួន ២៦​នាក់​ពី​ការ​បាញ់​ប្រហារ​ចំនួន ២១​លើក​កាលពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ ដែល​ជា​ការ​ថយ​ចុះ​ពី​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ នៅ​ពេល​ដែល​មនុស្ស ៣០​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ចំនួន ២៥​លើក​។​​រហូតមកដល់​ឆ្នាំនេះ​ឧបទ្ទវហេតុ​អំពើ​ហិង្សា​ ដោយ​កាំភ្លើង​នៅ​ទីក្រុង​ញូវយ៉ក​បាន​កើន​ឡើង​ជិត ៤០ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០ ដោយមាន​ការ​បាញ់​ប្រហា​រ​ចំនួន ៧៦៧​លើក និង​មាន​ជនរងគ្រោះ​ចំនួន ​៨៨៥​នាក់​៕អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ដោយសារ​ការ​បាក់​រលំ​អ​គារ​ក្នុង​រដ្ឋ Florida កើន​ឡើង​ដល់​ ២៨នាក់ ​ខណៈ​រង​ការ​គំរាម​ពី​ព្យុះ

2021/07/06 05:12:33 pm        617
​អាមេរិក៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយសារ​អគារ​ខុន​ដូ​ ដែល​ដួល​រលំ​នៅ​តំបន់​ម៉ៃ​អា​មីបាន​កើន​ឡើង​ដល់ ២៨​នាក់​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ការ​រក​ឃើញ​សាកសព​បន្ថែម​ទៀត​ បន្ទាប់ពី​ការ​វាយកម្ទេច​ចោល​កាល​ពី​យប់​ថ្ងៃអាទិត្យ​នៃ​អគារ​ដែល​នៅសល់ ដែល​អាច​ឱ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ពង្រីក​ការស្វែងរក​។​​មនុស្ស​ចំនួន ១១៧នាក់​ផ្សេងទៀត​នៅតែ​បន្ត​បាត់​ខ្លួន​រយៈពេល ១១ថ្ងៃ​បន្ទាប់ពី​អគារ​លំនៅដ្ឋាន​កម្ពស់ ១២ជាន់​បាន​ដួល​រលំ​នៅ​តំបន់ Surfside រដ្ឋ Florida ដែល​ជំរុញ​ឱ្យ​មាន​កិច្ចប្រឹងប្រែង​ស្វែងរក​ និង​ជួយសង្គ្រោះ​ដែល​បាន​បន្ត​ស្ទើរតែ​ពេញ​ ២៤​ម៉ោង​ចាប់​តាំង​ពី​ពេល​ហេតុ​ការណ៍​នោះ​កើត​ឡើង​មក​។​ ការស្វែងរក​ជនរងគ្រោះ​ត្រូវ​បាន​ផ្អាក​កាលពី​យប់​ថ្ងៃអាទិត្យ​ សម្រាប់​ការ​វាយកម្ទេច​ទាំង​យប់​លើ​អគារ​ពាក់កណ្ដាល​ទៀត ​ដែល​នៅសល់​ពី​ការ​បាក់​រំលំ​នោះ​។ក្រុម​មន្ត្រី​បានសម្រេច​ចិត្ត​ផ្ដួល​រំលំ​អគារ​នៅ​សេសសល់​ដែល​មិន​ស្ថិតស្ថេរ​នេះ ព្រោះ​វា​បង្ក​ការ​គំរាមកំហែង​ដល់​ក្រុម​អ្នក​ជួយសង្គ្រោះ​។​ ព្យុះ​ត្រូ​ពិ​ក​អេ​ល​សា (Storm Elsa)​ នៅ​តំបន់​កា​រ៉ា​អ៊ី​ប​ក៏បាន​គំរាម​បក់​បោក​ផង​ដែរ​ បើ​ទោះ​បី​ជា​ការ​ព្យាករណ៍​ថ្មីៗ​បង្ហាញ​ថា ​តំបន់ Surfside ទំនងជា​នឹង​ចៀស​ផុត​ពី​ខ្យល់ព្យុះ ដែល​បោកបក់​ទៅកាន់​ភាគ​ខាងជើង​ពី​ប្រទេស​គុយបា​៕អត្ថបទ៖ សុខមាន

៧០%​ នៃ​ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ទីក្រុង​បាងកក​គឺជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta

2021/07/05 09:17:39 pm        296
ថៃ៖ ការសិក្សា​ដោយ​មជ្ឈមណ្ឌល​ឧត្ដមភាព​ផ្នែក​រោគសាស្ត្រ​ នៅ​សាកលវិទ្យាល័យ​ជូឡាឡុង​កនបង្ហាញ​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta មាន​ចំណែក​ ៧០% ​នៃ​ចំនួន​ករណី​ឆ្លង​អ្នកក្រុង​បាងកក​ដោយ​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ ​COVID-19​។​​គំហើញ​នេះ​ត្រូវបាន​បង្ហាញ​ដោយ​ លោក​ យ៉ុង​ផូ​ វ៉ូ​រ៉ា​វាន់ ប្រធាន​មជ្ឈមណ្ឌល​នៅ​លើ​ទំព័រ Facebook របស់​លោក​។​ លោក​បាន​និយាយ​ថា​ ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​វីរុស Covid-19 បាន​កើត​ឡើង​កាលពីដើម​ឆ្នាំមុន ដោយ​វីរុស​អ៊ូ​ហាន​ដែល​បាន​រាលដាល​ពាសពេញ​ពិភពលោក​។​ ជំងឺ​នេះ​បាន​វិល​ត្រឡប់​មក​ជាថ្មី​ក្នុង​ការ​ផ្ទុះ​ឡើងជា​លើក​ទី​២ កាលពី​ចុង​ឆ្នាំមុន​ ដោយមាន​ចំណុច​ឆ្លង​រាលដាល​ខ្លាំង​មួយ​ត្រូវ​បាន​គេ​រក​ឃើញ ​នៅ​ផ្សារ​លក់​បង្កង​នៅ​ខេត្តសាមុត​សា​ខន​។ វីរុស​នេះ​ត្រូវ​គេ​គិត​ថា ​បាន​ឆ្លង​រាល​ដាល​ចេញ​មកពី​សហភាព​មី​យ៉ាន់​ម៉ា​។​​ការ​ផ្ទុះ​លើក​ទី​៣ នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គ្របដណ្ដប់​ ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ឈ្មោះ​អាល់​ហ្វា​ ជា​វីរុស​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស ដែល​មាន​សមត្ថភាព​ចម្លង​លឿន​​ជាង​វីរុស​អ៊ូ​ហាន​ដល់​ទៅ ១,៧​ដង​៕អត្ថបទ៖ សុខមាន

មនុស្ស ៤៧នាក់​ស្លាប់ និង ៤៩នាក់​របួស​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​យោធា​នៅ​ហ្វីលីពីន

2021/07/05 07:41:07 pm        221
ហ្វីលីពីន​៖ ក្រសួង​ការពារជាតិ​ហ្វីលីពីន​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​យោធា​ ដែល​បាន​កើត​ឡើង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​ កាលពី​ថ្ងៃអាទិត្យបាន​កើន​ឡើង​ដល់ ៤៧​នាក់​។ យោធា​ ៤៤នាក់​ និង​ជន​ស៊ីវិល ៣នាក់​បាន​ស្លាប់​ បន្ទាប់ពី​យន្តហោះ​យោធា​ដឹក​បុគ្គលិក​កងទ័ព​បាន​ធ្លាក់​ និង​ផ្ទុះ​ឆេះ​ពេល​ធ្លាក់​នៅ​លើ​កោះ Jolo ក្នុង​ខេត្ត Sulu។​​ក្រសួង​បាន​និយាយ​ថា ​មនុស្ស ៤៩នាក់​ផ្សេងទៀត​បាន​រង​របួស​នៅ​ក្នុង​គ្រោះថ្នាក់​នោះ រួមមាន​ទាហាន ៤៩​នាក់ ​និង​ជន​ស៊ីវិល ៤​នាក់​។ ក្រសួង​និយាយ​ថា ប្រតិបត្តិការ​ស្វែងរក​កំពុង​បន្ត​ ខណៈ​ទាហាន ​៥​នាក់​ទៀត​នៅ​បាត់​ខ្លួន​។ រយៈពេល​ប៉ុន្មាន​នាទី​បន្ទាប់ពី​ការ​ធ្លាក់​យន្តហោះ ​កងទ័ព និងអ្នក​ស្ម័គ្រចិត្ត​ស៊ីវិល​បាន​ប្រញាប់ប្រញាល់​ ទៅកាន់​កន្លែង​កើត​ហេតុ​ដើម្បី​ស្វែងរក ​និង​ជួយ​សង្គ្រោះ​។ តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា ទាហាន​មួយ​ចំនួន​ត្រូវ​បាន​គេ​ឃើញ​លោត​ចេញពី​យន្តហោះ ​មុន​ពេល​វា​ធ្លាក់​ដល់​ដី​។​យោង​តាម​ឯកសារ​របស់​កងទ័ព​អាកាស​ហ្វីលីពីន​បាន​និយាយ​ថា​ យន្តហោះ​ដែល​ធ្លាក់​គឺជា​យន្តហោះ​ប្រើ​ហើយ​ប្រភេទ C-130 Hercules ដែល​ទើប​ទិញ​ពី​យោធា​សហរដ្ឋអាមេរិក​។ ឯក​សារ​យោធា​បាន​បង្ហាញ​ថា យន្តហោះ​បាន​មក​ដល់​ប្រទេស​កាលពី​ខែ​មករា​ឆ្នាំនេះ​។ សហរដ្ឋ​អាមេរិក​បាន​ប្រគល់​យន្តហោះ​ជា​ផ្លូវការ​ក្នុង​ពិធី​មួយ​នៅ​ខែ​កុម្ភៈ​៕អត្ថបទ៖ ប៊ុនថន

ករណី​ឆ្លង​ជំងឺ COVID-19 នៅ​រុស្ស៊ី​កើន​ឡើង​ជាថ្មី​ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ឆ្លង​រាល​ដាល​ខ្លាំង​

2021/07/05 06:15:11 pm        122
រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19​ ប្រចាំថ្ងៃ​ខ្ពស់​បំផុត បន្ទាប់ពី​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ខ្ពស់​ក្នុង​រយៈពេល​ ១​សប្ដាហ៍ ខណៈ​ដែល​ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដ៏​ឆាប់រហ័ស​កំពុង​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក​។​​វីរុស​កូ​រ៉ូ​ណា​បាន​សម្លាប់​មនុស្ស​ជាង ​៤​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ដោយ​បង្ខំ​ប្រទេស​ជាច្រើន​អនុវត្តន៍​វិធានការ​តឹងរ៉ឹង​ជាថ្មី​ជាង​មួយ​ឆ្នាំ​មកនេះ ​បន្ទាប់ពី​ការ​ផ្ទុះ​រាលដាល​វីរុស​រាតត្បាត​សកល​នេះ​។ ទីក្រុង​ម៉ូស្គូ​បាន​ទាត់ចោល​ការ​បិទ​ខ្ទប់​ជាថ្មី ប៉ុន្តែ​ការ​ឆ្លង​ចំនួន ២៥,១៤២​នាក់​កាលពី​ថ្ងៃអាទិត្យគឺជា​ចំនួន​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ​ខែ​មករា​មក​។​ ចំនួន​អ្នក​ស្លាប់​ខ្ពស់​ដោយសារ​វីរុស​នេះត្រូវ​បាន​កត់ត្រា​រយៈពេល ​៥​ថ្ងៃ​ជាប់ៗ​គ្នា​ដែល​កើន​ឡើង​ដល់​ ៦៩៧​នាក់​កាលពី​ថ្ងៃ​សៅរ៍ មុន​ពេល​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ​៦៦៣​នាក់​កាលពី​ថ្ងៃអាទិត្យ​។​​ការ​មន្ទិល​សង្ស័យ​ដែល​ចេះតែ​កើន​ឡើង និង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ មកដល់ពេលនេះ​ប្រទេស​រុស្ស៊ី​មាន​អត្រា​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​ត្រឹមតែ​ ១៦%​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រជាជន​សរុប​ចំនួន​ ១៤៦​លាន​នាក់​។​ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កំពុង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​រុស្ស៊ី​ទៅ​ទទួល​វ៉ាក់សាំង ​និង​ស្ដាប់​ក្រុម​អ្នក​ជំនាញ​ជាជាង​ស្ដាប់​ពាក្យ​ចចាមអារ៉ាម​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM