សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

​មនុស្ស​ ​៣៦​នាក់​ស្លាប់ និង​ជាង ​៥០​នាក់​រង​របួស​ក្នុង​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​ប៉ា​គី​ស្ថាន​

2021/06/07 07:00:46 pm        134
​ប៉ា​គី​ស្ថាន៖ សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៣៦​នាក់​ស្លាប់ ​និង​ជាង​ ៥០​នាក់​ផ្សេងទៀត​រង​របួស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​ក្នុង​ខេត្ត​ស៊ីន​ភាគ​ខាង​ត្បូង​របស់​ប្រទេស​ប៉ា​គី​ស្ថាន​។​យោង​តាម​សេចក្ដីរាយការណ៍​នានា ឧបទ្ទវ​ហេតុនេះ​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​រវាង​ស្ថានីយ​រថភ្លើង Raiti និង​ស្ថានីយ​រថភ្លើង Obaro ក្នុងស្រុក Ghotki​ នៃ​ខេត្ត​ស៊ីន​។​ ក្រោយ​ការ​បុក​គ្នា​ទូ​រថភ្លើង​មួយ​ចំនួននៃ​រថភ្លើង​ទាំង ​២​ខ្សែ​នោះ​បាន​ធ្លាក់​ចេញពី​ផ្លូវ និង​ក្រឡាប់​ផ្ងារ​ជើង​។ ក្រុម​អ្នក​សង្គ្រោះ​បាន​ប្រញាប់​ប្រញាល់​ទៅកាន់​កន្លែង​កើត​ហេតុ និង​ដឹកជញ្ជូន​សាកសព​ និង​អ្នករបួស​ទៅកាន់​មន្ទីរ​ពេទ្យ​ក្បែរ​នោះ​។​ ឧបទ្ទវ​ហេតុនេះ​បាន​កើត​ឡើង​រវាង​រថភ្លើង​ដឹក​អ្នកដំណើរ Millat Express ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខាងកើត​ទីក្រុង Sargodha ពី​ខាងត្បូង​ទីក្រុង​កំពង់ផែ Karachi និង​រថភ្លើង​ដឹក​អ្នកដំណើរ Sir Syed Express ដែល​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Karachi មកពី​ទីក្រុង Rawalpindi៕អត្ថបទ៖ សុខមាន

ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់ ​និង​បំណាក់​ដី​នៅ​ស្រីលង្កា​កើន​ឡើង​ដល់ ​១៤​នាក់​

2021/06/07 06:08:30 pm        136
​ស្រីលង្កា៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់ ​និង​បំណាក់​ដី បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ស្រីលង្កា ​បាន​កើន​ឡើង​ដល់ ​១៤​នាក់ និង ​២​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​។​​ស្រុក​នានា​នៅ​លើ​កោះ​មហាសមុទ្រ​ឥណ្ឌា រង​ការ​ប៉ះពាល់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​រួម​ទាំង​រដ្ឋធានី​កូឡុំបូ និង​ទី​ជន​បទ​មួយ​ចំនួន​ ជាទី​ដែល​លំនៅឋាន ស្រែចម្ការ ​និង​ផ្លូវថ្នល់​ត្រូវ​បាន​លិចលង់​។ មនុស្ស​ ១០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ទឹកជំនន់ និង ​៤​នាក់​ផ្សេងទៀត​ស្លាប់​ដោយសារ​បំណាក់​ដី នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ គ្រោះ​មហន្តរាយ​របស់​រដ្ឋាភិបាល។ ក្នុងចំណោម​ពួកគេ​គឺ​មាន​គ្រួសារ​មួយ​មាន​សមាជិក ​៤​នាក់ដែល​បាន​ស្លាប់ នៅ​ពេល​ផ្ទាំង​បំណាក់​ដី​បាន​បាក់​​សង្កត់​ផ្ទះ​របស់​ពួកគេនៅ​ក្នុង​ស្រុក Kegalle​ ស្ថិតនៅ​ចម្ងាយ​ប្រហែល ៨៥​គីឡូម៉ែត្រ​ភាគ​ខាងកើត​រដ្ឋធានី​កូឡុំបូ​។​​កងទ័ពជើងទឹក​ស្រីលង្កា​និយាយ​ថា ​អង្គភាព​របស់​ខ្លួន​បាន​បញ្ជូន​ក្រុម​សង្គ្រោះ​ចំនួន​ ៣៣​ក្រុម​ទៅ​កាន់​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​នោះក្រុម​នេះបាន​ជួយសង្គ្រោះ​មនុស្ស​ ៦៦​នាក់​ដែល​បាន​ជាប់​នៅ​ក្នុង​ទឹកជំនន់​។​ មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា អា​កាស​​ធាតុ​អាប់អួ​ខ្លាំងបាន​ប៉ះពាល់​ដល់​មនុស្ស​ប្រមាណ ២៤៥,០០០​នាក់ និង​មនុស្ស​ជាង ៤,៣០០​នាក់​នៅតែ​ភៀស​ខ្លួន ​និង​ស្នាក់​នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន។ លំនៅឋាន​ជាង​ ៨០០​ខ្នង​ត្រូវ​បាន​ខូចខាត​៕អត្ថបទ៖ សុខមាន

អតីត​មេដឹកនាំ​ពិភពលោក​រាប់​រយ​នាក់​ជំរុញ​ក្រុម​ប្រទេស G7 ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដល់​ពលរដ្ឋ​ក្រីក្រ​

2021/06/07 05:17:25 pm        136
​ពិភព​លោក៖ អតីត​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស ​១០០​រូប​បាន​ជំរុញ​ដល់​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬក្រុម​ប្រទេស G7 ជួយ​ចេញ​ថ្លៃ​ចំណាយ​វ៉ាក់សាំង​បង្ការ​វីរុស​កូ​រ៉ូ​ណា​ ​ដើម្បី​ជួយ​បញ្ឈប់​ការវិវឌ្ឍន៍​ខ្លួន​នៃ​ជំងឺ​នេះ និង​ការ​វិល​ត្រឡប់មកវិញ​ជា​ការ​គំរាមកំហែង​ទូទាំង​ពិភពលោក​។​បណ្ដា​មេដឹកនាំ​ទាំង​នោះ​បាន​អំពាវនាវ​នៅមុន​ជំនួប​កំពូល G7 នៅ​ក្នុង​ចក្រភព​អង់គ្លេស​ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ នៅ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden នឹង​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និង​ជប៉ុន​។​ នៅ​ក្នុង​លិខិត​របស់​មេដឹកនាំ​ទាំងនោះ​ផ្ញើ​ទៅកាន់​ជំនួប​កំពូល G7 បណ្ដា​អតីត​មេដឹកនាំ​ពិភពលោក​បាន​និយាយ​ថា សហប្រតិបត្តិការ​សក​ល​បាន​បរាជ័យ​កាលពី​ឆ្នាំ២០២០ ប៉ុន្តែ​នៅ​ឆ្នាំ​២០២១ ​នេះ​អាច​ឃើញ​ផ្លែ​ផ្លា​ក្នុង​យុគសម័យ​ថ្មី​។​​លិខិត​នោះ​បាន​និយាយ​ថា​ “ការ​គាំទ្រ​ពី G7 និង G20 ដែល​ធ្វើ​ឱ្យ​វ៉ាក់សាំង​អាច​ចូល​ទៅដល់​បណ្ដា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ និង​មធ្យម​មិន​មែន​ជា​សកម្មភាព​សប្បុរសធម៌​ទេ ​ប៉ុន្តែ​ផ្ទុយទៅវិញ​គឺ​សម្រាប់​ផលប្រយោជន៍​ ជា​យុទ្ធសាស្ត្រ​របស់​ប្រទេស​នីមួយៗ​”​។ ក្នុងចំណោម​ប្រទេស​ហត្ថលេខី ​រួមមាន​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក Gordon Brown និង​លោក Tony Blair,​ អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក Ban-Ki Moon និង​អតីត​មេដឹកនាំ​អាហ្វ្រិក​ចំនួន ១៥​រូប​ទៀត៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ចាត់តំណាងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់

2021/06/06 01:37:35 am        301
ពោធិ៍សាត៉ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី៥ ខែ មិថុនាឆ្នាំ២០២១នេះ បានចាត់តាំង ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិកាសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ នៃការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាងសង់ផ្ទះ សង់បង្គន់អនាម័យ ខួងអណ្តូងទឹក បំពាក់ប្រព័ន្ធសូឡា ឱ្យបានឆាប់រហ័ស ក្នុងការផ្តល់ជូនគ្រួសារអតីតយុទ្ធជនជាង៦០០គ្រូសារ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់បង្ករបង្កើនផលឲ្យបានឆាប់រហ័ស ខណៈ រដូវវស្សា បានខិតជិតមកដល់ហើយនោះ។ឆ្លៀតឱកាសចុះត្រួតពិនិត្យ និងពន្លឿននៃការសាងសង់ននេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីគន់ គីម ក៏បានជួបសំណេះសំណាលជាមួយកងកម្លាំង និងក្រុមជាងសាងសង់ផ្ទះ និងសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាព ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួចជាបណ្តើរៗនេះផងដែរ ដោយការសាងសង់នេះបានរួចជាជំហានដំបូងចំនួន៨០ខ្នងហើយក្នុងចំណោមជាង៦០០ខ្នងនោះ។ គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា និងសមាគមអតីតយុទ្ធជន រួមជាមួយគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីពន្លឿនដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាងសង់ផ្ទះចំនួន៦២៨ខ្នង សង់បង្គន់អនាម័យ ខួងអណ្តូងទឹក មន្ទីរពេទ្យ សាលារៀន កន្លែងស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ បំពាក់ប្រព័ន្ធសូឡា ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ជូនគ្រួសារអតីតយុទ្ធជនទាន់រដូវវស្សា ដែលជារដូវបង្កបង្កើនផល។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា នឹងធ្វើពិធីប្រគល់-ទទួលផ្ទះចំនួន៥០ខ្នង នៅសប្តាហ៍ទី២ ខែមិថុនាខាងមុខ និងប្រគល់ជូនទៅតាមកាលបរិច្ឆេទបន្តបន្ទាប់ទៀត។ ក្នុងឱកាសនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវស្បៀងអាហារមួយចំនួនប្រគល់ជូនដល់កងកម្លាំង និងក្រុមជាងសាងសង់ផ្ទះផងដែរ។ ក្រោយទទួលបានផ្ទះ និងដីសម្រាប់បង្ករបង្កើនផលនោះ បងប្អូនអតីតយុទ្ធជន ដែលភាគច្រើនជាអតីតយោធា និងនគរបាល បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងអគុណយ៉ាងក្រៃលែងចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយពួកគាត់បានលើកឡើងថា អំណោយរបស់សម្តេចទាំងពីរ នេះគឺប្រៀបបានដូចស្រង់ជីវិតរបស់ពួកគាត់ឲ្យរស់យ៉ាងសុខស្រួលម្តងទៀតនោះ៕​អត្ថបទ​៖ បាន ចក់

ប្រទេស​ចិន​អនុម័ត​វ៉ាក់សាំង Sinovac សំរាប់​កុមារ​

2021/06/05 12:03:10 pm        187
ចិន៖ ប្រទេស​ចិន​បាន​អនុម័ត​ការប្រើប្រាស់​បន្ទាន់​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន Sinovac Biotech ប្រើប្រាស់​សំរាប់​មនុស្ស​ដែល​មាន​វ័យ​ចន្លោះ​ពី ​៣​ឆ្នាំទៅ ​១៧​ឆ្នាំ​។ ប្រធាន​ក្រុមហ៊ុន លោក Yin Weidong បាន​បង្ហាញ​ការ​អនុម័ត​នេះ​នៅ​លើ​ទូរទស្សន៍​រដ្ឋ​។ការ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​របស់​ប្រទេសចិន​បច្ចុប្បន្ន បើក​សំរាប់​តែ​ប្រជាជន​មាន​វ័យ ​១៨​ឆ្នាំ​ និង​លើស​ពីនេះ​។ ការ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​​ចិនបាន​ផ្តល់​ដូ​ស​វ៉ាក់សាំង​ចំនួន ៧២៣​.៥​លាន​ដូ​ស​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ដែល​ប្រើប្រាស់​សំរាប់​អ្នកមាន​អាយុ​ ១៨​ឆ្នាំ​ឡើង​ទៅ​។ លោក Yin Weidong និយាយ​ថា នៅ​ពេល​វ៉ាក់សាំង​ក្រុមហ៊ុន Sinovac នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​ដល់​ក្រុម​មនុស្ស​វ័យក្មេង វា​អាស្រ័យ​លើ​អាជ្ញាធរ​សុខភាពដែល​រៀបចំ​ជាក់លាក់​ នូវ​យុទ្ធសាស្ត្រ​ការ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​ចិន​។​ ​លោក Yin និយាយ​ថា ​អនីតិជន​មាន​អាទិភាព​ទាប​ក្នុង​ការ​ចាក់​វ៉ាក់សាំងប្រឆាំង​នឹង​មេរោគ​ឆ្លង​កូ​រ៉ូ​ណា បើ​ធៀប​នឹង​មនុ​ស្ស​វ័យ​ចំណាស់​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ នៃ​រោគសញ្ញា​ធ្ងន់ធ្ងរ​បន្ទាប់ពី​ឆ្លង​។​​លទ្ធផល​បឋម​នៃ​ការសាកល្បង​នៅ​គ្លីនិក​ដំណាក់កាល​ទី​១ និង​ទី២ បាន​បង្ហាញ​ថា ​វ៉ាក់សាំង​នេះអាច​ធ្វើ​ឱ្យ​មាន​ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះអាយុ​ពី ៣ ទៅ ១៧ឆ្នាំ ហើយ​ប្រតិកម្ម​ភាគច្រើន​ស្រាល​។ ​ក្រុមហ៊ុន​ផលិត​ឱសថ​ដែល​គាំទ្រ​ដោយ​រដ្ឋ​ Sinopharm​ ដែល​វ៉ាក់សាំង​ត្រូវ​ចាក់​ ២ដង​ដោយប្រើ​បច្ចេកវិទ្យាស្រដៀង​គ្នា ​ទៅ​នឹង​ផលិតផល​របស់​ក្រុមហ៊ុន Sinovac ក៏​កំពុង​បញ្ជូន​ទិន្នន័យ​សម្រាប់​នៅ​ក្នុង​ក្រុម​ក្មេងៗ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន CanSino Biologic ដែល​កំពុង​អនុម័ត​បច្ចេកទេស​ខុសគ្នា បាន​ចូល​ដល់​ដំណាក់កាល​សាកល្បង​ទី​២ ពាក់ព័ន្ធ​នឹង​អ្នក​ដែល​មាន​អាយុ​ចន្លោះ​ពី ៦ ទៅ ១៧ឆ្នាំ​៕អត្ថបទ៖ ប៊ុនថន

កម្ពុជា​រក​ឃើញ​ពលរដ្ឋ​៥៣៨​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៥៣៤​នាក់​បន្ថែម​ទៀត​បាន​ជា​សះ​ស្បើយ​ឡើង​វិញ

2021/06/05 06:45:00 pm        676
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា ​មនុស្ស ៥៣៨​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ ដែល​ភាគ​ច្រើន​លើស​លប់​​សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ ៥០៩​​នាក់​ដែល​បាន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ករណី​ឆ្លង​ថ្មី​ចំនួន ២៩​​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូលពី​ក្រៅ​ប្រទេស។ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១០​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​តែ​ជំងឺ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់ ២៥២​នាក់​ហើយ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៣ ៦១៣​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៦ ០៧៨​​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៥៣៤​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

មនុស្ស ២នាក់​ស្លាប់ និង ៤នាក់​របួស​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់ ​៤​ជាន់​នៅ​ប្រេ​ស៊ី​ល

2021/06/05 05:45:26 pm        128
ប្រេស៊ីល៖ ការិយាល័យ​ពន្លត់​អគ្គិភ័យ​ទីក្រុង​បាន​និយាយ​ថា អគារ​កម្ពស់ ៤​ជាន់​បាន​បាក់​រលំ​នៅ​ភាគ​ខាងលិច​ទីក្រុង Rio de Janeiro បណ្ដាល​ឲ្យ​មនុស្ស​ពេញ​វ័យ​ម្នាក់ និង​កុមារ​ម្នាក់​បាន​បាត់បង់​ជីវិត​ និងបាន​បំផ្លាញ​លំនៅឋាន​នៅ​ក្បែរ​នោះ​។​ជនរងគ្រោះ​ជា​ឪពុក​អាយុ ៣០​ឆ្នាំ​ និង​កូនស្រី​អាយុ ៣​ឆ្នាំ​។ ការិយាល័យ​ពន្លត់​អគ្គិភ័យ​ក្នុងស្រុក​បាន​បញ្ជាក់​ថា មាន​អ្នកស្រុក​ដែល​រង​របួស​ចំនួន ៤​នាក់​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ពី​គំនរ​បាក់បែក ហើយការងារ​ជួយសង្គ្រោះ​កំពុង​បន្ត​ធ្វើ​។​ ​យោង​តាម​អ្នក​រស់​នៅ​អគារ​ជិតខាង​បាន​អោយ​ដឹង​ថា សំឡេង​បាន​ផ្ទុះ​ឡើង​ដោយសារ​ការ​បាក់​រលំ​អគារ​ភ្លាមៗ និង​មាន​អគ្គិភ័យ​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។ បច្ចុប្បន្ន​អគ្គិភ័យ​ត្រូវ​បាន​ពន្លត់ ហើយ​អ្នកស្រុក​បាន​ជម្លៀស​ទៅ​កន្លែង​មាន​សុវត្ថិភាព ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់ ​និង​របួស​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅ​ឡើយ​។​ទោះបី​មូលហេតុ​នៃ​គ្រោះថ្នាក់​ កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ក៏ដោយ វា​មិន​មែន​ជា​លើក​ទី​១ ​នោះ​ទេ​ដែល​គ្រោះថ្នាក់​បាក់​អគារ​បាន​កើតឡើង​។ នៅ​ឆ្នាំ​២០១៩ មនុស្ស​ ២៤​នាក់​បាន​ស្លាប់ ខណៈ​អគារដែល​គ្មាន​ការ​អនុញ្ញាត​ ២​កន្លែង​បាន​បាក់​រលំ​។ ក្រោយមក​មក​រដ្ឋាភិបាល​ក្រុង​បាន​ចាប់ផ្ដើម​ កម្ទេច​សំណង់​អគារ​ខុសច្បាប់​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង ហើយ​ ៧៥​% ​នៃ​សំណង់​អគារ​ទាំងនោះ​ត្រូវ​បាន​កម្ទេច​ចោល​តាំងពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០៕អត្ថបទ៖ ប៊ុនថន

ក្រសួង​សុខាភិបាល​ជំរុញ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រីក​រាល​ដាល​នៃ​វីរុស​បម្លែង​ថ្មី ក្រោយ​រក​ឃើញ​​​មនុស្ស​៣​នាក់​ឆ្លង​វីរុស​នេះ

2021/06/04 10:36:53 pm        588
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​កម្ពុជា​​ បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ខ្លួន និង​ជំរុញ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​បម្លែង​ថ្មី បន្ទាប់​ពី​បាន​​រក​ឃើញ​វីរុស​​ប្រភេទ​ថ្មី​នេះនៅ​ថ្ងៃ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា វីរុស​កូរ៉ូណា​បម្លែង​ថ្មី​ប្រភេទ B.1.617 ត្រូវ​បាន​​រក​ឃើញ​លើ​ស្ត្រី ២​នាក់ និង​បុរស​ ១​នាក់ ដែល​ជា​ពលករ​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​នា​ពេល​ថ្មីៗ​នេះ។បើ​តាម​ក្រសួង​សុខាភិបាល វីរុស​បម្លែង​ថ្មី​ប្រភេទ​នេះ ត្រូវបាន​រក​ឃើញ​លើ​ស្ត្រី​ ២​នាក់ ម្នាក់​អាយុ ២៧​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ៤៣​ឆ្នាំ និង​បុរស​ម្នាក់​អាយុ ៤៦​ឆ្នាំ​។ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​បន្ថែម​ថា ស្ត្រី​វ័យ ​២៧​ឆ្នាំ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្ត​ឧត្ដរមានជ័យ ហើយ​​ស្ត្រី​ម្នាក់​ទៀត​អាយុ ៤៣​ឆ្នាំ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មោងឫស្សី ក្នុង​ខេត្ត​បាត់ដំបង ខណៈ​ដែល​​បុរស​អាយុ ៤៦​ឆ្នាំ​វិញ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​ឯក​ភ្នំ ក្នុង​ខេត្ត​បាត់ដំបង​ផង​ដែរ។ក្រសួង​សុខភិបាល​បញ្ជាក់​បែប​នេះ បន្ទាប់​ពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សំណាក​លើ​មនុស្ស​ទាំង ៣​នាក់​នេះ ចេញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។បើ​តាម​ក្រសួង​សុខាភិបាល ពិភព​លោក​កំពុង​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​បម្លែង​ថ្មី​នេះ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​៧​ហើយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង​កម្ពុជា។ ក្រសួងអះ​អាង​ថា បាន​ណែនាំ​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំង​អស់ ឱ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​បម្លែង​ថ្មី​នេះ៕​អត្ថបទ ៖ សុធី

ជប៉ុន ប្រគល់អំណោយរថយន្តគិលានសង្រ្គោះចំនួន៣០បន្ថែមទៀត ជូនកម្ពុជា ដើម្បីឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩

2021/06/05 01:26:00 am        217
ភ្នំពេញ ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើពិធីប្រគល់-ទទួល រថយន្តគិលានសង្រ្គោះចំនួន៣០គ្រឿង បន្ថែមទៀត ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្រោមគម្រោងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជប៉ុន ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា។​ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ជប៉ុន គឺជាប្រទេសមួយដែលបានផ្តល់ជំនួយច្រើនជាងគេក្នុងចំណោមដៃគូទាំងអស់ ទាំងជំនួយបច្ចេកទេស ទាំងថវិកា ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងធនធានមនុស្ស។ ជាពិសេសចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រទេសជប៉ុន បាននិងកំពុងផ្តល់ជំនួយជាច្រើនរួមមាន៖ ជំនួយបឋមនាខែកុម្ភះ ឆ្នាំ២០២០ រួមមាន៖ កញ្ចប់តេស្តរហ័សចំនួន១០០០, សម្លៀកបំពាក់សុវតិ្ថភាពសម្រាប់មន្រី្តសុខាភិបាល ចំនួន១០០០០កំផ្លេ និងកញ្ចប់ឧបករណ៍ពិសោធន៍ចំនួន១០០០កញ្ចប់ និងម៉ាស់។ តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា សរុបជាថវិកាចំនួន២០០០លានយេន (ប្រមាណជា១៨.៥លានដុល្លារអាមេរិក) ដែលអនុវត្តដោយ Japan International Cooperation System រួមមាន៖ រថយន្តគិលានសង្រ្គោះចំនួន១០០គ្រឿង, Ultrasound Scanner ចំនួន១គ្រឿង, Thermographic Camera ចំនួន១០គ្រឿង, Portable X-Ray ចំនួន១០គ្រឿង, Mobile Ultrasound Scanner ចំនួន២៥គ្រឿង, Oxygen Concentrator ចំនួន១០០គ្រឿង, ឧបករណ៍វាស់សម្ពាធឈាម ចំនួន១០០គ្រឿង, ម៉ាស៊ីនភ្លើងចំនួន១០០គ្រឿង, គ្រែសម្រាប់ផ្នែក ICU ចំនួន១០០គ្រែ និងការពង្រីកផ្នែកសង្រ្គោះបន្ទាន់សម្រាប់ជំងឺកូវីដ-១៩ រួមទាំងការបំពាក់ឧបករណ៍វេជ្ជសាស្រ្តទៅក្នុងគម្រោងធ្វើឲ្យប្រសើរឡើងមនី្ទរពេទ្យបង្អែកខេត្តសៀមរាប។ ទន្ទឹមនឹងនោះរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវីធីជំនួយបន្ទាន់នូវថវិកាចំនួន៦.៣លានដុល្លារអាមេរិក ដែលនឹងអនុវត្តដោយ UNOPS ដែលបាននឹងកំពុងរៀបចំគម្រោងអនុវត្ត។ឯកឧត្តម រដ្ឋមន្រី្ត បានបញ្ជាក់ទៀតថា ថ្ងៃនេះក្រសួងសុខាភិបាល បានទទួលរថយន្តគិលានសង្រ្គោះចំនួន៣០គ្រឿង (សរុប៧០គ្រឿង) នៃរថយន្តគិលានសង្រ្គោះទាំងអស់ចំនួន១០០គ្រឿង ដែលភាគីជប៉ុនគ្រោងនឹងផ្តល់ឲ្យ ហើយរថយន្តគិលានសង្រ្គោះទាំង៣០គ្រឿង បានបែងចែកទៅឲ្យអង្គភាពប្រតិបតិ្តនៅ ថ្នាក់កណ្តាល និងមនី្ទរសុខាភិបាលដែលមានហានិភ័យខ្ពស់នៃការរាតត្បាតជំងឺកូវីដ-១៩។ ចំណែករថយន្តគិលានសង្រ្គោះ ដែលនៅសល់៣០គ្រឿងទៀត នឹងមកដល់នៅពេលឆាប់ៗខាងមុខ ហើយក្រសួងនឹងបែងចែកទៅឲ្យអង្គភាពប្រតិបតិ្ត និងមនី្ទរសុខាភិបាលជាបន្តទៀត។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេស ឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា តែងតែសម្របសម្រួលក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល ហើយសង្ឃឹមថា នឹងមានគម្រោងថ្មីៗបន្តទៀត៕អត្ថបទ ៖ រដ្ឋា

វ៉ាក់សាំង​ជាង ​២​ពាន់​លាន​ដូ​សត្រូវ​បាន​ចាក់​ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​ពិភពលោក​

2021/06/04 02:30:10 pm        133
ពិភពលោក៖ យោង​តាម​សារព័ត៌មាន AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍ទទួល​បាន​ប្រភព​ផ្លូវការ​នានា វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19 ជាង ​២​ពាន់​លាន​ដូ​សត្រូវ​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ប្រទេស​នីមួយៗ​នៅ​ទូទាំង​ពិភពលោក​។ ចំនួន​ដ៏​ច្រើន​នេះ​មាន​ក្នុង​រយៈពេល​ ៦​ខែ​បន្ទាប់ពី​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ដំបូង​ប្រឆាំង​ជំងឺ COVID-19 បាន​ចាប់ផ្ដើម​។​យោង​តាម​ចំនួន​ទទួល​បាន​ពី​សារព័ត៌មាន AFP ដែល​បាន​ចេញ​ផ្សាយ​នៅ​ម៉ោង ៩:១៥នាទី​ព្រឹកម៉ោង​សកល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ វ៉ាក់សាំង​យ៉ាងហោចណាស់ ២​,១០៩,៦៩៦,០២២​ដូ​ស​ត្រូវ​បាន​ចាក់​ដល់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ និង​ដែនដី​ចំនួន​ ២១៥។ អ៊ីស្រាអែល​ដែល​បាន​ដឹកនាំ​ការ​ប្រណាំង​ប្រជែង​តាំងពី​ដំបូង​មក នៅតែ​មិនទាន់​បញ្ចប់​នៅឡើយ​ដោយមាន​មនុស្ស​ត្រឹមតែ ៦​នាក់​ក្នុងចំណោម ១០​នាក់​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​។​ ប្រទេស​នេះ​ត្រូវ​បាន​ឈរ​នៅ​បន្ទាប់ពី​ប្រទេស​កាណាដា​ ដែល​មាន​ប្រជាជន​ចំនួន​ ៥៩% ​ទទួល​បាន​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ ១​ដូ​ស, ចក្រភព​អង់គ្លេស​មាន​ចំនួន​ពលរដ្ឋ​ទទួល​បាន​វ៉ាក់សាំង​ចំនួន ៥៨.៣%, ឈី​លី​មាន​ ៥៦.៦% និង​សហរដ្ឋ​អាមេរិក​មាន ៥១%​។​ការ​ចាក់​ដល់​មនុស្ស​ចំនួន ​៦​នាក់ក្នុងចំណោម​ ១០​នាក់​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​ចំនួន ៣ គឺ​ប្រទេស​ចិនមាន​ចំនួន ៧០៤.៨លាន​ដូ​ស, សហរដ្ឋ​អាមេរិក​មាន ២៩៦.៩លាន​ដូ​ស និង​ឥណ្ឌា​មាន​ចំនួន ២២១​លាន​ដូ​ស។​ ខណៈ​មនុស្ស ​៤​នាក់​ក្នុងចំណោម ១០​នាក់​នៅ​សហភាព​អឺរ៉ុប​ទទួល​បាន​វ៉ាក់សាំង​យ៉ាងហោចណាស់ ​១​ដូ​ស ប្រទេស​អាល្លឺម៉ង់​បាន​នាំមុខ​ចំនួន ៤៣.៦% បន្ទាប់​មក​អ៊ីតាលី​មាន​ ៤០%, បារាំង ​និង​អេ​ស្ប៉ា​ញ​ចំនួន ៣៩.៤​%​។ មានតែ​ប្រទេស​ចំនួន​ ៦​ប៉ុណ្ណោះ​ដែល​មិនទាន់​ចាប់ផ្ដើម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង ដូចជា​កូរ៉េខាងជើង, ហៃ​ទី, តង់​ហ្សា​នី, ឆាត, ប្រ៊ុយណេ និង​អេ​រី​ទ្រី៕​​អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM