ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ

ព័ត៌មានអន្តរជាតិ

អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara

2026/07/08 03:35:54 am        43
ក្រុមដឹកនាំអង្គការណាតូ បានចាប់ផ្តើមបញ្ចេញកិច្ចព្រមព្រៀងអាវុធតម្លៃរាប់ពាន់លានដុល្លារ នៅប្រទេសទួរគីនាថ្ងៃអង្គារនេះ ដើម្បីបង្ហាញថា ពួកគេកំពុងធ្វើតាមការអំពាវនាវរបស់សហរដ្ឋអាមេរិក ឲ្យចំណាយបន្ថែមទៀត ដើម្បីការពារអឺរ៉ុប មុនជំនួបជាមួយលោកប្រធានាធិបតី Donald Trump ។នៅថ្ងៃអង្គារនេះ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានស្វាគមន៍សមភាគីអាមេរិករបស់លោក គឺលោក Trump នៅក្នុងរដ្ឋធានី Ankara ខណៈដែលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ រយៈពេល ២ថ្ងៃ បានចាប់ផ្តើម ។ លោក Erdogan បានស្វាគមន៍លោក Trump ដោយផ្ទាល់ នៅពេលលោកធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Esenboga។គួរឲ្យដឹងថា ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃអង្គការណាតូ ក៏ដូចជាមេដឹកនាំមកពីប្រទេសដៃគូសំខាន់ៗ កំពុងជួបប្រជុំគ្នា នៅទីក្រុង Ankara សម្រាប់កិច្ចប្រជុំកំពូលឆ្នាំ ២០២៦ របស់សម្ព័ន្ធមិត្តមួយនេះ ។ កិដ្ចប្រជុំនេះដែរ នឹងផ្តោតលើការអនុវត្តការប្តេជ្ញាចិត្ត ចំពោះការចំណាយលើវិស័យការពារជាតិ ដែលបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំកាលពីឆ្នាំមុន នៅទីក្រុងឡាអេ ប្រទេសហូឡង់ ការបន្តការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន និងការពង្រីកផលិតកម្មឧស្សាហកម្មការពារជាតិ ។ខណៈពេលនោះដែរ ប្រមុខអង្គការណាតូលោក Rutte និយាយថា សម្ព័ន្ធមិត្តអង្គការរបស់លោក បានប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីទទួលបានការស្តា ការដឹកជញ្ជូន និងគ្រប់គ្រងស្តុកគ្រឿងយុទ្ធោបករសំខាន់ៗ ហើយគំនិតផ្តួចផ្តើមនេះជាប់ពាក់ព័ន្ធនឹងប្រទេសបែលហ្ស៊ិក កាណាដា ដាណឺម៉ាក ហ្វាំងឡង់ ក្រិក អ៊ីតាលី លុចសំបួរ ហូឡង់ ន័រវែស អេស្ប៉ាញ ស៊ុយអែត និងទួរគី ។លោកថា សម្ព័ន្ធមិត្តណាតូ នឹងវិនិយោគទុកផងដែរនូវថរិកាជាង ៤០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ លើសមត្ថភាពរបស់ពួកគេ ដើម្បីការពារប្រឆាំងយានដ្រូន ៕

ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei

2026/07/08 03:35:33 am        51
អ្នកកាន់ទុក្ខអ៊ីរ៉ង់នាំគ្នាកាន់បដាគំរាមប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អំឡុងពិធីបុណ្យសម្រាប់អតីតមេដឹកនាំកំពូល Ali Khamenei នៅក្នុងទីក្រុងពិសិដ្ឋ Qom នាថ្ងៃអង្គារនេះ ។ ក្តារមឈូសរបស់អតីតមេដឹកនាំកំពូលរូបនេះនិងសមាជិក ៤រូបទៀតរបស់គ្រួសារលោក ត្រូវបានដង្ហែរនៅតាមដងផ្លូវនៅក្នុងទីក្រុង Qomជាទីដែលមនុស្សរាប់ម៉ឺននាក់ កាន់ទង់ជាតិ និងបដា ប្រៀបធៀបលោក Khamenei ទៅនឹងទុក្ករបុគ្គលដែលការស្លាប់របស់ពួកគេ ជាមូលដ្ឋានគ្រឹះនៃនកាយស៊ីអ៊ីត ។ ហ្វូងមនុស្សទាំងនេះ នាំគ្នាគ្រវីទង់ជាតិនិងបដាពណ៌ក្រហមមានពាក្យសរសេរថា “សម្លាប់លោក Trump”ពេលដែលមនុស្សរាប់ម៉ឺននាក់ បានជួបជុំគ្នា ។ ក្រុមអាជ្ញាធរនិយាយថា សាកសពរបស់លោក Khamenei នឹងត្រូវដង្ហែរទៅធ្វើពិធីបុណ្យទី ៤ នៅទីក្រុងស៊ីអ៊ីតចំនួន ២ ស្ថិតក្នុងប្រទេសជិតខាងអ៊ីរ៉ាក់មុនពេលវិលត្រឡប់មកកាន់ប្រទេសអ៊ីរ៉ង់វិញ សម្រាប់ពិធីបញ្ចុះសព នៅទីសក្ការៈបូជាមជ្ឈិមសម័យស្ថិតក្នុងទីក្រុង Mashhad ៕

វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ

2026/07/08 03:34:18 am        37
វិមានក្រឹមឡាំងនិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីនៅតែបន្តទាក់ទងកម្រិតការងារជាមួយសហរដ្ឋអាមេរិក ហើយសង្ឃឹមថា កិច្ចខិតខំរបស់សហរដ្ឋអាមេរិក ដើម្បីសម្រេចបានសន្តិភាពនៅអ៊ុយក្រែន នឹងសម្រេចបានជោគជ័យ ។អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ពេលសួរពីអ្វីដែលលោកគិតដល់ការអះអាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទថា ដំណោះស្រាយសង្រ្គាមរយៈពេលជាង ៤ឆ្នាំនៅអ៊ុយក្រែន កាន់តែខិតជិតជាងអ្វីដែលមនុស្សយល់ឃើញទៅទៀត ។លោកនិយាយថា អ្នកដឹងហើយថា ពួកយើងនៅតែបន្តទាក់ទងជាមួយអាមេរិក តាមបណ្តាញការងារ ហើយពួកយើងសង្ឃឹមថា កិច្ចខិតខំរបស់ពួកគេដែលមានគោលបំណងបញ្ជាស្ថានការនេះ ឆ្ពោះទៅរកទិសដៅសន្តិភាព នឹងជោគជ័យ ។លោក Peskov បន្តថា យ៉ាងហោចណាស់ដូចដែលលោកប្រធានាធិបតីរុស្ស៊ីនិយាយម្តងហើយម្តងទៀតអញ្ចឹងថា ពួកយើងនឹងបើកទូលាយចំពោះរឿងនេះ ៕

មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា

2026/07/08 03:13:27 am        41
មនុស្សម្នាក់ស្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយបំណាក់ដីវាយប្រហារស្រុក Wayanad ស្ថិតក្នុងរដ្ឋភាគខាងត្បូង Kerala របស់ប្រទេសឥណ្ឌានាថ្ងៃអង្គារនេះ ។ នេះបើយោងតាមការអះអាងរបស់អភិបាលរដ្ឋលោក V. D. Satheesan ។ លោក Satheesan បន្តថា បំណាក់ដីនេះ បានសង្កត់លើការដ្ឋានសាងសង់ផ្លូវក្រោមដី ។ លោក និយាយទៀតថា មាននូវគ្រោះមហន្តរាយកើតឡើងនៅស្រុក Wayanad អំឡុងពេលសាងសង់ផ្លូវក្រោមដី ហើយបច្ចុប្បន្ន មនុស្ស៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មនុស្សម្នាក់ បានស្លាប់ ហើយមនុស្ស ៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។ រូបភាពពីកន្លែងកើតហេតុ ឃើញផ្ទះសម្បែងរងការខូចខាត ខណៈការងារសា្តកំពុងធ្វើឡើង ។ គួរឲ្យដឹងថា កាលពីឆ្នាំ ២០២៤ បំណាក់ដីលើភ្នំនៅស្រុក Wayanad បណ្តាលឲ្យមនុស្សជាង ២៥០នាក់ បាត់បង់អាយុជីវិត ៕

ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ

2026/07/08 03:13:07 am        91
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា បានបង្ហាញក្តីសង្ឃឹមរបស់ពួកគេ ការប្រកាសរបស់ក្រុមហាម៉ាសថា ពួកគេនដឹងរំសាយស្ថាប័នរបស់ខ្លួន នៅតំបន់ហ្កាហ្សា នឹងជំរុញផែនការកសាងដែនដីជាប់មាត់ឆ្នេរមួយនេះឡើងវិញ ។លោក Moaz Al-Tahrawy គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងហ្កាហ្សា និយាយថា ពួកយើងកំពុងរង់ចាំមើលថាតើអ្វីទៅដែលពួកគេចង់ធ្វើនៅក្នុងតំបន់មួយនេះ ពួកយើងកំពុងរង់ចាំឲ្យការកសាងឡើងវិញកើតឡើងនៅក្នុងតំបន់មួយនេះ ពួកយើងរង់ចាំការទាញយកសាកសពចេញពីក្រោមគំនរបាក់បែក ។លោកបន្តថា ពួកយើងក៏កំពុងរង់ចាំឱកាសការងារសម្រាប់យុវជនរបស់ពួកយើងផងដែរ ដែលរស់នៅដោយគ្មានការងារធ្វើ ដោយសារតែគ្មានឱកាសការងារសម្រាប់យុវជននៅទីនេះ ។គួរឲ្យដឹងថា ក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា អំពីការរំលាយស្ថាប័នដែលបានគ្រប់គ្រងតំបន់ហ្កាហ្សារយៈពេលជិត ២ទសវត្សរ៍មកហើយ ដោយបើកផ្លូវសម្រាប់គណៈកម្មាធិការបច្ចេកទេស ដើម្បីអនុវត្តការគ្រប់គ្រងស៊ីវិល។ ការប្រកាសបែបនេះ បង្ហាញពីការផ្លាស់ប្តូរនយោបាយដ៏សំខាន់ធ្វើឡើងដោយក្រុមហាម៉ាសដែលបានគ្រប់គ្រងតំបន់ហ្កាហ្សាចាប់តាំងពីក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានដណ្តើមការគ្រប់គ្រងពីក្រុម Fatahចលនាប៉ាឡេស្ទីន កាលពីឆ្នាំ២០០៧ ៕

ស៊ីរី និងបារាំង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទូលំទូលាយ អំឡុងទស្សនកិច្ចរបស់លោក Macron

2026/07/08 03:12:45 am        55
ប្រទេស​ស៊ីរី និងបារាំង បានចុះហត្ថលេខាលើកញ្ចប់កិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាយ៉ាងទូលំទូលាយ នៅថ្ងៃអង្គារ (ទី៧ ខែកក្កដា ឈ្នាំ​២០២៦) នេះ​ ដែលគ្របដណ្តប់លើការដឹកជញ្ជូន អាកាសចរណ៍ សុខភាព ពាណិជ្ជកម្ម ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងអំឡុងពេលនៃ​ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក​ Emmanuel Macron នៅ​ទីក្រុងដាម៉ាស។យោងតាមទីភ្នាក់ងារសារព័ត៌មាន Syrian Arab News Agency (SANA) របស់​ស៊ីរី បាន​ឱ្យដឹង​ថា កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានចុះហត្ថលេខានៅវិមានប្រធានាធិបតី ដោយមានវត្តមានរបស់ប្រធានាធិបតីស៊ីរី លោក​ Ahmad al-Sharaa និងលោក Macron។រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani និងរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានចុះហត្ថលេខាលើសេចក្តីប្រកាសក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ​​ ដែលមានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី នៅទូទាំងវិស័យជាច្រើន។ក្នុងចំណោមកិច្ចព្រមព្រៀងទាំងនោះ មានភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការដឹកជញ្ជូនតាមសមុទ្រ ការដឹកជញ្ជូនតាមផ្លូវអាកាស និងភស្តុភារកម្ម រវាងអាជ្ញាធរទូទៅ សម្រាប់កំពង់ផែ និងគយដីគោក និងសមុទ្ររបស់ស៊ីរី ដែលតំណាងដោយប្រធាន លោក Qutaiba Badawi និងក្រុមហ៊ុនដឹកជញ្ជូន និងភស្តុភារកម្មរបស់បារាំង CMA CGM ដែលតំណាងដោយនាយកប្រតិបត្តិ លោក Rodolphe Saade។ជាមួយ​គ្នា​នេះ ស៊ីរី និងបារាំងក៏បានចុះហត្ថលេខាផង​ដែរ លើកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងអ្នកជំនាញបារាំង អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការថែទាំសុខភាព និងពិធីសារ ស្តីពីដំណោះស្រាយប្រព្រឹត្តកម្ម​ទឹក និងថាមពល នៅក្នុងខេត្ត Homs ភាគកណ្តាល។កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលមាន​ដំណើរទស្សនកិច្ចរបស់លោក Macron ទៅកាន់ទីក្រុងដាម៉ាស ដែ​ល​ជា​ការ​ធ្វើ​ដំណើរបែប​នេះ​លើក​ដំបូង​ដោយ​ប្រធានាធិបតីបារាំង ក្នុងរយៈពេល ១៨ឆ្នាំ ខណៈដែលទីក្រុងប៉ារីស និងដាម៉ាស កំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច។ លោក Macron បាន​ទៅ​ដល់​ទីក្រុងដាម៉ាសកាល​ល្ងាចថ្ងៃចន្ទ ដោយក្លាយជាមេដឹកនាំលោកខាងលិចដំបូងគេដែលបានទៅទស្សនកិច្ច​ស៊ីរី ចាប់តាំងពីការដួលរលំនៃរបបលោក Bashar al-Assad ក្នុងខែធ្នូ ឆ្នាំ២០២៤៕

ប្រធានាធិបតី​ម៉ុលដាវី លោកស្រី Sandu ​ តែងតាំងនាយករដ្ឋមន្ត្រីស្តីទី

2026/07/08 03:11:24 am        60
ប្រធានាធិបតីម៉ុល​ដាវី លោកស្រី​ Maia Sandu នៅ​ថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បានតែងតាំងឧបនាយករដ្ឋមន្ត្រី លោក​ Eugeniu Osmochescu ដែលជាអតីតមន្ត្រីហិរញ្ញវត្ថុអន្តរជាតិ ជានាយករដ្ឋមន្ត្រីស្តីទី ដើម្បីជំនួសលោក Alexandru Munteanu ដែលបានលាលែងពីតំណែងដ៏​គួរឱ្យ​ភ្ញាក់ផ្អើល កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក​។ក្រោយ​លាលែង​ពី​តួនាទីនេះ លោក Munteanu បាន​បញ្ជាក់​ថា លោកលែងអាចធ្វើការងាររបស់លោកបាន​ ស្របតាមគោល​ការណ៍​របស់លោកហើយ​។ បើយោងតាមក្រឹត្យរបស់លោកស្រី Sandu បាន​បង្ហាញថា លោក Osmochescu ដែលបច្ចុប្បន្នក៏ជារដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ច និងឌីជីថល​នីយកម្ម នឹងចូលកាន់តំណែងនៅថ្ងៃពុធ​។ មុនពេលចូលរួមជាមួយរដ្ឋាភិបាល លោកបានធ្វើការនៅសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលជាសាខាវិស័យឯកជនរបស់ធនាគារពិភពលោក។លោកស្រី​ Munteanu បានលើក​ឡើង​​នៅលើ​បណ្ដាញ​សង្គម Facebook ថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់លោក (Osmochescu) ដែលបានទទួលយកការទទួលខុសត្រូវនេះ ហើយសូមជូនពរឱ្យលោកទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងបេសកកម្មនេះ»។លោកស្រី​ Sandu បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា លោកស្រីនឹងពិគ្រោះជាមួយក្រុមមានសំឡេង​នៅ​សភា នាសប្តាហ៍នេះ ដើម្បីតែងតាំងអ្នកស្នងតំណែងលោក Munteanu។ គណបក្សសកម្មភាព និងសាមគ្គីភាព (PAS) ដែលគាំទ្រអឺរ៉ុបរបស់លោកស្រី គ្រប់គ្រង​សំឡេងភាគច្រើន នៅក្នុងសភាដែលមាន ១០១អាសនៈ​៕

UN បង្កើនជំនួយ ក្រោយការរញ្ជួយដីនៅវេណេស៊ុយអេឡា សម្លាប់មនុស្សជាង ៣.៥០០នាក់

2026/07/08 03:10:56 am        50
អង្គការសហប្រជាជាតិ(UN)និយាយថា ពួកគេកំពុងបន្តបង្កើនប្រតិបត្តិការជំនួយ ដោយមានការសម្របសម្រួលជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡា នៅទីក្រុង Caracas ។អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយប្រាប់សន្និសីទសារព័ត៌មានថា ក្រុមស្វែងរក និងក្រុមជួយសង្រ្គោះមួយចំនួន នៅបន្តដាក់ពង្រាយនៅតាមតំបន់រងផលប៉ះពាល់ ខណៈក្រុមជំនាញវិស្វកម្ម និងក្រុមវេជ្ជសាស្រ្ត បន្តធ្វើដំណើរទៅដល់ ។លោកបន្តថា ការវាយតម្លៃពីតម្រូវការគ្រប់ជ្រុងជ្រោយ ដែលនឹងបង្កើតមូលដ្ឋានគ្រឹះនៃផែនការឆ្លើយតប ជិតបានបញ្ចប់ បើទោះបីជារូបលោកពុំបាននិយាយពីពេលវេលាត្រូវបញ្ចេញឲ្យដឹងក៏ដោយ ។ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដី ២លើកជាប់ៗគ្នានៅប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងដល់ ៣.៥៣៥ នាក់ ខណៈមនុស្សជិត ១៨.០០០នាក់នៅតែគ្មានផ្ទះសម្បែង រយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីគ្រោះមហន្តរាយនេះ បានវាយប្រហាររដ្ឋធានី និងតំបន់ឆ្នេរសមុទ្រក្បែរនោះ ។ លោក Jorge Rodriguez សមាជិកសភាមួយរូបរបស់វេណេស៊ុយអេឡានិយាយថា ចំនួនផ្លូវការចុងក្រោយបានបង្ហាញថា មនុស្ស ១៦.៧៤០នាក់ បានរងរបួស និង១៧.៨៥៤នាក់ បានបាត់បង់ផ្ទះសម្បែង បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,២រ៉ិចទ័រ និង ៧,៥ រ៉ិចទ័រ បានកើតឡើងកាលពីថ្ងៃទី ២៤ ខែមិថុនា ។ តួលេខថ្មីទាំងនេះបានគូសបញ្ជាក់ពីទំហំនៃគ្រោះមហន្តរាយនៅក្នុង និងជុំវិញរដ្ឋធានី Caracas និង ទីក្រុងតំបន់ឆ្នេរ La Guaira ខណៈការរិះគន់កើនឡើងលើការឆ្លើយតបរបស់រដ្ឋាភិបាលលោកស្រីប្រធានាធិបតីស្តីទី Delcy Rodriguez ៕

មនុស្ស ៨នាក់ស្លាប់ ពេលព្យុះកួចវាយប្រហារទីក្រុង Ezhou របស់ចិន

2026/07/08 03:10:32 am        60
ព្យុះកួចចំនួន ២ បានបោកបក់ឆ្លងកាត់ខេត្តភាគកណ្តាល Hubei របស់ចិននៅថ្ងៃអង្គារនេះ សម្លាប់មនុស្សយ៉ាងហោច ៨នាក់ ពេលដែលខ្យល់បោកបក់ក្នុងល្បឿន ១៤៩គ.ម ក្នុង ១ម៉ោង បានធ្វើឲ្យក្រឡាប់រថយន្ត ប៉ើងដំបូលអគារ និងបន្សល់ទុកការខូចខាតទ្រង់ទ្រាយធំ ។ ទីភ្នាក់ងារព័ត៌មាន Xinhua រាយការណ៍ ព្យុះកួចបានវាយប្រហារទីក្រុង Huangshi, Huanggang, Ezhou និងទីក្រុង Xianning ហើយមនុស្សម្នាក់ កំពុងបាត់ខ្លួន ។អ្នកជំនាញម្នាក់នៅមន្ទីរឧតុនិយមខេត្ត Hubei និយាយប្រាប់កាសែត Hubei Daily ថា ព្យុះកួចកម្រកើតមានឡើងខ្លាំងណាស់នៅក្នុងខេត្តមួយនេះ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្ម រថយន្ត ផលិតកម្ម និងបច្ចេកវិទ្យា ។ លោកបន្តថា ព្យុះកួចចុងក្រោយនៅខេត្ត Hubei បានកើតឡើងកាលពីខែឧសភា ឆ្នាំ ២០២១ ។រូបភាពវីដេអូឃ្លីបរបស់សាក្សី ឃើញព្យុះកួច បោកបក់ឆ្លងកាត់ទីក្រុង Ezhou ។ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នខេត្ត Hubei សរសេរនៅលើបណ្តាញព័ត៌មានសង្គម Weibo ថា ព្យុះផ្គររន្ទះ និងខ្យល់បក់ខ្លាំង បានកើតឡើងនៅតាមទីក្រុងជាច្រើន រួមទាំងទីក្រុង Ezhou កាលពីល្ងាចថ្ងៃចន្ទ ក្នុងនោះខ្យល់បក់បានឈានដល់ ៤១,៤ម៉ែត្រ ក្នុង ១វិនាទី នៅតាមទីក្រុងចំនួន ៥៣ ៕

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់និយាយថា ការគំរាមរបស់សហរដ្ឋអាមេរិក រារាំងការបង្កើតកិច្ចព្រមព្រៀង

2026/07/08 03:10:12 am        55
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi និយាយនៅថ្ងៃអង្គារនេះថា កិច្ចប្រជុំ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងមិនចាប់ផ្តើមនោះទេ បើសិនជាការគំរាមរបស់សហរដ្ឋអាមេរិកនៅតែបន្ត បន្ទាប់ពីការគំរាមរបស់លោកប្រធានាធិបតី Donald Trump ថានឹងបញ្ចប់ការងារ បើសិនជាកិច្ចព្រមព្រៀងពុំត្រូវបានបង្កើតឡើង ។គួរឲ្យដឹងថា លោក Trumpនិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬត្រូវបញ្ចប់ការងារ ដោយបន្តការគំរាមកំហែងសកម្មភាពយោធារបស់លោក ខណៈទីក្រុងតេអេរ៉ង់គ្រោងប្រឆាំងនឹងរូបលោក បន្ទាប់ពីពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ។លោក Abbas និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា កិច្ចចរចាលើកិច្ចព្រមព្រៀងចុងក្រោយ នឹងមិនចាប់ផ្តើមទេ ប្រសិនបើការគំរាមកំហែងនៅតែបន្ត ។សារបង្ហោះរបស់លោក ចង់សំដៅលើកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលបានចុះហត្ថលេខាកាលពីខែមុន ដោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកដែលអំពាវនាវឲ្យភាគីទាំង ២ ត្រូវចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងគ្នាទៅវិញទៅមក ។សូមបញ្ជាក់ថា កិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ចប់កាលពីសប្តាហ៍មុន ដោយគ្មានសញ្ញាណាមួយនៃវឌ្ឍនភាពជាសាធារណៈឆ្ពោះទៅរកសន្តិភាពយូរអង្វែងនោះទេ ទោះបីជាមានបទឈប់បាញ់រយៈពេល៦០ ថ្ងៃក៏ដោយ ដែលមានបំណងបង្កើតកន្លែងសម្រាប់ការទូត បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បង្កឲ្យមានជម្លោះដល់ពេលនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM