ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា

ព័ត៌មានអន្តរជាតិ

មន្ត្រី​៖ កងទ័ព​លីបង់​ដាក់ពង្រាយ ​នៅ​​ទីក្រុង​ភាគ​ខាងត្បូង ​ក្រោយ​ការ​ដកទ័ព​​របស់​អ៊ីស្រាអែល

2026/07/22 12:27:22 am        65
មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​លីបង់​ ​បានឱ្យដឹង​​ថា កងទ័ព​លីបង់​ បាន​ចាប់ផ្តើម​ដាក់ពង្រាយ ​ក្នុង​ទីក្រុង Zawtar al-Gharbiyeh នៅ​ភាគ​ខាងត្បូងនៃ​ប្រតេស​​លីបង់ នា​​ថ្ងៃ​អង្គារ (ទី​២១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បន្ទាប់​ពី​កងកម្លាំង​អ៊ីស្រាអែល​បាន​ដកចេញពី​តំបន់​នោះ ស្រប​តាម​ផែនការ​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋអាមេរិក។ផែនការ​នេះ​បាន​មើលឃើញ​​ការ​រឹបអូស​អាវុធ​ពី​ក្រុមហេសបូឡា​ ដែល​មាន​សម្ព័ន្ធមិត្ត​ជាមួយ​អ៊ីរ៉ង់ ​នៅ​ផ្នែក​ខ្លះ​នៃ​ភាគខាងត្បូង​លីបង់ និង​ការ​ដក​ចេញ​​ជា​ដំណាក់កាល​នៃ​កងទ័ព​អ៊ីស្រាអែល។ យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ផែនការ​នេះ ដែល​មាន​ឈ្មោះ​ថា កម្មវិធី​តំបន់​សាកល្បង បាន​ចាប់ផ្តើម​ហើយ តែ​​មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗឡើយ ​នៅ​ថ្ងៃ​អង្គារ​នេះ​។ការ​ប្រគល់​ទឹកដី​នៅ​ថ្ងៃ​អង្គារនេះ ​គឺជា​ការ​សាកល្បង​លើកដំបូង​នៃ​ផែនការ​នេះ ដែល​លីបង់​សង្ឃឹមថា ​នឹង​អាច​ឱ្យ​ខ្លួន​ស្ដារ​ការគ្រប់គ្រង​ លើ​ផ្នែក​នៃ​តំបន់ដ៏​តូច​ចង្អៀត​​ ​ដែល​មានចម្ងាយ​ចូលជ្រៅ​ប្រហែល ១០​គីឡូម៉ែត្រ ទៅ​ក្នុង​ប្រទេស​ដែល​នៅ​តែ​កាន់កាប់​ដោយ​កងទ័ព​អ៊ីស្រាអែល។ភូមិ​រាប់សិប​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​តំបន់​នោះ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ ត្រូវ​បាន​បំផ្លាញ ក្នុង​នោះ​រួមមាន​​ទាំង​មន្ទីរពេទ្យ ស្ថានីយ​ថាមពល និង​ម៉ាស៊ីន​បូម​ទឹក។ ប្រជាជន​លីបង់​រាប់ម៉ឺន​នាក់​ដែល​ហៅ​តំបន់​នេះ​ថា ​ជា​ផ្ទះជ្រក​កោន​របស់ខ្លួន​​មិន​អាច​ត្រឡប់​ទៅ​​វិញ​បានឡើយ​។កងទ័ពលីបង់បាន​ឱ្យដឹង​ថា អង្គភាពរបស់ខ្លួន បានចាប់ផ្តើមដាក់ពង្រាយនៅទីក្រុង​ Zawtar al-Gharbiyeh ក្នុងតំបន់ Nabatieh នា​ថ្ងៃអង្គារនេះ​។ កងទ័ពបានបន្តការអំពាវនាវដល់អ្នកស្រុកកុំឱ្យចូលទៅក្នុងទីក្រុង រហូតដល់ស្ថានភាពសន្តិសុខមានស្ថិរភាព និងធ្វើតាមការណែនាំពីអង្គភាពយោធាដែលត្រូវ​ដាក់ពង្រាយ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕

ក្រុមគ្រូពេទ្យនិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់សមាជិកគ្រួសារ ៦ នាក់ នៅហ្កាហ្សា

2026/07/22 12:24:38 am        66
មន្ត្រីសុខាភិបាលបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃអង្គារនេះ បានសម្លាប់ឪពុកម្នាក់ ភរិយារបស់ខ្លួន និងកូនទាំង ៤នាក់របស់ពួកគេ នៅទីក្រុងហ្កាហ្សា ខណៈដែលវាបានបង្កឲ្យផ្ទះរបស់ពួកគេឆេះផងដែរ។ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើផ្ទះគ្រួសារមួយ នៅតំបន់ Sabra បានសម្លាប់បុរសឈ្មោះ Firas Al-Masri ភរិយារបស់ខ្លួន ឈ្មោះ Salsabeel និងកូនស្រីបីនាក់ ព្រមទាំងកូនប្រុសម្នាក់របស់ពួកគេ។យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារនោះ ដោយនិយាយថា គោលដៅរបស់ខ្លួន គឺជាសមាជិកប្រដាប់អាវុធរបស់ក្រុមហាម៉ាស ហើយថា ខ្លួនកំពុងបន្តស៊ើបអង្កេតលទ្ធផលនៃការវាយប្រហារនេះនៅឡើយ។ក្នុងការវាយប្រហារដាច់ដោយឡែកៗគ្នា ចាប់តាំងពីថ្ងៃសុក្រ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់សមាជិកប្រដាប់អាវុធបីនាក់មកពីក្រុមហាម៉ាស និងក្រុមជីហាដអ៊ីស្លាម ដែលក្នុងចំណោមនោះ ពីរនាក់បានចូលរួមក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី 0៧ ខែតុលា ឆ្នាំ២០២៣ ហើយបានឃុំខ្លួន ចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវបានចាប់ក្នុងការវាយប្រហារនោះ៕

អង្គការ MSF អំពាវនាវឲ្យ​អ៊ីស្រាអែលដោះលែងបុគ្គលិកសុខាភិបាលប៉ាឡេស្ទីនដែលកំពុងត្រូវបានឃុំខ្លួន

2026/07/22 12:22:08 am        49
អង្គការគ្រូពេទ្យ​គ្មានព្រំដែន (MSF)កាលពីថ្ងៃចន្ទ​បានអំពាវនាវឲ្យ​មានការដោះលែងជាបន្ទាន់នូវបុគ្គលិកសុខាភិបាលប៉ាឡេស្ទីនទាំងអស់ ដែលត្រូវបានអ៊ីស្រាអែលឃុំខ្លួនដោយបំពាន»។អង្គការ MSF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្លួនមានការខឹងសម្បាយ៉ាងខ្លាំងចំពោះការប្រព្រឹត្តចំពោះបុគ្គលិកសុខាភិបាល ដែលភាគច្រើននៃពួកគេកំពុងត្រូវបានឃុំខ្លួន ក្នុងស្ថានភាពលំបាកខ្លាំង ដោយគ្មានមូលហេតុ ឬហេតុផលសមស្រប»។អង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្ត្រនេះ បានចូលរួមជាមួយការអំពាវនាវឲ្យ​ដោះលែងលោក Hussam Abu Safiya ដែលជាវេជ្ជបណ្ឌិតឯកទេសកុមារ និងជានាយកមន្ទីរពេទ្យ Kamal Adwan Hospital នៅតំបន់ហ្កាហ្សា ដែលត្រូវបានឃុំខ្លួនចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៤។អង្គការ MSF ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បាននិយាយថា៖«ការឃុំខ្លួនលោកនេះ គឺស្របតាមលំនាំដ៏គួរឲ្យរន្ធត់មួយ ដែលអាជ្ញាធរអ៊ីស្រាអែលបានឃុំខ្លួន និងកំណត់គោលដៅលើបុគ្គលិកវេជ្ជសាស្ត្រនៅទូទាំងប៉ាឡេស្ទីន»៕

ទីភ្នាក់ងារ៖ ច្រកសមុទ្រហ័រមូស នឹងត្រូវបន្តបិទ រហូតដល់អាមេរិកបញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់

2026/07/22 12:19:24 am        56
ទីក្រុងតេអេរ៉ង់ នឹងមិនបើកច្រកសមុទ្រហ័រមូសឡើងវិញសម្រាប់ការដឹកជញ្ជូន ឬចេញលិខិតអនុញ្ញាតសម្រាប់ការឆ្លងកាត់នាវាទេ ដរាបណាសហរដ្ឋអាមេរិកបន្តវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Fars ដែលបានស្រង់ប្រភពមួយ។ប្រភពបានចង្អុលបង្ហាញថា៖«ស្ថានភាពនៅក្នុងច្រកសមុទ្រហ័រមូស នឹងមិនផ្លាស់ប្តូរទេ រហូតដល់សហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួន»។ការកើនឡើងភាពតានតឹងថ្មីៗរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ០៨ ខែកក្កដា នៅពេលដែលសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើអ៊ីរ៉ង់ជាលើកដំបូង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU)។ សហរដ្ឋអាមេរិកបានអះអាងថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការវាយប្រហារលើនាវាពាណិជ្ជកម្មមួយនៅក្នុងច្រកសមុទ្រហ័រមូស។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃដដែលនោះថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ បានបញ្ចប់។ ទីក្រុងតេអេរ៉ង់បានឆ្លើយតប ដោយកំណត់គោលដៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា រួមទាំងនៅបារ៉ែន កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា និងហ្ស៊កដានី៕

ក្រុមយុវជនឥណ្ឌា៖ ការតវ៉ានឹងបន្ត បន្ទាប់ពីការប៉ះទង្គិចគ្នា នៅក្រុងដេលី ធ្វើឱ្យមនុស្ស ១៨០នាក់របួស

2026/07/22 12:13:13 am        64
ចលនាតវ៉ា​ «Cockroach» (សត្វកន្លាត) ដែលដឹកនាំដោយយុវជនឥណ្ឌា បានឱ្យ​ដឹង​ថា ខ្លួននឹងបន្តការតវ៉ាតទៅទៀត ដើម្បីទាមទារឱ្យរដ្ឋមន្ត្រីអប់រំលាលែងពីតំណែង នៅថ្ងៃអង្គារ (ទី​២១ ខែកក្កដា ឆ្នាំ២០២៦) នេះ ពោល​គឺ​មួយថ្ងៃបន្ទាប់ពីការតវ៉ាដោយហិង្សា បានរំខានដល់តំបន់​​កណ្តាលទីក្រុងដេលី (Delhi) ដោយធ្វើឱ្យក្រុមបាតុករ និងបុគ្គលិកនគរបាល​ជាច្រើននាក់រងរបួស។ក្រុមបាតុកររាប់ពាន់នាក់មកពីទីក្រុងដេលី និងទីក្រុងក្បែរនោះ​ ព្រម​ទាំង​ពី​ទីប្រជុំជនផ្សេង​ៗ បានប្រមូលផ្តុំគ្នា ដើម្បីដង្ហែក្បួនទៅកាន់សភា កាល​ពី​ថ្ងៃចន្ទ ដោយបានចូលរួមក្នុងចលនាមួយ ដែលដំបូងឡើយបានចាប់ផ្តើមចេញពីការចំអកឌឺដងតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែបានប្រែជាក្លាយទៅជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់នាយករដ្ឋមន្ត្រី លោក​ Narendra Modi នៅក្នុងអាណត្តិទី៣ របស់លោក។ចលនាតវ៉ាដែលមានអាយុកាលជាច្រើនខែមកហើយរបស់ក្រុមដែលប្រសិទ្ធនាមខ្លួនឯងថា គណបក្ស Cockroach Janta Party បានទាក់ទាញការគាំទ្រពីយុវជនជំនាន់ក្រោយ​ (Gen Z) នៅក្នុងប្រទេសឥណ្ឌារាប់លាននាក់ ដែលកំពុងទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក Dharmendra Pradhan លាលែងពីតំណែង ពាក់ព័ន្ធនឹងករណីធ្លាយវិញ្ញាសាប្រឡង ដែលបានប៉ះពាល់ដល់សិស្សជាង ២លាននាក់ កាលពីខែឧសភា។មនុស្សជិត ១៨០នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋក្បែរៗនោះ កាលពី​ថ្ងៃចន្ទ ដោយភាគច្រើន បានចេញពីមន្ទីរពេទ្យហើយ​ បន្ទាប់ពីត្រូវ​បានសង្គ្រោះបឋម ក្រោយមាន​ការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងបុគ្គលិកសន្តិសុខ ដែលនៅពេល​នោះ​នគរបាល​បានប្រើដំបងវាយ និងឧស្ម័នបង្ហូរទឹកភ្នែក។នៅព្រឹកថ្ងៃអង្គារនេះ​ អ្នកតវ៉ាប្រហែល ១៥០-២០០នាក់ បានប្រមូលផ្តុំគ្នា នៅកន្លែងតវ៉ា Jantar Mantar កណ្ដាល​ទីក្រុងដេលី ដោយនាំគ្នា​ស្រែកពាក្យស្លោក នៅ​ក្រោម​តំណក់​ភ្លៀងរលឹមស្រិច​​ៗ។ សន្តិសុខនៅតែ​ត្រូវបាន​រឹតបន្តឹង​ ដោយ​មាន​បុគ្គលិកប៉ារ៉ាល្បាតផ្នែកខ្លះនៃកណ្តាលក្រុងដេលី និងរបាំងដែលធ្វើឲ្យចរាចរណ៍យឺតយ៉ាវ៕

ការខាតបង់សេដ្ឋកិច្ចដោយសារ​ទឹកជំនន់ និងបំណាក់ដី នៅវៀតណាម មាន​ប្រមាណ​​ជិត ១៧លាន​ដុល្លារ

2026/07/22 12:09:38 am        62
ទឹកជំនន់ និងបំណាក់​ដី នៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម បានបណ្តាលឱ្យមនុស្សយ៉ាងតិច​ ៦នាក់ស្លាប់ ២នាក់បាត់ខ្លួន និង ១០នាក់រងរបួស ដោយមាន​​ការខាតបង់សេដ្ឋកិច្ចសរុបប្រមាណជិត ៤៤៣ពាន់លានដុង (ជិត​ ១៧លាន​ដុលារ) ខណៈដែលការខូចខាតនៅតែបន្តកើនឡើង នៅក្នុងខេត្ត Lai Chau និង Son La។Lai Chau ជាខេត្តតំបន់​ភ្នំដែលមានលក្ខណៈសម្គាល់​ដោយសណ្ឋាន​​ដីចោត និងបណ្តាញទន្លេ និងអូរខ្វាត់ខ្វែង គឺជាតំបន់ដែលរងប៉ះពាល់ខ្លាំងបំផុត ក្នុងអំឡុងពេលមាន​ទឹកជំនន់ថ្មីៗនេះ នៅតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាម។ទឹកជំនន់គំហុក​ភ្លាមៗ និងបំណាក់​ដីបានប៉ះពាល់ដោយផ្ទាល់ដល់មនុស្ស​ចំនួន ៨៩៩គ្រួសារ ដែលមានប្រជាជន ៤.២៦៣នាក់ នៅក្នុងភូមិ Chit, Khi, Nam Sang, Noong Thang និង Nam Ngua។ ខេត្តនេះមានអ្នកស្លាប់ចំនួន ៦នាក់ ១០នាក់បានរងរបួស ហើយ​ ២នាក់នៅតែបាត់ខ្លួន។គិតត្រឹមថ្ងៃត្រង់ថ្ងៃទី២០​ ខែកក្កដា ការខាតបង់សរុបនៅខេត្ត Lai Chau ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ២៧០​ពាន់លានដុង ដែលជាការកើនឡើងយ៉ាងខ្លាំងពីការវាយតម្លៃពីមុន។ ឃុំ Muong Than តែមួយបានខូចខាតប្រហែល ១២០​ពាន់លានដុង។នៅខេត្តជិតខាង Son La ការខាតបង់ដែលត្រូវ​បានប៉ាន់ប្រមាណ ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ដល់ប្រហែល ១២៥ពាន់លានដុង។ ខេត្ត Lao Cai ក៏បានរងការខូចខាតយ៉ាងទូលំទូលាយផងដែរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ បានបង្កឱ្យមានទឹកជំនន់គំហុក​ភ្លាមៗ បំណាក់​ដី និងការជន់លិច​។ ការខាតបង់សរុបត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៤៥ពាន់លានដុង។ ទន្ទឹមនឹងនេះ ខេត្ត Dien Bien បានរាយការណ៍ពីការខូចខាតប្រហែល ២,៣ពាន់លានដុង៕

ជប៉ុនតវ៉ាប្រឆាំងនឹងសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន នៅក្នុងដែនទឹកក្បែរនោះ

2026/07/21 11:57:13 pm        41
ប្រទេស​ជប៉ុន នៅថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​ប្រាប់​ឱ្យដឹង​ថា ខ្លួនបានដាក់ការតវ៉ាជាមួយចិន អំពី​សមយុទ្ធបាញ់គ្រាប់ពិត ដែលខ្លួនបញ្ជាក់​ថា ត្រូវបានធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ជាឧប្បត្តិហេតុមួយដែលអាចធ្វើឱ្យកាន់តែតានតឹងដល់​ទំនាក់ទំនង រវាងប្រទេសសេដ្ឋកិច្ចធំជាង​គេ​ទាំង២ របស់តំបន់​អាស៊ី។យោធាជប៉ុនបានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះ ដែលក៏មាន​ពាក់ព័ន្ធនឹងនាវារុស្ស៊ីផងដែរ ត្រូវបានធ្វើឡើងនៅចម្ងាយប្រហែល ១៨០​គីឡូម៉ែត្រ នៅ​ភាគនិរតីនៃអ្វីដែលទីក្រុងតូក្យូហៅថា កោះ Okinotori កាលពីព្រឹក​​ថ្ងៃទី១៩ ខែកក្កដា។ចិនអះអាងថា កោះដាច់ស្រយាល Okinotori គឺជាគ្រាន់តែ​ផ្ទាំង​ថ្ម​ មិនមែន​កោះនោះទេ​ ដូច្នេះ ជប៉ុនមិនមានសិទ្ធិទាមទារដែនទឹកជុំវិញវា ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)របស់ខ្លួនបាន​ឡើយ​។ ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗទេ ចំពោះសំណើសុំការអត្ថាធិប្បាយ។អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២១ ខែកក្កដានេះ​ថា៖ «រដ្ឋាភិបាលជប៉ុនបានដាក់ពាក្យតវ៉ា​ជាមួយប្រទេសចិន តាមរយៈបណ្តាញការទូត ដោយផ្ដល់​ហេតុផលថា សកម្មភាពបែបនេះអាចបង្កគ្រោះថ្នាក់ដល់ការធ្វើនាវាចរណ៍របស់នាវា នៅក្បែរនោះ»។អ្នកនាំពាក្យយោធាជប៉ុន បានប្រាប់​ថា នេះជាលើកដំបូងហើយដែលទីក្រុងតូក្យូ បានបង្ហាញជាសាធារណៈអំពីសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) ​របស់ខ្លួន ខណៈពេលដែលបន្ថែមថា សកម្មភាពនេះមិនផ្ទុយនឹងច្បាប់អន្តរជាតិទេ៕

មនុស្សរាប់រយនាក់ចេញតវ៉ានៅទីក្រុងដែលី ដើម្បីទាមទារភាពជារដ្ឋសម្រាប់តំបន់កាស្មៀរឥណ្ឌា

2026/07/21 11:50:22 pm        29
មនុស្សរាប់រយនាក់ដឹកនាំដោយរដ្ឋមន្ត្រីប្រចាំរដ្ឋនៅតំបន់កាស្មៀរប្រទេសឥណ្ឌា បានស្រែកពាក្យស្លោក និងចេញតវ៉ានៅរដ្ឋធានីដែលី កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ដោយទាមទារភាពជារដ្ឋសម្រាប់តំបន់កាស្មៀរ រយៈពេលប្រាំពីរឆ្នាំបន្ទាប់ពីតំបន់ត្រូវបានប្រែក្លាយទៅជាដែនដីសហព័ន្ធ។ កាលពីខែសីហា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រី លោក Narendra Modi បានដកហូតស្វ័យភាពដោយផ្នែកតំបន់ Jammu និងតំបន់កាស្មៀរ ដកភាពជារដ្ឋរបស់តំបន់ហើយបែងចែកទៅជាដែនដីពីរគ្រប់គ្រងដោយសហព័ន្ធ។តំបន់កាស្មៀរមានប្រជាជនមូស្លីមភាគច្រើន ជាមួយតំបន់Jammu លើសលប់ដោយហិណ្ឌូ និងតំបន់‌Ladakh ជាទឹកដីពុទ្ធសាសនា។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបាននិយាយថា ភាពជារដ្ឋសម្រាប់តំបន់ហិម៉ាឡៃ នឹងត្រូវបានស្តារឡើងវិញនៅពេលវេលាសមស្រប។រដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Omar Abdullah បាននិយាយនៅក្នុងសារថា នេះគ្រាន់តែជាការចាប់ផ្តើមនៃការតតាំងរបស់យើងសម្រាប់ភាពជារដ្ឋ សិទ្ធិរបស់យើង សេចក្តីថ្លៃថ្នូររបស់យើង និងអ្វីៗគ្រប់យ៉ាងដែលដកហូតពីយើង។ លោក Abdullahនិងគណបក្សរបស់លោក សន្និសីទជាតិJammuនិងកាស្មៀរ បាននិយាយថា ភាពជារដ្ឋគួរតែត្រូវបានស្តារឡើងវិញឱ្យបានឆាប់បំផុត ស្របតាមការសន្យារបស់រដ្ឋាភិបាល។ប្រទេសឥណ្ឌា និងប៉ាគីស្ថាន សុទ្ធតែអះអាងទាំងស្រុងតំបន់កាស្មៀរភាគច្រើនជាពលរដ្ឋមូស្លីម ប៉ុន្តែបានគ្រប់គ្រងតំបន់ដោយផ្នែក។ ប្រទេសឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានជាយូរមកហើយថាបានជួយដល់ក្រុមផ្តាច់ខ្លួនដែលបានប្រយុទ្ធប្រឆាំងកងកម្លាំងសន្តិសុខនៅក្នុងតំបន់កាស្មៀររបស់ប្រទេសឥណ្ឌា ប៉ុន្តែការចោទប្រកាន់ត្រូវាបទីក្រុងអ៊ីស្លាម៉ាបាដ ច្រានចោល។

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ប្តេជ្ញាការពារការដឹកជញ្ជូនតាមសមុទ្រក្រហម

2026/07/21 11:46:05 pm        35
ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅប្រទេសយេម៉ែន បាននិយាយកាលពីយប់ថ្ងៃចន្ទថាខ្លួននឹងមានចំណាត់ការចាំបាច់ដើម្បីការពារនាវាពាណិជ្ជកម្មរបស់ខ្លួននៅច្រកសមុទ្រ Bab al-Mandab និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងណាមួយបន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ូទីអំពីការបិទផ្លូវសម្រាប់ការដឹកជញ្ជូនតាមសមុទ្ររបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។អ្នកនាំពាក្យក្រុមចម្រុះ លោក Turki Al-Malki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា បញ្ជាការដ្ឋានកងកម្លាំងចម្រុះនៃក្រុមចម្រុះកំពុងចាត់វិធានការប្រតិបត្តិការចាំបាច់ និងម៉ឺងម៉ាត់ស្របតាមច្បាប់អន្តរជាតិដើម្បីការពារនាវាដែលឆ្លងកាត់ច្រកសមុទ្រ។លោកបានច្រានចោលបម្រាមផ្លូវសមុទ្ររបស់ក្រុមហ៊ូទីថាជា «ការបង្កហេតុ និងជាការរីកធំជម្លោះ» ដោយនិយាយថានាវាពាណិជ្ជកម្មជាង៣០០គ្រឿងបានចូលទៅក្នុងកំពង់ផែគ្រប់គ្រងដោយក្រុមហ៊ូទីនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយដឹកស្បៀង និងប្រេងឥន្ធនៈជាដើម។ ដោយឡែក ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានថ្កោលទោសនៅក្នុងសេចក្តីថ្លែងការណ៍ពីការបិទផ្លូវរបស់ក្រុមហ៊ូទី ដោយនិយាយថាព្រះរាជាណាចក្រមួយនេះបានខិតខំបន្ធូរបន្ថយទុក្ខលំបាករបស់ប្រជាជនយេម៉ែនតាមរយៈគម្រោងអភិវឌ្ឍន៍ និងការគាំទ្រថវិកា។ ក្រុមហ៊ូទីបានប្រកាសពីបម្រាមដោយលើកឡើងពីអ្វីដែលពួកគេចាត់ទុកថាការបិទផ្លូវទឹកសម្រាប់គោលការណ៍បិទផ្លូវ ក្នុងការឆ្លើយតបទៅនឹងការហ៊ុមព័ទ្ធរយៈពេលជិត១២ ឆ្នាំរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត បានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិសាណាកាលពីសប្តាហ៍មុន ដើម្បីរារាំងយន្តហោះអ៊ីរ៉ង់ដែលដឹកគណៈប្រតិភូជាន់ខ្ពស់របស់ក្រុមហ៊ូទី មិនឱ្យចុះចត។ ក្រុមហ៊ូទីបានស្តីបន្ទោសទីក្រុងរីយ៉ាដ និងបានបាញ់មីស៊ីល និងយានដ្រូនទៅលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ឈីលី ចេញការណែនាំសុខភាព ខណៈព្យុះរដូវរងាដ៏ខ្លាំងក្លាបង្កើនហានិភ័យសុខភាព

2026/07/21 11:31:41 pm        42
ក្រសួងសុខាភិបាលប្រទេសឈីលី កាលពីថ្ងៃចន្ទបានចេញការណែនាំសុខភាពសាធារណៈសម្រាប់តំបន់ភាគខាងជើង បន្ទាប់ពីព្យុះរដូវរងាដ៏ខ្លាំងក្លា ដោយលើកឡើងពីហានិភ័យមេរោគផ្លូវដង្ហើមកើនឡើងក្នុងពេលរដូវរងានៅអឌ្ឍគោលខាងត្បូង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី May Chomali បាននិយាយថា រដ្ឋាភិបាលកំពុងចាត់វិធានការបង្ការជាមុន ដូចជាការចាក់វ៉ាក់សាំងដើម្បីការពារសុខភាពសាធារណៈ។ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់Atacama ភាគខាងជើង និងតំបន់ Coquimbo ចាប់តាំងពីសប្តាហ៍មុន។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Maximo Pavez បាននិយាយ ទឹកភ្លៀងបានសម្លាប់មនុស្សយ៉ាងហោចណាស់ដប់នាក់ ដែលជំរុញឱ្យមានការប្រកាសគ្រាអាសន្ន។លោកស្រី Chomali បាននិយាយថា អាជ្ញាធរមានការព្រួយបារម្ភអំពីហានិភ័យសុខភាពទាក់ទងនឹងគ្រោះមហន្តរាយអាកាសធាតុ រួមទាំងការបាត់បង់លទ្ធភាពទទួលបានទឹកស្អាត សហគមន៍លិចទឹកដែលជំនួយត្រូវបានកាត់ផ្តាច់ពីខាងក្រៅ និងការលំបាកក្នុងការចែកចាយឱសថ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
07/25/2026 03:07 PM
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
07/25/2026 03:07 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
07/25/2026 03:07 PM
ក្រុមហ៊ូទីអះអាងពី​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែជ្រៅទៅៗ
07/25/2026 03:07 PM
ចារកម្មអាមេរិក៖ មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បើក​ចំហជាង ក្នុងការ​ប្រឹង​ប្រែង​ទទួល​​បាន​​អាវុធនុយក្លេអ៊ែរ
07/25/2026 03:07 PM
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
07/25/2026 03:07 PM
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM