កងកម្លាំងប្រដាប់អាវុធយេម៉ែន ព្រមានក្រុមហ៊ូទីឲ្យបញ្ឈប់ការបន្តគំរាមកំហែងដល់សន្តិសុខសមុទ្រក្រហម
សង្គ្រាមលើអ៊ីរ៉ង់ ត្រូវបានកំណត់ជារបៀបវារៈកំពូលក្នុងជំនួបរវាង លោកTrump និងលោក Netanyahu
ក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកផ្នែកការទូតវិញ ខណៈអាមេរិក-អ៊ីរ៉ង់បានផ្អាកប្រយុទ្ធគ្នារយៈពេលបីថ្ងៃ
UN៖ សកម្មភាពរបស់អ៊ីស្រាអែលនៅលីបង់អាចចាត់ទុកថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម»

ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ

2026/07/07 03:13:53 am        89
​វិមានក្រឹមឡាំងបាន​ឱ្យ​ដឹង​ថា សមយុទ្ធកងទ័ពជើងទឹករួមគ្នា រវាងរុស្ស៊ី និងចិន ដែលបានចាប់ផ្តើមនៅថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ នៅក្នុងដែនទឹក និងដែនអាកាស នៅម្ដុំ​ទីក្រុង Qingdao របស់​ប្រទេសចិន មិនមែនសំដៅលើប្រទេសណាផ្សេងឡើយ​ ហើយនឹងជំរុញសន្តិសុខក្នុងតំបន់។សមយុទ្ធប្រចាំឆ្នាំនេះ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកក្កដា ហើយរុស្ស៊ីបានបញ្ជូននាវាចម្បាំងកម្រិត​ធំ​ ១គ្រឿង នាវាចម្បាំង​កម្រិត​តូច នាវាមុជទឹកប្រើប្រេងម៉ាស៊ូត-អគ្គិសនី និងនាវាជួយសង្គ្រោះ ពីកងនាវាប៉ាស៊ីហ្វិករបស់ខ្លួន ដើម្បីចូលរួមការ​ហាត់សម​នេះ​។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA។ឧត្តមនាវីទោ លោក Sergei Sinko របស់រុស្ស៊ី បានថ្លែងនៅក្នុងពិធីបើកសមយុទ្ធនៅ​ថ្ងៃចន្ទនេះ​ថា សមយុទ្ធទាំងនេះ នឹងនាំ​ឱ្យ​កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ឆ្ពោះ​ទៅកាន់កម្រិតថ្មីមួយ ខណៈពេលដែលសង្កត់ធ្ងន់ថា សមយុទ្ធទាំងនេះមានលក្ខណៈការពារ។ នៅពេលត្រូវបាន​សួរថា តើសមយុទ្ធទាំងនេះអាចបង្កឱ្យមានប្រតិកម្មអវិជ្ជមានពីរដ្ឋាភិបាល នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ ឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «ចំពោះសមយុទ្ធរួមគ្នារបស់យើង ការ​ហ្វឹក​ហ្វឺន​នេះ​មិនមែនសំដៅលើនរណាម្នាក់ ឬប្រឆាំងនឹងរដ្ឋណាមួយ នៅក្នុងតំបន់នោះទេ។ មនុស្សគ្រប់គ្នាគួរតែចងចាំរឿងនេះ»។លោក​ Peskov បានសង្កត់ធ្ងន់ថា៖ «ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ី និងចិន នៅក្នុងវិស័យដ៏សំខាន់ និងសំខាន់បែបនេះ គឺជាកត្តាដ៏សំខាន់មួយដែលរួមចំណែកដល់ភាព​អាច​ព្យាករទុក​បាន​ និងសន្តិសុខនៅក្នុងតំបន់»៕

ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន

2026/07/07 03:06:20 am        87
សារព័ត៌មាន​ South China Morning Post បាន​រាយការណ៍​នៅថ្ងៃចន្ទ (ទី​៦ ខែកក្កដា​ ឆ្នាំ២០២៦) នេះថា ប្រជាជនរាប់រយនាក់ត្រូវបានជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន បន្ទាប់ពីទឹកជំនន់បានបណ្ដាល​ឱ្យ​ទំនប់ទឹក​មួយបាក់​ និងគំរាមកំហែងដល់ទំនប់​ផ្សេង​ទៀត​ ក្នុង​អំឡុង​ពេលមានភ្លៀងធ្លាក់ខ្លាំង នៅ​តំបន់នេះ។ការបាក់ទំនប់នេះបានកើតឡើងនៅព្រឹកថ្ងៃចន្ទនេះ​ នៅអាងស្តុកទឹក Liulan Reservoir ដែលជាកន្លែងអភិរក្សទឹកទំហំមធ្យមមួយ នៅក្នុងទីក្រុង Nanning ជាទីក្រុងមួយនៅក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូង ដែលជំរុញឱ្យមានការបង្កើន​ការឆ្លើយតបគ្រាអាសន្ន​ជាបន្ទាន់។ទីក្រុងនេះបានបង្កើនការឆ្លើយតបបន្ទាន់នៃការគ្រប់គ្រងទឹកជំនន់ពីកម្រិត III (៣) ដល់កម្រិត I (១) ដោយសារតែស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរ។ នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ នាយកដ្ឋានជួយសង្គ្រោះអគ្គិភ័យ និងធនធានទឹក ក្នុង​តំបន់ ត្រូវបានចល័ត សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ និងសង្គ្រោះ ខណៈពេលដែលការជម្លៀសប្រជាជនដែលរងផលប៉ះពាល់ កំពុងដំណើរការ។គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង Nanning ​បានឱ្យដឹង​ថា តំបន់ភាគច្រើននៃទីក្រុងនេះ​ត្រូវបានរងគ្រោះ​ដោយ​ភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្ដាហ៍​កន្លង​មក​ ដោយតំបន់មួយចំនួនកំពុងជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងខុសពី​ធម្មតា​។ ប្រទេសចិនមានប្រព័ន្ធឆ្លើយតបគ្រាអាសន្ន ៤កម្រិត ដោយកម្រិត I ជាកម្រិតធ្ងន់ធ្ងរបំផុត៕

ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស

2026/07/07 03:05:59 am        43
ក្រសួងការពារជាតិអង់គ្លេស បានប្រកាសនៅថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា យន្តហោះចម្បាំងអង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី ១គ្រឿង ដែល «បានចូលទៅកៀក​ម្តងហើយម្តងទៀត» នឹង​នាវាចម្បាំង HMS Prince of Wales នៅសមុទ្រន័រវ៉ែស (Norwegian Sea)។ នេះបើយោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ ​​Sky News។ក្រសួងបានឱ្យដឹង​ថា៖ «យើងអាចបញ្ជាក់បានថា ខណៈពេលកំពុងប្រតិបត្តិការនៅសមុទ្រន័រវ៉ែស ក្នុងប្រតិបត្តិការ Operation Firecrest ក្រុមវាយប្រហារនៃ​នាវាផ្ទុកយន្តហោះរបស់ចក្រភពអង់គ្លេស ត្រូវបានយន្តហោះល្បាតសមុទ្រ Bear-F របស់រុស្ស៊ី ចូលទៅកៀក​ម្តងហើយម្តងទៀត។ យន្តហោះនេះត្រូវបានស្ទាក់ និងអមដំណើរដោយយន្តហោះចម្បាំង F-35 របស់ចក្រភពអង់គ្លេស ពីនាវាចម្បាំង HMS Prince of Wales ពេញមួយ​ការប្រឈម​មុខ​គ្នា​នេះ​​»។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២ ខែកក្កដា នៅពេលដែលការប៉ុនប៉ងរបស់កងកម្លាំងអង់គ្លេស ដើម្បីទាក់ទងយន្តហោះនោះ ត្រូវបានគេរាយការណ៍ថា មិនបានទទួលការឆ្លើយតបទេ។ក្រសួងបានបញ្ជាក់​ថា «សកម្មភាពនេះមិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ ដោយយន្តហោះចម្បាំង Bear-F បានហោះកាត់នៅរយៈកម្ពស់ទាប និងទៅកៀក​នឹង​នា​វាចម្បាំង HMS Prince of Wales ដោយមិនចាំបាច់ និងបានទម្លាក់ឧបករណ៍អណ្ដែតទឹក​មួយចំនួន នៅក្បែនាវាផ្ទុកយន្តហោះ»៕

យន្តហោះទម្លាក់ទឹក ខណៈភ្លើងឆេះព្រៃនៅបារាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន

2026/07/07 03:05:34 am        46
យន្តហោះជាច្រើនគ្រឿង បានទម្លាក់ទឹកលើភ្លើងឆេះព្រៃដែលកំពុងឆាបឆេះតំបន់ភាគនិរតីប្រទេសបារាំងនាថ្ងៃចន្ទនេះ និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនចេញពីទីក្រុងជាច្រើន ។លោក Pierre Regnault de la Mothe គឺជាអភិបាលស្រុកមួយរូបនិយាយក្នុងសារបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xថា ភ្លើងឆេះព្រៃ បានឆាបឆេះតំបន់ព្រៃនៅតាមជើងភ្នំ Pyrenees លើផ្ទៃដីទំហំ ៤.៦០០ហិចតា ស្ថិតនៅជិតព្រំដែនប្រទេសអេស្ប៉ាញ ។ភ្លើងឆេះព្រៃដែលបានចាប់ផ្តើមនៅជិតភូមិ Trevillach បណ្តាលឲ្យមនុស្ស ៥នាក់រងរបួស រួមទាំងភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់ផងដែរ ។ភ្លើងឆេះព្រៃនេះដែរ កំពុងឆាបឆេះតំបន់ក្បែរៗនឹងដំណាក់កាលទី ៣នៃការប្រណាំងកង់ Tour de France ហើយក្រុមអាជ្ញាធរក្នុងស្រុក បានបិទផ្លូវមិនអនុញ្ញាតឲ្យសាធារណជនចូលនោះឡើយ ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ក្នុងការពន្លត់ភ្លើងឆេះព្រៃទាំងនេះ ៕

លោករដ្ឋមន្រ្តីការពារជាតិ Wladyslaw ៖ ការឆ្លាស់វេនទាហានអាមេរិកនៅប៉ូឡូញ នឹងចាប់ផ្តើមឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត

2026/07/07 03:05:11 am        41
រដ្ឋមន្រ្តីការពារជាតិប៉ូឡូញលោក Wladyslaw Kosiniak-Kamysz និយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេនឹងចាប់ផ្តើមឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ នូវការឆ្លាស់វេនទាហានសហរដ្ឋអាមេរិកទៅកាន់ប្រទេសប៉ូឡូញ ក្រោយផ្អាកដំណើរការបណ្តោះអាសន្ន ។បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងពិនិត្យមើលឡើងវិញចំនួនទាហានរបស់ខ្លួនដែលត្រូវឈរជើងនៅអឺរ៉ុប ដោយពួកគេនិយាយថា បណ្តាប្រទេសអឺរ៉ុបគួរតែមានទំនួលខុសត្រូវច្រើនជាងនេះ និងចំណាយច្រើនជាងនេះ លើវិស័យការពារជាតិរបស់ខ្លួន ។ទីក្រុងវ៉ាស៊ីនតោន បានប្រកាសកាលពីខែឧសភាថា ពួកគបានផ្អាកការឆ្លាស់វេនទាហានសហរដ្ឋអាមេរិកទៅកាន់ប្រទេសប៉ូឡូញដែលជារដ្ឋសមាជិកអង្គការណាតូ ។ទោះបីជាយ៉ាងណាក៏ដោយ រយៈពេលប៉ុន្មានថ្ងៃក្រោយមក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនទាហាន ៥ពាន់នាក់បន្ថែមទៀតទៅកាន់ប្រទេសមួយនេះ ដែលមានព្រំដែនរួមគ្នាជាមួយអ៊ុយក្រែន និងបេឡារុសដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់រុស្ស៊ី ។អំឡុងពិធីមួយរៀបចំឡើងនៅរោងចក្រផលិតមីស៊ីល លោក Kosiniak-Kamysz និយាយថា ប៉ូឡូញគឺជាសម្ព័ន្ធមិត្តស្មោះស្ម័គ្ររបស់សហរដ្ឋអាមេរិក ដូច្នេះហើយលោកពេញចិត្តខ្លាំងណាស់នៅពេលឮថា ការឆ្លាស់វេនទាហានអាមេរិក ដែលត្រូវបានផ្អាកកាលពីរយៈពេលប៉ុន្មានសប្តាហ៍មុន បច្ចុប្បន្ននឹងចាប់ផ្តើមឡើងវិញ ហើយនិងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ ។ នៅមុននេះ រដ្ឋាភិបាលប៉ូឡូញ បានបង្ហើបឲ្យដឹងថា ពួកគេកំពុងធ្វើការ ដើម្បីធ្វើឲ្យទាហានអាមេរិកវិលត្រឡប់មកវិញ ប៉ុន្តែពេលកំណត់ ពុំច្បាស់លាស់នោះទេ ៕

ទឹកជំនន់ដ៏គំហក់ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបិទផ្លូវហាយវ៉េនៅភាគខាងជើងឥណ្ឌា

2026/07/07 03:04:45 am        68
ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហាររដ្ឋភាគខាងជើង Uttarakhand និងដែនដីសហព័ន្ធចាមមូ និងកាស្មៀ ប្រទេសឥណ្ឌា បង្កឲ្យកើតមានបំណាក់ដី និងទឹកជំនន់ដ៏គំហក់នៅថ្ងៃចន្ទនេះ ជាហេតុធ្វើឲ្យបិទផ្លូវហាយវ៉េជាច្រើនខ្សែ ។នៅទីក្រុងតំបន់ភ្នំភាគខាងជើង Doda រថយន្តខូចខាត ត្រូវបានមើលឃើញកប់នៅក្រោមបំណាក់ដី និងបំណាក់ថ្ម ស្របពេលក្រុមការងារព្យាយាមស្តាផ្លូវហាយវ៉េឡើងវិញ ។នៅទីក្រុង Chamoli ភ្ញៀវទេសចរមួយរូបមកពីរដ្ឋ Maharashtra និយាយថា អ្នកដំណើរបានរង់ចាំអស់រយៈពេលជាង ១ម៉ោង ស្របពេលដែលក្រុមអាជ្ញាធរ ព្យាយាមបោសសម្អាតផ្លូវដែលមានបំណាក់ដី មុនពេលអនុញ្ញាតឲ្យរថយន្តបន្តដំណើរទៅមុខ ។ភ្លៀងធ្លាក់ខ្លាំង បានកើតមានឡើង បើទោះបីជាឥណ្ឌា ជួបខែមិថុនាស្ងួតបំផុតទី ៥របស់ខ្លួន ចាប់តំាងពីកំណត់ត្រាចាប់ផ្តើមកាលពីឆ្នាំ ១៩០១ក៏ដោយ ធ្វើឲ្យមានក្តីបារម្ភចំពោះទិន្នផលកសិកម្ម និងកំណើនសេដ្ឋកិច្ចឥណ្ឌា ៕

រុស្ស៊ីកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតស៊ុយអែត ជុំវិញការវាយប្រហារដោយយានដ្រូន លើស្ថានទូតនៅទីក្រុង Stockholm

2026/07/07 02:23:33 am        68
ក្រសួងការបរទេសរុស្ស៊ី បានកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំទីក្រុងមូស្គូ នៅ​ថ្ងៃចន្ទ (ទី​៦ ខែកក្កដា ឆ្នាំ​២០២៦) នេះ ជុំវិញ «ឧប្បត្តិហេតុយានដ្រូន​ម្តងហើយម្តងទៀតដែលកំណត់គោលដៅលើ​ស្ថានទូតរុស្ស៊ី នៅទីក្រុង Stockholm»។ នេះ​បើ​តាម​ការ​ឱ្យដឹង​ពី​អ្នកនាំពាក្យក្រសួង​ លោកស្រី Maria Zakharova។លោកស្រី Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «ឯកអគ្គរដ្ឋទូតស៊ុយអែតត្រូវបានកោះអញ្ជើញ​ទៅកាន់ក្រសួងការបរទេសនៅថ្ងៃនេះ»។លោកស្រីបានបញ្ជាក់​ថា ឯកអគ្គរដ្ឋទូតនឹងត្រូវបានរំលឹកអំពីកាតព្វកិច្ចរបស់ស៊ុយអែត ក្រោមអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូត ក៏ដូចជាការធានាដែលទីក្រុង Stockholm ធ្លាប់ផ្តល់ឱ្យ ទាក់ទងនឹងសន្តិសុខនៃបេសកកម្មការទូតរបស់រុស្ស៊ី។ លោកស្រី Zakharova បានបន្ថែម​ថា៖ «យើងនឹងត្រូវធ្វើបែបនេះម្តងទៀត»។យោងតាមលោកស្រី Zakharova បាន​ឱ្យដឹង​បន្ថែមទៀត​ថា ស្ថានទូតរុស្ស៊ីនៅទីក្រុង Stockholm និងបុគ្គលិកការទូតរបស់ខ្លួន មិនត្រឹមតែកំពុងប្រឈមនឹង​ការគំរាមកំហែងខាងទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ខាង​ «ការវាយប្រហារដោយយាន​ដ្រូនជាក់ស្ដែង​ផង​ដែរ​» ដែលតម្រង់ទៅលើបរិវេណស្ថានទូត។ លោកស្រីបាននិយាយថា ឧប្បត្តិហេតុបែបនេះបានកើតឡើងយ៉ាង​ញឹក​ញាប់​។កាលពីសប្តាហ៍មុន ក្រសួងការបរទេសរុស្ស៊ីបានឱ្យ​ដឹង​ថា យានដ្រូន ២គ្រឿង បានហោះ​ចូលទៅក្នុងបរិវេណស្ថានទូត នៅទីក្រុង Stockholm ដោយ ១គ្រឿង ​បានទម្លាក់ធុងថ្នាំលាបពណ៌ក្រហមទៅ​លើដី និង ១គ្រឿង​ទៀតបំពាក់​ឧបករណ៍ផ្ទុះក្លែងក្លាបាន​ធ្លាក់នៅជិតអគារបេសកកម្ម៕

អាល្លឺម៉ង់៖ អ៊ីរ៉ង់គួរតែបង់​ថ្លៃ សម្រាប់ការបោសសម្អាតគ្រាប់​មីន នៅច្រកសមុទ្រ Hormuz

2026/07/07 02:22:10 am        48
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយនៅថ្ងៃចន្ទ (ទី​៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា អ៊ីរ៉ង់ត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះការចំណាយលើប្រតិបត្តិការអន្តរជាតិណាមួយ ដើម្បីបោសសម្អាតគ្រាប់​​មីន នៅ​ច្រកសមុទ្រ Hormuz។លោក Johann Wadephul បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន​ Handelsblatt បន្ទាប់ពីត្រូវបានសួរថា តើបណ្ដាប្រទេសអឺរ៉ុបអាចផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់អ៊ីរ៉ង់ ដើម្បីធានា​បាន​ការយល់ព្រមពីទីក្រុងតេអេរ៉ង់ សម្រាប់បេសកកម្មបោសសម្អាតមីនដែរ ឬទេ។លោក Wadephul បាននិយាយថា៖ «យើងមិនចាំបាច់ផ្តល់ជូនទីក្រុងតេអេរ៉ង់នូវ​អ្វីទាំងអស់។ ផ្ទុយទៅវិញ អ៊ីរ៉ង់បានដាក់​មីន​ដោយ​ខុសច្បាប់ នៅ​លើ​ផ្លូវដឹកជញ្ជូនអន្តរជាតិ»។លោកបានបន្ថែមថា៖ «ប្រសិនបើយើងបោសសម្អាតវារួមគ្នាជាមួយដៃគូអឺរ៉ុបផ្សេងទៀត យើងមិនមានបំណងគិតថ្លៃ សម្រាប់ការធ្វើដូច្នេះនៅដំណាក់កាលនេះទេ»។ តែ​ទោះជាយ៉ាងណាក្ដី ជាគោលការណ៍ វានឹងជា​រឿង​ត្រឹមត្រូវ ហើយអ៊ីរ៉ង់គួរតែចេញថ្លៃចំណាយ ព្រោះយើងនឹងដោះស្រាយការខូចខាតដែលបង្កឡើងដោយរបបនេះ»។ជាមួយ​គ្នានេះ លោក Wadephul បានបញ្ជាក់​ថា អាល្លឺម៉ង់នៅតែបើកចំហចំពោះការចូលរួមចំណែក ក្នុងបេសកកម្មអន្តរជាតិ ដើម្បីស្តារការ​ធ្វើ​នាវាចរណ៍​ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រនេះ​ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការដាក់ពង្រាយកងកម្លាំងអាល្លឺម៉ង់ណាមួយ នឹងតម្រូវឱ្យមានក្របខ័ណ្ឌច្បាប់ និងនយោបាយច្បាស់លាស់។អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀត ចំពោះការចូលរួមពីបរទេសណាមួយ ក្នុងការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ដោយទទូចថា ការទទួលខុសត្រូវចំពោះផ្លូវទឹកនេះ គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋជាប់ព្រំដែនច្រក​សមុទ្រ​នេះ​ និងព្រមានមហាអំណាចក្រៅតំបន់កុំ​ឱ្យ​ដាក់ពង្រាយកម្លាំងយោធានៅទីនោះ៕

ចិនជំរុញឲ្យគោរពអធិបតេយ្យភាពជាតិរបស់បណ្តាប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិក ក្រោយសន្ធិសញ្ញាអូស្រ្តាលី-ហ្វីជី

2026/07/07 02:21:47 am        69
នៅថ្ងៃចន្ទនេះ ចិននិយាយថា កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយបណ្តាប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិកផ្អែកលើការគោរពគ្នាទៅវិញទៅមក ហើយនិងអត្ថប្រយោជន៍គ្នាទៅវិញទៅមក ក្រោយអូស្រ្តាលី និងប្រទេសកោះហ្វីជី ចុះហត្ថលេខាលើសម្ព័ន្ធភាពការពារជាតិគ្នាទៅវិញទៅមក ក៏ដូចជាសន្ធិសញ្ញា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ ។ប្រទេសអូស្ត្រាលី និងប្រទេសហ្វីជី បានចុះហត្ថលេខាលើសម្ព័ន្ធភាពការពារជាតិដ៏សំខាន់មួយ ដោយប្តេជ្ញាថាប្រទេសនីមួយៗនឹងមកជួយគ្នាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយត្រូវបានវាយប្រហារ ។សម្ព័ន្ធភាពមហាសមុទ្រសន្តិភាពនេះ គឺជាសម្ព័ន្ធភាពដំបូងគេរបស់ប្រទេសហ្វីជី ខណៈប្រទេសនៅតំបន់ប៉ាស៊ីហ្វិកមួយនេះ នឹងក្លាយជាសម្ព័ន្ធមិត្តផ្លូវការទី ៤របស់ប្រទេសអូស្ត្រាលី បន្ទាប់ពីសហរដ្ឋអាមេរិក នូវែលសេឡង់ និងប្រទេសប៉ាពួញូហ្គីណេ។ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Mao Ning បានជំរុញឲ្យប្រទេសពាក់ព័ន្ធត្រូវគោរពអធិបតេយ្យភាពជាតិនៅតំបន់ប៉ាស៊ីហ្វិក និងផ្តោតសំខាន់លើការអភិវឌ្ឍ ជាជាងមានគោលដៅលើភាគីទី ៣ ។កិច្ចព្រមព្រៀងការពារជាតិខាងលើ បានកើតមានឡើង ស្របពេលដែលចិនបង្កើនឥទ្ធិលពលសេដ្ឋកិច្ចរបស់ខ្លួន និងពង្រឹងទំនាក់ទំនងសន្តិសុខនៅតំបន់ប៉ាស៊ីហ្វិក ។អូស្រ្តាលីនិយាយថា ខ្លួនកំពុងស្ថិតក្នុងការប្រកួតប្រជែងអចិន្រ្តៃយ៍ជាមួយចិន នៅក្នុងតំបន់ ហើយពួកគេបានព្យាយាម ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន តាមរយៈកិច្ចព្រមព្រៀងសន្តិសុខ និងការពារជាតិជាមួយបណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិក ៕

ព្យុះទីហ្វុង Bavi បោកបក់ដីគោកនៅកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក

2026/07/07 02:10:41 am        83
មហាព្យុះ Bavi បានបោកបក់ដល់ដីគោកនៅកោះរបស់សហរដ្ឋអាមេរិកនៅតំបន់ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិកស្ថិតនៅជិតកោះ Guam ក្នុងនោះក្រុមអាជ្ញាធរ ទទួលបានសេចក្តីរាយការណ៍ពីការខូចខាតទ្រង់ទ្រាយធំ ស្របពេលដែលខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង វាយប្រហារកោះ Northern Mariana ។យោងតាមការអះអាងរបស់សេវាកម្មអាកាសធាតុជាតិសហរដ្ឋអាមេរិក(NWS)បានឲ្យដឹងថា ចំណុចកណ្តាលរបស់ព្យុះ Bavi បានឆ្លងកាត់កោះ Rota នៅព្រឹកថ្ងៃចន្ទនេះ(ពេលវេលាក្នុងស្រុក) ជាមួយនឹងកម្លាំងខ្យល់បក់ក្នុងល្បឿន ២៤១គ.ម ក្នុងមួយ ដែលស្មើនឹងកម្រិតព្យុះប្រភេទទី ៥ ។សេវាកម្ម NWS បន្តថា ព្យុះមួយនេះ កំពុងធ្វើដំណើរក្នុងល្បឿន ១៤គ.ម ក្នុង ១ម៉ោង ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន ។មុនការមកដល់របស់ព្យុះ ក្រុមអាជ្ញាធរនៅកោះ Guam បានជំរុញឲ្យប្រជាពលរដ្ឋស្វែងរកទីជម្រកនៅនឹងកន្លែង ស្របពេលមានការគំរាមកំហែងពីខ្យល់បក់ដ៏គ្រោះថ្នាក់ ទឹកជំនន់ដ៏គំហក់ និងភ្លៀងធ្លាក់ខ្លាំង ។ព្យុះ Bavi បានធ្វើឲ្យប៉ះពាល់តំបន់ជាច្រើននៅកោះ Northern Mariana និងកោះ Guam គឺជាដែនដីរបស់សហរដ្ឋអាមេរិក ។ ដែនដីទាំង ២នេះ នៅមិនទាន់ងើបរួចនោះទេ ពីមហាព្យុះទីហ្វុង Sinlaku ដែលបានវាយប្រហារកាលពីពាក់កណ្តាលខែមេសាកន្លងទៅ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ
07/28/2026 12:07 PM
ក្រសួងមុខងារសាធារណៈ៖ មន្រ្ដីអវត្តមានធ្វើជំរឿនដោយគ្មានហេតុផលប្រឈមការកាត់ឈ្មោះពីក្របខណ្ឌ
07/28/2026 12:07 PM
ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»
07/28/2026 11:07 AM
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យពន្លឿនការរៀបចំផ្ដល់សេវាជូនអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡ
07/28/2026 11:07 AM
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ កម្ពុជាមិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬ​បញ្ជា​ទិញ​វត្ថុ​ធាតុ​ដើម​ពីប្រ​ទេសដែលអនុវត្តបែបនេះឡើយ
07/28/2026 11:07 AM
កងកម្លាំងប្រដាប់អាវុធយេម៉ែន ព្រមានក្រុមហ៊ូទីឲ្យបញ្ឈប់ការបន្តគំរាមកំហែងដល់សន្តិសុខសមុទ្រក្រហម
07/28/2026 11:07 AM
សង្គ្រាមលើអ៊ីរ៉ង់ ត្រូវបានកំណត់ជារបៀបវារៈកំពូលក្នុងជំនួបរវាង លោកTrump និងលោក Netanyahu
07/28/2026 11:07 AM
ក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកផ្នែកការទូតវិញ ខណៈអាមេរិក-អ៊ីរ៉ង់បានផ្អាកប្រយុទ្ធគ្នារយៈពេលបីថ្ងៃ
07/28/2026 11:07 AM
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយបន្តហក់ឡើង សាំង ៤ ៥៥០ រៀល/លីត្រ និងម៉ាស៊ូត ៥ ២៥០ រៀល/លីត្រ
07/28/2026 11:07 AM
ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
07/28/2026 11:07 AM