លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

ប្រជាជនអ៊ីរ៉ង់ ប្រមូលផ្តុំគ្នានៅតាមដងផ្លូវទីក្រុងតេអេរ៉ង់ មុនពិធីបុណ្យសពរបស់លោក Khamenei

2026/07/03 07:07:09 pm        61
ប្រជាជនអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងតេអេរ៉ង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា មុនពេលពិធីបុណ្យសពមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានឲ្យដឹងថា ពិធីបុណ្យសពនឹងចាប់ផ្តើមនៅទីក្រុងតេអេរ៉ង់នៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ហើយបញ្ចប់ដោយការបញ្ចុះសពរបស់លោកនៅស្រុកកំណើតរបស់លោកនៅទីក្រុង Mashhad ភាគឦសាន នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា។ លោក Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃដំបូងនៃសង្គ្រាម។ ច្បាប់របស់អ៊ីស្លាមតម្រូវថា អ្នកស្លាប់ត្រូវតែបានបញ្ចុះឱ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងរយៈពេល២៤ ម៉ោងបន្ទាប់ពីស្លាប់ ប៉ុន្តែករណីលើកលែងត្រូវបានអនុញ្ញាត ឧទាហរណ៍ដូចជានៅក្នុងពេលមានសង្គ្រាម។ ក្នុងអំឡុងការគ្រប់គ្រងរបស់លោក លោក Khamenei បានកសាងអ៊ីរ៉ង់ឱ្យក្លាយជាកម្លាំងប្រឆាំងសហរដ្ឋអាមេរិកដ៏មានឥទ្ធិពល ដោយពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅទូទាំងតំបន់មជ្ឈិមបូព៌ាតាមរយៈកងកម្លាំងតំណាងដូចជាក្រុមហេសបូឡានៅលីបង់ ខណៈក៏ប្រើកណ្តាប់ដៃដែកដើម្បីបង្ក្រាបការផ្ទុះឡើងភាពវឹកវរនៅក្នុងស្រុក។ លោក Khamenei នៅតែជាអ្នករិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកពេញមួយការគ្រប់គ្រងរបស់លោក ខណៈរដ្ឋបាលអាមេរិកជាបន្តបន្ទាប់បានព្យាយាមដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយមិនទទួលបានជោគជ័យ។

រុស្ស៊ី និងអ៊ុយក្រែន ប្ដេជ្ញាបង្កើនការប្រយុទ្ធគ្នា ក្រោយការវាយប្រហារដ៏សាហាវបំផុតលើរដ្ឋធានីគីវនៅឆ្នាំនេះ

2026/07/03 07:04:17 pm        94
អ៊ុយក្រែន និងរុស្ស៊ី បានសន្យាថានឹងបង្កើនការប្រយុទ្ធគ្នាប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងមូស្គូបានបាញ់ផ្លោងដ៏សាហាវបំផុតរបស់ខ្លួនទៅលើរដ្ឋធានីគីវ ដោយបានសម្លាប់មនុស្ស ២៧ នាក់។ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្ស ៩១ នាក់រងរបួស និងអគារជាង ១៣០ ត្រូវបានបំផ្លាញ។ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា កងកម្លាំងរបស់លោកប្រាកដជានឹងសងសឹកជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីយប់ថ្ងៃព្រហស្បតិ៍។ អភិបាលរដ្ឋធានីគីវ លោក Vitali Klitschko បានប្រកាសកាន់ទុក្ខមួយថ្ងៃនៅក្នុងរដ្ឋធានីសម្រាប់ថ្ងៃសុក្រនេះ។ លោកថា ការខូចខាតត្រូវបានកត់ត្រានៅទូទាំងទីក្រុងដែលមានប្រជាជនប្រហែលបីលាននាក់ ដោយអគារមួយចំនួនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទីក្រុងមូស្គូបាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនទៅលើប្រទេសរុស្ស៊ី។ វិមានក្រឹមឡាំងបាននិយាយថា ក្រុមមេបញ្ជាការយោធារុស្ស៊ីបានជម្រាបជូនប្រធានាធិបតី លោក Vladimir Putin អំពីការវាយប្រហាររបស់រុស្ស៊ី ដោយបន្ថែមថា ទីក្រុងមូស្គូនឹងបង្កើនសម្ពាធដើម្បីសម្រេចគោលដៅសង្គ្រាមរបស់ខ្លួន។ លោក Zelenskyy និយាយថាសរុបមក រុស្ស៊ីបានបាញ់មីស៊ីលជាង ៧០ គ្រាប់ប្រភេទផ្សេងៗគ្នាមកលើអ៊ុយក្រែនពេញមួយយប់ ដែលស្ទើរតែពាក់កណ្តាលជាមីស៊ីលផ្លោង រួមជាមួយនឹងយានដ្រូនវាយប្រហារជិត ៥០០ គ្រឿង រួមទាំងយានដ្រូន shaheds ដែលដំណើរការដោយយន្តហោះចម្បាំង។ ការវាយប្រហារសំខាន់ត្រូវបានតម្រង់ទៅកាន់រដ្ឋធានី គីវ ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានស្តីបន្ទោសការបំផ្លិចបំផ្លាញនេះមួយផ្នែកទៅលើការបរាជ័យរបស់សម្ព័ន្ធមិត្ត ក្នុងការផ្តល់ប្រព័ន្ធការការពារដែនអាកាសដែលបានសន្យា។លោកថា ប្រសិនបើដៃគូរបស់លោកបានបំពេញតាមការសន្យារបស់ពួកគេទាន់ពេលវេលា រូបលោកគិតថាពិតជាអាចជួយសង្គ្រោះផ្ទះសម្បែង និងអាយុជីវិតមនុស្សបានច្រើនជាងនេះនៅថ្ងៃនេះ៕

[UPDATE] ចំនួនអ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជាង២.៥០០ នាក់ខណៈរដ្ឋាភិបាលរងសម្ពាធពីការរិះគន់

2026/07/03 06:22:23 pm        69
ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ២មិថុនា សប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីពីរលើកជាប់គ្នានៅប្រទេសវ៉េណេស៊ុយអេឡាបានកើនឡើងដល់ ២.៥៩៥ នាក់។ ក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះបុរសម្នាក់ដែលជាប់នៅក្នុងគំនរបាក់បែកនៃផ្សារទំនើប ជិតប្រាំបីថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដី។ លោកស្រី Rodriguez បាននិយាយថា មនុស្សជាង ១២.០០០ នាក់បានរងរបួស ខណៈអគារចំនួន ១៨៩ ត្រូវបានបំផ្លាញ។ លោកស្រីបានបន្ថែមថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែកំពុងដំណើរការ។ លោកស្រី Rodriguez បានបដិសេធយ៉ាងដាច់អហង្ការកាលពីថ្ងៃព្រហស្បតិ៍ដែលថារដ្ឋាភិបាលរបស់លោកស្រីបានធ្វើសកម្មភាពយឺតយ៉ាវពេកចំពោះគ្រោះមហន្តរាយបណ្តាលមកពីគ្រោះរញ្ជួយដីពីរលើកដែលបានបំផ្លិចបំផ្លាញឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសនេះ បន្ទាប់ពីការរិះគន់យ៉ាងទូលំទូលាយជាច្រើនថ្ងៃចំពោះកិច្ចខិតខំប្រឹងប្រែងឆ្លើយតបជាផ្លូវការ។ លោកស្រីក៏បាននិយាយផងដែរថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកបានផ្តល់ជំនួយហិរញ្ញវត្ថុ និងឥណទាន ដើម្បីគាំទ្រដល់ការស្តារឡើងវិញរបស់ប្រទេសវ៉េណេស៊ុយអេឡាបន្ទាប់ពីការរញ្ជួយដីពីរលើក បន្តបន្ទាប់គ្នាក្នុងកម្រិត៧,២ និង៧,៥ រ៉ិចទ័រ កាលពីថ្ងៃពុធទី២៤មិថុនាថ្មីៗនេះ។ លោកស្រីបាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡាកំពុងបង្កើតមូលនិធិកសាងឡើងវិញចំនួន ២០០ លានដុល្លារដោយសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ហើយប្រាក់នេះនឹងត្រូវបានផ្តល់ទៅឲ្យបណ្ដាក្រុមហ៊ុនម៉ៅការដើម្បីកសាងឡើងវិញនូវផ្ទះសម្បែងដែលបានបាត់បង់៕

រលកកម្ដៅដ៏គ្រោះថ្នាក់ គំរាមដល់ការប្រារព្ធពិធីអបអរសាទរទិវាឯករាជ្យជាតិអាមេរិកថ្ងៃទី៤ កក្កដាខាងមុខ

2026/07/03 05:54:08 pm        109
ចាប់ពីតំបន់ Midwest ដល់ឆ្នេរសមុទ្រភាគខាងកើត រលកកម្ដៅដ៏គ្រោះថ្នាក់កំពុងរីករាលដាលពាសពេញជាងពាក់កណ្តាលក្នុងទឹកដីសហរដ្ឋអាមេរិក ដែលបង្កើនហានិភ័យនៃសីតុណ្ហភាពក្ដៅបំបែកកំណត់ត្រាក្នុងអំឡុងពេលចុងសប្តាហ៍នាឱកាសទិវាឯករាជ្យជាតិអាមេរិកថ្ងៃទី៤ កក្កដា ស្អែកនេះ ដែលជាថ្ងៃឈប់សម្រាកដ៏មមាញឹកបំផុតមួយរបស់ប្រទេសនេះ។ ក្រុមមន្ត្រីមូលដ្ឋានកំពុងឆ្លើយតបដោយការបើកមជ្ឈមណ្ឌលត្រជាក់ កែសម្រួលព្រឹត្តិការណ៍សាធារណៈ និងពង្រីកសេវាកម្មសង្គ្រោះបន្ទាន់ ខណៈហ្វូងមនុស្សនឹងប្រមូលផ្តុំគ្នាសម្រាប់ពិធីបាញ់កាំជ្រួចភ្ញឺ ពិធីបុណ្យនានា និងការប្រារព្ធពិធីទិវាឯករាជ្យជាតិ។ យោងតាមសេវាអាកាសធាតុជាតិ ប្រជាជនអាមេរិកជិត១៦០លាននាក់នឹងរងផលប៉ះពាល់ ខណៈដូមកម្ដៅដ៏ក្តៅគគុកលាតសន្ធឹងពាសពេញរដ្ឋចំនួន៣០ រហូតដល់ចុងសប្តាហ៍នេះ កម្ដៅកំពុងត្រូវបានជំរុញដោយដូមកម្ដៅ ជាប្រព័ន្ធសម្ពាធខ្ពស់ដែលបង្ខាំងខ្យល់ក្តៅលើតំបន់មួយរយៈពេលជាច្រើនថ្ងៃ។ សំណើមខ្ពស់ក៏កំពុងបង្កើនហានិភ័យសុខភាពផងដែរ ព្រោះវាធ្វើឱ្យកាន់តែពិបាកសម្រាប់រាងកាយមនុស្សក្នុងការត្រជាក់ចុះតាមរយៈការបែកញើស។ នៅទីក្រុងញូវយ៉ក ក្រុមមន្ត្រីកំពុងបើកស្ថានីយ៍បាញ់ចំហាយទឹកតាមទីវាលខាងក្រៅ និងដាក់ពង្រាយរថយន្តត្រជាក់ចល័តដើម្បីផ្តល់ទឹក ឡេការពារកម្តៅថ្ងៃ និងការត្រួតពិនិត្យសុខភាព។ អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទាំងនេះគឺជាលក្ខខណ្ឌដ៏គ្រោះថ្នាក់បំផុត។ សីតុណ្ហភាពនៅក្នុងទីក្រុងនេះអាចលើសពី ១០០ អង្សាហ្វារិនហៃ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ដោយសន្ទស្សន៍កម្ដៅត្រូវបានគេរំពឹងថានឹងខ្ពស់ជាងនេះ ៕

អេស្ប៉ាញ និងបារាំងប្រឈមកម្ដៅកាន់តែខ្លាំង បន្ទាប់ពីខែមិថុនាដ៏ក្តៅគគុកបានបណ្តាលឱ្យមនុស្ស២.០០០នាក់ស្លាប់

2026/07/03 05:49:35 pm        78
អេស្ប៉ាញ និងបារាំង កំពុងត្រៀមទល់ទល់រលកកម្ដៅអាចកើតមានមួយផ្សេងទៀត ដែលអាចនាំមកនូវសីតុណ្ហភាព ៤៤អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈតួលេខបង្ហាញថា កម្ដៅខ្លាំងនៅខែមិថុនា គឺជាមូលហេតុនៃការស្លាប់មនុស្សជាង២.០០០ នាក់ នៅក្នុងប្រទេសទាំងពីរ។ ទីភ្នាក់ងារឧតុនិយមរដ្ឋអេស្ប៉ាញ Aemet និយាយថា ខ្យល់ស្ងួត និងក្តៅខ្លាំងមួយចំនួនធំនឹងនាំមកនូវសីតុណ្ហភាពខ្ពស់ជាប់លាប់ដល់ប្រទេសអេស្ប៉ាញភាគច្រើនចាប់ពីថ្ងៃសៅរ៍ ដោយបន្ថែមថា សីតុណ្ហភាពនៅក្នុងតំបន់មួយចំនួននៃភាគអាគ្នេយ៍អាចឡើងដល់៤២ទៅ៤៤អង្សាសេនៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ។ លោក Rubén del Campo អ្នកនាំពាក្យរបស់ទីភ្នាក់ងារឧតុនិយមរដ្ឋ Aemet និយាយថា សីតុណ្ហភាពនឹងចាប់ផ្តើមកើនឡើងនៅចុងសប្តាហ៍នេះ ហើយពួកលោកមិនអាចច្រានចោលរលកកម្ដៅមួយផ្សេងទៀតបានទេ។ ទីភ្នាក់ងារនេះបាននិយាយថា សីតុណ្ហភាពខ្ពស់អាចបង្កើនលទ្ធភាពនៃភ្លើងឆេះព្រៃនៅសប្តាហ៍ក្រោយ និងបានព្រមានមនុស្សចាស់ និងអ្នកដែលមានបញ្ហាសរសៃឈាមបេះដូងឱ្យប្រុងប្រយ័ត្នបន្ថែមទៀតក្រោមកម្ដៅពេលថ្ងៃ។ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា រលកកម្ដៅដ៏ធ្ងន់ធ្ងរ និងរាលដាលបំផុតដែលបានវាយប្រហារអឺរ៉ុបខាងលិច គឺអាចទៅរួច ដោយសារតែវិបត្តិអាកាសធាតុបង្កឡើងដោយការដុតឥន្ធនៈហ្វូស៊ីល។ តួលេខបណ្ដោះអាសន្នពីអេស្ប៉ាញ និងបារាំងបង្ហាញថា មនុស្សប្រហែល១.០០០នាក់បានស្លាប់ក្នុងប្រទេសនីមួយៗ ដោយសារតែកម្ដៅខ្លាំង។ យោងតាមទិន្នន័យពីប្រព័ន្ធត្រួតពិនិត្យអត្រាមរណភាពប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលអេស្ប៉ាញ MoMo មានអ្នកស្លាប់ចំនួន ១.០២៩នាក់ បណ្តាលមកពីសីតុណ្ហភាពខ្ពស់ក្នុងខែមិថុនា។ ទីភ្នាក់ងារសុខភាពសាធារណៈបារាំងនិយាយកាលពីថ្ងៃអាទិត្យថា រលកកម្ដៅចុងខែមិថុនារយៈពេល១០ថ្ងៃ ដែលក្រុមអ្នកជំនាញនិយាយថា ជារលកកម្ដៅខ្លាំងបំផុតដែលប្រទេសនេះធ្លាប់ជួបប្រទះ បានបណ្តាលឱ្យមានមនុស្សស្លាប់បន្ថែមប្រហែល ១.០០០នាក់ បើធៀបទៅនឹងខែមុនៗ ចន្លោះថ្ងៃទី២៤ និង២៨ ខែមិថុនា ប៉ុន្តែបានព្រមានថា តួលេខនេះមិនទាន់ពេញលេញនៅឡើយទេ។ ចំនួនអ្នកស្លាប់ចុងក្រោយមិនទាន់ត្រូវបានចេញផ្សាយនៅឡើយ៕

លោក Andy Burnham នាយករដ្ឋមន្ត្រីបន្ទាប់របស់អង់គ្លេស ទំនងជាប្រឈមនឹងគម្លាតថវិកាការពារជាតិ

2026/07/03 05:40:29 pm        85
លោក Andy Burnham នឹងត្រូវស្វះស្វែងរកថវិកាបន្ថែមចំនួន ៤,៧ ពាន់លានផោន ស្មើរនឹង៦,២ ពាន់លានដុល្លារ ដើម្បីបិទគម្លាតថវិកាការពារជាតិដែលត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ ខណៈលោកនឹងក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស នៅចុងខែនេះ។ នាយករដ្ឋមន្ត្រី លោក Keir Starmer កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសផែនការការពារជាតិដែលត្រូវបានពន្យារពេលជាយូរមកក្នុងបំណងធ្វើឱ្យកងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេសដែលចុះខ្សោយត្រៀមខ្លួនសម្រាប់សង្គ្រាម ក្នុងពេលមានការគំរាមកំហែងសន្តិសុខកើនឡើង និងព្រមានថា រុស្ស៊ីអាចវាយប្រហារលើសមាជិកណាតូណាមួយក្នុងពេលឆាប់ៗ។ លោក Luke Pollard រដ្ឋមន្ត្រីទទួលបន្ទុកផ្គត់ផ្គង់សព្វាវុធរបស់ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃពុធថា លោក Burnham ទើបតែបានដឹងអំពីបញ្ហាចន្លោះប្រហោងថវិកានៅថ្ងៃដែលវាត្រូវបានផ្សព្វផ្សាយ។ លោក Pollard បានប្រាប់សារព័ត៌មាន Sky News ថា «វាពុំមែនជារឿងចម្លែកទេដែលរដ្ឋាភិបាលធ្វើការប្រកាសដោយនិយាយថា នេះជាអ្វីដែលយើងនឹងចំណាយ ហើយបន្ទាប់មកបំពេញព័ត៌មានលម្អិតនៃរឿងនោះសម្រាប់ថវិកាបន្ទាប់»។ លោក Dan Jarvis រដ្ឋមន្ត្រីក្រសួងការពារជាតិ កំពុងប្រឈមនឹងបញ្ហាជុំវិញគម្លាតថវិកា។ លោក Jarvis បានគេចវេះសំណួរម្តងហើយម្តងទៀតអំពីថាតើត្រូវបញ្ជាក់យ៉ាងដូចម្តេចដល់លោក Burnham ជុំវិញការបន្សល់ទុកនូវភាពចន្លោះប្រហោងថវិកា។ លោក Jarvis បានប្រាប់សារព័ត៌មាន BBC Newsnight ថា «ជាការពិត យើងបានពិភាក្សាជាមួយ លោក Andy Burnham និងក្រុមរបស់លោកអំពីផែនការនេះ» និងបានបញ្ជាក់ពីការផ្តោតការយកចិត្តទុកដាក់របស់លោក Starmer លើការផ្លាស់ប្តូរអំណាចដោយរលូន។

អ្នកវិភាគ៖ អតីតអ្នកចរចាអាមេរិក-អ៊ីរ៉ង់ និយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែពន្លឿនការចរចាជាមួយទីក្រុងតេអេរ៉ង់

2026/07/03 04:58:48 pm        77
អតីតអ្នកចរចាអាមេរិក-អ៊ីរ៉ង់ម្នាក់បាននិយាយទៅកាន់សារព័ត៌មាន Al Jazeera ថា សហរដ្ឋអាមេរិកត្រូវមានចំណាត់ការឲ្យបានកាន់តែលឿន ដើម្បីរក្សាសន្ទុះក្នុងការចរចាជាមួយទីក្រុងតេអេរ៉ង់ នៅពេលដែលពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei បញ្ចប់។ លោក Alan Eyre ជាអ្នកការទូតដ៏លេចធ្លោម្នាក់នៅវិទ្យាស្ថានស្រាវជ្រាវតំបន់មជ្ឈិមបូព៌ាមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ភាគីទាំងពីរចាំបាច់ត្រូវពិភាក្សាគ្នាឲ្យបានញឹកញាប់ និងយូរជាងពេលមុនៗ។ លោក Eyre និយាយថា «នេះគឺជាដំណើរការដ៏ស្មុគស្មាញខ្លាំងរហូតមកដល់ពេលនេះ។ ខ្ញុំយល់ថា ពួកគេបានផ្អាកក្នុងពេលពិធីបុណ្យសពរបស់ លោក Ayatollah Khamenei ប៉ុន្តែក្រោយពីពិធីបុណ្យចប់ ខ្ញុំសង្ឃឹមថាភាគីអាមេរិក ពិតជានឹងបង្កើនល្បឿនការងារនេះ»។ លោកបាននិយាយបន្ថែមថា «ភាគីទាំងពីរនៅមិនទាន់បានចាកចេញពីចំណុចចាប់ផ្តើមទាក់ទងនឹងការដាក់ចេញយន្តការនៃការធ្វើឲ្យច្រកសមុទ្រHormuzបើកទូលាយ និងរបៀបដែលច្រកសមុទ្រនេះត្រូវបានគ្រប់គ្រងនៅឡើយទេ ហើយក៏នៅមានបញ្ហាប្រទេសលីបង់ដែលត្រូវដោះស្រាយ និងបញ្ហានុយក្លេអ៊ែរដែលជាមូលហេតុចម្បងនៃរឿងរ៉ាវទាំងអស់»។

អ្នកវិភាគ៖ អាមេរិកគួរតែផ្តល់អាទិភាពដល់ការបើកឡើងវិញច្រកសមុទ្រ Hormuz និងបន្ថយភាពតានតឹងក្នុងកិច្ចចរចាជាមួយអ៊ីរ៉ង់

2026/07/03 04:56:00 pm        91
លោក Alan Eyre អ្នកស្រាវជ្រាវផ្នែកការទូតដ៏លេចធ្លោម្នាក់នៅវិទ្យាស្ថានមជ្ឈិមបូព៌ាមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ក្នុងការចរចាជាមួយអ៊ីរ៉ង់ សហរដ្ឋអាមេរិកគួរតែផ្តល់អាទិភាពដល់ការបើកឡើងវិញច្រកសមុទ្រ Hormuz បញ្ចប់សង្គ្រាម និងធ្វើឱ្យស្ថានការណ៍នៅប្រទេសលីបង់មានស្ថិរភាព។ លោក Eyre ដែលធ្លាប់បម្រើការជាអ្នកចរចាអាមេរិក-អ៊ីរ៉ង់ក្នុងអំឡុងរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barak Obama បាននិយាយថា លោកជឿថាបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចត្រូវបានដោះស្រាយ។ លោកបាននិយាយបន្ថែមថា ពុំមាន «ការគំរាមកំហែងភ្លាមៗ» របស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ ដោយលើកឡើងពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ ទោះជាយ៉ាងណា លោកបានព្រមានថា ការគំរាមកំហែងនេះមិនអាចត្រូវបានរារាំងដោយគ្មានកំណត់នោះទេ។ «យើងមិនអាចបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានទេ ព្រោះនៅទីបំផុតវាស្ថិតនៅក្នុងគំនិតរបស់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររាប់ពាន់នាក់»។ លោក Eyre បញ្ជាក់ថា «លោកប្រធានាធិបតី Trump ចង់បញ្ចប់សង្គ្រាមនេះ និងបើកច្រកសមុទ្រ Hormuz ព្រោះលោកដឹងថា បើច្រកសមុទ្រនេះនៅតែបិទ ឬនៅតែត្រូវបានរឹតត្បិតកាន់តែយូរ លោកគិតថាផ្នែកសេដ្ឋកិច្ចកាន់តែរងផលប៉ះពាល់ច្រើន»។

[UPDATE] ថៃកំពុងបើកការស៊ើបអង្កេតមូលហេតុក្មេងអាយុ១១ឆ្នាំ បើករថយន្តបំបុកចូលក្បួនព្រះពុទ្ធសាសនាសម្លាប់ព្រះសង្ឃ៩អង្គ

2026/07/03 04:52:40 pm        104
ក្រុមមន្ត្រីបាននិយាយថា ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់បានបើករថយន្តសេរីភីកអាប់មួយគ្រឿងបំបុកចូលក្នុងក្បួនដង្ហែព្រះពុទ្ធសាសនា ដែលកំពុងនិមន្ត និងដើរធម្មយាត្រានៅភាគឦសានប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍២មិថុនាសប្ដាហ៍នេះ ដោយបានសម្លាប់ព្រះសង្ឃ ៩ អង្គ។ មូលហេតុនៃគ្រោះថ្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែនគរបាលបាននិយាយថា ព្រះសង្ឃបានពិពណ៌នាអំពីការមើលឃើញរថយន្តនោះរេចង្កូតមុនពេលរធ្លាក់ចេញពីផ្លូវ ហើយជ្រុលទៅបុកក្រុមមនុស្សតែម្ដង។ ព្រះសង្ឃសរុបចំនួន ៣៥ អង្គមកពីខេត្ត Mukdahan ចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីបាងកក បានធ្វើដំណើរធម្មយាត្រា។ ព្រះសង្ឃចំនួន ៥ អង្គបានសុគតនៅនឹងកន្លែងកើតហេតុ ចំណែកព្រះសង្ឃចំនួន ៤ អង្គទៀតបានសុគតនៅមន្ទីរពេទ្យ។ យោងតាមរដ្ឋបាលខេត្ត ព្រះសង្ឃចំនួន ១៣ អង្គបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយព្រះសង្ឃចំនួន ៣ អង្គស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ធម្មយាត្រានេះបានចាប់ផ្តើមនិមន្ត និង ដើរចម្ងាយ ២៦០ គីឡូម៉ែត្រទៅកាន់ខេត្ត Ubon Ratchathani ប្រហែល ៣០ នាទីមុនពេលមានគ្រោះថ្នាក់។ វីដេអូកាមេរ៉ាសុវត្ថិភាពដែលបានចែករំលែកដោយក្រុមជួយសង្គ្រោះក្នុងស្រុក គឺសមាគមជួយសង្គ្រោះ Ruam Jai Mukdahan Rescue Association បង្ហាញពីព្រះសង្ឃកំពុងនិមន្តជាជួរតែមួយនៅម្ខាងផ្លូវ មុនពេលរថយន្តបុកព្រះសង្ឃទាំងនោះ។ នគរបាលនិយាយថា ក្មេងប្រុសរូបនេះកំពុងត្រូវបានឃុំខ្លួន ហើយនឹងត្រូវសួរចម្លើយនៅពេលដែលមន្ត្រីការពារកុមាររដ្ឋមកដល់។ លោកឧត្តមសេនីយ៍ទោ Pairoj Thaiphutsa មេបញ្ជាការនគរបាលខេត្ត Mukdahan បាននិយាយថា «ជនសង្ស័យជាកុមារ។ រថយន្តបង្កហេតុត្រូវបាននាំយកទៅធ្វើកោសល្យវិច្ច័យដើម្បីកំណត់មូលហេតុ»៕

អ៊ីរ៉ង់ព្រមាននាវាដឹកប្រេងឱ្យប្រើប្រាស់ផ្លូវដែលត្រូវបានអនុម័តក្នុងច្រកសមុទ្រ Hormuz ពុំនោះនឹងប្រឈមការឆ្លើយតបដោយកម្លាំង

2026/07/03 03:46:16 pm        84
បញ្ជាការយោធារួមរបស់អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ២ កក្កដា សប្ដាហ៍នេះ ថានាវាដឹកប្រេងទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវតែប្រើប្រាស់ផ្លូវដែលត្រូវបានអនុម័តរបស់ខ្លួន ពុំនោះនឹងប្រឈមការឆ្លើយតបដោយកម្លាំង ដោយបង្កើនភាពតានតឹងម្តងទៀតលើផ្លូវទឹកដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលអន្តរជាតិមួយនេះ។ ច្រកសមុទ្រ ដែលជាមាត់តូចចង្អៀតនៃឈូងសមុទ្រពែក្ស បានលេចចេញជាបញ្ហាធំបំផុតមួយនៅក្នុងការចរចាស្វែងរកការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្គ្រាមអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍ពីបញ្ជាការយោធា Khatam al-Anbiya ដែលត្រូវបានរាយការណ៍ដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានកើតឡើងបន្ទាប់ពីអ្នកក្រុមការទូតអាមេរិក និងអ៊ីរ៉ង់ បានជួបជាមួយក្រុមអ្នកសម្របសម្រួលកាលពីថ្ងៃពុធសប្ដាហ៍នេះនៅប្រទេសកាតា។ អ៊ីរ៉ង់ កំពុងរៀបចំសម្រាប់ពិធីបុណ្យសពរបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងថ្ងៃដំបូងនៃសង្គ្រាមកាលពីខែកុម្ភៈឆ្នាំនេះ។កាលពីយប់ថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានចេញផ្សាយរូបភាពនៃអ្វីដែលខ្លួននិយាយថាជាមឈូសដែលមានសាកសពរបស់លោក Khamenei ទៅដល់សាល Imam Khomeini Hussainiya សម្រាប់ពិធីលាគ្នា។ គេមិនច្បាស់ទេថាអ្វីដែលបានបង្កឱ្យមានការព្រមានរបស់អ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍អំពីនាវាដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ ទោះជាយ៉ាងណាក៏ដោយ បញ្ជាការកណ្តាលរបស់យោធាអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយអំពីកិច្ចប្រជុំជាមួយមន្ត្រីមកពីប្រទេសមជ្ឈិមបូព៌ានៅបារ៉ែន ដែលបាននិយាយថាក្រុមមេដឹកនាំបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេចំពោះលំហូរពាណិជ្ជកម្មដោយសេរីតាមរយៈច្រកសមុទ្រនេះ។ អ៊ីរ៉ង់ និងអាមេរិកបានព្រមព្រៀងគ្នាជាផ្នែកមួយនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នដើម្បីអនុញ្ញាតឱ្យនាវាឆ្លងកាត់ដោយមិនបង់ប្រាក់រយៈពេល៦០ ថ្ងៃ។ ប៉ុន្តែទីក្រុងតេអេរ៉ង់បានទទូចថាខ្លួនត្រូវតែគ្រប់គ្រងផ្លូវរបស់នាវា ហើយក្រោយមកគិតថ្លៃសម្រាប់ការឆ្លងកាត់ ដែលផ្លាស់ប្តូរការអនុវត្តរាប់ទសវត្សរ៍នៅក្នុងផ្លូវទឹកមួយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM