លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅបង់ក្លាដែសបង្កហានិភ័យខ្ពសនៃជំងឺគ្រុនឈាម និងជំងឺអាសន្នរោគ

2026/07/15 02:54:40 am        33
អ្នកស្រី Sonakshi Dey គឺជាប្រធានកម្មវិធីបង់ក្លាដែសនៅសហព័ន្ធកាកបាតក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ(IFRC)និយាយថា គ្រោះមហន្តរាយទឹកជំនន់នៅបង់ក្លាដែស កំពុងបង្កហានិភ័យខ្ពស់នៃជំងឺឆ្លង ដូចជាជំងឺគ្រុនឈាម និងជំងឺអាសន្នរោគ ។អ្នកស្រីបន្តថា ស្ថានភាពពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ហើយបញ្ហាសំខាន់គឺត្រូវទៅដល់មនុស្សជាប់ខ្លួន ពីព្រោះថា ភូមិសាស្រ្តនៅក្នុងប្រទេសមួយនេះ ពិតជាពិបាកខ្លាំងណាស់ ។ភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបង្កឲ្យកើតមានទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដីនៅប្រទេសបង់ក្លាដែស ដោយបានសម្លាប់មនុស្សយ៉ាងហោច ៥០នាក់ និងធ្វើឲ្យមនុស្សជាប់ខ្លួនជាង ១លាននាក់ ។អ្នកស្លាប់និងរងរបួសជាច្រើននាក់បណ្តាលមកពីបំណាក់ដីនៅក្នុងស្រុកតំបន់ភ្នំ ខណៈអ្នកស្លាប់មួយចំនួនត្រូវបានផ្សារភ្ជាប់ទៅនឹងទឹកជំនន់ដ៏គំហុកដែលហូរចុះពីទីទួលខ្ពស់ ។ ខណៈទឹកជំនន់បានចាប់ផ្តើមស្រកទៅវិញបន្តិចកាលពីរសៀលថ្ងៃអាទិត្យ អ្នកស្រុកបានវិលត្រឡប់ទៅវាយតម្លៃពីស្ថានភាពនៅលំនៅឋានវិញ ។ ពលរដ្ឋនិយាយថា គ្រឿងសង្ហារិម និងទ្រព្យសម្បត្តិត្រូវបានខូចខាត ហើយពួកគេមានអាហារតិចតួចប៉ុណ្ណោះ សម្រាប់ការទទួលទាន ចាប់តាំងពីបានជម្លៀសខ្លួន ។ ចាប់តាំងពីខែមីនារហូតមក បង់ក្លាដែសបានមើលឃើញការរីករាលដាលឆ្លងជំងឺកញ្រ្ជឹល ក្នុងនោះមនុស្សជិត ៧៥០នាក់ បានស្លាប់ ពាក់ព័ន្ធនឹងជំងឺកញ្រ្ជឹលសង្ស័យមួយនេះ ៕

រ៉េខាងជើងជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ខណៈព្យុះទីហ្វុងBavi បោកបក់ខិតមកជិត

2026/07/15 02:54:11 am        33
នៅថ្ងៃអង្គារនេះកូរ៉េខាងជើង បានព្រមានពីភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង ពេលដែលព្យុះទីហ្វុង Bavi បោកបក់ខិតមកជិត ក្នុងនោះ លោកមេដឹកនាំ Kim Jong Un ជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារការខូចខាត ។គ្រោះមហន្តរាយធម្មជាតិតែងតែបង្កផលប៉ះពាល់ខ្លាំងនៅប្រទេសឯកាកូរ៉េខាងជើង ដោយសារតែហេដ្ឋារចនាសម្ព័ន្ធអន់និងសេដ្ឋកិច្ចទន់ខ្សោយរបស់ពួកគេ ។យោងតាមសេចក្តីរាយការណ៍របស់កាសែតរដ្ឋRodongSinmun របស់ទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា ព្យុះទីហ្វុង Bavi ត្រូវបានគេរំពឹងថា នឹងថមថយកម្លាំងរបស់វា មកនៅត្រឹមប្រព័ន្ធសម្ពាធទាបមុនពេលបោកបក់ឆ្លងកាត់តំបន់ភាគកណ្តាលកូរ៉េខាងជើង កាត់តាមសមុទ្រលឿង ចន្លោះថ្ងៃអង្គារនេះនិងថ្ងៃពុធ ។កាសែតរាយការណ៍ទៀតថាទីភ្នាក់ងារអាកាសធាតុកូរ៉េខាងជើង បានចេញការព្រមានសម្រាប់ភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់ខ្លាំង ។លោក Kim ត្រវកាសែតស្រង់សម្តីនិយាយថាក្រុមមន្រ្តី និងក្រុមការងារទាំងអស់ ត្រូវបានជំរុញឲ្យបន្តប្រុងប្រយ័ត្នខ្ពស់បំផុតហើយនិងចាត់វិធានការ ដើម្បីកាត់បន្ថយការខូចខាត ៕

មនុស្សជាច្រើននាក់សង្ស័យស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះអគារនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក

2026/07/15 02:53:07 am        33
មនុស្សជាច្រើននាក់ បានស្លាប់ នៅក្នុងហេតុការណ៍ឆាបឆេះអគារ Oxy ស្ថិតលើទីលានចតុរង្គ De Brouckere នៅកណ្តាលទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនាថ្ងៃអង្គារនេះ ។យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា មនុស្ស ៦នាក់ កំពុងបាត់ខ្លួន ។ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យត្រូវបានដាក់ពង្រាយ ដើម្បីចុះប្រតិបត្តិការរុករក និងជួយសង្រ្គោះ ហើយនៅមុននេះ កម្មករ ២០០នាក់ ត្រូវបានជម្លៀសចេញ ។លោក Brecht Speybrouck គឺជារដ្ឋអាជ្ញាក្រុងព្រុចសែលនិយាយប្រាប់សារព័ត៌មានក្នុងស្រុក HLN ថា បច្ចុប្បន្នពួកយើងកំពុងព្យាយាមទាក់ទងមនុស្សទាំង ៦នាក់ ហើយលោកអាចបញ្ជាក់ផងដែរថា មនុស្សជាច្រើននាក់ បានស្លាប់ ប៉ុន្តែចំនួនគ្រោះថ្នាក់ពិតប្រាកដនៅមិនទាន់ដឹងច្បាស់នោះទេ ។លោកបន្តថា ប្រតិបត្តិការជួយសង្រ្គោះ និងរុករក កំពុងធ្វើឡើង ហើយក្នុងករណីខ្លះ ចំនួនមនុស្សស្លាប់ ពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ៕

អង្គការ WHO និយាយថា ពួកគេមានមូលនិធិតិចជាងពាក់កណ្តាលដែលត្រូវការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា

2026/07/15 02:52:39 am        27
មន្រ្តីអង្គការសុខភាពពិភពលោក(WHO)និយាយនៅថ្ងៃអង្គារនេះថា ពួកគេទទួលបានមូលនិធិតិចជាងពាក់កណ្តាលប៉ុណ្ណោះ ដែលពួកគេត្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលឆ្លងជំងឺអេបូឡានៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយរូបលោកជំរុញឲ្យប្រទេសបរិច្ចាគ មិនត្រូវបោះបង់ចោលប្រទេសដែលសិ្ថតក្នុងដំណាក់កាលធ្ងន់ធ្ងរនៃការរីករាលដាលឆ្លងនោះទេ ។លោក Chikwe Ihekweazu គឺជាប្រធានកម្មវិធីគ្រាអាសន្នសុខភាពរបស់ WHO និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោយធ្វើដំណើរទៅកាន់ខេត្តរងផលប៉ះពាល់ខ្លាំងបំផុត Ituri ថា ការរីករាលដាលឆ្លងនេះ ត្រូវការធនធាន ដើម្បីផ្គូរផ្គងទំហំនៃការលំបាកដែលពួកយើងកំពុងប្រឈម ហើយនេះមិនមែនជាបន្ទុកដែលកុងហ្គោត្រូវដោះស្រាយតែម្នាក់ឯងនោះទេ ។ទីភ្នាក់ងារសុខភាពសកលោកមួយនេះ ទទួលបានមូលនិធិត្រឹម ៤០ភាគរយប៉ុណ្ណោះ នៃមូលនិធិ ១១៥លានដុល្លារដែលពួកគេអំពាវនាវសុំ ដើម្បីដោះស្រាយបញ្ហាជំងឺអេបូឡា ដែលនៅពុំទាន់មានវិធីព្យាបាល ឬវ៉ាក់សាំងបង្ការនោះទេ ។ការរីករាលដាលឆ្លងជំងឺអេបូឡា បច្ចុប្បន្នធ្វើឲ្យប៉ះពាល់ដល់ខេត្តចំនួន ៥របស់កុងហ្គោ ។ ជំងឺមួយនេះ បានសម្លាប់មនុស្សរាប់រយនាក់នៅខេត្តភាគខាងកើត Ituri, North Kivu និងខេត្ត South Kivu ។កុងហ្គោ អះអាងថា ចំនួនករណីឆ្លងជំងឺអេបូឡានៅក្នុងប្រទេសមួយនេះ កើនឡើងដល់ ១.៨៧៣នាក់ និងករណីស្លាប់មនុស្ស ៦៧២នាក់ ៕

ប្អូនប្រុសនាយករដ្ឋមន្រ្តីអេស្ប៉ាញ ត្រូវបានកាត់ទោសក្នុងករណីបក្ខពួកនិយម

2026/07/15 02:45:43 am        36
នៅថ្ងៃអង្គារនេះ លោក David Sanchez ដែលត្រូវជាប្អូនប្រុសរបស់នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez ត្រូវបានកាត់ទោសក្នុងករណីប្រព្រឹត្តខុសរដ្ឋបាល ហើយនិងត្រូវហាមឃាត់ពីការកាន់តំណែងរដ្ឋរយៈពេល ៩ឆ្នាំ ពាក់ព័ន្ធនឹងការតែងតាំងលោកក្នុងតំណែងវប្បធម៌ជាន់ខ្ពស់ ដោយរដ្ឋបាលខេត្ត Badajoz កាលពីឆ្នាំ ២០១៧ ។ការសម្រេចបែបនេះ ក្លាយជាការប៉ះទង្គិចនយោបាយថ្មីមួយទៀតដល់នាយករដ្ឋមន្រ្តីសង្គមនិយម Pedro Sanchez ដែលរដ្ឋាភិបាលរបស់លោក បានប្រឈមនឹងការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយជាបន្តបន្ទាប់រួចទៅហើយ ហើយនិងរឿងអាស្រូវ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ។កាលពីខែមុន អតីតជំនួយការជិតស្និតរបស់លោក Sanchez ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ ពាក់ព័ន្ធនឹងករណីអំពើពុករលួយដាច់ដោយឡែកមួយផ្សេងទៀត ។លោក David Sanchez ត្រូវបានរងការចោទប្រកាន់ថា ទទួលបានអត្ថប្រយោជន៍ច្រើនពីការតែងតាំងតំណែងនោះ ដោយសារទំនាក់ទំនងគ្រួសាររបស់លោកជាមួយនាយករដ្ឋមន្រ្តី ដែលបានច្រានចោលការចោទប្រកាន់ គឺជាផ្នែកមួយនៃយុទ្ធនាការផ្តើមចេញពីរឿងនយោបាយជំរុញដោយក្រុមស្តាំនិយម ។តុលាការខេត្ត Badajoz រកឃើញថា តំណែងផ្តល់ជូនលោក David Sanchez ឲ្យត្រួតត្រាសាលាតន្រ្តីរបស់ខេត្ត ត្រូវបានបង្កើតឡើងដោយគ្មានតម្រូវការរដ្ឋបាលពិតប្រាកដណាមួយ ហើយផ្ទុយទៅវិញបានឆ្លើយតបនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ ៕

រុស្ស៊ីបាញ់មីស៊ីលស្រោច​ទីក្រុងគីវ ជាលើកទី៥ ក្នុងខែនេះ ខណៈបង្កើន​ការ​វាយប្រហារតាម​អាកាស

2026/07/15 02:44:40 am        34
​ប្រទេស​រុស្ស៊ីបានបើកការវាយប្រហារយ៉ាង​សន្ធាប់ ​ដោយប្រើ​ប្រាស់​យានដ្រូន​ និងមីស៊ីលបាលី​ស្ទិក​ជាច្រើនគ្រាប់ លើ​ទីក្រុងគីវ នា​ព្រឹកថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដែលជាប្រតិបត្តិការ​លើកទី៥ លើរដ្ឋធានីរបស់​អ៊ុយ​ក្រែន​ រហូតមកដល់ពេលនេះក្នុងខែនេះ ខណៈដែលទីក្រុងមូស្គូ កំពុងបង្កើនការវាយប្រហារពី​លើអាកាស​។លោក​ប្រធានាធិបតី Volodymyr Zelenskyy បានលើក​ឡើង​ថា ការវាយប្រហារនេះបានបំផ្លាញទីតាំងចំនួន ១៦កន្លែង​ នៅក្នុងរដ្ឋធានី ក្នុង​នោះ​រួមមាន​ទាំងសាលារៀន និងអាជីវកម្ម​ផង​ដែរ​ ខណៈដែលមន្ត្រីក្រុង បានរាយការណ៍ពីការមាន​អគ្គិ​ភ័យជាច្រើន នៅទូទាំងទីក្រុង។លោក Zelenskyy បានឱ្យដឹង​ទៀត​ថា រុស្ស៊ីក៏បានកំណត់គោលដៅផង​ដែរ​ លើ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅភាគ​កណ្តាល និងភាគខាងត្បូងអ៊ុយក្រែន ដោយបន្ថែមថា ការវាយប្រហារទាំងនោះបានធ្វើឱ្យមនុស្ស ៧នាក់រងរបួស នៅតំបន់ Kharkiv ភាគខាងកើត និង ៣នាក់នៅតំបន់ Chernihiv ភាគខាងជើង។លោក Zelenskyy បានរៀប​រាប់តាម​រយៈ​ការ​បង្ហោះសារ នៅលើបណ្ដាញស​ង្គម​ X ថា «យប់មិញ រុស្ស៊ីបានបាញ់យានដ្រូនចំនួន ១៣៥គ្រឿង និងមីស៊ីលប្រភេទផ្សេងៗគ្នា ១០គ្រាប់ ដែលភាគច្រើនជាមីស៊ីលបាលីស្ទិក​ លើ​ទីក្រុង និងសហគមន៍របស់យើង»។គួរ​បញ្ជាក់​ថារដូវក្តៅនេះ រុស្ស៊ីបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួន លើអ៊ុយក្រែន ដោយវាយប្រហារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេស​នេះ​ស្ទើរតែរៀងរាល់យប់ ខណៈដែលទីក្រុងគីវ មានអាវុធការពារដែនអាកាសតិចតួច ដើម្បីទប់ទល់នឹងមីស៊ីលបាលីស្ទិក​។កងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹង​ថា អង្គភាពការពារដែនអាកាស បានបាញ់ទម្លាក់មីស៊ីលបាលីស្ទិក​ចំនួន ៥គ្រាប់ ក្នុងចំណោម ៨គ្រាប់ដែលរុស្ស៊ីបានបាញ់កាលពីយប់មិញ ដែល​ជាអត្រាស្ទាក់ចាប់ខ្ពស់ជាងការវាយប្រហារកាលពីដើមខែនេះ ហើយ​និង​បាញ់ទម្លាក់​យានដ្រូន ១០៨គ្រឿង ក្នុងចំណោម ១៣៥គ្រឿង​៕

បារាំងបន្ត​ទប់​ទល់​ចំហេះ​ព្រៃ ខណៈកំពុង​ឆាប​ឆេះ​រាល​ដាល​​ផ្ទៃដី ១.៩០០ហិកតា

2026/07/15 02:38:32 am        43
ទូរទស្សន៍ BFMTV នៅ​ថ្ងៃអង្គារ (ទី​១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​ផ្សាយ​ថា ចំហេះ​ព្រៃ​ចំនួន ២ នៅក្នុងព្រៃ Fontainebleau របស់ប្រទេសបារាំង បានបន្តរាលដាលពេញមួយយប់ ដោយបានឆាប​ឆេះផ្ទៃ​ដីទំហំ ១.៩២០​ហិកតា ខណៈដែលអាជ្ញាធរបានចាប់ខ្លួនមនុស្ស ២នាក់ដែលសង្ស័យថា បានបង្កឱ្យ​មាន​ការ​ឆេះ​ដំបូងដោយចេតនា។អ្នកពន្លត់អគ្គីភ័យប្រហែល ៦០០នាក់ នៅតែត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ ខណៈដែលប្រតិបត្តិការពន្លត់អគ្គិភ័យនៅតែបន្តមាន​។ អ្នកពន្លត់អគ្គិភ័យបានឱ្យដឹង​ថា ចំហេះសកម្មចំនួន ២ នៅក្នុងព្រៃ Fontainebleau បានប៉ះពាល់ដល់ផ្ទៃដីសរុបចំនួន ១.៩២០​ហិកតា។ការ​ឆាប​ឆេះ​ដំបូង ដែលបានកើតឡើងកាល​ពី​ថ្ងៃអាទិត្យចុងសប្ដាហ៍​កន្លង​មក​ បាន​ដុត​ផ្ទៃ​ដី​ប្រហែល ១.៥០០ហិកតា ខណៈដែលចំហេះ​ទី២ បានបំផ្លាញចន្លោះពី ៣០០ ទៅ ៤០០ហិកតា។រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំង លោក Philippe Tabarot បានអំពាវនាវឱ្យមាន «ការកាត់ទោសយ៉ាងធ្ងន់ធ្ងរ» សម្រាប់អ្នកដែលត្រូវ​ទទួលខុសត្រូវ ចំពោះការបង្កឱ្យមាន​ចំហេះ​ដោយចេតនា ដោយនិយាយថា ជនល្មើសមួយចំនួន ក៏គួរតែទទួលបានការព្យាបាលផងដែរ។ លោកបានបន្ថែមថា អ្នកដុតដែលបានបញ្ជាក់គួរតែប្រឈមមុខនឹង «ការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ» ខណៈពេលដែលអ្នកមាន​បញ្ហា​ផ្លូវ​ចិត្តដែលធ្វើ​ឱ្យ​​បង្ក​អគ្គិភ័យ​​ គួរតែទទួលបានការព្យាបាល។អាជ្ញាធរបារាំងបានបញ្ជាក់​ឱ្យដឹង​ថា មនុស្សចំនួន ៥៩នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ចាប់តាំងពីការចាប់ផ្តើមរដូវចំហេះ​ព្រៃ ដោយសង្ស័យថា បានបង្កឱ្យមាន​ភ្លើងឆាប​ឆេះព្រៃដោយចេតនា។ ការចាប់ខ្លួន ២នាក់ ត្រូវបានភ្ជាប់ទៅនឹងចំហេះ​ព្រៃ Fontainebleau៕

អ៊ីរ៉ង់ថ្កោលទោសការកំណត់របស់ចក្រភពអង់គ្លេស​ថា IRGC ជាការគំរាមកំហែងសន្តិសុខ

2026/07/15 02:14:37 am        39
ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បានថ្កោលទោសការសម្រេច​របស់ចក្រភពអង់គ្លេស ក្នុងការកំណត់កងឆ្មាំបដិវត្តន៍អ៊ិស្លាម (IRGC) ថា ជាការគំរាមកំហែងសន្តិសុខ ដោយចាត់ទុក​​ចំណាត់​ការ​នេះថា «មិនសមហេតុផល» និង «មិនទទួលខុសត្រូវ»។ក្រសួងបានបញ្ជាក់​ថា IRGC គឺជាផ្នែកផ្លូវការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ហើយបានចោទប្រកាន់ចក្រភពអង់គ្លេសថា បានរំលោភច្បាប់អន្តរជាតិដោយកំណត់គោលដៅលើស្ថាប័នរដ្ឋមួយ។គួរបញ្ជាក់​ថា កាល​ពី​ថ្ងៃចន្ទ ចក្រភពអង់គ្លេស បានហាមឃាត់ការគាំទ្រដល់ IRGC និងក្រុមដែលមានទំនាក់ទំនងគ្នា ក្រោមសិទ្ធិ​អំណាចថ្មី ដែលមានគោលបំណងទប់ស្កាត់​រដ្ឋបរទេសកុំ​ឱ្យ​ប្រើប្រាស់ក្រុម​តំណាង​​ សម្រាប់សកម្មភាពនានា ដូចជាការឃ្លាំមើល និងការបំផ្លិចបំផ្លាញជាដើម​។អ៊ីរ៉ង់ដែលកំពុងមាន​សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ពីមុនបានបដិសេធថា មិន​មានការ​​ប្រើប្រាស់ក្រុម​តំណាង​ឡើយ​៕

កងទ័ព៖ ច្រកសមុទ្រ Hormuz នឹងបើកឡើងវិញ លុះត្រាតែ «សិទ្ធិរបស់អ៊ីរ៉ង់ត្រូវបានគោរព»

2026/07/15 02:10:09 am        39
អ្នកនាំពាក្យយោធាអ៊ីរ៉ង់មួយ​រូប បាននិយាយនៅ​ថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះថា ច្រកសមុទ្រ Hormuz នឹងមិនបើកឡើងវិញ តាមរយៈការវាយប្រហាររបស់សហរដ្ឋអាមេរិកនោះ​ទេ ហើយ «ការគោរពសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់» គឺជាផ្លូវតែមួយគត់ ដើម្បីស្តារការ​ឆ្លងកាត់តាមផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញ​។យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បាន​ឱ្យដឹង​ថា អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Mohammad Akraminia បាននិយាយថា «ច្រកសមុទ្រ Hormuz នឹងមិន​បើកឡើងវិញតាមរយៈការវាយប្រហារ សង្គ្រាម ឬអំពើអាក្រក់របស់សហរដ្ឋអាមេរិកឡើយ។ មធ្យោបាយតែមួយគត់ ដើម្បីបើកវាឡើងវិញ គឺត្រូវគោរពសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់»។ហើយជាមួយ​គ្នា​នេះ លោក Akraminia ក៏បានបញ្ជាក់​ផងដែរថា ប្រទេស​អ៊ីរ៉ង់នៅតែប្តេជ្ញាសងសឹកឱ្យ​អតីតមេដឹកនាំកំពូល លោក​ Ali Khamenei និងអ្នកដែលបាត់បង់ជីវិតទាំងអស់ ក្នុងអំឡុងសង្គ្រាម។ច្រកសមុទ្រ Hormuz នៅតែជាចំណុចកណ្ដាល​នៃភាពតានតឹង ក្នុងតំបន់ បន្ទាប់ពីមាន​ជម្លោះដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ លើអ៊ីរ៉ង់ ដោយផ្ដល់​ហេតុផល​ថា ប្រតិបត្តិ​ការ​នោះ គឺ​ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលរួមបញ្ចូល​បទឈប់បាញ់ ក្រោយ​សម្របសម្រួលដោយប្រទេសកាតា និងប៉ាគីស្ថាន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែល​មាន​គោលបំណង​​ឈានដល់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍ ដើម្បីបញ្ចប់សង្គ្រាម។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសនៅថ្ងៃទី៨ ខែកក្កដាថា បទឈប់បាញ់ «ចប់ហើយ» បន្ទាប់ពីកើនឡើងភាពតានតឹង​ថ្មី​៕

រដ្ឋមន្ត្រីការបរទេស៖ ចិនមិនស្វែងរក «ដែនឥទ្ធិពល» ក្នុងទំនាក់ទំនងជាមួយប្រទេសកោះប៉ាស៊ីហ្វិកទេ

2026/07/15 01:50:22 am        68
នា​ថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦)​ នេះ នៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេស លោក Wang Yi បានប្រាប់សមភាគីរបស់លោក ពីកោះសូឡូម៉ុន (Solomo) ថា ប្រទេសចិន «មិនមានគោល​បំណង​ផ្នែក​ភូមិសាស្ត្រនយោបាយទេ ហើយក៏មិនស្វែងរកអ្វីដែលហៅថា «ដែនឥទ្ធិពល» នោះដែរ​ នៅ​ក្នុងទំនាក់​ទំនង​ជាមួយបណ្ដា​ប្រទេសកោះប៉ាស៊ីហ្វិក។សេចក្តីសង្ខេបផ្លូវការដែលចេញផ្សាយដោយក្រសួងការបរទេសចិន បានឱ្យដឹងថា​ លោក Wang បានប្រាប់លោក Rick Houenipwela ថា កិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន ជាមួយកោះសូឡូម៉ុន «កើតឡើងដោយគ្មានចំណង​លក្ខខណ្ឌនយោបាយជាប់ពាក់ព័ន្ធ» ឡើយ​ ហើយមិនត្រូវបានបង្ខំឱ្យ​កើត​មាន​នោះដែរ​។លោក Wang បានបន្ថែម​ថា បណ្ដា​ប្រជាជាតិ​កោះប៉ាស៊ីហ្វិក គឺជាប្រទេសឯករាជ្យ និងមានអធិបតេយ្យ «មិនមែនជា «ទីធ្លាខាងក្រោយផ្ទះ​» របស់នរណាម្នាក់ឡើយ​» ដោយបន្ថែមថា ចំណងទាក់​ទង​របស់ចិនជាមួយប្រទេសទាំងនេះ «មិនគួរស្ថិតនៅក្រោមការជ្រៀតជ្រែកពីភាគីទី៣ ណាមួយឡើយ»។កិច្ចប្រជុំនេះបានកើតឡើងក្រោយ​មួយសប្តាហ៍បន្ទាប់ពីយោធាចិន បានសាកល្បងមីស៊ីលដែលមានក្បាលគ្រាប់នុយក្លេអ៊ែរក្លែង​ក្លាយ​ ពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចូលទៅក្នុងប៉ាស៊ីហ្វិកភាគ​ខាងត្បូង ដែលទទួលបានការរិះគន់ពីបណ្ដា​ប្រទេសក្នុងតំបន់ ក្នុង​នោះ​រួមទាំងមាន​កោះសូឡូម៉ុនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM