ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

យានដ្រូនចំនួន ៣គ្រឿង ត្រូវបានបាញ់ទម្លាក់នៅជិតស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុង Erbilនៃប្រទេសអ៊ីរ៉ាក់

2026/07/17 01:33:19 am        77
ប្រភពសន្តិសុខឃើដឌីស្តង់មួយបាននិយាយថា យានដ្រូនចំនួន ៣គ្រឿង ដែលផ្ទុកដោយគ្រឿងផ្ទុះត្រូវបានបាញ់ទម្លាក់ នាល្ងាចថ្ងៃពុធ នៅជិតស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុង Erbil ដែលជារដ្ឋធានីនៃតំបន់ពាក់កណ្តាលស្វយ័តឃើដឌីស្តង់ភាគខាងជើងរបស់ប្រទេសអ៊ីរ៉ាក់។ យោងតាមប្រភពព័ត៌មានដែលបាននិយាយទៅកាន់សារព័ត៌មានស៊ីនហួក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ស្ថានកុងស៊ុលសហរដ្ឋអាមេរិក បានស្ទាក់ចាប់ និងបំផ្លាញដ្រូនទាំងនោះ នៅពីខាងលើទីក្រុងនេះ។ប្រភពដដែលបាននិយាយថា៖«ការស្ទាក់ចាប់នេះមិនបានបង្កឲ្យមានអ្នកស្លាប់ និងរងរបួស ក្នុងចំណោមជនស៊ីវិល ឬបុគ្គលិកសន្តិសុខទេ» ដោយបន្ថែមថា កងកម្លាំងសន្តិសុខបានឡោមព័ទ្ធកន្លែងធ្លាក់យន្តហោះភ្លាមៗ ដើម្បីសម្អាតកម្ទេចកម្ទី និងបានបើកការស៊ើបអង្កេត ដើម្បីកំណត់ទីតាំងបាញ់បង្ហោះ និងប្រភពដើមនៃយានដ្រូនទាំងនោះ។ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ ស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុង Erbil រួមជាមួយនឹងមូលដ្ឋានយោធាក្បែរនោះ ដែលជាមូលដ្ឋានរបស់កងកម្លាំងចម្រុះសហរដ្ឋអាមេរិក និងអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិ Erbil ជួនកាលត្រូវបានវាយប្រហារដោយដ្រូននិងរ៉ូកែត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយកងជីវពលប្រដាប់អាវុធតែងតែត្រូវបានស្តីបន្ទោសចំពោះការវាយប្រហារទាំងនេះ៕

អ្នកសម្របសម្រួល៖ ប៉ាគីស្ថានលើកទឹកចិត្តសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឲ្យបន្តការចរចា

2026/07/17 01:20:08 am        45
ប៉ាគីស្ថានបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងលើកទឹកចិត្តសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឲ្យបញ្ឈប់អំពើហិង្សា និងបន្តការចរចា ក្រោមអនុស្សរណៈនៃការយោគយល់(MoU)ដែលខ្លួនបានជួយសម្របសម្រួលកាលពីខែមុន។លោក Tahir Andrabi អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដថា៖«ខណៈពេលដែលការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា កំពុងជួបបញ្ហាប្រឈម ប៉ាគីស្ថាននឹងបន្តលើកទឹកចិត្តគ្រប់ភាគីទាំងអស់ឲ្យបញ្ចប់អំពើហិង្សា និងបន្តការចរចាកម្រិតបច្ចេកទេសស្របតាមអនុស្សរណៈនៃការយោគយល់នេះ»។លោកបានបន្ថែមថា៖«យើងបង្ហាញពីក្តីសង្ឃឹមសម្រាប់ការធ្វើឲ្យស្ថានភាពនៅច្រកសមុទ្រហ័រមូសមានប្រក្រតីភាពឡើងវិញ និងគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាសុវត្ថិភាព សន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍តាមសមុទ្រនេះជាបន្តបន្ទាប់»។សហរដ្ឋអាមេរិកបានវាយប្រហារអ៊ីរ៉ង់នៅសប្តាហ៍នេះ ដោយទាញការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រ ខណៈពេលដែលពួកគេប្រយុទ្ធគ្នាដណ្តើមក ផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រហ័រមូស៕

លោក Netanyahu លុបគម្រោង​ទស្សនកិច្ច នៅ​ទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ

2026/07/17 01:17:09 am        65
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ នា​សប្តាហ៍ក្រោយ។​ នេះបើយោងតាមឱ្យ​ដឹង​ពី​ការិយាល័យរបស់លោក នៅ​ថ្ងៃព្រហស្បតិ៍ (ទី​១៦ ខែកក្កដា ឆ្នាំ២០២៦​) នេះ​។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យនេះ​បានបញ្ជាក់​ថា ពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក​ Lindsey Graham «ហាក់ដូចជាត្រូវបានពន្យារពេលរហូតដល់ចុងខែ»។ សេចក្ដី​ថ្លែងការណ៍បានបន្ថែមថា «ដោយហេតុនេះ នាយករដ្ឋមន្ត្រីនឹងមិនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក​ នា​សប្តាហ៍ក្រោយនោះ​ទេ»។ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈអ៊ីស្រាអែល KAN បានរាយការណ៍កាលពីថ្ងៃពុធថា លោក Netanyahu ត្រូវបានគេរំពឹងថា នឹងចាកចេញទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍ ដើម្បី​ជួបពិភាក្ស​ជាមួយប្រធានាធិបតីអាមេរិក លោក​ Donald Trump នៅថ្ងៃចន្ទ ហើយ​ចូលរួមពិធីបុណ្យសពរបស់លោក Graham នៅថ្ងៃអង្គារ​។តែ​នៅ​យប់​ថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់របស់សេតវិមាន សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថា គ្មានកិច្ចប្រជុំ រវាងលោក Trump និងលោក Netanyahu ស្ថិតនៅក្នុងកាលវិភាគរបស់ប្រធានាធិបតី សម្រាប់សប្តាហ៍ក្រោយនោះទេ។យ៉ាង​ណាក្ដី ការលុបចោលការ​ធ្វើ​ដំណើរ​នេះកើតឡើង ទោះបីជាមានទំនាក់ទំនងជិតស្និទ្ធ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលថ្មីៗនេះមានភាពតានតឹងដោយសារការ​ខ្វែង​គំនិត​គ្នា លើគោលនយោបាយក្នុង​តំបន់​។​ លោក Trump បានអំពាវនាវឱ្យមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីប្រទេសលីបង់ និងស៊ីរី ខណៈដែលលោក Netanyahu បានប្រឆាំងនឹងចំណាត់​ការ​បែបនេះ៕

ប្រមុខUNព្រួយបារម្ភយ៉ាងខ្លំាងចំពោះការកើនឡើងភាពតានតឹងផ្នែកយោធារវាងអាមេរិក និងអ៊ីរ៉ង់

2026/07/17 12:59:11 am        60
លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា លោក អង់តូនីញ៉ូ ហ្គុយតឺរេស( António Guterres) អគ្គលេខាធិការUN មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងជាបន្តបន្ទាប់នៃភាពតានតឹងផ្នែកយោធានៅក្នុងតំបន់មជ្ឈិមបូព៌ា។លោក Dujarric បាននិយាយថា លោក ហ្គុយតឺរេស បានអំពាវនាវឲ្យភាគីទាំងអស់ចាត់វិធានការជាបន្ទាន់ ដើម្បីបន្ថយភាពតានតឹង និងវិលត្រឡប់ទៅកាន់ផ្លូវនៃការសន្ទនា និងការទូតវិញ។អ្នកនាំពាក្យបាននិយាយថា៖ «លោកអគ្គលេខាធិការបញ្ជាក់ឡើងវិញថា ការវិលត្រឡប់ទៅរកការប្រយុទ្ធគ្នាពេញបន្ទុក នឹងបង្កឲ្យមានការខាតបង់ដ៏មិនអាចទទួលយកបានចំពោះជនស៊ីវិល ហើយនឹងមានផលវិបាកដ៏មហន្តរាយចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងសេដ្ឋកិច្ចពិភពលោក»។លោកបានបន្ថែមថា៖ «លោកអគ្គលេខាធិការបញ្ជាក់ឡើងវិញនូវការអំពាវនាវរបស់លោកឲ្យមានការស្តារឡើងវិញពេញលេញនូវសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ នៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស ។ ការអនុវត្តសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍ ត្រូវតែទទួលបានការគោរពពីគ្រប់ភាគី ដោយអនុលោមតាមច្បាប់អន្តរជាតិ»៕

លោក Vance៖ បុគ្គល​ខ្លះក្នុងរដ្ឋាភិបាលអ៊ីស្រាអែល ព្យាយាម​ជះ​ឥទ្ធិពល​លើ​អាមេរិក ជុំវិញ​កិច្ចព្រមព្រៀងអ៊ីរ៉ង់

2026/07/17 12:46:43 am        81
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា សមាជិកមួយចំនួននៃរដ្ឋាភិបាលអ៊ីស្រាអែល បានព្យាយាមជះឥទ្ធិពលដល់មតិសាធារណៈអាមេរិក ដោយមាន​បំណង​ប្រឆាំងនឹងកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដោយ​ការ​លើក​ឡើង​នេះ​មាន​នៅក្នុងកម្ម​វិធី​សម្ភាសន៍​ជា​ផតខាសជាមួយពិធីករ លោក​ Joe Rogan ដែលត្រូវ​បានបង្ហោះកាល​ពី​ថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦)។មតិយោបល់ទាំងនេះ បាននិយាយ​ឡើងវិញ​នូវការរិះគន់ពីមុន ចំពោះគោលនយោបាយរបស់​រដ្ឋាភិបាលអ៊ីស្រាអែលដោយលោក Vance ដែលមនុស្សជាច្រើនមើលឃើញថា អាច​ជាបេក្ខជនប្រធានាធិបតីនាពេលអនាគត ដែល​ជា​ការបង្ហាញពី​ភាព​រកាំ​រកូសជា​សាធារណៈកាន់តែធំឡើង រវាងប្រទេសទាំង២។លោក Vance បានការពារកិច្ចព្រមព្រៀងដែលសម្រេចបានកាល​ពី​ខែមិថុនា ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលអ្នករិះគន់នៅសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរិះគន់យ៉ាង​ចាស់ដៃ​ថា បាន​បរាជ័យ ក្នុងការទប់ស្កាត់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ និងមិនបាន​ផ្តល់ផ្លូវច្បាស់លាស់ ក្នុងការរុះរើរោងចក្រនុយក្លេអ៊ែររបស់ប្រទេសនេះ​ ខណៈពេលដែលកំពុងរឹតបន្តឹងអ៊ីស្រាអែល ក្នុងការ​ធ្វើ​សង្គ្រាម ជាមួយពួកសកម្មប្រយុទ្ធហេសបូឡា នៅលីបង់។លោក Vance បាននិយាយថា៖ «ខ្ញុំដឹងយ៉ាងច្បាស់ដោយគ្មានសង្ស័យ​ឡើយ​ថា មានមនុស្សនៅក្នុងជួររដ្ឋាភិបាលអ៊ីស្រាអែល ដែល​កំពុងព្យាយាមធ្វើការផ្លាស់ប្តូរយើងឱ្យចាកចេញពីគោលនយោបាយនោះ ពីព្រោះពួកគេចង់បន្តយុទ្ធនាការយោធា»។អនុប្រធានាធិបតីរូបនេះបានបន្ថែម​ថា បើទោះ​បី​ជា​លោកមាន «ទំនាក់ទំនងល្អ» ជាមួយសមាជិកមួយចំនួននៃរដ្ឋាភិបាលអ៊ីស្រាអែលក៏ដោយ ក៏​ «មានមនុស្សមួយចំនួននៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ពួកគេ ដែលត្រូវបាន​ដឹង​យ៉ាងច្បាស់ដោយគ្មានសង្ស័យ​ឡើយ​ថា កំពុងជះ​ឥទ្ធិពល​ និងព្យាយាមផ្លាស់ប្តូរមតិសាធារណៈរបស់អាមេរិក ដើម្បីបន្តធ្វើឱ្យសង្គ្រាមនេះអូសបន្លាយពេលដោយគ្មានទីបញ្ចប់»។លោក Vance បានសង្កត់ធ្ងន់​ថា៖ «ប្រទេសជាច្រើន សម្ព័ន្ធមិត្ត និងសត្រូវ ព្យាយាមជះឥទ្ធិពលដល់គោលនយោបាយអាមេរិក។ វាមិន​រំខាន​រំខានខ្ញុំ​ឡើយ ដែលអ៊ីស្រាអែលព្យាយាមធ្វើរឿងនេះ ហើយនិយាយតាមត្រង់ទៅ សូម្បីតែរុស្ស៊ី ឬប្រទេសដទៃទៀតធ្វើវា ក៏វាមិនបានធ្វើឱ្យមាន​នូវ​ការ​ខ្ញុំរំខាននោះ​ដែរ​»៕

Bloomberg៖ មន្ទីរបញ្ចកោណមិនអនុញ្ញាតឲ្យបោះពុម្ពផ្សាយរបាយការណ៍អំពីកម្មវិធីយន្តហោះចម្បាំង F-35

2026/07/17 12:44:05 am        65
ជាលើកដំបូងក្នុងរយៈពេលជាង ២០ ឆ្នាំ មកនេះ មន្ទីរបញ្ចកោណបានរារាំងការបោះពុម្ពផ្សាយរបាយការណ៍ប្រចាំឆ្នាំដែលត្រូវបានកំណត់ដោយសភាលើកម្មវិធីផលិតយន្តហោះចម្បាំង F-35។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។យោងតាមតំណាងម្នាក់របស់ការិយាល័យគណនេយ្យភាពរដ្ឋាភិបាលអាមេរិក (GAO) បានឲ្យដឹងថា៖ «GAO បានតាមដាននិងពិនិត្យមើលការទិញយកយន្តហោះ F-35 ជារៀងរាល់ឆ្នាំ ចាប់តាំងពីសភាបានកំណត់ឲ្យមានការត្រួតពិនិត្យនេះ ដោយចាប់ផ្តើមនៅឆ្នាំ ២០០៥»។លោកបាននិយាយថា៖««នេះគឺជាឆ្នាំដំបូងដែលការត្រួតពិនិត្យកម្មវិធីទិញយកណាមួយរបស់យើង ត្រូវបានកំណត់ថា មានព័ត៌មានសម្ងាត់ដែលត្រូវបានគ្រប់គ្រង (CUI) និងត្រូវបានដាក់កម្រិតមិនឲ្យចេញផ្សាយជាសាធារណៈ»។ការបោះពុម្ពផ្សាយនេះ បានឲ្យដឹងថា របាយការណ៍របស់ GAO ផ្តល់ជូនសាធារណជននូវការវាយតម្លៃលម្អិតតែមួយគត់នៃកម្មវិធីអាវុធថ្លៃៗ និងត្រូវបានឃ្លាំមើលយ៉ាងដិតដល់បំផុតរបស់មន្ទីរបញ្ចកោណ ដោយការវាយតម្លៃពីមុន បានបង្ហាញពីភាពយឺតយ៉ាវដ៏សំខាន់ដែលទាក់ទងនឹងការធ្វើឲ្យប្រសើរឡើងនូវ សូហ្វហ្វែរ (software) ប្រព័ន្ធរូបវន្ត (hardware) និងម៉ាស៊ីនសំខាន់ៗរបស់កម្មវិធីនេះ៕

រុស្ស៊ី និងចិន ចាប់អារម្មណ៍លើការពង្រឹងទំនាក់ទំនងអាជីវកម្មនិងអភិវឌ្ឍកិច្ចសហប្រតិបត្តិការថាមពល

2026/07/17 12:41:18 am        51
ក្រសួងថាមពលរុស្ស៊ីបានរាយការណ៍ថា បន្ទាប់ពីកិច្ចប្រជុំរវាងលោករដ្ឋមន្ត្រី Sergey Tsivilyov និងប្រធានរដ្ឋបាលថាមពលជាតិចិន Wang Hongzhi ប្រទេសរុស្ស៊ី និងចិន បានបញ្ជាក់ជាថ្មីនូវចំណាប់អារម្មណ៍ទៅវិញទៅមករបស់ពួកគេ ក្នុងការពង្រឹងទំនាក់ទំនងអាជីវកម្ម និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។ របាយការណ៍បានឲ្យដឹ​ងថា៖«ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនានាទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិន នៅក្នុងវិស័យផ្សេងៗនៃវិស័យឥន្ធនៈ និងថាមពល។ ភាគីទាំងពីរបានកត់សម្គាល់ពីកម្រិតខ្ពស់នៃការទំនាក់ទំនងប្រកបដោយភាពសកម្មរវាងរុស្ស៊ី និងចិន ក្នុងវិស័យថាមពល។ លោក Sergey Tsivilyov និងលោក Wang Hongzhi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ការលើកកម្ពស់ការសន្ទនាប្រកបដោយស្ថាបនា និងការពង្រីកភាពជាដៃគូលើកិច្ចការ​ដែលមានផលប្រយោជន៍រួមគ្នា»។អ្នកចូលរួមក្នុងកិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរ អំពីកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការអន្តរជាតិនានា ដូចជា  កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC), អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និង BRICS។ ការពិភាក្សាបានផ្តោតលើការសម្រេចឲ្យ​បាននូវសមធម៌ផ្នែកថាមពល ការបង្កើនលទ្ធភាពទទួលបានធនធានថាមពល និងការរៀបចំវិធីសាស្ត្រដែលមានតុល្យភាពសម្រាប់ការអភិវឌ្ឍថាមពលពិភពលោក ដែលគិតគូរពីផលប្រយោជន៍របស់ប្រទេសទាំងអស់។ក្រសួងបាននិយាយថា បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរបានបញ្ជាក់ឡើងវិញអំពីផលប្រយោជន៍រួមរបស់ខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងបន្តការសន្ទនាជាប្រចាំលើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងរបៀបវារៈរបស់វិស័យឧស្សាហកម្ម៕

សហរដ្ឋអាមេរិកដាក់អត្រា​ពន្ធ ២៥ភាគរយ​ លើការនាំចូលរបស់ប្រេស៊ីល

2026/07/17 12:37:49 am        51
កាលពី​ថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) សហរដ្ឋអាមេរិកបានដាក់អត្រា​ពន្ធ ២៥ភាគរយ លើការនាំចូលមួយចំនួនពីប្រទេសប្រេស៊ីល បន្ទាប់ពីមាន​ការស៊ើបអង្កេតមួយដែលបានរកឃើញថា ប្រទេសតំបន់​អាមេរិកខាងត្បូងមួយ​នេះ បានជាប់ពាក់ព័ន្ធ​ក្នុង​​ការអនុវត្តពាណិជ្ជកម្ម «មិនយុត្តិធម៌» ដែលទាក់ទងនឹងពាណិជ្ជកម្មឌីជីថល ការទូទាត់តាមប្រព័ន្ធ​អេឡិចត្រូនិក និងវិស័យផ្សេងៗទៀត។ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការ​នេះត្រូវបានធ្វើឡើងបន្ទាប់ពីមាន​ការស៊ើបអង្កេតរយៈពេល ១ឆ្នាំ ក្រោមមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៨៧៤ ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកស៊ើបអង្កេត និងឆ្លើយតបទៅនឹងការអនុវត្តរបស់រដ្ឋាភិបាលបរទេសដែលត្រូវបានចាត់ទុកថា «មិនសមហេតុផល អយុត្តិធម៌ ឬរើសអើង» និងដែលជាបន្ទុកដល់ពាណិជ្ជកម្មអាមេរិក​។នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានលើក​ឡើង​ថា៖ «ការចរចាគ្នាយ៉ាងទូលំទូលាយជាមួយប្រទេសប្រេស៊ីល ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មិនទាន់អាចដោះស្រាយបញ្ហាទាំងនេះបាននៅឡើយទេ ប៉ុន្តែយើងនៅតែបន្តបើកចំហក្នុងការចរចាជាមួយប្រេស៊ីល ដើម្បីនាំមកនូវការផ្លាស់ប្តូរដែលត្រូវការជាចាំបាច់ និងអូសបន្លាយពេលជាយូរមកហើយ ចំពោះបញ្ហានានាដែលត្រូវបានរកឃើញនៅក្នុងការស៊ើបអង្កេតនេះ»។នៅក្នុងសន្និសីទសារព័ត៌មានក្រៅផ្លូវការមួយ​ មន្ត្រីជាន់ខ្ពស់មួយ​រូប​របស់រដ្ឋបាលអាមេរិក បានប្រាប់ក្រុមអ្នកសារ​ព័ត៌មានថា ការស៊ើបអង្កេតបានរកឃើញថា ក្នុង​ចំណោម​សកម្ម​ភាពនានា​ មាន​ចំណាត់​ការ​មួយ​ដែល​តុលាការប្រេស៊ីលបានចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដោយ​ការ​ធ្វើ​បែបនេះ​ត្រូវបាន​ចាត់​តុក​ថា « ស្មើនឹងការ​ដាក់​របាំងពាណិជ្ជកម្មអយុត្តិធម៌»៕

លោក Vulin ៖ ស៊ែរប៊ីនឹងមិនចូលរួមក្នុងសម្ព័ន្ធយោធាប្រឆាំងរុស្ស៊ី ដែលសហភាពអឺរ៉ុបកំពុងបង្កើតឡើយ

2026/07/17 12:26:29 am        57
លោក Aleksandar Vulin អតីតឧបនាយករដ្ឋមន្ត្រី និងជាមេដឹកនាំបច្ចុប្បន្ននៃចលនាសង្គមនិយមស៊ែរប៊ី បានបញ្ជាក់ថា ប្រទេសស៊ែរប៊ីនឹងមិនចូលរួមក្នុងសម្ព័ន្ធយោធាដែលសហភាពអឺរ៉ុបកំពុងរៀបចំបង្កើតឡើង ដើម្បីប្រឆាំងនឹងរុស្ស៊ីនោះទេ។សេវាសារព័ត៌មានបានដកស្រង់សម្តីលោកដែលបាននិយាយថា៖«ស៊ែរប៊ីមិនបានចុះហត្ថលេខាលើសេចក្តីប្រកាសប្រឆាំងរុស្ស៊ី នៅទីក្រុងគីវទេ។ ប្រទេសរបស់ខ្ញុំមិនមែនជា ហើយនឹងមិនក្លាយជាផ្នែកមួយនៃការភ័យស្លន់ស្លោប្រឆាំងរុស្ស៊ីនោះដែរ។ យើងនឹងមិនដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយក៏នឹងមិនចូលរួមក្នុងសម្ព័ន្ធយោធារបស់សហភាពអឺរ៉ុប ដែលមានគោលបំណងប្រឈមមុខជាមួយបងប្អូនរបស់យើងនោះឡើយ»។ លោក Vulin ក៏បានលើកឡើងផងដែរថា បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីស៊ែរប៊ី លោកAleksandar Vucic មិនគាំទ្រសេចក្តីប្រកាសចុងក្រោយប្រឆាំងរុស្ស៊ីពីកិច្ចប្រជុំកំពូលថ្មីៗនេះ រវាងអ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុបអាគ្នេយ៍ នៅទីក្រុងគីវនោះ ទីក្រុងបែលក្រាដ (Belgrade) នឹងមិនបើកក្រុមចរចាលើកទី៣ ក្នុងចំណោមចរចាចំនួន ៦ ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុបឡើយ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា «ជនជាតិស៊ែរប៊ី នឹងនៅតែជាជនជាតិស៊ែរប៊ី»៕

ចំនួន​អ្នកស្លាប់ ក្នុង​រញ្ជួយដីនៅវ៉េណេស៊ុយអេឡា លើស ៤.៨០០នាក់​ ខណៈជាង ២០.០០០នាក់គ្មាន​ផ្ទះសម្បែង​

2026/07/17 12:24:03 am        52
រដ្ឋាភិបាលបានរាយការណ៍ កាល​ពី​ថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ​២០២៦) ថា អ្នកស្លាប់ដោយសាររញ្ជួយដីដ៏អាក្រក់​បំផុតចំនួន​ ២លើកបន្ត​គ្នា កាលពីខែមុន នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានមាន​ចំនួន​លើសពី ៤.៨០០នាក់ហើយ​ ខណៈ​រាប់ម៉ឺន​នាក់​ គ្មាន​ផ្ទះសម្បែង​ជ្រក​កោន​។រញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ បានវាយប្រហារក្នុងរយៈពេលឃ្លាត​ពីគ្នា​​ ១នាទី កាលពី​ថ្ងៃទី២៤ ខែមិថុនា ដោយបានបំផ្លាញរដ្ឋឆ្នេរសមុទ្រ La Guaira ដែលស្ថិតនៅភាគខាងជើងនៃទី​ក្រុង​ការ៉ាកាស។យោងតាមតួលេខថ្មីដែលបានចែករំលែកដោយប្រធានរដ្ឋសភា លោក​ Jorge Rodriguez នៅលើកម្ម​វិធី​ផ្ញើសារ​ Telegram បាន​បង្ហាញ​ថា គ្រោះមហន្តរាយនេះបានឆក់​យក​ជីវិត​មនុស្សចំនួន ៤.៨២៩នាក់ហើយ គិត​ត្រឹម​ថ្ងៃ​ពុធ​​។ក្រុមអ្នកជួយសង្គ្រោះ និងសមាជិកគ្រួសារ នៅក្នុងរដ្ឋ La Guaira កំពុងបន្តប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការស្វែងរកជនរងគ្រោះដែលកប់នៅក្រោមគំនរអគារបាក់បែក បើទោះបីជាវាបានកន្លងផុតទៅរយៈពេល ៣ សប្តាហ៍ហើយក្តី បន្ទាប់ពីគ្រោះរញ្ជួយដីនោះបានកើត​ឡើង​។ជាមួយ​គ្នានេះដែរ យ៉ាងហោចណាស់មនុស្ស ២០.៨៥៧នាក់ដែលគ្មានផ្ទះសម្បែង ដោយសាររញ្ជួយដីនេះ កំពុងរស់នៅក្នុងជំរំដែលមានមនុស្សច្រើនណែនណាន់តាន់តាប់​ ដែលភាគច្រើនខ្វះការផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធអនាម័យត្រឹមត្រូវ។លើសពីនេះ​ទៀត គ្រោះ​រញ្ជួយដី បានបណ្ដាល​ឱ្យមនុស្ស ១៦.៧៤០នាក់រងរបួស ដោយលោក Rodriguez បានប្រាប់​នៅ​មុននេះ​ថា ភាគច្រើនត្រូវបានអនុញ្ញាតឱ្យចាក​ចេញពី​មន្ទីរពេទ្យ​រួច​​ហើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM