នាយករដ្ឋមន្ត្រីនេប៉ាល់ជំរុញឱ្យមានភាពស្ងប់ស្ងាត់ ខណៈមនុស្សបីនាក់ស្លាប់ក្រោយភាពចលាចលក្រុមកាន់សាសនាហិណ្ឌូ និងមូស្លីម
ប្រធានាធិបតីអ៊ុយក្រែន៖ ការពន្យារពេលមីស៊ីលការពារដែនអាកាស បានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ជីវិត
ការវាយប្រហារដោយយានដ្រូន​នៅអេហ្ស៊ីបបង្កឱ្យមានការព្រួយបារម្ភផ្នែក​សន្តិសុខអំពីការនាំចេញប្រេងតាមព្រែកជីក​ស៊ុយអេ
ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ពុំមានអារម្មណ៍រីករាយចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលទេ

ព័ត៌មានអន្តរជាតិ

សពលោក Khamenei ត្រូវបានដាក់តម្កល់នៅរដ្ឋធានីតេអេរ៉ង់ ខណៈអ៊ីរ៉ង់ចាប់ផ្តើមពិធីបុណ្យ ១សប្តាហ៍

2026/07/04 04:17:55 pm        433
សពរបស់លោក Ayatollah Ali Khamenei ត្រូវបានដាក់តម្កល់​សម្រាប់​ការ​ចូល​គោរព​វិញ្ញាណក្ខន្ធនៅមហាសាលក្នុងទីក្រុងតេអេរ៉ង់ ខណៈបព្វជិត មន្ត្រី ឥស្សរជនបរទេស និង​អ្នក​កាន់​ទុក្ខ ​បានចូលគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ ដែលត្រូវបាន​សម្លាប់​ដោយ​គ្រាប់​បែក​របស់​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ប្រទេសអ៊ីរ៉ង់ កំពុងរៀបចំពិធីបុណ្យសពទ្រង់ទ្រាយធំរយៈពេលមួយសប្តាហ៍សម្រាប់លោក Khamenei ដែលបានគ្រប់គ្រងប្រទេសរយៈពេល៣៧ឆ្នាំ បានឈានដល់ទី​បញ្ច​ប់​កាល​ពី​ក្នុង​ខែ​កុម្ភៈ​ដោយ​ការវាយប្រហារតាមអាកាសលើកដំបូងនៃសង្គ្រាម។ សពរបស់លោក Khamenei ត្រូវបានគេរំពឹងថានឹងត្រូវដង្ហែរទៅកាន់ទីក្រុង Qom ទីក្រុងNajaf និង​ទីក្រុង Kerbala ដែលជាមជ្ឈមណ្ឌលនិកាយស៊ីអ៊ីតដ៏អស្ចារ្យរបស់អ៊ីរ៉ង់ និងអ៊ីរ៉ាក់ មុន​ពេល​ត្រូវ​បាន​បញ្ចុះ​នៅ​ថ្ងៃព្រហស្បតិ៍ទី៩ ខែកក្កដា ក្នុងទីក្រុង Mashhad ជាទីតាំងនៃ​ទីសក្ការៈ​បូជា​ដ៏​ពិសិដ្ឋ​បំផុត​របស់ប្រទេស និងជាទីកន្លែកំណើតរបស់មេដឹកនាំកំពូលរូបនេះ៕

ផ្ទាំងទឹកនៅប្រទេសស្វីស ឆ្ពោះទៅរកការបំបែកកំណត់ត្រាមួយទៀត ក្រោយរលកកម្តៅខែមិថុនា

2026/07/04 03:45:16 am        55
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ផ្ទាំងទឹកកកនៅប្រទេសស្វីស កំពុងឆ្ពោះទៅរកឆ្នាំបាត់បង់ទឹកកកដ៏ច្រើនមួយទៀត ក្រោយរលកកម្តៅខុសពីប្រក្រតី បណ្តាលឲ្យឆាប់បាត់បង់ព្រិលរដូវរងា រយៈពេលច្រើនសប្តាហ៍ មុនកាលកំណត់ ។ក្រុមអ្នកស្រាវជ្រាវដែលបានតាមដានផ្ទាំងទឹកកក Rhone ស្ថិតនៅលើភ្នំអាល់របស់ប្រទេសស្វីស និយាយថា “ថ្ងៃបាត់បង់ផ្ទាំងទឹកកក” នៅថ្ងៃចន្ទ ទី ២៩ ខែមិថុនា ដែលជាចំណុចដែលព្រិលទាំងអស់ត្រូវប្រមូលផ្តុំគ្នា អំឡុងរដូវរងានោះ បានរលាយ ហើយផ្ទាំងទឹកកក ចាប់ផ្តើមបាត់បង់ទឹកកកចាស់ៗ ។លោក Matthias Huss គឺជាប្រធានក្រុមតាមដានផ្ទាំងទឹកកកស្វីស(GLAMOS)និយាយថា វាមានន័យថា បច្ចុប្បន្នពួកយើងមានពេល ៣ខែ សេសសល់ សម្រាប់ការរលាយទឹកកកដែលបានប្រមូលផ្តុំគ្នា កាលពីរយៈពេលប៉ុន្មានទសវត្សរ៍មុន និងរយៈពេលប៉ុន្មានសតវត្សរ៍មុន ហើយនេះ ពិតជាស្ថានភាពគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ។កាលបរិច្ឆេតមកដល់នៅដំណាច់ខែមិថុនា ធ្វើឲ្យវាក្លាយជាការមកដល់លឿនបំផុតទី ២ ជាប់កំណត់ត្រា ក្រោយរដូវរងាមានព្រិលតិច ហើយរលកកម្តៅ ២លើក កាលពីខែឧសភា និងខែមិថុនា ។លោក Huss និយាយទៀតថា ផ្ទាំងទឹកកក ស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំងណាស់នៅពេលនេះ ក្នុងឆ្នាំនេះ ពួកយើងស្ទើតែអាចចាត់ថ្នាក់វាបានថា ធ្ងន់ធ្ងរដូចការបំបែកកំណត់ត្រា ឆ្នាំ ២០២២ ។លោកបន្តថា នៅផ្ទាំងទឹកកក Rhone ដែលជាទីតាំងតាមដាន បានបាត់បង់ទឹកកកកម្រាស់ ១,៥ម៉ែត្រ អំឡុងរលកកម្តៅរយៈពេលត្រឹម ២សប្តាហ៍ ។នៅទូទាំងប្រទេសស្វីស ផ្ទាំងទឹកកបាត់បង់ទឹកអំឡុងរលកកម្តៅ ល្មមគ្រប់គ្រាន់អាចបំពេញអាងហែលទឹកលំដាប់អូឡាំពិកបាន រៀងរាល់ ៦វិនាទីម្តង ។ខណៈពេលនោះដែរ ភ្ញៀវទេសចរដែលបានធ្វើដំណើរទៅកម្សាន្តលេងផ្ទាំងទឹកកក និយាយថា ផលប៉ះពាល់នៃការរួមតូចផ្ទាំងទឹកកក មិនអាចថាពុំអើពើបាននោះទេ ។ លោក Harry Block គឺជាភ្ញៀវទេសចរមួយរូបរបស់អាល្លឺម៉ង់ដែលនិយាយថា លោកបានទៅលេងផ្ទាំងទឹកកកអស់រយៈពេល ៥០ឆ្នាំហើយនោះ បានបង្ហាញអារម្មណ៍ក្តុកក្តួលរបស់លោក ពេលលោករៀបរាប់ពីការផ្លាស់ប្តូររបស់ផ្ទាំងទឹកកក ។ លោកថា លោកស្រក់ទឹកភ្នែក ពេលមើលឃើញផ្ទាំងទឹកកកកម្ពស់ ៨០ម៉ែត្រ រួមតូចខ្លាំងបែបនេះ ហើយច្បាស់ណាស់ថា វាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ៕

លោក Merz បញ្ជាក់​ថា អាល្លឺម៉ង់អាចការពារការជំរុញការចំណាយ​យោធា ជាការ​ឆ្លើយតបទៅនឹងលោក Trump

2026/07/04 03:44:54 am        59
នាថ្ងៃសុក្រ (ទី៣​ ខែកក្កដា ឆ្នាំ២០២៦) នៅពេលសួរអំពីប្រធានាធិបតីអាមេរិក Donald Trump ដែលហៅកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់អាល្លឺម៉ង់ថា ជារឿង «មិនសម​ហេតុផល​​​» នោះ លោកអធិការបតី Friedrich Merz បានឆ្លើយ​ថា ប្រទេស​អាល្លឺម៉ង់មិនចាំបាច់គេចវេះ​ពីការនិយាយ អំពីកំណត់ត្រារបស់ខ្លួន ជុំវិញ​ការចំណាយលើវិស័យ​ការពារជាតិឡើយ​។បញ្ហានៃការចំណាយលើវិស័យការពារជាតិ បានលេចឡើង​កាន់តែ​ធំទៅៗ​ ខណៈដែលមេដឹកនាំរបស់​អង្គការ​ណាតូ រៀបចំជួបជុំគ្នា នាសប្តាហ៍ក្រោយ នៅទីក្រុង Ankara របស់ប្រទេស​ទួរគី ជាទី​ក​ន្លែងដែលបណ្ដា​ប្រទេស​អឺរ៉ុបមានគោលបំណងទុកដោយឡែក​នូវ​​ជម្លោះជាមួយលោក Trump ជុំវិញ​បញ្ហា​អ៊ីរ៉ង់ និងកោះ​ Greenland ហើយបង្ហាញថា ពួកគេកំពុងបោះជំហានទៅមុខ ដើម្បីការពារទ្វីបនេះ។លោក Merz បានប្រាប់អ្នកសារ​ព័ត៌មានថា៖ «ប្រទេសអាល្លឺម៉ង់កំពុងបង្កើនថវិកាការពារជាតិទ្វេដង ក្នុងរយៈពេល ៤ឆ្នាំ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យបំផុតដែលយើងធ្លាប់បានធ្វើ ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់យើង។ ក្នុងន័យនេះ យើងគ្មានហេតុផល ដើម្បីគេចវេះពីនរណាម្នាក់ឡើយ»។លោក​អធិកាបតី​ បានបន្ថែម​ថា៖ «យើងនឹងនិយាយរឿងនេះដោយរាបសារ​​ ហើយយើងកំពុងធ្វើដូច្នេះ ក្នុងនាមជារដ្ឋសមាជិកធំបំផុតរបស់សហភាពអឺរ៉ុប ដែលត្រូវ​ទទួលខុសត្រូវនៅក្នុងទ្វីបអឺរ៉ុប»។លោក Trump បានប្រើប្រាស់​បណ្ដាញ​សង្គម​ Truth Social ដើម្បីរិះគន់កំណត់ត្រាចំណាយលើវិស័យការពារជាតិរបស់សម្ព័ន្ធមិត្តណាតូ នៅសប្តាហ៍នេះ។ ការ​បង្ហោះសារ​មួយ​ បាន​លើក​ឡើង​ថា «វាជារឿងមិនសមហេតុផល​សោះ ដែលសហរដ្ឋអាមេរិកបន្តដើរលើ​ផ្លូវតែ​ម្ខាងនេះ នៅពេលដែលទំនាក់ទំនងមិនមែន​ជា​អ្វី​ដែល​មានទៅមាន​មក»។ ហើយ​នៅក្នុងសារមួយទៀត លោកបានបញ្ជាក់​ថា ការចំណាយរបស់អាល្លឺម៉ង់ គឺ «ទាបច្រើន» រវាងឆ្នាំ ២០១៤-២០២៥ ជាងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តណាតូផ្សេងទៀត ដោយបន្ថែមថា «មិន​សម​ហេតុផល​» សោះឡើយ​​៕

បុគ្គលិកសន្តិសុខស៊ីរី ៣រូប​រងរបួស ដោយសារ​វាយប្រហារនៅជិតក្រុងដាម៉ាស ខណៈ​អ្នក​ប្រព្រឹត្តិ​​ស្លាប់​

2026/07/04 03:38:35 am        52
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា សមាជិកកងកម្លាំងសន្តិសុខផ្ទៃក្នុងស៊ីរី ៣រូប បានរងរបួស នៅ​ថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ក្នុងហេតុការណ៍​វាយប្រហារដោយគ្រាប់បែក នៅចំណុចត្រួតពិនិត្យមួយ ក្បែរទីក្រុងដាម៉ាស។ជនសង្ស័យវាយប្រហារ ត្រូវបានសម្លាប់ បន្ទាប់ពីគ្រាប់បែក ១គ្រាប់ បានផ្ទុះនៅក្នុងដៃរបស់គេ ក្នុងអំឡុងពេលកើតហេតុ នៅច្រកចូលនៃ​ទីក្រុង Jaramana។ដោយដកស្រង់ប្រភពសន្តិសុខ សារព័ត៌មាន​ SANA បានឱ្យដឹង​ថា បុគ្គលិកប៉ុស្តិ៍ត្រួតពិនិត្យ បានឃាត់​សួរនាំ​បុរស ២នាក់ដែលកំពុងជិះម៉ូតូក្នុងអំឡុងពេលត្រួតពិនិត្យអត្តសញ្ញាណជាប្រចាំ។ ក្នុងអំឡុងពេលត្រួតពិនិត្យ ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីមួយដើម បាញ់ជាច្រើនគ្រាប់ទៅលើអាកាស និងគប់គ្រាប់បែកដៃ២គ្រាប់ទៅលើបុគ្គលិកសន្តិសុខ បណ្តាលឱ្យមន្ត្រី ៣នាក់រងរបួស។ប្រភពនោះ​បានបញ្ជាក់​ថា ជនសង្ស័យត្រូវបានសម្លាប់ ខណៈពេលកំពុងព្យាយាមគប់គ្រាប់បែកទី៣ នៅពេលដែលវាផ្ទុះនៅក្នុងដៃរបស់គេ​។ ក្រោយមក អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកស្លាប់ថា ជាជនសង្ស័យដែលត្រូវបានចាប់ខ្លួនពីបទឃាតកម្ម និងជួញដូរគ្រឿងញៀន។សារព័ត៌មាន SANA បានបន្ថែម​ថា បុរសទី២ ដែលធ្វើ​ដំណើរមក​ជាមួយ​ជន​វាយប្រហារ ត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរបានបើកការស៊ើបអង្កេត និងចាប់ផ្តើមដំណើរការផ្លូវច្បាប់៕

ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ដណ្តើមក្តីស្រមៃជនប៉ាឡេស្ទីនក្នុងការមានផ្ទះសម្បែងនឹងគេនៅតំបន់វ៉េសប៊ែង

2026/07/04 03:38:13 am        38
លោក Mohammad Salameh គឺជាជនប៉ាឡេស្ទីនមួយរូប កំពុងសាងសង់ផ្ទះសម្បែងសម្រាប់គ្រួសាររបស់លោក នៅតំបន់វ៉េសប៊ែងកាន់កាប់ដោយអ៊ីស្រាអែល ជាទីដែលកូនប្រុសទើបភ្ជាប់ពាក្យរបស់លោក ត្រៀមនឹងចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ ។តែផ្ទុយទៅវិញ មុនពេលការសាងសង់ត្រូវបានបញ្ចប់ ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានមករឹបអូសយកអចលនទ្រព្យមួយនេះ ។រូបភាពវីដេអូឃ្លីបដែលបានថតនៅដើមសប្តាហ៍នេះ ហើយត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល ៦នាក់ ឡើងលើដំបូលផ្ទះកម្ពស់ ២ជាន់ ដែលស្ថិតនៅជិតជើងភ្នំ ។លោក Salameh និយាយថា ការប្តឹងផ្តល់ទៅកាន់យោធា និងនគរបាលអ៊ីស្រាអែល ពុំជួយអ្វីបាននោះទេ ។ បច្ចុប្បន្នលោកមានការព្រួយបារម្ភពីផ្ទះរបស់លោកដូចជាផ្ទះរបស់គ្រួសារជាច្រើនទៀតដែរ នៅដែនដីប៉ាឡេស្ទីនមួយនេះ ថានឹងត្រូវបាត់បង់ជារៀងរហូត ដោយសារតែក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែលទាំងនេះ ។ លោកថា ផ្ទះដទៃទៀតនៅតំបន់របស់លោក អាចនឹងមានជោគវាសនាដូចគ្នា ។យោធាអ៊ីស្រាអែល និយាយថា ពួកគេកំពុងពិនិត្យមើលសំណើរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ សុំសេចក្តីអត្ថាធិប្បាយ ប៉ុន្តែមកទល់នឹងថ្ងៃសុក្រនេះ ពុំទទួលបានការឆ្លើយតបណាមួយនោះឡើយ ។ការរឹបអូសដីប៉ាឡេស្ទីនពីសំណាក់ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល មានលក្ខណៈជាជីវិតជាយូរមកហើយនៅតំបន់វ៉េសប៊ែង ជាទីដែលជនជាតិអ៊ីស្រាអែលប្រហែល ៥០ម៉ឺននាក់ រស់នៅក្នុងចំណោមជនប៉ាឡេស្ទីនប្រហែល ៣លាននាក់ ៕

EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស

2026/07/04 03:35:18 am        63
សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនៅទីក្រុងដាម៉ាស ដែលបានបណ្ដាល​ឱ្យ​មនុស្សជាច្រើននាក់បាត់បង់ជីវិត​ និងធ្វើឱ្យអ្នកផ្សេង​ទៀត​រងរបួស ដោយពណ៌នាថា នេះគឺ​ជា «ការវាយប្រហារភេរវកម្ម» និងសម្តែងការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Anouar El Anouni បាននិយាយថា ប្លុក «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះការវាយប្រហារនៅហាងកាហ្វេមួយ កាលពីថ្ងៃព្រហស្បតិ៍។លោក El Anouni បាន​បន្ត​ថា EU បានសម្តែងការអាណិតអាសូរចំពោះអ្នកដែលរងផលប៉ះពាល់ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រការផ្លាស់ប្តូរនយោបាយដោយសន្តិវិធី និងបរិយាបន្ន​នៅក្នុងប្រទេសស៊ីរី ខណៈពេលដែលបដិសេធអំពើហិង្សាគ្រប់​ទម្រង់​។លោកបានលើក​ឡើង​ថា៖ «EU បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រការផ្លាស់ប្តូរដោយសន្តិវិធី និងបរិយាបន្ន​ នៅក្នុងប្រទេសស៊ីរី ហើយ​បដិសេធអំពើហិង្សាគ្រប់ទម្រង់។ EU នឹងបន្តចូលរួមជាមួយរដ្ឋាភិបាលអន្តរកាលស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»។ការថ្កោលទោសទាំងនេះបានកើតឡើងបន្ទាប់ពីគ្រឿង​ផ្ទុះមួយ ត្រូវបានដាក់​បង្កប់​នៅខាងក្នុងហាងកាហ្វេមួយ នៅលើផ្លូវ Al-Nasr ជិតវិមានយុត្តិធម៌ បានផ្ទុះឡើងកាលពី​ព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទូរទស្សន៍ Alikhbariah របស់ស៊ីរី។ក្រសួងសុខាភិបាលស៊ីរីបានឱ្យដឹង​ថា មនុស្សយ៉ាងហោចណាស់ ៩នាក់ ត្រូវបានសម្លាប់ និង ២០​នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍​ផ្ទុះនេះ។ គ្មានក្រុមណាមួយចេញ​មក​អះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ​នោះទេ ខណៈពេលដែលអាជ្ញាធរបានបើកការស៊ើបអង្កេត៕

កងទ័ពជើងទឹកអង់គ្លេស សាកល្បងយានដ្រូនមានសមត្ថភាពវាយប្រហារចេញពីនាវា

2026/07/04 03:17:54 am        64
រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញដោយក្រសួងការពារជាតិអង់គ្លេសនៅថ្ងៃសុក្រនេះ ឃើញកងទ័ពភូមិន្ទ បាញ់បង្ហោះយានដ្រូនមានសត្ថភាពវាយប្រហារចេញពីនាវានៅក្នុងសមុទ្រ ។នៅក្នុងសេចក្តីថ្លែងការណ៍ កងទ័ពជើងទឹកភូមិន្ទអង់គ្លេស បានចាត់ទុកការសាកល្បងនេះថា ជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកកងកម្លាំងកងទ័ពជើងទឹកកូនកាត់ ដើម្បីប្រឆាំងនឹងការគំរាមកំហែងកំពុងវិវត្ត ។កាលពីថ្ងៃអង្គារកន្លងទៅ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បានសន្យាថា នឹងចំណាយប្រាក់ ២០ពាន់លានដុល្លារបន្ថែមទៀត ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធចុះខ្សោយរបស់អង់គ្លេស នៅក្នុងផែនការវិនិយោគពន្យាពេលជាយូរ ដែលត្រូវបានរៀបចំឡើង ដើម្បីត្រៀមខ្លួនសម្រាប់សង្រ្គាមនាពេលអនាគត និងជាការបន្សល់កេរតំណែលរបស់លោក ។លោក Starmer និយាយថា គម្រោងការរបស់លោក នឹងផ្តល់មូលនិធិជាង ៦,៦៧ពាន់លានដុល្លារ សម្រាប់ការវិនិយោគលើយានដ្រូន និងអាវុធស្វ័យភាព បង្កើតកងទ័ពជើងទឹកកូនកាត់ និងធ្វើឲ្យកងទ័ពកាន់តែខ្លាំងក្លា ដែលជាផ្នែកមួយនៃផែនការធ្វើឲ្យអង់គ្លេសត្រៀមខ្លួនធ្វើសង្រ្គាម ជាពិសេសពេលដែលក្រុមមន្រ្តីយោធា បានព្រមានថា រុស្ស៊ី អាចនឹងវាយប្រហារប្រទេសសមាជិកអង្គការណាតូមួយនេះ យូរបំផុតនៅឆ្នាំ ២០៣០ ៕

មន្រ្តីជាន់ខ្ពស់រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ ចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូល Khamenei

2026/07/04 03:05:33 am        79
មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូប រួមទាំងលោកប្រធានាធិបតី Masoud Pezeshkian លោកប្រធានសភា Mohammad Baqer Qalibaf និងលោករដ្ឋមន្រ្តីការបរទេស Abbas Araqchi នៅថ្ងៃសុក្រនេះ បានចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ។សាកសពរបស់លោក Khamenei ត្រូវបានតម្កល់នៅក្នុងសាលដ៏ធំមួយ ក្នុងទីក្រុងតេអេរ៉ង់ ស្របពេលដែលបុព្វជិត ក្រុមមន្រ្តី ឥស្សរជនបរទេស និងអ្នកកាន់ទុក្ខផ្សេងទៀត ធ្វើការគោរពដល់វិញ្ញាណក្ខន្ធ របស់លោក ក្រោយការគ្រប់គ្រងរយៈពេល ៣៧ឆ្នាំរបស់លោក ។អ៊ីរ៉ង់នឹងរៀបចំពិធីបុណ្យសពទ្រង់ទ្រាយធំរយៈពេល ១សប្តាហ៍ សម្រាប់លោក Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររួមគ្នារបស់សហដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈកន្លងទៅ ពេលដែលចាប់ផ្តើមសង្រ្គាមរយៈពេល ៤ខែរបស់ពួកគេ ។សាកសពរបស់លោក Khamenei ត្រូវបានគេរំពឹងថា នឹងត្រូវរំកិលទៅកាន់មជ្ឈមណ្ឌល Qom, Najaf និង Kerbala គឺជាមជ្ឈមណ្ឌលស៊ីអ៊ីតរបស់អ៊ីរ៉ង់ និងអ៊ីរ៉ាក់ មុនពេលបញ្ចុះសពនៅទីក្រុង Mashhad នាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដែលជាទីកំណើតធម្មយាត្រាដ៏ពិសិ្ឋបំផុតរបស់ប្រទេសមួយនេះ ៕

អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា

2026/07/04 02:56:08 am        54
 ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​ព្រមាន​ថា បាតុភូតអែលនីញ៉ូ (El Nino) នឹងវិវត្តយ៉ាងឆាប់រហ័សទៅជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាមួយ នៅចន្លោះ​ខែកក្កដា និងខែកញ្ញា ដែលជំរុញឱ្យមានលទ្ធភាពមាន​អាកាសធាតុអាក្រក់ខ្លាំង​។អង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់​ថា បាតុភូតអាកាសធាតុនេះ បានចាប់ផ្ដើម​រួចហើយ ហើយនឹងវិវត្ត​កាន់តែ​ខ្លាំង​យ៉ាងឆាប់រហ័ស ខណៈដែលទីភ្នាក់ងារ​នេះ​បានព្រមានប្រទេសនានាឱ្យត្រៀមខ្លួន សម្រាប់ផលប៉ះពាល់។ បាតុភូតអែលនីញ៉ូ​ធ្វើឱ្យសីតុណ្ហភាពផ្ទៃផែនដី នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគ​កណ្តាល និងភាគ​ខាងកើតក្តៅជាង​មុន​ ដែលនាំមកនូវការប្រែប្រួលទូទាំងពិភពលោក ទាំង​ខ្យល់ សម្ពាធ និងលំនាំទឹក​ភ្លៀង។ជាធម្មតា បាតុភូតនេះ​កើតឡើងរៀងរាល់ ពី ២ ទៅ ៧ឆ្នាំម្តង ហើយមានរយៈពេលប្រហែល ៩ ទៅ ១២ខែ។ ការធ្វើ​បច្ចុប្បន្ន​ភាព​អាកាសធាតុតាមរដូវសកលប្រចាំខែរបស់ WMO ចង្អុលបង្ហាញពី «ការវិវត្តយ៉ាងឆាប់រហ័សទៅជាព្រឹត្តិការណ៍អែលនីញ៉ូ​ដ៏ខ្លាំងក្លា ក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា»។ទីភ្នាក់ងាររបស់ UN មួយនេះ​ ចាត់ថ្នាក់ព្រឹត្តិការណ៍អែលនីញ៉ូជា​កម្រិត​ខ្សោយ មធ្យម ខ្លាំង ឬខ្លាំងណាស់​ ដែល​មានន័យថា វាត្រូវបានកំណត់ឱ្យឈានដល់កម្រិតខ្ពស់បំផុតទី៣ ក្នុងចំណោម ៤កម្រិត​៕

នាយករដ្ឋមន្រ្តីប៉ូឡូញនិយាយថា អ៊ុយក្រែនចង់បន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងវ៉ាសូវី

2026/07/04 02:55:25 am        51
នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk និយាយនៅថ្ងៃសុក្រនេះថា អ៊ុយក្រែនកំពុងរកផ្លូវ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងវ៉ាសូវី ហើយលោកបន្តថា ប្រទេសជិតខាងប៉ូឡូញនៅភាគខាងកើតមួយនេះ គួរតែទទួលយកលក្ខខណ្ឌជាមួយប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីចូលរួមសហភាពអឺរ៉ុប ។គួរឲ្យដឹងថា ទំនាក់ទំនងការទូតរវាងប្រទេសជិតខាងទាំង ២ បានចូលក្នុងវិបត្តិដ៏អាក្រក់បំផុត ចាប់តាំងពីការវាយលុកពេញបន្ទុករបស់រុស្ស៊ីកាលពីឆ្នាំ ២០២២ លើអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីប៉ូឡូញលោក Karol Nawrocki ដកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ចេញពីជ័យលាភីកំពូលរបស់ប៉ូឡូញ ។លោក Nawrocki និយាយថា លោកចាត់វិធានការបែបនេះ ដោយសារការដាក់ឈ្មោះអង្គភាពកងទ័ពនៅពីក្រោយក្រុមបះបោរដែលបានសម្លាប់រង្គាលលើពលរដ្ឋប៉ូឡូញ នៅក្នុងសង្រ្គាមលោកលើកទី ២ ។លោក Tusk ដែលជាគូប្រជែងនយោបាយរបស់លោក Nawrocki បានព្យាយាមបន្ធូរបន្ថយភាពតានតឹង ហើយលោកនិយាយថា លោកទទួលបានសញ្ញាវិជ្ជមានពីជំនួបនាថ្ងៃសុក្រនេះ រវាងរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Andrii Sybiha និងសមភាគីប៉ូឡូញលោក Radoslaw Sikorski នៅទីក្រុងវ៉ាសូវី ។លោក Tusk និយាយប្រាប់សន្និសីទសារព័ត៌មានថា លោកមានសូចនាករមួយបង្ហាញថា ភាគីអ៊ុយក្រែនយល់ឃើញថា វាមានប្រយោជន៍ ក្នុងការស្វែងរកផ្លូវ ដើម្បីមានការសន្ទនាគ្នាដោយស្មោះត្រង់ រួមទាំងពីអនាគតផងដែរ ។សូមបញ្ជាក់ថា ពលរដ្ឋអ៊ុយក្រែនមួយចំនួន បានចាប់ទុកកងទ័ពបះបោរអ៊ុយក្រែន(UPA)ថា ជាវីរភាពចំពោះការតស៊ូប្រឆាំងនឹងសហភាពសូវៀត និងក្រុមណាស៊ីអាល្លឺម៉ង់ ហើយនិងជានិមិត្តរួមនៃការតស៊ូរបស់ទីក្រុងគីវ ក្នុងការទាមទារឯករាជ្យពីទីក្រុងមូស្គូ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ចុះចែក និងផ្តល់សម្ភារៈសិក្សាដល់សិស្សមានជីវភាពខ្វះខាត និងកុមារកំព្រាចំនួន ៥៤នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
07/31/2026 01:07 PM
កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ជួយឱ្យយុវជនក្រីក្រ និងពលរដ្ឋជាង ២ពាន់នាក់នៅតាកែវ មានជំនាញ និងចំណូលសមរម្យ
07/31/2026 01:07 PM
មន្រ្តីឧទ្យានុរក្ស ប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស
07/31/2026 12:07 PM
ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
07/31/2026 12:07 PM
កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះ១ខ្នងដល់គ្រួសារកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតនៅខេត្តកំពង់ស្ពឺ
07/31/2026 12:07 PM
នាយករដ្ឋមន្ត្រីនេប៉ាល់ជំរុញឱ្យមានភាពស្ងប់ស្ងាត់ ខណៈមនុស្សបីនាក់ស្លាប់ក្រោយភាពចលាចលក្រុមកាន់សាសនាហិណ្ឌូ និងមូស្លីម
07/31/2026 12:07 PM
អ្នករាយការណ៍ពិសេស UN ប្រចាំកម្ពុជា ធ្វើ​ទស្សនកិច្ច​ទៅកាន់​ជំរុំ​ជន​ភៀស​សឹក​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ឃើញផ្ទាល់គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះតាមព្រំដែន
07/31/2026 12:07 PM
សម្ទុះភ្ញៀវទេសចរចិន និងភ្ញៀវទេសចរក្នុងស្រុក នៅតែនាំមុខវិស័យទេសចរណ៍កម្ពុជា
07/31/2026 12:07 PM
យុវជនក្រីក្រ និងពលរដ្ឋជិត៤ពាន់នាក់នៅកោះកុង មានជំនាញ និងចំណូលសមរម្យ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្ដេចធិបតី
07/31/2026 12:07 PM
មន្រ្តីជំនាញក្រសួងបរិស្ថាន ពិនិត្យឃើញទីតាំងស្ល និងកែច្នៃលោហៈមួយក្នុងខេត្តកំពង់ស្ពឺ មាន​កម្រិត​សារធាតុ​បំពុល​ខ្យល់​ខ្ពស់​ប៉ះពាល់ដល់សុខភាពពលរដ្ឋ
07/31/2026 12:07 PM