ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

អាមេរិករាយការណ៍អំពី«រលកនៃការវាយប្រហារ» លើអ៊ីរ៉ង់ ខណៈសង្គ្រាមបានផ្ទុះឡើងវិញជាថ្មី

2026/07/17 12:21:32 am        59
សហរដ្ឋអាមេរិក បានបើកការវាយប្រហារជាបន្តបន្ទាប់លើអ៊ីរ៉ង់កាលពីថ្ងៃពុធ បន្ទាប់ពីបានដាក់ឲ្យអនុវត្តឡើងវិញនូវការបិទខ្ទប់ផ្លូវសមុទ្រដោយកងទ័ពជើងទឹក ដែលជាសញ្ញានៃការវិលត្រឡប់ទៅរកសង្គ្រាមជាថ្មីរវាងភាគីជម្លោះទាំងពីរ។រយៈពេលជិតមួយខែបន្ទាប់ពីភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU) ក្នុងគោលបំណងឈានទៅបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ពួកគេបានចាប់ផ្តើមប្រយុទ្ធគ្នាឡើងវិញ ដោយបើកការវាយប្រហារលើគោលដៅនានានៅទូទាំងតំបន់នេះ។កងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អ៊ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើកងនាវាទី៥របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសបារ៉ែន។ ចំណែកយោធាអាមេរិកបាននិយាយថា ខ្លួនបានស្ទាក់ចាប់ការវាយប្រហារដែលសំដៅលើគោលដៅស៊ីវិល ខណៈកងកម្លាំងប្រដាប់អាវុធហ្ស៊កដានីបានឲ្យដឹងថា ពួកគេបានបាញ់ទម្លាក់មីស៊ីលចំនួនបីគ្រាប់ ដែលបាញ់ចេញពីសាធារណរដ្ឋអ៊ិស្លាមនេះ។ទន្ទឹមនឹងនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានគំរាមថា នឹងពង្រីកការវាយប្រហារនៅសប្តាហ៍ក្រោយ ដោយវាយប្រហារលើរោងចក្រថាមពល និងស្ពាន ប្រសិនបើអ៊ីរ៉ង់មិនវិលត្រឡប់មកចរចាទេនោះ៕

រុស្ស៊ី៖ កងទ័ពបរទេសបញ្ជូនទៅអ៊ុយក្រែន ក្រោយមាន​​កិច្ចព្រមព្រៀង នឹងក្លាយជាគោលដៅស្របច្បាប់

2026/07/16 11:38:55 pm        69
រុស្ស៊ីបានឱ្យដឹង​កាលពីថ្ងៃពុធ (ទី​១៥ ខែកក្កដា ឆ្នាំ២០២៦) ថា កងកម្លាំងពហុជាតិសាសន៍ណាមួយដែលត្រូវបានបញ្ជូនដោយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ទៅ​ដាក់ពង្រាយនៅទីនោះ ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាព នឹងមិនអាចទទួលយកបាន សម្រាប់​ទីក្រុងមូស្គូ ដែលនឹងត្រូវបាន​ចាត់ទុកថា ជាការគំរាមកំហែង និងក្លាយ​ជាគោលដៅយោធាស្របច្បាប់។សម្ព័ន្ធមិត្តលោកខាងលិច នៅក្នុង «សម្ព័ន្ធឆន្ទៈរួម​» ដែលគាំទ្រអ៊ុយក្រែន បានជួបប្រជុំគ្នា នៅទីក្រុងប៉ារីស ប្រទេស​បារាំង ក្នុងសប្តាហ៍នេះ ហើយបានបញ្ជាក់ជាថ្មីនូវចេតនារបស់ពួកគេ ក្នុងការដាក់ពង្រាយកងកម្លាំងបែបនេះ បន្ទាប់ពីមាន​ការបញ្ឈប់អរិភាព ដើម្បីផ្តល់ទំនុកចិត្តឡើងវិញដល់អ៊ុយក្រែន និងជួយប្រទេសនេះស្តារកងកម្លាំងរបស់ខ្លួនឡើងវិញ។ជាមួយ​គ្នានេះ សម្ព័ន្ធ​នេះ​ក៏បានបញ្ជាក់​ផងដែរថា សមយុទ្ធនឹងធ្វើឡើងនៅក្នុងខែខាងមុខ ដើម្បីបង្ហាញពីសមត្ថភាពរបស់កងកម្លាំងដែលបានគ្រោងទុក ដែលត្រូវបានគេស្គាល់ថា ជាកងកម្លាំងពហុជាតិ សម្រាប់អ៊ុយក្រែន (MNF-U) ក្នុង​ការ​ធ្វើសកម្មភាពនានា​។អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «នៅក្នុងបរិបទនេះ យើងចង់បញ្ជាក់ជាថ្មីថា ការដាក់ពង្រាយកងកម្លាំងយោធាណាមួយពីប្រទេសនៃអ្វីដែលហៅថា សម្ព័ន្ធឆន្ទៈរួម​ ទៅកាន់អ៊ុយក្រែន គឺមិនអាចទទួលយកបានឡើយ​ សម្រាប់​ប្រទេសរបស់យើង»។លោកស្រីបាន​បញ្ជាក់បន្ថែម​ថា៖ «ខ្ញុំសូមនិយាយឡើងវិញម្ដងទៀតថា ដោយសជាក់ស្ដែង​ ការណ៍នេះ នឹងស្មើនឹងការជ្រៀតជ្រែកពីបរទេស និងការបង្កើន​ការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី។ យើងនឹងចាត់ទុកអង្គភាពបែបនេះជាគោលដៅយោធាស្របច្បាប់»៕

អ៊ីរ៉ង់ព្រមានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បើអាមេរិកកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន

2026/07/16 11:32:43 pm        92
យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars បាន​ឱ្យដឹង​ថា ទីក្រុង​តេអេរ៉ង់​ បានព្រមាននៅ​ថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ខ្លួននឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ប្រសិនបើសហរដ្ឋអាមេរិកកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស​​អ៊ីរ៉ង់។លោក Ebrahim Zolfaghari អ្នកនាំពាក្យរបស់ទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បាននិយាយថា៖ «បើបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ យើងនឹងបំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត​នៅក្នុងតំបន់»។លោក Zolfaghari ក៏បានព្រមានផងដែរថា ទីក្រុងតេអេរ៉ង់ «មិនថាក្នុងកាលៈទេសៈណាក៏ដោយ នឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសបរទេស និងក្រៅតំបន់ជ្រៀតជ្រែក ក្នុងច្រកសមុទ្រ Hormuz ឡើយ»។ លោកបានបន្ថែមថា «នេះគឺជាខ្សែបន្ទាត់ក្រហមដែលមិនអាចកាត់​ផ្ដាច់​បានរបស់អ៊ីរ៉ង់​»។លោកបានបន្តថា ការឆ្លើយតប​របស់អ៊ីរ៉ង់នឹងមិនមែនជាការវាយប្រហារក្នុងកម្រិតស្មើគ្នានោះទេ ប៉ុន្តែជារលកវាយប្រហារដែល «ខ្លាំងជាង និងមានប្រៀបជាង» ដោយលោកបានបន្ថែមថា រាល់សកម្មភាពសងសឹកណាមួយ នឹងមានភាព «ធ្ងន់ធ្ងរជាង ទូលំទូលាយជាង និងបំផ្លិចបំផ្លាញជាងពេលណាៗទាំងអស់»។ការកត់សម្គាល់បែប​នេះបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជុំវិញ​បញ្ហាច្រកសមុទ្រ Hormuz ដោយភាគីទាំង២ បានវាយប្រហារគ្នា​ទៅវិញ​ទៅមក ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្របសម្រួលដោយប៉ាគីស្ថាន ជាអ្វី​​ដែលមានគោលបំណងបញ្ចប់ជម្លោះ និងឈានដល់កិច្ច​ព្រមព្រៀង​សន្តិភាពយូរអង្វែងក៏ដោយ៕

អ៊ីរ៉ង់ អះអាងពីការវាយប្រហារដោយយានដ្រូន និងមីស៊ីល លើប្រទេសកូវ៉ែត

2026/07/16 11:11:42 pm        68
កងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អ៊ីរ៉ង់(IRGC) បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយស្តីពីការវាយប្រហាររបស់ខ្លួនលើប្រទេសកូវ៉ែត។ សេចក្តីថ្លែងការណ៍និយាយថា កងឆ្មាំបានកំណត់គោលដៅ និងបំផ្លាញមជ្ឈមណ្ឌលទំនាក់ទំនងផ្កាយរណប និងរ៉ាដាព្រមានជាមុនរបស់មូលដ្ឋានកងទ័ពអាកាសអាមេរិកនៅទីក្រុង Ali Al Salem និងកំពង់ផែយោធាអាមេរិកនៅក្រុង Ash-Shu’aybah ដោយបើកប្រតិបត្តិការយានដ្រូន និងមីស៊ីលរួមគ្នា។កងឆ្មាំបាននិយាយថា ការវាយប្រហារទាំងនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើមន្ទីរពេទ្យមហារីកកុមារនៅក្រុង Ahvaz ព្រមទាំងរោងចក្រផលិតទឹកដបមួយកន្លែងក្នុងខេត្ត Khuzestan។កងឆ្មាំបានជំរុញឱ្យប្រជាជនកូវ៉ែត កុំអនុញ្ញាតឱ្យសត្រូវប្រើប្រាស់ទឹកដីដើម្បីប្រព្រឹត្តការឈ្លានពាន និងឧក្រិដ្ឋកម្មប្រឆាំងប្រជាជនប៉ាឡេស្ទីន លីបង់ អ៊ីរ៉ង់ និងយេម៉ែន។កងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អ៊ីរ៉ង់(IRGC) បានអំពាវនាវឱ្យមានការបណ្តេញកងកម្លាំងអាមេរិកចេញពីតំបន់ និងបាននិយាយបន្ថែមថា ការបើកច្រកសមុទ្រ Hormuz គឺមានលក្ខខណ្ឌលើការបញ្ចប់អំពើអាក្រក់របស់អាមេរិកនៅក្នុងតំបន់។

ស្ទើរតែពាក់កណ្តាលនៃពលរដ្ឋអាមេរិក គិតថាសង្គ្រាមអ៊ីរ៉ង់នឹងបន្តរយៈពេលមួយឆ្នាំ ឬយូរជាងនេះ

2026/07/16 11:04:22 pm        60
យោងតាមការស្ទង់មតិថ្មីបានឲ្យដឹងថា ជិតពាក់កណ្តាលនៃប្រជាជនអាមេរិក ជឿថាសង្គ្រាមនៅអ៊ីរ៉ង់នឹងបន្តរយៈពេលមួយឆ្នាំទៀត ឬយូរជាងនេះចាប់ពីពេលនេះទៅ ខណៈភាពតានតឹងកំពុងផ្ទុះឡើងជាថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ នៅក្នុងការស្ទង់មតិពី The Economist/YouGov អ្នកឆ្លើយតប ៤៦ ភាគរយបាននិយាយថាសង្គ្រាមនឹងបន្តរយៈពេល «មួយឆ្នាំ ឬច្រើនជាងនេះ» ខណៈ៤៦ភាគរយទៀតបាននិយាយថាសង្គ្រាមនឹងបន្តរយៈពេល «ច្រើនជាងមួយខែ ប៉ុន្តែមិនដល់មួយឆ្នាំនោះទេ» ។ប្រាំមួយភាគរយបាននិយាយថា សង្គ្រាមនឹងបន្តរយៈពេល «ច្រើនជាងមួយសប្តាហ៍ ប៉ុន្តែតិចជាងមួយខែ» និង ២ ភាគរយបាននិយាយថាជម្លោះនៅសល់ «មួយសប្តាហ៍ ឬតិចជាងនេះ»។កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី Trump បាននិយាយថា លោកមិនស្វែងរកការចរចាជាមួយទីក្រុងតេអេរ៉ង់នៅពេលនេះទេ ហើយនៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Trump បានបង្ហាញការសោកស្តាយថា រដ្ឋាភិបាលអ៊ីរ៉ង់ «អាក្រក់ខ្លាំង» និងបាននិយាយថាគណៈប្រតិភូអ៊ីរ៉ង់ថ្មី ជា «អ្នកដែលកំពុងបញ្ឈប់កិច្ចព្រមព្រៀង»។កាលពីដើមសប្តាហ៍នេះ លោក Trump បាននិយាយថា ការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រ Hormuz នឹងត្រូវដាក់ឡើងវិញ ខណៈសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងផ្លូវទឹក បន្ទាប់ពីការវាយប្រហារគ្នាទៅវិញទៅមកកាលពីចុងសប្តាហ៍។

មជ្ឈមណ្ឌល Pew៖ ចិនទទួលបានការពេញចិត្តជាសកលខ្ពស់ជាងសហរដ្ឋអាមេរិកជាលើកដំបូង

2026/07/16 10:59:57 pm        55
បើយោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center បាន​បង្ហាញ​ថា ប្រជាជននៅលើពិភពលោកកាន់តែច្រើន បានមើលឃើញប្រទេសចិនក្នុងរូបភាពវិជ្ជមាន ជាងសហរដ្ឋអាមេរិក ជាលើកដំបូង ដែល​យ៉ាងហោចណាស់ គឺ​ចាប់តាំងពីឆ្នាំ២០២៣ មក ដោយនិន្នាការនៃការផ្លាស់ប្តូរទស្សនៈនេះ បានកើតឡើងសូម្បីតែនៅក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលមហាអំណាចទាំង២ កំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមឥទ្ធិពលជាសកល។មតិសាធារណៈ អំពីសហរដ្ឋអាមេរិកកាន់តែអាក្រក់ទៅៗ រហូតដល់កម្រិតដែលចិនឥឡូវនេះត្រូវបានគេមើលឃើញថា មានភាពវិជ្ជមានជាងមុន នៅក្នុងប្រទេសភាគច្រើនក្នុងចំណោម ៣៦ប្រទេស ដែលត្រូវបានស្ទង់មតិនៅឆ្នាំនេះ។ ប្រទេសទាំងនោះ រួមមានប្រទេសកាណាដា អូស្ត្រាលី បារាំង និងអាល្លឺម៉ង់ ដែល​សុទ្ធ​តែ​ជា​សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ជា​ទីដែល​ «គម្លាតការ​ពេញចិត្ត» ជាមួយទីក្រុងប៉េកាំង បានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។នៅក្នុងចំណោមប្រទេសចំនួន ២០ ដែលមានទិន្នន័យប្រៀបធៀបកាលពី​ឆ្នាំ២០២៣ បានបង្ហាញថា ជិតពាក់កណ្តាលនៃអ្នកឆ្លើយតប មានទស្សនៈវិជ្ជមាន ចំពោះចិន ខណៈដែលមានត្រឹមតែ ៣៦ភាគរយប៉ុណ្ណោះដែលចាត់ទុកសហរដ្ឋអាមេរិកក្នុងរូបភាពល្អ។ នេះគឺជាការផ្លាស់ប្ដូរដ៏ធំ​ បើធៀបនឹងរយៈពេល ៣ឆ្នាំមុន ដែលនៅពេលនោះ សហរដ្ឋអាមេរិកទទួលបានពិន្ទុរហូតដល់ ៥៨ភាគរយ ធៀបនឹងចិនត្រឹមតែ ៣២ភាគរយ​។ ទន្ទឹមនឹងនេះ វាក៏ជាការងើបឡើងវិញនៃប្រជាប្រិយភាពរបស់ទីក្រុងប៉េកាំងផង​ដែរ​ បន្ទាប់ពីការ​គាំទ្របានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ នៅក្នុងប្រទេសជាច្រើន អំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍ដែលចេញផ្សាយកាល​ពី​រសៀលថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន បាន​បង្ហាញថា៖ «ទស្សនៈសកល ចំពោះសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាង​ខ្លាំង​ កាលពីឆ្នាំមុន នៅពេលអាណត្តិទី២ របស់លោកប្រធានាធិបតី Donald Trump បានចាប់ផ្តើម តែ​មនុស្សភាគច្រើននៅតែមានទស្សនៈវិជ្ជមាន ចំពោះអាមេរិកជាងចិន។ នៅឆ្នាំនេះ ស្ថានភាពបែបនោះលែងមានទៀតហើយ»។ស្ថាប័ន Pew Research បានស្ទង់មតិមនុស្សជាង ៤២.០០០នាក់ ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា ជារយៈពេលដែលរួមបញ្ចូលទាំងការចាប់ផ្តើមនៃសង្គ្រាមដឹកនាំដោយសហរដ្ឋអាមេរិក នៅអ៊ីរ៉ង់៕

ប្រធានាធិបតីអ៊ុយក្រែន គាំទ្រប្រធានក្រុមហ៊ុនថាមពលរដ្ឋជានាយករដ្ឋមន្ត្រីអ៊ុយក្រែនថ្មី

2026/07/16 10:57:10 pm        58
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃពុធ ទី១៥ ខែកក្កដា បានគាំទ្រប្រធានក្រុមហ៊ុនថាមពលរដ្ឋ ឱ្យក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងគីវ លោក Zelenskyy បាននិយាយថា នាយកប្រតិបត្តិក្រុមហ៊ុនថាមពលរដ្ឋ Naftogaz លោក Sergii Koretskyi គឺជាបេក្ខជនដ៏ល្អបំផុតសម្រាប់តំណែងនាយករដ្ឋមន្ត្រី ព្រោះអាទិភាពរបស់អ៊ុយក្រែនគឺការត្រៀមសម្រាប់រដូវរងាខាងមុខ។ក្នុងអំឡុងសន្និសីទសារព័ត៌មានជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen លោក Zelenskyy ក៏បាននិយាយផងដែរថា លោកចង់ឱ្យអឺរ៉ុប «មានតួនាទីកាន់តែរឹងមាំក្នុងការសម្រេចបានសន្តិភាព និងនៅតុចរចា» ជាមួយរុស្ស៊ី។អ៊ុយក្រែន និងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងយានដ្រូន» ក្នុងគោលបំណងបញ្ចូលគ្នានូវជំនាញរបស់ទីក្រុងគីវជាមួយសមត្ថភាពឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដើម្បីបង្កើតគម្រោងរួមគ្នា និងពង្រីកផលិតកម្ម នេះបើយោងតាមប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃពុធ។អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយានដ្រូនជាបន្តបន្ទាប់ជាមួយប្រទេសជាច្រើន។ នៅក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូកាលពីសប្តាហ៍មុននៅទីក្រុងអង់ការ៉ា ប្រធានាធិបតី លោក Volodymyr Zelenskyy បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបីបន្ថែមទៀត ដោយនិយាយថា កិច្ចព្រមព្រៀងនេះបានធ្វើឱ្យចំនួនសរុបកើនឡើងដល់ប្រាំបួន។

តំណាងពាណិជ្ជកម្ម​អាមេរិក​៖ ជំនួប​កំពូល Trump-Xi នៅខែកញ្ញា នឹងពិនិត្យការប្តេជ្ញាចិត្តរបស់ចិន

2026/07/16 10:53:45 pm        54
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) លោក Jamieson Greer បានកំណត់ការរំពឹងទុកត្រឹមកម្រិតមធ្យមប៉ុណ្ណោះ សម្រាប់ជំនួបកំពូលដែលគ្រប់​គ្នា​ទន្ទឹងរង់ចាំជាខ្លាំង រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំ​ចិន លោក Xi Jinping ដោយលោកបានលើកឡើងថា ជំនួបនៅក្នុងខែកញ្ញាខាងមុខនេះ នឹងផ្តោតសំខាន់លើការវាយតម្លៃពី​ការប្តេជ្ញាចិត្តនាពេលបច្ចុប្បន្ន ជាជាងការចរចាស្វែងរកកិច្ចព្រមព្រៀងថ្មីៗ។នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Bloomberg Television លោក Greer បាននិយាយថា៖ «វា​នឹង​ក្លាយ​ជា​ឱកាស​មួយ ​សម្រាប់​ការ​វាយ​តម្លៃ​ឡើង​វិញ ការ​បញ្ជាក់​ជា​ថ្មី​លើ​ទំនាក់ទំនង និង​ការ​ធានា​ឱ្យ​ប្រាកដ​​ថា ប្រទេស​ចិន​កំពុង​អនុវត្ត​តាម​អ្វី​ដែល​ខ្លួន​បាន​ព្រមព្រៀង​ថា ​នឹង​ធ្វើ។ នោះ​ហើយ​គឺ​ជា​អ្វី​ដែល​យើង​ពិត​ជា​កំពុង​រំពឹង​ចង់​បាន ​នៅក្នុង​ជំនួប​នេះ»។អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករូប​នេះ​ បាន​និយាយ​ទៀត​​ថា លោករំពឹង​មាន​ការវាយតម្លៃ លើការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុង​ការ​​ពន្យារមិនអនុវត្តការរឹតបន្តឹងលើការនាំចេញរ៉ែកម្ររយៈពេល ១ឆ្នាំ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្អាកសង្គ្រាមពន្ធគយ ដែលត្រូវបានសម្រេចកាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ លោក Greer បានបញ្ជាក់បន្ថែម​ថា ការអនុលោមតាម​របស់ទីក្រុងប៉េកាំង «មិនល្អឥតខ្ចោះ» នោះ​ទេ ប៉ុន្តែប្រទេសទាំង២ កំពុងធ្វើការរួមគ្នា ដើម្បីដោះស្រាយចន្លោះប្រហោង។គួរបញ្ជាក់ថា លោក Trump ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោក Xi នៅសហរដ្ឋអាមេរិក ប្រហែលជា​ថ្ងៃទី២៤ ខែកញ្ញា ពោល​គឺ​ប៉ុន្មានសប្តាហ៍ មុនកិច្ចព្រមព្រៀងរបស់ភាគីទាំង​២ ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម ត្រូវផុតកំណត់។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមាន​ជំនួប​កំពូល កាល​ពី​ខែឧសភា ជាកន្លែងដែលពួកលោកបានស្វែងរកការធ្វើឱ្យទំនាក់ទំនងស្ថិរភាព៕

ទួរគីរំលឹកខួបលើកទី១០នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដោយការបង្ហាញយានដ្រូននៅទីក្រុងអ៊ីស្តង់ប៊ុល

2026/07/16 10:49:40 pm        58
កម្មវិធីបង្ហាញយានដ្រូនមួយត្រូវបានធ្វើឡើងនៅលើស្ពាន Bosphorus ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីកាលពីថ្ងៃពុធ ទី១៥ ខែកក្កដា ដើម្បីរំលឹកខួបលើកទី១០ នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារថ្ងៃទី១៥ ខែកក្កដា ខណៈហ្វូងមនុស្សបានប្រមូលផ្តុំគ្នាសម្រាប់ពិធីរំលឹកនៅក្នុងទីក្រុងអង់ការ៉ា។កម្មវិធីបង្ហាញយានដ្រូនបានបង្ហាញរូបភាពរបស់ប្រធានាធិបតីទួរគី លោក Tayyip Erdogan និងរូបភាពផ្សេងទៀតនៅជាប់នឹងស្ពាន ដែលត្រូវបានដាក់ឈ្មោះថាស្ពានទុក្ករបុគ្គលថ្ងៃទី១៥ ខែកក្កដា បន្ទាប់ពីការប្រយុទ្ធគ្នារវាងក្រុមអ្នកបះបោ និងជនស៊ីវិលបានកើតឡើងនៅទីនោះ។ទាហានបះបោ បានបញ្ជាយន្តហោះចម្បាំង រថក្រោះ និងឧទ្ធម្ភាគចក្រក្នុងអំឡុងពេលប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលមនុស្សប្រហែល២៥០នាក់ត្រូវបានសម្លាប់ក្នុងការប៉ុនប៉ងដណ្តើមអំណាច។ រដ្ឋាភិបាលទួរគី បានចោទប្រកាន់អង្គការរបស់បព្វជិតមូស្លីម លោក Fethullah Gulen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ថាបានរៀបចំផែនការធ្វើរដ្ឋប្រហារ ដែលត្រូវបានបន្តដោយការបង្ក្រាបយ៉ាងរាលដាល ដោយមនុស្សយ៉ាងហោចណាស់៧៧.០០០នាក់ត្រូវបានចាប់ខ្លួន និងបុគ្គលិករដ្ឋចំនួន១៥០.០០០នាក់ រួមទាំងគ្រូបង្រៀន ចៅក្រម និងទាហាន ត្រូវបានផ្អាកការងារក្រោមច្បាប់គ្រាអាសន្ន។ លោក Gulen ដែលបានរស់នៅនិរទេសខ្លួននៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៩៩ ហើយបានស្លាប់នៅក្នុងខែតុលា ឆ្នាំ២០២៤ បានច្រានចោលការជាប់ពាក់ព័ន្ធទៅនឹងការបះបោ ប៉ុន្តែចលនារបស់លោកត្រូវបានកំណត់ថាជាក្រុមភេរវករដោយប្រទេសទួរគី។

អ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់គ្មានហេតុផល​គោរព MOU ជាមួយអាមេរិក ដោយ​មិន​មាន​ប្រយោជន៍ទេ

2026/07/16 10:46:41 pm        84
អ្នកចរចាជាន់ខ្ពស់​របស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយកាលពីថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) ថា ដរាប​ណាប្រទេស​​អ៊ីរ៉ង់មិនទទួលបានអត្ថប្រយោជន៍ពីអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសហរដ្ឋអាមេរិក ដរាប​នោះ​ «ទីក្រុង​តេអេរ៉ង់​គ្មានហេតុផលណាមួយត្រូវ​ប្រកាន់ខ្ជាប់នូវការយោគយល់គ្នាបែបនេះឡើយ​»។តាម​រយៈ​សេចក្តីថ្លែងការណ៍មួយដែលត្រូវ​បានបង្ហោះនៅលើកម្មវិធី​ផ្ញើសារ Telegram លោក Ghalibaf បានបន្ថែមថា សន្តិសុខជាតិរបស់អ៊ីរ៉ង់ ពឹងផ្អែកលើការបន្ត​រក្សា «ការរៀបចំរបស់អ៊ីរ៉ង់» នៅក្នុងច្រកសមុទ្រ Hormuz។លោកបានសង្កត់ធ្ងន់​ថា វិធីសាស្រ្តរបស់អ៊ីរ៉ង់ ចំពោះសង្គ្រាមរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងការចរចាដើម្បីបញ្ចប់អរិភាព​នេះ គួរតែផ្អែកលើផលប្រយោជន៍ជាតិ សន្តិសុខជាតិ និងទស្សនវិស័យរយៈពេលវែង ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់មិនមានជម្រើសអ្វីក្រៅពីពឹងផ្អែកលើកម្លាំងផ្ទាល់ខ្លួននោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស.ស.យ.ក រាជធានីភ្នំពេញបានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូបរបស់សិ​​ស្ស​​​​​​​​​​​​​​​​​​​​ឆ្នាំ​​​​២០២៦
07/26/2026 11:07 AM
ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ៤ពាន់នាក់ នៅខេត្តពោធិ៍សាត់ មានជំនាញ និងការងារសមរម្យ ដោយសារកម្មវិធី​ TVET ១,៥ លាន​នាក់របស់រាជរដ្ឋាភិបាល
07/26/2026 11:07 AM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេចំនួន១ខ្សែ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
07/26/2026 10:07 AM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សា ក្នុងខេត្តបាត់ដំបង
07/26/2026 10:07 AM
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM