លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនអំពាវនាវជាបន្ទាន់ដល់សម្ព័ន្ធមិត្តជិត ៤០ សម្រាប់ប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ក្រោយរុស្ស៊ីវាយប្រហារសម្លាប់មនុស្សជិត៣០នាក់

2026/07/03 03:28:32 pm        215
ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២ កក្កដា សប្ដាហ៍នេះថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Mykhailo Fedorov បានអំពាវនាវដល់ប្រទេសដៃគូជិត ៤០ ឲ្យផ្ទេរប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ជាបន្ទាន់ពីឃ្លាំងរបស់ពួកគេនៅក្នុងខែកក្កដានេះ ជាថ្នូរនឹងការដឹកជញ្ជូននាពេលអនាគតដែលបានចុះកិច្ចសន្យារួចហើយសម្រាប់អ៊ុយក្រែន។ការអំពាវនាវនេះកើតឡើងបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតមួយប្រឆាំងនឹងទីក្រុងគីវ កាលពីយប់ថ្ងៃទី ២ ខែកក្កដា នោះដែរ។ រុស្ស៊ីបានបាញ់យានដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់ ទៅលើរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់ របួស ៩១ នាក់ និងបំផ្លាញអគារប្រហែល ១៣០ ខ្នង ដែលជាការវាយប្រហារដ៏សាហាវបំផុតលើរដ្ឋធានីនេះក្នុងឆ្នាំនេះ។ ការផ្ទុះជាច្រើនបានអង្រួនកណ្តាលទីក្រុងគីវពេញមួយយប់ ខណៈប្រជាជនរាប់ពាន់នាក់បានប្រញាប់ប្រញាល់ទៅកាន់ជម្រកមានសុវត្ថិភាព និងស្ថានីយ៍រថភ្លើងក្រោមដីគេចពីការទម្លាក់គ្រាប់បែក ។ យោងតាមក្រសួងការពារជាតិ អ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់មីស៊ីល PAC-2 Patriot រាប់រយគ្រាប់រួចហើយ ដោយមានការគាំទ្រពីអាល្លឺម៉ង់ ប៉ុន្តែការដឹកជញ្ជូនមិនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមរហូតដល់ប៉ុន្មានឆ្នាំខាងមុខ ទេ។ យោងតាមក្រសួងខាងលើ ទីក្រុងគីវ ក៏បានចាត់វិធានការមួយឆ្ពោះទៅរកការទិញប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ប្រហែល ១០០ គ្រាប់បន្ថែមផងដែរ តាមរយៈប្រាក់កម្ចី ១ ពាន់លានអឺរ៉ូគាំទ្រដោយសហភាពអឺរ៉ុប ខណៈដៃគូអឺរ៉ុបបានចាប់ផ្តើមផ្ទេរមីស៊ីលពីឃ្លាំងស្តុកផ្ទាល់ខ្លួនរបស់ពួកគេជាលើកដំបូងនៅឆ្នាំនេះ។ ក្រសួងការពារជាតិបានបន្ថែមថា អ៊ុយក្រែនបានបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធ Patriot ជាងទ្វេដងប្រឆាំងការធ្វើសមយុទ្ធមីស៊ីល Iskanderរបស់រុស្ស៊ីដោយអនុវត្តតាមបទដ្ឋាន After Action Review របស់ណាតូ។ លោក Fedorov ក៏បានអំពាវនាវផងដែរដល់ប្រទេសដៃគូឱ្យចូលរួមចំណែកដល់គំនិតផ្តួចផ្តើម PURL និង JUMPSTART ដែលក្រសួងនេះបានហៅថាជាយន្តការលឿនបំផុត និងគួរឱ្យទុកចិត្តបំផុតសម្រាប់ការផ្គត់ផ្គង់មីស៊ីល Patriot ដល់អ៊ុយក្រែន៕

ពលរដ្ឋអ៊ីរ៉ង់និយាយថា ជីវិតរស់នៅប្រចាំថ្ងៃល្អប្រសើរជាងមុន តែសម្ពាធនៅតែកើតមាន

2026/07/03 03:41:33 am        49
ពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍នេះថា ជីវិតរស់នៅប្រចាំថ្ងៃហាក់ល្អប្រសើរជាងមុន ប៉ុន្តែការលំបាកដូចជាអត្រាគ្មានការងារខ្ពស់ និងកង្វះខាតថវិកានៅតែកើតមាន ។លោក Hossein Kheiri គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់និយាយថា អ៊ីរ៉ង់នឹងមិនបណ្តោយឲ្យប្រទេសរបស់ពួកគេដួលរលំដោយសារតែការងារលំបាកទាំងអស់នេះឡើយ ។លោកថា ការលំបាកលើការចំណាយថ្លៃជួល ការលំបាកលើការចំណាយច្រើន ពួកយើងបានជួបគ្រប់រស់ជាតិនៃជីវិតបែបនេះ ប៉ុន្តែពួកយើងមិនបណ្តោយឲ្យប្រទេសពួកយើងដួលរលំនោះទេ ។ បដា និងផ្ទាំងប៉ាណូមានរូបរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ត្រូវបានមើលឃើញនៅទូទាំងរដ្ឋធានីតេអេរ៉ង់ ស្របពេលដែលពួកគេត្រៀមរៀបចំពិធីបុណ្យរបស់លោក ។បុព្វជិតវ័យ ៨៦ឆ្នាំរូបនេះ ដែលជាអ្នករិះគន់ឥតសំចៃមាត់លើសហរដ្ឋអាមេរិក បានគ្រប់គ្រងប្រទេសអ៊ីរ៉ង់អស់រយៈពេល ៣៦ឆ្នាំមកហើយ មុនពេលរូបលោកត្រូវបានសម្លាប់ នៅថ្ងៃដំបូងនៃការវាយប្រហារព្រួតដៃគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។សូមបញ្ជាក់ថា ពិធីបុណ្យសពរបស់លោកនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ៤ ខែកក្កដា ក្នុងទីក្រុងតេអេរ៉ង់ ហើយនិងបញ្ចប់ទៅជាមួយពិធីបញ្ចុះសពលោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ នៅឯទីក្រុងកំណើត Mashad ៕

កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី

2026/07/03 03:38:55 am        177
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​ចប់អាណត្តិ​ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ដែលបានឈានដល់កម្រិតថ្មីមួយបន្ថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ដូចជា៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, បណ្តុះបណ្តាលវិជ្ជាជីវៈ, កសិកម្ម,​ វប្បធម៌,​ ការពារជាតិ និងសន្តិសុខ​ ជាដេីម។ ទន្ទឹមនឹងនេះ, លោកជំទាវក៏បានអបអរសាទរចំពោះការដាក់ចេញនូវវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងកម្ពុជា និងហ្វីលីពីន ជាពិសេស កិច្ចសហការស្អិតរមួតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាលើការងារនេះ។ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​បាន​បន្តថា​ សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបទី៧០ឆ្នាំនៃការបង្កេីតទំនាក់ទំនងការទូត​ រវាងហ្វីលីពីន និងកម្ពុជា ដែលនេះជាពេលវេលាដ៏សំខាន់ ដែលប្រទេសទាំងពីរត្រូវបន្តពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតបានក៏បានគូសបញ្ជាក់ថា​ ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នៅនឹង​បន្ត​អនុវត្ត​បេសកកម្ម ​ប្រកប​ដោយ​តម្លាភាព និង​អព្យាក្រឹត។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់លោកជំទាវឯក​អគ្គរដ្ឋទូត​ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ សម្ដេចធិបតី បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកជំទាវ​ឯកអគ្គរដ្ឋទូត​ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា និងហ្វីលីពីន នៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ​ និង​ខ្លាំងក្លា ជាពិសេស, លើវិស័យកសិកម្ម និងទេសចរណ៍។សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដែលបានជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក ព្រមទាំងបានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន​ ដោយសន្តិវិធី, ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

ប្រភព៖ មនុស្ស ១៥នាក់រងរបួស ខណៈ​ ៥នាក់មាន​ស្ថានភាពធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះ នៅទីក្រុងដាម៉ាស

2026/07/03 03:32:45 am        58
ការផ្ទុះ នៅក្នុង​ទីក្រុងដាម៉ាសរបស់ប្រទេស​ស៊ីរី នា​ថ្ងៃព្រហស្បតិ៍ (ទី​២ ខែកក្កដា ឆ្នាំ២០២៦) នេះ បានបណ្តាលឱ្យមនុស្សយ៉ាង​ហោចណាស់​ ១៥នាក់រងរបួស ក្នុង​នោះ ៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើយោងតាមប្រភពរបស់​ប្រព័ន្ធផ្សព្វផ្សាយ​ Al Arabiya។នៅ​មុននេះ អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់របស់​ប្រព័ន្ធផ្សព្វផ្សាយ​ Al Arabiya បានរាយការណ៍ថា មានការផ្ទុះនៅក្នុងហាងកាហ្វេមួយ ក្បែរវិមានយុត្តិធម៌ ក្នុងទីក្រុងដាម៉ាស។ចំណែក​អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារ​សារព័ត៌មាន AFP បានឃើញរថយន្តសង្គ្រោះបន្ទាន់បើកឆ្លងកាត់ចរាចរណ៍ ដោយមានសំឡេងស៊ីរ៉ែនបន្លឺឡើង នៅពេលពួកគេធ្វើដំណើរទៅកាន់តំបន់នោះ។រីឯ​ទូរទស្សន៍រដ្ឋបានរាយការណ៍ថា មនុស្សជាច្រើនបានរងរបួសដោយសារតែការផ្ទុះមួយ នៅជិតវិមានយុត្តិធម៌ ហើយថា ប្រភេទ និង​ដើមហេតុ​នៃ​ការផ្ទុះ កំពុងត្រូវបានស៊ើបអង្កេត៕

ជប៉ុនព្រមានពីទឹកជំនន់ និងបំណាក់​ដី នៅតំបន់ភាគខាងកើត និងខាងលិច អំឡុង​ពេល​ភ្លៀងធ្លាក់ខ្លាំង

2026/07/03 03:26:33 am        61
ភ្លៀងធ្លាក់ខ្លាំងបានកើតមាន​នៅ​ភាគខាងជើងនៃកោះ Kyushu នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ ខណៈដែលតំបន់​ភ្លៀងធ្លាក់តាមរដូវ និងប្រព័ន្ធសម្ពាធទាប បានប៉ះពាល់ដល់កោះដ៏​សំខាន់ នៅ​ភាគនិរតីរបស់ប្រទេសជប៉ុន ដោយ​អ្វីដែលហៅថា ខ្សែបន្ទាត់​ភ្លៀងបានកើត​មាន​នៅទូទាំងខេត្តចំនួន ៥ គឺ Fukuoka, Saga, Nagasaki, Kumamoto និង Oita។ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានអំពីបំណាក់ដី ទឹកជំនន់ និងទឹក​ទន្លេឡើង​ខ្ពស់​ ខណៈដែលស្ថានភាពបរិយាកាសប្រែប្រួល​មិនទៀង​ បានរីករាលដាលពាសពេញភាគខាងលិច និងភាគខាងកើតរបស់​ប្រទេស។នៅតំបន់​ Saikai ខេត្ត Nagasaki កម្រិតទឹក​ភ្លៀង​​ជាង ៨០​មីលីម៉ែត្រ បាន​ធ្លាក់​ក្នុងរយៈពេលតែ​ ១ម៉ោង មុនថ្ងៃរះ។ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានបំណាក់​ដីនៅទី​កន្លែង​ជាច្រើននៅទីក្រុង​ Hita ខេត្ត Oita ខណៈដែលទឹក​ទន្លេ Chikugo ក្នុងខេត្ត Kumamoto បានឡើង​ហូរហៀរ។ប្រព័ន្ធសម្ពាធទាបត្រូវបានគេរំពឹងថា នឹងឆ្ពោះទៅទិសខាងកើត នៅ​ភាគខាងកើតប្រទេសជប៉ុន រហូតដល់ថ្ងៃទី៣ ខែកក្កដា ខណៈដែលតំបន់​ភ្លៀងធ្លាក់ រំកិល​បន្តិចម្តងៗទៅភាគខាងត្បូង។ ស្ថានភាពបរិយាកាសនៅតែប្រែប្រួល​មិនទៀង​ នៅ​ខេត្ត Kagoshima ជាកន្លែងដែលអាចមានផ្គររន្ទះ និងខ្យល់បក់ខ្លាំងរហូតដល់ល្ងាចថ្ងៃទី៣ ខែកក្កដា​។ទីភ្នាក់ងារក៏បានជំរុញផង​ដែរ​ឱ្យមានការប្រុងប្រយ័ត្នជាបន្តបន្ទាប់ នៅភាគខាងជើង Kyushu ជាកន្លែងដែលដីសើម និងទឹក​ទន្លេឡើង​ខ្ពស់​ នៅតែជាកង្វល់ បន្ទាប់ពីភ្លៀងធ្លាក់យូរ៕

ក្រុមជួយសង្រ្គោះបន្តរកឃើញសាកសព ខណៈមនុស្សស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ កើនឡើងដល់ ២០នាក់

2026/07/03 03:23:01 am        44
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមជួយសង្រ្គោះ បានរកឃើញសាកសពមនុស្សម្នាក់ទៀតពីអគារស្នាក់នៅរងការបំផ្លិចបំផ្លាញនៅក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន ក្រោយការវាយប្រហារកាលពីយប់កន្លងទៅរបស់រុស្ស៊ី ។រុស្ស៊ី បានបើកការវាយប្រហារយានដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់លើរដ្ឋធានីគីវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ការវាយប្រហារនេះ បណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំបំផុតនៅទីក្រុងគីវ មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ហើយនិងជាការវាយប្រហារស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីខែឧសភា ពេលដែលមនុស្ស ២៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដែលធ្វើឲ្យអគារផ្ទះល្វែងមួយខ្នងរាបដល់ដី ។លោក Tymur Tkachenko គឺជាប្រធានរដ្ឋបាលយោធាទីក្រុងគីវ និយាយថា ចំនួនមនុស្សស្លាប់ បន្ទាប់ពីការវាយប្រហារយានដ្រូន និងមីស៊ីលរបស់រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ បានកើនឡើងដល់ ២០នាក់ ។អភិបាលក្រុងគីវ លោក Vitali Klitschko បានប្រកាសកាន់ទុក្ខក្នុងទីក្រុងរបស់លោកនៅថ្ងៃសុក្រស្អែកនេះ ។ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលកាន់បន្ថយដំណើរទស្សនកិច្ចរបស់លោកនៅអៀរឡង់ ដើម្បីប្រញាប់ប្រញាល់មកកាន់ប្រទេសជាតិវិញនោះ និយាយថា ការខូចខាត ត្រូវបានរាយការណ៍ថា កើតមាននៅទីតាំងជាង ២០កន្លែង ទូទាំងរដ្ឋធានីគីវ ៕

ហ៊្សកដានី បញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសវេណេស៊ុយអេឡា ក្រោយការរញ្ជួយដីសម្លាប់មនុស្សជាង ២ពាន់នាក់

2026/07/03 03:22:40 am        40
ក្រុមការងារនៅទីក្រុង Amman បានលើកជំនួយមនុស្សធម៌របស់ប្រទេសហ៊្សកដានីដាក់លើយន្តហោះ Qatar Emiri Air Force ដែលនឹងធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការរញ្ជួយដីកាលពីសប្តាហ៍មុន ។យោងតាមការអះអាងរបស់កងទ័ពហ៊្សកដានី បានឲ្យដឹងថា ជំនួយមនុស្សធម៌ទំាងអស់នេះ រួមមានគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត និងស្បៀងអាហារទម្ងន់ ២៦តោន បន្ថែមពីលើឧបករណ៍ជួយសង្រ្គោះ ។ប្រធានរដ្ឋសភាវេណេស៊ុយអេឡាលោក Jorge Rodriguez និយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.២៩៥ នាក់ និងមនុស្សជាង១១.០០០នាក់ បានរងរបួស ហើយមនុស្សជិត ១៣.០០០ នាក់ គ្មានផ្ទះសម្បែង ខណៈដែលអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្ស ៥ម៉ឺននាក់កំពុងបាត់ខ្លួន ។មានអ្នករស់រានមានជីវិតពីអព្ភូតហេតុនេះជាច្រើន ដូចជាក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ដែលត្រូវបានគេរកឃើញនៅមានជីវិតកាលពីថ្ងៃអង្គារ រយៈពេល ៧ថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតនៅវេណេស៊ុយអេឡាក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ ៕

លីទុយអានីចាត់វិធានការបញ្ចប់ការហាមឃាត់អាវុធនុយក្លេអ៊ែរ ខណៈ «ស្ថានភាពកាន់តែអាក្រក់ទៅៗ»

2026/07/03 03:15:54 am        34
លោកប្រធានាធិបតីលីទុយអានី បាននិយាយ​ថា គណបក្សនៅ​សភាលីទុយអានី បានព្រមព្រៀងគ្នាលើផែនការមួយ ដើម្បីលុបការហាមឃាត់តាមរដ្ឋធម្មនុញ្ញ ស្ដី​ពី​អាវុធនុយក្លេអ៊ែរ និងមូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសបាល់ទិកមួយ​នេះ​ ជាសញ្ញាមួយដែលបង្ហាញថា តើ​រុស្ស៊ីកំពុងធ្វើ​ឲ្យ​មាន​ការគណនាផ្នែក​សន្តិសុខឡើងវិញនៅក្នុងតំបន់យ៉ាង​ដូចម្ដេច​។វិធានការនេះ ជាការសើរើផ្នែក​ច្បាប់ដ៏សំខាន់មួយដែលនឹងត្រូវការសំឡេងភាគច្រើន ២ភាគ៣ នៅក្នុងការបោះឆ្នោតសភាទាំង​២ ដើម្បីទទួល​បាន​ការ​អនុម័ត នឹងលុបចោលការហាមឃាត់ដែលបានដាក់ឱ្យអនុវត្តជាង ៣ទសវត្សរ៍មុន បន្ទាប់ពីលីទុយអានីបានផ្ដាច់​ចេញពីសហភាពសូវៀត។បន្ទាប់ពីជួបជាមួយមេដឹកនាំគណបក្សមាន​សំឡេង​នៅរដ្ឋ​​សភា នា​ថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ លោកប្រធានាធិបតី Gitanas Nauseda បានប្រាប់អ្នកសារ​ព័ត៌មានថា៖ «ស្ថានភាពភូមិសាស្ត្រនយោបាយកាន់តែអាក្រក់ទៅៗ។ រដ្ឋធម្មនុញ្ញរបស់យើងត្រូវបានសរសេរឡើង នៅពេលដែលកាលៈទេសៈភូមិសាស្ត្រនយោបាយមាន​ស្ថានភាពខុសគ្នាទាំងស្រុង»។ក្នុង​នាម​ជា​ប្រទេស​សមាជិករបស់អង្គការ​ណាតូ (NATO) លីទុយអានី ​ដែលមានព្រំដែនគោកជាមួយតំបន់ Kaliningrad របស់រុស្ស៊ី និងជាមួយសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ គឺបេឡារុស បានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ៣ដង ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២។ប្រទេសនេះកំពុងធ្វើឱ្យប្រសើរឡើងនូវកងកម្លាំងប្រដាប់អាវុធ ពង្រឹងព្រំដែន និងកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់កងពលតូចត្រៀមប្រយុទ្ធរបស់​អាល្លឺម៉ង់ ដែលនឹងមានមូលដ្ឋានជាអចិន្ត្រៃយ៍នៅទីនោះ ក្នុងឆ្នាំ២០២៧ ដើម្បីរារាំងរុស្ស៊ីកុំ​ឲ្យមាន​ការវាយប្រហារ។ការប្រកាសនេះធ្វើឡើង ៤ខែបន្ទាប់ពីសម្ព័ន្ធមិត្តណាតូ គឺប្រទេសហ្វាំងឡង់ ដែលក៏មានព្រំដែនជាប់នឹងរុស្ស៊ីផងដែរ បានប្រកាសពីផែនការលុបចោលការហាមឃាត់ផ្នែកច្បាប់រាប់ទសវត្សរ៍ ស្ដីពី​អាវុធនុយក្លេអ៊ែរ៕

រុស្ស៊ី បញ្ជាក់ថា អឺរ៉ុបកំពុងបង្កើនភាពតានតឹងតាមរយៈ​យោធូបនីយកម្ម ហើយថា ​នឹងចាត់វិធានការសន្តិសុខបន្ថែម

2026/07/03 03:13:52 am        56
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ​២០២៦) នេះ​ថា អឺរ៉ុបបាន និងកំពុងបង្កើនភាពតានតឹងដោយបន្តធ្វើយោធូបនីយកម្ម និងការប្រឈមមុខដាក់គ្នាជាមួយប្រទេស​រុស្ស៊ី។ហើយ​ជាមួយ​គ្នានេះ អំឡុង​ពេល​និយាយ​នៅឯ​សន្និសីទសារព័ត៌មានមួយ ក្នុង​ទីក្រុងមូស្គូ លោក Peskov បានលើកឡើង​ថា រុស្ស៊ីកំពុងត្រូវបានបង្ខំឱ្យរៀបចំផែនការវិធានការបន្ថែម ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន។លោកបាននិយាយ​ថា៖ «វា​មិនមានការសង្ស័យនោះ​ទេថា ការកើនឡើងនៃភាពតានតឹង នៅអឺរ៉ុប កំពុងកើតឡើង។ នៅពេលដែលសហភាពអឺរ៉ុប កំពុងអភិវឌ្ឍអត្តសញ្ញាណការពារជាតិរបស់ខ្លួន វាបានដើរលើមាគ៌ានៃយោធូបនីយកម្ម ហើយបានកំណត់​ខ្លួនឯង ដើម្បីប្រឈមមុខដាក់គ្នាជាមួយសហព័ន្ធរុស្ស៊ី»។លោក Peskov បាន​បន្ត​ថា៖ «យើងមិនអាចធ្វើ​មិន​ដឹង​មិន​ឮចំពោះ​រឿងនេះបានឡើយ​។ កត្តានេះធ្វើឱ្យភាពតានតឹងដែលកំពុងកើនឡើងរួចហើយនៅទ្វីបអឺរ៉ុប កាន់តែធ្ងន់ធ្ងរឡើង ហើយ​បង្ខំយើងឱ្យរៀបចំផែនការវិធានការបន្ថែមដើម្បីធានាសន្តិសុខផ្ទាល់ខ្លួនរបស់យើង»។អ្នក​នាំ​ពាក្យរូបនេះបានបន្ថែម​ថា មានការ​យល់​ឃើញ​ខុសៗគ្នា នៅក្នុងប្រទេសរុស្ស៊ី រួមទាំងក្នុងចំណោមអ្នកសិក្សាផងដែរ អំពីរបៀបដែលល្អបំផុត ដើម្បីធានាសន្តិសុខរបស់ប្រទេស រាប់​ចាប់ពីវិធីសាស្រ្ត «ម៉ឺងម៉ាត់ជាងមុន» រហូតដល់វិធីសាស្រ្ត «កាន់​តែ​តឹង​រ៉ឹង​ខ្លាំង​ឡើងជាងមុន»។ លោកបានសង្កត់ធ្ងន់ថា «ប៉ុន្តែរឿងមួយដែលមិនគួរមានការសង្ស័យ នោះគឺសន្តិសុខដែលអាចទុកចិត្តបានរបស់សហព័ន្ធរុស្ស៊ី និងផលប្រយោជន៍ជាតិរបស់ខ្លួន នឹងត្រូវបានធានាក្នុងករណីណាក៏ដោយ»៕

ក្រុមឧទ្ទាមនៅតំបន់ប៉ាពួររបស់ឥណ្ឌូនេស៊ី អះអាងថា បានសម្លាប់អ្នកបើកបរយន្តហោះអាមេរិក និងដុតយន្តហោះចោល

2026/07/03 03:07:47 am        48
ក្រុមឧទ្ទាមនៅតំបន់ភាគខាងកើតប៉ាពួ របស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅក្នុងរូបភាពវីដេអូឃ្លីបដែលបានបញ្ចេញនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានបាញ់សម្លាប់អ្នកបើកបរយន្តហោះអាមេរិកម្នាក់ និងបានដុតកម្ទេចចោលយន្តហោះ នៅក្នុងសារមួយផ្ញើរជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ។ក្រុមឧទ្ទាមទាំងនេះ បានកាន់កាំភ្លើង និងពូថៅ និងលើកទង់ “Morning Star” គឺជានិមិត្តរូបនៃឯករាជ្យរបស់ខ្លួន ខណៈប្រកាសការវាយប្រហារ ។ នេះបើយោងតាមរូបភាពវីដែអូឃ្លីបដែលបញ្ចេញដោយកងទ័ពរំដោះជាតិប៉ាពួខាងលិច(TPNPB) ។ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ទីតាំង និងកាលបរិច្ឆេតថតវីដេអូមួយនេះបានឡើយ ។លោក Sebby Sambom គឺជាអ្នកនាំពាក្យរបស់កងទ័ព TPNPB និយាយថា ទាហានរបស់ពួកគេបានបាញ់សម្លាប់អ្នកបើកយន្តហោះអាមេរិកម្នាក់នេះគឺលោក Nicholas F. Gosselin និងដុតយន្តហោះគាត់ចោល ក្រោយចុះចតនៅតំបន់ Yahukimo ស្ថិតក្នុងខេត្តប៉ាពួខ្ពង់រាប ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM