ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

ព័ត៌មានអន្តរជាតិ

WHO៖ ការផ្ទុះឡើងនៃជំងឺ Ebola នៅកុងហ្គោ លើស ២.៤០០ករណី និងមានអ្នកស្លាប់ជិត ១.០០០នាក់

2026/07/22 03:13:14 am        66
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅ​ថ្ងៃអង្គារ (ទី​២១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ការផ្ទុះឡើងនៃជំងឺ Ebola ដែលបង្កឡើងដោយវីរុស Bundibugyo នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបន្តរាលដាល​ ដោយមានករណីឆ្លងចំនួន ២.៤២៣ករណី ក្នុង​នោះ​រួមទាំងការស្លាប់ ៩៦៧នាក់ និងជាសះស្បើយ ៤៦៩នាក់។លោក Thierno Balde ប្រធានគ្រប់គ្រងការឆ្លើយតបនឹងជំងឺវីរុស Bundibugyo របស់ WHO បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ការផ្ទុះឡើងនៃជំងឺនេះ បានរាលដាលដល់ខេត្តចំនួន ៥ ហើយ ដោយខេត្ត Ituri នៅតែជាទីកន្លែង​ប៉ះពាល់ខ្លាង​បំផុត​ ដែលមាន​ករណីឆ្លង​ ៨៩,១ភាគរយ​ និងការ​ស្លាប់​ ៨៣,៩ភាគរយ។ទោះបីជាមានតួលេខចុងក្រោយនេះ​ក្ដី​ ក៏​​លោក Balde បាននិយាយថា អាជ្ញាធរសុខាភិបាល ឥឡូវនេះ មានការយល់ដឹងកាន់តែច្បាស់ អំពីដំណើរនៃការផ្ទុះឡើងនៃជំងឺនេះ ហើយកំពុងសម្របសម្រួល​វិធានការឆ្លើយតបរបស់ពួកគេទៅតាមនោះ។ លោកបានបន្ថែម​ថា៖ «ការផ្ទុះឡើងនៃជំងឺនេះ នៅតែលឿនជាងយើង ហើយយើងនៅតែស្ថិតក្នុងដំណាក់កាលដេញតាមឱ្យទាន់នៅឡើយ»។លោក​បានលើក​ឡើង​ទៀត​​ថា WHO បានកំណត់ទម្រង់នៃការឆ្លងចំនួន ៣ ផ្សេងគ្នា ដោយ​​មានការឆ្លងក្នុងកម្រិតធ្ងន់ធ្ងរដែលបន្តកើតមាន នៅក្នុងទី​ក្រុង Bunia និងតំបន់ជុំវិញ ការផ្ទុះឡើងថ្មីៗនៅតាមទីតាំងនានា រួមមានទី​ក្រុង Kisangani, Haut-Uele, Katwa និង Butembo ព្រមទាំងសញ្ញានៃស្ថិរភាព​ នៅទី​ក្រុង Mongbwalu ដែលជាកន្លែងរកឃើញការផ្ទុះឡើងដំបូងគេ ព្រមទាំងនៅក្នុងទី​ក្រុង Goma ផងដែរ៕

ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់

2026/07/22 02:49:03 am        56
យោងតាមប្រភពរបស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ Al Arabiya បាន​ឱ្យដឹង​ថា ប្រមុខកងទ័ពប៉ាគីស្ថាន លោក Asim Munir បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Eskandar Momeni នៅថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ នៅទីក្រុងអ៊ីស្លាម៉ាបាដ។លោក Momeni បានទៅ​ដល់រដ្ឋធានីរបស់​​ប៉ាគីស្ថានដែល​ប្រទេស​សម្របសម្រួល កាល​ពី​ថ្ងៃចន្ទ។ ប្រភពមួយ​បានបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា រដ្ឋមន្ត្រីរូប​នោះ​នឹងជួបពិភាក្សាជាមួយមន្ត្រីប៉ាគីស្ថាន ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះឡើយ​ថា តើដំណើរទស្សនកិច្ចនេះមានជាប់ទាក់ទងនឹងកិច្ចប្រឹងប្រែងសម្របសម្រួលយូរមក​ហើយ​របស់​ប៉ាគីស្ថាន ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែរ ឬយ៉ាង​ណា​។អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានបង្ហាញសញ្ញានៅ​ថ្ងៃចន្ទនេះ​ថា ការផ្លាស់ប្តូរការទូតជាមួយសហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួល កំពុងបន្ត ទោះបីជាមានការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកលើប្រទេសនេះក៏ដោយ។ប៉ាគីស្ថានបានលើកឡើង​កាលពីសប្តាហ៍មុនថា ខ្លួននឹងជំរុញ​ប្រទេសដែលកំពុងធ្វើសង្គ្រាមឱ្យបញ្ឈប់អំពើហិង្សា និងបន្តការចរចាក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលខ្លួនបានជួយសម្របសម្រួល កាលពីខែមុន​។កិច្ចព្រមព្រៀងបណ្តោះអាសន្ន និងផ្លូវដែលអាចមាន​ឆ្ពោះទៅរកការបញ្ឈប់សង្គ្រាមជាអចិន្ត្រៃយ៍ បានស្ថិត​ក្នុងភាពមិន​ច្បាស់លាស់ នៅពេលដែលការប្រយុទ្ធគ្នាថ្មីបានផ្ទុះឡើងនៅខែនេះ៕

កូវ៉ែតរាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់ លើរោងចក្រអគ្គិសនី និងរោងចក្របន្សុតទឹកសមុទ្រ ជាថ្ងៃទី៤ ជាប់ៗគ្នា

2026/07/22 02:30:22 am        95
ប្រទេសកូវ៉ែត បានឱ្យដឹង​នៅ​ថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា រោងចក្រផលិតថាមពលអគ្គិសនី និងរោងចក្របន្សុតទឹកសមុទ្រជាច្រើនកន្លែង បានរងការវាយប្រហារពីអ៊ីរ៉ង់ ដែល​ជាថ្ងៃទី៤ ជាប់ៗគ្នា ដោយ​បានបង្កជាអគ្គិភ័យឆាបឆេះ នៅតាមទីតាំងជាច្រើន។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងអគ្គិសនី ទឹក និងថាមពលកកើតឡើងវិញ បានឱ្យដឹង​ថា ការវាយប្រហារទាំងនេះបានកើតឡើងកាលពី​ល្ងាចថ្ងៃច័ន្ទ ក្នុង​អំឡុង​ពេលមានការវាយប្រហាររបស់អ៊ីរ៉ង់ជាបន្តបន្ទាប់ លើ​ប្រទេសឈូងសមុទ្រមួយ​នេះ។ក្រសួងបានបញ្ជាក់​ថា ក្រុមសង្គ្រោះបន្ទាន់ ដែលធ្វើការជាមួយកងកម្លាំងពន្លត់អគ្គិភ័យកូវ៉ែត និងភ្នាក់ងារសន្តិសុខ បានឆ្លើយតបភ្លាមៗ និងបានគ្រប់គ្រងអគ្គិ​ភ័យ។ ក្រសួងបានបន្ថែម​ថា អាជ្ញាធរបានវាយតម្លៃការខូចខាតដែលបណ្តាលមកពីការវាយប្រហារនេះ ខណៈពេលដែលក្រុមបច្ចេកទេស បានចាប់ផ្តើមជួសជុល និងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តាររោងចក្រដែលរងផលប៉ះពាល់ឡើងវិញ។យោងតាមក្រសួងដដែល បាន​ឱ្យដឹង​ទៀត​ថា អង្គភាពផលិតថាមពលជាច្រើនត្រូវបានបញ្ឈប់ប្រតិបត្តិការស្របតាមនីតិវិធីប្រតិបត្តិការប្រុងប្រយ័ត្ន ដើម្បីការពារឧបករណ៍ និងរក្សាស្ថិរ​ភាពនៃប្រព័ន្ធអគ្គិសនី និងទឹករបស់ប្រទេសកូ​វ៉ែត។អ៊ីរ៉ង់បានឱ្យដឹង​នៅព្រឹកថ្ងៃអង្គារនេះ​ថា ខ្លួនបានធ្វើការវាយប្រហារដោយយានដ្រូន​លើរោងចក្រថាមពល Al Zour របស់កូ​វ៉ែត។ សហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារ​លើអ៊ីរ៉ង់ ចាប់តាំងពីសប្តាហ៍មុន ហើយ​អ៊ីរ៉ង់បានសងសឹកវិញ ដោយការវាយប្រហារដែលកំណត់គោលដៅលើ​រោងចក្រ និងមូលដ្ឋានដែលខ្លួនប្រាប់​ថា ត្រូវបានប្រើប្រាស់ដោយយោធាអាមេរិក នៅក្នុងប្រទេសក្នុងតំបន់នេះ​ជាច្រើន៕

ទីក្រុងនៅភាគ​កណ្តាលជប៉ុន ឡើងដល់ ៤០អង្សាសេ ជាការសម្គាល់​ផ្លូវការនៃ​​ថ្ងៃ​​ក្ដៅខ្លាំង​​​លើកដំបូង

2026/07/22 02:29:59 am        60
ទីក្រុងចំនួន ៣ នៅភាគ​កណ្តាលនៃ​ប្រទេសជប៉ុន នា​ថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ បានមាន​សីតុណ្ហភាព​ឡើងដល់ ៤០អង្សាសេ ដែដែលជាការកត់សម្គាល់ជាផ្លូវការនូវ «Kokushobi» ឬ «ថ្ងៃ​ក្តៅខ្លាំង​ស្ទើរទ្រាំមិន​បាន» ជា​លើកដំបូងរបស់ប្រទេសនេះ ចាប់តាំងពីភ្នាក់ងារឧតុនិយមបានដាក់ឱ្យប្រើប្រាស់ពាក្យនេះ កាលពីដើមឆ្នាំ២០២៦ ដើម្បីព្រមានសាធារណជន អំពីកម្ដៅហួត​ហែង​ខ្លាំង​។ដោយសារប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្តប់ លើប្រជុំកោះជប៉ុនភាគច្រើន ទីក្រុង Tajimi និង Gujo ក្នុងខេត្ត Gifu បានកត់ត្រាសីតុណ្ហភាព ៤០,៣អង្សាសេ និង ៤០អង្សាសេរៀងៗខ្លួន ខណៈដែលអាកាស​ធាតុ​ នៅទីក្រុង​ Toyoda ក្នុងខេត្ត Aichi បានឡើងដល់ ៤០,១អង្សាសេ។​ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន​។ពាក្យ «kokushobi» ដែលត្រូវបាន​បង្កើតឡើងក្នុងខែមេសា សំដៅទៅលើថ្ងៃដែលសីតុណ្ហភាពឡើងដល់ ៤០អង្សាសេ ហើយមានបំណងជូនដំណឹងដល់សាធារណជនកាន់តែមានប្រសិទ្ធភាព អំពីកំដៅដ៏គ្រោះថ្នាក់។ ទីភ្នាក់ងារនេះបានបញ្ជាក់​ថា ខ្លួនរំពឹងថា សីតុណ្ហភាពនឹងនៅតែខ្ពស់នៅក្នុងតំបន់ជាច្រើននៃប្រទេស ចាប់ពីថ្ងៃពុធតទៅ ហើយបានជំរុញឱ្យសាធារណជនចាត់វិធានការបង្ការ ដើម្បីទប់ទល់​នឹង​ជំងឺទាក់ទងនឹងកម្ដៅ​​។ទីភ្នាក់ងារ បាន​បន្ថែម​ថា តំបន់ផ្សេងទៀតដែលបានកត់ត្រាសីតុណ្ហភាពជិត ៤០អង្សាសេ រួមមានទីក្រុង​ Nagoya ដែលឡើងដល់ ៣៩,៧អង្សាសេ និងទីក្រុង​ Kumagaya ក្នុងខេត្ត Saitama ដែលបាន​កត់ត្រា ៣៨,៦អង្សាសេ៕

វិមានក្រឹមឡាំង មិនឃើញក្ដី​សង្ឃឹម ក្នុងការកែលម្អទំនាក់ទំនងអង់គ្លេស-រុស្ស៊ី ក្រោមការដឹកនាំរបស់លោក Burnham

2026/07/22 01:55:24 am        44
វិមានក្រឹមឡាំងបានឱ្យ​ដឹង​នៅ​ថ្ងៃអង្គារ (ទី​២១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ខ្លួនមិន​មាន​ «ក្ដី​សង្ឃឹម» សម្រាប់ទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយចក្រភពអង់គ្លេសឡើយ​ ដោយ​ការ​លើក​ឡើង​នេះ​កើតមាន​ក្រោយ​មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស គឺ​លោក Andy Burnham បានចូលកាន់តំណែង ដោយទីក្រុងមូស្គូរិះគន់ការគាំទ្ររបស់លោក ចំពោះអ៊ុយក្រែន។រុស្ស៊ីមើលឃើញចក្រភពអង់គ្លេសជាប្រទេសលោកខាងលិចដ៏​មានអរិភាពបំផុតមួយ ដែលមានទំនាក់ទំនងស្ថិតក្នុងកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ដោយសារ​បញ្ហាជាច្រើន ក្នុង​នោះ​រួមទាំងការចោទប្រកាន់អំពីការបំ​ពុលរបស់រុស្ស៊ី នៅលើទឹកដីចក្រភពអង់គ្លេសផង​ដែរ​ ដោយ​ទីក្រុងឡុងដ្រ៍​បានលេចឡើង​ជាយូរមក​ហើយ​ក្នុង​នាម​ជាអ្នកគាំទ្រដ៏សំខាន់មួយរបស់ទីក្រុងគីវ នៅពេលដែលសង្គ្រាមអ៊ុយក្រែន ផ្ទុះឡើង។នៅពេលត្រូវបាន​សួរដោយសារព័ត៌មាន​ AFP ថា តើទំនាក់ទំនងអាចប្រសើរឡើងបានដែរ ឬយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយ​ថា៖ «យើងមិនមានសង្ឃឹមបែបនេះនោះ​ទេ»។ លោក Peskov បាននិយាយថា៖ «សកម្មភាពដំបូងមួយរបស់គាត់​ (លោក Burnham) គឺការចេញសេចក្តីថ្លែងការណ៍ដែលបង្ហាញពីការគាំទ្រ ចំពោះអ៊ុយក្រែន ហើយចេតនារបស់លោក គឺ​ការធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបន្តសង្គ្រាម»។លោក Burnham ដែលបានចូលកាន់តំណែងនៅវិមាន​ Downing Street បន្ត​ពីលោក Keir Starmer បាននិយាយទៅកាន់លោក Volodymyr Zelenskyy របស់អ៊ុយក្រែននៅថ្ងៃដំបូងចូលកាន់តំណែងរបស់លោក កាលពី​ថ្ងៃចន្ទ។ លោក​បាន​និយាយ​ថា លោក​នឹង​ប្រាប់​លោក Zelenskyy ថា ​នឹង​មិន​មាន «ការ​ផ្លាស់​ប្តូរ» ឡើយ​ នៅ​ក្នុង​គោលនយោបាយ​របស់​ទីក្រុង​ឡុងដ្រ៍ ពាក់​ព័ន្ធ​នឹង​​​អ៊ុយក្រែន ហើយ​ថា លោក​​នឹង​នៅ​ជាមួយ​មេដឹកនាំអ៊ុយ​ក្រែន​ ១០០ភាគរយ៕

អ៊ីម៉ែល៖ ក្រុមហ៊ួទី​ព្រមានក្រុមហ៊ុនដឹកជញ្ជូនឱ្យជៀសវាងឆ្ងាយ​ពី​កំពង់ផែអារ៉ាប៊ីសាអ៊ូ​ឌីត

2026/07/22 01:40:42 am        50
ក្រុមហ៊ុនដឹកជញ្ជូនមិនគួរផ្ទុក ឬបញ្ចេញទំនិញ នៅកំពង់ផែអារ៉ាប៊ីសាអ៊ូ​ឌីតទេ ហើយសកម្មភាពបែបនេះអាចបណ្តាលឱ្យ​ក្លាយ​ជា​គោលដៅ «នៅទីតាំងណាមួយ» ដោយកងជីវពលហ៊ួទី​របស់​ប្រទេសយេម៉ែន។ នេះបើយោងតាមអ៊ីម៉ែល​ ដែលបានផ្ញើទៅកាន់ក្រុមហ៊ុននានា​ដោយក្រុមដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នេះ​។អ៊ីម៉ែល​កាលពី​ថ្ងៃចន្ទ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) ដែលត្រូវបានទទួលដោយក្រុមហ៊ុនដឹកជញ្ជូនជាច្រើន បានសរសេរ​​ថា៖ «នាវាត្រូវបានហាមឃាត់មិនឱ្យផ្ទុក ឬបញ្ចេញទំនិញទាំង​នៅ ឬមកពីកំពង់ផែរបស់​អារ៉ាប៊ីសាអ៊ូ​ឌីតណាមួយ»។យោងតាមអ៊ីមែលដែលត្រូវបានផ្ញើទៅកាន់ក្រុមហ៊ុនជាច្រើន នៅក្នុងឧស្សាហកម្មនេះ​ និងសារព័ត៌សាមាន​ Reuters បាន​ឃើញ​ បានរៀប​រាប់​បន្ថែម​ថា៖ «យើងសូមណែនាំយ៉ាងម៉ឹង​ម៉ាត់​​ឱ្យ​ក្រុមហ៊ុនរបស់អ្នក អនុវត្តការត្រួតពិនិត្យដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត នៅ​ក្នុងការធ្វើប្រតិបត្តិការទាំងអស់របស់ខ្លួន»​។យោងតាមអ៊ីម៉ែល​ ដែលត្រូវបានផ្ញើដោយមជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការមនុស្សធម៌មានមូលដ្ឋាននៅទី​ក្រុង​ Sanaa របស់ក្រុមហ៊ួទី បាន​បញ្ជាក់​បន្ថែម​ថា​៖ «សកម្មភាពបែបនេះនឹងធ្វើឱ្យនាវាដែលរំលោភបំពានប្រឈមនឹងទណ្ឌកម្ម។ លើសពីនេះ ពួកគេអាចនឹងត្រូវបាន​កំណត់គោលដៅនៅទីតាំងណាមួយដែលស្ថិតនៅក្នុងដែនប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធយេម៉ែន»៕

នាយករដ្ឋមន្ត្រី​អ៊ីតាលី អំពាវនាវឱ្យរក​ការពិត ជុំវិញ​ការស្លាប់ពេ​ល​ចាប់​ខ្លួន នៅក្រុង Bologna និងថ្កោលទោសការប៉ះទង្គិចគ្នា

2026/07/22 01:38:21 am        50
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី​ Giorgia Meloni នៅ​ថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) បានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញមួយលើការស្លាប់របស់បុរសម្នាក់ ក្នុងអំឡុងពេលចាប់ខ្លួន នៅទីក្រុង Bologna ខណៈពេលដែលថ្កោលទោសការតវ៉ាប្រឆាំងនឹងនគរបាល ដែលបានប្រែក្លាយទៅជាអំពើហិង្សា និងបណ្តាលឱ្យមន្ត្រីរាប់សិបនាក់រងរបួស។លោក Abderrahim Fakir ដែល​មានដើម​​កំណើត​នៅ​ប្រទេសម៉ារ៉ុក បានស្លាប់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក​ បន្ទាប់ពីនគរបាល​ត្រូវបានទូរស័ព្ទ​ហៅ​ទៅកាន់សង្កាត់ Pilastro នៅជាយក្រុងភាគខាងជើង ដើម្បីដោះស្រាយជាមួយបុរសម្នាក់ដែលមានអាកប្បកិរិយាបង្ក​ហិង្សា និងបំផ្លិច​បំផ្លាញយានយន្ត។លោកស្រី​ Meloni បានសរសេរនៅលើបណ្ដាញ​សង្គម​ X ថា៖ «វាជារឿងចាំបាច់បំផុតដែលការទទួលខុសត្រូវណាមួយ​ ត្រូវតែស្វែងរកឱ្យឃើញដោយម៉ឺងម៉ាត់បំផុត។ ការពិតត្រូវតែត្រូវបានតាមដានស្រាវជ្រាវឱ្យអស់សេចក្តី ដោយគ្មានភាព​លម្អៀង​ និងគ្មានការយោគយល់ដល់នរណាម្នាក់ឡើយ»។យោងតាមសហជីពនគរបាល​ COISP បាន​ឱ្យដឹង​ថា ជាមួយ​គ្នានេះ នាយករដ្ឋមន្ត្រីស្តាំនិយមរូបនេះ ក៏បានថ្កោលទោសផង​ដែរ ចំពោះ​អំពើហិង្សាលើ​នគរបាល ក្នុងអំឡុងពេលមាន​ការ​តវ៉ា នៅកណ្តាលទីក្រុង Bologna កាលពីយប់ថ្ងៃចន្ទ ដែល​បានបណ្តាលឱ្យមន្ត្រីចំនួន ៥៦នាក់រងរបួស។គួរ​បញ្ជាក់​ថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បាន​ឱ្យដឹង​ថា​ បាតុកម្មនេះបានប្រែក្លាយទៅជាអំពើហិង្សា នៅពេលដែលក្រុមអ្នកតវ៉ាមួយក្រុម បានគប់ផាវ ដប និងកៅអីទៅលើនគរបាល​ ដែលបានឆ្លើយតបវិញ​ដោយឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក៕

ក្រុមជួយសង្គ្រោះ នៅអាហ្វហ្គានីស្ថាន ស្វែងរកជនរងគ្រោះ​ តាម​គំនរបាក់បែកដែលបន្សល់ទុក​​​ពី​ទឹកជំនន់

2026/07/22 01:35:21 am        52
ក្រុមជួយសង្គ្រោះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ បានស្វែងរកអ្នករស់រានមានជីវិត និងសាកសព នៅតាម​គំនរបាក់បែកនៃផ្ទះសម្បែង​ដែល​ត្រូវបានបំផ្លាញដោយទឹកជំនន់​គំហុក​ភ្លាមៗដ៏​អាក្រក់​ ជា​ហេតុការណ៍​ដែលអាជ្ញាធរ បញ្ជាក់​​ថា បានសម្លាប់មនុស្សជាង​ ២០នាក់ និងបណ្ដាល​ឱ្យមនុស្សជាង ១០០នាក់បាត់ខ្លួន។អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថាន បានប្រាប់នៅ​ថ្ងៃអង្គារនេះ​ថា មនុស្ស ២៣នាក់បានស្លាប់ ៨០នាក់ បានរងរបួស និងជាង ១០០នាក់បានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់បានកើត​មាន​នៅ​ខេត្ត Nuristan ភាគខាងកើត កាលពីថ្ងៃចន្ទ ដោយ​បណ្តាលឱ្យអគារមួយចំនួន បានដួលរលំ។ អាជ្ញាធរបាន​ប្រាប់​ថា រដ្ឋធានី Parun ស្ថិតក្នុងចំណោមតំបន់ដែលរងប៉ះពាល់។នាយកដ្ឋានឧតុនិយមនៃក្រសួងដឹកជញ្ជូន និងអាកាសចរណ៍ស៊ីវិល បានឱ្យដឹង​កាលពីល្ងាចថ្ងៃចន្ទថា ការព្យាករអាកាសធាតុ បានបង្ហាញថា នឹងមានបាតុភូតអាកាសធាតុធ្ងន់ធ្ងរបន្ថែមទៀត ដោយមានភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ ខ្យល់បក់បោកខ្លាំងលាយឡំដោយធូលី និងខ្សាច់ ព្រមទាំងទឹកជំនន់គំហុក​ភ្លាមៗ​ នៅខេត្តចំនួន ១០ ក្នុងចំណោមខេត្តទាំង ៣៤ របស់​ប្រទេស។ ក្រសួងក៏បានព្រមាន​ផងដែរ​ដល់ប្រជាជនឱ្យជៀសវាងឆ្ងាយពីច្រាំងទន្លេ និងតំបន់ផ្សេងទៀតដែលមានហានិភ័យកើត​គ្រោះទឹកជំនន់។គួរបញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថានងាយរងគ្រោះខ្លាំង ដោយសារ​ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ធ្ងន់ធ្ងរ​ ដោយមាន​​ព្រិល និងភ្លៀងធ្លាក់ខ្លាំងដែលបង្កជា​ទឹកជំនន់គំ​ហុក​ភ្លាមៗ ដោយ​ជារឿយៗសម្លាប់មនុស្សរាប់សិបនាក់ ឬរាប់រយនាក់ក្នុងពេលតែមួយ៕

UN បង្ហាញសញ្ញានៃការកើនឡើងយ៉ាងខ្លាំងនៃការស្លាប់ និងរបួសរបស់ជនស៊ីវិល ក្នុងសង្គ្រាមអ៊ុយក្រែន- រុស្ស៊ី

2026/07/22 01:32:41 am        45
អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃអង្គារនេះថា ជនស៊ីវិលស្លាប់ និងរបួសក្នុងសង្គ្រាម ដែលកំពុងផ្ទុះឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើនឡើង ៣៧ ភាគរយ នៅក្នុងឆមាសទី១ នៃឆ្នាំនេះ។លោកស្រី Danielle Bell ប្រធានបេសកកម្មត្រួតពិនិត្យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំអ៊ុយក្រែន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«យើងបានកត់ត្រាជនស៊ីវិលចំនួន ១.៣៩៦ នាក់ត្រូវបានសម្លាប់ (និង) ៧.៩៧៨ នាក់ រងរបួស... ដែលស្មើនឹងការកើនឡើង ៣៧ ភាគរយ ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន»៕

អ៊ីតាលីត្រូវរង្គោះរង្គើដោយសារការតវ៉ា បន្ទាប់ពីជនជាតិម៉ារ៉ុកម្នាក់ បានស្លាប់ អំឡុងពេលនរបាលធ្វើអន្តរាគមន៍

2026/07/22 01:30:17 am        40
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅទីក្រុងBologna កាលពីថ្ងៃចន្ទ បន្ទាប់ពីមានការតវ៉ាជុំវិញការស្លាប់របស់បុរសម្នាក់ដែលកើតនៅប្រទេសម៉ារ៉ុក ឈ្មោះ Abderrahim Fakir អំឡុងពេលមានអន្តរាគមន៍របស់នគរបាល ដោយអាជ្ញាធរអ៊ីតាលីកំពុងប្រឈមនឹងការអំពាវនាវឲ្យមាន ការទទួលខុសត្រូវ ទាំងចំពោះហេតុការណ៍នេះ និងភាពចលាចលដែលបានកើតឡើងបន្ទាប់មក។សារព័ត៌មានអ៊ីតាលី Corriere della Sera បានរាយការណ៍ថា ការធ្វើបាតុកម្មមួយដែលបានរៀបចំឡើងបន្ទាប់ពីការស្លាប់របស់ លោក Fakir បានប្រែក្លាយទៅជាអំពើហិង្សា ដោយមានការប៉ះទង្គិចគ្នា ត្រូវបានរាយការណ៍ នៅកណ្តាលទីក្រុងនេះ។ សហជីពនគរបាលស្វយ័ត បាននិយាយថា មានមន្ត្រីនគរបាល ជាង ៥០ នាក់ បានរងរបួស អំឡុងពេលមានភាពចលាចលនោះ។លោក Stefano Paoloni អគ្គលេខាធិការនៃសហជីពនគរបាលស្វយ័តបាននិយាយថា៖«អភិបាលក្រុង លោក Matteo Lepore ត្រូវតែទទួលខុសត្រូវពេញលេញចំពោះការខូចខាតដ៏ធ្ងន់ធ្ងរ និងមន្ត្រីនគរបាល ជាង ៥០នាក់ ដែលបានរងរបួស» ដោយលោកបានរិះគន់ចំពោះការសម្រេចចិត្តរៀបចំការធ្វើបាតុកម្ម នេះ។លោក Paoloni បាននិយាយថា ការឈឺចាប់ និងការសោកសៅរបស់សាធារណជនចំពោះការស្លាប់របស់ លោក Fakir គឺអាចយល់បាន ប៉ុន្តែលោកបានព្រមានប្រឆាំងនឹងសកម្មភាព ដែលអាចជំរុញឲ្យមានអរិភាពប្រឆាំងនឹងនគរបាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM