លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

សមាជិកបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាអាមេរិក រារាំងសេចក្តីស្នើច្បាប់ការពារជាតិជុំវិញសង្គ្រាមនៅអ៊ីរ៉ង់ និងសមាហរណកម្មអ៊ីស្រាអែល

2026/07/15 07:07:22 pm        76
សមាជិកគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាអាមេរិក បានរារាំងការជជែកដេញដោលលើសេចក្តីស្នើច្បាប់គោលនយោបាយការពារជាតិប្រចាំឆ្នាំ ដោយជំទាស់មិនត្រឹមតែចំពោះសង្គ្រាមរបស់ប្រធានាធិបតី លោក Donald Trump លើអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះប្រការដែលនឹងធ្វើសមាហរណកម្មសហរដ្ឋអាមេរិក និងយោធាអ៊ីស្រាអែលឱ្យកាន់តែជិតស្និទ្ធ។ព្រឹទ្ធសភាបានបោះឆ្នោត៥០ទល់នឹង៤៦សំឡេងកាលពីថ្ងៃអង្គារ ដែលស្ទើរតែទាំងស្រុងតាមខ្សែគណបក្ស ប្រឆាំងនឹងការបើកការជជែកដេញដោលលើច្បាប់អនុញ្ញាតការពារជាតិ(NDAA) ជាការបរាជ័យដ៏កម្រសម្រាប់ច្បាប់មួយចំនួនតូចដែលចាំបាច់ត្រូវអនុម័តដោយសភា។ សេចក្តីស្នើច្បាប់គោលនយោបាយការពារជាតិប្រចាំឆ្នាំ បានស្វែងរកការអនុញ្ញាតថវិកាយោធាចំនួន១,១៥ពាន់ពាន់លានដុល្លារដែលស្នើឡើងដោយលោក Trump។ សំណើនេះត្រូវការការគាំទ្រ៦០សំឡេង ដើម្បីជំរុញនៅក្នុងព្រឹទ្ធសភាដែលមានសមាជិក១០០រូប។ សមាជិកក្រុមប្រជាធិបតេយ្យបានអះអាងថា សភាមិនគួរបន្តដំណើរការទៅមុខជាមួយនឹងច្បាប់នេះទេ ខណៈលោក Trump កំពុងបង្កើនសង្គ្រាមលើអ៊ីរ៉ង់។ សមាជិកមួយចំនួនរបស់គណបក្សក៏បានជំទាស់នឹងប្រការដែលនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធា និងចារកម្មរបស់សហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែលកាន់តែស៊ីជម្រៅ ព្រមទាំងទំហំកំណត់ត្រានៃថវិការបស់មន្ទីរបញ្ចកោណ។ លោក Chuck Schumer អ្នកដឹកនាំសំឡេងភាគតិចនៅព្រឹទ្ធសភា បានជំរុញឱ្យក្រុមប្រជាធិបតេយ្យជំទាស់នឹងសេចក្តីស្នើច្បាប់នេះដោយចាត់ទុកវាថាជា «ការអនុញ្ញាត» សម្រាប់រដ្ឋបាលលោក Trump ដើម្បីបន្តប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ដោយគ្មានការត្រួតពិនិត្យពីសភា។

លោក Trump ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់នៅសេតវិមាន ដោយសន្យាថានឹងមាន «កិច្ចព្រមព្រៀងជាច្រើន»

2026/07/15 06:41:33 pm        71
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi បានជួបគ្នានៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយមេដឹកនាំទាំងពីរបានសន្យាថានឹងធ្វើឲ្យកាន់តែស៊ីជម្រៅទំនាក់ទំនងសេដ្ឋកិច្ចនិងជំរុញទិន្នផលប្រេងរបស់ប្រទេសអ៊ីរ៉ាក់។ ជំនួបកាលពីថ្ងៃអង្គារ បានធ្វើឡើងបន្ទាប់ពីលោក Trump បានគាំទ្រលោក al-Zaidi ជាអ្នកជំនួញដែលគ្មានប្រវត្តិផ្នែកយោបាយ និងបានប្រឆាំងជាសាធារណៈចំពោះអតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Nouri al-Maliki ។ លោក Al-Maliki ជាឥស្សរជនដែលភាពខ្វែងគំនិត ត្រូវបានគេមើលឃើញថាមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ក្រោយមកបានដកខ្លួនចេញពីការប្រកួតប្រជែងតំណែងកាលពីក្នុងខែមេសា។ រដ្ឋាភិបាលអ៊ីរ៉ាក់កាលពីពេលមុនបាននិយាយថា ខ្លួនរំពឹងថាកិច្ចព្រមព្រៀងប្រេង និងឧស្ម័នជាច្រើននឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក al-Zaidi ទៅកាន់សហរដ្ឋអាមេរិក ដោយលោក Trump ក៏បានសន្យាថានឹងមានកិច្ចព្រមព្រៀងជាច្រើនក្នុងអំឡុងពេលជំនួបនៅការិយាល័យពងក្រពើ( Oval Office)។ លោក Trump បាននិយាយថា «អ៊ីរ៉ាក់មានសក្តានុពលយ៉ាងខ្លាំងដោយសារតែប្រេងរបស់ប្រទេសនេះនិងដោយសារតែរឿងផ្សេងទៀត ប៉ុន្តែសម្រាប់ប្រេងយើងនឹងមានកិច្ចព្រមព្រៀងជាច្រើន»។ លោកបាននិយាយថា «យើងនឹងបង្កើតការងារជាច្រើនសម្រាប់ប្រទេសទាំងពីរ ហើយយើងនឹងធ្វើឲ្យប្រសើរលើវិស័យប្រេង ខណៈប្រេងជាច្រើនកំពុងមានលំហូរចេញ»។ ទន្ទឹមនឹងនេះ លោក Al-Zaidi បាននិយាយថា «ដំណើរទស្សនកិច្ចនេះមិនដូចដំណើរទស្សនកិច្ចផ្សេងទៀតទេ» ដោយចាត់ទុកថាជាការចាប់ផ្តើមនៃ «ភាពជាដៃគូសេដ្ឋកិច្ច»។ លោកនិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ាក់កំពុងផ្លាស់ប្តូរពីយោធានិយមទៅជាសេដ្ឋកិច្ច។

បន្ទាប់ពីច្រកសមុទ្រហ័រមូស អ៊ីរ៉ង់បានងាកទៅរកផ្លូវទឹកក្នុងសមុទ្រក្រហម ជាចំណុចសម្ពាធថ្មី

2026/07/15 06:33:57 pm        91
បន្ទាប់ពីបានបិទការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស អ៊ីរ៉ង់ឥឡូវនេះកំពុងផ្តល់សញ្ញាថាខ្លួនអាចលេងសន្លឹកបៀរដ៏គ្រោះថ្នាក់បំផុតរបស់ខ្លួន ។ ការប្រើប្រាស់សម្ព័ន្ធមិត្តហ៊ូទីរបស់យេម៉ែនដើម្បីបិទផ្លូវទឹក Bab el-Mandeb ទៅកាន់សមុទ្រក្រហម ជាការបើកសមរភូមិថ្មីប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន និងធ្វើឱ្យសរសៃឈាមថាមពលដ៏សំខាន់បំផុតពីររបស់ពិភពលោកគ្រោះថ្នាក់។ ខណៈការវាយប្រហាររបស់សហរដ្ឋអាមេរិកកាន់តែជ្រៅចូលទៅក្នុងប្រទេសអ៊ីរ៉ង់ និងការវាយប្រហាររបស់ក្រុមចលនាប្រដាប់អាវុធហ៊ូធីកាន់តែកើនឡើង ក្រុមអ្នកវិភាគនិយាយថា ទីក្រុងតេអេរ៉ង់កំពុងពង្រីកជម្លោះ និងស្វែងរកការបង្កើនសម្ពាធលើទីក្រុងវ៉ាស៊ីនតោនដោយពង្រីកការគំរាមកំហែងដល់ពាណិជ្ជកម្មសកល និងការផ្គត់ផ្គង់ថាមពលហួសពីឈូងសមុទ្រ។ អ៊ីរ៉ង់បានបង្ហាញរួចហើយនូវអំណាចនៃទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏មានតម្លៃបំផុតរបស់ខ្លួនដោយរំខានដល់ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ឥឡូវនេះ ប្រទេសនេះហាក់ដូចជាត្រៀមខ្លួនរួចរាល់ហើយដើម្បីបើកចំណុចសម្ពាធទីពីរ Bab el-Mandeb នៅច្រកសមុទ្រក្រហម ជាផ្លូវទឹកតូចចង្អៀតដែលភ្ជាប់សមុទ្រក្រហមទៅនឹងឈូងសមុទ្រអាដែន ដែលការនាំចេញប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត និងចំណែកសំខាន់នៃការដឹកជញ្ជូនសកល ឆ្លងកាត់។ មន្ត្រីជាន់ខ្ពស់យេម៉ែនម្នាក់បានព្រមានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីបិទច្រកសមុទ្រ Bab el-Mandeb ជាសកម្មភាពមួយដែលលោកនិយាយថាអាចធ្វើឱ្យតម្លៃប្រេងឡើងដល់២០០ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើអារ៉ាប៊ីសាអ៊ូឌីតបន្តវាយប្រហារយេម៉ែន នេះបើយោងតាមរបាយការណ៍មួយនៅលើគេហទំព័រ Press TV របស់អ៊ីរ៉ង់។ក្រុមអ្នកវិភាគនិយាយថា ប្រសិនបើច្រកសមុទ្រ Hormuz គឺជាឧបករណ៍យុទ្ធសាស្ត្រដ៏រឹងមាំបំផុតរបស់ទីក្រុងតេអេរ៉ង់ នោះច្រកសមុទ្រ Bab el-Mandeb អាចជាឧបករណ៍បម្រុងសំខាន់ចុងក្រោយរបស់ខ្លួន៕

ប្រទេសចិនរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងដល់ទៅ១៦,៩%នៃពាណិជ្ជកម្មបរទេសក្នុងឆមាសទីមួយ

2026/07/15 05:59:10 pm        57
មន្ត្រីគយបានធ្វើសេចក្តីរាយការណ៍ដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CGTN នៅទីក្រុងប៉េកាំងថា ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនបានបង្ហាញកំណើនខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ទាំងការនាំចូល និងការនាំចេញបានកើនឡើងទោះបីជាមានបរិយាកាសពិភពលោកដ៏លំបាកក៏ដោយ។ ពួកគេនិយាយថាតួលេខទាំងនេះឆ្លុះបញ្ចាំងមិនត្រឹមតែសន្ទុះពាណិជ្ជកម្មកាន់តែខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្លាស់ប្តូរជាបន្តបន្ទាប់ឆ្ពោះទៅរកនវានុវត្តន៍ និងផលិតផលដែលមានតម្លៃខ្ពស់ជាងមុនផងដែរ។ ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន បានរក្សាសន្ទុះខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ ។ ឧបនាយករដ្ឋមន្ត្រីនៃអគ្គនាយកដ្ឋានគយចិន លោក WANG JUN បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ការនាំចូល និងនាំចេញទំនិញសរុបរបស់ប្រទេសចិនបានលើសពី២៥ សែនកោដិយ័ន ឬជាង៣,៧ សែនកោដិដុល្លារអាមេរិក កើនឡើង ១៦,៩ភាគរយបើធៀបទៅនឹងឆ្នាំមុន។ ការនាំចេញបានកើនឡើង១៣,៤ ភាគរយ ដែលជាកំណើនរយៈពេល១១ ត្រីមាសជាប់ៗគ្នា ខណៈការនាំចូលបានកើនឡើងលឿនជាងមុន កើនដល់២២,១ ភាគរយ។ ក្រុមមន្ត្រីនិយាយថា កំណើនពាណិជ្ជកម្មបានបង្កើនល្បឿនបន្ថែមទៀតនៅក្នុងត្រីមាសទីពីរ ដែលបានកត់ត្រាកំណើនប្រចាំត្រីមាសលឿនបំផុតចាប់តាំងពីត្រីមាសទីបីនៃឆ្នាំ ២០២១ ។ ពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដៃគូខ្សែក្រវាត់ និងផ្លូវ ( Belt and Road) មានចំនួនជាងពាក់កណ្តាលនៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។ ហើយពាណិជ្ជកម្មជាមួយប្រទេសជិតខាង អាមេរិកឡាទីន និងអាហ្វ្រិក សុទ្ធតែមានកំណើនទ្វេដង៕

ប្រេង និងភាគហ៊ុនឡើងថ្លៃ បន្ទាប់ពីអរិភាពអាមេរិក-អ៊ីរ៉ង់ផ្ទុះឡើងម្តងទៀតដោយវាយប្រហារលើគោលដៅថាមពល

2026/07/15 05:04:12 pm        89
ប្រេងឡើងថ្លៃនៅថ្ងៃពុធ ១៥កក្កដានេះ ខណៈប្រធានាធិបតី Donald Trump បានដាក់ចេញនូវការបិទផ្លូវសមុទ្រឡើងវិញលើកំពង់ផែអ៊ីរ៉ង់ទាំងអស់ ហើយអ៊ីរ៉ង់បានបន្តបើកការវាយប្រហារសងសឹកលើហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ សម្រាប់វគ្គជួញដូរលើកទីពីរជាប់ៗគ្នា ប្រេងឆៅ Brent បានបិទនៅកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១២ ខែមិថុនា និងប្រេងឆៅ West Texas Intermediate នៅកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ហើយបានកើនឡើងបន្ថែមទៀតនៅដើមវគ្គដំបូងនៃការជួញដូរថ្ងៃពុធនេះ ។ ប្រេង Brent បានកើនឡើង ១,៤៦ដុល្លារ ឬ១,៧២% ដល់៨៦,១៩ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង០០ និង២៩នាទី ម៉ោងសកល ខណៈប្រេង WTI បានកើនឡើង១,១១ ដុល្លារ ឬ១,៤ % ដល់៨០,៤០ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងបានបិទកាលពីថ្ងៃអង្គារ កើនឡើង ២% ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយខែ ខណៈការវាយប្រហារបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវការរំខានដល់ការផ្គត់ផ្គង់ក្នុងច្រកសមុទ្រ Hormuz ជាកន្លែងដែលប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំរបស់ពិភពលោកបានឆ្លងកាត់មុនពេលចាប់ផ្តើមសង្គ្រាម។ ចំពោះរូបិយប័ណ្ណវិញ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះធៀបនឹងប្រាក់យ៉េនដែលខ្សោយខ្លាំង។ ទន្ទឹមនឹងនេះ មូលបត្របំណុលរយៈពេលខ្លីបានកើនឡើង ដោយធ្វើឱ្យទិន្នផលរតនាគាររយៈពេលពីរឆ្នាំធ្លាក់ចុះ១១ ពិន្ទុមូលដ្ឋាន មកត្រឹម ៤,១៩ % ពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ ខែកាលពីថ្ងៃអង្គារ។ទីផ្សារអាស៊ីបានកើនឡើងខ្ពស់នៅថ្ងៃពុធ នេះផងដែរ បន្ទាប់ពីការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលនៃអតិផរណារបស់សហរដ្ឋអាមេរិក បានធ្វើឱ្យការរំពឹងទុករបស់ទីផ្សារសម្រាប់ការដំឡើងអត្រាការប្រាក់ថយចុះ ៕

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើស្ថានីយ៍នគរបាលបានសម្លាប់មនុស្សច្រើននាក់

2026/07/15 04:37:32 pm        78
ទីភ្នាក់ងារការពារជនស៊ីវិលតំបន់ហ្កាហ្សា និងមន្ទីរពេទ្យមួយកន្លែងបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើស្ថានីយ៍នគរបាលនៅភាគខាងជើងតំបន់ហ្កាហ្សាបានសម្លាប់មនុស្ស ៨ នាក់រួមមានទាំងមន្ត្រីស្ត្រីម្នាក់ កាលពីថ្ងៃអង្គារ ទី ១៤ ខែកក្កដា។ ទីភ្នាក់ងារ ដែលធ្វើប្រតិបត្តិការជាកងកម្លាំងជួយសង្គ្រោះក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស បាននិយាយថា «មនុស្សប្រាំបីនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Shifa បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើស្ថានីយ៍នគរបាល» នៅភាគខាងលិចជំរំជនភៀសខ្លួន Jabalia។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលថ្កោលទោសការវាយប្រហារតាមអាកាស ចលនាហាម៉ាសអ៊ីស្លាមនិយមប៉ាឡេស្ទីនដែលគ្រប់គ្រងកម្លាំងនគរបាលតំបន់ហ្កាហ្សា បាននិយាយថា ប្រធានស្ថានីយ៍នគរបាល ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ យោធាអ៊ីស្រាអែលបញ្ជាក់ថា បានសម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាសចំនួនបួននាក់នៅក្នុងការវាយប្រហារនេះ។ ក្នុងប៉ុន្មានខែថ្មីៗនេះ ភេរវករបានប្រមូលផ្តុំគ្នាក្នុងគោលដៅរៀបចំផែនការនិងអនុវត្តការវាយប្រហារភេរវកម្ម។ ពួកគេត្រូវបានកម្ចាត់ចោលដើម្បីបំបាត់ការគំរាមកំហែង។ អំពើហិង្សានៅតែបន្តកើតមាននៅក្នុងតំបន់ហ្កាហ្សា ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ១.១១០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន នេះបើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ដែលធ្វើប្រតិបត្តិការក្រោមអាជ្ញាធរក្រុមហាម៉ាស និងជាតួលេខត្រូវបានចាត់ទុកថាអាចទុកចិត្តបានដោយអង្គការសហប្រជាជាតិ។

លោក Trump លុបចោលផែនការយកថ្លៃសេវានៅច្រកសមុទ្រ Hormuz ដោយងាកមកគាំទ្រកិច្ចព្រមព្រៀងវិនិយោគនៅឈូងសមុទ្រវិញ

2026/07/15 04:29:57 pm        85
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា បានដកចេញ សំណើដែលយកថ្លៃសេវាដឹកជញ្ជូន២០ភាគរយសម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយនិយាយថា លោកនឹងស្វះស្វែងរកកិច្ចព្រមព្រៀងវិនិយោគជាមួយរដ្ឋឈូងសមុទ្រជំនួសវិញ។ កងកម្លាំងអាមេរិក បានធ្វើការវាយប្រហារនៅយប់ទីបួនជាប់ៗគ្នា បន្ទាប់ពីទីក្រុងតេអេរ៉ង់ បាននិយាយថា ខ្លួនបានបិទច្រកសមុទ្រ Hormuz ដែលជំរុញឱ្យលោក Trump កាលពីថ្ងៃចន្ទ ដាក់ការបិទផ្លូវដឹកជញ្ជូនរបស់អ៊ីរ៉ង់ជាថ្មី និងស្នើឱ្យមានការបង់ថ្លៃសេវា។ អ៊ីរ៉ង់ បានវាយប្រហារលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកមួយកន្លែងក្នុងប្រទេសហ្ស៊កដានីដោយមីស៊ីលបាលីស្ទីក ខណៈប្រទេសបារ៉ែន ដែលធ្វើជាម្ចាស់ផ្ទះមូលដ្ឋានកងទ័ពជើងទឹកអាមេរិក បាននិយាយថា ខ្លួនបានទប់ទល់ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ ហើយរដ្ឋឈូងសមុទ្រផ្សេងទៀតក៏រងការបាញ់ផ្លោងផងដែរ។ ប្រទេសអារ៉ាប់រួមបាននិយាយថា សមាជិកនាវិកឥណ្ឌាម្នាក់ត្រូវបានសម្លាប់ និងប្រាំបីនាក់ផ្សេងទៀតរងរបួស នៅពេលដែលនាវាដឹកប្រេងរបស់ប្រទេសអារ៉ាប់រួមពីរគ្រឿងត្រូវបានវាយប្រហារដោយមីស៊ីលស៊ីបគោលដៅរបស់អ៊ីរ៉ង់។ការវាយប្រហារគ្នាជាថ្មីចាប់តាំងពីសប្តាហ៍មុនបានបង្កើនមន្ទិលសង្ស័យចំពោះអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខាកាលពីខែមុនក្នុងការឈានទៅរកការបញ្ឈប់សង្គ្រាមជាអចិន្ត្រៃយ៍ ដែលសង្គ្រាមបានធ្វើឲ្យរំខានដល់ការផ្គត់ផ្គង់ថាមពលសកល និងបង្កឱ្យមានការព្រួយបារម្ភអំពីអតិផរណាជាសកល។ ចំណាត់ការដើម្បីយកថ្លៃសេវារបស់សហរដ្ឋអាមេរិកបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ ទីភ្នាក់ងារដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនប្រឆាំងនឹងការយកថ្លៃសេវាណាមួយសម្រាប់ច្រកសមុទ្រដែលត្រូវបានប្រើប្រាស់ក្នុងការធ្វើនាវាចរណ៍ជាអន្តរជាតិ ហើយវាពុំមានមូលដ្ឋានច្បាប់សម្រាប់ការដាក់ចេញការឲ្យបង់ថ្លៃសេវាជាកាតព្វកិច្ចលើការដឹកជញ្ជូនតាមច្រកសមុទ្រនេះទេ។

លោក Netanyahu៖ អ៊ីស្រាអែលនឹងវាយប្រហារខ្លាំងក្លាបំផុត ប្រសិនបើអ៊ីរ៉ង់វាយប្រហារថ្មី

2026/07/15 04:27:36 pm        75
លោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្តេជ្ញាកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ថា នឹងវាយប្រហារខ្លាំងក្លាបំផុតប្រឆាំងអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់ធ្វើការវាយប្រហារថ្មីលើប្រទេសរបស់លោក។ លោក Netanyahu បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Dimona ថា «ខ្ញុំកំពុងនិយាយទៅកាន់មេដឹកនាំអ៊ីរ៉ង់ថា កុំរំពឹងថាអ្វីៗនៅស្ងៀមឲ្យសោះ ប្រសិនបើអ្នកវាយប្រហារយើង»។ ទីក្រុងនៅភាគខាងត្បូង មានអគារមួយសម្រាប់ការស្រាវជ្រាវនុយក្លេអ៊ែរជាផ្លូវការ ប៉ុន្តែត្រូវបានគេជឿយ៉ាងទូលំទូលាយថាជាឃ្លាំងអាវុធនុយក្លេអ៊ែរដែលមិនបានប្រកាសរបស់អ៊ីស្រាអែល។ លោក Netanyahu បាននិយាយបន្ថែមថា «ជាច្រើនថ្ងៃបានកន្លងផុតទៅហើយ នៅពេលដែលមានគេវាយប្រហារមកលើយើង ហើយយើងមិនបានវាយប្រហារតបតវិញខ្លាំងក្លានោះទេ»។ លោកបាននិយាយថា ការវាយប្រហាររបស់យើង នឹងមានឥទ្ធិពលខ្លាំងជាងការវាយប្រហារដែលបានធ្វើឡើងរួមគ្នាជាមួយសម្ព័ន្ធមិត្តសំខាន់គឺសហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ។ ការគំរាមរបស់លោក Netanyahu បានធ្វើឡើងក្នុងពេលមានការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថានឹងដាក់ការបិទផ្លូវឡើងវិញនៅកំពង់ផែអ៊ីរ៉ង់។ ការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានវាយប្រហារលើទីក្រុងកំពង់ផែ Bushehr របស់អ៊ីរ៉ង់ ជាទីតាំងរោងចក្រនុយក្លេអ៊ែរស៊ីវិលតែមួយគត់របស់ទីក្រុងតេអេរ៉ង់។ ក្នុងការសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលបានចាប់ផ្តើមកាលពីបីថ្ងៃមុន អ៊ីរ៉ង់បានបាញ់មីស៊ីលដែលបានកំណត់គោលដៅទៅលើសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកនៅក្នុងតំបន់។

រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនពីបទភេរវកម្មនៅក្នុងសមុទ្រ អាហ្សូវ ខណៈទីក្រុងគីវបើកសមរភូមិថ្មី

2026/07/15 04:19:34 pm        81
កាលពីថ្ងៃអង្គារ ១៤កក្កដា រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនពីបទភេរវកម្មជុំវិញការវាយប្រហារកាន់តែខ្លាំងឡើងលើការដឹកជញ្ជូនទំនិញនៅក្នុងសមុទ្រអាហ្សូវ (Sea of Azov) ជាផ្លូវមួយដែលដោះស្រាយប្រហែលមួយភាគបួននៃការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន។ មេបញ្ជាការកងកម្លាំងយានដ្រូនរបស់ទីក្រុងគីវបាននិយាយថា យានដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារនាវារុស្ស៊ីចំនួន ១១ គ្រឿងនៅក្នុងសមុទ្រអាហ្សូវទាំងយប់ ។ ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram លោក Robert Brovdi បាននិយាយថា គោលដៅទាំងនោះរួមមាននាវាដឹកប្រេងចំនួន ៥ គ្រឿង នាវាដឹកទំនិញស្ងួតចំនួន ៥ គ្រឿង និងទូកសណ្តោងមួយគ្រឿង ដែលធ្វើឱ្យចំនួនសរុបនៃនាវាដែលត្រូវបានវាយប្រហារក្នុងរយៈពេលប្រាំបួនថ្ងៃកន្លងមកនេះកើនដល់ ១១៦ គ្រឿង។ របាយការណ៍នេះមិនបានបញ្ជាក់ពីការវាយប្រហារណាមួយលើនាវាដឹកគ្រាប់ធញ្ញជាតិនោះទេ។ ប្រភពឧស្សាហកម្ម ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន រ៉យទ័រថា នាវាដឹកគ្រាប់ធញ្ញជាតិជាច្រើនគ្រឿងត្រូវបានវាយប្រហារនៅថ្ងៃទី ១៣ និង ១៤ ខែកក្កដា ហើយបានឆេះ។ ប្រភពមួយបានប្រាប់រ៉យទ័រថា ពួកគេកំពុងឈរជើងនៅទីនោះសម្រាប់ការដាក់គោលដៅ។ ក្នុងរយៈពេលពីរបីថ្ងៃទៀត នឹងមិនមានទូកដែលនៅសេសសល់ក្នុងសមុទ្រអាហ្សូវទេ មានតែទូកដែលខូចខាតប៉ុណ្ណោះ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា អ្វីដែលរបបអ៊ុយក្រែនកំពុងធ្វើ គឺលើសពីការលួចប្លន់ទៅទៀត។ យ៉ាងហោចណាស់ ចោរសមុទ្របានប្លន់ និងរក្សាទុករបស់របរសម្រាប់ខ្លួនឯង។ប្រភពពីយោធាអ៊ុយក្រែន បានប្រាប់សារព័ត៌មាន រ៉យទ័រថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន វាយប្រហារតែគោលដៅយោធា ឬគោលដៅដែលជួយពង្រឹងសមត្ថភាពប្រយុទ្ធរបស់រុស្ស៊ីតែប៉ុណ្ណោះ៕

អាមេរិក បើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ និងបិទផ្លូវទឹកឡើងវិញ ខណៈព្រមានពង្រីកការវាយប្រហារ នៅសប្តាហ៍ក្រោយ

2026/07/15 03:18:18 pm        102
កងកម្លាំងសហរដ្ឋអាមេរិកបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទីបួនជាប់ៗគ្នាកាលពីថ្ងៃអង្គារ ១៤ កក្កដា សប្ដាហ៍នេះ និងបិទផ្លូវទឹកឡើងវិញដើម្បីទប់ស្កាត់នាវាកុំឳ្យបើកបរទៅ ឬមកពីកំពង់ផែរបស់ប្រទេសនេះ។ជាការឆ្លើយតបអ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់ទៅលើមូលដ្ឋានទ័ពនានារបស់អាមេរិកក្នុងប្រទេសជាសម្ព័ន្ធរបស់ទីក្រុងវ៉ាស៊ីនតោន ដូចជា ហ្ស៊កដានី កាតា បារ៉ែន និងកូវ៉ែតជាដើម។ ខណៈប្រធានាធិបតីអាមេរិក Donald Trump បានដកថយពីការគំរាមកំហែងរបស់លោកក្នុងការយកពន្ធយ៉ាងច្រើនលើនាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស(Hormuz)លោកលើកឡើងថា លោកនឹងពង្រីកការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ ដើម្បីផ្តោតលើរោងចក្រថាមពល និងស្ពាន ប្រសិនបើទីក្រុងតេអេរ៉ង់មិនយល់ព្រមលើកិច្ចព្រមព្រៀង។លោក Trump បាននិយាយក្នុងបទសម្ភាសន៍មួយនៅកម្មវិធី Fox News ថា សប្តាហ៍ក្រោយវាពិតជាអាក្រក់សម្រាប់ពួកគេ ព្រោះសប្តាហ៍ក្រោយរោងចក្រថាមពលនឹងត្រូវរងការវាយប្រហារ។ សប្តាហ៍ក្រោយស្ពាននានានឹងត្រូវកម្ទេច។ ពួកលោកនឹងវាយកម្ទេចរោងចក្រថាមពលទាំងអស់របស់ពួកគេ។ ពួកលោកនឹងវាយកម្ទេចស្ពានទាំងអស់របស់ពួកគេ លុះត្រាតែពួកគេព្រមចូលតុចរចា។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា ការវាយប្រហារចុងក្រោយបំផុតគឺមានគោលបំណង ធ្វើឱ្យខូចសមត្ថភាពអ៊ីរ៉ង់ដែលប្រើដើម្បីវាយប្រហារការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រ ជាច្រកដឹកជញ្ជូនសំខាន់សម្រាប់ប្រេង និងឧស្ម័នឈូងសមុទ្រ ជាកន្លែងដែលទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារម្តងហើយម្តងទៀតលើនាវាស៊ីវិល។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះនៅជិតទីក្រុងកំពង់ផែ Bandar Abbas នៅលើកោះ Qeshm នៃឈូងសមុទ្រក្បែរច្រកសមុទ្រ Hormuz និងទីតាំងផ្សេងៗទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM