លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ អ៊ីរ៉ង់កំពុងស្វះស្វែងដើម្បីប្រែក្លាយជម្លោះយោធាជាមួយអាមេរិក ទៅជាជម្លោះសេដ្ឋកិច្ច

2026/07/14 12:09:46 am        85
លោក Mehran Kamrava សាស្ត្រាចារ្យរដ្ឋាភិបាលនៅសាកលវិទ្យាល័យ Georgetown ក្នុងប្រទេសកាតា បានប្រាប់ទូរទស្សន៍ CNNថា ដោយសារតែខ្វះសមភាពយោធាក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក និង អ៊ីស្រាអែល អ៊ីរ៉ង់កំពុងព្យាយាមប្រែក្លាយជម្លោះយោធាទៅជាជម្លោះសេដ្ឋកិច្ច ដោយរក្សាការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស។ អ្នកជំនាញរូបនេះ បាននិយាយថា៖«អ៊ីរ៉ង់ដឹងយ៉ាងច្បាស់អំពីការពិតដែលថា ខ្លួនមិនអាចប្រៀបធៀបជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលខាងយោធាបានទេ។ ដូច្នេះ ខ្លួនកំពុងព្យាយាមប្រែក្លាយជម្លោះពីជម្លោះយោធា ទៅជាជម្លោះសេដ្ឋកិច្ច»។ លោកបានបន្ថែមថា អ៊ីរ៉ង់ប្តេជ្ញារក្សាច្រកសមុទ្រហ័រមូសជាប្រភពនៃឥទ្ធិពល ហើយខ្លួនទទួលបានជោគជ័យក្នុងវិធីខ្លះក្នុងការធ្វើដូច្នេះ»។សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ក្នុងចំណោមមន្ត្រីអ៊ីរ៉ង់ផ្សេងទៀត មេដឹកនាំកំពូល លោក Ali Khamenei ត្រូវបានសម្លាប់ ដោយសារការវាយប្រហារតាមអាកាស។ កាលពីខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU ) ដែលរាប់បញ្ចូលបទឈប់បាញ់ជាបន្ទាន់នៅគ្រប់ទិសទី រួមទាំងនៅលីបង់ផងដែរ។ ក្រោយមក កិច្ចចរចាត្រូវបានធ្វើឡើង នៅរមណីយដ្ឋាន Burgenstock របស់ប្រទេសស្វ៊ីស ដោយកាតា និងប៉ាគីស្ថានដើរតួជាអ្នកសម្របសម្រួលក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ។ យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយប៉ាគីស្ថាន និងកាតា បន្ទាប់ពីការបញ្ចប់កិច្ចចរចាជុំទី១ កិច្ចប្រជុំរវាងតំណាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើឡើង ក្នុងបរិយាកាសវិជ្ជមាន និងស្ថាបនា វឌ្ឍនភាពវិជ្ជាមានត្រូវបានសម្រេច និងមូលដ្ឋានសម្រាប់ការពិគ្រោះយោបល់បច្ចេកទេសបន្ថែមទៀត ត្រូវបានដាក់ចេញ។ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ០៨ ខែកក្កដា សហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយចោទប្រកាន់ថា បានរំលោភលើកិច្ចព្រមព្រៀងពីមុនរបស់ពួកគេ ជាពិសេសទាក់ទងនឹងច្រកសមុទ្រហ័រ មូស៕

រលកកម្ដៅប្រហែល​ជាបាន​​បណ្តាលឱ្យមនុស្សស្លាប់ជាង ២.៧០០នាក់ នៅប្រទេសអង់គ្លេស និងវែលស៍

2026/07/13 11:49:53 pm        75
រលកកម្ដៅនៅរដូវក្តៅនេះប្រហែលជាបាន​បណ្តាលឱ្យមានមនុស្សស្លាប់ជាង ២.៧០០នាក់ នៅក្នុងប្រទេសអង់គ្លេស និងវែលស៍។តួលេខ​នោះ​គឺ​យោងតាមការប៉ាន់ស្មានដែលបានចេញផ្សាយនៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦)​ នេះ​ ដោយអ្នកស្រាវជ្រាវនៅស្ថាប័នមួយ​ចំនួន ដូចជា​ Imperial College London, UK Met Office និង London School of Hygiene & Tropical Medicine។ក្រុមអ្នកស្រាវជ្រាវបានលើកឡើង​ថា បម្រែបម្រួល​អាកាសធាតុបានជំរុញឱ្យសីតុណ្ហភាពកើនឡើង ចន្លោះពី ៣ ទៅ ៤អង្សាសេ ពោល​គឺ​ខ្ពស់ជាងពេលណាៗទាំងអស់ ជាផលប៉ះពាល់តែ​មួយគត់​​ ដែលរួម​ចំណែក​ចំពោះការ​កត់ត្រា​ការស្លាប់ជាង ៤០​ភាគរយ។លោកស្រី Clair Barnes សហការីស្រាវជ្រាវផ្នែកអាកាសធាតុអាក្រក់ខ្លាំង​ និងបម្រែបម្រួល​អាកាសធាតុនៅស្ថាប័ន​ Imperial College London បានបញ្ជាក់​ថា៖ «រលកកម្ដៅ គឺជាប្រភេទអាកាសធាតុអាក្រក់​ដ៏គ្រោះថ្នាក់បំផុត។ កម្ដៅខ្លាំងនេះដែលយើងប្រឈមនាពេល​នេះ ដោយសារតែបម្រែបម្រួល​​អាកាសធាតុបង្កឡើងដោយមនុស្ស គឺមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស»។ក្រុមអ្នកស្រាវជ្រាវបានបញ្ចូលទិន្នន័យប្រវត្តិសាស្ត្រ ស្តីពីទំនាក់ទំនងរវាងកម្ដៅ និងអត្រាមរណភាពជាមួយនឹងទិន្នន័យសីតុណ្ហភាព ដើម្បីប៉ាន់ប្រមាណចំនួនអ្នកស្លាប់ ក្នុងអំឡុងពេលមាន​រលកកម្ដៅចុងក្រោយបង្អស់​។នៅអង់គ្លេស កំណត់ត្រាជាតិសម្រាប់ខែឧសភា ត្រូវបានកំណត់​នៅពេលដែលសីតុណ្ហភាពឡើងដល់ ៣៥,១អង្សាសេ នៅតំបន់​ Kew Gardens នៅភាគនិរតីនៃទីក្រុងឡុងដ្រ៍។ យោងតាមអ្នកនិពន្ធនៃការសិក្សានេះ បាន​ឱ្យដឹង​ថា កម្ដៅ​មុនរដូវក្តៅ​ដែល​មិនធ្លាប់មានពីមុន បានបណ្តាលឱ្យមានអ្នក​ស្លាប់ប្រហែល ៥៥០នាក់។ នៅខែមិថុនា សីតុណ្ហភាពក្ដៅ​ខ្លាំង​បំផុតរយៈពេល ៣ថ្ងៃជាប់គ្នា សម្រាប់ខែនោះ បានឡើងដល់កម្រិតលើសពី ៣៧អង្សាសេ នៅតំបន់​ East Anglia ដែលនាំឱ្យមានការស្លាប់បន្ថែមទៀតប្រមាណ ២.២០០នាក់៕

ចិនរិះគន់ចក្រភពអង់គ្លេស ជុំវិញសេចក្តីថ្លែងការណ៍រួម ស្តីពីសមុទ្រចិនខាងត្បូង

2026/07/13 11:45:56 pm        69
ស្ថានទូតចិនប្រចាំចក្រភពអង់គ្លេស បានឱ្យដឹង​កាលពីថ្ងៃអាទិត្យ (ទី១២ ខែកក្កដា ឆ្នាំ២០២៦) ថា ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍រួមដែលចេញដោយចក្រភពអង់គ្លេស និងប្រទេសដទៃទៀត ១០ឆ្នាំបន្ទាប់ពីមាន​នូវ​អ្វីដែលហៅថា «សេចក្តីសម្រេចអាជ្ញាកណ្តាល ស្ដីពី​សមុទ្រចិនខាងត្បូង»។អ្នកនាំពាក្យស្ថានទូត បានបញ្ជាក់​ថា សេចក្តីថ្លែងការណ៍នេះមិនអើពើនឹងការពិតជាមូលដ្ឋាននៃសមុទ្រចិនខាងត្បូង ហើយបានគាំទ្រ «សេចក្តីសម្រេច» ខុសច្បាប់ ទុកជាមោឃភាព​ និងគ្មានប្រសិទ្ធភាព បានផ្ដល់​ជា​បញ្ហា​ប្រឈម​ដល់​អធិបតេយ្យទឹកដី សិទ្ធិ និងផលប្រយោជន៍សមុទ្ររបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង និងរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។អ្នកនាំពាក្យរូបនេះបានបន្ថែមថា អ្វីដែលហៅថា «សេចក្តីសម្រេច» បានរំលោភលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបានរំលោភលើសុចរិតភាព និងសិទ្ធិអំណាចនៃអនុសញ្ញាអង្គការសហប្រជាជាតិ (UN) ស្តីពីច្បាប់សមុទ្រ។អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសចិនបានបញ្ជាក់តាំងពីដំបូង​មក​ម៉្លេះ​ថា ខ្លួនមិនទទួលយក ឬទទួលស្គាល់ «សេចក្តីសម្រេច» នេះឡើយ​ ហើយប្រទេសចិនក៏មិនទទួលយកការអះអាង​សិទ្ធិ ឬសកម្មភាពណាមួយដែលផ្អែកលើសេចក្ដី​សម្រេច​នេះ​ដែរ។អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «ចក្រភពអង់គ្លេសមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ហើយគ្មានជំហរណាមួយក្នុងការធ្វើការកត់សម្គាល់ដោយមិនទទួលខុសត្រូវ លើអធិបតេយ្យទឹកដី សិទ្ធិ និងផលប្រយោជន៍សមុទ្ររបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូងនោះទេ»៕

ការស្លាប់របស់លោក Graham បង្កើត​ជា​ភាពមិន​ច្បាសលាស់​ពី​អ្នក​ស្នងតំណែង នៅរដ្ឋ South Carolina

2026/07/13 11:39:36 pm        77
ការស្លាប់ភ្លាមៗរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក​ Lindsey Graham មកពីរដ្ឋ South Carolina បានបង្កើតឱ្យ​មាន​ការលើក​ឡើង​យ៉ាង​ចម្រូង​ចម្រាសពីអ្នក​ស្នងតំណែង នៅក្នុងរដ្ឋដែលមាននិន្នាការអភិរក្សនិយមខ្លាំង ដោយ​បង្ក​ជា​ហានិភ័យ​ធ្វើ​ឱ្យ​មាន​ភាពវឹកវរក្នុង​ការ​ប្រកួតប្រជែង​ ដែល​មាន​រយៈពេលមិន​ដល់​ ៤ខែផង​ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ការិយាល័យរបស់លោក​បានឱ្យដឹង​ថា លោក Graham បានទទួលមរណភាពនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមាន​ «ជំងឺភ្លាមៗ និង​រយៈពេលខ្លី» ពោល​គឺ​ក្រោយ​ ២ថ្ងៃបន្ទាប់ពីបញ្ចប់​ពិធីខួបកំណើតគម្រប់វ័យ​ ៧១ឆ្នាំរបស់លោក​។ លោក​ត្រូវបានកំណត់ឱ្យឡើងតទល់​ប្រកួតប្រជែង​នឹងលោកស្រី Annie Andrews មកពីគណបក្សប្រជាធិបតេយ្យ ដែលជាគ្រូពេទ្យកុមារ នៅក្នុងខែវិច្ឆិកា។អភិបាលរដ្ឋ South Carolina លោក Henry McMaster អាចដាក់ឈ្មោះអ្នកជំនួស សម្រាប់អាណត្តិដែលនៅសល់របស់លោក Graham។ បន្ទាប់មក ច្បាប់បោះឆ្នោតរបស់​រដ្ឋ អំពាវនាវឱ្យមានការបោះឆ្នោតបឋមពិសេសមួយ ដោយបង្កើតការប្រកួតប្រជែងផ្ទៃក្នុងរបស់​គណបក្សដែលអាចជួយផ្តល់ឱ្យលោកស្រី Andrews នូវការ​មាន​ប្រៀប​។លោកប្រធានាធិបតី Donald Trump បាននិយាយកាល​ពី​ថ្ងៃទី១២ ខែកក្កដាថា លោក​មានបេក្ខជននៅក្នុងចិត្ត ដើម្បីឱ្យកាន់តំណែងនេះ​ ប៉ុន្តែនឹង​មិន​បង្ហាញ​ឈ្មោះពួកគេជាសាធារណៈទេ ព្រោះវាគឺ​ជារឿង​ «ឆាប់ពេក» ក្រោយ​ការស្លាប់របស់លោក Graham។ការស្លាប់របស់លោក Graham រួមផ្សំជាមួយនឹងការសម្រាកព្យាបាលនៅមន្ទីរពេទ្យយូររបស់លោក Mitch McConnell សមាជិកព្រឹទ្ធសភាបក្ស​សាធារណរដ្ឋ ប្រចាំ​រដ្ឋ​ Kentucky បានធ្វើឱ្យសំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋរួមតូច យ៉ាងហោចណាស់ ក៏​ក្នុងរយៈពេលខ្លីដែរ៕

តម្លៃ​ប្រេងហក់​ឡើង ៤%​ ខណៈការវាយប្រហារយោធាថ្មី គំរាមកំហែង​ការដឹកជញ្ជូន នៅច្រកសមុទ្រ Hormuz

2026/07/13 11:36:12 pm        37
តម្លៃប្រេងបានហក់​ឡើងជាង ៤ភាគរយ​ នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ខណៈការដឹកជញ្ជូនថាមពលឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែស្ថិតក្រោមការគំរាមកំហែង ដោយសារសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីការវាយប្រហារដោយ​យោធាឡើងវិញ។តម្លៃប្រេងឆៅ Brent បានឡើង ៣,១០ដុល្លារ ឬ ៤,០៨ភាគរយ ដោយ​ឡើង​ដល់ ៧៩,១១ដុល្លារ ក្នុង​មួយ​បារ៉ែល នៅម៉ោង ៣:២៥នាទី ម៉ោង​សកល​ ខណៈដែលប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានឡើង ២,៩៥ដុល្លារ ឬ ៤,១១% ដោយ​ឡើង​ ៧៤,៣៦ដុល្លារ ក្នុងមួយបារ៉ែល។បញ្ជាការកណ្តាលរបស់​សហរដ្ឋ​អាមេរិក បានឱ្យដឹង​ថា កងកម្លាំងអាមេរិក បានបញ្ចប់ការវាយប្រហារមួយផ្សេងទៀត លើ​អ៊ីរ៉ង់ កាល​ពី​ថ្ងៃអាទិត្យ ដោយបានវាយប្រហារគោលដៅរាប់សិបកន្លែងនៅទីតាំងជាច្រើន ជាមួយនឹងអាវុធ​ដែលមានភាពជាក់លាក់​។ ចំណែក​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឱ្យដឹង​នៅ​ថ្ងៃចន្ទនេះ​ថា ខ្លួន​បានវាយប្រហារមូលដ្ឋានយោធាអាមេរិក នៅប្រទេស​កូ​វ៉ែត និងបារ៉ែន។ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់​កាល​ពី​ថ្ងៃអាទិត្យថា ច្រកសមុទ្រ Hormuz បើកចំហ សម្រាប់ចរាចរណ៍ពាណិជ្ជកម្ម ទោះបីជាអ៊ីរ៉ង់បានប្រកាសនៅ​មុននេះ​ថា ខ្លួនបានបិទច្រកសមុទ្រនេះក៏ដោយ បន្ទាប់ពីនាវា ១គ្រឿង បានធ្វើដំណើរលើផ្លូវដែលមិនត្រូវបានអនុម័ត ហើយ​ត្រូវបានវាយប្រហារ។ការវាយប្រហារកាន់តែខ្លាំងឡើងៗ​នេះ បានបង្កឱ្យមានភាព​មិន​ច្បាស់លាស់​បន្ថែមទៀត ចំពោះ​អនាគតនៃកិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានចុះហត្ថលេខាកាលពីខែមុន ជា​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ដែលមានគោលបំណងបើកច្រកសមុទ្រនេះ​ឡើងវិញ និងបញ្ចប់សង្គ្រាម ក្រោយ​ការចរចារយៈពេល ៦០​ថ្ងៃបន្ថែមទៀត៕

សម្ព័ន្ធមិត្តនឹងរួប​រួម​ជំនួយការពារដែនអាកាសបន្ថែមទៀតឱ្យ​អ៊ុយក្រែន ខណៈសន្ទុះសមរភូមិផ្លាស​ប្ដូរ​

2026/07/13 11:28:28 pm        65
សម្ព័ន្ធមិត្តលោកខាងលិច នឹងប្រឹង​ប្រែង​ធានាការប្តេជ្ញាចិត្តផ្ដល់​ប្រព័ន្ធ​ការពារដែនអាកាសបន្ថែមទៀត សម្រាប់​អ៊ុយក្រែន នៅពេលដែលថ្នាក់​ដឹក​នាំ​ ជួបជុំ​គ្នានៅទីក្រុងប៉ារីស នាថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ខណៈដែលកង្វះខាតបានធ្វើឱ្យប្រទេសនេះងាយ​រង​គ្រោះ​កាន់តែខ្លាំងឡើង ដោយសារ​មីស៊ីលបាលីស្ទិក​របស់រុស្ស៊ី ទោះបីជាមានការផ្លាស់ប្តូរសន្ទុះថ្មីៗនៅសមរភូមិក៏ដោយ។ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងចូលរួមជាមួយ​មេដឹកនាំយ៉ាងហោចណាស់ ២៥រូប សម្រាប់កិច្ចប្រជុំសម្ព័ន្ធឆន្ទៈរួម​ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដែលរួមមានការដាក់បញ្ចូលគ្នានូវជំហររួមមួយ ដែលអាចបង្ហាញ​ទៅរុស្ស៊ី និងការធានាសន្តិសុខ ដើម្បីគាំទ្រកិច្ចព្រមព្រៀងសន្តិភាពណាមួយ។កិច្ចប្រជុំ នៅ​ថ្ងៃទី១៣ ខែកក្កដានេះ​ បានកើតឡើងក្រោយ​ប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលអង្គការ​ណាតូ (NATO) ដែលមានគោលបំណងបង្ហាញពីឯកភាពឆ្លងមហាសមុទ្រអាត្លង់ទិក និងការគាំទ្ររយៈពេលវែងសម្រាប់អ៊ុយក្រែន។មន្ត្រី បានលើក​ឡើង​ថា កាល​ពី​ថ្ងៃទី១១ ខែកក្កដា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូន លើអ៊ុយក្រែន ដោយបានបណ្ដាល​ឱ្យ​មនុស្ស ៨នាក់ស្លាប់​ និងរាប់សិបនាក់ទៀតរង​របួស ខណៈដែលលោក Zelenskyy បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់អាវុធដល់ទីក្រុងគីវឱ្យកាន់​តែ​លឿន។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន​ Ouest-France កាល​ពី​ថ្ងៃទី១២ ខែកក្កដា រដ្ឋមន្ត្រីការបរទេស លោក Jean-Noel Barrot បាននិយាយថា៖ «មីស៊ីលបាលីស្ទិក​ដែលបាញ់ដោយ (ប្រធានាធិបតីរុស្ស៊ី) លោក Vladimir Putin កំពុងកំណត់គោលដៅតំបន់ស៊ីវិលដោយចេតនា ហើយមិថុនា គឺជាខែមួយក្នុងចំណោមខែមាន​អ្នក​ស្លាប់​ច្រើន​បំផុត​ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម»។ប្រទេស​រុស្ស៊ីប្រាប់​ថា ខ្លួនវាយប្រហារតែគោលដៅពាក់ព័ន្ធនឹងយោធាប៉ុណ្ណោះ ហើយបដិសេធថា ខ្លួន​មិនបានកំណត់គោលដៅជនស៊ីវិលឡើយ៕

CENTCOM៖អាមេរិកប្រើប្រាស់យានដ្រូនរបស់កងទ័ពជើងទឹកជាលើកដំបូងក្នុងការវាយប្រហារថ្មីលើអ៊ីរ៉ង់

2026/07/13 11:23:08 pm        80
កងកម្លាំងយោធាសហរដ្ឋអាមេរិកបានប្រើប្រាស់យានដ្រូនរបស់កងទ័ពជើងទឹកវាយប្រហារអ៊ីរ៉ង់ជាលើកដំបូង។ នេះបើយោងតាមការបញ្ជាក់របស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។បញ្ជាការកណ្តាលនេះ បាននិយាយនៅលើបណ្តាញសង្គម X ថា កងកម្លាំងសហរដ្ឋអាមេរិកមិនត្រឹមតែបានប្រើប្រាស់យានដ្រូនតាមអាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រើប្រាស់យានដ្រូនអត្តឃាតវាយប្រហារតាមសមុទ្រ ជាលើកដំបូង»ផងដែរ។ ព័ត៌មានអំពីទំហំនៃការប្រើប្រាស់ និងប្រសិទ្ធភាពនៃការវាយប្រហារជាមួយនឹងអាវុធដែលបានរៀបរាប់ខាងលើ មិនទាន់ត្រូវបានផ្តល់ជូននៅឡើយទេ។CENTCOM ក៏បានអះអាងជាថ្មីថា អ៊ីរ៉ង់មិនគ្រប់គ្រងច្រកសមុទ្រហ័រមូសទេ៕

រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប សង្ឃឹមថានឹងឈានដល់ការឯកភាពគ្នាចំពោះទណ្ឌកម្មចុងក្រោយលើរុស្ស៊ី

2026/07/13 11:17:00 pm        58
លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបបាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុប ពុំទាន់បានឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី២១ដ៏ទូលំទូលាយប្រឆាំងនឹងប្រទេសរុស្ស៊ីនៅឡើយទេ ប៉ុន្តែអាចនឹងសម្រេចនៅថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ ដើម្បីបន្ថែមបុគ្គល និងអង្គភាពចំនួន២៥០ ទៅក្នុងបញ្ជីទណ្ឌកម្មលើប្រទេសរុស្ស៊ី។លោកស្រី Kallas បាននិយាយមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលថា «យើងសង្ឃឹមថានឹងទទួលបានការព្រមព្រៀងគ្នាលើបញ្ជីទណ្ឌកម្មលើបុគ្គលនិងអង្គភាពចំនួន២៥០ នេះគឺជាចំនួនច្រើនបំផុតដែលយើងមិនធ្លាប់បានធ្វើរហូតមកដល់ពេលនេះ»។លោកស្រីបាននិយាយបន្ថែមថា «នៅពេលនិយាយអំពីកញ្ចប់ទី២១ នៅតែមានសំណួរបើកចំហមួយចំនួន»។ រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Kestutis Budrys បាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុបពុំទាន់ឈានដល់ការសម្រេចលើការហាមឃាត់សេវាតាមផ្លូវសមុទ្រដែលបានស្នើឡើង និងការរឹតបន្តឹងលើឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ីនៅឡើយទេ។

អង្គការ UNICEF ៖ កុមារអាហ្វហ្គានីស្ថាន៣,៧លាននាក់ប្រឈមហានិភ័យខ្ពស់នៃកង្វះអាហារូបត្ថម្ភ

2026/07/13 11:09:02 pm        65
យោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បានលើកឡើងពីការព្រួយបារម្ភថា កុមារអាយុក្រោម ៥ ឆ្នាំចំនួន ៣,៧ លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានប្រឈមនឹងហានិភ័យខ្ពស់នៃកង្វះអាហារូបត្ថម្ភ។របាយការណ៍នេះបានបញ្ជាក់ពីភាពអសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់កុមារជាកត្តាជំរុញចម្បងនៃកង្វះអាហារូបត្ថម្ភ ដោយព្រមានថារបបអាហារមិនល្អ និងការកើនឡើងអសន្តិសុខស្បៀងកំពុងជំរុញឱ្យកុមារតូចៗដែលងាយរងគ្រោះខិតទៅជិតស្ថានភាពគំរាមកំហែងដល់អាយុជីវិត។របាយការណ៍បាននិយាយថា កត្តាជាច្រើនដែលធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើងគឺកត្តារួមមានការផ្ទុះឡើងជំងឺដដែលៗ ការចាក់វ៉ាក់សាំងទាប សេវាទឹកនិងអនាម័យមិនគ្រប់គ្រាន់ ព្រមទាំងគម្លាតមូលនិធិ និងការផ្គត់ផ្គង់។ការរកឃើញនេះបង្ហាញពីសញ្ញាព្រមានដំបូងដូចជា ភាពចម្រុះនៃរបបអាហារដែលថយចុះ ការមិនទទួលបានអាហារ និងកុមារទទួលទានតិចជាងតម្រូវការអាហារូបត្ថម្ភរបស់ពួកគេ។ លោក Tajudeen Oyewale អ្នកតំណាងអង្គការ UNICEF ប្រចាំប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា «កុមារតូចៗនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកំពុងត្រូវបានជំរុញឱ្យខិតជិតដល់កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ»។

យានដ្រូនប្រហែល៣០០គ្រឿងត្រូវបានបង្ហោះទៅកាន់តំបន់ទីក្រុងមូស្គូរយៈពេល ២៤ ម៉ោងកន្លងទៅនេះ

2026/07/13 11:06:31 pm        80
លោក Sergei Sobyanin អភិបាលក្រុងមូស្គូបាននិយាយកាលពីថ្ងៃអាទិត្យថា យានដ្រូនប្រហែល ៣០០ គ្រឿងត្រូវបានបង្ហោះទៅកាន់តំបន់ទីក្រុងមូស្គូក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។អភិបាលក្រុងបាននិយាយថា យានដ្រូនភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសនៅចម្ងាយឆ្ងាយមុនពេលទៅដល់តំបន់គោលដៅ ហើយយានដ្រូនចំនួន ៤៥ គ្រឿងត្រូវបានបាញ់ទម្លាក់នៅពេលដែលវាខិតជិតទីក្រុងមូស្គូ។យោងតាមសារព័ត៌មាន TASS ដែលផ្អែកលើទិន្នន័យចេញផ្សាយដោយ Sobyanin បានឲ្យដឹងថា យានដ្រូនរបស់សត្រូវដែលបានប៉ុនប៉ងវាយប្រហារលើទីក្រុងមូស្គូក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ គឺជាការវាយប្រហារទ្រង់ទ្រាយធំបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM