លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

សភាបារាំងអនុម័ត​គាំទ្រផែនការចំណាយយោធាជិត ៥០០ពាន់លានដុល្លារ

2026/07/03 12:25:57 am        52
សភាបារាំងបានអនុម័តផែនការចំណាយយោធាដែលត្រូវ​បានធ្វើបច្ចុប្បន្នភាព ជាគម្រោង​ដែលនឹងបង្កើនការវិនិយោគការពារជាតិដល់ ៤៣៦ពាន់លានអឺរ៉ូ (ជិត ៥០០ពាន់លានដុល្លារ) នៅឆ្នាំ២០៣០ ខណៈរដ្ឋាភិបាលកំពុងសម្លឹងដល់​ការពង្រឹងកងកម្លាំងប្រដាប់អាវុធ ស្រប​ពេលមានក្ដី​បារម្ភ អំពីសន្តិសុខសកលកើនឡើង។ទូរទស្សន៍បារាំង BFM TV បានរាយការណ៍ថា ច្បាប់ ស្តីពីកម្មវិធីយោធាដែលត្រូវ​បានកែសម្រួលនេះ ត្រូវបានអនុម័តកាល​ថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) ដោយរដ្ឋសភាបារាំង ដោយមានការ​គាំទ្រ ៣៧៥សំឡេង និងប្រឆាំង ១១៣សំឡេង​ បន្ទាប់ពីមាន​ការអនុម័ត នៅ​មុននេះ​ ក្នុងព្រឹទ្ធសភាបារាំង។ផែនការនេះបន្ថែមប្រហែល ៣៦ពាន់លានអឺរ៉ូទៅ​ក្នុងការចំណាយបន្ថែម បើធៀបជាមួយ​គម្រោង​​ពីមុន​។ គម្រោង​នេះ​មានគោលបំណងឆ្លុះបញ្ចាំងការ​រៀន​សូត្រមេរៀន ពី​ជម្លោះ នៅប្រទេស​អ៊ុយក្រែន និងតំបន់​មជ្ឈិមបូព៌ា ក្នុង​នោះ​រួមទាំងតម្រូវការក្នុងការបង្កើនការ​ស្តុកមីស៊ីល និងគ្រាប់កាំភ្លើង​ធំ​ និងពង្រីកការវិនិយោគ លើយាន​ដ្រូន​ និងប្រព័ន្ធប្រឆាំងយានដ្រូន​។រដ្ឋាភិបាលបានលើក​ឡើង​ថា ច្បាប់នេះត្រូវការជាចាំបាច់ ដើម្បីឆ្លើយតបទៅនឹងបរិយាកាសអន្តរជាតិដ៏គ្រោះថ្នាក់បន្ថែម​ទៀត​។ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ លោកស្រី Catherine Vautrin បានប្រាប់សមាជិកព្រឹទ្ធសភាថា ការផ្លាស់ប្តូរនេះ គឺចាំបាច់ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។លោកប្រធានាធិបតី Emmanuel Macron ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះឱ្យក្លាយជាច្បាប់ជា​ធរមាន នៅថ្ងៃទី១៤ ខែកក្កដា៕

ក្រុមហ៊ុនអាកាសចរណ៍កូវ៉ែត ចាប់ផ្តើមជើងហោះហើរទៅកាន់ទីក្រុងដាម៉ាសជាលើកដំបូង ក្នុងរយៈពេល ១៤ ឆ្នាំ

2026/07/03 12:21:47 am        33
ក្រុមហ៊ុនអាកាសចរណ៍កូវ៉ែត នឹងចាប់ផ្តើមជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងដាម៉ាស រដ្ឋធានីនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី និងទីក្រុងកូវ៉ែត នៅថ្ងៃទី ១៥ ខែកក្កដា ដែលជាលើកដំបូងក្នុងរយៈពេល ១៤ ឆ្នាំដែលខ្លួនបានផ្តល់ជូនផ្លូវនេះ។អាជ្ញាធរអាកាសចរណ៍ស៊ីវិលស៊ីរី បាននិយាយកាលពីថ្ងៃពុធថា ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការតភ្ជាប់ផ្លូវអាកាសរវាងស៊ីរី មជ្ឈិមបូព៌ា និងលើសពីនេះ និងផ្តល់ឲ្យអ្នកធ្វើដំណើរនូវជម្រើសកាន់តែច្រើន។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី។ការហោះហើរនេះ បានកើតឡើងបន្ទាប់ពីជើងហោះហើរលើកដំបូងទៅកាន់ប្រទេសស៊ីរីដោយក្រុមហ៊ុនអាកាសចរណ៍ Jazeera Airways របស់ប្រទេសកូវ៉ែត ដែលបានចុះចតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅអាកាសយានដ្ឋានអន្តរជាតិ Aleppo ដែលជាអាកាសយានដ្ឋានធំទី ២ របស់ប្រទេសនេះ បន្ទាប់ពីទីក្រុងដាម៉ាស ដោយដឹកអ្នកដំណើរចំនួន ១៤៨នាក់។យ៉ាងហោចណាស់មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១២ បានបន្តជើងហោះហើរទៅ និងមកពីទីក្រុងដាម៉ាស និងអាឡេប៉ូ (Aleppo) បន្តិចម្តងៗ ចាប់តាំងពីការដួលរលំនៃរបបលោក អាសាដ ក្នុងខែធ្នូ ឆ្នាំ ២០២៤ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលជិត ១៤ ឆ្នាំ។ ពួកគេរួមមានក្រុមហ៊ុនអាកាសចរណ៍ធំៗដែលដំណើរការដោយអារ៉ាប់ដូចជា flynas និង Flyadeal របស់អារ៉ាប៊ីសាអ៊ូឌីត ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways របស់អេមីរ៉ាតអារ៉ាប់រួម ក្រុមហ៊ុន Royal Jordanian និងក្រុមហ៊ុនអាកាសចរណ៍ Afriqiyah Airways របស់ប្រទេសលីប៊ី៕

UN៖ ប្រហែល ៤០% នៃជនភៀសខ្លួន​ជាង ១លាននាក់ នៅលីបង់ បានវិលត្រឡប់ទៅផ្ទះសម្បែង​វិញ

2026/07/03 12:18:23 am        59
អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) លោក Stephane Dujarric បាននិយាយកាលពីថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) ថា ប្រហែល ៤០ភាគរយ​នៃប្រជាជនជាង ១លាននាក់ដែលបាន​ភៀសខ្លួន នៅក្នុងប្រទេសលីបង់ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល បានវិលត្រឡប់ទៅកាន់តំបន់លំនៅឋាន​របស់ពួកគេវិញ។ដោយដកស្រង់សម្តីមន្ត្រីមកពីអង្គការអន្តរជាតិ សម្រាប់អន្តោប្រវេសន៍ (IOM) របស់ UN លោក Dujarric បានឱ្យដឹង​ថា៖ «នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្តារឡើងវិញ (ប៉ុន្តែ) មនុស្សរាប់ពាន់នាក់នៅតែត្រូវផ្លាស់ទីលំនៅ ហើយបន្តពឹងផ្អែកលើជំនួយមនុស្សធម៌»។លោកបាន​បន្ត​ថា៖ «យើងសូមបញ្ជាក់ម្តងទៀតថា ការវិលត្រឡប់ទៅ​វិញ​ត្រូវតែមានសុវត្ថិភាព ពួកគេត្រូវតែស្ម័គ្រចិត្ត ពួកគេត្រូវតែមានសេចក្តីថ្លៃថ្នូរ ហើយអ្នកដែលត្រឡប់ទៅ​វិញ ត្រូវតែមានលទ្ធភាពទទួលបានទំនិញមនុស្សធម៌ដែលពួកគេត្រូវការ»។ដោយបាន​លើកឡើងថា កម្មវិធីស្បៀងអាហារពិភពលោក និងដៃគូរបស់ខ្លួន កាលពីថ្ងៃអង្គារ បានផ្តល់ជំនួយ «ចាំបាច់» ទៅកាន់តំបន់ដែលពិបាកចូល​ទៅដល់ នៅទូទាំងភាគខាងត្បូងនៃ​ប្រទេសលីបង់ លោកបានបន្ថែម​ថា «យើងបន្តសង្កត់ធ្ងន់ថា លទ្ធភាព​ទទួល​បាន​របស់របរ​ប្រើប្រាស់មនុស្សធម៌ត្រូវតែផ្តល់ឱ្យអ្នកដែលត្រូវការវា»។គួរបញ្ជាក់ថា អ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកចុងក្រោយរបស់ខ្លួន នៅលីបង់ កាល​ពី​ដើមខែមីនា ហើយបានបដិសេធមិនដកទ័ពចេញពីទឹកដីនេះឡើយ​ ទោះបីជាមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងក្របខ័ណ្ឌដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ៕

ប្រភព៖ អឺរ៉ុប នឹងបំពេញស្ទើរ​គ្រប់​ចន្លោះបន្សល់ទុក​​ដោយ​​អាមេរិក ក្នុងផែនការការពារជាតិរបស់ណាតូ

2026/07/02 11:46:58 pm        65
ប្រភពមួយរបស់អង្គការណាតូ (NATO) បានប្រាប់សារព័ត៌មាន Reuters ​កាលពីថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) ថា នៅក្នុងកិច្ចប្រជុំកំពូលទីក្រុង Ankara ប្រទេសទួរគី នាសប្តាហ៍ក្រោយ អង្គការណាតូ នឹងប្រកាសថា សមាជិកអឺរ៉ុបរបស់ខ្លួន បានបំពេញចន្លោះស្ទើរតែទាំងអស់ដែលសហរដ្ឋអាមេរិកបានបន្សល់ទុក នៅក្នុងផែនការការពារជាតិរបស់សម្ព័ន្ធភាព​មួយ​នេះ​។តែយ៉ាង​ណាក្ដី ចន្លោះប្រហោងសំខាន់​ដែលអង្គការ​ណាតូ នៅតែកំពុងជួប​ការ​លំបាក ក្នុង​ការ​បំពេញ គឺយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលសហរដ្ឋអាមេរិក បានឱ្យដឹង​ថា ខ្លួននឹងទុក​យន្តហោះតែ ១​គ្រឿង ជំនួសឱ្យ ២គ្រឿង។ នេះបើយោងតាមប្រភព ដែល​បាន​និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។សហរដ្ឋអាមេរិកបានប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនកាលពីខែឧសភាថា ខ្លួនបានសម្រេចចិត្តបង្រួមសមត្ថភាពយោធាដែលបាន​ប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រ​អាត្លង់ទិកមួយ​នេះ អំឡុង​វិបត្តិ ដោយ​បាន​បង្ក​ឲ្យមាន​ការ​ចោទ​សួរ​បន្ទាន់ជាច្រើន​ ខណៈដែលមេដឹកនាំរៀបចំ សម្រាប់កិច្ចប្រជុំកំពូលណាតូ នៅទីក្រុង Ankara ពី​​ថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា។ចំណាត់ការ​នេះស្មើ​នឹងការ​បញ្ចប់បន្តិចម្តងៗនូវ «ការពឹងផ្អែករួមគ្នាប្រកប​ដោយ​ហានិភ័យ​» លើកងកម្លាំងរបស់​សហរដ្ឋ​អាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោនប្រឈមនឹងលទ្ធភាព​នៃ​ការ​មាន​ជម្លោះក្នុងពេលដំណាលគ្នា នៅក្នុងសមរភូមិជាច្រើន។ នេះបើយោងតាមមេបញ្ជាការជាន់ខ្ពស់​របស់អង្គការ​ណាតូ គឺឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក Alexus Grynkewich។កាល​ពីពាក់កណ្តាលខែមិថុនា អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា សម្ព័ន្ធមិត្តផ្សេងទៀត កំពុងបង្កើនការចូលរួមចំណែករបស់ពួកគេ ហើយនឹងបំពេញចន្លោះប្រហោងជាច្រើន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ៕

ក្រុម​ស្តាំនិយមជ្រុលបារាំង គិត​ក្រោយគ្មាន​លោកស្រី Le Pen ខណៈសេចក្ដី​សម្រេចតុលាការឧទ្ធរណ៍ជិត​មាន​

2026/07/02 11:32:25 pm        59
មេដឹកនាំក្រុម​ស្តាំនិយមជ្រុលរបស់បារាំង លោកស្រី Marine Le Pen ប្រឈមនឹងសេចក្ដី​សម្រេចរបស់តុលាការនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ជុំវិញការតវ៉ា​របស់លោកស្រី ដើម្បីឲ្យ​លុបចោលបម្រាម​ឈរ​ឈ្មោះ​បោះឆ្នោត ជាសាលក្រមដែលអាចធ្វើឱ្យលោកស្រីមិន​អាច​ចូល​រួម​ការប្រណាំងប្រជែងតំណែង​ប្រធានាធិបតីឆ្នាំ២០២៧ ឬបើកឱកាស​ឱ្យលោកស្រីស្វែងរកតួនាទី​កំពូលនេះ​ជាលើកទី៤។អ្នក​នយោបាយរបស់បារាំង កំពុងរង់ចាំដឹង​ពី​សេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍យ៉ាង​អន្ទះសារ ដែលនឹងកំណត់ថា តើលោកស្រី Le Pen វ័យ​ ៥៧ឆ្នាំ ឬបេក្ខជន​ដែល​លោកស្រីគាំទ្រ គឺលោក Jordan Bardella វ័យ ៣០​ឆ្នាំ ជាអ្នក​កាន់បដាក្រុម​ស្តាំនិយមជ្រុលធ្វើ​យុទ្ធនា​ការបោះឆ្នោត ដែល​មាន​រយៈពេលមិន​ដល់​ ១ឆ្នាំទៀតទេ ខណៈដែលគណបក្សប្រឆាំងអន្តោប្រវេសន៍ National Rally (RN) របស់ពួកគេ នៅតែទទួលបានការគាំទ្រខ្ពស់ នៅក្នុងការស្ទង់មតិ។តុលាការបារាំង កាលពីខែមីនា ឆ្នាំ២០២៥ បានសម្រេចហាមឃាត់លោកស្រី Le Pen មិនឱ្យចូលកាន់តំណែងសាធារណៈរយៈពេល ៥ឆ្នាំ និងឲ្យ​ជាប់ពន្ធនាគារ ៤ឆ្នាំ ពីបទប្រើប្រាស់​ប្រាក់ពីសភាអឺរ៉ុបមិនត្រឹម​ត្រូវ​ ដោយរង់ចាំការប្តឹងឧទ្ធរណ៍ នៅក្នុងសាលក្រមដ៏រំជើប​រំជួល​ល​មួយ ដែលបានលាន់​ឮហួស​ពី​ប្រទេសបារាំង និងបានទាក់ទាញឲ្យ​មាន​ការ​រិះគន់​ធ្ងន់ៗ​ពីប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំស្តាំនិយមផ្សេងទៀត​។ដោយសារគណបក្ស RN កាន់តែកៀក​នឹង​ការឈ្នះអំណាច នៅបារាំង ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២ របស់សហភាពអឺរ៉ុប មេដឹកនាំគណបក្សនេះ​ត្រូវបានបង្ខំឱ្យគិតគូរ​ពី​ផែនការស្នងតំណែងយ៉ាង​លឿន​ដោយ​​មិននឹកស្មានដល់ និងផលប៉ះពាល់របស់វាទៅលើគោលនយោបាយរបស់គណបក្ស​៕

សមាជិកព្រឹទ្ធសភា៖ អឺរ៉ុបកំពុងជួបការលំបាកក្នុងការស្វែងរកអ្នកចរចាដែលសមរម្យសម្រាប់ការចរចាជាមួយរុស្ស៊ី

2026/07/02 11:28:25 pm        76
អនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Konstantin Kosachev បានប្រាប់សារព័ត៌មាន TASSថា សហភាពអឺរ៉ុបមានការលំបាកក្នុងការស្វែងរកបេក្ខជនដែលសមរម្យសម្រាប់ការចរចាជាមួយរុស្ស៊ី ដោយសារមនុស្សបែបនេះ មិនគួរត្រូវបានភ្ជាប់ទៅនឹងគោលនយោបាយប្រឆាំងប្រទេសរុស្ស៊ីទេ។ លោក Kosachev បាននិយាយថា៖«ការចរចាដែលអាចធ្វើទៅបាននេះ ពិតជាគួរតែបញ្ជាក់ថា មានមនុស្សម្នាក់នៅម្ខាង ដែលបំពេញតាមតម្រូវការពីរ៖ ម៉្យាងវិញទៀត មនុស្សម្នាក់នេះ ត្រូវតែមានអំណាចគ្រប់គ្រាន់នៅអឺរ៉ុប ហើយម៉្យាងវិញទៀត លោក ឬលោកស្រី ត្រូវតែមានភាពជឿជាក់គ្រប់គ្រាន់ នៅទីនេះក្នុងប្រទេសរុស្ស៊ី ដែលមានន័យថា លោក ឬលោកស្រី មិនគួរមានទំនាក់ទំនងជាមួយនឹងអតីតកាលនោះ ទេ ហើយនៅកម្រិតអតិបរមា វាគឺជាគោលនយោបាយព្រហ្មទណ្ឌ ដែលសហភាពអឺរ៉ុបបានអនុវត្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទាក់ទងនឹងប្រទេសរបស់យើង រួមទាំងនៅក្នុងបរិបទនៃវិបត្តិអ៊ុយក្រែនផងដែរ»។ សមាជិកព្រឹទ្ធសភារុស្ស៊ីរូបនេះ បាននិយាយថា៖«វាគឺជាកិច្ចការដ៏លំបាកមួយក្នុងការស្វែងរកមនុស្ស បែបនេះ»។ លោក Kosachev បានរំលឹកថា នាពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហើបថា អតីតអធិការបតីអាល្លឺម៉ង់ លោក Gerhard Schroeder ជាបេក្ខជនដែលល្អបំផុតសម្រាប់លទ្ធភាពចរចា រវាងសហភាពអឺរ៉ុប និងរុស្ស៊ី ប៉ុន្តែសហភាពអឺរ៉ុបបានមិនអើពើនឹងសំណើនេះ ដោយចាត់ទុកអ្នកនយោបាយរូបនេះថា «ពុំមានអំណាចគ្រប់គ្រាន់»៕

បក្សកុម្មុយនីស្តចិន ប្រារព្ធខួបលើកទី១០៥ ដោយ​សង្កត់ធ្ងន់​ខ្លាំង លើមនោគមវិជ្ជា និងភាពស្មោះត្រង់

2026/07/02 11:24:55 pm        70
កាល​ពី​ថ្ងៃ​ពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) លោកប្រធានាធិបតី Xi Jinping បានមានប្រសាសន៍ក្នុងពិធីអបអរខួបលើកទី១០៥ នៃការបង្កើតគណបក្សថា បក្សកុម្មុយនីស្តចិន (CPC) ត្រូវតែបន្តអនុវត្ត «ស្វ័យ​អភិបាលកិច្ច​​យ៉ាងពេញលេញ និងម៉ឺងម៉ាត់» នៅដំណាក់កាល​​មួយ​ដែលកត្តា​​មិនអាចទាយទុកមុនបាន កំពុងកើនឡើង នៅក្នុងដំណើរការអភិវឌ្ឍប្រទេស។ការអត្ថាធិប្បាយរបស់មេដឹកនាំចិន បានកើតឡើងចំពេលមានការជំរុញ​ឱ្យមានភាពស្មោះត្រង់ និងវិន័យកាន់តែខ្លាំង​ ក្នុងចំណោមសមាជិបក្ស ដោយបង្ហាញថា គណបក្សនយោបាយធំជាងគេទី២ របស់ពិភពលោកមួយ​នេះ មានគោលបំណង​គ្រប់គ្រង​កាន់តែ​​តឹងរ៉ឹងជាងមុន ខណៈពេលដែលខ្លួនត្រូវ​​ប្រឈមនឹងបញ្ហា​ ទាំង​ក្នុងស្រុក និងខាងក្រៅ។ក្នុងសុន្ទរកថារយៈពេល ៤០​នាទីរបស់លោក នៅឯ​ពិធី ក្នុង​ទីក្រុងប៉េកាំង លោក Xi បានលើកឡើង​ថា៖ «យើងត្រូវតែត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីទប់ទល់នឹងការសាកល្បងសំខាន់ៗ​ ពាក់ព័ន្ធនឹង​ការ​លំបាកធំៗ ឬសូម្បីតែការ​លំបាកធំ​ដូច​ព្យុះ​ពី​សមុទ្រ​។ ការអភិវឌ្ឍរបស់ប្រទេសចិន បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាល ដែលឱកាសជាយុទ្ធសាស្ត្រ កើតមក​ជាមួយ​ហានិភ័យ និងបញ្ហាប្រឈមនានា»។មន្ត្រីជាន់ខ្ពស់ និងសមាជិកបក្សរាប់ពាន់នាក់ បានជួប​ជុំ​គ្នានៅមហា​សាលប្រជាជន សម្រាប់ពិធីនេះ ដោយបាន​មើលលោក Xi ប្រគល់មេដាយដល់សមាជិកគណបក្សចំនួន ៨រូប សម្រាប់ «ការចូលរួមចំណែកដ៏ធំ​» របស់ពួកគេ។ ក្នុងចំណោមពួកគេមានអតីតយុទ្ធជនយោធាវ័យ​ ៩០​ឆ្នាំម្នាក់ និងលេខាធិការបក្សភូមិ Henan ដែលបានដឹកនាំកិច្ចប្រឹងប្រែងស្តារឡើងវិញ នៅតំបន់ជនបទ។គួរបញ្ជាក់ថា គណបក្សកុម្មុយនី​ស្តចិន (CPC) ដែល​ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២១ បច្ចុប្បន្នមានសមាជិកជាង ១០១លាននាក់ ឬប្រហែលម្នាក់ ក្នុងចំណោមពលរដ្ឋចិន ១៤នាក់។ មានតែគណបក្ស Bharatiya Janata របស់ឥណ្ឌាប៉ុណ្ណោះ ដែលមានសមាជិកច្រើនជាងនេះ ដោយមានចំនួន​ ១៤០​លាននាក់៕

ក្តីសង្ឃឹមស្ទើរ​លែងមាន​​ ហើយ​ភាពអត់ឃ្លានកើតឡើង​​ ១សប្តាហ៍ក្រោយ​រញ្ជួយដីនៅវ៉េណេស៊ុយអេឡា

2026/07/02 11:14:30 pm        39
ក្តីសង្ឃឹមក្នុងការរកឃើញ​អ្នករស់រានមានជីវិតបន្ថែមទៀត បានរសាត់ឆ្ងាយ​ទៅៗហើយ​ នៅ​ថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) ខណៈដែលប្រទេសវ៉េណេស៊ុយអេឡា បានប្រារព្ធរយៈ​ពេល​ ១សប្តាហ៍ គិត​ចាប់តាំងពីរញ្ជួយដី ២លើក បានឆក់​យក​ជីវិត​មនុស្សជិត ២.៣០០នាក់ ហើយ​មនុស្សជាច្រើនដែលបានឆ្លងផុត​ពី​គ្រោះមហន្តរាយ កំពុងខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង។ខណៈពេលដែលចំនួនអ្នកស្លាប់បាន​កើនឡើង ប្រធានាធិបតីស្ដី​តី​របស់វ៉េណេស៊ុយអេឡា លោកស្រី​ Delcy Rodriguez បានប្រកាសកាន់ទុក្ខរយៈពេល ៧ថ្ងៃ ដោយនិយាយថា «ប្រទេសជាតិ​កំពុង​ជួប​ប្រទះ​នឹង​ការឈឺចាប់​ ដោយសារការបាត់​បង់អាយុជីវិត​របស់ប្រជាជន​»។មក​ទល់ពេល​នេះ មនុស្សរាប់ម៉ឺននាក់ នៅតែបាត់ខ្លួន។ ​មាន​អ្នកនៅ​រស់រានមានជីវិតមិន​គួរ​ឲ្យ​ជឿ​ជាច្រើននាក់​ ដូចជាក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ត្រូវបានគេរកឃើញនៅមានជីវិតកាល​ពី​ថ្ងៃទី៣០​ ខែមិថុនា ពោល​គឺ ៦ថ្ងៃក្រោយ​រញ្ជួយដីដ៏ខ្លាំងក្លាបំផុតជាលើក​ដំបូង​របស់​វ៉េណេស៊ុយអេឡា ក្នុងរយៈពេលជាង ១សតវត្សរ៍។ ប៉ុន្តែយ៉ាង​ណាក្ដី អ្នកជំនាញ បញ្ជាក់​ថា ជនរងគ្រោះដែលជាប់នៅ​ក្នុង​គំនរបាក់​បែក​របស់​អគារនានា ទំនងជាមិនអាចរស់លើសពី ៧២ម៉ោងឡើយ​។ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បាននិយាយនៅថ្ងៃទី១ ខែកក្កដាថា អ្នក​ស្លាប់បានកើនឡើងដល់ ២.២៩៥នាក់ ហើយមនុស្សជាង ១១.០០នាក់បានរងរបួស។ លោកបានបន្ថែម​ថា ប្រជាជន​ជិត ១៣.០០០នាក់គ្មានផ្ទះសម្បែងជ្រក​កោន​ឡើយ​។គ្រោះ​រញ្ជួយដីដ៏ខ្លាំងក្លា ២លើក ដែលមានកម្រិត ៧,២ និង ៧,៥ រ៉ិចទ័រ បានបំផ្លាញតំបន់​ជាច្រើន​ទាំងមូលនៅក្នុងប្រទេស​សម្បូរប្រេងវ៉េណេស៊ុយអេឡា ដែលបានរងវិបត្តិសេដ្ឋកិច្ចរាប់ទសវត្សរ៍ ដោយ​បាន​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសុខភាពចុះ​ខ្សោយ​។ ក្រុមជួយសង្គ្រោះអន្តរជាតិ បានទៅដល់​ប្រទេសនេះពីជុំវិញពិភពលោក ដើម្បីជួយ​ស្វែក​រក​អ្នកនៅ​មានជីវិត ខណៈពេលដែលអ្នកស្រុកមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះការអវត្តមានរបស់មន្ត្រី​ បន្ទាប់ពី​មាន​គ្រោះមហន្តរាយនេះ​។ ដោយ​ជីវិតប្រចាំថ្ងៃត្រូវបានប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ការយក​ចិត្ត​ទុកដាក់ ឥឡូវនេះកំពុងងាក​ទៅរកការមាន​ជីវិតត្រឹមតែមួយ​ថ្ងៃ​ៗ។ មនុស្សជាច្រើនគ្មានផ្ទះសម្បែង ហើយអាហារ និងទឹកកំពុងខ្វះខាត៕

តម្លៃប្រេងធ្លាក់ចុះដល់កម្រិតមិនធ្លាប់ឃើញ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់

2026/07/02 11:10:47 pm        67
តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតមិនធ្លាប់ឃើញចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ក្នុងពេលមានក្តីសង្ឃឹមកើនឡើងសម្រាប់ការទម្លាយភាពទាល់ច្រកក្នុងការចរចាក្នុងគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាអចិន្ត្រៃយ៍។ប្រេងឆៅ Brent បានធ្លាក់ចុះជាង១ភាគរយនៅថ្ងៃព្រហស្បតិ៍នេះមកនៅត្រឹមក្រោម៧១ដុល្លារក្នុងមួយបារ៉ែល ដែលធ្វើឲ្យតម្លៃស្តង់ដារអន្តរជាតិត្រឡប់ទៅរកតម្លៃនៅមុនសង្គ្រាមវិញ។ ការធ្លាក់ចុះនេះ បានកើតឡើងបន្ទាប់ពីប្រទេសកាតា ដែលជាអ្នកសម្របសម្រួលដ៏សំខាន់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យមាន «វឌ្ឍនភាពវិជ្ជមាន» ក្នុងការចរចាដោយប្រយោលក្នុងបំណងដោះស្រាយបញ្ហានានាទាក់ទងនឹងអនុស្សរណៈនៃការយោគយល់(MoU) លើការបញ្ចប់សង្គ្រាម។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញពន្លឺវិជ្ជមានលើកិច្ចចរចាកាលពីថ្ងៃពុធ ដោយនិយាយថា «ការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងដំណើរការទៅដោយរលូន»។

ក្រុមហ៊ុនអាកាសចរណ៍ Lufthansa ក្រុមហ៊ុនITA និងAirBaltic បន្តជើងហោះហើរទៅអ៊ីស្រាអែល

2026/07/02 11:06:55 pm        66
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួនបី បានបន្តជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ រយៈពេលបួនខែបន្ទាប់ពីការផ្ទុះឡើងសង្គ្រាមរបស់អ៊ីស្រាអែល-សហរដ្ឋអាមេរិកជាមួយប្រទេសអ៊ីរ៉ង់ នេះបើយោងតាមអាជ្ញាធរអាកាសយានដ្ឋានអ៊ីស្រាអែល (IAA) និងក្រុមហ៊ុនអាកាសចរណ៍។ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ បានបន្តប្រតិបត្តិការរវាងអាកាសយានដ្ឋាន Frankfurt និងអាកាសយានដ្ឋានអន្តរជាតិ Ben Gurion នៅខាងក្រៅទីក្រុង Tel Aviv ដោយមានជើងហោះហើរពីរវ៉ុលជារៀងរាល់ថ្ងៃ។ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ក្រុមហ៊ុនក៏នឹងបន្តជើងហោះហើរទីក្រុង Munich-Tel Aviv នៅថ្ងៃទី១ ខែសីហា ដោយមានជើងហោះហើរពីរវ៉ុលជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីតាលី ITA Airways ជាផ្នែកមួយនៃក្រុមហ៊ុន Lufthansa Group បានបន្តជើងហោះហើរពីរវ៉ុលជារៀងរាល់ថ្ងៃពីទីក្រុងរ៉ូម ទៅកាន់ទីក្រុង Tel Aviv។ក្រុមហ៊ុន Lufthansa Group បាននិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនពីររបស់ខ្លួនគឺក្រុមហ៊ុនអាកាសចរណ៍ Swiss និង Brussels Airlines នឹងដំណើរការតាមនៅក្នុងខែសីហា ខណៈក្រុមហ៊ុនអាកាសចរណ៍ Austrian Airlines របស់ក្រុមហ៊ុននេះបានចាប់ផ្តើមសេវាឡើងវិញទៅកាន់ទីក្រុង Tel Aviv កាលពីដើមខែមិថុនា។ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសឡាតវី AirBaltic បានចាប់ផ្តើមជើងហោះហើរទីក្រុង Riga-Tel Aviv របស់ខ្លួនឡើងវិញដោយមានជើងហោះហើរបីវ៉ុលក្នុងមួយសប្តាហ៍។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM