ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ

ព័ត៌មានអន្តរជាតិ

លោក Macron ទៅដល់វិធានប្រធានាធិបតីស៊ីរីនៅទីក្រុងដាម៉ាស ភ្លាមៗក្រោយហេតុការណ៍ផ្ទុះ

2026/07/08 03:09:45 am        57
នៅថ្ងៃអង្គារនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរទៅដល់វិមានប្រធានាធិបតីស៊ីរី ស្ថិតក្នុងទីក្រុងដាម៉ាស ដើម្បីជួបសមភាគីស៊ីរីលោក Ahmed al-Sharaa ភ្លាមៗ ក្រោយការផ្ទុះគ្រាប់បែកអង្រួនរដ្ឋធានីមួយនេះ ។សារព័ត៌មានរដ្ឋស៊ីរី រាយការណ៍ថា គ្រាប់បែក ២គ្រាប់ បានផ្ទុះឡើងនៅជិតសណ្ឋាគារនៅក្នុងទីក្រុងដាម៉ាស ជាទីដែលលោក Macronមាននូវជំនួប ប៉ុន្តែការិយាល័យប្រធានាធិបតីបារាំងនិយាយថា លោកពុំបានឮសំឡេងផ្ទុះគ្រាប់នោះទេ ។ហេតុការណ៍ផ្ទុះនេះដែរ គូសបញ្ជាក់ពីការងារប្រឈមសន្តិសុខដ៏ធំមួយនៅក្នុងប្រទេសស៊ីរី ជាទីដែលលោក Macron ក្លាយជាប្រមុខរដ្ឋលើកដំបូងរបស់ប្រទេសសហភាពអឺរ៉ុប បំពេញទស្សនកិច្ចទៅកាន់ទីនោះ ចាប់តាំងពីក្រុមឧទ្ទាមដឹកនាំដោយលោក Sharaa ទម្លាក់អំណាចរបស់លោក Bashar al-Assad កាលពីឆ្នាំ ២០២៤ ។ការផ្ទុះគ្រាប់បែកនេះដែរ បានវាយប្រហារតំបន់ដ៏មមាញឹកមួយ ស្ថិតនៅចន្លោះក្រសួងទេសចរណ៍ស៊ីរី និងសារមន្ទីរជាតិ ជាទីដែលលោក Macron ជួបក្រុមសង្គមស៊ីវិល ។សារព័ត៌មានរដ្ឋស៊ីរីរាយការណ៍ថា មនុស្ស ១៨នាក់ បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះនោះ រួមទាំងមន្រ្តីនគរបាល ៤នាក់ផងដែរ ៕

ការប៉ះទង្គិចគ្នានៅទីក្រុង Ankara ស្របពេលបាតុកម្មប្រឆាំងអង្គការណាតូ ធ្វើឡើងនៅរដ្ឋធានីប្រទេសទួរគីមួយនេះ

2026/07/08 03:09:20 am        41
ក្រុមបាតុករប្រឆាំងអង្គការណាតូ និងក្រុមនគរបាល បានប៉ះទង្គិចគ្នានៅតាមដងផ្លូវនាថ្ងៃអង្គារនេះ ស្របពេលក្រុមមេដឹកនាំ ចាប់ផ្តើមទៅដល់ សម្រាប់ជំនួបកំពូល ។បាតុករត្រូវបានគេមើលឃើញជាប់ខ្នោះ ហើយត្រូវបាននគរបាននាំខ្លួនចេញ ស្របពេលក្រុមមេដឹកនាំអង្គការណាតូ គ្រោងនឹងបញ្ចេញកិច្ចព្រមព្រៀងអាវុធតម្លៃរាប់ពាន់លានដុល្លារ ។រដ្ឋាភិបាលអឺរ៉ុប នឹងប្រកាសកិច្ចព្រមព្រៀងនៅវេទិកាឧស្សាហកម្មការពារជាតិណាតូ មុនពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Trump ធ្វើដំណើរមកជួបប្រធានាធិបតីទួរគីលោក Tayyip Erdogan និងចូលរួមជាមួយមេដឹកនាំសម្ព័ន្ធមិត្តយោធាមួយនេះ នៅជំនួបកំពូល ដែលនឹងចាប់ផ្តើមនៅល្ងាចថ្ងៃអង្គារនេះ ។លោក Trump បានចោទប្រកាន់ជាយូរមកហើយថា រដ្ឋាភិបាលអឺរ៉ុបពឹងផ្អែកជ្រុលលើសហរដ្ឋអាមេរិក ដើម្បីការពារពួកគេ តាមរយៈអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ ដែលបានការពារទ្វីបអឺរ៉ុប ចាប់តាំងពីឆ្នាំដំបូងនៃសង្រ្គាមត្រជាក់រហូតមក ៕

ឌូនេស៊ី និងឥណ្ឌា យល់ព្រមជំរុញពាណិជ្ជកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ

2026/07/08 03:08:42 am        64
ប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី បានយល់ព្រមជំរុញពាណិជ្ជកម្មនិងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិអំឡុងដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក NarendraModi ទៅកាន់ទីក្រុងហ្សាកាតា ។វិមានប្រធាធិបតីឥណ្ឌូនេស៊ីនិយាយក្រោយជំនួបរបស់មេដឹកនាំទាំង ២ ថាប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើប្រព័ន្ធមីស៊ីលតម្រង់គោលដៅ BrahMos ។ឥណ្ឌា និងឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ផងដែរសម្រាប់ការពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់លើរ៉ែសំខាន់ និងដែកថែប ក៏ដូចជាកសិកម្ម ។ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo និយាយថា ឥណ្ឌា និងឥណ្ឌូនេស៊ី នឹងពន្លឿនជំនួបលើកិច្ចព្រមព្រៀងពាណិជ្ជកម្មខណៈដែលលោក Modi និយាយថា ប្រទេសទាំង ២ នឹងធ្វើការលើកកម្ពស់សុវត្ថិភាពសមុទ្រ និងសន្តិសុខនៅមហាសមុទ្រឥណ្ឌា ។គួរឲ្យដឹងថា លោក Prabowo បានជួបលោក Modi នៅទីក្រងញូវដែលី កាលពីឆ្នាំមុនជាទីដែលពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ។ លោក Modi គរោងនឹងចាកចេញពីប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃពុធស្អែកនេះដើម្បីបន្តដំណើរទៅកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ ៕

ក្រុមវិហារកាតូ​លិក​ហ្វីលីពីន បន្តការតវ៉ា ដែល​រំខានដល់ចរាចរណ៍ទីក្រុងម៉ានីល

2026/07/08 03:08:10 am        15
នៅថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ ក្រុមសាសនាដ៏មានឥទ្ធិពលមួយ ​បានបន្តការតវ៉ារបស់ខ្លួន ដែល​ជា​ថ្ងៃទី២ ដើម្បីគាំទ្រសមាជិកព្រឹទ្ធសភាមួយ​រូប​ដែលមានសម្ព័ន្ធភាពជាមួយអនុប្រធានាធិបតី លោកស្រី​ Sara Duterte ដោយបានរំខាន​ជាថ្មី​ដល់​ចរាចរណ៍ នៅលើផ្លូវហាយវេដ៏​សំខាន់របស់ទីក្រុងម៉ានីល​។មនុស្សដែលភាគច្រើនស្លៀកពាក់អាវពណ៌សប្រហែល ៣.០០០នាក់ ដោយ​ធ្លាក់ចុះពីចំនួនជាង ១៤.០០០នាក់ កាលពី​ថ្ងៃទី៦ ខែកក្កដា កំពុងប្រមូលផ្តុំគ្នានៅវិមានអំណាចប្រជាជន (People Power Monumen) តាមបណ្តោយផ្លូវធំរបស់រដ្ឋធានី។ នគរបាល​ប្រឆាំងកុបកម្មរាប់រយនាក់ កំពុងមាន​វត្តមាន​ ដើម្បីធានាឱ្យមាន​សណ្តាប់ធ្នាប់សាធារណៈ​។ រថយន្ត​ក្រុងមួយចំនួននៅតែបិទផ្លូវមួយភ្ជាប់ទៅផ្លូវហាយវេដ៏​សំខាន់ ដែលគន្លងផ្លូវនៅតែមាន​សភាព​ចង្អៀត ដោយ​ធ្វើ​ឱ្យមាន​ការកកស្ទះចរាចរណ៍យ៉ាង​ខ្លាំង​នៅថ្ងៃទី៦ ខែកក្កដា។ការជួបជុំគ្នានេះ ដែលភាគច្រើនគាំទ្រសមាជិកព្រឹទ្ធសភា លោក​ Rodante Marcoleta ដែលអាចប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌពី​បទ​លួច​ នៅសប្តាហ៍នេះ ពាក់​ព័ន្ធ​នឹង​ប្រាក់​បរិច្ចាគការ​ធ្វើ​យុទ្ធនាការ បានកើតឡើងប៉ុន្មានថ្ងៃ មុនពេលមាន​ការ​ចាប់ផ្តើមដំណើរការកាត់ក្តីចោទប្រកាន់ទម្លាក់​តំណែង​លោកស្រី​ Duterte នៅក្នុងព្រឹទ្ធសភា។ រដ្ឋាភិបាលបានរិះគន់ការតវ៉ានេះ ដោយព្រមានថា វាអាចប៉ះពាល់ដល់សេដ្ឋកិច្ច។ការជួបជុំគ្នានេះ បានបន្ថែមបញ្ហា​ទៅលើភាពចលាចលនយោបាយដែលកំពុងបន្ត នៅក្នុងប្រទេសហ្វីលីពីន ដែលបង្កឡើងដោយជម្លោះដ៏តាន​តឹង ​​រវាងលោក​ប្រធានាធិបតី Ferdinand Marcos Jr. និងសម្ព័ន្ធមិត្តដែលបានក្លាយជាសត្រូវរបស់លោក គឺលោកស្រី​ Duterte។ ភាពតានតឹងនេះ​កំពុងបង្កើនហានិភ័យ សម្រាប់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍មួយ​នេះ​ ដែលក៏កំពុងប្រយុទ្ធផង​ដែរ​នឹងអត្រាអតិផរណាដ៏​ខ្ពស់​មួយ នៅក្នុងតំបន់៕

ប្រធានាធិបតីទួរគី លោក​ Erdogan ស្វាគមន៍លោក Trump នៅទីក្រុង Ankara

2026/07/08 02:04:50 am        59
នា​ថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីទួរគី លោក​ Recep Tayyip Erdogan បានស្វាគមន៍សមភាគីអាមេរិករបស់លោក គឺលោក Donald Trump នៅក្នុងរដ្ឋធានី Ankara ខណៈដែលកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ (NATO) រយៈពេល ២ថ្ងៃ បានចាប់ផ្តើម។ លោក Erdogan បានស្វាគមន៍លោក Trump ដោយផ្ទាល់ នៅពេលលោកធ្វើ​ដំណើរ​ទៅដល់អាកាសយានដ្ឋាន Esenboga។ពិធីស្វាគមន៍ជាផ្លូវការ នឹងត្រូវធ្វើឡើង នា​ពេលបន្ទាប់​ នៅឯវិមានប្រធានាធិបតី ហើយ​បន្ទាប់ពីនោះ មេដឹកនាំ​ទាំង២ នឹងធ្វើកិច្ចពិភាក្សា​ទ្វេភាគី និងកិច្ចប្រជុំកម្រិតគណៈប្រតិភូ ជុំវិញ​បញ្ហាតំបន់ និងអន្តរជាតិ។ ពួកលោក​ក៏ត្រូវបានគេរំពឹងថា នឹងធ្វើសន្និសីទសារព័ត៌មានផងដែរ។គួរបញ្ជាក់​ថា ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃ​អង្គការ​ណាតូ ក៏ដូចជាមេដឹកនាំមកពីប្រទេសដៃគូសំខាន់ៗ កំពុងជួបប្រជុំគ្នា នៅទីក្រុង Ankara សម្រាប់កិច្ចប្រជុំកំពូលឆ្នាំ២០២៦ របស់សម្ព័ន្ធភាព​នេះ​​។ កិដ្ច​ប្រជុំ​នេះ​នឹងផ្តោតលើការអនុវត្តការប្តេជ្ញាចិត្ត ចំពោះការ​ចំណាយលើវិស័យការពារជាតិ ដែលបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំកាលពីឆ្នាំមុន នៅទីក្រុងឡាអេ ប្រទេស​ហូឡង់​ ការបន្ត​ការគាំទ្រផ្នែកយោធា សម្រាប់​អ៊ុយក្រែន និងការពង្រីកផលិតកម្មឧស្សាហកម្មការពារជាតិ៕

វិមានក្រឹមឡាំង បញ្ជាក់​ថា រុស្ស៊ី «តាមដានយ៉ាងដិតដល់» ចំពោះ​កិច្ចប្រជុំកំពូលរបស់​ណាតូ

2026/07/08 02:04:26 am        66
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅ​ថ្ងៃអង្គារ (ទី​៧ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ទីក្រុងមូស្គូនឹងតាមដានយ៉ាងដិតដល់ ចំពោះ​ការវិវត្ត​ នៅឯកិច្ចប្រជុំកំពូលរបស់​អង្គាការ​ណាតូ (NATO) នៅទីក្រុង Ankara ប្រទេស​ទួរគី ដោយរំពឹងថា ការពិភាក្សានឹងផ្តោតជា​សំខាន់លើរុស្ស៊ី។ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងមូស្គូ លោក Peskov បានលើកឡើង​ថា៖ «ដោយគ្មានការសង្ស័យទេ ព្រឹត្តិការណ៍នេះកំពុងបង្កើតការ​ចាប់​អារម្មណ៍យ៉ាងខ្លាំង រួមទាំងការ​ចាប់​អាមរម្មណ៍​របស់យើងផ្ទាល់ផងដែរ។ ជាការពិតណាស់ យើងនឹងតាមដានគ្រប់​ព័ត៌មាន និងរបាយ​ការណ៍​ដែលចេញ​មកពីទីក្រុងអង់ Ankara»។មន្ត្រីរូបនេះបានកត់សម្គាល់ថា រុស្ស៊ីបានឮសេចក្តីថ្លែងការណ៍ជាច្រើន មុនកិច្ចប្រជុំកំពូល ទាក់ទងនឹងទីក្រុងមូស្គូ ដោយពណ៌នាអំពីការ​លើកឡើង​ទាំង​នោះ​ថា ជា «ការប្រឈមមុខដាក់គ្នា» ជាជាងមានគោលបំណងសន្ទនា ឬការចូលរួមប្រកបដោយការ​ស្ថាបនា។លោកបាននិយាយ​ថា «នៅក្នុងបរិបទនៃការរៀបចំ សម្រាប់កិច្ចប្រជុំកំពូលនេះ យើងបានឮសេចក្តីថ្លែងការណ៍ជាច្រើន ទាក់ទងនឹងប្រទេសរបស់យើង។ ជារឿង​គួរ​ឱ្យសោកស្ដាយ​ណាស់​ ទាំងនេះមិនមែនជាសេចក្តីថ្លែងការណ៍ អំពីអន្តរកម្ម និងការសន្ទនាប្រកបដោយការ​ស្ថាបនានោះទេ ប៉ុន្តែជាសេចក្តីថ្លែងការណ៍ដែលមានលក្ខណៈប្រឈមមុខដាក់គ្នា»។ជាមួយ​គ្នា​នេះ លោក Peskov ក៏បានសង្កត់ធ្ងន់​ផងដែរថា ការដឹកជញ្ជូនអាវុធបន្ថែមរបស់អង្គការ​ណាតូទៅអ៊ុយក្រែន នឹងមិនអាច​រារាំងរុស្ស៊ីបាន​ឡើយ ក្នុង​ការបន្ត «ប្រតិបត្តិការយោធាពិសេស» រហូតដល់សម្រេចបាន​គោលបំណងរបស់ខ្លួន៕

បំណាក់​ដី នៅភាគពាយ័ព្យចិន បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និង ១២នាក់ទៀតនៅតែ​ជាប់ខ្លួន

2026/07/08 02:04:06 am        71
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍​នៅ​ថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦)​ នេះថា មនុស្សយ៉ាង​តិច​ ៥នាក់ បានបាត់បង់ជីវិត​ និង ១២នាក់ផ្សេងទៀត នៅតែជាប់ខ្លួន​ បន្ទាប់ពីមាន​បំណាក់​ដី នៅភាគពាយ័ព្យនៃ​ប្រទេសចិន​។យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ Xinhua បាន​ឱ្យដឹង​ថា ហេតុការណ៍​បាក់ដីនេះ ដែល​កើត​ឡើង​បន្តិចមុន​ម៉ោង ៧ព្រឹក (ម៉ោង​ក្នុង​ស្រុក) បានកប់មនុស្សចំនួន ៣៣នាក់ នៅ​តំបន់​ Nanhe នៃទីក្រុង Longnan ក្នុងខេត្ត Gansu។មូលហេតុដែល​នាំ​ឱ្យ​មាន​ហេតុការណ៍នេះ មិនទាន់ដឹង​ច្បាស់លាស់នៅឡើយទេ។ រូបថតសន្លឹក​ និងជា​វីដេអូដែលបានបង្ហោះតាមប្រព័ន្ធ​អ៊ីនធឺណិតដោយទូរទស្សន៍រដ្ឋ CCTV បានបង្ហាញឱ្យ​ឃើញ​អេស្កាវ៉ាទ័រ ៣គ្រឿង​ និងអ្នកជួយសង្គ្រោះ នៅលើគំនរដីនៅក្នុងតំបន់បៃតងដែលមានព្រៃឈើច្រើន។ ផ្ទៃមេឃហាក់ដូចជាមានពន្លឺថ្ងៃ និងស្រឡះល្អ​ ពោលគឺមិន​មាន​ភ្លៀង​ធ្លាក់​ឡើយ​។អាជ្ញាធរបាននាំ​អ្នក​ស្រុកចេញពីផ្ទះ​សម្បែង​របស់ពួក​គេ​ ខណៈពេលដែលប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ៕

អ៊ីស្រាអែល និងលីបង់ នឹងធ្វើកិច្ចចរចា នៅអ៊ីតាលី នាពាក់កណ្តាលខែកក្កដា

2026/07/08 02:01:06 am        66
ក្រសួងការបរទេសអ៊ីតាលី នៅ​ថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​ឱ្យ​ដឹង​ថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ គ្រោងនឹងធ្វើកិច្ចចរចាដោយផ្ទាល់ នៅទីក្រុងរ៉ូម ក្នុង​ខែនេះ បន្ទាប់ពីមាន​នូវ​ការពិភាក្សាប៉ុន្មាន​ជុំ នៅទីក្រុងវ៉ាស៊ីនតោន ជាដំណើរការ​ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹង។រដ្ឋមន្ត្រីការបរទេស លោក Antonio Tajani បានឱ្យដឹង​នៅលើបណ្ដាញ​សង្គម X ថា៖ «យើងស្វាគមន៍ដោយក្តីរីករាយ ចំពោះការប្រកាសថា កិច្ចចរចាជុំបន្ទាប់ រវាងអ៊ីស្រាអែល និងលីបង់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅទីក្រុងរ៉ូម»។អ្នកនាំពាក្យក្រសួងបានបញ្ជាក់​ថា កិច្ចចរចានេះ នឹងធ្វើឡើងនៅកម្រិតឯកអគ្គរដ្ឋទូត នៅថ្ងៃទី១៥ និងទី១៦ ខែកក្កដា។ កិច្ចចរចាជុំនេះនឹងជាលើកទី៦ ចាប់តាំងពីនិទាឃរដូវ រវាងប្រទេសជិតខាងទាំង២ ដែលមិនមានទំនាក់ទំនងការទូត និងស្ថិតក្នុងស្ថានភាពមាន​សង្គ្រាមជាមួយ​គ្នា​។ប្រទេសទាំង២ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ កាលពីខែមុន ដែលមានគោលបំណងសម្រេចបនា​​ «សន្តិភាពយូរអង្វែង» ៥ថ្ងៃបន្ទាប់ពីមាន​នូវ​បទឈប់បាញ់ដ៏ផុយស្រួយ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រអ៊ីរ៉ង់ ដែលបានប្រយុទ្ធ​គ្នាចាប់តាំងពីថ្ងៃទី២ ខែមីនារហូត​មក​ដល់​ពេល​នេះ​៕

WHO៖ អឺរ៉ុបអាចប្រឈមនឹង «សប្តាហ៍មាន​អ្នកស្លាប់​បន្ថែម​» ខណៈរលកកំដៅថ្មីកាន់​តែ​ក្ដៅ​ខ្លាំង​ឡើង​ៗ​

2026/07/08 01:58:21 am        42
អង្គការសុខភាពពិភពលោក (WHO) បានព្រមាននៅថ្ងៃ​អង្គារ (ទី៧ ខែកក្កដា ឆ្នាំ​២០២៦) នេះ​ថា តំបន់​អឺរ៉ុបអាចប្រឈមជាមួយ​នឹង​ «ប៉ុន្មាន​សប្តាហ៍ខាង​មុខដែល​មាន​អ្នក​ស្លាប់​បន្ថែម​ទៀត​» ដោយ​រលកកម្ដៅ​ក្ដៅ​ខ្លាំងមួយទៀត កំពុងកកើតឡើង នៅមហាសមុទ្រអាត្លង់ទិក។សីតុណ្ហភាព នៅប្រទេសព័រទុយហ្គាល់ និងភាគខាងត្បូងអេស្ប៉ាញ ត្រូវបានគេរំពឹងថា នឹងឡើងខ្ពស់​ដល់ ៤៣អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នាយកតំបន់របស់ WHO ប្រចាំទ្វីបអឺរ៉ុប លោក Hans Kluge បានជជែក​តាម​ទូរស័ព្ទបន្ទាន់មួយកាលពី​ថ្ងៃទី៦ ខែកក្កដា ជាមួយតំណាងមកពី ៤១ប្រទេស នៅក្នុងតំបន់ គណៈកម្មការអឺរ៉ុប និងក្រុមសង្គមស៊ីវិល ដើម្បីពិភាក្សាអំពី​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​រលកកម្ដៅ​ថ្មីៗនេះ និងការរៀបចំត្រៀម​សម្រាប់​ស្ថាន​ភាព​បន្ទាប់។លោក Kluge បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសដែលមានផែនការសកម្មភាពសុខភាពបណ្ដាល​ពី​កម្ដៅ បានឆ្លើយតបបានលឿនជាង និងការពារប្រជាជនរបស់ពួកគេបាន​ល្អ​ប្រសើរជាង​ ក្នុងអំឡុងពេល​មាន​រលកកម្ដៅ​ខែមិថុនា។ ប៉ុន្តែលោកបានបញ្ជាក់​ថា រដ្ឋសមាជិកអឺរ៉ុបរបស់ WHO តិចជាងពាក់កណ្តាលមាននូវ​ផែនការបែបនេះ។អ្នកជំនាញបានលើក​ឡើង​ថា រលកម្ដៅ​ចាប់ពីថ្ងៃទី២០ ដល់ទី២៨ ខែមិថុនា គឺធ្ងន់ធ្ងរបំផុត តាម​ការ​កត់ត្រានៅអឺរ៉ុប ដែលបណ្តាលឱ្យមានការរំខានដល់ការផលិតថាមពល បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធថែទាំសុខភាពយ៉ាងច្រើន​។ អ្នកវិទ្យាសាស្ត្របានបញ្ជាក់​ថា កម្ដៅ​ក្ដៅ​ខ្លាំងនេះ ស្ទើរតែប្រាកដណាស់​ ត្រូវបានជំរុញដោយបម្រែបម្រួល​អាកាសធាតុ។បារាំង ហូឡង់ និងបែលហ្ស៊ិក បានកត់ត្រាចំនួនអ្នកស្លាប់លើស ៣.៧០០នាក់ ដោយអាជ្ញាធរបានព្រមានថា ចំនួននេះ គឺជាតួលេខបឋម ហើយអាចកើនឡើង។ សីតុណ្ហភាពបានឡើងដល់ ៤០​អង្សាសេ នៅក្នុងតំបន់មួយចំនួននៃទ្វីបអឺរ៉ុប អំឡុងរលកកម្ដៅនេះ​៕

ទិន្នន័យ បង្ហាញថា អ៊ុយក្រែនកំពុងពិបាកស្ទាក់ចាប់មីស៊ីលបាលីស្ទិករបស់រុស្ស៊ី​​

2026/07/08 01:29:41 am        95
សមត្ថភាពរបស់ប្រទេស​អ៊ុយក្រែន ក្នុងការបាញ់ទម្លាក់មីស៊ីលបាលីស្ទិក​របស់រុស្ស៊ី បានចុះខ្សោយ​ខ្លាំងទៅៗ​ អំឡុង​ការវាយប្រហារទ្រង់ទ្រាយធំថ្មីៗនេះ ជាសញ្ញាមួយដែលបង្ហាញថា ទីក្រុងគីវកំពុងខ្វះខាតប្រព័ន្ធស្ទាក់ចាប់ Patriot ដែលផលិតនៅសហរដ្ឋអាមេរិក ដើម្បីការពារការវាយប្រហារ។យោងតាមការសរុប​របស់កងទ័ពអាកាសអ៊ុយក្រែនដែលបានចេញផ្សាយនៅលើកម្មវិធីផ្ញើសារ​ Telegram អ៊ុយក្រែនបានបរាជ័យក្នុងការស្ទាក់ចាប់មីស៊ីលបាលីស្ទិក​ប្រភេទ​ Iskander-M ចំនួន ២៣គ្រាប់ ឬមីស៊ីលល្បឿនលឿន Zircon និង Oniks ៦គ្រាប់ដែលបាញ់ដោយរុស្ស៊ី អំឡុង​ការវាយប្រហារ នាពេល​យប់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា។ពីមុន អ៊ុយក្រែនបាន​ស្ទាក់ចាប់មីស៊ីលបាលីស្ទិក​បាន​ប្រហែល ១ភាគ៣ នៅក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ី ហើយជួនកាលថែមទាំងច្រើនជាងនេះទៀតផង​។ តែ​ប្រសិទ្ធភាព​ចុះ​​ខ្សោយនេះ បានលេចឡើង​ នៅពេលដែលអគ្គលេខាធិការអង្គការអង្គការ​ណាតូ (NATO) លោក Mark Rutte បានព្រមានកាល​ពី​ថ្ងៃ​ចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) ថា សម្ព័ន្ធមិត្តមិនអាច​ផ្គត់ផ្គង់​ប្រព័ន្ធស្ទាក់ចាប់បាន​រហូត​នោះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជំរុញម្តងហើយម្តងទៀតដល់សម្ព័ន្ធមិត្តឱ្យបំពេញបន្ថែមស្តុកគ្រាប់រំសេវនៃ​ប្រព័ន្ធ​ Patriot ដើម្បីជួយការពារទីក្រុងគីវ និងទីក្រុងដទៃទៀតពីការវាយប្រហារ។ការវាយប្រហារធម្មតាស្រោច​ពី​លើ​អាកាសរបស់រុស្ស៊ី រួមបញ្ចូលគ្នានូវយានដ្រូន​វាយប្រហាររាប់រយគ្រឿងជាមួយនឹងមីស៊ីលតម្រង់​គោលដៅ និងមីស៊ីលបាលីស្ទិក​រាប់សិបគ្រាប់។ បើ​ទោះ​បីជា​អ៊ុយក្រែនមានប្រសិទ្ធភាពខ្ពស់ ក្នុងការស្ទាក់ចាប់យានដ្រូន​ប្រភេទ Shahed និងមីស៊ីលល្បឿន​យឺតក៏​ដោយ​ ក៏​មីស៊ីលបាលីស្ទិក​នៅតែជាបញ្ហាប្រឈមដ៏ធំមួយ ដោយសារតែល្បឿនលឿន និងគន្លងរបស់វា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM