លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃរាលដាលយ៉ាងលឿននៅជិតទីក្រុង Thessaloniki ប្រទេសក្រិក បង្កឱ្យមានការជម្លៀសប្រជាជន

2026/07/05 06:31:39 pm        90
សេវាពន្លត់អគ្គិភ័យរបស់ប្រទេសក្រិកបាននិយាយថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅរាលដាលយ៉ាងឆាប់រហ័សមួយបានឆាបឆេះកាលពីល្ងាចថ្ងៃសៅរ៍ នៅជិតតំបន់ជាយក្រុង Thessaloniki ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសក្រិក ហើយប្រជាជននៅតំបន់ជាយក្រុងតូចៗចំនួនបីនៅភាគខាងជើងនៃទីក្រុងនេះ ត្រូវបានប្រាប់ឱ្យជម្លៀសចេញ។សេវាពន្លត់អគ្គិភ័យ Hellenic បាននិយាយថា ភ្លើងបានឆាបឆេះនៅក្នុងជ្រោះមួយក្នុងតំបន់ភ្នំមួយនៅម៉ោងប្រហែល ៨:៣០នាទី យប់ ហើយបានរាលដាលយ៉ាងឆាប់រហ័សទៅកាន់វាលទំនាប ដោយភាគច្រើនឆេះតាមគុម្ពោតព្រៃ។ សេវានេះបាននិយាយថា ខណៈលំនៅឋានត្រូវបានសង្គ្រោះ អាជីវកម្មជាច្រើនត្រូវបានខូចខាត។ប្រជាជននៅក្នុងតំបន់តាំងទីលំនៅតូចៗនៃតំបន់ជាយក្រុង Anthoupoli, Filothei និង Galini ត្រូវបានជូនដំណឹងតាមរយៈសារជាអក្សរឱ្យជម្លៀសចេញ។អាជ្ញាធរមូលដ្ឋានបាននិយាយ ក៏មានកន្លែងស្នាក់នៅមានមនុស្សចំនួន ១៥៧ នាក់ដែលមានតម្រូវការពិសេសត្រូវបានជម្លៀសចេញផងដែរ។ ប្រហែល ១២០ នាក់ក្នុងចំណោមអ្នកដែលអាចដើរបានកំពុងស្នាក់នៅក្នុងកន្លែងហាត់ប្រាណ ខណៈអ្នកនៅសល់ត្រូវបានស្នាក់នៅក្នុងមន្ទីរពេទ្យវិកលចរិក។ក្រុមអាជ្ញាធរបានប្រកាសកាលពីយប់ជ្រៅថា បុរសអាយុ ៧៦ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានបង្កឲ្យមានភ្លើងឆេះព្រៃ។ សេវាពន្លត់អគ្គិភ័យក្រិកបាននិយាយថា បុរសនោះ ហាក់ដូចជាមិនស្រវឹងស្រា ឬញៀនថ្នាំទេ៕

មេដឹកនាំអ៊ុយក្រែន៖លោកបាននិយាយជាមួយលោកTrump ដោយអំពាវនាវឱ្យមានដំណោះស្រាយជួយបញ្ចប់សង្គ្រាម

2026/07/05 06:19:36 pm        105
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបាននិយាយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅថ្ងៃឈប់សម្រាកទិវាឯករាជ្យ៤ កក្កដា ហើយបានអំពាវនាវឱ្យមានដំណោះស្រាយរបស់អាមេរិក ដើម្បីជួយបញ្ចប់សង្គ្រាមដែលមានអាយុកាលជាងបួនឆ្នាំជាមួយរុស្ស៊ី។មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា លោកមានការសន្ទនា «ល្អណាស់» ជាមួយលោក Trump ដោយពិភាក្សាអំពីស្ថានភាពនៅសមរភូមិ។លោកបាននិយាយថា «មានទស្សនវិស័យពិតប្រាកដមួយដើម្បីបញ្ចប់សង្គ្រាមនេះ ហើយដំណោះស្រាយរបស់អាមេរិកនឹងមានអត្ថន័យដ៏សំខាន់មួយ»។លោក Zelenskyy បាននិយាយថា លោក និងលោក Trump បានយល់ព្រមបន្តការពិភាក្សារបស់ខ្លួននៅឯកិច្ចប្រជុំកំពូល NATO នៅសប្តាហ៍ក្រោយនៅប្រទេសទួរគី។នៅក្នុងការអត្ថាធិប្បាយរបស់លោក លោក Zelenskyy បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកចំពោះជំនួយរបស់ខ្លួននៅទូទាំងជម្លោះ និងបេះដូងអាមេរិក ដែលបានគិតអំពីអនាគតរបស់អ៊ុយក្រែន និងឱ្យតម្លៃសេរីភាពទូទាំងពិភពលោក៕

រលកកម្ដៅរំខានដល់ព្រឹត្តិការណ៍ទិវាឯករាជ្យជាតិអាមេរិក៤កក្កដាទូទាំងប្រទេស និងដាច់ចរន្តអគ្គិសនី

2026/07/05 05:46:08 pm        74
រលកកម្ដៅដ៏គ្រោះថ្នាក់មួយបានរំខានដល់ការប្រារព្ធពិធីទិវាឯករាជ្យជាតិអាមេរិក ៤ កក្កដា ( Fourth of July) នៅទូទាំងតំបន់ភាគកណ្តាល និងភាគខាងកើត សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ដែលបង្ខំឱ្យមន្ត្រីនៅក្នុងរដ្ឋធានី និងកន្លែងផ្សេងទៀតលុបចោល ឬពន្យារពេលក្បួនព្យុហយាត្រា ការប្រគំតន្ត្រី និងការពិធីបាញ់កាំជ្រួចភ្ញី រាប់សិប។យ៉ាងណាក៏ដោយ ទីក្រុង New York នៅតែអាចបន្តប្រារព្ធពិធីបាញ់កាំជ្រួចភ្ញើភ្លឺចិញ្ចាចពេញផ្ទៃមេឃកាលពីយប់ថ្ងៃសៅរ៍ នាឱកាសអបអរសាទរទិវាឯករាជ្យជាតិរបស់ខ្លួន។ ក្នុងចំណោមព្រឹត្តិការណ៍ដែលត្រូវបានរំខានដោយកម្ដៅដ៏ក្តៅគគុកនោះ គឺពិព័រណ៍រដ្ឋអាមេរិកដ៏អស្ចារ្យ (Great American State Fair) នៅលើឧស្យានជាតិ National Mall ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី Donald Trump ក្នុងការប្រារព្ធខួបកំណើតនៃទិវាឯករាជ្យជាតិ លើកទី ២៥០ ឆ្នាំរបស់ប្រទេសនេះ ។ពិព័រណ៍ ដែលត្រូវបានបង្កើតឡើងដើម្បីបង្ហាញរដ្ឋទាំង ៥០ ត្រូវបានបិទជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃសុក្រ ខណៈសីតុណ្ហភាពឡើងដល់ ១០១ អង្សាហ្វារិនហៃ ឬស្មើ ៣៨ អង្សាសេ។កាលពីយប់ថ្ងៃសុក្រ ក្រុមអ្នករៀបចំក្បួនព្យុហយាត្រាទិវាឯករាជ្យជាតិរបស់សេវាកម្មឧទ្យានជាតិនៅទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ពួកគេបានលុបចោលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។ ក្បួនព្យុហយាត្រានេះ ត្រូវបានកំណត់ពេលចាប់ផ្តើមនៅម៉ោង ១០ និង៣០នាទីម៉ោងនៅអាមេរិកកាលពីថ្ងៃសៅរ៍ ដោយសេវាកម្មអាកាសធាតុព្យាករណ៍ថាសន្ទស្សន៍កម្ដៅនឹងឡើងដល់១១៥ អង្សាហ្វារិនហៃ៕

[UPDATE] ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅប្រទេសវ៉េណេស៊ុយអេឡាកើនឡើងដល់ជិត ៣.០០០នាក់

2026/07/05 05:41:22 pm        93
តួលេខផ្លូវការបានបង្ហាញថា រញ្ជួយដីពីរលើកដ៏សាហាវនៅប្រទេសវ៉េណេស៊ុយអេឡាបានសម្លាប់មនុស្សជិត ៣.០០០នាក់ ខណៈក្រុមជួយសង្គ្រោះអន្តរជាតិបានចាប់ផ្តើមបញ្ចប់ប្រតិបត្តិការស្វែងរកអ្នករស់រានមានជីវិតនៅក្នុងគំនរបាក់បែក។ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.៩៥៤នាក់នៅថ្ងៃនេះ ក្រោយអ្នកស្លាប់ជាង ៣០០នាក់ទៀត ត្រូវបានរកឃើញកាលពីថ្ងៃសុក្រ បន្ទាប់ពីគ្រោះមហន្តរាយថ្ងៃទី ២៤ ខែមិថុនា ២០២៦ ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង និងស្នាក់នៅតាមដងផ្លូវ និងជំរំនានា។មនុស្សរាប់ម៉ឺននាក់ទៀតនៅតែបាត់ខ្លួន។គ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតមួយរបស់អាមេរិកឡាទីនមួយនេះ បានវាយប្រហារខ្លាំងបំផុតនៅក្នុងតំបន់ឆ្នេរសមុទ្រ La Guaira ភាគខាងជើងនៃរដ្ឋធានី Caracas ជាកន្លែងដែលអគារលំនៅឋានជាច្រើនដួលរាបដល់ដី។រយៈពេលដប់ថ្ងៃបន្ទាប់ពីការរញ្ជួយដីពីរលើកកម្រិត ៧,២ និង ៧,៥ រ៉ិចទ័រ ក្រុមជួយសង្គ្រោះកំពុងចាប់ផ្តើមបញ្ចប់ការស្វែងរកអ្នករស់រានមានជីវិត ខណៈក្រុមគ្រួសារនៅតែព្យាយាមស្វែងរកសាកសពមនុស្សជាទីស្រលាញ់ពីគំនរបាក់បែក។ពេលវេលាដ៏សំខាន់សម្រាប់ការជួយសង្គ្រោះក្នុងគ្រោះមហន្តរាយដូចជារញ្ជួយដី ជាធម្មតាបញ្ចប់បន្ទាប់ពី ៧២ ម៉ោង ទោះបីជាមានមនុស្សមួយចំនួនត្រូវបានគេរកឃើញទាំងនៅរស់រានមានជីវិតនៅសប្តាហ៍នេះក៏ដោយ៕

អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ

2026/07/04 11:57:11 pm        263
អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ (NPC) លោក He Wei បាននិយាយថាប្រទេសចិន នឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ដោយចេតនា និងបន្តពង្រឹងទំនាក់ទំនងរបស់ពួកគេ។ ក្រសួងការបរទេសចិនបានដកស្រង់សម្តីរបស់លោក He Wei ដែលបាននិយាយថា៖«ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ គឺមិនរង្គោះរង្គើឡើយ ហើយទិសដៅនេះ នឹងមិនផ្លាស់ប្តូរទេ។ យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើការជាមួយភាគីអ៊ីរ៉ង់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែងនៃភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសរបស់យើង»។លោក He Wei បានចូលរួមពិធីបុណ្យសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃសុក្រ។លោកបាននិយាយថា ប្រទេសចិនសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ចំពោះមរណភាពរបស់លោក Ali Khamenei។ លោកបានសម្តែងក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់មេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei ទីក្រុងតេអេរ៉ង់ នឹងស្តារសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី

2026/07/04 11:54:42 pm        282
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Galuzin បាននិយាយថា ទីក្រុងមូស្គូដឹងថា រដ្ឋបាល់ទិកបានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសរបស់ពួកគេសម្រាប់ការវាយប្រហារដោយយានដ្រូនដែលកំណត់គោលដៅភាគពាយ័ព្យនៃប្រទេសរុស្ស៊ី។ ទីក្រុងគីវបានបង្កើនការវាយប្រហារដោយយានដ្រូនរយៈចម្ងាយឆ្ងាយរបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងតំបន់ Leningrad របស់រុស្ស៊ី ដែលព័ទ្ធជុំវិញទីក្រុងធំទី២ របស់ប្រទេសនេះគឺ St. Petersburg ចាប់តាំងពីរដូវផ្ការីកមក។ មានឧប្បត្តិហេតុមួយចំនួនដែលដ្រូនផ្ទុកគ្រឿងផ្ទុះ បានធ្លាក់នៅក្នុងរដ្ឋសមាជិកណាតូក្បែរនោះគឺ ឡាតវី លីទុយអានី និងអេស្តូនី ខណៈពេលដែលកំពុងហោះសំដៅទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ តំបន់ Leningrad បានឃើញការវាយប្រហារដោយយានដ្រូន ដ៏សំខាន់ចុងក្រោយបំផុតរបស់អ៊ុយក្រែន នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។ យ៉ាងហោចណាស់យានដ្រូន ចំនួន ៧២ គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស។ នេះបើយោងតាមអភិបាលតំបន់លោក Aleksandr Drozdenko។ នៅថ្ងៃសៅរ៍នេះដែរ លោក Galuzin បានប្រាប់សារព័ត៌មាន RIA Novosti ថា អាជ្ញាធររុស្ស៊ីបានផ្ទៀងផ្ទាត់ទិន្នន័យដែលបង្ហាញថា ឡាតវី និងសាធារណរដ្ឋបាល់ទិកផ្សេងទៀត បានផ្តល់ច្រករបៀងផ្លូវអាកាសសម្រាប់យានដ្រូនរបស់អ៊ុយក្រែនដែលបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រទេសយើងរួចហើយ»៕

ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី

2026/07/04 11:39:10 pm        156
ក្រុមឧទ្ទាមដឹកនាំដោយក្រុម Tuareg បាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួនបានវាយប្រហារទីក្រុងមួយ នៅភាគខាងជើងប្រទេសម៉ាលី ជាកន្លែងដែលកងទ័ពរដ្ឋាភិបាល និងកងកម្លាំងប៉ារ៉ាយោធារុស្ស៊ីឈរជើង ហើយប្រជាជននៅក្នុងតំបន់ពីរផ្សេងទៀត នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី បានរាយការណ៍ថា បានឮសំឡេងកាំភ្លើង និងការផ្ទុះជាច្រើន។ការប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ៥:០០ ព្រឹក (ម៉ោង ៥:០០ ម៉ោងសកល) បានកើតឡើងជាងពីរខែបន្ទាប់ពីក្រុមដូចគ្នា បានធ្វើការវាយប្រហារប្រឆាំងនឹងរបបយោធាដែលកំពុងកាន់អំណាច ដោយរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ ត្រូវបានសម្លាប់។ការវាយប្រហារទាំងនោះត្រូវបានរាយការណ៍នៅក្នុងទីក្រុង Gao, Anefis, Aguelhok និង Sevare រួមទាំងជាពន្ធនាគារមួយនៅក្នុងទីក្រុង Kenieroba។លោក Mohamed Elmaouloud Ramadane អ្នកនាំពាក្យរបស់រណសិរ្សរំដោះ Azawad (FLA) ដែលជាចលនាបំបែកខ្លួនជនជាតិភាគតិច Tuareg បានប្រាប់សារព័ត៌មាន AFP ថា៖«ទីតាំងជាច្រើនបានដួលរលំ ប៉ុន្តែការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងទីក្រុង Anefis៕

អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន

2026/07/04 11:01:29 pm        284
អ្នកនាំពាក្យរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មាន Arab Newsថា ក្រុមអ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កំពុងស្ថិតក្នុងទឹកដីនៃប្រទេសលីបង់ ដើម្បីប្រមូលភស្តុតាងស្តីពីការរំលោភបំពានដែលប្រព្រឹត្តដោយគ្រប់ភាគីទាំងអស់នៃជម្លោះ ចាប់តាំងពីថ្ងៃទី ០២ ខែមីនា បន្ទាប់ពីទីក្រុងបេរូត បានផ្តល់ការធានាសម្រាប់ការដាក់ពង្រាយបេសកកម្មនេះ។ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) លោក Thameen Al-Kheetan បាននិយាយថា៖«ក្រុមការងាររបស់យើង កំពុងធ្វើការនៅប្រទេសលីបង់ បន្ទាប់ពីទទួលបានការធានាចាំបាច់ពីរដ្ឋាភិបាលលីបង់»។«ការងាររបស់ពួកគេពាក់ព័ន្ធនឹងការសម្ភាសន៍ជាមួយជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស សាក្សី តំណាងសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និងអ្នកពាក់ព័ន្ធផ្សេងទៀត»។លោក Al-Kheetan បាននិយាយថា បេសកកម្មនេះ ដែលការដាក់ពង្រាយត្រូវបានប្រកាសដោយឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk នៅថ្ងៃទី ១០ ខែមិថុនា នឹងស្វែងរកការចូលទៅកាន់តំបន់ដែលរងការវាយប្រហារដោយអរិភាពនៅសងខាងនៃព្រំដែនលីបង់-អ៊ីស្រាអែល ដោយបន្ថែមថា «សន្តិសុខ និងសុវត្ថិភាពរបស់ក្រុមយើង និងអ្នកចូលរួមរបស់យើង គឺសំខាន់ណាស់»៕

ព័រទុយហ្គាល់ស្នើសុំការគាំទ្រពីសហភាពអឺរ៉ុប អេស្ប៉ាញ និងម៉ារ៉ុក ខណៈហានិភ័យភ្លើងចំហេះព្រៃកើនឡើង

2026/07/04 10:38:54 pm        152
លោកនាយករដ្ឋមន្ត្រី Luis Montenegro បាននិយាយកាលពីថ្ងៃសុក្រថា ព័រទុយហ្គាល់បានស្នើសុំឲ្យ សហភាពអឺរ៉ុប អេស្ប៉ាញ និងម៉ារ៉ុក ត្រៀមយន្តហោះពន្លត់អគ្គិភ័យបន្ថែមទៀត ក្នុងករណីភ្លើងចំហេះព្រៃកាន់តែអាក្រក់ទៅៗក្នុងអំឡុងពេលរលកកម្តៅបច្ចុប្បន្ន។ លោកបាននិយាយថា ចលនាមិនធម្មតានេះ មិនមែនបណ្តាលមកពីកង្វះខាតធនធានជាតិនោះទេ ប៉ុន្តែដោយសារតែអ្វីដែលលោកបានពិពណ៌នាថា ជា «ស្ថានភាពពិសេស» នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយប្រទេសទាំងមូល កំពុងប្រឈមនឹងហានិភ័យខ្ពស់ពីភ្លើងឆេះព្រៃ។ដោយពន្យល់ពីមូលហេតុដែលទីក្រុង Lisbon បានធ្វើឲ្យយន្តការការពារស៊ីវិលរបស់សហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយអេស្ប៉ាញ និងម៉ារ៉ុកដំណើរការ លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យើងជឿថា វាជាការប្រសើរជាងក្នុងការទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តសហភាពអឺរ៉ុប និងប្រទេសជិតខាងដែលនៅជិតបំផុត ជាជាងការបង្វែរធនធានពីតំបន់ផ្សេងទៀតនៃប្រទេសនេះ ដែលពួកគេកំពុងត្រូវដាក់ពង្រាយនោះ»។ ផ្នែកខ្លះនៃប្រទេសព័រទុយហ្គាល់ដីគោក គឺស្ថិតនៅក្រោមការព្រមានអាកាសធាតុពណ៌ក្រហមដែលចេញដោយទីភ្នាក់ងារអាកាសធាតុជាតិ IPMA ដោយមានសីតុណ្ហភាពលើសពី ៤០ អង្សាសេ នៅក្នុងស្រុកមួយចំនួន៕

ស្ថានទូតរុស្ស៊ី៖ រុស្ស៊ី និងអាមេរិក គួរតែកសាងភាពជាដៃគូដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក

2026/07/04 10:27:00 pm        144
ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិកថា ប្រសិនបើគ្មានភាពខុសគ្នាខាងមនោគមវិជ្ជាជាមូលដ្ឋានទេ សហរដ្ឋអាមេរិក និងរុស្ស៊ី គួរតែកសាងភាពជាដៃគូដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក។ស្ថានទូតនេះ បានរំលឹកឡើងវិញនូវការគាំទ្ររបស់រុស្ស៊ីនៅដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រអាមេរិក និង «មិត្តភាពក្នុងអំឡុងសង្គ្រាមលោកលើកទី ២»។ ដោយដឹងពីការទទួលខុសត្រូវរបស់ពួកគេចំពោះសន្តិភាព និងសន្តិសុខរបស់ពិភពលោក សូម្បីតែនៅក្នុងឆ្នាំដ៏អាក្រក់បំផុតនៃសង្គ្រាមត្រជាក់ ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ក៏បានរកឃើញវិធីដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាដែរ»។«សព្វថ្ងៃនេះ ដោយមិនមានការបែងចែកមនោគមវិជ្ជាជាគោលការណ៍ ខណៈពេលដែលប្រទេសរបស់យើងទាំងពីរ ដឹកនាំដោយមេដឹកនាំដែលមានគីមីវិទ្យាផ្ទាល់ខ្លួនដ៏ល្អឥតខ្ចោះ គាំទ្រតម្លៃប្រពៃណីនៃគ្រួសារ និងសាសនា អធិបតេយ្យភាព និងរដ្ឋជាតិ ផ្ទុយពី«សណ្តាប់ធ្នាប់ផ្អែកលើច្បាប់» ដែលសេរីនិយមសកលលោក ដែលគ្របដណ្ដប់លើអឺរ៉ុបសម័យទំនើប រុស្ស៊ី និងសហរដ្ឋអាមេរិកអាច និងគួរតែរួមរស់ជាមួយគ្នាដោយស្ថាបនាលើភាពជាដៃគូពិតប្រាកដ អាចសម្រេចបានផ្នែកសេដ្ឋកិច្ច គោរពគ្នាទៅវិញទៅមក និងស្មើភាពគ្នា»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM