លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

ទិន្នន័យបង្ហាញថា អឺរ៉ុបរកឃើញករណីមនុស្សស្លាប់ជាង ១ម៉ឺននាក់ អំឡុងរលកកម្តៅកាលពីចុងខែមិថុនា

2026/07/15 04:43:47 am        45
ទិន្នន័យផ្លូវការបង្ហាញថា បណ្តាប្រទេសនៅអឺរ៉ុប រាយការណ៍ករណីស្លាប់មនុស្សជាង ១ម៉ឺននាក់ អំឡុងរលកកម្តៅបំបែកកំណត់ត្រា ដែលបានហ៊ុមព័ទ្ធតំបន់ភាគខាងលិចទ្វីបមួយនេះ កាលពីចុងខែមិថុនា ឆ្នាំ ២០២៦ ។ភាគច្រើននៃមនុស្សស្លាប់ជាង ៩ពាន់នាក់ ស្ថិតក្នុងចំណោមមនុស្សដែលមានអាយុចន្លោះ ៦៥ឆ្នាំ និងអាយុច្រើនលើសនេះ ។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយ EuroMOMO គឺជាបណ្តាញមួយដែលគាំទ្រដោយមន្ទីរគ្រប់គ្រង និងបង្ការជំងឺអឺរ៉ុប និងអង្គការសុខភាពពិភពលោក(WHO) ។អាកាសធាតុក្តៅអាចសម្លាប់មនុស្សបាន តាមរយៈការបង្កឲ្យមានសុរិយរោគ ឬធ្វើឲ្យជំងឺសរសៃឈាមបេះដូង និងជំងឺផ្លូវដង្ហើម កាន់តែធ្ងន់ធ្ងរឡើង នៅក្នុងចំណោមមនុស្សចាស់ដែលងាយរងគ្រោះខ្លាំងបំផុត ។លោក Lasse Vestergaard គឺជាគ្រូពេទ្យនៅវិទ្យាស្ថានជាតិសេរ៉ូមរបស់ដាណឺម៉ាកដែលបណ្តាញ EuroMOMO ស្ថិតនៅ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អាកាសធាតុក្តៅបែបនេះ អំឡុងចុងខែមិថុនា មិនមែនជារឿងធម្មតានោះទេ វាពិតជាក្តៅខ្លាំងណាស់ ។ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា រលកកម្តៅចុងខែមិថុនា នឹងមិនកើតឡើងនោះទេ បើសិនជាគ្មានបម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស ដែលធ្វើឲ្យស្ថានភាពក្តៅខ្លាំង កើតឡើងកាន់តែញឹកញាប់ជាងមុន និងកាន់តែខ្លាំងក្លាជាងមុន ៕

ក្រសួងការបរទេសឥណ្ឌាកោះហៅឲ្យចូលខ្លួនឯកអគ្គរដ្ឋទូតរងអ៊ីរ៉ង់ ជុំវិញការស្លាប់នាវិកម្នាក់

2026/07/15 04:43:02 am        52
នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសឥណ្ឌា បានកោះហៅឯកអគ្គរដ្ឋទូតរងអ៊ីរ៉ង់លោក Mohammad Javad Hosseini ជុំវិញការសម្លាប់នាវិកឥណ្ឌាម្នាក់ នៅច្រកសមុទ្រ Hormuz ។ក្រសួងការពារជាតិអារ៉ាប់រួមនិយាយនៅថ្ងៃអង្គារនេះថា នាវិកជនជាតិឥណ្ឌាម្នាក់ ត្រូវបានសម្លាប់ និងនាវិក ៨នាក់ផ្សេងទៀត រងរបួស ពេលដែលនាវាដឹកប្រេងអារ៉ាប់រួម ២គ្រឿង រងការវាយប្រហារដោយមីស៊ីលតម្រង់គោលដៅរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz ដែលជាការកើនឡើងភាពតានតឹងចុងក្រោយនៅផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ ។ពួកគេបន្តថា នៅក្នុងចំណោមអ្នករងរបួស ៨នាក់ ៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ អ្នករងរបួស ៦នាក់ គឺជាជនជាតិឥណ្ឌា និងអ្នករងរបួស ២នាក់ទៀត គឺជាជនជាតិអ៊ុយក្រែន ។ក្រុមហ៊ុនដឹកជញ្ជូនប្រេង ADNOC បញ្ជាក់ថា នាវាដឹកប្រេងឆៅខ្នាតយក្ស Mombasa B និង Al Bahyah រងការវាយប្រហារ ពេលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយនិងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍កាលពីខែមុនថា ក្រុមហ៊ុន ADNOC ស្ថិតក្នុងចំណោមក្រុមហ៊ុនដ៏សកម្មបំផុតនៅក្នុងប្រតិបត្តិការដឹកនាំដោយយោធាសហរដ្ឋអាមេរិក ដើម្បីនាំប្រេងឆៅតំបន់ឈូងសមុទ្រទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្ទេរប្រេងចេញពីនាវាទៅកាន់នាវា(STS) នៅហួសច្រកសមុទ្រ Hormuz ។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកដែលពុំទទួលស្គាល់ការផ្ទេរប្រេង STS និយាយកាលពីថ្ងៃទី ១២ ខែកក្កដាថា ពួកគេបានសម្របសម្រួលការឆ្លងកាត់របស់នាវាជាង ៨០០គ្រឿង ហើយនិងប្រេងឆៅជាង ៤០០លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រ អំឡុងរយៈពេលជាង ២ខែកន្លងមកនេះ ៕

EU រិះគន់ការគំរាមកំហែង លើ ICC ខណៈសហរដ្ឋអាមេរិកកំណត់គោលដៅតុលាការ

2026/07/15 03:09:27 am        44
សហភាពអឺរ៉ុប (EU) នៅថ្ងៃអង្គារ (ទី​១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បានរិះគន់ធ្ងន់ៗ ចំពោះ​​ការគំរាមកំហែង លើ​តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាស​ធ្វើយុទ្ធនាការយ៉ាងទូលំទូលាយ ប្រឆាំងនឹងស្ថាប័ន​តុលាការនេះ។អ្នកនាំពាក្យ EU លោក Anouar El Anouni បាននិយាយថា៖ «យើងប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព។ ការវាយប្រហារ ឬការគំរាមកំហែង លើ​មន្ត្រី បុគ្គលិកដែលត្រូវបាន​តុលាការជ្រើសរើស ឬអ្នកដែលសហការជាមួយតុលាការ គឺមិនអាចទទួលយកបានឡើយ​»។កាលពីថ្ងៃចន្ទ ទីក្រុងវ៉ាស៊ីនតោនបានគំរាមតុលាការ ដោយ​ការដាក់​​ទណ្ឌកម្មបន្ថែម និងវិធានការផ្សេងទៀត ដោយចោទប្រកាន់ថា បានបង្ក «ការគំរាមកំហែងដែលពុំ​អាចអត់​ឱន​ឱ្យបាន​ ចំពោះអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក»។រដ្ឋបាលរបស់​លោកប្រធានាធិបតី​ Donald Trump បានឱ្យដឹង​ថា ខ្លួននឹងដាក់សម្ពាធលើប្រទេសដទៃទៀតឱ្យដកខ្លួនចេញពីតុលាការនេះ​ ដែលជាការបង្ហាញពីការបង្កើន​យ៉ាងខ្លាំងនូវ​កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការ​ធ្វើ​ឱ្យ​ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (ប្រទេសហូឡង់) ឯកោ​ និងធ្វើឱ្យ​លែង​មាន​ការគាំទ្រផ្នែកនយោបាយ និងហិរញ្ញវត្ថុ។ក្រសួងការបរទេសបានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យុទ្ធនាការនេះ នឹង «ធ្វើឱ្យ ICC មិនអាចដំណើរការបានជាប្រព័ន្ធ កំណត់គោលដៅលើទាហាន ឬមន្ត្រីអាមេរិក ឬគំរាមកំហែងដល់អធិបតេយ្យភាពរបស់អាមេរិក»។ សហរដ្ឋអាមេរិកពីមុនបានកំណត់គោលដៅលើមន្ត្រីតុលាការម្នាក់ៗដែលខ្លួនចាត់ទុកថាជាការគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ មិនយូរប៉ុន្មានបន្ទាប់ពីលោក Trump ​ បានវិលត្រឡប់ទៅ​កាន់តំណែងវិញ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរ លើមន្ត្រី ICC ជាច្រើនរូប ដោយសារតែដីកាចាប់ខ្លួនដែលចេញសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជុំវិញសង្គ្រាម នៅតំបន់ហ្កាហ្សា៕

កុងហ្គោអះអាងថា ការរីករាលដាលឆ្លងជំងឺអេបូឡា បានទៅដល់ខេត្ត Haut-Uele និងខេត្ត Tshopo

2026/07/15 03:09:04 am        41
វិទ្យាស្ថានសុខភាពសាធារណៈកុងហ្គោ និយាយនៅក្នុងសេចក្តីរាយការណ៍ថា ការរីករាលដាលឆ្លងជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានទៅដល់ខេត្ត Haut-Uele និងខេត្ត Tshopo ។ពួកគេនិយាយថា បើទោះបីជាការស៊ើបអង្កេតនាពេលថ្មីៗនេះ លើកឡើងថា ករណីរកឃើញទាំងអស់ នៅក្នុងខេត្តទាំង ២នេះ បាននាំចូលពីទីក្រុង Niania របស់ខេត្ត Ituri យ៉ាងណាក្តី វាសំខាន់ខ្លាំងណាស់ ក្នុងការចាត់ថ្នាក់ខេត្តទាំង ២នេះ ថាជាតំបន់រីករាលដាលឆ្លងជំងឺអេបូឡា ។ការរីករាលដាលឆ្លងជំងឺអេបូឡា បច្ចុប្បន្នធ្វើឲ្យប៉ះពាល់ដល់ខេត្តចំនួន ៥របស់កុងហ្គោ ។ ជំងឺមួយនេះ បានសម្លាប់មនុស្សរាប់រយនាក់នៅខេត្តភាគខាងកើត Ituri, North Kivu និងខេត្ត South Kivu ។កុងហ្គោ អះអាងថា ចំនួនករណីឆ្លងជំងឺអេបូឡានៅក្នុងប្រទេសមួយនេះ កើនឡើងដល់ ១.៨៧៣នាក់ និងករណីស្លាប់មនុស្ស ៦៧២នាក់ ៕

ក្រុមឧទ្ទាមហ៊ូធី វាយប្រហារមីស៊ីលលើអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់ភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ

2026/07/15 03:05:21 am        42
ក្រុមឧទ្ទាមហ៊ូធីនិយាយថា ពួកគេបានវាយប្រហារមីស៊ីលលើអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់ភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសលើអាកាសយានដ្ឋានអន្តរជាតិក្រុង Sanaa របស់យេម៉ែនកាលពីថ្ងៃចន្ទ ។ក្រុមស្ថិតក្រោមចំណុះអ៊ីរ៉ង់មួយនេះ ដែលគ្រប់គ្រងតំបន់ភាគខាងជើងយេម៉ែន បានចោទប្រកាន់អារ៉ាប់សាអ៊ូឌីត ថាជាអ្នកនៅពីក្រោយការវាយប្រហារលើផ្លូវរត់របស់យន្តហោះ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្រុង Sanaa ។លោក Yahya Saree គឺជាអ្នកនាំពាក្យយោធាហ៊ូធី បានចាត់ទុកការវាយប្រហារនេះថា ជាការឈ្លានពានដោយបើកចំហរ ។ លោកថា ក្រុមឧទ្ទាមហ៊ូធី បានវាយប្រហារគោលដៅអាកាសយានដ្ឋាននៅអារ៉ាប៊ីសាអ៊ូឌីត ជាការសងសឹកវិញ ។លោក Saree និយាយថា ជាកាឆ្លើយតបចំពោះការឈ្លានឧក្រិដ្ឋកម្មរបស់អារ៉ាប៊ីសាអ៊ូឌីត កងកម្លាំងប្រដាប់អាវុធហ៊ូធីយេម៉ែន បានចុះប្រតិបត្តិការយោធាដោយមានគោលដៅលើអាកាសយានដ្ឋានអន្តរជាតិ Abha ដោយប្រើប្រាស់មីស៊ីលជាច្រើនគ្រាប់ និងយានដ្រូនជាច្រើនគ្រឿង ។ ប្រតិបត្តិការនេះ សម្រេចបានគោលដៅ ។ការវាយប្រហារនេះដែរ ត្រូវបានប្រកាសអះអាងជាលើកដំបូងដោយក្រុមឧទ្ទាមហ៊ូធី ប្រឆាំងនឹងរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីបទឈប់បាញ់ក្រៅផ្លូវការ បានចូលជាធរមានកាលពីឆ្នាំ ២០២២ ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់កងកម្លាំងចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត នៅយេម៉ែន និយាយថា មីស៊ីលទាំងនេះ ត្រូវបានបាញ់ស្កាត់ ៕

សភាអ៊ុយក្រែនបោះឆ្នោតបន្ថែមរយៈពេលនៃ​​​ច្បាប់អាជ្ញាសឹក និងការកេណ្ឌ​ទ័ព ៩០​ថ្ងៃទៀត

2026/07/15 03:04:55 am        43
​សភាអ៊ុយក្រែន នៅថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បានបោះឆ្នោតគាំទ្រ​បន្ថែម​រយៈ​ពេល​នៃ​ច្បាប់អាជ្ញាសឹក និងការកេណ្ឌ​ទ័ពទូទៅ​របស់​​ប្រទេស ៩០​ថ្ងៃទៀត ដោយចាប់ផ្តើមពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦​។យោងតាមលទ្ធផលនៃ​ការ​បោះឆ្នោតដែលត្រូវ​បានចេញផ្សាយ នៅលើគេហទំព័ររបស់សភាអ៊ុយក្រែន Verkhovna Rada បាន​បង្ហាញ​ថា សមជិក​សភាចំនួន ៣១៣នាក់ បានបោះឆ្នោតគាំទ្រដល់ការ​បន្លាយ​រយៈ​ពេល​នៃ​ច្បាប់អាជ្ញាសឹក ខណៈដែល ៣១១នាក់ បានបោះឆ្នោតគាំទ្រការពង្រីក​បន្ថែម​ដំណើរការ​កេណ្ឌ​ទ័ព​ទូ​ទៅ​។ប្រធានាធិប​តី លោក Volodymyr Zelenskyy បានចុះហត្ថលេខា និងដាក់ស្នើសេចក្តីព្រាងច្បាប់ចំនួន ២ ដែលមាន​ពាក់ព័ន្ធ​គ្នា ទៅសភា កាល​ពី​ថ្ងៃចន្ទ ហើយសភាបានបោះឆ្នោតលើការដំណើរការ​បន្ថែម​រយៈពេល​នេះ អំឡុងសម័យប្រជុំពេញអង្គ នា​ថ្ងៃអង្គារនេះ​។សេចក្តីព្រាងច្បាប់ទាំងនេះមានគោលបំណងពង្រីកវិធានការទាំង ២ នេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ប៉ុន្តែត្រូវតែចុះហត្ថលេខាដោយប្រធានាធិបតីអ៊ុយក្រែន លោក​ Zelenskyy ដើម្បីក្លាយជាច្បាប់ជា​ធរមាន​។លោក Zelenskyy បានប្រកាសជាលើកដំបូង អំពីច្បាប់អាជ្ញាសឹក និងកំណែន​ទ័ព​ទូទៅ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មាន​សភាព​កាន់តែខ្លាំង​​ឡើងៗ។ចាប់តាំងពីពេលនោះមក វិធានការទាំងនេះ ត្រូវបានពង្រីកជា​ច្រើនដង ដោយការបន្ថែម​លើក​ចុងក្រោយបំផុតនេះ គឺជាការបន្តលើកទី២០ ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំចាប់ផ្ដើម​ឡើង​៕

ពលរដ្ឋអ៊ីរ៉ង់អះអាងថា ច្រកសមុទ្រ Hormuz ត្រូវតែបិទក្រោយរលកចុងក្រោយនៃការវាយប្រហាររបស់អាមេរិក

2026/07/15 03:03:43 am        40
នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋអ៊ីរ៉ង់ និយាយថា ទីក្រុងតេអេរ៉ង់ ត្រូវតែបិទច្រកសមុទ្រ Hormuz ក្រោយសហរដ្ឋអាមេរិក បើកការវាយប្រហាររលកថ្មីលើសាធារណរដ្ឋអ៊ិស្លាម ។សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ក្រោយកងកម្លាំងសហរដ្ឋអាមេរិកបញ្ចប់រលកចុងក្រោយនៃការវាយប្រហាររបស់ពួកគេលើអ៊ីរ៉ង់ ដែលទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេតាមការបញ្ជាពីលោកប្រធានាធិបតី Donald Trump ។ការវាយប្រហាររយៈពេល ៥ម៉ោងរបស់សហរដ្ឋអាមេរិក គឺជាការវាយប្រហារយប់ទី ៣ជាប់ៗគ្នាប្រឆាំងនឹងអ៊ីរ៉ង់ ស្របពេលដែលលោក Trumpដាក់ឡើងវិញការបិទការដឹកជញ្ជូនរបស់អ៊ីរ៉ង់ និងស្នើឲ្យមានការទូទាត់ថ្លៃ ២០ភាគរយ ដើម្បីការពារច្រកសមុទ្រ Hormuz ។លោក Kheirollah Abdari គឺជាពលរដ្ឋមួយរូបរបស់អ៊ីរ៉ង់ និយាយថា អ៊ីរ៉ង់គួរតែបិទច្រកសមុទ្រមួយនេះ ដើម្បីឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គ្មានឥទ្ធិពល និងដើម្បីឲ្យពួកគេដឹងថា អ៊ីរ៉ង់គឺខ្លាំងក្លា ក្រោកឈរដោយកម្លាំង ក្រោកឈរដោយជំនឿ ។គួររំឭកថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ហើយអ៊ីរ៉ង់បានឆ្លើយតបវិញជាមួយនឹងការវាយប្រហារលើអ៊ីស្រាអែល និងរដ្ឋក្នុងតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានទ័ពសហរដ្ឋអាមេរិក ។ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ និងការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ អំឡុងសង្រ្គាមមួយនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងមនុស្សរាប់លាននាក់ផ្សេងទៀត បានជម្លៀសខ្លួន ៕

វិមានក្រឹមឡាំងច្រានចោលការចោទប្រកាន់ថា រុស្ស៊ីនៅពីក្រោយការវាយប្រហារអ៊ីនធឺណិតលើ EU

2026/07/15 03:03:22 am        42
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov នៅថ្ងៃអង្គារនេះ បានច្រានចោលការជាប់ពាក់ព័ន្ធណាមួយរបស់រុស្ស៊ីនៅក្នុងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតាមបណ្តាប្រទេសសហភាពអឺរ៉ុប(EU) ហើយលោកនិយាយថា ការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់នោះទេ ។លោក Peskov និយាយផងដែរថា វាគឺជារឿងមិនសមហេតុសមផលទាល់តែសោះ ចំពោះទណ្ឌកម្មសហភាពអឺរ៉ុបលើកម្មវិធីផ្ញើសារជាតិ Max របស់រុស្ស៊ី ។លោកថា ពួកយើងមិនទទួលការចោទប្រកាន់ទាំងអស់នេះនៅអឺរ៉ុប រួមទាំងប្រឆាំងការបណ្តាញថាមពលប៉ូឡូញ ។ ដូចអ្នកដឹងស្រាប់ហើយថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ រុស្ស៊ីត្រូវបានគេចោទប្រកាន់ចំពោះអ្វីដែលពួកគេពុំបានធ្វើសោះ ។ ការចោទប្រកាន់តាំងអស់ គ្មានមូលដ្ឋាននោះទេ វាពុំដែលគាំទ្រដោយភ័ស្តុតាងច្បាស់លាស់ណាមួយនោះទេ ។លោក Peskovនិយាយទៀតថា ជាក់ស្តែង សម្រាប់ទណ្ឌកម្មវិញ ពួកយើងតែងតែចាត់ទុកវាថា ខុសច្បាប់ ពួកយើងបានសម្របខ្លួនទៅនឹងទណ្ឌកម្មរាប់ពាន់ដែលបានដាក់លើប្រទេសរបស់ពួកយើង ពួកយើងដឹងពីវិធីសាស្រ្តគេចវេះពីទណ្ឌកម្មទាំងអស់នេះ ពួកយើងដឹងពីវិធីសាស្រ្តកាត់បន្ថយផលប៉ះពាល់ដោយសារទណ្ឌកម្មទាំងអស់នេះ ហើយពួកយើងនឹងបន្តធ្វើតទៅទៀត ៕

កម្លាំងរុស្ស៊ីវាយប្រហារនាវាស៊ីវិលនៅជិតកំពង់ផែសមុទ្រខ្មៅOdesa របស់អ៊ុយក្រែន

2026/07/15 03:02:55 am        47
លោក Dmytro Pletenchuk គឺជាអ្នកនាំពាក្យកងទ័ពជើងទឹកអ៊ុយក្រែននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនាថ្ងៃអង្គារនេះថាកងកម្លាំងរុស្ស៊ី បានវាយប្រហារនាវាស៊ីវិលមួយគ្រឿងនៅជិតកំពង់ផែសមុទ្រខ្មៅ Odesa របស់អ៊ុយក្រែន ប៉ុន្តែពុំបង្កគ្រោះថ្នាក់នោះទេនៅក្នុងការវាយប្រហារមួយនេះ ។ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារពេញមួយយប់ដោយបានបំផ្លាញទីតាំងឧស្សាហកម្មយោធានៅទីក្រុងគីវ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ Yuzhny ស្ថិតក្នុងតំបន់ Odessa ដែលប្រើសម្រាប់ផ្ទុកនិងរក្សាទុកប្រេងឥន្ធនៈ និងប្រេងរំអិលសម្រាប់យោធាអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ពេញមួយយប់កន្លងមកនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើការវាយប្រហារជាក្រុមដោយប្រើអាវុធបាញ់ចេញពីអាកាស និងបាញ់ចេញពីដីរយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់កម្រិតខ្ពស់ និងការវាយប្រហារដោយយានដ្រូន ។ ពួកគេបន្តថាការវាយប្រហារទាំងនោះ បានត្រូវចំទីតាំងឧស្សាហកម្មយោធា នៅទីក្រុងគីវដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ និងផលិតមីស៊ីល និងយានដ្រូនក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅកំពង់ផែ Yuzhny ស្ថិតក្នុងតំបន់ Odessa៕

រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនពីបទអំពើភេរវកម្ម ចំពោះការវាយប្រហារលើការដឹកជញ្ជូន

2026/07/15 03:02:27 am        43
នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចោទប្រកាន់អ៊ុយក្រែនថា បានបើកការវាយប្រហារលើនាវាពាណិជ្ជកម្ម នៅសមុទ្រ Azov និងសមុទ្រខ្មៅ គឺជាទង្វើមួយដែលលោកចាត់ទុកថាជា អំពើភេរវកម្ម ។លោក Lavrov និយាយថា អ្វីដែលរបបអ៊ុយក្រែនកំពុងធ្វើ មិនខុសពីចោរប្លន់នោះទេ ចោរប្លន់តាមសមុទ្រដែលរក្សាទុកទ្រព្យសម្បត្តិសម្រាប់ខ្លួនឯង ។ គោលដៅ គឺចង់បង្កការខូចខាត និងការបំភិតបំភ័យ ច្បាស់ណាស់ថា វាគឺជាអំពើភេរវកម្ម ។លោកនិយាយថា រុស្ស៊ីនឹងបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការនាំចេញស្បៀងអាហារ និងផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេសនៅអាហ្វ្រិក ។លោក Lavrov បញ្ជាក់ទៀតថា វាកើតឡើងនៅសមុទ្រ Azov និងសមុទ្រខ្មៅ ប៉ុន្តែវាកើតឡើងចំពោះទ្វីបអាហ្វ្រិកផងដែរ ។ កន្លែងណាដែលអ៊ុយក្រែនមើលឃើញឱកាសបង្កការខូចខាត ពួកគេនឹងគិតធ្វើលើសហព័ន្ធរុស្ស៊ី ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM