UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm        51
កូរ៉េខាងជើង នៅថ្ងៃសុក្រ (ទី២៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បានរិះគន់អ្វីដែលខ្លួនពិពណ៌នាថា ជាកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ «សន្តិសុខ និងវិបុលភាព» របស់ខ្លួន នៅតំបន់​អាស៊ីអាគ្នេយ៍ ខណៈពេលដែលបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះតួនាទីរបស់អាស៊ាន (ASEAN) ក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិម​កូរ៉េ (KCNA)។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបាន​ផ្សាយ​ដោយសារព័ត៌មាន​ KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើង​ថា ទីក្រុងព្យុងយ៉ាងគោរពតួនាទីឈាន​មុខគេរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខ ក្នុងតំបន់ ដោយផ្អែកលើគោលការណ៍នៃ «ការគោរពអធិបតេយ្យ សមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង»។សេចក្តីថ្លែងការណ៍នេះ បានកើតឡើងក្រោយ​ប៉ុន្មានថ្ងៃបន្ទាប់ពីមាន​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ វេទិកាតំបន់អាស៊ានលើកទី៣៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីពាក់ព័ន្ធ នៅទីក្រុងម៉ានីលរបស់​ប្រទេសហ្វីលីពីន ជាកន្លែងដែលបញ្ហាសន្តិសុខក្នុងតំបន់ ក្នុង​នោះ​រួមមាន​ទាំងកូរ៉េខាងជើង និងច្រកសមុទ្រតៃវ៉ាន់ផងដែរ​ ត្រូវបានលេចឡើង​នៅក្នុងរបៀបវារៈដ៏​សំខាន់​។ជាមួយ​គ្នានេះ ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់​ថា សហរដ្ឋអាមេរិក និង «ប្រទេសមួយចំនួនដែលដើរតាមខ្លួន​» បានប្រើប្រាស់វេទិកាអាស៊ាន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃអ្វីដែលខ្លួនពិពណ៌នាថា ជាគោលនយោបាយអរិភាព ផ្ទុយពីសេចក្តីប្រាថ្នារបស់ប្រទេសក្នុងតំបន់ សម្រាប់សន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ៕

UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz

2026/07/24 07:49:51 pm        59
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី២៤ ខែកក្កដា ឆ្នាំ​២០២៦) នេះ បានជំរុញឱ្យបណ្ដា​ប្រទេសដែលពាក់ព័ន្ធនឹងសង្គ្រាមមជ្ឈិមបូព៌ា ជួយជម្លៀស និងបញ្ជូននាវិកប្រមាណ ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz ត្រឡប់ទៅមាតុ​ប្រទេស​វិញ។អ្នកនាំពាក្យលោក​ Shabia Mantoo បានប្រាប់​ឱ្យដឹង​ថា ប្រធានសិទ្ធិមនុស្ស UN លោក Volker Turk បានអំពាវនាវឱ្យចាត់វិធានការ​បន្ទាន់ ដើម្បីដោះស្រាយស្ថានភាពលំបាករបស់នាវិកជាប់​ខ្លួន​រាប់ពាន់នាក់ ដែលកំពុងប្រឈមមុខនឹង «វិបត្តិមនុស្សធម៌ និងសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ» នៅក្នុងផ្លូវទឹកនេះ។អង្គការសមុទ្រអន្តរជាតិ (IMO) បានឱ្យដឹង​ថា នាវិកយ៉ាងហោចណាស់ ៦.០០០នាក់នៅលើនាវារាប់រយគ្រឿង ដែលជាប់នៅក្នុងច្រកសមុទ្រ មិនអាចជម្លៀសចេញបាន​ ក្នុងអំឡុងពេលមាន​បទឈប់បាញ់។លោក Mantoo បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស​ថា៖ «ភាគីនានានៃជម្លោះ គួរតែធ្វើការជាបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរដោយសុវត្ថិភាពសម្រាប់នាវិកដែល​ជាប់ក្នុង​ច្រកសមុទ្រ​នេះ​ ក្នុង​ដំណើរការ​ជម្លៀស និងឡើងគោក​​ដោយសុវត្ថិភាព ក៏ដូចជាធានាដល់​ការដឹកជញ្ជូនសម្ភារៈសំខាន់​ៗផង​ដែរ»​។លោក Mantoo បានបន្ថែមថា ជាមួយ​គ្នានេះ លោក Turk ​កំពុងជំរុញឱ្យរដ្ឋនានា ម្ចាស់នាវា និងតួអង្គពាក់ព័ន្ធផ្សេងទៀត «ធានាជាបន្ទាន់នូវការការពារនាវិកដែលជាប់ខ្លួនទាំងអស់​​» រួមទាំងតាមរយៈជំនួយកុងស៊ុល និងការផ្តល់សម្ភារៈចាំបាច់ «និងតាមរយៈការសម្របសម្រួលការជម្លៀស និងការបញ្ជូនត្រឡប់ទៅ​មាតុ​ប្រទេសវិញ»៕

ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ

2026/07/24 07:49:23 pm        47
នៅថ្ងៃសុក្រ (ទី២៤ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រទេស​ចិនបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក «មិនមែនជាភាគី» នៃជម្លោះសមុទ្រចិនខាងត្បូងទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានធានាដល់សមភាគី​ហ្វីលីពីនរបស់លោក​ គឺ​លោក Ferdinand Marcos Jr. ថា លោកនឹងលើកឡើងពីក្តីបារម្ភរបស់ទីក្រុងម៉ានីលប្រាប់​ទៅ​មេដឹកនាំចិន លោក Xi Jinping។នៅពេលត្រូវ​បាន​សួរអំពីការជជែក​តាម​ទូរស័ព្ទ រវាងលោក Trump និងលោក Marcos កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឆ្លើយ​ថា ទីក្រុងប៉េកាំង «បានដឹង​ពី​របាយការណ៍ពាក់ព័ន្ធនានា»។យោងតាមសារព័ត៌មាន Global Times ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាន​ឱ្យដឹងថា លោក Lin បានប្រាប់អ្នកសារព័ត៌មាននៅឯ​រដ្ឋធានី​របស់​ចិន​ថា៖ «សហរដ្ឋអាមេរិកមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងនោះ​ទេ»។អ្នក​នាំពាក្យ​រូប​នេះ​បានបន្ថែមថា៖ «ការពិតបានបង្ហាញថា ការប៉ុនប៉ងបង្កហេតុដោយមានជំនួយពីប្រទេសក្រៅ​​តំបន់ នឹងបញ្ចប់ដោយត្រូវបានប្រើប្រាស់ជាឧបករណ៍របស់​អ្នកដទៃ និងទទួលបានផ្លែផ្កាជូរចត់ដោយសារទង្វើ​របស់ពួកគេ»។ពេល​ជជែក​តាម​ទូរស័ព្ទនោះ លោក Trump បានប្រាប់លោក Marcos ថា លោកនឹងពិភាក្សាអំពីក្តីបារម្ភរបស់ហ្វីលីពីន អំឡុងកិច្ចប្រជុំបន្ទាប់របស់លោកជាមួយលោក Xi ដែល​ប្រហែលជានៅក្នុងខែកញ្ញា នៅពេលដែលប្រធានាធិបតីចិនធ្វើ​ទស្សនកិច្ចសហរដ្ឋអាមេរិក។ នេះ​បើ​យោងតាមអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនស្តីទី លោក Dave Gomez៕

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm        32
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅថ្ងៃសុក្របានជំរុញឱ្យ​ប្រជាជនរបស់​ប្រទេសដែលមាន​កងកម្លាំងរបស់​សហរដ្ឋ​អាមេរិក នៅចម្ងាយ​ «យ៉ាងហោចណាស់ ៥០០ម៉ែត្រ» ពីអគារដែលខ្លួនអះអាងថា កំពុងត្រូវបានប្រើប្រាស់ជា «កន្លែងស្នាក់នៅសម្ងាត់ដោយកងទ័ពអាមេរិក»។នៅក្នុងសេចក្តីថ្លែងការណ៍មួយ IRGC បានចោទប្រកាន់ថា មន្ត្រី និងបុគ្គលិកយោធាអាមេរិក «បានចាកចេញពីមូលដ្ឋានរបស់ពួកគេ ហើយបានផ្លាស់ទៅរស់នៅក្នុងអគារនានា នៅ​តំបន់​ជាយ​ក្រុង ដើម្បីដឹកនាំប្រតិបត្តិការយោធា»។កង​ឆ្មាំ​នេះ​បានជំរុញឱ្យជនស៊ីវិល «ស្ថិត​នៅឱ្យឆ្ងាយជាបន្ទាន់យ៉ាងហោចណាស់ចម្ងាយ​ ៥០០ម៉ែត្រ» ពីទីតាំងបែបនេះ ដើម្បីសុវត្ថិភាពរបស់ពួកគេ។ហើយ​ជាមួយគ្នានេះ IRGC ក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនផង​ដែរថា បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែល​រួមមាន​ស្ពាន កំពង់ផែនេសាទ ទូក យានយន្ត និងផ្លូវដែកនៅក្នុងប្រទេសអ៊ីរ៉ង់៕

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm        39
ប្រធានាធិបតីរ៉ូម៉ានី​ បានប្រាប់​ឱ្យដឹង​ថា ប្រទេសរបស់លោក​បានបាញ់ទម្លាក់យានដ្រូន ១គ្រឿង នៅក្នុងដែនអាកាសរបស់ខ្លួន នៅ​ថ្ងៃសុក្រ (ទី​២៤ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដែលជាលើកដំបូង គិត​ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី បាន​ចាប់​ផ្ដើម​មាន​លើ​អ៊ុយក្រែន។យោងតាមក្រសួងការពារជាតិរបស់ប្រទេស​ជា​សមាជិកអង្គការ​ណាតូ (NATO) មួយ​នេះ ដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន បាន​ឱ្យដឹង​ថា យានដ្រូន​នោះ​ត្រូវបានបាញ់ទម្លាក់នៅចម្ងាយប្រហែល ១១៤គីឡូម៉ែត្រ ពីទីក្រុង Bucharest។លោកប្រធានាធិបតី Nicosor Dan បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យើងប្រទះ​ឃើញ​យានដ្រូន ១គ្រឿង​ នៅក្នុងដែនអាកាសរបស់យើង។ វាត្រូវបានបាញ់ទម្លាក់កាលពីប៉ុន្មាននាទីមុននេះ ពោល​គឺ​នៅ​ប្រហែលម៉ោង ១១ព្រឹក (ម៉ោង​ក្នុង​ស្រុក ត្រូវ​នឹង​ ៨ ម៉ោង​សកល) ដោយអ្នកបើកយន្តហោះរ៉ូម៉ានីដែលកំពុងបើកយន្តហោះ F-16»។លោកបានបន្ថែមថា៖ «វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា តំបន់នោះមិន​មាន​មនុស្សរស់នៅទេ​ ដែលជាមូលហេតុដែលអ្នកបើកយន្តហោះអាចបាញ់ពីលើបាន​ ហើយឥឡូវនេះ ក្រុមមកពីស្ថាប័នផ្សេងៗ កំពុងស៊ើបអង្កេត ដើម្បីផ្តល់ព័ត៌មានលម្អិតទាំងអស់អំពីហេតុការណ៍នេះ»។ចំណែក​ក្រសួងការពារជាតិបានបញ្ជាក់​ថា យានដ្រូន​នេះត្រូវបានបាញ់ទម្លាក់ នៅ​ភូមិ Padina។ ប្រព័ន្ធឃ្លាំមើលបានរកឃើញគោលដៅតាមអាកាសជាលើកដំបូងនៅម៉ោង ៩:៣៩ព្រឹក (ម៉ោងក្នុង​ស្រុក) ហើយយន្តហោះចម្បាំង Eurofighter Typhoon ចំនួន ២គ្រឿងរបស់កងទ័ពអាកាសអ៊ីតាលី និងយន្តហោះចម្បាំង F-16 ចំនួន ២គ្រឿងរបស់កងទ័ពអាកាសរ៉ូម៉ានី ត្រូវបានបញ្ជូនទៅតាមដានស្ថានការណ៍៕

តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា

2026/07/24 07:41:37 pm        46
តុលាការកូរ៉េខាងត្បូង នៅ​ថ្ងៃសុក្រ (ទី ២៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បានបង្គាប់ឱ្យមហាសេដ្ឋី ក្នុងឧស្សាហកម្មផលិតឈីបបញ្ញាសិប្បនិម្មិត (AI) មួយរូប បង់ប្រាក់លែងលះដែលត្រូវបានបន្ថយមកត្រឹម​ចំនួន ៦៤៤លានដុល្លារអាមេរិក ទៅអតីតភរិយារបស់លោក។លោក Chey Tae-won វ័យ​ ៦៥​ឆ្នាំ គឺជាប្រធានក្រុមហ៊ុន SK Group ដែលជាម្ចាស់​ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំឈានមុខគេលើពិភពលោក SK Hynix ជាសសរទ្រូង​នៃសេដ្ឋកិច្ចផ្អែក​លើ​បច្ចេកវិទ្យារបស់កូរ៉េខាងត្បូង។តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូលក្នុងឆ្នាំ២០២៤ បានបបង្គាប់​ឱ្យរូប​លោក​បង់ប្រាក់ ១,៣៨សែនកោដិវ៉ុន (៩៤០លានដុល្លារ) ដល់អតីតភរិយារបស់លោក គឺលោកស្រី Roh Soh-yeong ដែលជាកូនស្រីរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង។ចំនួនទឹកប្រាក់នេះ ដែល​ស្មើនឹងជាង ១ពាន់លានដុល្លារ តាម​អត្រាប្តូរប្រាក់នៅពេលដែលសាលក្រម​ត្រូវបាន​ប្រកាស​ នាំឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដាក់ចំណង​ថា ជា «ការលែងលះប្រចាំ​សតវត្សរ៍»។លោក Chey បានប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល ដែលបានប្រាប់តុលាការកំពូលឱ្យពិចារណាឡើងវិញនូវសេចក្ដី​សម្រេចឆ្នាំ២០២៤ របស់ខ្លួន ហើយបាននាំឱ្យមាន​ការកាត់បន្ថយទឹក​ប្រាក់​​ការ​លែងលះរបស់មហាសេដ្ឋីរូបនេះ​មក​ត្រឹម​ចំនួន ៩៤៤ពាន់លានវ៉ុន (៦៤៤លានដុល្លារ)។តែជាយ៉ាងណាក្ដី​ ការដោះស្រាយ​នេះ​មិនទាន់ចប់សព្វគ្រប់នៅឡើយទេ ព្រោះភាគីទាំង២ អាចបញ្ជូនករណី​នេះ​ត្រឡប់ទៅតុលាការកំពូលវិញ។ សំណុំរឿងដ៏ចម្រូងចម្រាសនេះផ្តោតជា​សំខាន់​លើនិយមន័យ និងការវាយតម្លៃទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធទាំង២ ក្នុង​នោះ​រួមទាំងភាគហ៊ុនតម្លៃ​មហាសាល​របស់លោក Chey នៅក្នុងក្រុមហ៊ុន SK Group ផង​ដែរ​៕

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm        64
អាជ្ញាធរថៃបានដាក់ច្បាប់អាជ្ញាសឹក នៅទូទាំងខេត្តព្រំដែនភាគខាងត្បូង គឺ​ Narathiwat ដោយផ្តល់អំណាចយ៉ាង​ទូលំទូលាយដល់យោធា ក្នុងការតាមចាប់ជនសង្ស័យជាក្រុម​បះបោរ បន្ទាប់ពីការវាយប្រហារ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យសន្តិសុខមួយកន្លែង បានសម្លាប់ទាហានប៉ារ៉ា ៥នាក់។ នេះបើយោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ Thai PBS World។បទបញ្ជានេះត្រូវបានចេញកាលពីថ្ងៃព្រហស្បតិ៍ (ទី​២៣ ខែកក្កដា ឆ្នាំ២០២៦) ដោយ​​ឧត្តមសេនីយ៍ទោ លោក​ Yod-Arwut Phuengpak មេបញ្ជាការនៃកង​កម្លាំង​ពិសេសខេត្ត Narathiwat ពោលគឺ​មួយថ្ងៃបន្ទាប់ពីខ្មាន់កាំភ្លើងបានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យកង​ល្បាត​ នៅតំបន់ Ra-ngae ដោយបាន​សម្លាប់ទាហានប៉ារ៉ា ៥នាក់ និងបណ្ដាល​ឱ្យជនស៊ីវិល ៦នាក់រងរបួស។ក្រោមសេចក្តីប្រកាសច្បាប់អាជ្ញាសឹកនេះ​ កងកម្លាំងសន្តិសុខត្រូវបានអនុញ្ញាតឱ្យបង្កើតរបាំងផ្លូវ ឆែកឆេរយានយន្ត និងផ្ទះសម្បែងដោយគ្មានដីកាចាប់ខ្លួន ប្រសិនបើពួកគេត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយសកម្មភាពបះបោរ និងចាប់ខ្លួនជនសង្ស័យ។ សេចក្ដី​រាយការណ៍​បានបន្ថែមថា កងទ័ពក៏ត្រូវបានផ្តល់អំណាចផងដែរ​ឱ្យប្រើប្រាស់កម្លាំងបង្ក​គ្រោះថ្នាក់ដល់​ជីវិត នៅពេលចាំបាច់ និងសមាមាត្រទៅនឹងការគំរាមកំហែង។យោធានឹងទទួលខុសត្រូវក្នុងការរក្សាសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តនេះ​ ខណៈដែលមន្ត្រីរាជការ និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ នឹងធ្វើប្រតិបត្តិការក្រោមការដឹកនាំរបស់យោធា៕

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm        60
មេដឹកនាំចលនាតវ៉ា «Cockroach» (សត្វកន្លាត) ដែលដឹកនាំដោយយុវជនឥណ្ឌា នឹងជួបជាមួយរដ្ឋាភិបាល នៅថ្ងៃសុក្រ (ទី​២៤ ខែកក្កដា ឆ្នាំ២០២៦) នេះ ដើម្បីព្យាយាមដោះស្រាយការប្រឈមមុខដាក់គ្នា ជុំវីញ​ការលេចធ្លាយឯកសារប្រឡងថ្នាក់ជាតិ ទោះបីជាពួកគេនឹងមិនបញ្ឈប់ការតវ៉ាទូទាំងប្រទេសក៏ដោយ​។ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមនេះ។ការសម្រេចចិត្តនេះត្រូវបានប្រកាសក្រោយ​ប៉ុន្មានម៉ោងបន្ទាប់ពីសកម្មជន លោក​ Sonam Wangchuk បានបញ្ចប់កូដកម្មអត់អាហាររយៈពេល ២៦ថ្ងៃ​ ដោយ​ធ្វើ​ឱ្យមាន​ក្តីសង្ឃឹមកាន់តែ​ខ្ពស់​ ដែល​ថា ភាគីទាំង២ អាចនឹងឆ្ពោះទៅរកការទម្លាយភាពទាល់ច្រក ក្នុងវិបត្តិ ដែលយុវជនពោរពេញ​ដោយ​កំហឹងរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅរដ្ឋធានីដេលី ដើម្បីទាមទារឱ្យរដ្ឋមន្ត្រីអប់រំលាលែងពីតំណែងដោយសាររឿងអាស្រូវនេះ។ការតវ៉ាតំណាងឱ្យបញ្ហាប្រឈមដ៏ធំបំផុតរបស់យុវជន ចំពោះនាយករដ្ឋមន្ត្រី លោក​ Narendra Modi ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ២០១៤។ គណបក្សប្រឆាំងបាននាំ​គ្នា​បន្ទរការទាមទាររបស់ចលនានេះ ហើយបានរំខានដល់សម័យប្រជុំសភា ដែលបានចាប់ផ្តើមនៅសប្តាហ៍នេះ។អ្នកនាំពាក្យរបស់​កក្រុម​ដែលដាក់​ឈ្មោះ​ខ្លួន​ថា​ គណបក្ស​​ Cockroach Janta Party (CJP) គឺ​លោក Saurav Das បានប្រាប់អ្នកសារព័ត៌មានថា ការចរចា រវាងរដ្ឋមន្ត្រីរដ្ឋាភិបាល និងមេដឹកនាំនៃគណបក្ស CJP នឹងត្រូវធ្វើឡើងនៅទីកន្លែងអព្យាក្រឹត។លោក Das បាន​និយាយ​ថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលចូល​រួម​ដោយ​ចិត្តបើកទូលាយ​ ហើយនឹងស្តាប់សំឡេង​របស់​ប្រជាជន ក្នុង​​ប្រទេសនេះ ដែលបានចេញមក​កាន់​ដងផ្លូវអស់រយៈពេលយូរមកហើយ។ យើងនឹងពន្យល់ពីការទាមទាររបស់យើងដល់មន្ត្រី​ទាំង​នោះ​ឱ្យបានលម្អិតបន្ថែមទៀត។ ហើយយើងសង្ឃឹមថា រដ្ឋាភិបាលនឹងស្តាប់យើង»។តែ​យ៉ាងណាក្ដី​ លោកបានបញ្ជាក់​ថា ការតវ៉ាទូទាំងប្រទេសនឹងបន្តមាន​ដដែល​៕

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm        68
ដោយវីដេអូនៃសន្និសីទនោះត្រូវបានចាក់ផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍TSN លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin ថា ចាប់តាំងពីថ្ងៃទី ២២ ខែកក្កដាមក មិនមាននាវាណាមួយអាចចូលកាន់កំពង់ផែអ៊ុយក្រែនបានទេ។ លោកបាននិយាយថា៖«កាលពីថ្ងព្រហស្បតិ៍ ពុំមាននាវាសូម្បីតែមួយគ្រឿង អាចចូលកាន់កំពង់ផែរបស់យើងបានទេ»។យោងតាមទិន្នន័យដែលសារព័ត៌មាន TASS បានពិនិត្យពីរដ្ឋបាលកំពង់ផែសមុទ្រអ៊ុយក្រែន បានឲ្យដឹងថា ចរាចរណ៍ដឹកជញ្ជូនតាមសមុទ្រទាំងអស់ទៅកាន់កំពង់ផែអ៊ុយក្រែន Odessa, Chernomorsk និង Yuzhny (ដែលហៅថា តំបន់ Greater Odessa) បានផ្អាកទាំងស្រុង។នាពេលមុននេះ លោក Taras Vysotsky រដ្ឋមន្ត្រីក្រសួងគោលនយោបាយកសិកម្ម និងស្បៀងអាហារអ៊ុយក្រែន បាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនបានផ្អាកប្រតិបត្តិការជាមួយកំពង់ផែសមុទ្រអ៊ុយក្រែន ចាប់ពីថ្ងៃទី ២២ ខែកក្កដា៕

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm        60
ប្រទេសលីបង់បានស្វាគមន៍ចំពោះការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលថា លោកបានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកទាំងអស់ ចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ទៅកាន់ប្រទេសលីបង់ឡើងវិញ។លោក ត្រាំ បានធ្វើការប្រកាសនេះកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីជួបជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun នៅសេតវិមាន។ការសម្រេចនេះ មានសារៈសំខាន់ផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដែលបង្ហាញពីការផ្លាស់ប្តូរទស្សនៈរបស់សហរដ្ឋអាមេរិកចំពោះប្រទេសលីបង់ និងបើកផ្លូវសម្រាប់ទំព័រថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំង ពីរ។ជើងហោះហើរទាំងអស់របស់សហរដ្ឋអាមេរិកត្រូវបានផ្អាកនៅឆ្នាំ ១៩៨៥ បន្ទាប់ពីការប្លន់យន្តហោះ TWA Flight 847 របស់ក្រុមអាកាសចរណ៍អាមេរិក (TWA) ពីទីក្រុងអាថែន ប្រទេសក្រិក ឆ្ពោះទៅកាន់ទីក្រុង រ៉ូម ប្រទេសអ៊ីតាលី។ ជើងហោះហើរនេះ ត្រូវបានបង្ខំឲ្យចុះចតនៅទីក្រុងបេរូត។ ក្នុងអំឡុងពេលវិបត្តិរយៈពេល ១៧ថ្ងៃ អ្នកមុជទឹកម្នាក់របស់កងទ័ពជើងទឹកអាមេរិក ត្រូវបានសម្លាប់។ សហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហេសបូឡាថា ជាអ្នកទទួលខុសត្រូវចំពោះប្រតិបត្តិការនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM