នាយករដ្ឋមន្ត្រីនេប៉ាល់ជំរុញឱ្យមានភាពស្ងប់ស្ងាត់ ខណៈមនុស្សបីនាក់ស្លាប់ក្រោយភាពចលាចលក្រុមកាន់សាសនាហិណ្ឌូ និងមូស្លីម
ប្រធានាធិបតីអ៊ុយក្រែន៖ ការពន្យារពេលមីស៊ីលការពារដែនអាកាស បានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ជីវិត
ការវាយប្រហារដោយយានដ្រូន​នៅអេហ្ស៊ីបបង្កឱ្យមានការព្រួយបារម្ភផ្នែក​សន្តិសុខអំពីការនាំចេញប្រេងតាមព្រែកជីក​ស៊ុយអេ
ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ពុំមានអារម្មណ៍រីករាយចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលទេ

ព័ត៌មានអន្តរជាតិ

កិច្ចសន្យាផលិតយន្តហោះចម្បាំងរួមគ្នាត្រូវបានពង្រីកដោយប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី

2026/07/04 09:22:47 pm        291
អង្គការមួយរួមមានសមាសភាពមកពីប្រទេសជប៉ុន ចក្រភពអង់គ្លេស និងអ៊ីតាលី ក្នុងការផលិតយន្តហោះចម្បាំងជំនាន់ក្រោយ បានពង្រីកកិច្ចសន្យាជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា កំពុងរចនាយន្តហោះចម្បាំង។ កិច្ចសហការត្រីភាគី ត្រូវបានគេស្គាល់ថាជាកម្មវិធីអាកាសចរណ៍ប្រយុទ្ធសកល ហើយអង្គភាពដែលទទួលបន្ទុកគម្រោងនេះគឺអង្គការរដ្ឋាភិបាលអន្តរជាតិ GCAP ឬ GIGO។GIGO និងក្រុមហ៊ុនបណ្តាក់ទុនរួម បានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេបានចុះហត្ថលេខាលើកិច្ចសន្យាលើកទីពីរមានតម្លៃ ៤,៦ ពាន់លានផោន ឬប្រហែល ៦,១ ពាន់លានដុល្លារ គ្របដណ្តប់រយៈពេលរហូតដល់ចុងឆ្នាំ ២០២៧។ កិច្ចសន្យាលើកទីមួយបានផុតកំណត់កាលពីចុងខែមិថុនា។ មានការព្រួយបារម្ភថា ការលំបាកផ្នែកហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស អាចធ្វើឲ្យប៉ះពាល់ដល់កម្មវិធីផលិតនេះ។ប៉ុន្តែកាលពីដើមសប្តាហ៍ ចក្រភពអង់គ្លេសបានប្រកាសផ្តល់មូលនិធិសម្រាប់កម្មវិធីជាផ្នែកមួយនៃផែនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន។ ប្រទេសទាំងបីមានគោលបំណងផលិតយន្តហោះចម្បាំងដែលអាចផលិតរួមជាមួយយានគ្មានមនុស្សបើក និងដំណើរការបានល្អជាងម៉ូឌែលទំនើបៗដែលមានស្រាប់។ ពួកគេមានគម្រោងដាក់ពង្រាយយន្តហោះដែលបានផលិតទាំងនោះនៅឆ្នាំ ២០៣៥។

ក្រុមហ៊ួទីនៅយេម៉ែនអះអាងថា បានស្ទាក់ចាប់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីតពីខាងលើក្រុង Sanaa

2026/07/04 09:19:49 pm        174
ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីត ដែលបានចូលទៅក្នុងដែនអាកាសយេម៉ែន ដើម្បីរារាំងយន្តហោះស៊ីវិលអ៊ីរ៉ង់មិនឲ្យចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Sanaa ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍ Al-Masirah របស់ក្រុមនេះ អ្នកនាំពាក្យយោធាហ៊ួទី លោក Yahya Sarea បាននិយាយថា យន្តហោះអារ៉ាប៊ីសាអ៊ូឌីតបានចូលទៅក្នុងដែនអាកាសយេម៉ែន នៅម៉ោងប្រហែល ៥: ២០ព្រឹក ម៉ោងក្នុងស្រុក ក្នុងការប៉ុនប៉ងបញ្ឈប់យន្តហោះអ៊ីរ៉ង់ ដែលលោកបាននិយាយថា កំពុងដឹកអ្នកដំណើរយេម៉ែនជាង ២០០នាក់ ដែលបានជាប់ខ្លួន រងរបួស និងឈឺ មិនឲ្យចុះចតនៅអាកាសយានដ្ឋាន ក្នុងទីក្រុង Sanaa ។លោក Sarea បាននិយាយថា កងកម្លាំងការពារដែនអាកាសហ៊ួទី បានបាញ់មីស៊ីលការពារដែនអាកាសជាច្រើនគ្រាប់ ដោយបង្ខំឲ្យយន្តហោះអារ៉ាប៊ីសាអ៊ូឌីតចាកចេញពីដែនអាកាសយេម៉ែន។លោកបានព្រមានថា ការរំលោភបំពានឡើងវិញណាមួយលើដែនអាកាសយេម៉ែន ឬការវាយប្រហារនឹងបង្កឲ្យមានការឆ្លើយតបទ្រង់ទ្រាយធុំ ដែលកំណត់គោលដៅអាកាសយានដ្ឋានអារ៉ាប៊ីសាអ៊ូឌីត និងកន្លែងយុទ្ធសាស្ត្រផ្សេងទៀត៕

លោក Trump៖ អ៊ីរ៉ង់ចង់ដោះស្រាយជាមួយអាមេរិក ខណៈក្រុងតេអេរ៉ង់ត្រូវបានផ្តល់ពេល​សម្រាប់​ពិធីបុណ្យសពលោក Khamenei

2026/07/04 08:42:49 pm        485
ប្រធានាធិបតី លោក Donald Trump បាននិយាយថាអ៊ីរ៉ង់ចង់ «ដោះស្រាយ» ជាមួយសហរដ្ឋអាមេរិក ដោយនិយាយបន្ថែមថាទីក្រុងវ៉ាស៊ីនតោន បានផ្តល់ពេលវេលាឱ្យទីក្រុងតេអេរ៉ង់សម្រាប់រៀបចំពិធីបុណ្យសពរបស់មេដឹកនាំកំពូល លោក Ali Khamenei ដែលត្រូវបានសម្លាប់នៅដើមសង្គ្រាមក្នុងអំឡុងពេលវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នៅក្នុងសុន្ទរកថាមួយនៅតំបន់ភ្នំ Rushmore កាលពីយប់ថ្ងៃសុក្រក្នុងការចាប់ផ្តើមប្រារព្ធខួបលើកទី ២៥០របស់សហរដ្ឋអាមេរិក លោក Trump បានអួតអាងអំពីលក្ខណៈពិសេសរបស់សហរដ្ឋអាមេរិក ការគំរាមកំហែងនៃលទ្ធិកុម្មុយនិស្ត និងអំណាចយោធារបស់ប្រទេសលោកនៅក្នុងពិភពលោក។ លោក Trump បានអះអាងថា «យើងបានយកឈ្នះប្រទេសវ៉េណេស៊ុយអេឡាក្នុងរយៈពេលតែមួយថ្ងៃ ហើយយើងបានផ្តួលរំលំអ៊ីរ៉ង់។ ពួកគេចង់ដោះស្រាយជាមួយអាមេរិកយ៉ាងខ្លាំង ហើយ«យើងបានផ្តល់ពេលឱ្យពួកគេ១សប្តាហ៍សម្រាប់រៀបចំពិធីបុណ្យសព »។

លោក Putin៖ ការរំដោះពេញលេញសាធារណរដ្ឋប្រជាមានិត Luhansk ត្រូវបានបញ្ចប់

2026/07/04 08:19:29 pm        482
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសកាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ី បានបញ្ចប់ «ការរំដោះពេញលេញ» សាធារណរដ្ឋប្រជាមានិត Luhansk ។លោកនិយាយថា «ខ្ញុំកត់សម្គាល់ថា អង្គភាព និងក្រុមកងកម្លាំងចម្រុះកំពុងបំពេញបេសកកម្មរបស់ខ្លួនស្របតាមផែនការប្រតិបត្តិការដែលបានរៀបចំឡើងដោយនាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី។ លោក Putin បានថ្លែងដូច្នេះក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅប៉ុស្តិ៍បញ្ជាការដ្ឋានបណ្ដោះអាសន្ននៃក្រុមកងកម្លាំងចម្រុះ។លោកPutin បាននិយាយបន្ថែមថា ការកម្ទេចក្រុមយោធាអ៊ុយក្រែននៅតែបន្តនៅទូទាំងទឹកដីនៃសាធារណរដ្ឋប្រជាមានិត Donetsk ព្រមទាំងតំបន់ Zaporizhzhia និង Kherson៕

ក្រុមអធិការកិច្ច IAEA មិនទាន់ទទួលបានដំណើរការចូលទៅទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅឡើយ

2026/07/04 07:59:28 pm        164
លោក Rafael Mariano Grossi អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយនៅទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃសុក្រថា ក្រុមអធិការកិច្ចរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅមិនទាន់ទទួលបានការអនុញ្ញាតឱ្យចូលទៅកាន់រោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅឡើយទេ ទោះបីជាមានសំណើជាផ្លូវការដើម្បីបន្តការត្រួតពិនិត្យនៅរោងចក្រនោះក៏ដោយ។ លោក Grossi បាននិយាយថា ទីភ្នាក់ងារ បានស្នើសុំជាផ្លូវការដល់អាជ្ញាធរអ៊ីរ៉ង់ឱ្យអនុញ្ញាតឱ្យក្រុមពិនិត្យរបស់ខ្លួនត្រឡប់ទៅរោងចក្រនុយក្លេអ៊ែរជាថ្មីសម្រាប់ការងារផ្ទៀងផ្ទាត់ ប៉ុន្តែនៅពុំទាន់មានការអនុញ្ញាតណាមួយនៅឡើយរហូតមកដល់ពេលនេះ។ ទោះបីជាមានការរឹតត្បិតដំណើរការចូលទៅកាន់រោងចក្រក៏ដោយ លោកបាននិយាយថា ដោយផ្អែកលើ «ចំណាប់អារម្មណ៍ទូទៅ» របស់លោក សម្ភារៈនុយក្លេអ៊ែរដែលមានស្រាប់របស់អ៊ីរ៉ង់នៅតែស្ថិតនៅក្នុងទីតាំងទាំងនោះ ហើយទីភ្នាក់ងារ IAEA មានកំណត់ត្រាពេញលេញអំពីទីតាំងស្តុក និងបរិមាណស្តុក។ លោក Grossi បានបន្ថែមថា រូបភាពផ្កាយរណប និងឧបករណ៍ត្រួតពិនិត្យផ្សេងទៀតបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយផ្លូវចូលទៅកាន់ទីតាំងមួយចំនួនត្រូវបានគេរាយការណ៍ថាត្រូវបានកាត់ផ្តាច់។ កាលពីថ្ងៃទី២៤ ខែមិថុនា អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកច្បាប់ និងកិច្ចការអន្តរជាតិរបស់អ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ការត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរ និងសម្ភារៈនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលត្រូវបានវាយប្រហារ អាចត្រូវបានពិនិត្យនិងពិភាក្សាតែនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងចុងក្រោយរវាងអ៊ីរ៉ង់-សហរដ្ឋអាមេរិក ហើយបុរេលក្ខខណ្ឌ ភាគីសហរដ្ឋអាមេរិកត្រូវមានចំណាត់ការជាក់ស្តែងដើម្បីដកទណ្ឌកម្មទាំងអស់៕

ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក រារាំងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា

2026/07/04 06:02:52 pm        197
លោក William Castillo អនុរដ្ឋមន្ត្រីក្រសួងគោលនយោបាយប្រឆាំងការបិទផ្លូវរបស់ប្រទេសវ៉េណេស៊ុយអេឡា បាននិយាយថា ការបិទផ្លូវពាណិជ្ជកម្មដែលអូសបន្លាយពេលនិងសម្ពាធសេដ្ឋកិច្ច បានរារាំងដល់ការអភិវឌ្ឍរបស់ប្រទេសវ៉េណេស៊ុយអេឡា និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការកសាងឡើងវិញបន្ទាប់ពីការរញ្ជួយដីដ៏មហន្តរាយពីរលើក។ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរញ្ជួយដីកាលពីថ្ងៃទី២៤ ខែមិថុនា ដែលបានវាយប្រហារនៅប្រទេសវ៉េណេស៊ុយអេឡា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២.៥៩៣នាក់ស្លាប់ និងរបួសជាង១២.០០០នាក់។ គ្រោះមហន្តរាយនេះ ក៏បានបំផ្លាញអគារចំនួន១៨៩ខ្នងផងដែរ។ រយៈពេលជាងមួយទសវត្សរ៍មកហើយ ប្រទេសវ៉េណេស៊ុយអេឡា បានប្រឈមនឹងវិធានការបង្ខិតបង្ខំឯកតោភាគីពីសហរដ្ឋអាមេរិក ដែលបានរារាំងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះ និងសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍ដូចជាការរញ្ជួយដីកាលពីពេលថ្មីៗនេះ។ ទោះបីជាសហរដ្ឋអាមេរិក ទើបតែផ្តល់ការលើកលែងបណ្តោះអាសន្នសម្រាប់ការសង្គ្រោះគ្រោះរញ្ជួយដីក៏ដោយ ក៏កង្វះធនធានរយៈពេលជាច្រើនឆ្នាំបានរំខានយ៉ាងខ្លាំងដល់រចនាសម្ព័ន្ធផ្ទៃក្នុងនៃឧស្សាហកម្មរបស់ប្រទេស នេះបើយោងតាមលោក Castillo។ លោកបាននិយាយថា «ជាការពិត ពេលខ្លះមនុស្សជាច្រើននិយាយថាប្រទេសវ៉េណេស៊ុយអេឡាខ្វះឧបករណ៍ ប៉ុន្តែការខ្វះខាតទាំងនេះគួរតែត្រូវបានភ្ជាប់ទៅនឹងការរឹតត្បិតធនធានរបស់ប្រទេស និងជាពិសេសចំពោះការបិទផ្លូវពាណិជ្ជកម្មជាងមួយទសវត្សរ៍ និងការកំណត់គោលដៅលើវិស័យឯកជន»។ ប្រជាជនវ៉េណេស៊ុយអេឡា បានទាមទារឱ្យបញ្ចប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានដឹកនាំការប្រមូលផ្តុំប្រឆាំងទណ្ឌកម្មនៅទូទាំងប្រទេសរួចហើយកាលពីដើមឆ្នាំនេះ៕

ក្រុមហ៊ុនតាមដានការដឹកជញ្ជូន៖ ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់ផ្តើមឡើងវិញប៉ុន្តែនៅតែផុយស្រួយ

2026/07/04 06:00:01 pm        154
ក្រុមហ៊ុនតាមដាននាវា ខេប្លឺ(Kpler) និយាយថា ការធ្វើចរាចរណ៍តាមផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz បានបន្តឡើងវិញ ប៉ុន្តែ «នៅតែផុយស្រួយ»។ ក្រុមហ៊ុនតាមដាននេះបាននិយាយថា នាវាឆ្លងកាត់ច្រកសមុទ្រចំនួន ៣៨គ្រឿង ត្រូវបានបញ្ជាក់កាលពីថ្ងៃទី ២ ខែកក្កដា ធ្លាក់ចុះ១០ភាគរយពីមួយថ្ងៃមុន «ប៉ុន្តែនៅតែស្ថិតក្នុងចន្លោះនៃការឆ្លងកាត់ចំនួន ៣០ ទៅ ៦០គ្រឿង ក្នុងមួយថ្ងៃ»។ ក្រុមហ៊ុនបាននិយាយបន្ថែមថា ប្រតិបត្តិការផ្លូវទឹកប្រើទង់ជាតិអ៊ីរ៉ង់ «បានកើនឡើងយ៉ាងខ្លាំង» ដោយប្រតិបត្តិករនាវាបានផ្លាស់ប្តូរទៅរកផ្លូវនៅ «អ៊ីរ៉ង់ និងទីងងឹត ឬមិនស្គាល់» ។ ក្រុមហ៊ុនបាននិយាយថា «គំរូនេះបង្ហាញថា ទំនុកចិត្តនៅតែមិនទាន់មានពេញលេញ ដោយច្រកឆ្លងកាត់ ត្រូវបានបង្កើតឡើងដោយការទទួលយកផ្នែកនយោបាយ ផលប៉ះពាល់ក្នុងការអនុវត្ត និងការចរចាដែលពុំទាន់បានដោះស្រាយលើការបង់ថ្លៃសេវា និងការគ្រប់គ្រងផ្លូវទឹក»។

ក្រុមសិទ្ធិមនុស្ស៖ កិច្ចព្រមព្រៀងលីបង់-អ៊ីស្រាអែល ជាការក្បត់ជនរងគ្រោះនៃឧក្រិដ្ឋកម្មសង្គ្រាម

2026/07/04 05:28:12 pm        177
យោងតាមអង្គការសិទ្ធិមនុស្សនិងសេរីភាពប្រព័ន្ធផ្សព្វផ្សាយចំនួន៦បានឲ្យដឹងថា កិច្ចព្រមព្រៀងក្របខ័ណ្ឌអ៊ីស្រាអែល-លីបង់ ជាការ«គំរាមកំហែងក្បត់ជនរងគ្រោះនៃឧក្រិដ្ឋកម្មសង្គ្រាម» នៅក្នុងប្រទេសលីបង់។ នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយកាលពីថ្ងៃសុក្រដោយអង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស មជ្ឈមណ្ឌលសិទ្ធិមនុស្សលីបង់(CLDH) កម្មវិធីច្បាប់ អ្នកសារព័ត៌មានគ្មានព្រំដែន(RSF) និងសហព័ន្ធអ្នកសារព័ត៌មាននៅលីបង់ ពួកគេបានព្រមានថាផ្នែកមួយចំនួននៃកិច្ចព្រមព្រៀង «ទំនងជាមានគោលបំណងរារាំងជនរងគ្រោះនៃឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរពីការស្វែងរកយុត្តិធម៌នៅចំពោះមុខវេទិកាអន្តរជាតិ»។ អង្គការទាំងនេះបានចង្អុលបង្ហាញថា ប្រការ៣ និងប្រការ១៣នៃកិច្ចព្រមព្រៀង ដែលត្រូវបានសម្របសម្រួលនិងចុះហត្ថលេខានៅសហរដ្ឋអាមេរិកនៅថ្ងៃទី២៦ ខែមិថុនា គឺជាការព្រួយបារម្ភជាពិសេស ព្រោះវានឹង «រារាំងប្រទេសលីបង់ និងអ៊ីស្រាអែល ប្រើប្រាស់តុលាការអន្តរជាតិ រួមទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ»។ អង្គការទាំង៦បានព្រមានថា «ប្រការ៣ រំលោភលើច្បាប់អន្តរជាតិ និងការហាមឃាត់ការជម្លៀសដោយបង្ខំដោយដាក់លក្ខខណ្ឌក្នុងការវិលត្រឡប់របស់ប្រជាជនទៅកាន់តំបន់ជាក់លាក់នៅតាមបណ្តោយព្រំដែន ដែលបច្ចុប្បន្នកាន់កាប់ដោយអ៊ីស្រាអែល ដើម្បីឲ្យមានការរំសាយអាវុធដោយជោគជ័យរបស់ក្រុមប្រដាប់អាវុធគ្មានរដ្ឋ និងការរុះរើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមនេះ»។ សេចក្តីថ្លែងការណ៍រួមបាននិយាយថា «ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ប្រជាជនត្រូវតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅវិញនៅពេលដែលអរិភាពបានបញ្ចប់»៕

គណៈកម្មការអឺរ៉ុប ស្នើគម្រោងការពារជាតិឆ្លងព្រំដែនធំៗចំនួនប្រាំ

2026/07/04 04:53:12 pm        177
គណៈកម្មការអឺរ៉ុបកាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា បានស្នើគម្រោងការពារជាតិឆ្លងព្រំដែនទ្រង់ទ្រាយធំចំនួនប្រាំ ដែលបើកផ្លូវឱ្យពួកគេទទួលបានមូលនិធិពីសហភាពអឺរ៉ុប។ គម្រោងផលប្រយោជន៍រួមវិស័យការពារជាតិរបស់អឺរ៉ុបដែលបានស្នើឡើងរួមមានគម្រោងយានដ្រូន និងគម្រោងប្រឆាំងយានដ្រូន ដែលពាក់ព័ន្ធនឹងប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន២៦ប្រទេស បូកថែមន័រវែសនិងអ៊ុយក្រែន និងគម្រោងឃ្លាំមើលស្លាបខាងកើតដែលមានសមាជិកអឺរ៉ុបចំនួន១៣ប្រទេស បូកថែមន័រវែស និងអ៊ុយក្រែន។ វាក៏រួមមានទាំងគម្រោងការពារដែនសមុទ្រនិងបាតសមុទ្ររួមបញ្ចូលគ្នា គម្រោងការពារដែនអាកាសនិងមីស៊ីល គម្រោងព្រមានជាមុន និងគម្រោងការពារជាតិដែលមានមូលដ្ឋានលើលំហអាកាស។ គណៈកម្មការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «គម្រោងថ្មីៗទាំងនេះ ផ្តល់នូវក្របខ័ណ្ឌសម្រាប់ប្រទេសសហភាពអឺរ៉ុបធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមការពារជាតិសំខាន់ៗដែលមានទំហំធំ ឬស្មុគស្មាញ សម្រាប់ប្រទេសនីមួយៗក្នុងការអភិវឌ្ឍដោយខ្លួនឯង»។ គណៈកម្មការបាននិយាយបន្ថែមថា «តាមរយៈការគាំទ្រកិច្ចសហប្រតិបត្តិការរយៈពេលវែង គម្រោងមានគោលបំណងពង្រឹងឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប និងបង្កើនសមត្ថភាពរបស់សហភាពអឺរ៉ុបក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខរួម ស្របតាមអាទិភាពសមត្ថភាពរបស់ណាតូ៕ 

ក្រុមប្រទេសគាំទ្រអ៊ុយក្រែន ប្តេជ្ញាគាំទ្រយ៉ាងខ្លាំងនៅក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូ

2026/07/04 04:48:41 pm        175
អ្នកការទូតបាននិយាយកាលពីថ្ងៃសុក្រ ទី៣ កក្កដា ថា សមាជិកអឺរ៉ុបរបស់សម្ព័ន្ធយោធាណាតូ និងប្រទេសកាណាដា សន្យាផ្តល់ជំនួយយោធាចំនួន ៧០ ពាន់លានអឺរ៉ូ (៨០ ពាន់លានដុល្លារអាមេរិក) ដល់ប្រទេសអ៊ុយក្រែនទាំងនៅឆ្នាំនេះ និងឆ្នាំក្រោយនៅក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធមិត្តក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី នៅសប្តាហ៍ក្រោយ ។ អ្នកការទូតបាននិយាយថា ការសន្យាដែលមាននៅក្នុងសេចក្តីប្រកាសនៅកិច្ចប្រជុំកំពូលចុងក្រោយ រួមមានទឹកប្រាក់៣០ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំពីប្រាក់កម្ចីរបស់សហភាពអឺរ៉ុប និងមូលនិធិដែលបានប្តេជ្ញា រួចហើយដោយប្រទេសនីមួយៗ។ ចំណាត់ការជានិមិត្តរូបភាគច្រើន មានគោលបំណងបង្ហាញប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថា សម្ព័ន្ធមិត្តបានគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងពេញលេញសម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ខណៈលោកបានបញ្ឈប់ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន។ វាមានន័យថាបង្ហាញដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលនឹងចូលរួមកិច្ចប្រជុំកំពូលផងដែរនោះ ថាការគាំទ្រនៅតែរឹងមាំខណៈប្រទេសរបស់លោកទំនងជាកំពុងផ្លាស់ប្តូរនិន្នាការនៅក្នុងសង្គ្រាម។ អ្នកការទូតនិយាយថា ហិរញ្ញប្បទានពីប្រាក់កម្ចីរបស់សហភាពអឺរ៉ុប និងការសន្យាដែលប្រទេសនានាបានធ្វើរួចហើយមានន័យថាពួកគេនឹងឈានដល់ទឹកប្រាក់ ៧០ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ។ ប្រទេសអាល្លឺម៉ង់ ដែលបច្ចុប្បន្នជាអ្នកគាំទ្រធំបំផុតរបស់អ៊ុយក្រែន បានជំរុញឱ្យមានការប្តេជ្ញាចិត្តនេះ ខណៈខ្លួនកំពុងស្វះស្វែងរកការជំរុញឱ្យប្រទេសអឺរ៉ុបផ្សេងទៀតធ្វើបន្ថែមទៀត។ មន្ត្រីបាននិយាយថា មានការជំទាស់ផងដែរពីប្រទេសអ៊ីតាលីលើការសរសេរកិច្ចសន្យា ប៉ុន្តែវាត្រូវបានអនុម័តកាលពីថ្ងៃសុក្រដោយឯកអគ្គរដ្ឋទូតនៅអង្គការណាតូ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះ១ខ្នងដល់គ្រួសារកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតនៅខេត្តកំពង់ស្ពឺ
07/31/2026 12:07 PM
នាយករដ្ឋមន្ត្រីនេប៉ាល់ជំរុញឱ្យមានភាពស្ងប់ស្ងាត់ ខណៈមនុស្សបីនាក់ស្លាប់ក្រោយភាពចលាចលក្រុមកាន់សាសនាហិណ្ឌូ និងមូស្លីម
07/31/2026 12:07 PM
អ្នករាយការណ៍ពិសេស UN ប្រចាំកម្ពុជា ធ្វើ​ទស្សនកិច្ច​ទៅកាន់​ជំរុំ​ជន​ភៀស​សឹក​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ឃើញផ្ទាល់គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះតាមព្រំដែន
07/31/2026 12:07 PM
សម្ទុះភ្ញៀវទេសចរចិន និងភ្ញៀវទេសចរក្នុងស្រុក នៅតែនាំមុខវិស័យទេសចរណ៍កម្ពុជា
07/31/2026 12:07 PM
យុវជនក្រីក្រ និងពលរដ្ឋជិត៤ពាន់នាក់នៅកោះកុង មានជំនាញ និងចំណូលសមរម្យ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្ដេចធិបតី
07/31/2026 12:07 PM
មន្រ្តីជំនាញក្រសួងបរិស្ថាន ពិនិត្យឃើញទីតាំងស្ល និងកែច្នៃលោហៈមួយក្នុងខេត្តកំពង់ស្ពឺ មាន​កម្រិត​សារធាតុ​បំពុល​ខ្យល់​ខ្ពស់​ប៉ះពាល់ដល់សុខភាពពលរដ្ឋ
07/31/2026 12:07 PM
ប្រធានាធិបតីអ៊ុយក្រែន៖ ការពន្យារពេលមីស៊ីលការពារដែនអាកាស បានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ជីវិត
07/31/2026 12:07 PM
ការវាយប្រហារដោយយានដ្រូន​នៅអេហ្ស៊ីបបង្កឱ្យមានការព្រួយបារម្ភផ្នែក​សន្តិសុខអំពីការនាំចេញប្រេងតាមព្រែកជីក​ស៊ុយអេ
07/31/2026 12:07 PM
អតីតសិស្សនិទ្ទេស A ជ្រើសរើសរៀនជំនាញអេឡិចត្រូនិកនៅ NPIC ព្រោះ​មើល​ឃើញ​ឱកាស​ការងារ​ខ្ពស់
07/31/2026 12:07 PM
ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ពុំមានអារម្មណ៍រីករាយចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលទេ
07/31/2026 12:07 PM