លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

ប្រភព៖ អាមេរិកបាន​ប្រាប់​ទីក្រុងតេអេរ៉ង់ អំពីការបដិសេធ ចំពោះការផ្លាស់ប្តូរណាមួយ នៅច្រកសមុទ្រ Hormuz

2026/07/03 03:07:16 am        43
ប្រភពរបស់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya នៅ​ថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) បាន​ប្រាប់​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិកបានផ្ញើសារច្បាស់លាស់ទៅកាន់អ៊ីរ៉ង់ជាពិសេស ទាក់ទងនឹងស្ថានភាព នៅច្រកសមុទ្រ Hormuz បន្ទាប់ពីការចរចាដោយប្រយោល រវាងប្រទេសទាំង២ បានបញ្ចប់នៅទីក្រុងដូហា ប្រទេស​កាតា។ប្រភពទាំងនោះបាននិយាយថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់អ៊ីរ៉ង់ អំពីការបដិសេធរបស់ខ្លួន ចំពោះការផ្លាស់ប្តូរណាមួយ នៅក្នុងស្ថានភាពបច្ចុប្បន្ន នៅច្រកសមុទ្រហ័រមូស។ប្រភពទាំងនោះបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន បានប្រាប់ទីក្រុងតេអេរ៉ង់ថា ការផ្លាស់ប្តូរណាមួយ នឹងត្រូវបានចាត់ទុកថា ជាការរំលោភលើកិច្ចព្រមព្រៀង ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកចាត់ទុកអាកប្បកិរិយា និងវិធីសាស្រ្តរបស់អ៊ីរ៉ង់ ចំពោះស្ថានភាព នៅចក្រ​សមុទ្រ Hormuz ជាការសាកល្បងដំបូងឆ្ពោះទៅរកការប្តេជ្ញាចិត្តរបស់ប្រទេស​នេះ ចំពោះកិច្ចព្រមព្រៀង។ប្រភពទាំងនោះបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវចំណាត់ការ​របស់អ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រមួយ​នេះ​ ដោយកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ ត្រូវបានជូនដំណឹងថា វឌ្ឍនភាពណាមួយ ពាក់ព័ន្ធ​នឹង​មូលនិធិបង្កករបស់ខ្លួន នៅតែជា​លក្ខខណ្ឌ អាស្រ័យលើ​ការអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នាយ៉ាងពេញលេញ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាន​រាយការណ៍​ថា ការជូន​ដំណឹង​នេះកើតឡើងនៅពេលដែលអ៊ីរ៉ង់បានលើកឡើង​នៅ​ថ្ងៃព្រហស្បតិ៍នេះ​ថា ការជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz នឹងបង្កឱ្យមានការឆ្លើយតប «យ៉ាងម៉ឺងម៉ាត់ និងរហ័ស»៕

រដ្ឋមន្ត្រីការបរទេសស៊ីរី៖ ទីក្រុងដាម៉ាសបើកចំហជួប​​ជាមួយក្រុមហេសបូឡា បើជា «ផលប្រយោជន៍ជាតិ»

2026/07/03 02:56:44 am        30
រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បាននិយាយនៅ​ថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ទីក្រុងដាម៉ាសបើកចំហ ក្នុង​ការជួបជាមួយក្រុមហេសបូឡា ប្រសិនបើការធ្វើដូច្នេះ «បម្រើជា​ផលប្រយោជន៍ជាតិ» ខណៈពេលដែលសង្កត់ធ្ងន់ថា បញ្ហានេះមិនត្រូវបានពិភាក្សាឡើយ​ ក្នុងអំឡុងពេលមាន​កិច្ច​ពិភាក្សា​ជាមួយប្រធានសភាលីបង់ លោក Nabih Berri។ដោយ​បាន​និយាយ​បន្ទាប់ពីជួបជាមួយលោក Berri ក្នុង​ទីក្រុងបេរូត លោក al-Shaibani បាននិយាយថា «ប្រសិនបើការជួបជាមួយក្រុមហេសបូឡាបម្រើផលជា​ប្រយោជន៍ជាតិ យើងបើកចំហសម្រាប់ជំនួប​បែបនេះ​»។លោកបានបញ្ជាក់​ថា បញ្ហានេះមិនត្រូវបានលើកឡើងក្នុងអំឡុងកិច្ចប្រជុំនោះទេ ដោយបន្ថែមថា ការពិភាក្សាផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរបៀបដែលបម្រើផលប្រយោជន៍របស់ប្រទេសទាំង២។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់។ការកត់សម្គាល់របស់លោក Al-Shaibani បែបនេះ​ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីស៊ីរី លោក Ahmad al-Sharaa បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយទូរទស្សន៍ Al Mashhad ថា ទីក្រុងដាម៉ាសបើកចំហសម្រាប់ការពិភាក្សាជាមួយភាគីលីបង់ទាំងអស់ ក្នុង​នោះ​រួមទាំងក្រុមហេសបូឡាផងដែរ៕

មនុស្សម្នាក់ស្លាប់ នៅក្នុងការវាយប្រហារដោយគ្រាប់បែកភ្លើងលើផ្ទះមានទំនងជាមួយគណបក្សកាន់អំណាចក្រិក

2026/07/03 02:56:20 am        35
ស្លាកស្នាមឆេះ និងរថយន្តរងការឆាបឆេះ បាននៅកន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកភ្លើងដែលបានសម្លាប់មនុស្សម្នាក់ នៅទីក្រុងភាគខាងជើង Thessaloniki ប្រទេសក្រិកនាថ្ងៃព្រហស្បតិ៍នេះ ។ស្រ្តីវ័យ ៧២ឆ្នាំម្នាក់ បានស្លាប់ដោយសារការរលាកភ្លើងធ្ងន់ធ្ងរ អំឡុងការវាយប្រហារគ្រាប់បែកភ្លើងដែលមានគោលដៅលើមនុស្សមានទំនាក់ទំនងជាមួយគណបក្សកាន់អំណាចប្រជាធិបតេយ្យថ្មីរបស់ក្រិក ។អ្នកស្រុកម្នាក់ដែលព្យាយាមជួយស្រ្តីរងគ្រោះម្នាក់ និយាយថា លោកបានព្យាយាមជួយស្រ្តីវ័យចំណាស់ម្នាក់នេះ ដោយប្រើទឹក និងម៉ាស ហើយលោកបាននាំគាត់ទៅលើរានហាលផ្ទះរបស់លោក ដើម្បីកុំឲ្យគាត់ស្រូបផ្សែង ហើយនិងរលាកអណ្តាតភ្លើង ។ក្រុមវាយប្រហារ បានដាក់កំប៉ុងហ្គាសភ្លើងជាច្រើននៅផ្ទះ ៣កន្លែងរបស់ឥស្សរជនមកពីគណបក្សកាន់អំណាច ស្ថិតក្នុងទីក្រុង Thessaloniki មុនពេលព្រឹកថ្ងៃអង្គារ ក៏បណ្តាលឲ្យមានការផ្ទុះបែបនេះកើតឡើង ។សេចក្តីថ្លែងការណ៍ពីមន្ទីរពេទ្យនិយាយថា លោកយាយ Vagia Nestora ដែលត្រូវជាម្តាយរបស់លោក Afroditi Nestora គឺជាបេក្ខជនគណបក្សប្រជាធិបតេយ្យថ្មី បានស្លាប់ដោយសារលែងដំណើរការសរីរាង្គ ក្រោយរងការឆាបឆេះប្រហែល ៨០ភាគរយលើខ្លួនប្រាណរបស់គាត់ ។ បេក្ខជនរូបនេះ បានរងការឆាបឆេះផងដែរ ហើយមនុស្ស ៣នាក់ផ្សេងទៀត បានរងរបួស ។ពុំទាន់មានការអះអាងទទួលស្គាល់ភ្លាមៗនោះទេចំពោះការវាយប្រហារនេះ ដែលជាការវាយប្រហារលើកដំបូងលើអ្នកនយោបាយក្រិកបណ្តាលឲ្យស្លាប់មនុស្ស ក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ៕

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo ស្វាគមន៍សមភាគីបេឡារុសលោក Lukashenko នៅទីក្រុងហ្សាកាតា

2026/07/03 02:55:54 am        31
នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានស្វាគមន៍សមភាគីបេឡារុសលោក Alexander Lukashenko នៅទីក្រុងហ្សាកាតា អំឡុងដំណើរទស្សនកិច្ចលើកទី ២របស់លោក Lukashenko ទៅកាន់ប្រទេសមួយនេះ ដែលមានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី ហើយនិងពង្រីកឱកាសកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ។ មេដឹកនាំទាំង ២ បានអង្កេតឆ្មាំកិត្តិយស នៅក្នុងពិធីស្វាគមន៍ ដែលរៀបចំឡើងសម្រាប់លោក Lukashenko នៅឯវិមានប្រធានាធិបតី ស្ថិតក្នុងរដ្ឋធានីប្រទេសឥណ្ឌូនេស៊ីមួយនេះ ។ ពួកគេបានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការផងដែរ ដែលគ្របដណ្តប់លើវិស័យវប្បធម៌ ឧស្សាហកម្ម ការថែទាំសុខភាព វិទ្យាសាស្រ្ត និងការស្រាវជ្រាវ ។ គួររំឭកថា លោក Lukashenko បានបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ ២០១៣កន្លងទៅ ៕

រុស្ស៊ីអះអាងថា ពួកគេនឹងបន្តបង្កើនសម្ពាធលើអ៊ុយក្រែន ក្រោយវាយប្រហារទីក្រុងគីវ

2026/07/03 02:55:26 am        35
រុស្ស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងបន្តបង្កើនសម្ពាធលើអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំកាលពីយប់កន្លងទៅលើទីក្រុងគីវ ដែលបានសម្លាប់មនុស្សយ៉ាងហោច ១៧នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ។អ៊ុយក្រែននិយាយថា រុស្ស៊ីបើកការវាយប្រហារមីស៊ីល ៧៤គ្រាប់ និងយានដ្រូន ៤៩៦គ្រឿង ដែលបានបំផ្លិចបំផ្លាញអគារស្នាក់នៅរាប់សិបខ្នង ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ពួកគេមានគោលដៅតែលើទីតាំងយោធាប៉ុណ្ណោះ ។ លោកថា លោកប្រធានាធិបតី Vladimir Putin ត្រូវបានរៀបរាប់សង្ខេបប្រាប់ដោយមេបញ្ជាការយោធាជាន់ខ្ពស់របស់លោកគឺលោក Valery Gerasimov ពីលទ្ធផលនៃអ្វីដែលលោកចាត់ទុកថាជាការវាយប្រហារសងសឹកទ្រង់ទ្រាយធំលើទីក្រុងគីវ និងទីតាំងផ្សេងទៀត ។ នៅឆ្នាំទី ៥នៃសង្រ្គាមរបស់ខ្លួន រុស្ស៊ីបានបង្កើនការវាយប្រហារមីស៊ីល និងយានដ្រូន ជាពិសេសលើទីក្រុងគីវ ស្របពេលដែលអ៊ុយក្រែនបង្កើនការវាយប្រហារយានដ្រូនលើវិស័យថាមពលរុស្ស៊ី ធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកគេ ដែលនាំឲ្យមានកង្វះខាតប្រេងជាសកល ៕

នាយករដ្ឋមន្រ្តីប៉ាគីស្ថាននឹងចូលរួមពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Khamenei

2026/07/03 02:34:41 am        90
អ្នកនំាពាក្យក្រសួងការបរទេសប៉ាគីស្ថាន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif នឹងទៅចូលរួមពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ។បុព្វជិតវ័យ ៨៦ឆ្នាំរូបនេះ ដែលជាអ្នករិះគន់ឥតសំចៃមាត់លើសហរដ្ឋអាមេរិក បានគ្រប់គ្រងប្រទេសអ៊ីរ៉ង់អស់រយៈពេល ៣៦ឆ្នាំមកហើយ មុនពេលរូបលោកត្រូវបានសម្លាប់ នៅថ្ងៃដំបូងនៃការវាយប្រហារព្រួតដៃគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។ពិធីបុណ្យសពរបស់លោកនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ៤ ខែកក្កដា ក្នុងទីក្រុងតេអេរ៉ង់ ហើយនិងបញ្ចប់ទៅជាមួយពិធីបញ្ចុះសពលោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ នៅឯទីក្រុងកំណើត Mashad ។លោក Tahir Andrabi គឹជាអ្នកនាំពាក្យការិយាល័យការបរទេសប៉ាគីស្ថាន បានបញ្ជាក់ផងដែរថា ប៉ាគីស្ថាន និងកាតា បានចូលរួមជាមួយក្រុមចរចាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងដូហា នាសប្តាហ៍នេះ ដោយសម្រេចបានវឌ្ឍនភាពប្រកបដោយវិជ្ជមានលើអនុស្សរណៈយោគយល់ ។លោកបន្តថា ភាគីពាក់ព័ន្ធ បានឯកភាពគ្នាបន្តកិច្ចប្រជុំ និងកំណត់ពេលជំនួបបន្ទាប់ក្រោយពិធីបុណ្យសពរបស់លោក Khamenei ៕

មេដឹកនាំអឺរ៉ុបថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី និងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ​អ៊ុយក្រែន ​

2026/07/03 02:31:31 am        94
មន្ត្រីអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ បានថ្កោលទោសការវាយប្រហារចុងក្រោយរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលទីក្រុងគីវ បានឲ្យដឹង​ថាបានសម្លាប់មនុស្ស ១៣ នាក់ ដោយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បានប្រកាសពីផែនការ ដើម្បីស្នើទណ្ឌកម្មថ្មីផ្តោតលើអង្គភាពដែលគាំទ្រមជ្ឈមណ្ឌល​យោធា-ឧស្សាហកម្មរបស់រុស្ស៊ី។លោកស្រី Kallas បានសរសេរនៅលើបណ្ដាញ​សង្គម X ថា៖ «ពាក្យថ្កោលទោសតែម៉្យាង​ នឹងមិនបញ្ឈប់ការវាយប្រហារលើទីក្រុងគីវបានឡើយ​។ មានតែការគាំទ្រផ្នែកយោធាប្រកបដោយចីរភាព សម្រាប់អ៊ុយក្រែន និងការ​បង្កើន​សម្ពាធ លើទីក្រុងមូស្គូប៉ុណ្ណោះ ទើប​អាចសម្រេច​គោល​ដៅ​នោះ​បាន»។លោកស្រីបានបន្ត​ទៀត​ថា EU នៅសប្តាហ៍នេះ បានចាប់ផ្តើមផ្តល់ប្រាក់កម្ចីចំនួន ៦ពាន់លានអឺរ៉ូ (ប្រហែល ៦,៨ពាន់លានដុល្លារ) ក្រោមប្រាក់កម្ចីគាំទ្រ ៩០ពាន់លានអឺរ៉ូ (១០២,៧ពាន់លានដុល្លារ) ដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែន។លោកស្រី Kallas បាននិយាយថា៖ «ថ្ងៃនេះ ខ្ញុំនឹងស្នើឱ្យដាក់ទណ្ឌកម្មអង្គភាពជាច្រើនទៀតដែលគាំទ្រមជ្ឈមណ្ឌលយោធា-ឧស្សាហកម្មរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ។ ទីក្រុងមូស្គូកាន់​តែ​វាយប្រហារជនស៊ីវិល ការដាក់​ទណ្ឌកម្មកាន់តែច្រើនត្រូវបង្កើន​។ យើងបន្តវិធានការ​កាន់​តែតឹង​រ៉ឹង​ រហូត​ដល់រុស្ស៊ីដឹង​ថា ខ្លួនមិនអាចទទួល​បាន​ជ័យជម្នះ​ឡើយ​»។លោកស្រីបានបន្ថែម​ថា បុគ្គលិកទាំងអស់របស់ EU នៅទីក្រុងគៀវ ត្រូវបានទាក់ទង និងមាន​សុវត្ថិភាព​ បន្ទាប់ពីមាន​ការវាយប្រហារ ហើយបានថ្លែងអំណរគុណដល់បុគ្គលិកទាំង​នោះ​ ដែល​បន្តការងាររបស់ពួកគេ «នៅ​ក្រោមកាលៈទេសៈដ៏លំបាកបំផុត» នេះ៕

រដ្ឋ​អាជ្ញាអាល្លឺម៉ង់៖ អាជ្ញាធរអ៊ុយក្រែនបានបញ្ជាឱ្យមានការបំផ្លិចបំផ្លាញបំពង់បង្ហូរ Nord Stream

2026/07/03 02:28:34 am        60
រដ្ឋ​អាជ្ញាអាល្លឺម៉ង់ នៅ​ថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់ថា អាជ្ញាធររដ្ឋអ៊ុយក្រែន គឺជាអ្នក​នៅពីក្រោយការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័នដែលតភ្ជាប់ប្រទេសរុស្ស៊ីជាមួយអឺរ៉ុប គឺ​ Nord Stream ក្នុងឆ្នាំ២០២២ ដោយ​ការ​ចោទ​ប្រកាន់​នេះ​ធ្វើឱ្យស្មុគស្មាញដល់ ទំនាក់ទំនងជិតស្និទ្ធ រវាងទីក្រុងគីវ និងអ្នកគាំទ្រយោធាសំខាន់របស់ខ្លួន គឺទីក្រុងប៊ែរឡាំង។ការវាយប្រហារដោយគ្រឿងផ្ទុះ នៅសមុទ្របាល់ទិក បានបំផ្លាញបំពង់បង្ហូរប្រេងក្រោម​បាតសមុទ្រចំនួន ៣ ក្នុងចំណោម ៤ នៃតំណភ្ជាប់ថាមពលដ៏​សំខាន់ទៅកាន់អាល្លឺម៉ង់ និងបាននាំ​ឲ្យមាន​ការ​បញ្ចេញឧស្ម័នមេតានក្នុងបរិមាណច្រើន​បំផុត​ទៅក្នុងបរិយាកាស។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលរៀបរាប់លម្អិត អំពីការចោទប្រកាន់ប្រឆាំងនឹងជនសង្ស័យម្នាក់ រដ្ឋ​អាជ្ញាអាល្លឺម៉ង់ បានបញ្ជាក់​ថា រូប​គេ និងសមាជិកផ្សេងទៀតនៃយោធាអ៊ុយក្រែន បានធ្វើសកម្មភាព «តាមបញ្ជារបស់អាជ្ញាធររដ្ឋ នៅអ៊ុយក្រែន»។ករណីនេះគឺមិន​អំណោយ​ផល​ឡើយ សម្រាប់អាល្លឺម៉ង់ និងអ៊ុយក្រែន នៅពេលដែលអាល្លឺម៉ង់ ដែលជាប្រទេស​មាន​សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប បានលេចឡើង​ក្នុង​នាម​ជាអ្នកគាំទ្រយោធាធំបំផុតរបស់អ៊ុយក្រែន ក្នុងអំឡុង​សង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ជនសង្ស័យដែលស្ថិត​ក្រោម​ការ​សួរចម្លើយ ត្រូវបានចាប់ខ្លួនកាលពី​រដូវក្តៅឆ្នាំ២០២៥ នៅប្រទេសអ៊ីតាលី ហើយត្រូវបានធ្វើបត្យាប័នទៅអាល្លឺម៉ង់ នៅខែវិច្ឆិកា និង​ត្រូវបានដាក់ឈ្មោះនៅពេលនោះថា Serhii Kuznietsov។ក្នុងសេចក្តីថ្លែងការណ៍ នៅ​ថ្ងៃព្រហស្បតិ៍ រដ្ឋ​អាជ្ញាបានលើក​ឡើង​ថា រូប​គេ​គឺជា «មន្ត្រីម្នាក់នៅក្នុងជួរ​កងទ័ពអ៊ុយក្រែន» ហើយថា បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ «រូបគេ​ និងសមាជិកយោធាដទៃទៀត បានបង្កើតផែនការមួយ ដើម្បីបំផ្លាញ» បំពង់បង្ហូរ ដោយមាន​គោល​រាំង​ខ្ទប់​ចំណូល​បាន​ពី​ឧស្ម័នកុំ​ឲ្យ​ធ្លាក់​ទៅក្នុងដៃ​​រុស្ស៊ី៕

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅបារាំង ក្រោយរលកកម្តៅវាយប្រហារអឺរ៉ុប

2026/07/03 02:26:20 am        50
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃជាច្រើកន្លែងនៅតំបន់ភាគខាងត្បូងប្រទេសបារាំងនាថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលប្រទេសមួយនេះ ជួបស្ថានភាពអាកាសធាតុក្តៅខ្លាំង បន្ទាប់ពីរលកកម្តៅវាយប្រហារអឺរ៉ុប ។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Laurent Nunez និយាយថា ភ្លើងឆេះព្រៃ ៣កន្លែង ក្នុងនោះភ្លើងឆេះព្រៃ ២កន្លែង បានឆាបឆេះទីក្រុងកំពង់ផែ Marseille ស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេនោះ បានឆាបឆេះដីព្រៃសរុប ១.២១០ហិចតា ។កាលពីសប្តាហ៍មុន អង្គការឧតុនិយមពិភពលោក បានព្រមានថា សីតុណ្ហភាពជាប់កំណត់ត្រាដែលបានកម្លោចតំបន់ភាគខាងលិចអឺរ៉ុបអស់រយៈពេលជាង ១សប្តាហ៍មកហើយ ចាប់តាំងពីចុងខែមិថុនារហូតមកនោះ នឹងធ្វើឲ្យហានិភ័យកាន់តែអាក្រក់ទៅនៃភ្លើងឆេះព្រៃ ។ភ្លើងឆេះព្រៃធំបំផុត កំពុងឆាបឆេះនៅតំបន់រដ្ឋបាល Aude ស្ថិតនៅជិតព្រំដែនប្រទេសអេស្ប៉ាញ ក្នុងនោះដីព្រៃប្រហែល ៩០០ហិចតា រងការឆាបឆេះគ្មានសេសសល់ ។ អាជ្ញាធរក្នុងស្រុក និយាយថា ខ្យល់បក់ខ្លាំង បង្កការលំបាកដល់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ៨០០នាក់ ដែលកំពុងព្យាយាមពន្លត់អណ្តាតភ្លើង ។ខណៈពេលនោះដែរ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើងផងដែរ នៅតំបន់ Rognac ស្ថិតនៅជិតអាកាសយានដ្ឋានក្រុង Marseille ហើយនិងបានគ្រប់គ្រងភ្លើងឆេះព្រៃមួយទៀត ដែលបានឆាបឆេះដីព្រៃ ២៦០ហិចតា ក្នុងសង្កាត់ Lancon-Provence ។ ក្រុមមន្រ្តីក្នុងស្រុកនិយាយថា គ្មានគ្រោះថ្នាក់កើតឡើងនោះទេ ៕

ម្ចាស់ហាងជនជាតិបរទេសបន្តស្នាក់នៅអាហ្វ្រិកខាងត្បូង បើទោះបីជាមានបាតុកម្មប្រឆាំងជនអន្តោប្រវេសន៍ក៏ដោយ

2026/07/03 02:23:19 am        41
លោក Daniel Abide វ័យ ៣៣ឆ្នាំ គឺជាម្ចាស់ហាងលក់ទំនិញខ្នាតតូចនៅទីក្រុង Clermont ស្ថិតនៅជិតទីក្រុង Durban ដែលត្រូវបានចោរចូលលួចទំនិញកាលពីយប់ថ្ងៃអង្គារនោះ និយាយថា ជនបរទេសពុំបានដណ្តើមការងារពីពលរដ្ឋអាហ្វ្រិកខាងត្បូងនោះទេ ។ ពួកយើងចាប់ផ្តើមការងារខ្នាតតូចនៅទីនេះ នៅអាហ្វ្រិកខាងត្បូង ពួកយើងបានចំណាយថ្លៃជួលផ្ទះ ។លោក Abide បានធ្វើដំណើរមកពីប្រទេសអេត្យូពីកាលពីរយៈពេល ១ទសវត្សរ៍មុន ហើយលោកមានហាងលក់ទំនិញខ្នាតតូច ២កន្លែង ដែលហាងមួយកន្លែង ត្រូវបានចោរចូលលួច ។ លោកសង្ឃឹមថា នឹងអាចបើកហាងមួយនេះឡើងវិញបាន ។លោកថា ពលរដ្ឋអាហ្វ្រិកខាងត្បូង ធ្វើការជាមួយលោក ហើយលោកបានផ្តល់ប្រាក់ខែដល់ពួកគេ ។ បើទោះបីជាត្រូវចោរចូលលួចទំនិញយ៉ាងណាក្តី លោក Abide និយាយថា លោកនឹងវិលត្រឡប់ទៅកាន់ប្រទេសអេត្យូពីវិញ បើសិនជាស្ថានភាពនៅទីនោះល្អប្រសើរជាងមុន ។គួរឲ្យដឹងថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍នៅទូទាំងប្រទេស ដែលភាគច្រើននៃបាតុកម្មមានសភាពស្ងប់ស្ងាត់ ប៉ុន្តែការតវ៉ាខ្លាំងប្រែក្លាយជាអំពើហិង្សា និងចោរកម្ម នៅតាមទីតាំងមួយចំនួន ។បាតុកម្ម បានកើតមានឡើង ក្រោយភាពរំជើបរំជួលអស់រយៈពេលជាច្រើនខែបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រៅប្រទេស ស្របពេលដែលជនបរទេស ត្រូវបានអូសចេញពីផ្ទះរបស់ពួកគេ ហើយធុរកិច្ច និងទ្រព្យសម្បត្តិរបស់ពួកគេ រងការបំផ្លិចបំផ្លាញ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM