អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​

ព័ត៌មានអន្តរជាតិ

មនុស្ស៩នាក់រងរបួសដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់

2026/07/05 09:49:03 pm        114
អ្នកពន្លត់អគ្គិភ័យជាង១.០០០ នាក់កំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃដែលកំពុងកើនឡើងនៅភាគខាងជើងប្រទេសព័រទុយហ្គាល់កាលពីថ្ងៃសៅរ៍ ដែលបានឆេះរាលដាលអស់រយៈពេលជាច្រើនថ្ងៃមកហើយ ខណៈប្រទេសនេះកំពុងតតាំងនឹងរលកកម្ដៅខ្លាំង។ សេវាកម្មជួយសង្គ្រោះ បាននិយាយថា ដោយសារសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់ ៤៤ អង្សាសេនៅកន្លែងមួយចំនួន ភ្លើងឆេះព្រៃដែលចាប់ផ្ដើមឡើងកាលពីថ្ងៃពុធនៅក្នុងស្រុក Viseau បានលេបត្របាក់ផ្ទៃដី១០.០០០ ហិកតារហូតមកដល់ពេលនេះ ។ ពួកគេបាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យប្រហែល ១.១០០ នាក់កំពុងតស៊ូដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ ដោយមានការគាំទ្រពីរថយន្ត ចំនួន៣៨០ គ្រឿង យន្តហោះ និងឧទ្ធម្ភាគចក្រចំនួនប្រាំបីគ្រឿង។អង្គភាពយោធាអេស្ប៉ាញមួយកំពុងជួយដល់កិច្ចខិតខំប្រឹងប្រែងបន្ទាប់ពីព័រទុយហ្គាល់បានស្នើសុំជំនួយពីអឺរ៉ុបក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ធំលើកដំបូងនៃរដូវកាលនេះ។មនុស្សប្រាំបួននាក់បានរងរបួសរហូតមកដល់ពេលនេះ រួមទាំងជនស៊ីវិលពីរនាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។រដ្ឋាភិបាលបានបញ្ជាឱ្យមានវិធានការពិសេស រួមទាំងការហាមប្រាមការចូលទៅកាន់ព្រៃឈើ និងការរឹតបន្តឹងការប្រើប្រាស់គ្រឿងចក្រមួយចំនួននៅតំបន់ជនបទ៕

ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ

2026/07/05 09:30:47 pm        108
លោក Tayyip Erdogan ប្រធានាធិបតីទួរគី បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនៅមជ្ឈិមបូព៌ាមិនអាចទទួលបានជោគជ័យដោយគ្មានការគាំទ្រពីតំបន់នោះទេ ដោយបន្ថែមថា អ៊ីស្រាអែលមិនត្រូវអនុញ្ញាតឱ្យបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ជាដាច់ខាត។ថ្លែងកាលពីថ្ងៃសៅរ៍នៅទីក្រុងអ៊ីស្តង់ប៊ុល រួមជាមួយសមភាគីប៉ាគីស្ថាន គឺនាយករដ្ឋមន្ត្រី Shehbaz Sharif លោក Erdogan បាននិយាយថា «គ្មានដំណោះស្រាយណាមួយដែលមិនយកកម្លាំងពីឆន្ទៈ និងការរួមចំណែករបស់ប្រទេសក្នុងតំបន់អាចស្ថិតស្ថេរបានឡើយ»។លោកបានបន្ថែមថា ពួកលោកកំពុងតាមដានយ៉ាងដិតដល់នូវការប៉ុនប៉ងរបស់រដ្ឋបាលអ៊ីស្រាអែលក្នុងការបំផ្ទុះកិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ។ រដ្ឋាភិបាលអ៊ីស្រាអែលដែលញៀនសង្គ្រាមបច្ចុប្បន្នមិនត្រូវអនុញ្ញាតឱ្យពន្លិចភូមិសាស្ត្ររបស់ពួកលោកដោយម្ស៉ៅនៃគ្រាប់កាំភ្លើង និងឈាមម្តងទៀតទេ។លោក Erdogan បានចោទប្រកាន់ម្តងហើយម្តងទៀតថា អ៊ីស្រាអែលកំពុងព្យាយាមធ្វើឱ្យខូចអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយក៏ធ្លាប់ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា លីបង់ និងស៊ីរី ដែរ៕

អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei

2026/07/05 09:14:17 pm        144
ពិធីរំលឹកវិញ្ញាណក្ខន្ធជាសាធារណៈទ្រង់ទ្រាយធំសម្រាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ងលោក Ayatollah Ali Khamenei បានចាប់ផ្តើមនៅក្នុងរដ្ឋធានី ដោយក្រុមអាជ្ញាធរផ្សព្វផ្សាយសារនៃការបន្តសម្រាប់សាធារណរដ្ឋអ៊ីស្លាម និងការសងសឹកចំពោះការសម្លាប់របស់មេដឹកនាំរូបនេះ ។លោក Khamenei វ័យ ៨៦ ឆ្នាំ ត្រូវបានដាក់គោលដៅក្នុងការវាយប្រហារតាមអាកាសនៅពេលចាប់ផ្តើមសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថ្ងៃទី២៨ ខែកុម្ភៈ២០២៦ នេះ បន្ទាប់ពីគ្រប់គ្រងអ៊ីរ៉ង់ដោយអំណាចផ្តាច់ការអស់រយៈពេលជិត ៣៧ ឆ្នាំ។ទង់ក្រហម ដែលជាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើទុក្ករកម្ម ប៉ុន្តែក៏ត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃការសងសឹកនៅក្នុងសាសនាអ៊ីស្លាម Shia ផងដែរនោះ ត្រូវបានគេមើលឃើញនៅទូទាំងកន្លែងរំលឹកវិញ្ញាណក្ខន្ធ Grand Mosalla ក្នុងទីក្រុង Tehran និងការជួបជុំមហាជនផ្សេងទៀត។«យើងត្រូវតែងើបឡើង» គឺជាពាក្យស្លោកផ្លូវការដែលប្រើសម្រាប់ពិធីនេះ អមដោយរូបភាពនៃកណ្តាប់ដៃរបស់លោក Khamenei នៅលើផ្ទៃខាងក្រោយពណ៌ក្រហម និងខ្មៅ ។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្នុងបរិវេណសាសនាដ៏ធំដែលប្រើសម្រាប់ពិធីបុណ្យសពចាប់ពីព្រឹកព្រលឹមថ្ងៃសៅរ៍ ដើម្បីគោរពវិញ្ញាណក្ខន្ធមេដឹកនាំកំពូលដែលត្រូវបានគេធ្វើឃាតរូបនេះ ៕

លោក Trump អបអរសាទរទិវាឯករាជ្យជាតិលើកទី២៥០ អមដោយការបាញ់កាំជ្រួចភ្ញី និងក្បួនយន្តហោះ

2026/07/05 08:19:36 pm        74
សហរដ្ឋអាមេរិកបានប្រារព្ធទិវាឯករាជ្យជាតិលើកទី ២៥០ របស់ខ្លួនជាមួយនឹងពិធីបាញ់កាំជ្រួចភ្ញី ក្បួនយន្តហោះហោះហើរលើអាកាស ខណៈអាកាសធាតុខ្លាំងនៅទូទាំងប្រទេស ដែលព្រឹត្តិការណ៍ភាគច្រើនបានស្ងប់ស្ងាត់ក្រោមរលកកម្ដៅដែលបានគ្របដណ្ដប់អស់រយៈពេលជាច្រើនថ្ងៃ។ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងទៅហ្វូងមនុស្សកំពុងអបអរសាទរនៅក្នុងការជួបជុំគ្នាដែលបានពន្យារពេលនៅឧស្យានជាតិ National Mall ក្នុងទីក្រុងវ៉ាស៊ីនតោន មុនពេលពិធីបង្ហាញកាំជ្រួចភ្ញីដ៏ធំបំផុតមិនធ្លាប់មាននៅសហរដ្ឋអាមេរិក ត្រូវបានបំភ្លឺផ្ទៃមេឃនាពេលរាត្រី។លោកថាថ្ងៃឈប់សម្រាកសហព័ន្ធថ្ងៃទី ៤ កក្កដា រំលឹកដល់អាណានិគមអាមេរិកចំនួន ១៣ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសឯករាជ្យក្នុងឆ្នាំ ១៧៧៦ ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់អង់គ្លេស។លោកបានថ្លែងថា សូមឱ្យបុព្វហេតុនៃឯករាជ្យភាពមានជីវិតយូរអង្វែង។សូមឱ្យឋិតឋេរជារៀងរហូត យើងនឹងតែងតែនៅលើចំណុចកំពូល យើងនឹងមិនដែលអនុញ្ញាតឱ្យប្រទេសរបស់យើងដួលរលំឡើយ យើងនឹងតែងតែល្អបំផុត៕

KCNA៖លោក Xi ត្រៀមខ្លួនធ្វើការជាមួយលោក Kim សម្រាប់ចំណងមិត្តភាពចិន-កូរ៉េខាងជើងប្រកបដោយស្ថិរភាព

2026/07/05 08:12:39 pm        98
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃអាទិត្យ ៥ កក្កដានេះ ថា ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងការដឹកនាំទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរឆ្ពោះទៅរកការអភិវឌ្ឍរយៈពេលវែង រឹងមាំ និងមានស្ថិរភាព។ការផ្លាស់ប្តូរទស្សនៈនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចដ៏កម្ររបស់លោក Xi ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីខែមុន នៅពេលមេដឹកនាំទាំងពីរបានសន្យាថានឹងពង្រឹងចំណងមិត្តភាព ខណៈ ភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ និងទីក្រុងព្យុងយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយរុស្ស៊ី។យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅក្នុងសារមួយចេញផ្សាយកាលពីថ្ងៃទី ១ ខែកក្កដា លោក Xi បានថ្លែងអំណរគុណដល់លោក Kim ចំពោះសារអបអរសាទររបស់លោក នាឱកាសប្រារព្ធខួបលើកទី១០៥ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន ។ លោក Xi បាននិយាយថា សាររបស់លោក Kim ឆ្លុះបញ្ចាំងពី «អារម្មណ៍ជ្រាលជ្រៅ និងកក់ក្តៅ» របស់មេដឹកនាំកូរ៉េខាងជើង គណបក្សពលករកំពុងកាន់អំណាច និងប្រជាជនកូរ៉េខាងជើងចំពោះប្រទេសចិន៕

លោក Putin និង លោក Zelenskyy មានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោក Trump

2026/07/05 07:36:18 pm        101
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy មានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃសៅរ៍ ដោយបានពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងជម្លោះអ៊ុយក្រែន ស្ថានភាពនៅអ៊ីរ៉ង់ និងការរៀបចំការទូតនាពេលខាងមុខ។យោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី លោកយូរី យូសាកូវ (Yuri Ushakov)ការសន្ទនា ដែលមានរយៈពេលប្រហែលមួយម៉ោង និង ២៥ នាទី គឺជាលើកទីបួនរវាងមេដឹកនាំទាំងពីរនៅឆ្នាំនេះ ហើយមានលក្ខណៈជាក់ស្តែង និងស្ថាបនាខ្ពស់។ ជំនួបនេះបានអនុញ្ញាតឱ្យមានការពិភាក្សាដោយស្មោះត្រង់អំពីបញ្ហាបន្ទាន់លើរបៀបវារៈទ្វេភាគី និងអន្តរជាតិ។លោកយូសាកូវ និយាយថា ដោយផ្ដោតលើវិបត្តិអ៊ុយក្រែន លោក Trump បានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់លោកក្នុងការជំរុញឱ្យបញ្ចប់ប្រតិបត្តិការយោធាឱ្យបានឆាប់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះ។ បេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner នឹងបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងធ្វើទស្សនកិច្ចទីក្រុងមូស្គូនៅពេលវេលាសមស្រប។ក្នុងអំឡុងពេលសន្ទនានោះ លោក Putin បានសង្កត់ធ្ងន់ម្តងទៀតថា រុស្ស៊ីចូលចិត្តដំណោះស្រាយនយោបាយ និងការទូតចំពោះជម្លោះ ប៉ុន្តែលុះត្រាតែជំហរគោលការណ៍ដ៏ល្បីល្បាញរបស់រុស្ស៊ីត្រូវបានពិចារណាយ៉ាងពេញលេញ។ លោកក៏បានបង្ហាញពីស្ថានភាពសមរភូមិផងដែរ ជាកន្លែងដែលកងទ័ពរុស្ស៊ីកំពុងរុលទៅមុខតាមខ្សែបន្ទាត់ទំនាក់ទំនងពេញលេញ។យោងតាមលោក Zelenskyy នៅក្នុងសារបណ្ដាញសង្គមរបស់លោក រូបលោកនិង លោក Trump បានពិភាក្សាតាមទូរស៍ព្ទកាលពីថ្ងៃសៅរ៍ដែរ ដោយមេដឹកនាំទាំងពីរបានផ្លាស់ប្ដូរទស្សនៈស៊ីជម្រៅលើស្ថានភាពជួរមុខ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ហើយបានព្រមព្រៀងគ្នាធ្វើកិច្ចប្រជុំទល់មុខគ្នាក្នុងអំឡុងពេលជំនួបកំពូលណាតូនៅទីក្រុងអង់ការ៉ា ដើម្បីបន្តការពិគ្រោះយោបល់ និងស្នើឲ្យអាមេរិកជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕

ភ្លើងឆេះព្រៃរាលដាលយ៉ាងលឿននៅជិតទីក្រុង Thessaloniki ប្រទេសក្រិក បង្កឱ្យមានការជម្លៀសប្រជាជន

2026/07/05 06:31:39 pm        90
សេវាពន្លត់អគ្គិភ័យរបស់ប្រទេសក្រិកបាននិយាយថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅរាលដាលយ៉ាងឆាប់រហ័សមួយបានឆាបឆេះកាលពីល្ងាចថ្ងៃសៅរ៍ នៅជិតតំបន់ជាយក្រុង Thessaloniki ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសក្រិក ហើយប្រជាជននៅតំបន់ជាយក្រុងតូចៗចំនួនបីនៅភាគខាងជើងនៃទីក្រុងនេះ ត្រូវបានប្រាប់ឱ្យជម្លៀសចេញ។សេវាពន្លត់អគ្គិភ័យ Hellenic បាននិយាយថា ភ្លើងបានឆាបឆេះនៅក្នុងជ្រោះមួយក្នុងតំបន់ភ្នំមួយនៅម៉ោងប្រហែល ៨:៣០នាទី យប់ ហើយបានរាលដាលយ៉ាងឆាប់រហ័សទៅកាន់វាលទំនាប ដោយភាគច្រើនឆេះតាមគុម្ពោតព្រៃ។ សេវានេះបាននិយាយថា ខណៈលំនៅឋានត្រូវបានសង្គ្រោះ អាជីវកម្មជាច្រើនត្រូវបានខូចខាត។ប្រជាជននៅក្នុងតំបន់តាំងទីលំនៅតូចៗនៃតំបន់ជាយក្រុង Anthoupoli, Filothei និង Galini ត្រូវបានជូនដំណឹងតាមរយៈសារជាអក្សរឱ្យជម្លៀសចេញ។អាជ្ញាធរមូលដ្ឋានបាននិយាយ ក៏មានកន្លែងស្នាក់នៅមានមនុស្សចំនួន ១៥៧ នាក់ដែលមានតម្រូវការពិសេសត្រូវបានជម្លៀសចេញផងដែរ។ ប្រហែល ១២០ នាក់ក្នុងចំណោមអ្នកដែលអាចដើរបានកំពុងស្នាក់នៅក្នុងកន្លែងហាត់ប្រាណ ខណៈអ្នកនៅសល់ត្រូវបានស្នាក់នៅក្នុងមន្ទីរពេទ្យវិកលចរិក។ក្រុមអាជ្ញាធរបានប្រកាសកាលពីយប់ជ្រៅថា បុរសអាយុ ៧៦ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានបង្កឲ្យមានភ្លើងឆេះព្រៃ។ សេវាពន្លត់អគ្គិភ័យក្រិកបាននិយាយថា បុរសនោះ ហាក់ដូចជាមិនស្រវឹងស្រា ឬញៀនថ្នាំទេ៕

មេដឹកនាំអ៊ុយក្រែន៖លោកបាននិយាយជាមួយលោកTrump ដោយអំពាវនាវឱ្យមានដំណោះស្រាយជួយបញ្ចប់សង្គ្រាម

2026/07/05 06:19:36 pm        105
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបាននិយាយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅថ្ងៃឈប់សម្រាកទិវាឯករាជ្យ៤ កក្កដា ហើយបានអំពាវនាវឱ្យមានដំណោះស្រាយរបស់អាមេរិក ដើម្បីជួយបញ្ចប់សង្គ្រាមដែលមានអាយុកាលជាងបួនឆ្នាំជាមួយរុស្ស៊ី។មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា លោកមានការសន្ទនា «ល្អណាស់» ជាមួយលោក Trump ដោយពិភាក្សាអំពីស្ថានភាពនៅសមរភូមិ។លោកបាននិយាយថា «មានទស្សនវិស័យពិតប្រាកដមួយដើម្បីបញ្ចប់សង្គ្រាមនេះ ហើយដំណោះស្រាយរបស់អាមេរិកនឹងមានអត្ថន័យដ៏សំខាន់មួយ»។លោក Zelenskyy បាននិយាយថា លោក និងលោក Trump បានយល់ព្រមបន្តការពិភាក្សារបស់ខ្លួននៅឯកិច្ចប្រជុំកំពូល NATO នៅសប្តាហ៍ក្រោយនៅប្រទេសទួរគី។នៅក្នុងការអត្ថាធិប្បាយរបស់លោក លោក Zelenskyy បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកចំពោះជំនួយរបស់ខ្លួននៅទូទាំងជម្លោះ និងបេះដូងអាមេរិក ដែលបានគិតអំពីអនាគតរបស់អ៊ុយក្រែន និងឱ្យតម្លៃសេរីភាពទូទាំងពិភពលោក៕

រលកកម្ដៅរំខានដល់ព្រឹត្តិការណ៍ទិវាឯករាជ្យជាតិអាមេរិក៤កក្កដាទូទាំងប្រទេស និងដាច់ចរន្តអគ្គិសនី

2026/07/05 05:46:08 pm        74
រលកកម្ដៅដ៏គ្រោះថ្នាក់មួយបានរំខានដល់ការប្រារព្ធពិធីទិវាឯករាជ្យជាតិអាមេរិក ៤ កក្កដា ( Fourth of July) នៅទូទាំងតំបន់ភាគកណ្តាល និងភាគខាងកើត សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ដែលបង្ខំឱ្យមន្ត្រីនៅក្នុងរដ្ឋធានី និងកន្លែងផ្សេងទៀតលុបចោល ឬពន្យារពេលក្បួនព្យុហយាត្រា ការប្រគំតន្ត្រី និងការពិធីបាញ់កាំជ្រួចភ្ញី រាប់សិប។យ៉ាងណាក៏ដោយ ទីក្រុង New York នៅតែអាចបន្តប្រារព្ធពិធីបាញ់កាំជ្រួចភ្ញើភ្លឺចិញ្ចាចពេញផ្ទៃមេឃកាលពីយប់ថ្ងៃសៅរ៍ នាឱកាសអបអរសាទរទិវាឯករាជ្យជាតិរបស់ខ្លួន។ ក្នុងចំណោមព្រឹត្តិការណ៍ដែលត្រូវបានរំខានដោយកម្ដៅដ៏ក្តៅគគុកនោះ គឺពិព័រណ៍រដ្ឋអាមេរិកដ៏អស្ចារ្យ (Great American State Fair) នៅលើឧស្យានជាតិ National Mall ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី Donald Trump ក្នុងការប្រារព្ធខួបកំណើតនៃទិវាឯករាជ្យជាតិ លើកទី ២៥០ ឆ្នាំរបស់ប្រទេសនេះ ។ពិព័រណ៍ ដែលត្រូវបានបង្កើតឡើងដើម្បីបង្ហាញរដ្ឋទាំង ៥០ ត្រូវបានបិទជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃសុក្រ ខណៈសីតុណ្ហភាពឡើងដល់ ១០១ អង្សាហ្វារិនហៃ ឬស្មើ ៣៨ អង្សាសេ។កាលពីយប់ថ្ងៃសុក្រ ក្រុមអ្នករៀបចំក្បួនព្យុហយាត្រាទិវាឯករាជ្យជាតិរបស់សេវាកម្មឧទ្យានជាតិនៅទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ពួកគេបានលុបចោលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។ ក្បួនព្យុហយាត្រានេះ ត្រូវបានកំណត់ពេលចាប់ផ្តើមនៅម៉ោង ១០ និង៣០នាទីម៉ោងនៅអាមេរិកកាលពីថ្ងៃសៅរ៍ ដោយសេវាកម្មអាកាសធាតុព្យាករណ៍ថាសន្ទស្សន៍កម្ដៅនឹងឡើងដល់១១៥ អង្សាហ្វារិនហៃ៕

[UPDATE] ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅប្រទេសវ៉េណេស៊ុយអេឡាកើនឡើងដល់ជិត ៣.០០០នាក់

2026/07/05 05:41:22 pm        93
តួលេខផ្លូវការបានបង្ហាញថា រញ្ជួយដីពីរលើកដ៏សាហាវនៅប្រទេសវ៉េណេស៊ុយអេឡាបានសម្លាប់មនុស្សជិត ៣.០០០នាក់ ខណៈក្រុមជួយសង្គ្រោះអន្តរជាតិបានចាប់ផ្តើមបញ្ចប់ប្រតិបត្តិការស្វែងរកអ្នករស់រានមានជីវិតនៅក្នុងគំនរបាក់បែក។ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.៩៥៤នាក់នៅថ្ងៃនេះ ក្រោយអ្នកស្លាប់ជាង ៣០០នាក់ទៀត ត្រូវបានរកឃើញកាលពីថ្ងៃសុក្រ បន្ទាប់ពីគ្រោះមហន្តរាយថ្ងៃទី ២៤ ខែមិថុនា ២០២៦ ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង និងស្នាក់នៅតាមដងផ្លូវ និងជំរំនានា។មនុស្សរាប់ម៉ឺននាក់ទៀតនៅតែបាត់ខ្លួន។គ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតមួយរបស់អាមេរិកឡាទីនមួយនេះ បានវាយប្រហារខ្លាំងបំផុតនៅក្នុងតំបន់ឆ្នេរសមុទ្រ La Guaira ភាគខាងជើងនៃរដ្ឋធានី Caracas ជាកន្លែងដែលអគារលំនៅឋានជាច្រើនដួលរាបដល់ដី។រយៈពេលដប់ថ្ងៃបន្ទាប់ពីការរញ្ជួយដីពីរលើកកម្រិត ៧,២ និង ៧,៥ រ៉ិចទ័រ ក្រុមជួយសង្គ្រោះកំពុងចាប់ផ្តើមបញ្ចប់ការស្វែងរកអ្នករស់រានមានជីវិត ខណៈក្រុមគ្រួសារនៅតែព្យាយាមស្វែងរកសាកសពមនុស្សជាទីស្រលាញ់ពីគំនរបាក់បែក។ពេលវេលាដ៏សំខាន់សម្រាប់ការជួយសង្គ្រោះក្នុងគ្រោះមហន្តរាយដូចជារញ្ជួយដី ជាធម្មតាបញ្ចប់បន្ទាប់ពី ៧២ ម៉ោង ទោះបីជាមានមនុស្សមួយចំនួនត្រូវបានគេរកឃើញទាំងនៅរស់រានមានជីវិតនៅសប្តាហ៍នេះក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM
[UPDATE] ការផ្ទុះនៅផ្សារទំនើបក្នុង​ខេត្ត Kumamoto របស់​ជប៉ុន ធ្វើ​ឱ្យមនុស្សជាប់ក្នុង​នោះ​ ក្រោយ​មាន​រញ្ជួយដី​ខ្លាំង​
07/28/2026 06:07 PM
ឯកអគ្គរដ្ឋទូត៖ រុស្ស៊ី និងឥណ្ឌូនេស៊ីពិចារណាឱកាសសហការលើវិស័យធនធានលោហៈកម្រ
07/28/2026 05:07 PM
[BREAKING NEWS] មនុស្សជាប់នៅ​ក្នុងផ្សារទំនើប ក្នុង​ប្រទេស​ជប៉ុន បន្ទាប់ពីមាន​រញ្ជួយដី
07/28/2026 05:07 PM
អ្នកការទូត៖ រុស្ស៊ីអំពាវនាវឲ្យជប៉ុនត្រឡប់ទៅរកផ្លូវអភិវឌ្ឍប្រកបដោយសន្តិភាពវិញ
07/28/2026 05:07 PM