អ្នកពន្លត់អគ្គិភ័យពីរនាក់ស្លាប់នៅកោះ Crete របស់ក្រិក ខណៈភ្លើងឆេះព្រៃគំរាមកំហែងផ្នែកខ្លះនៃភាគខាងត្បូងទ្វីបអឺរ៉ុប
លោក Trump នឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងខណៈទីបញ្ជាការកណ្ដាលអាមេរិកបញ្ជាក់ពីការវាយប្រហារចេញពីកូវ៉ែត
កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ

ព័ត៌មានអន្តរជាតិ

អង្គការWFP៖ ភាពអត់ឃ្លាននៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ឈានដល់កម្រិតអាក្រក់បំផុត

2026/07/03 07:39:13 pm        50
ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ថា មនុស្សជាង១៧លាននាក់នៅទូទាំងរដ្ឋចំនួន៩ដែលរងគ្រោះដោយជម្លោះនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កំពុងប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរ និងបានព្រមានថាអំពើហិង្សា និងការកាត់បន្ថយមូលនិធិកំពុងជំរុញឱ្យមានអសន្តិសុខស្បៀងដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងទៅនេះ។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវិភាគសន្តិសុខស្បៀងចុងក្រោយបានបង្ហាញថា មនុស្សជាច្រើនប្រឈមនឹងវិបត្តិ ភាពអាសន្ន ឬភាពអត់ឃ្លានដ៏មហន្តរាយ បានកើនឡើងជិតពីរលាននាក់ពីការព្យាករណ៍កាលពីពេលមុន។ ការរកឃើញនេះ បញ្ជាក់ពីការចំណាយផ្នែកមនុស្សធម៌កាន់តែច្រើនឡើងនៃភាពអសន្តិសុខនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិក ជាកន្លែងដែលក្រុមបះបោឥស្លាមនិយមនៅភាគឦសាន និងក្រុមជនអន្ធពាលប្រដាប់អាវុធស្ថិតនៅក្នុងតំបន់មួយចំនួននៅភាគខាងជើង បានឲ្យប្រជាជនជម្លៀសចេញពីសហគមន៍ រារាំងកសិករពីវាលស្រែចំការរបស់ពួកគេ និងរឹតត្បិតការនាំចូលជំនួយ។ អង្គការWFP បាននិយាយថា រដ្ឋ Borno ដែលជាចំណុចកណ្តាលនៃការបះបោរឥស្លាមនិយមជាយូរអង្វែងមក មនុស្សជាង៣លាននាក់ជួបអសន្តិសុខស្បៀង រួមទាំងជាង៧៥០.០០០នាក់កំពុងប្រឈមទៅនឹងស្ថានភាពអត់ឃ្លានធ្ងន់ធ្ងរ។

សារព័ត៌មានរដ្ឋស៊ីរី៖ ការផ្ទុះនៅហាងកាហ្វេក្នុងទីក្រុងដាម៉ាស បណ្តាលឲ្យមនុស្សស្លាប់និងរបួសច្រើននាក់

2026/07/03 07:33:19 pm        81
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានឲ្យដឹងថា ក្រុមជួយសង្គ្រោះ និងសមាជិកកងកម្លាំងសន្តិសុខរបស់ប្រទេសស៊ីរី បានទៅដល់កន្លែងកើតហេតុនៃហេតុការផ្ទុះគ្រាប់បែកនៅហាងកាហ្វេមួយកន្លែងដែលមានមនុស្សច្រើននៅទីក្រុងដាម៉ាសភាគកណ្តាលកាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែកក្កដា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំនាក់ និងរងរបួស ១៦ នាក់ផ្សេងទៀត។ ទូរទស្សន៍រដ្ឋស៊ីរីបាននិយាយថា គ្រាប់បែកមួយគ្រាប់ត្រូវបានបង្កប់នៅហាងកាហ្វេនៅជិតវិមានយុត្តិធម៌នៅកណ្តាលរដ្ឋធានីប្រទេសស៊ីរី។ ពុំមានព័ត៌មានលម្អិតផ្សេងទៀតអំពីការវាយប្រហារជាក់ស្តែងនោះទេ ហើយក៏ពុំមានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះហេតុការណ៍នេះដែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ពីចំនួនអ្នកស្លាប់ និងអ្នករងរបួស ដោយដកស្រង់សម្តីប្រធានសេវាសុខភាពសង្គ្រោះបន្ទាន់របស់ប្រទេសស៊ីរី។ ទីក្រុងដាម៉ាស បានរងការវាយប្រហារច្រើនលើកចាប់តាំងពីការផ្តួលរំលំប្រធានាធិបតី លោក Bashar al-Assad កាលពីចុងឆ្នាំ ២០២៤។ កាលពីថ្ងៃទី ១៩ ខែឧសភា គ្រាប់បែកបង្កប់ក្នុងរថយន្តមួយគ្រឿង បានសម្លាប់ទាហានស៊ីរីម្នាក់ និងរបួសយ៉ាងហោចណាស់ ១៨ នាក់ផ្សេងទៀត នៅខាងក្រៅអគារក្រសួងការពារជាតិ ក្នុងទីក្រុងដាម៉ាស។

ប្រទេសបារ៉ែន ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ

2026/07/03 07:18:36 pm        64
ដោយថ្លែងនៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសបារ៉ែន បានថ្កោលទោសប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ជុំវិញអ្វីដែលលោកបាននិយាយថា ជាការវាយប្រហារដោយមីស៊ីលបាលីស្ទិក និងយានដ្រូនជាថ្មីទៅលើប្រទេសរបស់លោក។ លោក Abdullatif bin Rashid Al Zayani បាននិយាយថា ប្រទេសបារ៉ែនបានស្នើកិច្ចប្រជុំមួយបន្ទាប់ពីអ៊ីរ៉ង់ បានបាញ់មីស៊ីលបាលីស្ទិក និងយានដ្រូនប្រដាប់អាវុធជាថ្មីម្តងទៀតទៅលើតំបន់ស៊ីវិល ជាអ្វីដែលលោកបានពិពណ៌នាថាជាការរំលោភលើការប្តេជ្ញាចិត្តក្រោមអនុស្សរណៈនៃការយោគយល់របស់ទីក្រុងអ៊ីស្លាម៉ាបាដ ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី១៧ ខែមិថុនា។ លោកបាននិយាយថា ប្រទេសបារ៉ែន បានរងការវាយប្រហារដោយមីស៊ីល និងយានដ្រូនរាប់រយលើកចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយកំណត់គោលដៅលើសង្កាត់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ លោកបាននិយាយថា ការវាយប្រហារទាំងនោះ បានសម្លាប់មនុស្សច្រើននាក់ និងរងរបួសរាប់រយនាក់ រួមមានទាំងស្ត្រីនិងកុមារ ហើយរដ្ឋក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រផ្សេងទៀតក៏បានរងផលប៉ះពាល់ផងដែរ។ លោកបាននិយាយថា ទាំងនេះពុំមែនជាគោលដៅយោធាទេ ហើយប្រទេសបារ៉ែន នៅតែប្តេជ្ញាចិត្តចំពោះសន្តិភាព ការសន្ទនា និងស្ថិរភាព ប៉ុន្តែនឹងរក្សាសិទ្ធិក្នុងការការពារខ្លួនក្រោមមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈចំហេះព្រៃឆេះរាលដាលនៅជិតកំពង់ផែ ប្រទេសបារាំង

2026/07/03 07:15:44 pm        67
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សជាង២.០០០នាក់ដែលស្នាក់នៅក្នុងជំរំជុំវិញទីក្រុង Canet-en-Roussillon ភាគខាងត្បូងប្រទេសបារាំងត្រូវបានជម្លៀសចេញ ខណៈចំហេះព្រៃកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា បានឆេះរាលដាលនៅជិតកំពង់ផែមួយកន្លែង ដោយបានឆេះទូកចតទុកជាច្រើនគ្រឿង។ អ្នកពន្លត់អគ្គិភ័យជាង២០០នាក់ត្រូវបានដាក់ឲ្យចល័តដើម្បីពន្លត់ភ្លើងព្រៃ ដែលបានចាប់ផ្តើមនៅម៉ោងប្រហែល២ រសៀលម៉ោងក្នុងស្រុកនៅតំបន់ក្បែរទីក្រុង Perpignan។ អ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធទប់ស្កាត់នឹងចំហេះព្រៃជាច្រើនកន្លែងដែលបានឆេះរាលដាលដោយវាយបក់ដោយខ្យល់ខ្លាំងនៅភាគខាងត្បូងប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសនេះកំពុងទប់ទល់ជាមួយនឹងស្ថានភាពស្ងួតហួតហែងបន្ទាប់ពីរលកកម្តៅកាលពីពេលថ្មីៗនេះនៅអឺរ៉ុប។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បាននិយាយថា ចំហេះព្រៃបីកន្លែង ដែលពីរកន្លែងបានឆេះរាលដាលនៅជាយខាងលិចទីក្រុងកំពង់ផែ Marseille នៃសមុទ្រមេឌីទែរ៉ាណេ បានឆេះបំផ្លាញផ្ទៃដីសរុបចំនួន១.២១០ហិកតា។ នាយករដ្ឋមន្ត្រី លោក Sebastien Lecornu បាននិយាយថា ផ្ទៃដីចំនួន ៨.៧០០ហិកតាត្រូវបានឆេះនៅក្នុងប្រទេសបារាំងរហូតមកដល់ពេលនេះក្នុងរដូវកាលនេះ រួមទាំង ១.២០០ហិកតាកាលពីថ្ងៃពុធ ទី១ ខែកក្កដា តែមួយថ្ងៃ ហើយក្រុមអ្នកពន្លត់អគ្គិភ័យសរុបចំនួន២.០០០នាក់ត្រូវបានចល័ត។

របៀបធ្វើសង្គ្រាមអាមេរិក-អ៊ីរ៉ង់ អាចជំរុញឱ្យប្រទេសឈូងសមុទ្រធ្វើពិពិធកម្មសម្ព័ន្ធភាពសន្តិសុខ

2026/07/03 07:10:13 pm        166
អ្នកវិភាគនិយាយថា បណ្តាប្រទេសឈូងសមុទ្រ ទំនងជានឹងពន្លឿនការជំរុញធ្វើពិពិធកម្មភាពជាដៃគូសន្តិសុខរបស់ខ្លួនបន្ទាប់ពីសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ខណៈតំបន់នេះកំពុងទប់ទល់ផលប៉ះពាល់ជម្លោះយូរអង្វែង។ ខណៈទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បើកការចរចាឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងយូរអង្វែង ប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលស្ថិតនៅក្រោមការវាយប្រហាររបស់អ៊ីរ៉ង់ក្នុងអំឡុងពេលសង្គ្រាម កំពុងពង្រីកទំនាក់ទំនងរបស់ពួកគេក្នុងពេលមានភាពមិនប្រាកដប្រជា។ សូម្បីតែនៅមុនពេលសង្គ្រាម ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិជាមួយប្រទេសប៉ាគីស្ថាន ដែលសម្ព័ន្ធភាពអាចពង្រីកដល់ប្រទេសដទៃទៀតនៅក្នុងតំបន់។ អ្នកជំនាញនិយាយថា រយៈពេលជាច្រើនឆ្នាំមកហើយ រដ្ឋឈូងសមុទ្របានទិញប្រព័ន្ធការពារជាតិពីប្រទេសអឺរ៉ុបមួយចំនួន ខណៈរក្សាទំនាក់ទំនងជាមិត្តភាពជាមួយប្រទេសរុស្ស៊ី និងចិន ជាវិធីសាស្រ្តមួយដែលទំនងជាត្រូវបានពង្រឹងដោយជម្លោះ ។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានរដ្ឋឈូងសមុទ្រអារ៉ាប់ បាននិយាយថា ការស្វះស្វែងរកដៃគូសន្តិសុខថ្មី ពុំមែនមានបំណងជំនួសសហរដ្ឋអាមេរិកនោះទេ។ ការផ្តោតសំខាន់សម្រាប់ប្រទេសនានាដូចជាអារ៉ាប៊ីសាអ៊ូឌីត គឺតុល្យភាពអំណាចក្នុងតំបន់ និងការរុញច្រានទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ នេះពុំមានន័យថាជំនួសសហរដ្ឋអាមេរិកដោយប៉ាគីស្ថានទេ វាមានន័យថាធ្វើពិពិធកម្មភាពជាដៃគូ និងបង្កើតវេទិកាដូចជាក្រុមដែលគេហៅថាក្រុមប្រទេសបួន មានអារ៉ាប៊ីសាអ៊ូឌីត ទួរគី អេហ្ស៊ីប និងប៉ាគីស្ថាន។ វាក៏មានន័យថា អភិវឌ្ឍសមត្ថភាពការពារជាតិក្នុងស្រុករបស់ខ្លួន និងអភិវឌ្ឍស្វ័យភាពប្រចាំតំបន់បន្ថែមទៀត។

ប្រជាជនអ៊ីរ៉ង់ ប្រមូលផ្តុំគ្នានៅតាមដងផ្លូវទីក្រុងតេអេរ៉ង់ មុនពិធីបុណ្យសពរបស់លោក Khamenei

2026/07/03 07:07:09 pm        61
ប្រជាជនអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងតេអេរ៉ង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា មុនពេលពិធីបុណ្យសពមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានឲ្យដឹងថា ពិធីបុណ្យសពនឹងចាប់ផ្តើមនៅទីក្រុងតេអេរ៉ង់នៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ហើយបញ្ចប់ដោយការបញ្ចុះសពរបស់លោកនៅស្រុកកំណើតរបស់លោកនៅទីក្រុង Mashhad ភាគឦសាន នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា។ លោក Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃដំបូងនៃសង្គ្រាម។ ច្បាប់របស់អ៊ីស្លាមតម្រូវថា អ្នកស្លាប់ត្រូវតែបានបញ្ចុះឱ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងរយៈពេល២៤ ម៉ោងបន្ទាប់ពីស្លាប់ ប៉ុន្តែករណីលើកលែងត្រូវបានអនុញ្ញាត ឧទាហរណ៍ដូចជានៅក្នុងពេលមានសង្គ្រាម។ ក្នុងអំឡុងការគ្រប់គ្រងរបស់លោក លោក Khamenei បានកសាងអ៊ីរ៉ង់ឱ្យក្លាយជាកម្លាំងប្រឆាំងសហរដ្ឋអាមេរិកដ៏មានឥទ្ធិពល ដោយពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅទូទាំងតំបន់មជ្ឈិមបូព៌ាតាមរយៈកងកម្លាំងតំណាងដូចជាក្រុមហេសបូឡានៅលីបង់ ខណៈក៏ប្រើកណ្តាប់ដៃដែកដើម្បីបង្ក្រាបការផ្ទុះឡើងភាពវឹកវរនៅក្នុងស្រុក។ លោក Khamenei នៅតែជាអ្នករិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកពេញមួយការគ្រប់គ្រងរបស់លោក ខណៈរដ្ឋបាលអាមេរិកជាបន្តបន្ទាប់បានព្យាយាមដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយមិនទទួលបានជោគជ័យ។

រុស្ស៊ី និងអ៊ុយក្រែន ប្ដេជ្ញាបង្កើនការប្រយុទ្ធគ្នា ក្រោយការវាយប្រហារដ៏សាហាវបំផុតលើរដ្ឋធានីគីវនៅឆ្នាំនេះ

2026/07/03 07:04:17 pm        95
អ៊ុយក្រែន និងរុស្ស៊ី បានសន្យាថានឹងបង្កើនការប្រយុទ្ធគ្នាប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងមូស្គូបានបាញ់ផ្លោងដ៏សាហាវបំផុតរបស់ខ្លួនទៅលើរដ្ឋធានីគីវ ដោយបានសម្លាប់មនុស្ស ២៧ នាក់។ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្ស ៩១ នាក់រងរបួស និងអគារជាង ១៣០ ត្រូវបានបំផ្លាញ។ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា កងកម្លាំងរបស់លោកប្រាកដជានឹងសងសឹកជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីយប់ថ្ងៃព្រហស្បតិ៍។ អភិបាលរដ្ឋធានីគីវ លោក Vitali Klitschko បានប្រកាសកាន់ទុក្ខមួយថ្ងៃនៅក្នុងរដ្ឋធានីសម្រាប់ថ្ងៃសុក្រនេះ។ លោកថា ការខូចខាតត្រូវបានកត់ត្រានៅទូទាំងទីក្រុងដែលមានប្រជាជនប្រហែលបីលាននាក់ ដោយអគារមួយចំនួនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទីក្រុងមូស្គូបាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនទៅលើប្រទេសរុស្ស៊ី។ វិមានក្រឹមឡាំងបាននិយាយថា ក្រុមមេបញ្ជាការយោធារុស្ស៊ីបានជម្រាបជូនប្រធានាធិបតី លោក Vladimir Putin អំពីការវាយប្រហាររបស់រុស្ស៊ី ដោយបន្ថែមថា ទីក្រុងមូស្គូនឹងបង្កើនសម្ពាធដើម្បីសម្រេចគោលដៅសង្គ្រាមរបស់ខ្លួន។ លោក Zelenskyy និយាយថាសរុបមក រុស្ស៊ីបានបាញ់មីស៊ីលជាង ៧០ គ្រាប់ប្រភេទផ្សេងៗគ្នាមកលើអ៊ុយក្រែនពេញមួយយប់ ដែលស្ទើរតែពាក់កណ្តាលជាមីស៊ីលផ្លោង រួមជាមួយនឹងយានដ្រូនវាយប្រហារជិត ៥០០ គ្រឿង រួមទាំងយានដ្រូន shaheds ដែលដំណើរការដោយយន្តហោះចម្បាំង។ ការវាយប្រហារសំខាន់ត្រូវបានតម្រង់ទៅកាន់រដ្ឋធានី គីវ ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានស្តីបន្ទោសការបំផ្លិចបំផ្លាញនេះមួយផ្នែកទៅលើការបរាជ័យរបស់សម្ព័ន្ធមិត្ត ក្នុងការផ្តល់ប្រព័ន្ធការការពារដែនអាកាសដែលបានសន្យា។លោកថា ប្រសិនបើដៃគូរបស់លោកបានបំពេញតាមការសន្យារបស់ពួកគេទាន់ពេលវេលា រូបលោកគិតថាពិតជាអាចជួយសង្គ្រោះផ្ទះសម្បែង និងអាយុជីវិតមនុស្សបានច្រើនជាងនេះនៅថ្ងៃនេះ៕

[UPDATE] ចំនួនអ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជាង២.៥០០ នាក់ខណៈរដ្ឋាភិបាលរងសម្ពាធពីការរិះគន់

2026/07/03 06:22:23 pm        71
ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ២មិថុនា សប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីពីរលើកជាប់គ្នានៅប្រទេសវ៉េណេស៊ុយអេឡាបានកើនឡើងដល់ ២.៥៩៥ នាក់។ ក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះបុរសម្នាក់ដែលជាប់នៅក្នុងគំនរបាក់បែកនៃផ្សារទំនើប ជិតប្រាំបីថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដី។ លោកស្រី Rodriguez បាននិយាយថា មនុស្សជាង ១២.០០០ នាក់បានរងរបួស ខណៈអគារចំនួន ១៨៩ ត្រូវបានបំផ្លាញ។ លោកស្រីបានបន្ថែមថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែកំពុងដំណើរការ។ លោកស្រី Rodriguez បានបដិសេធយ៉ាងដាច់អហង្ការកាលពីថ្ងៃព្រហស្បតិ៍ដែលថារដ្ឋាភិបាលរបស់លោកស្រីបានធ្វើសកម្មភាពយឺតយ៉ាវពេកចំពោះគ្រោះមហន្តរាយបណ្តាលមកពីគ្រោះរញ្ជួយដីពីរលើកដែលបានបំផ្លិចបំផ្លាញឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសនេះ បន្ទាប់ពីការរិះគន់យ៉ាងទូលំទូលាយជាច្រើនថ្ងៃចំពោះកិច្ចខិតខំប្រឹងប្រែងឆ្លើយតបជាផ្លូវការ។ លោកស្រីក៏បាននិយាយផងដែរថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកបានផ្តល់ជំនួយហិរញ្ញវត្ថុ និងឥណទាន ដើម្បីគាំទ្រដល់ការស្តារឡើងវិញរបស់ប្រទេសវ៉េណេស៊ុយអេឡាបន្ទាប់ពីការរញ្ជួយដីពីរលើក បន្តបន្ទាប់គ្នាក្នុងកម្រិត៧,២ និង៧,៥ រ៉ិចទ័រ កាលពីថ្ងៃពុធទី២៤មិថុនាថ្មីៗនេះ។ លោកស្រីបាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡាកំពុងបង្កើតមូលនិធិកសាងឡើងវិញចំនួន ២០០ លានដុល្លារដោយសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ហើយប្រាក់នេះនឹងត្រូវបានផ្តល់ទៅឲ្យបណ្ដាក្រុមហ៊ុនម៉ៅការដើម្បីកសាងឡើងវិញនូវផ្ទះសម្បែងដែលបានបាត់បង់៕

រលកកម្ដៅដ៏គ្រោះថ្នាក់ គំរាមដល់ការប្រារព្ធពិធីអបអរសាទរទិវាឯករាជ្យជាតិអាមេរិកថ្ងៃទី៤ កក្កដាខាងមុខ

2026/07/03 05:54:08 pm        109
ចាប់ពីតំបន់ Midwest ដល់ឆ្នេរសមុទ្រភាគខាងកើត រលកកម្ដៅដ៏គ្រោះថ្នាក់កំពុងរីករាលដាលពាសពេញជាងពាក់កណ្តាលក្នុងទឹកដីសហរដ្ឋអាមេរិក ដែលបង្កើនហានិភ័យនៃសីតុណ្ហភាពក្ដៅបំបែកកំណត់ត្រាក្នុងអំឡុងពេលចុងសប្តាហ៍នាឱកាសទិវាឯករាជ្យជាតិអាមេរិកថ្ងៃទី៤ កក្កដា ស្អែកនេះ ដែលជាថ្ងៃឈប់សម្រាកដ៏មមាញឹកបំផុតមួយរបស់ប្រទេសនេះ។ ក្រុមមន្ត្រីមូលដ្ឋានកំពុងឆ្លើយតបដោយការបើកមជ្ឈមណ្ឌលត្រជាក់ កែសម្រួលព្រឹត្តិការណ៍សាធារណៈ និងពង្រីកសេវាកម្មសង្គ្រោះបន្ទាន់ ខណៈហ្វូងមនុស្សនឹងប្រមូលផ្តុំគ្នាសម្រាប់ពិធីបាញ់កាំជ្រួចភ្ញឺ ពិធីបុណ្យនានា និងការប្រារព្ធពិធីទិវាឯករាជ្យជាតិ។ យោងតាមសេវាអាកាសធាតុជាតិ ប្រជាជនអាមេរិកជិត១៦០លាននាក់នឹងរងផលប៉ះពាល់ ខណៈដូមកម្ដៅដ៏ក្តៅគគុកលាតសន្ធឹងពាសពេញរដ្ឋចំនួន៣០ រហូតដល់ចុងសប្តាហ៍នេះ កម្ដៅកំពុងត្រូវបានជំរុញដោយដូមកម្ដៅ ជាប្រព័ន្ធសម្ពាធខ្ពស់ដែលបង្ខាំងខ្យល់ក្តៅលើតំបន់មួយរយៈពេលជាច្រើនថ្ងៃ។ សំណើមខ្ពស់ក៏កំពុងបង្កើនហានិភ័យសុខភាពផងដែរ ព្រោះវាធ្វើឱ្យកាន់តែពិបាកសម្រាប់រាងកាយមនុស្សក្នុងការត្រជាក់ចុះតាមរយៈការបែកញើស។ នៅទីក្រុងញូវយ៉ក ក្រុមមន្ត្រីកំពុងបើកស្ថានីយ៍បាញ់ចំហាយទឹកតាមទីវាលខាងក្រៅ និងដាក់ពង្រាយរថយន្តត្រជាក់ចល័តដើម្បីផ្តល់ទឹក ឡេការពារកម្តៅថ្ងៃ និងការត្រួតពិនិត្យសុខភាព។ អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទាំងនេះគឺជាលក្ខខណ្ឌដ៏គ្រោះថ្នាក់បំផុត។ សីតុណ្ហភាពនៅក្នុងទីក្រុងនេះអាចលើសពី ១០០ អង្សាហ្វារិនហៃ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ដោយសន្ទស្សន៍កម្ដៅត្រូវបានគេរំពឹងថានឹងខ្ពស់ជាងនេះ ៕

អេស្ប៉ាញ និងបារាំងប្រឈមកម្ដៅកាន់តែខ្លាំង បន្ទាប់ពីខែមិថុនាដ៏ក្តៅគគុកបានបណ្តាលឱ្យមនុស្ស២.០០០នាក់ស្លាប់

2026/07/03 05:49:35 pm        78
អេស្ប៉ាញ និងបារាំង កំពុងត្រៀមទល់ទល់រលកកម្ដៅអាចកើតមានមួយផ្សេងទៀត ដែលអាចនាំមកនូវសីតុណ្ហភាព ៤៤អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈតួលេខបង្ហាញថា កម្ដៅខ្លាំងនៅខែមិថុនា គឺជាមូលហេតុនៃការស្លាប់មនុស្សជាង២.០០០ នាក់ នៅក្នុងប្រទេសទាំងពីរ។ ទីភ្នាក់ងារឧតុនិយមរដ្ឋអេស្ប៉ាញ Aemet និយាយថា ខ្យល់ស្ងួត និងក្តៅខ្លាំងមួយចំនួនធំនឹងនាំមកនូវសីតុណ្ហភាពខ្ពស់ជាប់លាប់ដល់ប្រទេសអេស្ប៉ាញភាគច្រើនចាប់ពីថ្ងៃសៅរ៍ ដោយបន្ថែមថា សីតុណ្ហភាពនៅក្នុងតំបន់មួយចំនួននៃភាគអាគ្នេយ៍អាចឡើងដល់៤២ទៅ៤៤អង្សាសេនៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ។ លោក Rubén del Campo អ្នកនាំពាក្យរបស់ទីភ្នាក់ងារឧតុនិយមរដ្ឋ Aemet និយាយថា សីតុណ្ហភាពនឹងចាប់ផ្តើមកើនឡើងនៅចុងសប្តាហ៍នេះ ហើយពួកលោកមិនអាចច្រានចោលរលកកម្ដៅមួយផ្សេងទៀតបានទេ។ ទីភ្នាក់ងារនេះបាននិយាយថា សីតុណ្ហភាពខ្ពស់អាចបង្កើនលទ្ធភាពនៃភ្លើងឆេះព្រៃនៅសប្តាហ៍ក្រោយ និងបានព្រមានមនុស្សចាស់ និងអ្នកដែលមានបញ្ហាសរសៃឈាមបេះដូងឱ្យប្រុងប្រយ័ត្នបន្ថែមទៀតក្រោមកម្ដៅពេលថ្ងៃ។ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា រលកកម្ដៅដ៏ធ្ងន់ធ្ងរ និងរាលដាលបំផុតដែលបានវាយប្រហារអឺរ៉ុបខាងលិច គឺអាចទៅរួច ដោយសារតែវិបត្តិអាកាសធាតុបង្កឡើងដោយការដុតឥន្ធនៈហ្វូស៊ីល។ តួលេខបណ្ដោះអាសន្នពីអេស្ប៉ាញ និងបារាំងបង្ហាញថា មនុស្សប្រហែល១.០០០នាក់បានស្លាប់ក្នុងប្រទេសនីមួយៗ ដោយសារតែកម្ដៅខ្លាំង។ យោងតាមទិន្នន័យពីប្រព័ន្ធត្រួតពិនិត្យអត្រាមរណភាពប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលអេស្ប៉ាញ MoMo មានអ្នកស្លាប់ចំនួន ១.០២៩នាក់ បណ្តាលមកពីសីតុណ្ហភាពខ្ពស់ក្នុងខែមិថុនា។ ទីភ្នាក់ងារសុខភាពសាធារណៈបារាំងនិយាយកាលពីថ្ងៃអាទិត្យថា រលកកម្ដៅចុងខែមិថុនារយៈពេល១០ថ្ងៃ ដែលក្រុមអ្នកជំនាញនិយាយថា ជារលកកម្ដៅខ្លាំងបំផុតដែលប្រទេសនេះធ្លាប់ជួបប្រទះ បានបណ្តាលឱ្យមានមនុស្សស្លាប់បន្ថែមប្រហែល ១.០០០នាក់ បើធៀបទៅនឹងខែមុនៗ ចន្លោះថ្ងៃទី២៤ និង២៨ ខែមិថុនា ប៉ុន្តែបានព្រមានថា តួលេខនេះមិនទាន់ពេញលេញនៅឡើយទេ។ ចំនួនអ្នកស្លាប់ចុងក្រោយមិនទាន់ត្រូវបានចេញផ្សាយនៅឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកពន្លត់អគ្គិភ័យពីរនាក់ស្លាប់នៅកោះ Crete របស់ក្រិក ខណៈភ្លើងឆេះព្រៃគំរាមកំហែងផ្នែកខ្លះនៃភាគខាងត្បូងទ្វីបអឺរ៉ុប
07/30/2026 09:07 AM
សម្ដេចធិបតី អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
07/30/2026 09:07 AM
ស្នងការរាជធានី បញ្ជាឲ្យតាមចាប់ខ្លួននារីដែលបើករថយន្តបង្កគ្រោះថ្នាក់ ស្លាប់បុរសម្នាក់នៅខណ្ឌសែនសុខ
07/30/2026 08:07 AM
លោក Trump នឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងខណៈទីបញ្ជាការកណ្ដាលអាមេរិកបញ្ជាក់ពីការវាយប្រហារចេញពីកូវ៉ែត
07/30/2026 08:07 AM
ឱកាសអាហាររូបករណ៍​ជាង ១ពាន់​កន្លែងដល់​យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និងងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀម​រាប​នៅ​វិទ្យា​ស្ថា​ន NPIA
07/30/2026 08:07 AM
រដ្ឋមន្រ្តីក្រសួងការងារ សាទរចំពោះប្រតិបត្តិការក្រុមហ៊ុន Minebea រយៈពេល ១៥ឆ្នាំនៅកម្ពុជា និងស្វាគមន៍ការពង្រីកការវិនិយោគនៅខេត្តពោធិ៍សាត់
07/30/2026 08:07 AM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យសកម្មភាពកសិករបូមទឹកសង្គ្រោះស្រូវ ក្នុងខេត្តបាត់ដំបង
07/30/2026 08:07 AM
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/30/2026 07:07 AM
កម្ពុជាបង្ហាញពី​សមិទ្ធផល​ក្នុងការបោសសម្អាតគ្រាប់មីន និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់មនុស្សធម៌ ដែលបណ្តាលមកពីជម្លោះព្រំដែន និងការប្រើប្រាស់គ្រាប់បែកចង្កោម​របស់ថៃ
07/30/2026 07:07 AM
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ណែនាំឱ្យមន្ដ្រីពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ
07/30/2026 07:07 AM