មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ក្នុងការវាយប្រហារលើភូមិមួយក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា
អតីតមន្ត្រីយោធាអ៊ីស្រាអែលរាប់រយនាក់ជំរុញឱ្យលោក Trump ជួយបញ្ចប់អំពើហិង្សារបស់អ្នកតាំងលំនៅឋាន
មន្ត្រីអាមេរិក៖ កិច្ចចរចាជុំបន្ទាប់រវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែសីហា
អារ៉ាប៊ីសាអ៊ូឌីត ការពារប្រឆាំងការវាយប្រហារដោយយានដ្រូនពីក្រុមគាំទ្រដោយអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីរុស្ស៊ី៖ រុស្ស៊ី និងបេឡារុស បង្កើតប្រព័ន្ធដឹកជញ្ជូនរួមសម្រាប់រដ្ឋសហភាព

2026/07/07 01:49:53 am        64
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយសមភាគីបេឡារុស លោក Alexander Turchin នៅខាងក្រៅព្រឹត្តិការណ៍តាំងពិព័រណ៍ឧស្សាហកម្មអន្តរជាតិ Innopromថា រុស្ស៊ី និងបេឡារុស កំពុងបង្កើតប្រព័ន្ធដឹកជញ្ជូនរួមសម្រាប់រដ្ឋសហភាពនេះ។ លោកបាននិយាយថា៖«យើងក៏កំពុងបង្កើតប្រព័ន្ធដឹកជញ្ជូនរួមសម្រាប់រដ្ឋសហភាពផងដែរ។ សេវាកម្មរថភ្លើងដឹកអ្នកដំណើររវាងតំបន់ជិតខាង បានចាប់ផ្តើម នៅថ្ងៃទី ០២ ខែមេសា ដែលប្រធានាធិបតីរបស់យើងបានព្រមព្រៀងគ្នាលើរឿងនេះ»។លោក Mishustin បានបន្ថែមថា សេវានេះគឺសំដៅទៅលើផ្លូវជាយក្រុងគឺពីទីក្រុង Smolenskទៅទីក្រុងOrsha និងពីក្រុង Smolensk ទៅកាន់ទីក្រុងVitebsk។ លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបានកត់សម្គាល់ថា៖«ការតាំងពិព័រណ៍ឧស្សាហកម្មអន្តរជាតិ Innoprom លើកទី២ នឹងប្រព្រឹត្តទៅនៅទីក្រុងមីនស្ក៍ នៅដើមខែតុលា ហើយខ្ញុំប្រាកដណាស់ថា វានឹងផ្តល់កម្លាំងចលករដល់ការអភិវឌ្ឍរួមគ្នារបស់យើង»៕

ការវាយប្រហារដោយយាន​ដ្រូន​របស់អ៊ីស្រាអែល សម្លាប់មនុស្ស ៤នាក់ នៅភាគខាងត្បូងលីបង់

2026/07/07 01:48:54 am        87
មនុស្សយ៉ាង​ហោច​ណាស់ ៤នាក់ រួមមាន​ស្ត្រី ៣នាក់ផង​ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយាន​ដ្រូន​របស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃ​ប្រទេសលីបង់ នា​ថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដោយ​ហេតុការណ៍នេះ​នៅ​តែ​កើតឡើង​ បើ​ទោះបីជាមានកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ។​ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់លីបង់។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថា យានដ្រូន​បានបាញ់មីស៊ីលមាន​ប្រព័ន្ធ​នាំផ្លូវ​ទៅលើរថយន្តមួយ​គ្រឿង​ដែលកំពុងឆ្លងកាត់នៅជិតវិទ្យាស្ថានបណ្តុះបណ្តាលគ្រូបង្រៀនមួយកន្លែង ក្នុងទីក្រុង Nabatieh al-Fawqa ដោយបានបណ្ដាល​ឱ្យ​មនុស្ស ៤នាក់បាត់បង់ជីវិត​។គួរបញ្ជាក់​ថា អ៊ីស្រាអែលបានបន្តវាយប្រហារស្ទើរតែរាល់ថ្ងៃ នៅក្នុងប្រទេសលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងក្របខ័ណ្ឌគាំទ្រ​ដោយសហរដ្ឋអាមេរិកដែលបានចុះហត្ថលេខាកាល​ពី​ថ្ងៃទី២៦ ខែមិថុនា រវាងលីបង់ និងអ៊ីស្រាអែលករ៏ដោយ​។ កិច្ច​ព្រម​ព្រៀង​នោះ តម្រូវ​ឱ្យមាន​ការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីលីបង់ទាំងអស់ជាដំណាក់កាល ដោយចាប់ផ្តើមជាមួយនឹងតំបន់សាកល្បងចំនួន​ ២ ដែលមិនត្រូវ​បានបញ្ជាក់​៕

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យអេស្ប៉ាញព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅឧទ្យានជាតិ Sierra de Espeda

2026/07/07 01:48:19 am        52
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ភាគខាងកើតប្រទេសអេស្ប៉ាញ ពេញមួយយប់រហូតដល់ថ្ងៃចន្ទនេះ ស្របពេលកដែលអណ្តាតភ្លើងបានរីករាលដាលខ្លាំងចូលទៅក្នុងឧទ្យានជាតិ Sierra de Espeda ក្នុងនោះក្រុមការងារព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃនេះ ក្រោមស្ថានភាពកាន់តែអាក្រក់ខ្លាំង ។ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមទប់ស្កាត់នៅខាងក្រោម ក្នុងនោះយន្តហោះពន្លត់អគ្គិភ័យ បានចូលរួមប្រតិបត្តិការផងដែរ ។ រូបភាពដែលបានចេញនៅថ្ងៃចន្ទនេះ ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើងនៅតាមជើងភ្នំ ខណៈផ្សែងយ៉ាងក្រាស់ផុសពីលើភ្លើងឆេះព្រៃ ហើយអណ្តាតភ្លើងរីករាលដាលឆ្លងកាត់ដីព្រៃស្ងួត ។អង្គភាពសង្រ្គោះបន្ទាន់យោធា(UME)របស់អេស្ប៉ាញ ត្រូវបានដាក់ពង្រាយ ដើម្បីជួយគាំទ្រក្រុមភ្នាក់ងារពន្លត់អគ្គិភ័យក្នុងតំបន់ ក្នុងនោះក្រុមមន្រ្តី ១១០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ៤៧គ្រឿង បានចុះប្រតិបត្តិការនៅនឹងកន្លែង ។ក្រុមឆ្លើយតបសង្រ្គោះបន្ទាន់ជាង ២០០នាក់ រួមទាំងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងអង្គភាពអាកាសចំនួន ១២ បានពាក់ព័ន្ធនឹងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនេះ ។ខណៈពេលនោះដែរ ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ បានព្រមានថា សីតុណ្ហភាពអាចនឹងកើនឡើងដល់ ៣៥អង្សាសេ ក្នុងនោះសំណើមនឹងធ្លាក់ចុះក្រោម ២០ភាគរយ ហើយខ្យល់បក់នៅទិសអាគ្នេយ៍ នឹងបង្កើនល្បឿនដល់ ៤០គ.ម ក្នុង ១ម៉ោង ដែលវានឹងធ្វើឲ្យកាន់តែស្មុគស្មាញបន្ថែមទៀតដល់កិច្ចខិតខំគ្រប់គ្រងភ្លើងឆេះព្រៃ ៕

លោក Katz ព្រមានបណ្ដា​ថ្នាក់​ដឹកនាំអ៊ីរ៉ង់ ក្នុងអំឡុងពេលមាន​ពិធីបុណ្យសព លោក​ Khamenei

2026/07/07 01:45:38 am        61
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅ​ថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បានគំរាមកំហែងបណ្ដា​ថ្នាក់ដឹកនាំអ៊ីរ៉ង់ដែលចង់បំផ្លាញអ៊ីស្រាអែល ដោយបន្ថែមថា គឺ​អ៊ីស្រាអែលទៅវិញទេ​ដែលបានកម្ចាត់មេដឹកនាំត្រូវបានសម្លាប់ គឺ​លោក Ali Khamenei។ការអត្ថាធិប្បាយបែបនេះ​របស់លោក Katz បានកើតឡើងក្នុង​ពេលដែលអ៊ីរ៉ង់រៀបចំពិធីបុណ្យសពរយៈពេល​ជា​ច្រើនថ្ងៃ សម្រាប់លោក Khamenei។ បន្ទាប់ពីបានតម្កល់ឲ្យ​មាន​ការ​ចូល​គោរព​ជាសាធារណៈ​រយៈពេល ២ថ្ងៃ នៅឯអគារ​សាសនា Grand Mosalla នៃទីក្រុងតេអេរ៉ង់ សាកសពរបស់លោក Khamenei បានចាប់ផ្តើមដង្ហែឆ្លងកាត់រដ្ឋធានី ដែល​មាន​មនុស្សយ៉ាងច្រើនកុះករអមដំណើរ​។ប្រព័ន្ធ​ផ្សព្វផ្សាយ​ CNN បាន​រាយការណ៍ដោយ​យោង​​អ្នកនាំពាក្យមួយ​រូប​ថា លោក Katz បានបញ្ជាក់​ថា មេដឹកនាំអ៊ីរ៉ង់ណាដែល «ព្យាយាមជំរុញផែនការបំផ្លាញអ៊ីស្រាអែលនឹងត្រូវបាន​រារាំង»។ លោក Katz ត្រូវបានដកស្រង់សម្តី ដែល​បាន​និយាយថា «លោក Khamenei ដែលពិធីបុណ្យសពរបស់លោក កំពុងប្រព្រឹត្តទៅនាពេល​នេះ ត្រូវបានកម្ចាត់ដោយអ៊ីស្រាអែល ដោយសារតែលោក​បានផ្តួចផ្តើម និងដឹកនាំផែនការបំផ្លាញអ៊ីស្រាអែល នៅក្នុងប្រទេសអ៊ីរ៉ង់ និងនៅទូទាំងតំបន់»។លោកបានបន្ថែមថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ «បានលុបបំបាត់ការគំរាមកំហែងអត្ថិភាព​ភ្លាមៗ ដែលអ៊ីស្រាអែលកំពុងប្រឈមជាមួយ​ និងបានបំផ្លាញសមត្ថភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ»។គួរបញ្ជាក់​ថា លោក Khamenei និងសមាជិកគ្រួសារដទៃទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពី​ថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើគោលដៅ នៅ​អ៊ីរ៉ង់ នៅដើមដំបូងនៃ​​សង្គ្រាម៕

មនុស្ស ៨នាក់ស្លាប់ ក្នុងហេតុការណ៍បំណាក់ដីនៅជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រទេសបង់ក្លាដែស

2026/07/07 01:43:02 am        28
ក្រុមមន្រ្តីនិយាយថា ជនមូស្លីមរ៉ូហ៊ីងយ៉ាយ៉ាងហោច ៨នាក់ រួមទាំងក្មេងៗផងដែរនោះ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួសនាថ្ងៃចន្ទនេះ ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កឲ្យកើតមានបំណាក់ដីជាច្រើនកន្លែងនៅជំរំជនភៀសខ្លួន ស្ថិតនៅតំបន់ភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ។បំណាក់ដីលើកនេះ បានវាយប្រហារជំរំ ៤ទីតាំង កប់ពន្លិចជម្រកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាឲ្យនៅក្រោមគំនរភក់ និងកម្ទេចកម្ទី ខណៈពេលអ្នកស្រុកកំពុងដេកលង់លក់ ។ការស្លាប់មនុស្សនេះដែរ បានកើតមានឡើង ស្របពេលកើតមានការប្រយុទ្ធថ្មីនៅក្នុងរដ្ឋ Rakhine របស់សហភាពមីយ៉ាន់ម៉ា បង្កឲ្យកើតមានក្តីបារម្ភថ្មីពីលំហូរចូលជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅទូទាំងតំបន់ព្រំដែន ។អាជ្ញាធរបង់ក្លាដែស បានបង្កើនការតាមដាននៅតាមព្រំដែន ខណៈមានសេចក្តីរាយការណ៍ថា មនុស្សបានជួបជុំគ្នានៅតាមព្រំដែន ដើម្បីព្យាយាមចូលក្នុងប្រទេសបង់ក្លាដែស ។សូមបញ្ជាក់ថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងជាង ១,២លាននាក់ កំពុងរស់នៅក្នុងជំរំផ្ទុកមនុស្សលើសចំណុះនៅទីក្រុង Cox’s Bazar ដែលជាជំរំជនភៀសខ្លួនធំជាងគេបំផុតនៅលើពិភពលោក ក្រោយរត់ភៀសខ្លួនពីការបង្ក្រាបយ៉ាងចាស់ដៃកាលពីឆ្នាំ ២០១៧ នៅក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ាដែលភាគច្រើនជាពុទ្ធបរិស័ទ ជាទីដែលពួកគេរងការចោទប្រកាន់ថា ជាអ្នកក្រៅ ។គ្រួសារភាគច្រើនរស់នៅក្នុងជម្រកធ្វើពីឫស្សី និងថង់ប្លាស្ទិក នៅតាមជំរាលភ្នំ ជើងភ្នំកាប់ឆ្កាព្រៃឈើដែលងាយរងគ្រោះខ្លាំងពីបំណាក់ដី អំឡុងរដូវវស្សា ៕

ក្រុមប្រឹក្សាសិទ្ធិមនុស្សUN បញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់លើអំពើហិង្សានៅក្រុងAl-Obeid នៃប្រទេសស៊ូដង់

2026/07/07 01:40:38 am        41
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃចន្ទនេះ បានអនុម័តសំណើមួយ ដោយថ្កោលទោសចំពោះអំពើហិង្សាកាន់តែខ្លាំងឡើង ដែលប្រព្រឹត្តដោយកងកម្លាំងគាំទ្ររហ័ស (RSF) នៅក្នុងប្រទេសស៊ូ ដង់ និងបង្កើតការស៊ើបអង្កេតជាបន្ទាន់មួយលើការរំលោភបំពាននៅទីនោះ។ចក្រភពអង់គ្លេស ដែលបាននាំយកសំណើនេះរួមជាមួយរដ្ឋចំនួន ១៤ ផ្សេងទៀត ពីមុន បានព្រមានអំពីហានិភ័យនៃអំពើឃោរឃៅទ្រង់ទ្រាយធំ ខណៈដែល RSF បានប្រមូលផ្តុំកងកម្លាំងនៅជុំវិញទីក្រុងធំបំផុតមួយរបស់ប្រទេសស៊ូដង់ ជាការឡោមព័ទ្ធដែលរំលឹកដល់ការដណ្តើមយកទីក្រុង Al-Fashir នៃរដ្ឋ Darfur ខាងជើងកាលពីឆ្នាំមុន។លោកស្រី Eleanor Sanders ឯកអគ្គរាជទូតទទួលសិទ្ធិមនុស្សរបស់ចក្រភពអង់គ្លេស បានប្រាប់ស្ថាប័នថា៖«ភាពភ័យរន្ធត់ទាំងនេះ មិនត្រូវកើតឡើងម្តងទៀតទេ»។ អ្នកផ្សេងទៀត ដូចជាឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងលោក Zaheer Laher បានគាំទ្រការសម្រេចនេះ ដោយហៅស្ថានភាពនេះថា ជា«ការប្រកាសអាសន្នពណ៌ក្រហម ខណៈដែលកងកម្លាំងសន្តិសុខរហ័សកំពុងទាញយកចេញពីសៀវភៅណែនាំអំពីការប្រល័យពូជសាសន៍ដូចគ្នា ដែលពួកគេបានប្រើនៅក្នុងទីក្រុង Al-Fashir»។ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រថា «មហន្តរាយ» មួយ កំពុងកើតឡើងនៅជុំវិញទីក្រុង Al-Obeid ហើយការិយាល័យរបស់លោក បានកត់ត្រាពីគំរូនៃការប្រហារជីវិតភ្លាមៗ ការចាប់ពង្រត់ ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទនៅក្នុងតំបន់ជុំវិញនេះ៕

របាយការណ៍៖ កាណាដានឹងប្រកាសក្រុម​ហ៊ុន​ទទួល​កិច្ចសន្យាសាង​សង់​នាវាមុជទឹកនៅថ្ងៃទី៦ ខែកក្កដា

2026/07/07 01:37:29 am        39
សារព័ត៌មាន​កាណាដា The Globe and Mail បានរាយការណ៍កាល​ពីថ្ងៃ​អាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦) ថា នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នឹងប្រកាសនៅថ្ងៃទី៦ ខែកក្កដានេះ អំពីក្រុមហ៊ុន​​ដេញថ្លៃដែល​អាច​​ទទួល​បាន​កិច្ចសន្យាសាងសង់នាវាមុជទឹកចំនួន ១២គ្រឿង សម្រាប់កងទ័ពជើងទឹកកាណាដា។ដោយដកស្រង់ប្រភពនានា សេចក្ដី​រាយ​ការណ៍នេះ បានបញ្ជាក់​ថា ការប្រកាសនេះនឹងត្រូវបានធ្វើឡើងមុនពេលលោក Carney ធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូលនៃ​មេដឹកនាំរបស់​អង្គការ​ណាតូ (NATO) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ និងទី៨ ខែកក្កដា នៅប្រទេសទួរគី។ការិយាល័យនាយករដ្ឋមន្ត្រីមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ក្រុមហ៊ុនប្រកួតប្រជែងចំនួន​ ២ ដើម្បី​ទទួល​បាន​កិច្ចសន្យានេះ គឺក្រុមហ៊ុន Thyssenkrupp Marine Systems ជាក្រុម​ហ៊ុន​ដៃគូរអាល្លឺម៉ង់-ន័រវ៉ែស និងក្រុមហ៊ុនសាងសង់នាវាកូរ៉េខាងត្បូង Hanwha Ocean។កាណាដា ដែលស្ថិតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិក ដើម្បីឱ្យ​បង្កើនការចំណាយលើវិស័យការពារជាតិ បានសម្រេចបានគោលដៅចំណាយយោធារបស់អង្គការ​ណាតូចំនួន ២ភាគរយនៃផលិតផល ក្នុងស្រុកសរុប (GDP) មុនការគ្រោងទុកដំបូង។បណ្ដាថ្នាក់​ដឹកនាំអង្គការ​ណាតូបានយល់ព្រមចំណាយ ៥ភាគរយនៃ GDP លើការវិនិយោគ ទាក់ទងនឹងការពារជាតិ និងសន្តិសុខនៅឆ្នាំ២០៣៥៕

វេណេស៊ុយអេឡា បង្កើតអង្គភាពយោធាថ្មីសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ ខណៈចំនួនមនុស្សស្លាប់កើនឡើងជាង ៣ពាន់នាក់

2026/07/07 01:35:06 am        37
ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាលោកស្រី Delcy Rodríguez បានប្រកាសបង្កើតអង្គភាពយោធាថ្មីសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន ស្របពេលដែលចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដី ២លើកនៅក្នុងប្រទេសមួយនេះ កើនឡើងដល់ ៣.៣៤២នាក់ ។លោកស្រី Rodríguez បានធ្វើសេចក្តីប្រកាសបែបនេះ នៅក្នុងសុន្ទរកថា ប្រារព្ធខួបលើកទី ២១៥នៃការទទួលបានឯករាជ្យជាតិវេណេស៊ុយអេឡា ដោយរូបលោកស្រី បាននិយាយការពារដំណោះស្រាយគ្រោះមហន្តរាយប្រទេសរបស់លោកស្រី ស្របពេលមានការរិះគន់កើនឡើងពីអ្នករស់រាន ហើយនិងអង្គការជំនួយ ដែលពួកគេចាត់ទុកថា ការឆ្លើយតបរបស់ក្រុមមន្រ្តី មានការយឺតយ៉ាវខ្លាំង និងមិនគ្រប់គ្រាន់ ។លោកស្រី Rodríguez និយាយថា នឹងពុំមានភាពចលាចលក្នុងសង្គមនៅទីនេះទេ អ្វីដែលពួកលោកស្រីមាននៅទីនេះ គឺសាមគ្គីភាពសង្គមយ៉ាងជ្រាលជ្រៅ ។លោកស្រីបានបន្តទៀតថា មន្ត្រីសាធារណៈ និងក្រុមជួយសង្គ្រោះរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅជួយជីកកកាយតាមគំនរកម្ទេចកម្ទីថ្ម ដើម្បីស្វែងរកជនរងគ្រោះ និងអ្នករស់រានមានជីវិត ។ សូមបញ្ជាក់ថា គ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតរបស់ប្រទេសនៅអាមេរិកឡាទីនមួយនេះ បានវាយប្រហារខ្លាំងបំផុតនៅក្នុងទីក្រុងតំបន់ឆ្នេរសមុទ្រ La Guaira ស្ថិតនៅភាគខាងជើងរដ្ឋធានី Caracas ជាកន្លែងដែលអគារលំនៅឋានជាច្រើនដួលរាបដល់ដី ។ រយៈពេលជាង ១០ថ្ងៃបន្ទាប់ពីការរញ្ជួយដីពីរលើកកម្រិត ៧,២ និង ៧,៥ រ៉ិចទ័រ ក្រុមជួយសង្គ្រោះ កំពុងចាប់ផ្តើមបញ្ចប់ការស្វែងរកអ្នករស់រានមានជីវិត ខណៈក្រុមគ្រួសារនៅតែព្យាយាមតាមរកសាកសពមនុស្សជាទីស្រលាញ់ពីគំនរបាក់បែក ។ដោយឡែក តួលេខថ្មីនៃការរញ្ជួយដី បង្ហាញថា មនុស្សប្រហែល ១៦.៤៧០នាក់ រងរបួស ហើយមនុស្ស ១៧.៣៤៥នាក់ គ្មានផ្ទះសម្បែងរស់នៅ ៕

មន្ត្រីក្រុមហាម៉ាសគ្រោងនឹងរំលាយស្ថាប័នគ្រប់គ្រងតំបន់ហ្កាហ្សា

2026/07/07 01:23:31 am        51
មន្ត្រីមកពីក្រុមនេះ បាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមហាម៉ាសកំពុងរៀបចំរំលាយស្ថាប័នដែលបានគ្រប់គ្រងតំបន់ហ្កាហ្សាអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ ដោយបើកផ្លូវឲ្យគណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីនអនុវត្តការគ្រប់គ្រងដោយស៊ីវិល។ការសម្រេចនេះគឺការផ្លាស់ប្តូរនយោបាយដ៏សំខាន់មួយដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សា ចាប់តាំងពីក្រុមយុទ្ធជនរបស់ខ្លួន បានដណ្តើមការគ្រប់គ្រងពីចលនាប៉ាឡេស្ទីន Fatah ដែលជាគូប្រជែង ក្នុងឆ្នាំ ២០០៧។ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅតំបន់ហ្កាហ្សាកាលពីខែតុលាឆ្នាំមុន រវាងហាម៉ាស និងអ៊ីស្រាអែល ក្រុមនេះបាននិយាយម្តងហើយម្តងទៀតថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីដកខ្លួនចេញពីការគ្រប់គ្រងប្រចាំថ្ងៃ ប៉ុន្តែបញ្ហាដ៏ស្មុកស្មាញនៃការរំសាយអាវុធរបស់ខ្លួន នៅតែមិនទាន់ដោះស្រាយនៅ ឡើយ។ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារលោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈលើបញ្ហានេះ មន្ត្រីហាម៉ាសម្នាក់បានប្រាប់សារព័ត៌មាន AFP ថា៖«ចលនានេះ បានសម្រេចចិត្តរំលាយគណៈកម្មាធិការរដ្ឋបាលហ្កាហ្សា និងតែងតាំងឥស្សរជនដែលទទួលស្គាល់ជាទូទៅ ដើម្បីត្រួតពិនិត្យការងាររបស់គណៈកម្មាធិការរហូតដល់គណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្កាហ្សាទទួលបន្ទុកជាផ្លូវការ»៕

មនុស្សយ៉ាងហោច ៦នាក់ស្លាប់ ក្រោយអគារនៅទីក្រុងម៉ុមបៃបាក់ស្រុត អំឡុងភ្លៀងធ្លាក់ខ្លាំង

2026/07/07 01:18:37 am        49
មនុស្សយ៉ាងហោច ៦នាក់ រួមទាំងក្មេងៗ ៤នាក់ផងដែរ បានស្លាប់ ក្រោយអគារកម្ពស់ ៤ជាន់ ១ខ្នង បានបាក់ស្រុតនៅក្នុងរដ្ឋធានីហិរញ្ញវត្ថុម៉ុមបៃ ប្រទេសឥណ្ឌាកាលពីយប់ថ្ងៃអាទិត្យ ស្របពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង ។សារព័ត៌មានក្នុងស្រុករាយការណ៍ថា ពលរដ្ឋជាច្រើននាក់ទៀតនៅក្នុងអគារផ្ទះល្វែងមួយជុងនេះដែរ ត្រូវបានជម្លៀសចេញមុន ។អភិបាលរដ្ឋ Maharashtra លោក Girish Mahajan និយាយថា មាននូវអគារផ្ទះល្វែងកម្ពស់ ៤ជាន់នៅទីនេះ ហើយដោយសារភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃម្សិលមិញរហូតមក រហូតដល់ពេញមួយព្រឹក ថ្ងៃនេះ អគារក៏បានបាក់ស្រុតតែម្តង ។ លោកបន្តថា មាននូវមនុស្ស ៦នាក់នៅក្នុងអគារ រួមមានក្មេងៗ ៤នាក់ និងមនុស្សចាស់ ២នាក់ ហើយពួកគេបានស្លាប់ទាំងអស់គ្នា ។គួរឲ្យដឹងថា ហេតុការណ៍អគារបាក់ស្រុត ឬបាក់រលំនៅក្នុងទីក្រុងម៉ុមបៃ បានក្លាយជារឿងធម្មតាទៅហើយ អំឡុងរដូវវស្សា ភាគច្រើនបណ្តាលមពីសំណង់អន់ ។ភ្លៀងធ្លាក់ខ្លាំងនេះដែរ បានបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើននៅក្នុងទីក្រុង និងនៅតាមតំបន់ជនបទ ដោយទឹកជំនន់ហូររំលើងដើមឈើ កាត់ផ្តាច់ផ្លូវថ្នល់ និងធ្វើឲ្យរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង
07/28/2026 01:07 PM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ក្នុងការវាយប្រហារលើភូមិមួយក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា
07/28/2026 01:07 PM
អតីតមន្ត្រីយោធាអ៊ីស្រាអែលរាប់រយនាក់ជំរុញឱ្យលោក Trump ជួយបញ្ចប់អំពើហិង្សារបស់អ្នកតាំងលំនៅឋាន
07/28/2026 01:07 PM
មន្ត្រីអាមេរិក៖ កិច្ចចរចាជុំបន្ទាប់រវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែសីហា
07/28/2026 12:07 PM
អារ៉ាប៊ីសាអ៊ូឌីត ការពារប្រឆាំងការវាយប្រហារដោយយានដ្រូនពីក្រុមគាំទ្រដោយអ៊ីរ៉ង់
07/28/2026 12:07 PM
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជាប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
07/28/2026 12:07 PM
Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម
07/28/2026 12:07 PM
អាជ្ញាធរ​ខេត្តកំពង់ស្ពឺ កំពុងជួសជុលពង្រីកបន្ថែមតួផ្លូវជាតិលេខ៤៦ទៅរមណីយដ្ឋានព្រះសុរាម្រិតកុសមៈ-ឧទ្យានជាតិគីរីរម្យ
07/28/2026 12:07 PM
អគ្គនាយកក្រុមហ៊ុន Minebea៖ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនប៉ះពាល់ដល់ប្រតិបត្តិការវិនិយោគនៅកម្ពុជាឡើយ
07/28/2026 12:07 PM
កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ
07/28/2026 12:07 PM