ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

កោះរបស់ប្រទេសក្រិកប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍

2026/07/17 03:17:20 am        32
នៅលើកោះ Astypalaia របស់ក្រិក ក្រុមអាជ្ញាធរ ពុំបានអនុញ្ញាតឲ្យលោកយាយ Evdokia Palatianou ដែលជាកសិករមួយរូប ប្រើប្រាស់បឹងជីកដោយមនុស្សនោះទេ ដើម្បីសន្សំសំចែទឹក ។ បន្លែរបស់លោកយាយដែលបានដំានៅក្នុងចម្ការ បានស្វិតស្រពោនគ្មានសល់ ពេលដែលលោកយាយបង្ខំចិត្តប្រើទឹកអណ្តូងរបស់គាត់ ។លោកយាយ Palatianou វ័យ ៧១ឆ្នាំ រស់នៅក្នុងភូមិ Livadi ដែលជាតំបន់មានដីជីជាតិបំផុតស្ថិតនៅលើកោះ Astypalaia និយាយថា បើសិនជាគ្មានភ្លៀងធ្លាក់ទេនោះ គាត់មិនអាចដំាំដំណាំបាននោះឡើយ ។ គួរឲ្យដឹងថា កោះ ៧កន្លែងរបស់ក្រិកស្ថិតក្នុងសមុទ្រអេជៀន បានប្រកាសគ្រាអាសន្នគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងឆ្នាំនេះ ដើម្បីអភិរក្សទឹក ស្របពេលដែលបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យរដូវក្តៅកាន់តែក្តៅខ្លាំងជាងមុន ហើយភ្លៀងធ្លាក់កាន់តែមានបរិមាណតិចតួចជាងមុន ។បច្ចុប្បន្ន ក្រុមអាជ្ញាធរមានការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើ បើសិនជាឆ្នាំក្រោយមានភ្លៀងធ្លាក់ តើវាអាចទ្រទ្រង់ទឹកសម្រាប់ភ្ញៀវទេសចររាប់ម៉ឺននាក់បានដែរឬទេ ស្របពេលដែលប្រជាពលរដ្ឋក្នុងស្រុកត្រូវការទឹកខ្លាំងបែបនេះ ។លោកយាយ Palatianou ដែលពឹងផ្អែកលើដបទឹកសុទ្ធសម្រាប់ការបរិភោគនោះ ពុំទទួលបានអត្ថប្រយោជន៍ពីភ្លៀងធ្លាក់នោះទេនៅតំបន់ភាគខាងជើង និងតំបន់ភាគខាងលិច ប្រទេសក្រិក ។ យោងតាមទិន្នន័យពីក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា ឆ្នាំ ២០២៦នេះ គឺជារដូវស្ងួតហួតហែងខ្លាំងបំផុតទី ២ ចាប់តាំងពីឆ្នាំ ២០២០ ៕

ស្រីលង្កាបង្កើនកិច្ចខិតខំប្រឆាំងជំងឺគ្រុនឈាន ខណៈចំនួនមនុស្សស្លាប់កើនឡើងដល់ ៤៩នាក់

2026/07/17 03:17:02 am        25
មន្រ្តីជាន់ខ្ពស់មួយរូបរបស់ស្រីលង្កា និយាយថា ប្រទេសស្រីលង្កា កំពុងបង្កើនកិច្ចខិតខំគាំទ្រដោយយោធា ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺគ្រុនឈាមដែលបង្កឡើងដោយសារមូសខ្លា ស្របពេលដែលចំនួនមនុស្សស្លាប់ កើនឡើងដល់ ៤៩នាក់ ចាប់តាំងពីដើមឆ្នាំនេះរហូតមក ។ប្រទេសកោះនៅអាស៊ីខាងត្បូងមួយនេះ បានដាក់ពង្រាយយោធាកាលពីខែមុន ដើម្បីកំណត់ទីកន្លែង និងបំផ្លាញទីតាំងបង្កាត់ពូជសត្វមូស ។លោក Kapila Kannangara គឺជាប្រធានគ្រប់គ្រងអង្គភាពគ្រប់គ្រងជំងឺគ្រុនឈាមជាតិ និយាយថា ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះតទៅ ក្រុមមន្រ្តីសុខាភិបាល និងកងកម្លាំងសន្តិសុខដែលពាក់ព័ន្ធនឹងកិច្ចខិតខំទប់ស្កាត់ជំងឺគ្រុនឈាមនេះ នឹងកើនឡើងទ្វេដង ដោយផ្តោតសំខាន់លើរដ្ឋធានី Colombo និងសង្កាត់ ២កន្លែងក្នុងទីក្រុងមួយនេះ ដែលជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុត ។សូមបញ្ជាក់ថា ជំងឺគ្រុនឈាម បណ្តាលឲ្យកើតមានជំងឺគ្រុនក្តៅ ឈឺក្បាល ក្អួតចង្អោរ និងឈឺសាច់ដុំ ហើយក្នុងករណីធ្ងន់ធ្ងរ វានឹងចេញឈាម អាចបណ្តាលឲ្យស្លាប់បាន ។ទិន្នន័យផ្លូវការបង្ហាញថា មនុស្ស ៦១.០៥៧នាក់ បានឆ្លងជំងឺគ្រុនឈាម ក្នុងរយៈពេល ៦ខែដំបូងក្នុងឆ្នាំនេះ ពោលគឺកើនឡើងទ្វេដងពីករណីឆ្លង ៣០.០៦០នាក់ ដែលត្រូវបានរកឃើញ អំឡុងពេលតែមួយកាលពីឆ្នាំ ២០២៥ ហើយមនុស្សជាង ១៥.០០០ននាក់ បានឆ្លងនៅក្នុងខែនេះ ៕

ការជំនួសតំណែងរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក Mykhailo Fedorov រងការរិះគន់ខ្លាំង

2026/07/17 03:08:35 am        41
ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ត្រៀមខ្លួនរុះរើគណៈរដ្ឋមន្ត្រីរបស់លោកឡើងវិញនោះ ក្រុមតំណាងរាស្រ្ត និងក្រុមអត្ថាធិប្បាយមួយចំនួនរបស់អ៊ុយក្រែន បានបង្ហាញការស្រងាកចិត្តជាខ្លាំង ចំពោះការចាកចេញទៅរបស់លោករដ្ឋមន្រ្តីការពារជាតិ Mykhailo Fedorov ដោយពួកគេនិយាយថា វានឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំធ្វើសង្រ្គាមរបស់អ៊ុយក្រែន ស្របពេលដែលពួកគេវាយប្រហារឧស្សាហកម្មប្រេងរុស្ស៊ី និងពន្យឺតការរុលចូលនៅជួរមុខរបស់កម្លាំងទីក្រុងមូស្គូ ។ក្រុមតំណាងរាស្រ្តមួយចំនួននិយាយថា ការសម្រេចចិត្តរបស់លោក Zelenskiy ក្នុងការដកតំណែងលោក Fedorov ជារដ្ឋមន្រ្តីការពារជាតិ នឹងមិនជួយដល់កិច្ចខិតខំធ្វើសង្រ្គាមរបស់អ៊ុយក្រែននោះឡើយ ។ សមាជិកសភាដែលបានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម ក្រោយជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែនរូបនេះ និយាយថា លោក Zelenskiyនឹងតែងតាំងលោក Ihor Klymenko ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ ២០២៣ ឲ្យទទួលយកតំណែងប្រមុខការពារជាតិជំនួសវិញ ។ លោក Zelenskyy បានបណ្តេញលោក Fedorov ចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលជាផ្នែកមួយនៃការផ្លាស់ប្តូររដ្ឋាភិបាលចុងក្រោយរបស់រដ្ឋបាលលោក ។ មន្ត្រីអ៊ុយក្រែនមួយរូបដែលបានដឹងបញ្ហានេះបានប្រាប់សារព័ត៌មាន Kyiv Independent ថា ការដកតំណែងនេះ បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំយោធាកាលពីថ្ងៃទី ១៥ ខែកក្កដា សប្ដាហ៍នេះ ។ ក្រោយពីការដកតំណែងមួយនេះនេះ លោក Fedorov បានបញ្ជាក់នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមថា វាជាកិត្តិយសដ៏ធំធេងខ្លាំងណាស់ កាលដែលរូបលោកបានបម្រើប្រជាជនអ៊ុយក្រែនក្នុងនាមជាប្រមុខការពារជាតិអ៊ុយក្រែន ៕

ការសិក្សា៖ រលកកម្ដៅអាចធ្វើឱ្យអាល្លឺម៉ង់ខាតបង់ជាង ២៣ពាន់លានដុល្លារ រៀងរាល់ឆ្នាំ

2026/07/17 03:07:56 am        33
សេដ្ឋកិច្ចអាល្លឺម៉ង់ អាចខាតបង់ជាង ២០ពាន់លានអឺរ៉ូ (២៣ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ប្រសិនបើប្រទេសនេះជួបប្រទះរលកកម្ដៅធ្ងន់ធ្ងរជាប្រចាំ។ នេះ​បើយោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (ទី​១៦ ខែកក្កដា​ ឆ្នាំ២០២៦)​ នេះ​។ក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច Prognos បានគណនាថា ជារៀងរាល់ថ្ងៃ ដែលសីតុណ្ហភាពលើសពី ៣៥អង្សាសេ អាចធ្វើឱ្យប្រទេស​មាន​សេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុប (EU) ខាតបង់ជិត ១ពាន់លានអឺរ៉ូ (១,១៥ពាន់លានដុល្លារ)។ការវិភាគ ដែលត្រូវបានរៀបចំ សម្រាប់សារប័ត៌មាន​ចុះផ្សាយ​ប្រចាំថ្ងៃផ្នែកធុរកិច្ចអាល្លឺម៉ង់ Handelsblatt បានប៉ាន់ប្រមាណថា រលកកម្ដៅកដ្ដៅ​ខ្លាំង ក្នុងកំឡុងពេល ២សប្តាហ៍ចុងក្រោយនៃខែមិថុនាតែមួយ​ បានធ្វើឱ្យអាល្លឺម៉ង់ខាតបង់សេដ្ឋកិច្ចប្រមាណ ៦,៣២ពាន់លានអឺរ៉ូ (៧,២៥ពាន់លានដុល្លារ)។ក្រុម​ហ៊ុន Prognos បានឱ្យដឹង​ទៀត​ថា អាល្លឺម៉ង់អាចប្រឈមនឹងរលកកម្ដៅ ៣ ឬ៤ ដែលមានអាំងតង់ស៊ីតេស្រដៀងគ្នារៀងរាល់ឆ្នាំ នាពេលអនាគត ដែលជំរុញឱ្យមានការខាតបង់សេដ្ឋកិច្ចប្រចាំឆ្នាំលើសពី ២០ពាន់លានអឺរ៉ូ​។យោងតាមការសិក្សានេះ បាន​ឱ្យដឹង​បន្ថែម​ថា វិស័យផលិតកម្ម គឺរងផលប៉ះពាល់ខ្លាំងបំផុតដោយសារកម្ដៅក្ដៅ​ខ្លាំង បន្ទាប់មក គឺសេវាសុខភាព និងសង្គម ផ្នែក​លក់រាយ សំណង់ និងឧស្សាហកម្មម្ហូបអាហារ។ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់​ថា ការប៉ាន់ស្មានរបស់ពួកគេ មិនរាប់បញ្ចូលការចំណាយដែលអាចកើតមានជាច្រើនទៀត​នោះទេ ក្នុង​នោះ​រួមទាំងតម្លៃថាមពលខ្ពស់ ការខូចម៉ាស៊ីន ការរំខានដល់ខ្សែច្រវាក់​ផ្គត់ផ្គង់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែងជាដើម​៕

តំបន់មួយចំនួននៅទីក្រុងឡាហាវ៉ាន់ របស់គុយបា មានអគ្គិសនីប្រើប្រាស់ឡើងវិញ

2026/07/17 03:07:32 am        31
ថាមពលអគ្គិសនីត្រូវបានស្តាឡើងវិញហើយ នៅតាមតំបន់មួយចំនួនក្នុងទីក្រុងឡាហាវ៉ាន់ របស់ប្រទេសគុយបា ក្រោយការដួលរលំបណ្តាញអគ្គិសនីនៅក្នុងប្រទេសមួយនេះ ស្របពេលដែលអ្នកស្រុកពិកាសស៊ូទ្រាំនឹងកង្វះខាតថាមពល បង្កឡើងដោយសារវិបត្តិសេដ្ឋកិច្ច ។សារព័ត៌មានក្នុងស្រុក រាយការណ៍ថា អគ្គិសនីត្រូវបានស្តាឡើងវិញទាំងស្រុងកាលពីវេលាម៉ោង ៧ព្រឹក ម៉ោងក្នុងស្រុកថ្ងៃពុធ នៅតំបន់មួយចំនួនរបស់គុយបា ។គួរឲ្យដឹងថា បណ្តាញថាមពលជាតិគុយបា បានដួលរលំទាំងស្រុងកាលពីថ្ងៃអង្គារ ធ្វើឲ្យមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំជាលើកទី ៣ ក្នុងរយៈពេល ៩ថ្ងៃនៅលើប្រទេសកោះដែលមានពលរដ្ឋរស់នៅប្រហែល ១០លាននាក់មួយនេះ ។ការដាច់ចរន្តអគ្គិសនីញឹកញាប់ បានកើតមានឡើង ស្របពេលការបិទប្រេងរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យរង្គោះរង្គើរដល់ហេដ្ឋារចនាសម្ព័ន្ធចាស់ទ្រុធទ្រោមរួចទៅហើយនៅគុយបា ។ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបិទប្រេងទៅកាន់ប្រទេសកោះស្ថិតក្នុងតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ក្រោយទីក្រុងវ៉ាស៊ីនតោន ទម្លាក់អំណាចប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolás Maduro កាលពីថ្ងៃទី ៣ ខែមករា ៕

ក្រុមអាជ្ញាធរស៊ីរី ចាប់ខ្លួនអតីតមន្រ្តីរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មអាវុធគីមី

2026/07/17 03:07:09 am        60
ក្រុមអាជ្ញាធរស៊ីរី បានចាប់ខ្លួនអតីតមន្រ្តីមួយរូបដែលពួកគេនិយាយថា គឺជាអ្នកជំនាញអាវុធគីមី ទទួលបន្ទុកឃ្លាំងស្តុកសារធាតុឧស្ម័នសារីន និងការផលិតអាវុធគីមី អំឡុងរបបរបស់អតីតប្រធានាធិបតីត្រូវបានទម្លាក់ចេញពីអំណាចលោក Bashar al-Assad ។ក្រសួងមហាផ្ទៃស៊ីរីនិយាយថា អ្នកជំនាញរូបនេះ គឺជាលោកអតីតវរសេនីយ៍ឯក Ahmed Habib Ali ដែលជាអ្នកជំនាញខាងអាវុធគីមី ។ក្រសួងបន្តថា លោក Ali គឺជាអ្នកទទួលខុសត្រូវឃ្លាំងស្តុកសារធាតុគីមីសារីន និងការផលិតអាវុធគីមីនៅក្នុងអង្គភាពលេខ ៤១៧ ដែលជាទីតាំងអាវុធគីមី ស្ថិតនៅជិតទីក្រុងដាម៉ាស ។ពួកគេបន្តថា រូបលោកស្ថិតនៅក្នុងចំណោមក្រុមមន្រ្តីដែលត្រួតត្រាការផលិតគ្រាប់បែកគីមីប្រហែល ២០គ្រាប់មានផ្ទុកសារធាតុសារីន ក្នុងនោះគ្រាប់បែកមួយគ្រាប់ៗមានទម្ងន់ ២៥០គ.ក ហើយនិងត្រូវបានប្រើប្រាស់ នៅក្នុងការវាយប្រហារមានគោលដៅលើទីក្រុងតូច-ធំរបស់ស៊ីរី កាលពីឆ្នាំ ២០១៣ និងឆ្នាំ ២០១៧ ។ការចាប់ខ្លួនរបស់លោក បានកើតមានឡើង រយៈពេល ១សប្តាហ៍ប៉ុណ្ណោះ ក្រោយស៊ីរីត្រូវបានបញ្ចូលឡើងវិញទៅក្នុងអង្គការហាមឃាត់អាវុធគីមី ។យោងតាមការអះអាងរបស់ក្រុមចារកម្មសហរដ្ឋអាមេរិក និងក្រុមសិទ្ធិមនុស្ស បានឲ្យដឹងថា កងទ័ពស៊ីរី រងការចោទប្រកាន់ថា បានប្រើប្រាស់អាវុធគីមី វាយប្រហារតំបន់កាន់កាប់របស់ក្រុមឧទ្ទាម ដោយបានសម្លាប់បុរស ស្រ្តី និងកុមារជាង ១.៤០០នាក់ ៕

លោក Trumpចាត់ទុកការដោះលែងពលរដ្ឋអាមេរិកនៅអ៊ីរ៉ង់ថា ជាកាយវិការសុឆន្ទៈ

2026/07/17 03:06:50 am        66
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចាត់ទុកការដោះលែងពលរដ្ឋសហរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃាត់ខ្លួននៅអ៊ីរ៉ង់ថា ជា “កាយវិការសុឆន្ទៈ” បើទោះបីជាជម្លោះនៅបន្តដល់យប់ថ្ងៃទី ៥ នៅទូទាំងតំបន់មជ្ឈិមបូព៌ាក៏ដោយ ។លោក Trump និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social ថា ពលរដ្ឋអាមេរិករូបនេះ ដែលត្រូវបានឃាត់ខ្លួនច្រឡំ ក្រោមរដ្ឋបាលរបស់លោក Biden កាលពីឆ្នាំ ២០២៤ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីប្រទេសអ៊ីរ៉ង់វិញហើយ ។លោកសរសេរថា ស្រ្តីជនជាតិអាមេរិករូបនេះ បច្ចុប្បន្នស្ថិតនៅក្រៅប្រទេសអ៊ីរ៉ង់ដោយមានសុវត្ថិភាព និងស្ថិតក្នុងស្ថានភាពសុខភាពល្អ ។ សហរដ្ឋអាមេរិក សូមកោតសរសើរចំពោះកាយវិការសុឆន្ទៈរបស់អ៊ីរ៉ង់ ។លោក Jared Genser គឺជាមេធាវីសិទ្ធិមនុស្ស បានផ្តល់អត្តសញ្ញាណស្រ្តីជនជាតិអាមេរិករូបនេះថា មានឈ្មោះ Dena Karari ។លោក Genser បានសរសេរនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា បច្ចុប្បន្ន អ្នកស្រី Dena មានសុវត្ថិភាពទេ ហើយនិងកំពុងធ្វើដំណើរវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ។ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់ពុំបានបញ្ជាក់ ឬប្រកែកនោះឡើយ ចំពោះការដោះលែងអ្នកស្រី Karari ឲ្យវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ៕

កូរ៉េខាងត្បូងពិចារណាហាមឃាត់ប្រើប្រាស់​បណ្ដាញ​សង្គម សម្រាប់កុមារអាយុក្រោម ១៤ឆ្នាំ

2026/07/17 03:06:32 am        30
ប្រទេស​កូរ៉េខាងត្បូង កំពុងពិចារណាហាមឃាត់កុមារអាយុក្រោម ១៤ឆ្នាំ កុំ​ឱ្យ​ប្រើប្រាស់វេទិកាបណ្ដាញ​សង្គម​។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បាន​ឱ្យដឹង​ថា ប្រធានគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយ និងគមនាគមន៍កូរ៉េខាងត្បូង (KCC) លោក Kim Jong-cheol បាននិយាយ​នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ស្ថាប័នតាម​ឃ្លាំមើល​ កំពុង «ពិនិត្យឡើងវិញជាជំហានៗ លើផែនការរឹតបន្តឹងមិនឱ្យកុមារដែលមានអាយុក្រោម ១៤ឆ្នាំ បង្កើតគណនីនៅលើបណ្តាញសង្គម និងកម្រិតការប៉ះពាល់ដោយសារទម្រង់​រចនា ក៏ដូចជាក្បួនដោះស្រាយ (Algorithms) ដែលអាចជម្រុញឱ្យក្មេងវ័យ​ជំទង់អាយុពី ១៤ ដល់ ១៩ឆ្នាំ ប្រើប្រាស់បណ្តាញសង្គមទាំងនោះហួសប្រមាណ»។អំឡុង​ពេល​ថ្លែង នៅឯ​​សន្និសីទគោលនយោបាយ នៅវិមានប្រធានាធិបតី Cheong Wa Dae លោក Kim បាននិយាយថា ការប្រើប្រាស់បណ្ដាញ​សង្គមច្រើនពេក ក្នុងចំណោមក្មេងជំទង់ គឺជាបញ្ហាសកល។ លោកបានបន្ថែមថា «មានច្បាប់ពាក់ព័ន្ធចំនួន​ប្រហែល ៧ ដែលត្រូវ​បានស្នើឡើងនៅរដ្ឋសភា»។តែ​ប្រធានរូប​នេះ​បានជំរុញឱ្យមានការប្រុងប្រយ័ត្ន ដោយលើកឡើងពីច្បាប់ ​ Shutdown Law ឆ្នាំ២០១១ ដែលហាមឃាត់កុមារអាយុក្រោម ១៦​ឆ្នាំ មិន​ឱ្យ​លេងហ្គេមអនឡាញ ចន្លោះ​ម៉ោង ១២អធ្រាត្រ និងម៉ោង ៦ព្រឹក (ម៉ោង​ក្នុង​ស្រុក)​។ ច្បាប់នោះ​ត្រូវបានលុបចោលវិញ នៅឆ្នាំ២០២២ បន្ទាប់ពីមាន​ការរិះគន់ថា វាបានរំលោភលើសិទ្ធិបុគ្គល និងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មហ្គេម។ការ​វិវត្តនេះកើតឡើងនៅពេលដែលប្រទេសជាច្រើន បានដាក់ចេញ ឬកំពុងរៀបចំផែនការរឹតបន្តឹង លើការចូលប្រើប្រាស់បណ្ដាញ​សង្គម សម្រាប់​ក្មេងជំទង់៕

អគ្គិភ័យឆាបឆេះមណ្ឌលកុមារកំព្រាអាល់ហ្សេរី សម្លាប់មនុស្ស ១១នាក់ និងមនុស្ស ១៩នាក់ផ្សេងទៀត រងរបួស

2026/07/17 03:06:05 am        26
សារព័ត៌មានរដ្ឋ រាយការណ៍ថា មនុស្ស ១១នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១៩នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះមណ្ឌលកុមារកំព្រាមួយកន្លែង នៅតំបន់ជាយក្រោយរដ្ឋធានីរបស់ប្រទេសអាល់ហ្សេរី នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ។អគ្គិភ័យបានឆាបឆេះឡើងនៅមណ្ឌលកុមារកំពា្រកមួយកន្លែង ស្ថិតក្នុងស្រុក Mohammadia នៅតំបន់ជាយក្រុងនៃរដ្ឋធានី Algiers ។ទីភ្នាក់ងារការពារជនស៊ីវិលនិយាយថា មនុស្ស ១០នាក់ ដែលរងរបួស បានរលាកធ្ងន់ធ្ងរ ខណៈក្រុមជួយសង្រ្គោះបន្ទាន់ បានជម្លៀសមនុស្ស ៥នាក់ ដែលមានពិការភាព ចេញពីមណ្ឌលកុមារកំព្រា ទៅកាន់ទីសុវត្ថិភាព ។ពួកគេបន្តថា ប្រតិបត្តិការពន្លត់អគ្គិភ័យ កំពុងបន្តធ្វើឡើង ហើយគេនៅពុំទាន់បានកំណត់អត្តញ្ញាណជនរងគ្រោះភ្លាមៗនោះទេ ហើយមូលហេតុអ្វីដែលបណ្តាលឲ្យអគ្គិភ័យនេះ កើតឡើង ក៏ពុំទាន់ត្រូវបានបញ្ចេញឲ្យដឹងនោះដែរ ។សូមបញ្ជាក់ថា ប្រទេសអាល់ហ្សេរី បានជួបប្រទះរលកកម្តៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងនោះអង្គភាពការពារស៊ីវិល បានពន្លត់អគ្គិភ័យ ៩១៣កន្លែងនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី ៩ ខែកក្កដា រហូតមក ៕

ស៊ីរីធ្វើឲ្យខកខាតការប៉ុនប៉ងរត់ពន្ធអាវុធចេញពីប្រទេសអ៊ីរ៉ាក់ទៅកាន់ក្រុមហេសបូឡានៅប្រទេសលីបង់

2026/07/17 03:00:01 am        59
ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមអាជ្ញាធរស៊ីរី បានធ្វើឲ្យខកខានការប៉ុនប៉ងរត់ពន្ធអាវុធទំនើប និងមីស៊ីលឆ្លងកាត់ព្រំដែនចេញពីប្រទេសអ៊ីរ៉ាក់ ទៅកាន់ក្រុមហេសបូឡូ នៅប្រទេសលីបង់ ។ទីភ្នាក់ងារព័ត៌មាន SANA រាយការណ៍បែបនេះ ដោយលើកឡើងពីប្រភពរបស់ក្រសួងមហាផ្ទៃស៊ីរីដែលនិយាយថា ការស៊ើបអង្កេតបឋមបង្ហាញថា ការដឹកជញ្ជូនអាវុធខាងលើ មានគោលដៅទៅកាន់ក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ ។កាលពីខែមិថុនាកន្លងទៅ ប្រនាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកបាននិយាយជាមួយប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa ពីការប្រយុទ្ធប្រឆាំងជាមួយក្រុមហេសបូឡា ។លោក Al-Sharaa ដែលជាអតីតឧទ្ទាម ហើយបច្ចុប្បន្នគ្រប់គ្រងប្រទេសស៊ីរីនោះ បានធ្វើសង្រ្គាមជាមួយក្រុមហេសបូឡាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្របពេលដែលក្រុមមួយនេះ បានបញ្ចូនយុទ្ធជនរបស់ខ្លួន ឲ្យទៅគាំទ្រអតីតប្រធានាធិបតីស៊ីរីលោក Bashar al-Assad អំឡុងសង្រ្គាមស៊ីវិល ។ដោយឡែក ការិយាល័យប្រធានាធិបតីលីបង់លោក Joseph Aoun និយាយថា លោក Al-Sharaa បានធានាដល់រូបលោកថា ស៊ីរីនឹងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសលីបង់នោះឡើយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM