ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

ព័ត៌មានអន្តរជាតិ

ពលរដ្ឋហ្ស៊ីមបាវ៉េជាង ១០ម៉ឺននាក់ ត្រូវបានបញ្ជូនត្រឡប់ពីអាហ្វ្រិកខាងត្បូង ខណៈមានការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍

2026/07/22 09:44:50 pm        51
ពលរដ្ឋហ្ស៊ីមបាវ៉េច្រើនជាង ១០០.០០០នាក់ ត្រូវបានបញ្ជូនត្រឡប់ពីប្រទេសអាហ្វ្រិកខាងត្បូង ដែលជាប្រទេសជិតខាង ខណៈមានការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ ហើយរដ្ឋាភិបាលបានសន្យាបន្តផ្តល់ការគាំទ្រ ដើម្បីធានាការវិលត្រឡប់របស់ពួកគេដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ។លោក Zhemu Soda រដ្ឋមន្ត្រីក្រសួងព័ត៌មាន ការផ្សព្វផ្សាយ និងសេវាផ្សាយសាធារណៈ បានប្រាប់នៅក្នុងសន្និសីទបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា គិតត្រឹមថ្ងៃទី ១៨ ខែកក្កដា ពលរដ្ឋសរុបចំនួន ១០៨.៣៦៦នាក់ បានវិលត្រឡប់មកវិញ ក្នុងនោះមាន ៣៣.៨៥៥នាក់ តាមរយៈការរៀបចំរបស់ រដ្ឋាភិបាល និង ៧៤.៥១១នាក់ តាមរយៈការវិលត្រឡប់ដោយខ្លួនឯង។លោក Soda បានកត់សម្គាល់ថា មជ្ឈមណ្ឌលទទួលអ្នកវិលត្រឡប់ Beitbridge បានផ្តល់សេវាថែទាំសុខភាពដល់អ្នកវិលត្រឡប់ចំនួន ១.៤៧៤នាក់ ដោយខេត្តរដ្ឋធានី Harare ទទួលបានចំនួនច្រើនជាងគេ បន្ទាប់មកគឺខេត្ត Manicaland, Midlands និង Bulawayo។ដើម្បីធានាដល់ការតាំងទីលំនៅឡើងវិញប្រកបដោយចីរភាព រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របីផ្នែក ដែលគ្របដណ្តប់លើការធ្វើសមាហរណកម្មផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌៕

មេដឹកនាំយេម៉ែនព្រមានថា ការបង្កើនការវាយប្រហាររបស់ក្រុមហ៊ូទីគំរាមកំហែងសន្តិសុខដឹកជញ្ជូននៅសមុទ្រក្រហម

2026/07/22 09:43:13 pm        62
ប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំប្រធានាធិបតីយេម៉ែន លោក Rashad al-Alimi កាលពីថ្ងៃអង្គារ បានព្រមានថា ការគំរាមកំហែងរបស់ក្រុមហ៊ូទីប្រឆាំងនឹងការដឹកជញ្ជូនដែលមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីតអាចមានផលវិបាកកាន់តែទូលំទូលាយសម្រាប់សន្តិសុខនៅក្នុងសមុទ្រក្រហម។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Saba បានរាយការណ៍ថា លោក Al-Alimi បានថ្លែងថា សកម្មភាពរបស់ក្រុមហ៊ូទីអាចមានផលប៉ះពាល់មិនត្រឹមតែដល់ប្រទេសយេម៉ែនប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់បណ្តាប្រទេសតាមឆ្នេរសមុទ្រក្រហម និងប្រទេសនៅអាស៊ីដែលពឹងផ្អែកលើផ្លូវនាវាចរណ៍យុទ្ធសាស្ត្រនេះផងដែរ។ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យពិនិត្យមើលក្រុមហ៊ូធីនៅក្នុងបរិបទដ៏ទូលំទូលាយនៃបញ្ហាប្រឈមសន្តិសុខក្នុងតំបន់។ សេចក្តីថ្លែងការណ៍របស់លោក បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ូទីបានប្រកាសហាមឃាត់នាវាដែលមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីតមិនឲ្យធ្វើដំណើរតាមផ្លូវសមុទ្រ ដោយនិយាយថា វិធានការនេះជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ការបិទខ្ទប់តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូទីដោយអារ៉ាប៊ីសាអ៊ូឌីតជាយូរមកហើយ។ អារ៉ាប៊ីសាអ៊ូឌីតបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា នាវាពាណិជ្ជកម្មរាប់រយគ្រឿងដែលដឹកស្បៀងអាហារ ប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត បានចូលទៅក្នុងកំពង់ផែដែលគ្រប់គ្រងដោយក្រុមហ៊ូ ទី អំឡុងពេលឆមាសទី១ នៃឆ្នាំនេះ៕

អ៊ីរ៉ង់ព្រមានប៊ុលហ្គារីកុំឲ្យអាមេរិកប្រើប្រាស់ទឹកដីរបស់ខ្លួនសម្រាប់ប្រតិបត្តិការប្រឆាំងនឹងទីក្រុងតេអេរ៉ង់

2026/07/22 09:39:58 pm        42
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃអង្គារ បានព្រមានប្រទេសប៊ុលហ្គារីកុំឲ្យសហរដ្ឋអាមេរិកប្រើប្រាស់ទឹកដី និងមូលដ្ឋានរបស់ខ្លួនសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ លោកបានចេញការព្រមាននេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ខណៈពេលដែលកំពុងប្រតិកម្មទៅនឹងការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev ដែលបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកបានទទួលកំណត់ទូតមួយពីសហរដ្ឋអាមេរិក ដែលស្នើសុំការអនុញ្ញាតឲ្យដាក់ពង្រាយយន្តហោះដឹកប្រេងរហូតដល់ ៨គ្រឿង នៅមូលដ្ឋានទ័ពអាកាស Bezmer ដើម្បីគាំទ្រប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ហើយថា ក្រុមប្រឹក្សារដ្ឋមន្ត្រីប៊ុលហ្គារី នឹងដាក់សំណើមួយទៅសភា ដើម្បីស្វែងរកការយល់ព្រមលើរឿងនេះ នៅពេលក្រោយ។ លោក Baghaei បានអំពាវនាវដល់សភាប៊ុលហ្គារីបដិសេធការផ្តល់ការអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់ពង្រាយកម្លាំងនៅលើទឹកដីរបស់ខ្លួន ហើយកុំឲ្យប្រទេសនេះក្លាយជាអ្នកសមគំនិតរបស់ «អ្នកឈ្លានពាន និងឧក្រិដ្ឋជន»។ លោកបាននិយាយថា ក្រោមសេចក្តីសម្រេចលេខ ៣៣១៤ របស់មហាសន្និបាតអង្គការសហប្រជាជាតិ «ការធ្វើឲ្យទឹកដីនៃរដ្ឋមួយអាចប្រើប្រាស់បានសម្រាប់រដ្ឋមួយទៀត ដើម្បីប្រព្រឹត្តអំពើឈ្លានពានប្រឆាំងនឹងរដ្ឋទីបី ត្រូវបានចាត់ទុកថា ជាទង្វើឈ្លានពាន»៕

UN៖ ការខាតបង់ពីការឆបោកតាមអនឡាញក្នុងតំបន់អាស៊ីរហូតដល់ជាង ១១៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៥

2026/07/22 08:26:54 pm        44
របាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ជនរងគ្រោះនៃការឆបោកតាមអ៊ីនធឺណិតឆ្លងដែននៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់បានខាតបង់រហូតដល់ ១១៤,១ ពាន់លានដុល្លារកាលពីឆ្នាំមុន ជាមួយនឹងការខាតបង់ដែលបានប៉ាន់ប្រមាណថាយ៉ាងហោចណាស់កើនឡើងបីដងពីឆ្នាំ ២០២៣។ អាស៊ីអាគ្នេយ៍ ពិសេសសហភាពមីយ៉ាន់ម៉ា បានលេចចេញជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ក្រុមឧក្រិដ្ឋកម្មដែលដំណើរការគម្រោងវិនិយោគស្នេហាក្លែងក្លាយ និងរូបិយប័ណ្ណគ្រីបតូ ដែលក្រុមអ្នកឆបោក ខ្លះមានឆន្ទៈ ខ្លះទៀតត្រូវបានជួញដូរ បោកប្រាស់អ្នកប្រើប្រាស់អ៊ីនធឺណិតនៅជុំវិញពិភពលោក ជារឿយៗមកពីបរិវេណសំណង់អគារឬផ្ទះដែលមានការយាមកាមសន្តិសុខតឹងរ៉ឹង។ប៉ុន្តែក្រោមសម្ពាធពីប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងចិន ក្រុមអាជ្ញាធរនៅក្នុងតំបន់និយាយថា ពួកគេកំពុងបង្ក្រាបឧស្សាហកម្មខុសច្បាប់។ មេដឹកនាំបណ្តាញឆបោកជាច្រើននាក់ដែលត្រូវបានចោទប្រកាន់ត្រូវបានធ្វើបត្យាប័នទៅប្រទេសកំណើតពួកគេវិញក្នុងឆ្នាំចុងក្រោយនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍្របានដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទដំណើរការការឆបោកតាមអ៊ីនធឺណិតយ៉ាងទូលំទូលាយដែលជំរុញដោយការជួញដូរមនុស្ស។ យោងតាមរបាយការណ៍ថ្មីពីការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានឱ្យដឹងថា ការឆបោកតាមអនឡាញ ភាគច្រើនមកពីការក្លែងបន្លំវិនិយោគ នៅទូទាំងតំបន់ដែលបានកំណត់ បានធ្វើឱ្យជនរងគ្រោះខាតបង់ប្រមាណ ៨៨,៣ ពាន់លានដុល្លារ ដល់ ១១៤,១ ពាន់លានដុល្លារកាលពីឆ្នាំមុន។របាយការណ៍នេះបាននិយាយថា ការខាតបង់រួមគ្នាលើសពី ១៨ទៅ៣៧ ពាន់លានដុល្លារដែលប៉ាន់ស្មានថាបានបាត់បង់នៅឆ្នាំ ២០២៣ ហើយឆ្លុះបញ្ចាំងពីការពង្រីកយ៉ាងខ្លាំងនៃសេដ្ឋកិច្ចឧក្រិដ្ឋកម្មនេះ។របាយការណ៍នេះបានបន្ថែមថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសចិន កូរ៉េខាងត្បូង និងតំបន់តៃវ៉ាន់ បានរាយការណ៍ពីការខាតបង់ច្រើនបំផុតពីការឆបោកនៅក្នុងតំបន់ ដោយប្រទេសនីមួយៗ ខាតបង់រាប់ពាន់លានដុល្លារ៕

ប្រមុខការទូតអាមេរិកប្រាប់អាស៊ានថា ការអនុញ្ញាតឱ្យអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz គឺជាគំរូដ៏គ្រោះថ្នាក់

2026/07/22 08:22:05 pm        61
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍នៅថ្ងៃពុធ ២២ ខែកក្កដា នេះ ថា ការគ្រប់គ្រងច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់នឹងបង្កើតគំរូដ៏គ្រោះថ្នាក់មួយដែលមានផលវិបាកហួសពីមជ្ឈិមបូព៌ា។ ការអត្ថាធិប្បាយរបស់លោកបានកើតឡើងនៅពេលដែលទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានចាប់ផ្តើមវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់សម្រាប់យប់ទី១១ ជាប់ៗគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយសមត្ថភាពរបស់ប្រទេសនេះក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងផ្លូវទឹកនេះ។ លោក Rubio បានប្រាប់ក្រុមអ្នកតំណាងនៅក្នុងការជួបជុំគ្នានៅទីក្រុងម៉ានីលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថា ប្រសិនបើយើងបង្កើតគំរូមួយនៅមជ្ឈិមបូព៌ាដែលរដ្ឋជាតិមួយអាចសម្រេចចិត្តគ្រប់គ្រងផ្លូវទឹកអន្តរជាតិ គិតថ្លៃសេវា និងបំផ្ទុះកប៉ាល់របស់អ្នក ប្រសិនបើអ្នកមិនបង់ប្រាក់ យើងបានបង្កើតគំរូដ៏គ្រោះថ្នាក់មួយដែលនឹងធ្វើម្តងទៀតនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក រួមទាំងតំបន់នេះផងដែរ។ លោកថានៅក្នុងខ្លឹមសាររបស់វា វាសាមញ្ញណាស់។ អ៊ីរ៉ង់ទាមទារសិទ្ធិ ដែលពួកគេមិនមាននៅក្រោមយន្តការច្បាប់ណាមួយដែលមានស្រាប់ ដើម្បីគ្រប់គ្រងការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកបានបន្ថែមថា មានគោលការណ៍ជាមូលដ្ឋានអំពីសេរីភាពនៃការធ្វើនាវាចរណ៍ដែលត្រូវបានគំរាមកំហែង៕

ប្រទេសអាហ្សង់ទីន ជម្លៀសប្រជាជនចេញ ខណៈព្រិលធ្លាក់ខ្លាំងវាយប្រហារតំបន់ភ្នំ Mendoza

2026/07/22 07:54:04 pm        38
យោងតាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ព្រិលធ្លាក់ខ្លាំងបានចាប់ផ្តើមកាលពីសប្តាហ៍មុននៅតំបន់ភ្នំខ្ពស់ៗនៃតំបន់ Mendoza ប្រទេសអាហ្សង់ទីន ហើយបានបង្កឱ្យមានការជម្លៀសមនុស្សប្រមាណ ៥០ នាក់នៅក្នុងតំបន់នាពេលថ្មីៗនេះ។វីដេអូមួយដែលត្រូវបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គមដោយទីភ្នាក់ងារសង្គ្រោះបន្ទាន់សហព័ន្ធ (AFE) បានបង្ហាញពីការជម្លៀសប្រជាជនតាមរថយន្ត។ទីភ្នាក់ងារបានរាយការណ៍ថា អាហារត្រូវបានផ្តល់ឲ្យដល់បុគ្គលិកដឹកជញ្ជូនដែលជាប់គាំងខ្លួនដោយសារតែអាកាសធាតុមិនអំណោយផល ខណៈអាជ្ញាធរផ្លូវហាយវ៉េ បានធ្វើការដើម្បីសម្អាតព្រិលចេញពីដងផ្លូវ។ នៅតំបន់មួយចំនួន គំនរព្រិលបានឡើងដល់កម្ពស់បីម៉ែត្រ។នៅក្នុងបទសម្ភាសន៍តាមវិទ្យុជាមួយស្ថានីយ៍វិទ្យុ MDZ អាហ្សង់ទីន លោក Osvaldo Valle អ្នកនាំពាក្យសម្រាប់ការសម្របសម្រួលប្រតិបត្តិការព្រំដែននៃប្រព័ន្ធរួមបញ្ចូលគ្នា បាននិយាយថា ស្ថានភាពនៅតែមិនទាន់ល្អប្រសើរ ហើយព្រិលធ្លាក់ខ្លាំងកំពុងបន្តនៅក្នុងតំបន់ភ្នំខ្ពស់ៗជាច្រើនកន្លែង ហើយស្ថានភាពអាចនឹងប្រសើរឡើង ប៉ុន្តែអាកាសធាតុនឹងនៅតែមានបញ្ហាប្រឈមរហូតដល់ថ្ងៃទី២ ខែសីហា។

លោកTrump៖ អាមេរិកត្រៀមជាស្រេចដើម្បីឆ្លើយតប ប្រសិនបើក្រុមហ៊ូទីដាក់ការបិទផ្លូវសមុទ្រក្រហម

2026/07/22 07:51:52 pm        35
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា បាននិយាយថា សហរដ្ឋអាមេរិកនឹងឆ្លើយតបប្រសិនបើចលនាក្រុមហ៊ូទីសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅយេម៉ែន អនុវត្តតាមការគំរាមកំហែងរបស់ខ្លួនក្នុងការដាក់ការបិទផ្លូវលើការដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហម។ លោក Trump បាននិយាយក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun ថា «ប្រសិនបើមានរឿងបែបនេះកើតឡើង យើងត្រូវតែដោះស្រាយបញ្ហានេះ»។ លោកប្រធានាធិបតី Donald Trump ក៏បាននិយាយសម្រាលពីការគំរាមកំហែងរបស់ក្រុមឧទ្ទាមហ៊ូទី ក្នុងការបិទផ្លូវនៅសមុទ្រក្រហម ដោយនិយាយថា សហរដ្ឋអាមេរិកធ្លាប់បានដោះស្រាយជាមួយក្រុមនេះកាលពីពេលមុន។ កងកម្លាំងប្រដាប់អាវុធក្រុមហ៊ូទី បានប្រកាសកាលពីថ្ងៃចន្ទពីការបិទផ្លូវរបស់កងទ័ពជើងទឹកប្រឆាំងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងសមុទ្រក្រហម នៅច្រកសមុទ្រ bab al-Mandab។ អ្នកឆ្លើយឆ្លងព័ត៌មាននៅសេតវិមាន លោក Jon Decker បានសួរប្រធានាធិបតីនៅក្នុងការិយាល័យពងក្រពើអំពីកម្រិតនៃការព្រួយបារម្ភរបស់លោកចំពោះការគំរាមកំហែងនេះ លោក Trump បាននិយាយថា ការបិទផ្លូវនេះមិនទាន់លេចចេញជារូបរាងជាក់ស្តែងនៅឡើយទេ។ ប្រសិនបើក្រុមហ៊ូទីធ្វើតាមការគំរាមកំហែងរបស់ខ្លួន វានឹងបំផ្លាញបទឈប់បាញ់ដែលសហរដ្ឋអាមេរិក និងក្រុមហ៊ូទីបានព្រមព្រៀងគ្នានៅក្នុងខែឧសភា ឆ្នាំ២០២៥ ហើយនឹងរំខានដល់ទីផ្សារប្រេងនៅទូទាំងពិភពលោកបន្ថែមទៀត។

លោកTrump សន្យាថានឹងជួយប្រទេសលីបង់ ប៉ុន្តែមិនបានផ្តល់ពេលវេលាសម្រាប់ការដកទ័ពអ៊ីស្រាអែលទេ

2026/07/22 07:46:29 pm        36
លោកប្រធានាធិបតី Donald Trump បានសន្យាថា សហរដ្ឋអាមេរិកនឹងជួយប្រទេសលីបង់ ខណៈលោកបានជួបជាមួយសមភាគីលីបង់ លោក Joseph Aoun ក្នុងពេលមានការកាន់កាប់នៅភាគខាងត្បូងប្រទេសដោយកងកម្លាំងអ៊ីស្រាអែលនៅបន្ត។ ប្រធានាធិបតីសហរដ្ឋអាមេរិក មិនបានប្រកាសពីគោលនយោបាយជាក់ស្តែងណាមួយចំពោះប្រទេសលីបង់ទេ ខណៈលោកបាននិយាយទៅកាន់អ្នកសារព័ត៌មានរួមជាមួយលោក Aoun នៅឯសេតវិមាន កាលពីថ្ងៃអង្គារ។ នៅពេលត្រូវបានសួរថាតើនឹងមានពេលវេលាសម្រាប់ការដកកងទ័ពរបស់អ៊ីស្រាអែលចេញពីប្រទេសនេះដែរឬទេ លោក Trump បាននិយាយថា «ពួកគេកំពុងស្ថិតក្នុងដំណើរការធ្វើដូច្នេះ។ ពួកគេកំពុងស្ថិតក្នុងដំណើរការដាក់ពង្រាយជាថ្មីទៅកាន់តំបន់ផ្សេងៗទៀត»។ តាមពិត អ៊ីស្រាអែលនៅតែមិនទាន់បានដកថយពីតំបន់ណាមួយដែលខ្លួនបានកាន់កាប់ចាប់តាំងពីខែមីនាមក។ កាលពីថ្ងៃចន្ទ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសពីការបង្កើត «តំបន់សាកល្បង»ដំបូងក្រោមក្របខ័ណ្ឌលីបង់-អ៊ីស្រាអែល។ តំបន់បែបនេះ ត្រូវបានគេសន្មត់ថានឹងឃើញកងទ័ពលីបង់ដាក់ពង្រាយទៅកាន់ទីក្រុងដែលធ្លាប់ត្រូវបានកាន់កាប់ និងធានាថាគ្មានវត្តមានយោធាក្រុមហេសបូឡា ដូច្នេះការកសាងឡើងវិញអាចចាប់ផ្តើមបាន ហើយប្រជាជនអាចត្រឡប់ទៅវិញ។ ប៉ុន្តែទីក្រុងទាំងបីដែលបានប្រកាសនៅក្នុងតំបន់សាកល្បងដំបូងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលទេ ដូច្នេះអ៊ីស្រាអែលមិនបានដកកងទ័ពចេញពីតំបន់ទាំងនោះទេ។ កាលពីថ្ងៃអង្គារ លោក Aoun ពុំបានលើកឡើងពីការរំលោភបំពានរបស់អ៊ីស្រាអែលនៅក្នុងការថ្លែងរបស់លោកនៅក្បែរលោក Trump ទេ។ ផ្ទុយទៅវិញ លោកបានសរសើរមេដឹកនាំអាមេរិក និងបានសាទរចំពោះកិច្ចព្រមព្រៀងក្របខ័ណ្ឌដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងលីបង់ និងអ៊ីស្រាអែល ដែលបានដាក់លក្ខខណ្ឌឱ្យអ៊ីស្រាអែលដកកងទ័ពចេញនៅពេលដកហូតអាវុធពីក្រុមហេសបូឡា។

កងទ័ពលីបង់ ចូលទីក្រុងភាគខាងត្បូងក្រោយការដកទ័ពអ៊ីស្រាអែលក្នុងការសាកល្បងដំបូងនៃកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក

2026/07/22 07:09:32 pm        60
មន្ត្រីសន្តិសុខជាន់ខ្ពស់លីបង់ម្នាក់បាននិយាយថា កងទ័ពរបស់ប្រទេសលីបង់ បានចាប់ផ្តើមដាក់ពង្រាយនៅក្នុងទីក្រុង Zawtar al-Gharbiyeh ភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានដកកងទ័ពរបស់ខ្លួនចេញពីតំបន់នោះ ស្របតាមផែនការដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ផែនការនេះរំពឹងទុកថាកងទ័ពលីបង់នឹងរឹបអូសអាវុធពីក្រុមហេសបូឡាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅក្នុងតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសលីបង់ និងការដកកងទ័ពអ៊ីស្រាអែលជាដំណាក់កាល។ យោធាអ៊ីស្រាអែល បាននិយាយថា ផែនការដែលមានឈ្មោះថាកម្មវិធីតំបន់សាកល្បង បានចាប់ផ្តើមហើយ។ កងទ័ពលីបង់ បាននិយាយនៅពេលក្រោយមកថា កងកម្លាំងអ៊ីស្រាអែលបានបាញ់នៅជិតអង្គភាពរបស់ខ្លួនក្នុងអំឡុងពេលដាក់ពង្រាយកងទ័ព ដោយព្រមានថាឧបទ្ទវហេតុនេះអាចរារាំងចំណាត់ការដែលកំពុងត្រូវបានអនុវត្ត។ យោធាអ៊ីស្រាអែល និយាយថា កងទ័ពរបស់ខ្លួនបានបាញ់ព្រមានទៅលើអាកាស បន្ទាប់ពីបុគ្គលិកកងទ័ពលីបង់អមដោយយានយន្តវិស្វកម្មមួយគ្រឿងបានឆ្លងកាត់ប្រហែល១៥០ ម៉ែត្រចូលទៅក្នុងអ្វីដែលខ្លួនហៅថាជាតំបន់សន្តិសុខនៅជិតក្រុង Zawtar al-Sharqiyeh ហើយបានបំពានរបាំង។ ការប្រគល់ទឹកដីកាលពីថ្ងៃអង្គារ គឺជាការសាកល្បងដំបូងនៃផែនការដែលប្រទេសលីបង់សង្ឃឹមថានឹងអាចឱ្យខ្លួនស្តារឡើងវិញការគ្រប់គ្រងទឹកដីមួយកន្លែងមានជម្រៅចូលជ្រៅប្រហែល ១០ គីឡូម៉ែត្រទៅក្នុងប្រទេសដែលនៅតែកាន់កាប់ដោយកងទ័ពអ៊ីស្រាអែល។

ប្រទេសកាណាដា កំពុងវាយតម្លៃជម្រើសជាច្រើន បន្ទាប់ពីការគំរាមដំឡើងពន្ធថ្មីរបស់អាមេរិក

2026/07/22 07:07:19 pm        54
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ថា លោកកំពុងសំឡឹងមើល «ជម្រើសជាច្រើន» បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មានផែនការដំឡើងពន្ធថ្មី៥០ភាគរយលើមុខទំនិញរបស់កាណាដាជាច្រើនមុខក្នុងរយៈពេល៣០ថ្ងៃទៀត។ លោក Carney ក៏បាននិយាយផងដែរថា លោក និងលោក Trump បានព្រមព្រៀង «ជំរុញកិច្ចពិភាក្សា» នៅក្នុងសប្តាហ៍ខាងមុខលើកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន ប៉ុន្តែមិនបានបង្ហាញថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការចរចាណាមួយនោះទេ។ លោក Carney បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានសន្ទនាជាមួយលោក Trump ថា «យើងនឹងពិនិត្យមើលជម្រើសទាំងអស់ទាក់ទងនឹងរបៀបដែលយើងនឹងឆ្លើយតប ប្រសិនបើវាចូលជាធរមាន»។ ការដំឡើងពន្ធថ្មីនឹងប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងមានចាប់ពីស្រារបស់កាណាដា ឈើវាយកូនហ្គោលលើទឹកកក រហូតដល់ផលិតផលស៊ីម៉ង់ត៍ ប៉ុន្តែនឹងមិនអនុវត្តចំពោះថាមពល និងទំនិញដែលបានរងផលប៉ះពាល់រួចហើយដោយការដំឡើងពន្ធជាក់លាក់តាមវិស័យ នោះទេ។ ទោះជាយ៉ាងណា ពន្ធនឹងប៉ះពាល់ដល់ផលិតផលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដែលនឹងក្លាយជាប្រធានបទនៃការចរចា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅថ្ងៃទី១ ខែកក្កដាថា ខ្លួននឹងមិនបន្ថែមពេលកិច្ចព្រមព្រៀងនេះក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួនឡើយ។ លោក Carney បាននិយាយថា «គោលបំណងដំបូងគឺដើម្បីទទួលបានកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ»។ ខណៈលោក Trump បានដាក់ពន្ធលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីវិលត្រឡប់ទៅកាន់តំណែងប្រធានាធិបតីវិញកាលពីឆ្នាំមុន ក្រឹត្យទាំងនោះភាគច្រើនលើកលែងទំនិញដែលចូលប្រទេសរបស់លោកក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
07/25/2026 12:07 PM