លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

លោក Trump ថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅតែអាចសម្រេចបាន ខណៈអាមេរិកបើកការវាយប្រហារយប់ទី៣

2026/07/14 03:18:53 pm        155
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ ១៣កក្កដា សប្ដាហ៍នេះ បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅតែអាចធ្វើទៅបាន ខណៈយោធាអាមេរិកបានបើកការវាយប្រហារថ្មីជាលើកទីបីជាប់ៗគ្នា និងបានបិទផ្លូវឡើងវិញលើកំពង់ផែអ៊ីរ៉ង់។ លោក Trump បានថ្លែងនៅឯសេតវិមានកាលពីថ្ងៃចន្ទថា ពួកលោកនឹងវាយប្រហារពួកគេយ៉ាងខ្លាំងនៅយប់នេះ ហើយពួកលោកនឹងវាយប្រហារពួកគេយ៉ាងខ្លាំងថែមទៀតនៅថ្ងៃស្អែក។ លោកបានបន្ថែមថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកមានគោលបំណងបំផ្លាញសមត្ថភាពវាយលុករបស់អ៊ីរ៉ង់។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅការិយាល័យ Oval ថា រូបលោកគិតថាកិច្ចព្រមព្រៀងមួយអាចធ្វើទៅបាន។ ពិតណាស់ លោកធ្វើបាន។ពួកលោកមានកិច្ចព្រមព្រៀងជាមួយពួកគេកាលពីពីរថ្ងៃមុន ហើយបន្ទាប់មកពួកគេបាននិយាយថា «ពួកគេ មិនអាចធ្វើកិច្ចព្រមព្រៀងនោះបានទេ។ពួកលោកត្រូវតែចរចាបន្ថែមទៀត»។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា ការវាយប្រហារបានចាប់ផ្តើមនៅម៉ោង៤:៤៥នាទី ព្រឹកថ្ងៃអង្គារនេះ ម៉ោងនៅសិង្ហបុរី ដោយបន្ថែមថា ពួកគេនឹង «បន្តដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើកងកម្លាំងអ៊ីរ៉ង់ និងធ្វើឱ្យខូចសមត្ថភាពរបស់ពួកគេក្នុងការវាយប្រហារជនស៊ីវិលស្លូតត្រង់ និងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz»៕ 

ក្រុមហ៊ួធីចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីតថា បានវាយប្រហារអាកាសយានដ្ឋានទី​ក្រុង Sanaa ហើយប្ដេជ្ញាសងសឹក

2026/07/14 03:21:38 am        61
ក្រុម​ចលនាហ៊ួធីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ និង​ដែលគ្រប់គ្រងភាគខាងជើងនៃ​ប្រទេសយេម៉ែន នៅ​ថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីតថា បានបើកការវាយប្រហារតាមអាកាសលើ​អាកាសយានដ្ឋានអន្តរជាតិ នៅទីក្រុង​ Sanaa ហើយបានប្ដេជ្ញាថា នឹងសងសឹកវិញ​។អ្នកនាំពាក្យយោធារបស់ក្រុម​ឧទ្ទាម​ហ៊ួធី លោក Yahya Saree បានចាត់​ការវាយប្រហារទាំងនេះថា ជា «ការឈ្លានពានដោយបើក​ចំហ» ហើយបានបញ្ជាក់​ថា ពួកគេបានបញ្ចប់រយៈពេលនៃការបន្ធូរបន្ថយភាពតានតឹង នៅក្នុងជម្លោះដ៏យូរអង្វែងនេះ​ហើយ​។ លោកបាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត នឹងទទួលផលវិបាក ហើយការវាយប្រហារនេះនឹងមិនត្រូវកើត​ឡើង ដោយ​មិន​មាន​ការឆ្លើយតប​នោះឡើយ​»។ការិយាល័យទំនាក់ទំនងរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះការចោទប្រកាន់នេះ​។នៅព្រឹក​ថ្ងៃចន្ទ ក្រសួងការពារជាតិរបស់រដ្ឋាភិបាលយេម៉ែនដែលត្រូវបាន​ទទួលស្គាល់ជាអន្តរជាតិ បានឱ្យ​ដឹង​ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានកំណត់គោលដៅផ្លូវរត់ នៅឯ​អាកាសយានដ្ឋានអន្តរជាតិទីក្រុង​ Sanaa ដើម្បីរារាំង​កុំ​ឱ្យ​យន្តហោះអ៊ីរ៉ង់ចុះចត។ តែ​អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធរបស់​យេម៉ែន បានប្រាប់​ថា យន្តហោះបានចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានទីក្រុង​ Hodeidah ជាកន្លែងគ្រប់គ្រងដោយក្រុមហ៊ួធី។រដ្ឋាភិបាល ដែលប្រតិបត្តិ​ការពីទីក្រុង​កំពង់ផែ Aden ភាគខាងត្បូង មានការគាំទ្រពីអារ៉ាប៊ីសាអ៊ូឌីត និងរដ្ឋឈូងសមុទ្រដទៃទៀត។ ប្រទេសយេម៉ែនបានប្រឈមនឹងសង្គ្រាមស៊ីវិល និងសង្គ្រាមតំណាងពីមហាអំណាចខាងក្រៅអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ចាប់តាំងពីក្រុមហ៊ួធីបានដណ្តើមកាន់​កាប់​រដ្ឋធានី និងបង្ខំឱ្យរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិផ្លាស់ទៅភាគខាងត្បូង៕

លោក Trump បញ្ជាក់ថា អាមេរិកគួរតែគ្រប់គ្រងច្រកសមុទ្រ Hormuz ហើយទទួលបានប្រាក់កម្រៃពី​វា

2026/07/14 03:18:40 am        64
លោកប្រធានាធិបតី Donald Trump បាននិយាយនៅ​ថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា សហរដ្ឋអាមេរិក អាច​នឹងកាន់កាប់​ច្រកសមុទ្រ Hormuz ហើយគួរតែត្រូវបានប្រាក់កម្រៃ​ត្រឡប់​វិញ សម្រាប់ការគ្រប់គ្រងផ្លូវទឹកដ៏សំខាន់នេះ។នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយ​កម្មវិធី «Fox & Friends» របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ Fox News លោក Trump បាននិយាយ​ថា៖ «យើងនឹងបន្ត​រក្សាច្រកសមុទ្រនេះ ហើយយើងប្រហែលជានឹងគ្រប់គ្រងវា។ យើងនឹងក្លាយជាអ្នកការពារច្រកសមុទ្រនេះ​។ ប្រហែលជាយើងនឹងហៅវាថា ជាទេវតាការពារច្រកសមុទ្រនេះ​។ ហើយយើងគួរតែទទួល​បាន​ប្រាក់ត្រឡប់​វិញ សម្រាប់​ការ​ថែរក្សា​នោះ»។ការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវសំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងសកល បានក្លាយជាសមរភូមិសំខាន់នៃជម្លោះនេះ​។ ការបិទច្រកសមុទ្រដ៏មានប្រសិទ្ធភាពរបស់អ៊ីរ៉ង់ បានជំរុញឱ្យតម្លៃថាមពលហក់​ឡើង និងបង្កើនក្ដី​បារម្ភ អំពីអតិផរណា នៅទូទាំងពិភពលោក។អំឡុង​កិច្ចសម្ភាសន៍នោះ លោក Trump បានបញ្ជាក់​ថា៖ «យើងនឹងការពារវា។ យើងនឹងទទួលបានប្រាក់កម្រៃ សម្រាប់ការការពារវា ដែល​ជា​ប្រាក់ដ៏​ច្រើន។ យើងនឹងទទួលបានសំណងវិញ ពីព្រោះប្រទេសដទៃទៀតមានទ្រព្យសម្បត្តិច្រើន។ ពួកគេនៅខាងយើង ហើយយើងមិនអាចរំពឹងធ្វើបែបនោះដោយឥតទទួល​បាន​ប្រយោជន៍ឡើយ​»។កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍នៅ​ថ្ងៃចន្ទនេះ​ថា មធ្យោបាយតែមួយគត់ ដើម្បីស្តារចរាចរណ៍ដឹកជញ្ជូនធម្មតាឡើង​វិញ តាមរយៈច្រកសមុទ្រនេះ គឺការបញ្ចប់អន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក នៅក្នុងផ្លូវទឹកនេះ​ ហើយបានព្រមានថា «ការជ្រៀតជ្រែកជាបន្តបន្ទាប់អាចនាំឱ្យមានឧប្បត្តិហេតុកាន់តែធំ នៅក្នុងវិស័យប្រេង និងឧស្ម័នសកល»៕

ចក្រភពអង់គ្លេស ដាក់​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក្នុង​បញ្ជី​ជា «ក្រុមភេរវកម្ម»

2026/07/14 03:14:26 am        61
រដ្ឋាភិបាលចក្រភពអង់គ្លេសបានចុះបញ្ជីកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) ជាក្រុមភេរវកម្ម នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដោយប្រើប្រាស់សិទ្ធិ​អំណាចថ្មីដែលត្រូវបានណែនាំក្រោមច្បាប់សន្តិសុខជាតិ (ការគំរាមកំហែងរបស់រដ្ឋ)។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ប្រព័ន្ធ​ផ្សព្វផ្សាយ​ Sky News បាន​រាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សភា រដ្ឋមន្ត្រីសន្តិសុខ លោកស្រី Angela Eagle បានលើក​ឡើង​ថា រដ្ឋាភិបាលបាន «កំណត់អត្តសញ្ញាណសកម្មភាពដែលទាក់ទងនឹង IRGC ពាក់ព័ន្ធនឹងការគំរាមកំហែងដល់អាយុជីវិត និងការបំភិតបំភ័យ នៅលើដែន​ដីរបស់​ចក្រភពអង់គ្លេស»។ជាមួយ​គ្នានេះ រដ្ឋាភិបាលក៏បានកំណត់ចលនាអ៊ិស្លាមសហជីវិន​ស្តាំនិយម​ (IMCR) ដែលប្រព័ន្ធ​ផ្សព្វផ្សាយ​ Sky News បានពិពណ៌នាថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីការតាមដានយ៉ាងលឿននៃច្បាប់សន្តិសុខជាតិ (ការគំរាមកំហែងរបស់រដ្ឋ) ដូចដែលបានសន្យាដោយនាយករដ្ឋមន្ត្រី លោក​ Keir Starmer ក្នុងខែមេសា។ក្រោយ​ការកំណត់នេះ ឥឡូវនេះ វាគឺ​ជាបទល្មើសព្រហ្មទណ្ឌ ក្នុងការមាន​ការគាំទ្រ ឬបង្ហាញការគាំទ្រដល់ក្រុមទាំងនោះ ជួយពួកគេ ក្នុងការអនុវត្តសកម្មភាព ទាក់ទងនឹងចក្រភពអង់គ្លេស ចូលរួមក្នុងការប្រព្រឹត្តដែលទំនងជាជួយពួកគេជាសម្ភារៈ ឬទទួលយក ឬរក្សាអត្ថប្រយោជន៍សម្ភារៈដែលផ្តល់ដោយ ឬតំណាង​ឱ្យពួកគេ​។​ នេះបើយោងតាមសេចក្ដី​រាយការណ៍៕

លោក Zelenskyy ដាក់សេចក្តីព្រាងច្បាប់ទៅសភា ដើម្បីបន្ថែម​រយៈពេល​នៃ​ច្បាប់អាជ្ញាសឹក

2026/07/14 02:56:04 am        80
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅ​ថ្ងៃចន្ទ បានដាក់សេចក្តីព្រាងច្បាប់ទៅសភា ដើម្បីបន្ថែម​រយៈពេល​នៃ​ច្បាប់អាជ្ញាសឹក និងការកេណ្ឌទ័ព នៅប្រទេស​អ៊ុយក្រែន។សេចក្តីព្រាងច្បាប់ទាំងនេះត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ Verkhovna Rada ដែលជាសភារបស់​អ៊ុយក្រែន ហើយស្វែងរកការបន្លាយ​រយៈពេល​នៃ​ច្បាប់អាជ្ញាសឹក និងកំណែន​ទ័ពរយៈពេល ៩០​ថ្ងៃទៀត។គួរបញ្ជាក់ថា លោក Zelenskyy បានប្រកាសជាលើកដំបូង អំពីច្បាប់អាជ្ញាសឹក និងការកេណ្ឌ​ទ័ព​ទូទាំង​ប្រទេស​ កាល​ពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបានចាប់ផ្តើមសង្គ្រាមរបស់ខ្លួន លើអ៊ុយក្រែន​។ចាប់តាំងពីពេលនោះមក វិធានការទាំងនេះត្រូវបានបន្ថែម​រយៈ​ពេល​ច្រើនដង ដោយមានការបន្លាយ​ពេល​ថ្មីៗបំផុតដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី កាល​ពី​ខែមេសា៕

ទូរទស្សន៍រដ្ឋ៖ អ៊ីរ៉ង់បានបាញ់ «ព្រមាន» នាវា ២គ្រឿង នៅច្រកសមុទ្រ Hormuz

2026/07/14 02:54:17 am        72
ទូរទស្សន៍រដ្ឋបានរាយការណ៍ថា នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រទេស​អ៊ីរ៉ង់បានបាញ់ «ព្រមាន» ទៅកាន់​នាវា ២គ្រឿងដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោនកំពុងប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រនេះ​។អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់របស់​ទូរទស្សន៍ជាតិ ដែលមានមូលដ្ឋាននៅជិតច្រកសមុទ្រនេះ បានឱ្យដឹង​ថា «ព្រឹកនេះ នាវា ២គ្រឿងដែលកំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយខុសច្បាប់ ត្រូវបានកំណត់គោលដៅ និងបញ្ឈប់ដោយការបាញ់ព្រមានដែលបាញ់​ដោយកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាម»។អ៊ីរ៉ង់បានប្រាប់​ថា ច្រកសមុទ្រ Hormuz ត្រូវបានបិទកាលពីថ្ងៃអាទិត្យ ខណៈដែលសហរដ្ឋអាមេរិកទទូចថា វានៅតែបើកដដែល​ បន្ទាប់ពីការប្រឈមមុខដាក់គ្នា លើផ្លូវទឹកដ៏សំខាន់នេះ បានបង្កឱ្យមានការវាយប្រហារគ្នា​ម្តងទៀត រវាង​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ច្រកសមុទ្រនេះ ដែលមានសារៈសំខាន់ ចំពោះការផ្គត់ផ្គង់ប្រេង និងឧស្ម័នសកល បានក្លាយជាចំណុចដ៏សំខាន់​នៃការប្រទាញប្រទង់​គ្នា រវាងសត្រូវទាំង២ ដែលនាំឱ្យមានការវាយ​ប្រហារម្តងហើយម្តងទៀត ទោះបីជាមានកិច្ចព្រមព្រៀងមួយដែលមានគោលបំណងបញ្ចប់សង្គ្រាម នៅតំបន់​មជ្ឈិមបូព៌ា ដែលត្រូវបានចុះហត្ថលេខាកាលពីខែមុនក៏ដោយ៕

EU ដាក់ទណ្ឌកម្មថ្មីលើ «ឧក្រិដ្ឋជនតាមអ៊ីនធឺណិត» ដែលមានទំនាក់ទំនងជាមួយរុស្ស៊ី

2026/07/14 02:22:44 am        65
 នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ សហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មលើបុគ្គល ៩នាក់ និងអង្គភាពចំនួន ៤ ដែលខ្លួនបានចោទប្រកាន់ថា បានរួមចំណែកដល់សកម្មភាពតាមប្រប័ន្ធ​អ៊ីនធឺណិតដែលមានទំនាក់ទំនងជាមួយរុស្ស៊ី ដោយកំណត់គោលដៅលើប្លុក រដ្ឋជាសមាជិករបស់​ប្លុក​ និងដៃគូអន្តរជាតិ​។ក្រុមប្រឹក្សាអឺរ៉ុប បានឱ្យដឹង​ថា ទណ្ឌកម្មទាំងនេះផ្តោតលើមន្ត្រីចារកម្មយោធារុស្ស៊ី (GRU) ឧក្រិដ្ឋជនតាមប្រព័ន្ធ​អ៊ីនធឺណិត ក្រុម​ចោរព័ត៌មាន​វិទ្យា​ស្វ័យ​ប្រកាស និងក្រុមហ៊ុនឯកជន ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងប្រតិបត្តិការតាមអ៊ីនធឺណិត ដែលមានគោលបំណងធ្វើឱ្យ EU អស្ថិរភាព។ប្លុកនេះបាន​បញ្ជាក់​ថា វិធានការទាំងនេះត្រូវបានដាក់ចេញ ជាការឆ្លើយតបទៅនឹងសកម្មភាពតាមប្រព័ន្ធ​អ៊ីនធឺណិតជាច្រើនត្រូវបានអនុវត្តតាមរយៈអ្វីដែលខ្លួនបានពិពណ៌នាថា ជាប្រព័ន្ធអេកូឡូស៊ីតាមអ៊ីនធឺណិត​ជាប់​ជាមួយរុស្ស៊ី ដែលពាក់ព័ន្ធនឹងតួអង្គរដ្ឋ និងមិនមែនរដ្ឋ។យោងតាមសហភាពអឺរ៉ុប បាន​ឱ្យដឹង​ទៀត​ថា បុគ្គល និងអង្គភាពដែលរង​ទណ្ឌកម្ម បានរួមចំណែកដល់ប្រតិបត្តិការតាមអ៊ីនធឺណិតដែលប៉ះពាល់ដល់សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបណ្តាញរដ្ឋាភិបាល ដែលបណ្តាលឱ្យមានការរំខាន និងការខាតបង់ផ្នែកហិរញ្ញវត្ថុ។ប្លុកនេះក៏បានចោទប្រកាន់សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ថា គ្រប់គ្រងក្រុមគំរាមកំហែងតាមអ៊ីនធឺណិតជាច្រើន រួមទាំង TURLA ផង​ដែរ​ ហើយ​អនុវត្តចារកម្មតាមអ៊ីនធឺណិត និងប្រតិបត្តិការរំខានប្រឆាំងនឹងគោលដៅអឺរ៉ុប។ EU បាន​ឱ្យដឹងថា សមាជិក រួមមានប្រទេសបារាំង អាល្លឺម៉ង់ ប៉ូឡូញ ស៊ីប ហូឡង់ អូទ្រីស ស្លូវ៉ាគី រ៉ូម៉ានី និងហ្វាំងឡង់ បានរងផលប៉ះពាល់ដោយសកម្មភាពតាមអ៊ីនធឺណិតដែលមានទំនាក់ទំនងជាមួយរុស្ស៊ី៕

បារាំងបញ្ជូនយន្តហោះទម្លាក់ទឹកទៅជួយ​ពន្លត់ចំហេះព្រៃ នៅ​ក្រៅក្រុងប៉ារីស

2026/07/14 02:14:56 am        59
យន្តហោះពន្លត់អគ្គិភ័យ នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បានប្រយុទ្ធជាលើកទី២ ដើម្បីទប់ស្កាត់ចំហេះ​ព្រៃដែលអាចត្រូវ​បាន​បង្កឡើងដោយចេតនា នៅក្នុងព្រៃ នៅភាគខាងត្បូងនៃ​ទីក្រុងប៉ារីស ដោយការ​ឆាប​ឆេះ​នេះ​បានបង្ខំឱ្យមានការជម្លៀសអ្នកស្រុក​ ខណៈដែលតំបន់នេះកំពុងជួប​ប្រទះ​នឹង​រលកកម្ដៅ​ចុងក្រោយបង្អស់​។អណ្ដាត​ភ្លើង​បានឆាបឆេះឡើង​កាល​ពី​ថ្ងៃទី១២ ខែកក្កដា ក្នុងព្រៃលាត​សន្ធឹង​វែង​អន្លាយ​ Fontainebleau ចម្ងាយប្រហែល ៦០​គីឡូម៉ែត្រ នៅ​ភាគអាគ្នេយ៍នៃរដ្ឋធានី ជាតំបន់អភិរក្សបរបាញ់របស់រាជវង្ស ដែលសព្វថ្ងៃនេះមានទៅ​ដោយ​​ភូមិស្ថប់​ស្ងាត់ជាច្រើន។ ចំហេះ​នេះ​បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយរំខានដល់ចរាចរណ៍ផ្លូវដែក និងតាម​ផ្លូវថ្នល់។នៅព្រឹក​ថ្ងៃទី១៣ ខែកក្កដានេះ ការ​ឆាបឆេះ​ព្រៃដ៏កម្រ​មាន នៅភាគខាងជើងនៃប្រទេសនេះ​ បានរាលដាលពាសពេញផ្ទៃដី ៨០០ហិកតា ជាតំបន់ធំជាង ​​ Gibraltar ដែល​ដែន​ដី​របស់ចក្រអង់គ្លេស នៅ​ឯ​នាយ​សមុទ្រ​​។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បាននិយាយថា អាជ្ញាធរកំពុងស្វែងយល់ពីលទ្ធភាពដែលចំហេះ​ព្រៃនេះ ត្រូវបានបង្កឡើងដោយចេតនា។ លោក​បាន​បញ្ជាក់​​ថា «មាន​ចំណុច​ធ្វើ​ឱ្យ​​ភ្លើងឆាបឆេះ ប្រហែល ១០កន្លែង​ ក្នុង​រង្វង់​ចម្ងាយ ១.០០០ម៉ែត្រ ដែល​បង្ហាញ​ថា ​វា​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ចេតនា»។អាជ្ញាធរ​បាន​ប្រញាប់ប្រញាល់បញ្ចូន​​យន្តហោះ​ពន្លត់​អគ្គិភ័យ ​ដើម្បី​ជួយ​ពន្លត់​អណ្តាតភ្លើង ជា​លើក​ដំបូង​ដែល​យន្តហោះ​បែប​នេះ ​ត្រូវ​បាន​ប្រើប្រាស់​នៅ​តំបន់​ប៉ារីស។យន្តហោះ Canadair ចំនួន​ ២​គ្រឿង ​បាន​ចូលរួម​ក្នុងប្រតិបត្តិ​ការ​​​នៅ​ថ្ងៃទី១៣ ខែកក្កដានេះ​ ដោយ​យក​ទឹក​ពី​ទន្លេ Seine ដើម្បី​ពន្លត់​អណ្តាតភ្លើង៕

ចិនបញ្ជាក់ជាថ្មីនូវការអំពាវនាវឱ្យមានការឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយ «សេរី និងសុវត្ថិភាព»

2026/07/14 01:50:59 am        98
នាថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់ខ្លួន សម្រាប់ការឆ្លង​កាត់​ដោយ​ «សេរី» និង «សុវត្ថិភាព» តាម​រយៈ​ច្រកសមុទ្រ Hormuz ស្រប​ពេលមានការវាយប្រហារគ្នា​ដោយ​យោធាឡើងវិញ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារ​ព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ច្រកសមុទ្រ Hormuz គឺជាច្រកសមុទ្រ សម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិ។ ការចាប់ផ្ដើម​ឆ្លងកាត់ដោយសេរី និងសុវត្ថិភាព នៅក្នុងច្រកសមុទ្រនេះ ឱ្យបាន​ឆាប់​តាម​ដែល​អាច បម្រើជា​ផលប្រយោជន៍ដល់​ភាគីទាំងអស់»។ លោក Lin បានបន្ថែម​ថា ការឆ្លងកាត់ច្រកសមុទ្រនេះ គួរតែត្រូវបាន «ដោះស្រាយឱ្យបានត្រឹមត្រូវ»។សេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំងនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅ​ថ្ងៃចន្ទនេះ បានអះអាងពីការវាយប្រហារសងសឹកជា​ថ្មី​។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB បាន​ឱ្យដឹង​ថា កងឆ្មាំបដិវត្តន៍អ៊ិស្លាម បានលើកឡើង​ថា ខ្លួនបានកំណត់គោលដៅលើទីតាំងយោធាអាមេរិក នៅបារ៉ែន និងប្រព័ន្ធរ៉ាដា នៅប្រទេស​ជិតខាងអូម៉ង់។នៅ​មុននេះ យោធាអាមេរិកបានបញ្ជាក់​ថា ខ្លួន «បានបញ្ចប់ប្រតិបត្តិការវាយប្រហារបន្ត​បន្ទាប់​» លើ​អ៊ីរ៉ង់ហើយ​ ដោយកំណត់គោលដៅលើទីតាំងយោធារាប់សិបកន្លែង ជា​កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការបន្តវាយប្រហារការដឹកជញ្ជូនអន្តរជាតិតាមរយៈច្រកសមុទ្រ Hormuz៕

ការវាយប្រហាររបស់​អ៊ីស្រាអែល សម្លាប់មនុស្ស ៨នាក់ ខណៈ​អ្នកស្លាប់​នៅ​ហ្កាហ្សា លើស​ ៧៣.២០០នាក់

2026/07/14 01:48:30 am        87
ស្ថាប័ន​សុខាភិបាល បានឱ្យដឹង​នៅ​ថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះថា ជនជាតិប៉ាឡេស្ទីនចំនួន ៨នាក់ទៀត ត្រូវបានសម្លាប់ដោយការវាយ​ប្រហាររបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំ​ឱ្យចំនួនអ្នកស្លាប់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ឡើង​ដល់ ៧៣.២៣១នាក់។សេចក្តីថ្លែងការណ៍របស់ស្ថាប័នេះ បានបញ្ជាក់​ថា អ្នករងរបួស ៣២នាក់ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅក្នុងតំបន់នោះ ចាប់តាំងពីថ្ងៃអាទិត្យមក ដែលធ្វើឱ្យអ្នករងរបួសសរុប ក្នុងអំឡុងពេលដូចគ្នាកើនឡើងដល់ ១៧៣.៦៨៦នាក់។ស្ថាប័នសុខាភិបាល​នេះ​មិនបានបញ្ជាក់ពីស្ថានភាព​នៃអ្នកស្លាប់ថ្មីនោះទេ ដែលបានកើតឡើងទោះបីជាបទឈប់បាញ់ចូលជាធរមាន ចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក៏ដោយ។ស្ថាប័ននេះ​បានបន្ថែម​ថា ចាប់តាំងពីមាន​បទឈប់បាញ់​ ការវាយប្រហាររបស់អ៊ីស្រាអែលបានផ្ដាច់ជីវិត​មនុស្សចំនួន ១.១០៨នាក់ និងមាន​អ្នក​របួស ៣.៥៧៨នាក់ផ្សេងទៀត។សង្គ្រាមរបស់អ៊ីស្រាអែល នៅ​តំបន់ហ្កាហ្សា ក៏បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយផងដែរ ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រហែល ៩០ភាគរយ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM