លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

មនុស្ស​យ៉ាង​តិច ៥៧នាក់រងរបួស អំឡុងព្រឹត្តិការណ៍​ប្រដេញ​គោ San Fermin របស់អេស្ប៉ាញ

2026/07/15 01:21:13 am        70
បុរស ១០​នាក់ បានរងរបួសនៅថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ អំឡុង​ព្រឹត្តិការណ៍ប្រដេញ​គោលើកទី៨ និងចុងក្រោយនៃពិធីបុណ្យ San Fermin ដ៏ល្បីល្បាញរបស់ប្រទេសអេស្ប៉ាញ ដែលនាំឱ្យចំនួនអ្នក​របួស​សរុបនៃអ្នកដែល​​មិន​ញញើតហ៊ាន​លេងកម្មវិធី​នេះ​​​ ក្នុងឆ្នាំ២០២៦ កើនឡើង​ដល់យ៉ាង​ហោច​ណាស់ ៥៧នាក់។រដ្ឋបាលតំបន់ Navarre បាន​ឱ្យដឹង​តាម​រយៈសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ ១៨ឆ្នាំម្នាក់បានរងរបួសដោយសារស្នែង​គោ​ជល់​ចំ​ភ្លៅ ហើយ​បុរសអាយុ ៤៦ឆ្នាំមួយ​រូប ត្រូវបានគោ​ជល់​ចំទ្រូង ខណៈដែល ៨នាក់ផ្សេង​ទៀត​ ត្រូវ​បានបញ្ជូនទៅមន្ទីរពេទ្យដោយមានស្នាមជាំធ្ងន់ធ្ងរខុស​ៗគ្នា។រៀងរាល់ព្រឹកនៃ​រយៈពេល ៨ថ្ងៃនេះ​ អ្នក​មិន​ខ្លាច​រអារាប់រយនាក់ ដែលភាគច្រើនស្លៀកអាវពណ៌សប្រពៃណីជាមួយនឹងក្រមាពណ៌ក្រហម ជុំវិញករបស់ពួកគេ បានសាកល្បងភាពក្លាហានរបស់ពួកគេ ដោយរត់នាំមុខហ្វូងគោឆ្លងកាត់ផ្លូវតូចចង្អៀត និងកោងនៃទីក្រុងមជ្ឈិមសម័យ។ ភាគច្រើនលើសលប់នៃ​អ្នក​ចូល​រួម គឺ​ជាបុរស។ពិធីបុណ្យ San Fermin ដែលត្រូវបានធ្វើឱ្យល្បីល្បាញដោយសារ​ស្នាដៃ​ប្រលោមលោកឆ្នាំ១៩២៦ របស់លោក Ernest Hemingway ដែលមានចំណងជើងថា The Sun Also Rises ទាក់ទាញមនុស្សមកពីជុំវិញពិភពលោក​។នៅក្នុងចំណោមអ្នករងរបួសទាំង ៥៧នាក់នោះ​ មាន ៥នាក់ជាជនបរទេស គឺ​​ជនជាតិអង់គ្លេស ២នាក់ ជនជាតិអូស្ត្រាលីម្នាក់ ជនជាតិអាមេរិកម្នាក់ និងជនជាតិអាល្លឺម៉ង់ម្នាក់ដែលត្រូវបានគោជល់ចំ​ដៃខាង​ឆ្វេង៕

ទីភ្នាក់ងារUN កំពុងស៊ើបអង្កេតព័ត៌មានដែលថា ទូកចំនួន ២គ្រឿងដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានលិច

2026/07/15 01:17:15 am        68
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) កំពុងស៊ើបអង្កេតព័ត៌មានរាយការណ៍ដែល​ថា ទូកចំនួនពីរគ្រឿងដែលដឹកសមាជិកនៃក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលត្រូវ​បានគេធ្វើទុកបុកម្នេញ នៅប្រទេសមីយ៉ាន់ម៉ា បានក្រឡាប់លិចនៅឈូងសមុទ្របេងហ្គាល់ (Bay of Bengal)។ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (UNHCR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅ​ថ្ងៃអង្គារនេះថា តាមរបាយការណ៍ ទូកទាំងនោះបានចាកចេញពីរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា កាលពីចុងខែមិថុនា មុនពេលលិច។UNHCR បាននិយាយថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលទ្ធភាពនៃការបាត់បង់ជីវិត ហើយកំពុងធ្វើការផ្ទៀងផ្ទាត់ព័ត៌មានលម្អិតបន្ថែមទៀត»។ទីភ្នាក់ងារនេះ បានបដិសេធមិនបញ្ចេញព័ត៌មានលម្អិតបន្ថែមទេ រួមទាំងចំនួនជនជាតិរ៉ូហ៊ីងយ៉ាដែលគេជឿថា មាននៅលើទូក និងទីតាំងប្រហាក់ប្រហែលដែលទូកទាំងពីរ បានលិច៕

ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យដំបូលផ្ទះបាក់សង្កត់មនុស្ស ១១នាក់ស្លាប់ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

2026/07/15 01:11:35 am        57
នគរបាលនិងមន្ត្រីសង្គ្រោះ បាននិយាយនៅថ្ងៃអង្គារនេះថា មនុស្ស ១១នាក់ បានស្លាប់ កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យដំបូលផ្ទះដែលសាងសង់ពីឥដ្ឋលាយភក់ បាក់សង្កត់ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។លោក Bilal Faizi មន្ត្រីនៃអង្គភាពសង្គ្រោះបន្ទាន់នៅខេត្តនេះ បាននិយាយថា ហេតុការណ៍នេះ បានកើតឡើងនៅស្រុក Kohat នៃខេត្ត Khyber Pakhtunkhwa។លោកបានបន្តថា ក្រុមអ្នកជួយសង្គ្រោះ បានយកសាកសពជនរងគ្រោះចំនួន ១១នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ទៅប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបញ្ចុះសព។ទន្ទឹមនឹងនេះ ភ្លៀងមូសុងធ្លាក់ខ្លាំង ក៏បានវាយប្រហារតំបន់ Gilgit-Baltistan កាលពីថ្ងៃចន្ទផងដែរ ដោយបង្កឲ្យមានបំណាក់ដី ដែលបានបិទផ្លូវជាច្រើនខ្សែ និងបណ្តាលឲ្យខូចខាតដល់លំនៅឋានជាច្រើនខ្នង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរសង្គ្រោះបន្ទាន់ក្នុងតំបន់៕

សភាហុងគ្រីបោះឆ្នោតដកតំណែងប្រធានាធិបតីដែលតែងតាំងដោយលោក Orban

2026/07/15 01:07:19 am        68
សភាហុងគ្រី នៅថ្ងៃចន្ទ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបញ្ចប់អាណត្តិរបស់ប្រធានាធិបតី លោក​ Tamas Sulyok ដោយបើកផ្លូវឱ្យ​មាន​ការដកតំណែងប្រមុខរដ្ឋដែលត្រូវបានបោះឆ្នោត​ជ្រើស​រើស​ ក្នុងអំឡុងពេល​អតីតនាយករដ្ឋមន្ត្រី លោក Viktor Orban កាន់អំណាច​​។យោងតាមគេហទំព័រព័ត៌មាន 24.hu នៅ​ហុងគ្រី បាន​ឱ្យដឹង​ថា សមាជិកសភាបានអនុម័តវិសោធនកម្មលើកទី១៧ នៃច្បាប់មូលដ្ឋាន ដោយមាន​ការបោះឆ្នោត ១៣៩ ទល់​នឹង ៦សំឡេង​​ ដោយគ្មានសំឡេងអនុបវាទ។ វិសោធនកម្មនេះ ចែងថា អាណត្តិរបស់ប្រធានាធិបតីក្នុង​តំណែង​ នឹងបញ្ចប់នៅថ្ងៃបន្ទាប់ពីការកែប្រែ​រដ្ឋធម្មនុញ្ញចូលជាធរមាន ដោយបញ្ចប់​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​តំណែង​របស់លោក Sulyok មុនពេលបញ្ចប់អាណត្តិ ៥ឆ្នាំដែលលោកបានចាប់ផ្តើមនៅឆ្នាំ២០២៤។តាមច្បាប់របស់ប្រទេស​ហុងគ្រី លោក Sulyok ត្រូវតែប្រកាសវិសោធនកម្មនេះ ដោយចុះហត្ថលេខាលើវាក្នុងរង្វង់​រយៈពេល ៥ថ្ងៃបន្ទាប់ពីទទួលបានឯកសារ​ពីប្រធានសភា ដែល​មានន័យថា លោកត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើច្បាប់ដែលបញ្ចប់អាណត្តិរបស់លោក។ទោះបីជាប្រធានាធិបតីអាចស្នើសុំការពិនិត្យឡើងវិញជាបឋម ដោយតុលាការធម្មនុញ្ញ ជុំវិញ​មូលដ្ឋាននីតិវិធី មុនពេលប្រកាសវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ​ក៏ដោយ ក៏​នាយករដ្ឋមន្ត្រី លោក Peter Magyar បាននិយាយថា ចំណាត់ការ​បែបនេះនឹងបង្កឱ្យមានដំណើរការចោទប្រកាន់ទម្លាក់​តំណែង​លោក Sulyok។ហើយ​បើ​យោងតាមលោក Magyar បានឱ្យដឹង​ទៀត​ថា ប្រសិនបើដំណើរការចោទប្រកាន់ទម្លាក់តំណេង​ត្រូវបានចាប់ផ្តើម លោក Sulyok នឹងត្រូវបានផ្អាកពីការអនុវត្តអំណាចប្រធានាធិបតីរបស់លោក ខណៈពេលដែលតុលាការធម្មនុញ្ញកំពុងពិចារណាករណីនេះ៕

លីបង់ និងអ៊ីស្រាអែល កំពុងជួបពិភាក្សាគ្នានៅទីក្រុងរ៉ូម ខណៈការប្រយុទ្ធនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងជាថ្មី

2026/07/15 01:02:21 am        57
ប្រទេសលីបង់ និងអ៊ីស្រាអែលកំពុងបើកកិច្ចចរចាថ្មី ក្រោមការឧបត្ថម្ភរបស់សហរដ្ឋអាមេរិក នៅទីក្រុងរ៉ូម នាថ្ងៃអង្គារនេះ ខណៈភាពតានតឹងក្នុងតំបន់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងកើនឡើង។ប្រទេសទាំងពីរ ដែលបានស្ថិតក្នុងស្ថានភាពសង្គ្រាមជាផ្លូវការអស់រយៈពេលជាច្រើនទសវត្សរ៍ បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍មួយកាលពីថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីកិច្ចចរចាចំនួន ៥ជុំ ដែលបានធ្វើឡើង នៅទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ និងត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាព។ប៉ុន្តែ ក្រុមហេសបូឡាបានបដិសេធកិច្ចព្រមព្រៀងនេះ ដែលអំពាវនាវឲ្យដកអាវុធពីក្រុមនេះ ហើយការអនុវត្តកិច្ចព្រមព្រៀងគ្រោង នឹងចាប់ផ្តើម ដោយការដកកងទ័ពអ៊ីស្រាអែលចេញពី «តំបន់សាកល្បង» ចំនួនពីរ នៅភាគខាងត្បូងប្រទេសលីបង់។ការិយាល័យប្រធានាធិបតីលីបង់ បានប្រកាសកាលពីថ្ងៃចន្ទថា គណៈប្រតិភូរបស់ខ្លួន ដែលទៅចូលរួមកិច្ចចរចានៅទីក្រុងរ៉ូម បានទទួលការណែនាំឲ្យ«ទាមទារឲ្យកងកម្លាំងអ៊ីស្រាអែលចាប់ផ្តើមដកចេញពីតំបន់សាកល្បងទាំងពីរជាបន្ទាន់ មុននឹងមានការពិភាក្សាបន្ថែមណាមួយនោះ»៕

ចិនជំរុញឱ្យអឺរ៉ុបឈប់គាំទ្រសេចក្តីសម្រេចខុសច្បាប់ ស្ដីពីសមុទ្រចិនខាងត្បូង ដើម្បីបញ្ចៀស​ការប៉ះពាល់ដល់ទំនាក់ទំនង

2026/07/15 12:59:20 am        59
ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បានអំពាវនាវឱ្យភាគីអឺរ៉ុបប្រុងប្រយ័ត្ន ចំពោះពាក្យសម្ដី និងទង្វើរបស់ខ្លួន ជុំវិញ​ករណី​សមុទ្រចិនខាងត្បូង ហើយ​ឈប់គាំទ្រ «សេចក្តីសម្រេចខុសច្បាប់» ដើម្បីការពារកុំ​ឱ្យ​ប៉ះពាល់ដល់​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស​ចិន និងសហភាពអឺរ៉ុប (EU)។អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «អឺរ៉ុបមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងនោះ​ទេ ហើយគ្មានសិទ្ធិធ្វើអត្ថាធិប្បាយអ្វីឡើយ​ ជុំវិញ​អធិបតេយ្យទឹកដី សិទ្ធិ និងផលប្រយោជន៍ផ្លូវសមុទ្រស្របច្បាប់របស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង»។ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងបន្ទាប់ពីមាន​សេចក្តីថ្លែងការណ៍រួមដែលចេញកាលពីថ្ងៃអាទិត្យដោយប្រទេសនានា ក្នុង​នោះ​រួមមាន​ទាំងប្រទេសអឺរ៉ុបមួយចំនួនផង​ដែរ ដែល​បានលើក​ឡើង​ថា ការទាមទារដែនសមុទ្រដ៏ធំទូលាយរបស់ចិន នៅសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋានច្បាប់ទេ ដោយ​បន្ទាប់មកមាន​សេចក្តីថ្លែងការណ៍ពាក់ព័ន្ធពី EU។លោក Lin បានបញ្ជាក់​ថា ចិនក៏បានកោះ​អញ្ជើញ​មន្ត្រីនៃស្ថានទូតនៃប្រទេសពាក់ព័ន្ធ ប្រចាំ​នៅប្រទេសចិន និងគណៈប្រតិភូ EU ប្រចាំប្រទេសចិន និងបានដាក់ការ​តវ៉ាផ្លូវការ​យ៉ាងខ្លាំង​ក្លាជាមួយ​ពួកគេ​៕

អារ៉ាប់រួមនិយាយថា មីស៊ីលអ៊ីរ៉ង់វាយប្រហារនាវាដឹកប្រេងនៅច្រកសមុទ្រ Hormuz បណ្តាលឲ្យនាវិកម្នាក់ស្លាប់

2026/07/15 12:12:47 am        86
ក្រសួងការពារជាតិអារ៉ាប់រួមនិយាយនៅថ្ងៃអង្គារនេះថា នាវិកជនជាតិឥណ្ឌាម្នាក់ ត្រូវបានសម្លាប់ និងនាវិក ៨នាក់ផ្សេងទៀត រងរបួស ពេលដែលនាវាដឹកប្រេងអារ៉ាប់រួម ២គ្រឿង រងការវាយប្រហារដោយមីស៊ីលតម្រង់គោលដៅរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz ដែលជាការកើនឡើងភាពតានតឹងចុងក្រោយនៅផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ ។ក្រុមហ៊ុនដឹកជញ្ជូនប្រេង ADNOC បញ្ជាក់ថា នាវាដឹកប្រេងឆៅខ្នាតយក្ស Mombasa B និង Al Bahyah រងការវាយប្រហារ ពេលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយនិងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍កាលពីខែមុនថា ក្រុមហ៊ុន ADNOC ស្ថិតក្នុងចំណោមក្រុមហ៊ុនដ៏សកម្មបំផុតនៅក្នុងប្រតិបត្តិការដឹកនាំដោយយោធាសហរដ្ឋអាមេរិក ដើម្បីនាំប្រេងឆៅតំបន់ឈូងសមុទ្រទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្ទេរប្រេងចេញពីនាវាទៅកាន់នាវា(STS) នៅហួសច្រកសមុទ្រ Hormuz ។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកដែលពុំទទួលស្គាល់ការផ្ទេរប្រេង STS និយាយកាលពីថ្ងៃទី ១២ ខែកក្កដាថា ពួកគេបានសម្របសម្រួលការឆ្លងកាត់របស់នាវាជាង ៨០០គ្រឿង ហើយនិងប្រេងឆៅជាង ៤០០លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រ អំឡុងរយៈពេលជាង ២ខែកន្លងមកនេះ ។ក្រសួងការពារជាតិអារ៉ាប់រួមនិយាយថា នាវាដឹកប្រេង បានក្លាយជាគោលដៅវាយប្រហារនៅផ្លូវខាងត្បូងនៃច្រកសមុទ្រ ខណៈស្ថិតក្នុងដែនទឹករបស់ប្រទេសអូម៉ង់ ។ ពួកគេបន្តថា នាវិកដែលបានស្លាប់ ស្ថិតនៅលើនាវា Mombasa ៕

ចិនជំរុញឱ្យអាមេរិក និងអ៊ីរ៉ង់ស្តារការ​ឆ្លងកាត់ដោយសុវត្ថិភាពឡើង​វិញ តាមច្រកសមុទ្រ Hormuz

2026/07/15 12:10:39 am        67
នៅថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្តារការ​ឆ្លងកាត់ដោយសុវត្ថិភាពឡើង​វិញ តាមរយៈច្រកសមុទ្រ Hormuz ខណៈដែលការប្រយុទ្ធគ្នា រវាងភាគីទាំង២ បានផ្ទុះឡើងម្តងទៀត ពាក់​ព័ន្ធ​នឹង​របៀបដែលផ្លូវទឹកយុទ្ធសាស្ត្រនេះ គួរតែត្រូវបានគ្រប់គ្រងយ៉ាង​ដូចម្ដេច​។អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ការស្តារការ​ឆ្លងកាត់ធម្មតា និងសុវត្ថិភាពឡើង​វិញ តាមរយៈច្រកសមុទ្រនេះ​ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺជាបំណងប្រាថ្នារួមរបស់សហគមន៍អន្តរជាតិ» ហើយ​លោក​បាន​បន្ថែមថា ទីក្រុងប៉េកាំងនឹង «ប្រឹងប្រែងឥតឈប់ឈរ ដើម្បីជួយសម្រាល​ស្ថានការណ៍»។សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារនៅយប់ទី៣ លើអ៊ីរ៉ង់ ខណៈដែលប្រធានាធិបតី លោក​ Donald Trump មានគម្រោងចាប់​ផ្ដើម​ការបិទខ្ទប់​ផ្លូវទឹក​ឡើងវិញ នៅថ្ងៃអង្គារនេះ ចំពោះ​កំពង់ផែអ៊ីរ៉ង់ និងបានលើក​ឡើង​ពី​ការយក​ថ្លៃ ២០​ភាគរយ លើទំនិញ នៅច្រកសមុទ្រ Hormuz ដ៏សំខាន់នេះ​។អ៊ីរ៉ង់បានចាប់ផ្តើមបិទច្រកសមុទ្រនេះ បន្ទាប់ពីមាន​ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពី​ខែកុម្ភៈ ដែលបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបិទផ្លូវកំពង់ផែរបស់ទីក្រុងតេអេរ៉ង់ ប៉ុន្តែការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ បន្ទាប់ពីភាគីទាំង២ បានយល់ព្រមលើកិច្ចព្រមព្រៀងបឋម ក្នុង​ខែមិថុនា៕

លោក MACRON ថ្លែងថា អឺរ៉ុបត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួនឯង និងសេរីភាព ទោះបីមាន​ការ​បង្ហូរ​ឈាមក៏ដោយ​

2026/07/15 12:08:08 am        54
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង​ (Emmanuel Macron)​ កាលពីថ្ងៃចន្ទ បាននិយាយថា អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួនឯង និងសេរីភាព ទោះបីមាន​ការ​បង្ហូរ​ឈាមក៏ដោយ​ ប្រសិនបើចាំបាច់ មុនពេលកិច្ចប្រជុំសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដើម្បីបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះទីក្រុង   គីវ និងបង្កើនសម្ពាធលើប្រទេសរុស្ស៊ី។កិច្ចប្រជុំកំពូលនៃសម្ព័ន្ធភាពឆន្ទៈ ដែលបានចាប់ផ្តើមដោយបារាំង និងចក្រភពអង់គ្លេស ដើម្បីផ្តល់ការ   គាំទ្រផ្នែកយោធាដល់អ៊ុយក្រែន បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី នឹងជំរុញឲ្យ​មានបទឈប់បាញ់ និងការចរចាសន្តិភាពឡើងវិញ។ នេះបើយោងតាមការលើកឡើងរបស់ការិយាល័យ​ប្រធានាធិបតីបារាំងកាលពីថ្ងៃសុក្រ។យ៉ាងហោចណាស់មានប្រមុខរដ្ឋចំនួន ២៥ រូប រួមទាំងមេដឹកនាំអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី នឹងចូលរួមកិច្ចប្រជុំនេះ ដែលធ្វើឡើងមួយថ្ងៃមុនថ្ងៃឈប់សម្រាកជាតិរបស់បារាំង គឺ ទិវា Bastille។ដោយថ្លែងសុន្ទរកថាជាប្រពៃណីទៅកាន់កងកម្លាំងប្រដាប់អាវុធ មុនក្បួនព្យុហយាត្រាយោធា ថ្ងៃទី ១៤ ខែកក្កដានេះ លោក ម៉ាក្រុង បាននិយាយថា អឺរ៉ុប «កំពុងស្ថិតក្នុងដំណើរការក្លាយជាមហាអំណាច» ដែលត្រៀមខ្លួនរួចជាស្រេចដើម្បី «ការពារខ្លួនឯង»៕

អាមេរិកនឹងទប់ស្កាត់​​ពលរដ្ឋ នៅកុងហ្គោ កុំ​​ឱ្យ​វិល​ចូល​ស្រុក​វិញភ្លាមៗ ដោយសារជំងឺ Ebola

2026/07/15 12:05:37 am        48
រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) បានឱ្យដឹង​ថា ខ្លួនកំពុងទប់ស្កាត់​ពលរដ្ឋអាមេរិក នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កុំ​ឱ្យ​ធ្វើដំណើរចូល​សហរដ្ឋអាមេរិកវិញតាមជើងហោះហើរពាណិជ្ជកម្ម។ នេះបើយោងតាមមន្ត្រីសេតវិមាន។មន្ត្រី​រូប​នោះ​ បាន​បញ្ជាក់​ថា បទបញ្ជានេះ ដែលកំពុងត្រូវបានអនុវត្តក្រោមអាជ្ញាធរដឹកជញ្ជូន ជាង្វី​ដែលត្រូវបាន​គេស្គាល់ថា មាត្រាទី​៤៩ នោះ​ នឹងដាក់ពលរដ្ឋអាមេរិក នៅកុងហ្គោ ឬអ្នកដែលទើបតែចាកចេញថ្មីៗនេះ នៅក្នុងបញ្ជី «មិនឱ្យឡើងយន្តហោះ» រហូតដល់ពួកគេបានចំណាយពេលយ៉ាងហោចណាស់ ២១ថ្ងៃ នៅក្នុងប្រទេសទី៣។ការរឹតបន្តឹងថ្មីនេះកើតឡើងចំពេលមានការផ្ទុះឡើងនូវ​ជំងឺ Ebola ដែលបានឆ្លង​រាលដាលដល់ខេត្តមួយចំនួន នៅកុងហ្គោ។ ទិន្នន័យផ្លូវការ បានបង្ហាញកាល​ពីយប់​​ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លង​មកថា ការ​ឆ្លង​ជំងឺ​ Ebola ដែលត្រូវបានបញ្ជាក់នៅទូទាំងប្រទេសនេះ បានកើនឡើងដល់ ១.៩២៦ករណី ក្នុង​នោះ​រួមទាំងការស្លាប់ ៧០២នាក់ផង​ដែរ​។យោងតាមមន្ត្រីអាមេរិករូប​នោះ ដែលបាននិយាយថា ក្រសួងការបរទេសនឹងគាំទ្រពួកគេ និងអ្នករង​ប៉ះពាល់​ដទៃទៀត ក្នុងអំឡុងពេលរង់ចាំនេះ​ បាន​ឱ្យដឹង​បន្ថែម​ទៀត​ថា ជនជាតិអាមេរិកប្រហែល ២០​នាក់ ត្រូវបានគ្រោងនឹងឡើងយន្តហោះទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ​ បន្ទាប់ពីបានធ្វើដំណើរទៅកុងហ្គោ។កាលពី​ព្រឹក​ថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងទីភ្នាក់​ងារមនុស្សធម៌របស់​សហរដ្ឋអាមេរិក លោក Robert F. Kennedy Jr. បានចុះហត្ថលេខាលើបទបញ្ជាមួយ ដោយលើកឡើងពីហានិភ័យនៃជំងឺអេបូឡា កើនឡើង ក្នុង​នោះ​រួមទាំងការរីករាលដាលនៃវីរុសនេះ ត្រឹមតែប៉ុន្មានម៉ោង នៅខាងក្រៅរដ្ឋធានី Kinshasa របស់កុងហ្គោ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM