លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

អារ៉ាប់រួមអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនឆ្លើយតបនឹងការគំរាមកំហែងមីស៊ីល

2026/07/12 08:03:12 pm        119
ក្រសួងការពារជាតិអារ៉ាប់រួមនិយាយនៅថ្ងៃអាទិត្យនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានឆ្លើយចំពោះការគំរាមកំហែងមីស៊ីល ក្រោយរដ្ឋមួយចំនួនក្នុងតំបន់ឈូងសមុទ្រ រងការវាយប្រហារ ។អារ៉ាប់រួមនិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានចូលរួមបាញ់ស្កាត់មីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង ហើយប្រទេសកាតា បាននិយាយផងដែរថា ពួកគេបានបាញ់ស្កាត់ការវាយប្រហារមីស៊ីល ខណៈស៊ីរ៉ែនប្រកាសអាសន្ន បានបន្លឺឡើងនៅប្រទេសបារ៉ែន ហើយសំឡេងផ្ទុះ បានឮនៅទីក្រុង Doha ។គួរឲ្យដឹងថា យោធាសហរដ្ឋអាមេរិក បានបើកការវាយប្រហារសារជាថ្មីលើអ៊ីរ៉ង់ ក្រោយពេលទីក្រុងតេអេរ៉ង់ វាយប្រហារនាវាដឹកកុងតឺន័រមួយគ្រឿងនៅថ្ងៃអាទិត្យនេះ មុនពេលពួកគេនិយាយថា ពួកគេបានបិទច្រកសមុទ្រ Hormuz ម្តងទៀត ។សង្រ្គាមផ្ទុះឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើឲ្យអស្ថិរភាពតំបន់ឈូងសមុទ្រ ខណៈការបិទច្រកដោយប្រសិទ្ធិភាពរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz បានធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្កក្តីបារម្ភដល់ភាពយឺតយ៉ាវនៃសេដ្ឋកិច្ច ។ខណៈពេលនោះដែរ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth និយាយថា អ៊ីរ៉ង់បានធ្វើការសម្រេចចិត្តអន់ ឥឡូវពួកគេទទួលបានការតបស្នងវិញហើយ ៕

កងទ័ពជើងទឹកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់៖ ច្រកសមុទ្រ Hormuz បានបិទរហូតដល់មានការជូនដំណឹងបន្ថែមទៀត

2026/07/12 07:47:45 pm        94
កងទ័ពជើងទឹកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍នាព្រឹកថ្ងៃអាទិត្យនេះថា ពួកគេបានបិទច្រកសមុទ្រ Hormuz រហូតដល់មានការជូនដណឹងបន្ថែមទៀត ក្រោយការបាញ់ព្រមាននាវាដែលពួកគេនិយាយថា បានព្យាយាមឆ្លងកាត់ផ្លូវពុំអនុញ្ញាត ។ពួកគេនិយាយថា នៅក្នុងសេចក្តីថ្លែងការណ៍លើកមុនរបស់ពួកយើង ពួកយើងបាននិយាយថា ការជ្រៀតជ្រែកបរទេស និងការកំណត់ផ្លូវដឹកជញ្ជូនខុសច្បាប់នៅច្រកសមុទ្រ Hormuz នឹងឈានដល់ការឆ្លើយតបដ៏ម៉ឺងម៉ាត់របស់ពួកយើង ហើយនិងធ្វើឲ្យអាក់ខានដល់និន្នាការបង្កើនការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រមួយនេះ ។ពួកគេបន្តថា កាលពីរយៈពេលប៉ុនា្មនម៉ោងមុន ការព្រមានទាំងនេះ ពុំត្រូវបានអើពើ ហើយជាមួយការបង្កហេតុរបស់ជនបរទេស នាវាជាច្រើនគ្រឿង ប៉ុនប៉ងធ្វើដំណើរឆ្លងកាត់តាមផ្លូវពុំអនុញ្ញាត ហើយពុំបានគោរពការព្រមានរបស់ពួកយើង ការបាញ់ព្រមានត្រូវបានធ្វើឡើង ។ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមបន្តកិច្ចពិភាក្សា បើទោះបីជាអរិភាពកើនឡើងក្នុងសប្តាហ៍នេះក៏ដោយ ខណៈពេលដែលរូបលោកប្រកាសផងដែរ ការបញ្ចប់បទឈប់បាញ់រវាងប្រទេសទាំង ២ ។សូមបញ្ជាក់ថា ប្រហែល ១ភាគ ៥នៃការផ្គត់ផ្គង់ប្រេងសកល បានឆ្លងកាត់ច្រកសមុទ្រ Hormuz មុនពេលសង្រ្គាម ហើយការបិទដោយប្រសិទ្ធិភាពច្រកសមុទ្រមួយនេះរបស់អ៊ីរ៉ង់ បណ្តាលឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្កឲ្យកើតមានអតិផរណាសកល ៕

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា នាវាទី ២ រងការវាយប្រហារនៅច្រកសមុទ្រ Hormuz

2026/07/12 07:31:16 pm        109
កងកម្លាំងបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់(IRGC) និយាយថា ពួកគេបានវាយប្រហារនាវាទី ២ នៅក្នុងច្រកសមុទ្រ Hormuz ហើយពួកគេបានវាយប្រហារផងដែរ មូលដ្ឋានយុទ្ធសាស្រ្តសហរដ្ឋអាមេរិកនៅទីក្រុង Al Udeid ប្រទេសកាតា ដោយប្រើប្រាស់មីស៊ីលបាលីស្ទិក ។ពួកគេអះអាងថា ពួកគេបានបំផ្លាញមជ្ឈមណ្ឌលថែទាំយន្តហោះចម្បាំង កន្លែងបញ្ជា និងត្រួតពិនិត្យ និងឃ្លាំងយានដ្រូននៅមូលដ្ឋានទ័ពក្នុងប្រទេសហ្ស៊កដានី និងមានគោលដៅលើមូលដ្ឋានទ័ពនៅប្រទេសគូវ៉ែតផងដែរ ។កងឆ្មាំ IRGC និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សត្រូវអាមេរិក-អ៊ីស្រាអែល គួរដឹងថា ការបន្តការឈ្លានពានរបស់ពួកគេ នឹងឈានទៅរកការឆ្លើយតបកម្ទេចខ្លាំងក្លាជាងនេះ ។ ប្រយុទ្ធ ដើម្បីឲ្យពួកយើងអាចប្រយុទ្ធបាន ។ខណៈពេលនោះដែរ ប្រធានាធិបតីសហរដ្ឋអាមរិកលោក Donald Trump បានបង្កើនវោហាសាស្ត្រដាក់សម្ពាធភាគីជម្លោះអ៊ីរ៉ង់ ដោយរូបលោកបានគំរាមកំហែង នៅក្នុងសារលើបណ្ដាញព័ត៌មានសង្គម Truth Social ថា នឹងបំផ្លាញអ៊ីរ៉ង់ទាំងស្រុង ប្រសិនបើប្រទេសនេះព្យាយាម ឬធ្វើឃាតលោកដោយជោគជ័យ ។ ការគំរាមកំហែងនេះ បានកើតឡើងមួយថ្ងៃបន្ទាប់រូបលោក បានយល់ព្រមចរចាបន្ថែមជាមួយអ៊ីរ៉ង់ ទោះបីជាលោកបានលើកឡើងម្តងហើយម្តងទៀតថា បទឈប់បាញ់បានចប់ហើយក្ដី ពោលគឺត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ដើម្បីជំរុញសន្តិភាព ៕

មេដឹកនាំកំពូលអ៊ីរ៉ង់ សន្យាសងសឹកជូនលោកឪពុករបស់ខ្លួនដែលត្រូវបានគេសម្លាប់

2026/07/12 07:27:05 pm        102
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Mojtaba Khamenei និយាយថា ការសងសឹកជូនលោកឪពុករបស់ខ្លួន គឺជាតម្រូវការជាតិ ហើយត្រូវតែធ្វើឡើងពិតប្រាកដ ។ នេះបើយោងតាមសារដែលបានបញ្ចេញដោយទូរទស្សន៍រដ្ឋ ។លោក Khamenei បានចេញសារនេះនៅក្នុងឱកាសពិធីបុណ្យសពឪពុករបស់លោកគឺលោក Ayatollah Ali Khamenei ដែលបានរៀបចំឡើង រយៈពេលជាច្រើនខែ ក្រោយរូបលោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។លោកនិយាយនៅក្នុងសារថា ពួកយើងសន្យាសងសឹកចំពោះថ្លុកឈាមរបស់មេដឹកនាំដែលត្រូវបានគេសម្លាប់ និងទុក្ករបុគ្គលទាំងអស់នៃសង្រ្គាមរបស់ឧក្រិដ្ឋជន និងឃាតករ ។ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់ កាលពីថ្ងៃព្រហស្បតិ៍ លើហេដ្ឋារចនាសម្ព័ន្ធយោធារបស់សហរដ្ឋអាមេរិក នៅប្រទេសបារ៉ែន កូវ៉ែត កាតា និងហ្ស៊កដានី ដើម្បីសងសឹក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក ៕

ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ ៤.៣៣៣នាក់

2026/07/12 07:23:39 pm        67
ប្រធានសភាវេណេស៊ុយអេឡាលោក Jorge Rodriguez និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំនួនមនុស្សស្លាប់សរុបដោយសារការរញ្ជួយដីនៅវេណេស៊ុយអេឡា បានកើនឡើងដល់ ៤.៣៣៣នាក់ ។ចំណែកឯចំនួនមនុស្សរងរបួស ពុំបានផ្លាស់ប្តូរនោះទេ នៅត្រឹមចំនួន ១៦.៧៤០នាក់ដដែល ខណៈ មនុស្ស ៦.៤៦២នាក់ ត្រូវបានជួយសង្រ្គោះ ហើយមនុស្សប្រហែល ១៧.០០០នាក់ គ្មានផ្ទះសម្បែងរស់នៅ ។គួរឲ្យដឹងថា ការរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ គឺជាការរញ្ជួយដីធំបំផុតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាដែលបានវាយប្រហារ រយៈពេល ៣៩វិនាទីប៉ុណ្ណោះ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រលើកដំបូង ។ ទោះបីជាក្រុមជួយសង្គ្រោះបានបោះបង់ចោលការស្វែងរកអ្នករស់រានមានជីវិតក៏ដោយ សមាជិកគ្រួសារនៅតែបន្តស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេនៅក្នុងគំនរបាក់បែក ដោយសង្ឃឹមថានឹងបញ្ចុះសពពួកគេឲ្យបានសមរម្យ ។ កាលពីថ្ងៃសុក្រកន្លងទៅ ការរញ្ជួយដីកម្រិត ៣,០រ៉ិចទ័រនៅកណ្តាលទីក្រុងការ៉ាកាស បានបង្កឲ្យមានការភ័យខ្លាចផងដែរ និងនាំឲ្យមានការជម្លៀសមនុស្សចេញពីអគារមួយចំនួន ។ ទំហំនៃកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ប្រទេសវ៉េណេស៊ុយអេឡា ដែលសេវានានារបស់រដ្ឋត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារតែវិបត្តិសេដ្ឋកិច្ចយូរអង្វែង គឺមានភាពធំធេងខ្លាំង ។ ខណៈពេលនោះដែរ អង្គការសហប្រជាជាតិ(UN)បានចេញសេចក្តីអំពាវនាវបន្ទាន់មួយសុំជំនួយជិត ៣០០ លានដុល្លារសម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះរញ្ជួយដី ។ ដោយឡែក ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានអំពាវនាវឲ្យមានការបញ្ចេញទ្រព្យសកម្មដែលត្រូវបានបង្កកនៅបរទេស ដើម្បីយកមកប្រើប្រាស់សម្រាប់ការស្តារឡើងវិញ ។ លោកស្រីបាននិយាយថា លោកស្រីក៏បានស្នើសុំទៅចក្រភពអង់គ្លេសឲ្យបញ្ចេញមាសរបស់វ៉េណេស៊ុយអេឡាប្រហែល ៣០ តោនដែលត្រូវបានបង្កកក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ៕

ព្យុះទីហ្វុងទី២ ក្នុងរយៈពេល ១សប្តាហ៍ បានបោកបក់ដល់ដីគោកនៅប្រទេសចិន

2026/07/12 06:13:29 pm        76
ព្យុះទីហ្វុងដ៏ខ្លាំងក្លា Bavi បានបោកបក់ដល់ដីគោក នៅប្រទេសចិន ដែលជាព្យុះទី ២ ក្នុងរយៈ ១សប្តាហ៍ វាយប្រហារប្រទេសមួយនេះ ក្នុងនោះ មនុស្សជិត ២លាននាក់ ត្រូវបានជម្លៀសចេញពីតំបន់ស្ថិតនៅតាមផ្លូវរបស់ព្យុះ ។ ព្យុះទីហ្វុង Bavi ដែលលាតសន្ធឹងចម្ងាយ ១ពាន់គ.ម ដំបូងបានបោកបក់ដល់ទីក្រុងតំបន់ឆ្នេរ Taizhou កាលពីល្ងាចថ្ងៃសៅរ៍ មុនពេលបោកបក់ដល់ដីគោកជាលើកទី ២ នៅទីក្រុង Wenzhou កាលពីយប់រំលងអាធ្រាត្រ ។ ក្រោយបោកបក់ឆ្លងកាត់កោះដាច់ស្រយាលរបស់ជប៉ុន ព្យុះមួយនេះក៏បាននាំមកជាមួយភ្លៀងធ្លាក់ខ្លាំងនៅកោះតៃវ៉ាន់ ។ ចំណែកឯបំណាក់ដីបង្កឡើងដោយសារចំហាយព្យុះ បានសម្លាប់មនុស្ស ១៧នាក់ផងដែរនៅប្រទេសហ្វីលីពីន ។ បើទោះបីជាកម្លាំងរបស់វាថមថយមកនៅកម្រិតព្យុះត្រូពិកយ៉ាងណាក្តី វានៅតែមានហានិភ័យដដែល សម្រាប់ការភ្លៀងធ្លាក់ខ្លាំង ។ ក្រុមអាជ្ញាធរនិយាយថា ព្យុះ Bavi ត្រូវបានគេព្យាករថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគខាងកើត Zhejiang និងខេត្តភាគឦសាន Fujian នាថ្ងៃអាទិត្យនេះ ហើយការជម្លៀសខ្លួន ត្រូវបានធ្វើឡើង ។ ក្រុមអាជ្ញាធរនិយាយថា មនុស្សជាង ១,៧លាននាក់ ត្រូវបានជម្លៀសខ្លួននៅខេត្ត Zhejiang និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតនៅខេត្តជិតខាង ខណៈជើងហោះហើរ ៤០០វ៉ុល និងសេវាកម្មរថភ្លើងរាប់សិបខ្សែត្រូវបានលុបចោល ៕

សហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មី ខណៈពេលដែលអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz

2026/07/12 05:53:24 pm        112
 សហរដ្ឋអាមេរិកនិយាយថា ពួកគេបានបើកការវាយប្រហារសារជាថ្មីលើអ៊ីរ៉ង់ ក្រោយទីក្រុងតេអេរ៉ង់ វាយប្រហារនាវាមួយគ្រឿង ឆ្លងកាត់ច្រកសមុទ្រ Hormuz ។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយថា ពួកគេបានបើកការវាយប្រហារជុំទី ៣ ក្នុងសប្តាហ៍នេះ ក្រោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ វាយប្រហារលើនាវាដោតទង់ជាតិស៊ីប ។ការវាយប្រហារលើនាវានេះដែរ បានកើតឡើង ក្រោយឧបទ្ទេហេតុកាលពីដើមសប្តាហ៍នេះ ពេលដែលនាវាដឹកប្រេងពាណិជ្ជកម្ម ៣គ្រឿង រងការវាយប្រហារ ជាហេតុបង្ខំឲ្យមានការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយថា នាវា MV GFS Galaxy ពុំអាចបន្តដំណើរទៅមុខបាននោះទេ ដោយសារការខូចខាតធ្ងន់ធ្ងរក្នុងបន្ទប់ម៉ាស៊ីន ។ ពួកគេបន្តថា សមាជិកស៊ីវិលម្នាក់ កំពុងបាត់ខ្លួន ។ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនប្រតិបត្តិការពាណិជ្ជកម្មសមុទ្រអង់គ្លេស UKMTO និយាយថា ពួកគេត្រូវបានជូនដំណឹងដោយអាជ្ញាធរយោធាថា នាវិករូបនោះ បង្ខំចិត្តបោះបង់ចោលនាវា ហើយនិងកំពុងនៅលើទូកសង្រ្គោះអាយុជីវិត ។ក្រុមមន្រ្តីអ៊ីរ៉ង់និយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ១៧នាក់ និងមនុស្ស ១១៥នាក់ផ្សេងទៀត រងរបួស ។ អ៊ីរ៉ង់បានឆ្លើយតបវិញជាមួយនឹងការវាយប្រហារលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅតំបន់ឈូងសមុទ្រ ៕

កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov

2026/07/12 12:31:05 am        92
កងកម្លាំងការពារជាតិអ៊ុយក្រែន បានឱ្យដឹង​ថា ខ្លួន​បាន​បើក​ការវាយប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់ប្រឆាំងនឹងការដឹកជញ្ជូនតាមសមុទ្ររបស់រុស្ស៊ី នៅថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដោយបានវាយប្រហារនាវាដឹកប្រេងចំនួន ២១គ្រឿង នាវា​សណ្តោង ៤គ្រឿង និងនាវាដឹកទំនិញស្ងួត ២គ្រឿង នៅក្នុងសមុទ្រ Azov។ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ​ Telegram អគ្គសេនាធិការបានរៀបរាប់លម្អិត អំពីការខូចខាតដែលបានមាន​លើ​កងនាវាពាណិជ្ជកម្ម និង​ជំនួយរបស់រុស្ស៊ី ដោយបញ្ជាក់ថា គោលដៅនៃប្រតិបត្តិការនេះ គឺដើម្បីបន្ថយ «សក្តានុពលសេដ្ឋកិច្ចយោធារបស់អ្នក​ឈ្លានពាន គឺរុស្ស៊ី»។អគ្គសេនាធិការបានរាយការណ៍ថា៖ «នាវាដឹកប្រេងចំនួន ២១គ្រឿងរបស់សហព័ន្ធរុស្ស៊ី ត្រូវបានវាយប្រហារ។ នាវាដឹកប្រេងទាំងនេះត្រូវបានប្រើប្រាស់ ដើម្បីដឹកជញ្ជូនប្រេង និងផលិតផលប្រេងកាត ដោយគេចពីទណ្ឌកម្មអន្តរជាតិ ខណៈ​ផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការឈ្លានពានប្រដាប់អាវុធ លើ​អ៊ុយក្រែន»។បន្ថែមពីលើការវាយប្រហារទៅលើកងនាវាដឹកប្រេង យោធាបានបញ្ជាក់ពីការកំណត់គោលដៅលើនាវាជំនួយ និងផ្គត់ផ្គង់។ សេចក្តីថ្លែងការណ៍នេះបានរៀប​រាប់​ទៀត​ថា «ក៏មាន​វាយប្រហារលើ​គោល​ដៅ​ផ្សេង​ផងដែរ ដូច​ជា​នាវា​សណ្តោងចំនួន ៤គ្រឿង នាវាដឹកទំនិញស្ងួត ២គ្រឿង និងនាវាបូមខ្សាច់​ ១គ្រឿង ដែលត្រូវបានប្រើប្រាស់ដោយសត្រូវ ដើម្បីផ្តល់ភស្តុភារយោធា ដឹកជញ្ជូនទំនិញ និងគាំទ្រដល់ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ» ដោយកត់សម្គាល់ថា វិសាលភាពពិតប្រាកដនៃការខូចខាត នៅតែកំពុងត្រូវបានវាយតម្លៃ។ជាមួយ​គ្នានេះ យោងតាមប្រភពដែលដកស្រង់ដោយសារព័ត៌មាន​ Reuters បាន​ឱ្យដឹង​ថា ទីភ្នាក់ងារ​ឆ្មាំព្រំដែនរុស្ស៊ី បានឈប់ទទួលយកពាក្យសុំពីក្រុមហ៊ុនដឹកជញ្ជូនដែលស្វែងរកការឆ្លងកាត់ច្រកសមុទ្រ Kerch និងព្រែក​ជីក​ Don-Azov ដែលធ្វើឱ្យការ​ធ្វើ​នាវាចរណ៍​ពាណិជ្ជកម្ម រវាងសមុទ្រខ្មៅ និងសមុទ្រ Azov ជាប់គាំង។ អាជ្ញាធររុស្ស៊ីមិនបានផ្តល់ពេលវេលា សម្រាប់ការបើកច្រកសមុទ្រនេះ​ឡើងវិញទេ៕

ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤

2026/07/12 12:27:15 am        80
ទិន្នន័យផ្លូវការបានបង្ហាញនៅ​ថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ការ​ឆ្លង​ជំងឺ​​ Ebola ដែលត្រូវ​បានបញ្ជាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានមាន​ចំនួន​លើសពី ១.៨០០ករណីហើយ​ ខណៈដែលវីរុសនេះបានរាលដាលដល់ខេត្តទី៤ នៅភាគឦសានប្រទេស។ចំនួនឆ្លង​សរុបបានកើនឡើងដល់ ១.៨៣០ករណី ក្នុង​នោះ​រួមមាន​ទាំងការស្លាប់ ៦៤៨ករណី ចាប់តាំងពីការផ្ទុះឡើងនូវ​ជំងឺនេះ ត្រូវបានប្រកាសកាលពី​ថ្ងៃទី១៥ ខែឧសភា។ នេះបើយោងតាមការធ្វើ​បច្ចុប្បន្ន​ភាព​ស្ថានភាពរបស់ក្រសួងសុខាភិបាល។ជាមួយ​គ្នា​នេះ ក្រសួង​បាន​ឱ្យដឹង​ទៀត​ថា អ្នកជំងឺប្រហែល ៧៨០នាក់ កំពុងស្ថិតក្នុង​ការព្យាបាល ខណៈមនុស្ស ២៨៤នាក់ បានជាសះស្បើយ។ ការផ្ទុះឡើងនៃជំងឺនេះត្រូវបានប្រមូលផ្តុំនៅក្នុងខេត្ត Ituri, North Kivu និង South Kivu។ ហើយ​ក្រសួងបានបន្ថែម​ថា ការឆ្លើយតបចំពោះ​ជំងឺអេបូឡានៅតែបន្តក្នុងខេត្តទាំង៣ ដោយមាន​ «ការពង្រឹងការ​​សម្របសម្រួលជាតិ ការឃ្លាំមើលរោគរាតត្បាត និងការរៀប​ចំ​សហគមន៍​»។តែ​យ៉ាងណាក្ដី​ កាលពី​ថ្ងៃសុក្រ អាជ្ញាធរបានរាយការណ៍ថា ការផ្ទុះឡើងនៃជំងឺនេះ បានឆ្លង​រាលដាលដល់ខេត្តថ្មី Haut-Uele នៅភាគឦសាននៃប្រទេសកុងហ្គោ បន្ទាប់ពីករណីស្លាប់ចំនួន ៧នាក់ ត្រូវបានបញ្ជាក់នៅក្នុងតំបន់សុខភាព Wamba។អ្នកផ្តល់ជំនួយ និងដៃគូ បានសន្យាផ្តល់ជំនួយចំនួន ៩១០លានដុល្លារ ដើម្បីគាំទ្រដល់ការឆ្លើយតបជំងឺ Ebola នៅកុងហ្គោ និងអ៊ូហ្គង់ដា ជាកន្លែងដែលការឆ្លង​ ២០ករណី ត្រូវបានរាយការណ៍៕

អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ

2026/07/12 12:24:11 am        100
អ៊ីរ៉ង់​បាន​ទទូច​នៅ​ថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះថា​ខ្លួន ​បាន «រក្សា​ពាក្យ​សន្យា» ជុំវិញ​​បទឈប់បាញ់​ជាមួយ​សហរដ្ឋអាមេរិក បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump បានលើក​ឡើង​ដដែល​ៗ​​ថា កិច្ច​ព្រម​ព្រៀង​នេះ​​បាន​ចប់​ហើយ ប៉ុន្តែ​លោក​បាន​យល់ព្រម​ឱ្យមាន​ការ​ចរចា​បន្ថែម​ជាមួយ​សាធារណរដ្ឋ​អ៊ិស្លាម។ការអត្ថាធិប្បាយ​ទាំងនេះ​បាន​បង្ហាញ​ពី​កម្រិត​ទាប​ថ្មី​​នៅក្នុង​ទំនាក់ទំនង​រវាង​គូអរិ​ បន្ទាប់ពី​ការវាយប្រហារ​តបត​គ្នា ​ក្នុង​សប្តាហ៍​នេះ ​បានធ្វើ​ឱ្យ​​រង្គោះរង្គើដល់​​កិច្ចព្រមព្រៀង​ផុយស្រួយ​​ដែល​មាន​គោលបំណង​ប្រែក្លាយ​បទឈប់បាញ់​រយៈពេល​ជាច្រើន​ខែ​ទៅជា​សន្តិភាព​យូរអង្វែង និង​បាន​គំរាមកំហែង​ពី​ការត្រឡប់​​ទៅ​រក​ការ​ធ្វើ​សង្គ្រាម​​ពេញបន្ទុក​ក្នុង​តំបន់វិញ។លោក Trump បាន​បង្កើន​វោហាសាស្ត្រ​ដាក់​សម្ពាធ​​ភាគី​ជម្លោះ​ ​នៅ​ថ្ងៃសៅរ៍នេះ​ ដោយ​គំរាមកំហែង​ នៅក្នុង​សារលើ​បណ្ដាញសង្គំ Truth Social ថា ​នឹង «បំផ្លាញ​អ៊ីរ៉ង់​ទាំងស្រុង» ប្រសិនបើ​ប្រទេស​នេះ​ព្យាយាម ​ឬ​ធ្វើឃាត​លោកដោយ​ជោគជ័យ​។វា​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​ បាន​យល់ព្រម​ចរចា​បន្ថែម​ជាមួយ​អ៊ីរ៉ង់ ទោះបីជា​លោក​បាន​លើកឡើង​​ម្តងហើយម្តងទៀត​ថា​ បទឈប់បាញ់​បាន​ចប់​ហើយ​ក្ដី​ ពោល​គឺ​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​​ទីក្រុង​វ៉ាស៊ីនតោន ​និង​​តេអេរ៉ង់​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MOU) ដើម្បី​ជំរុញ​សន្តិភាព។យ៉ាង​ណាក្ដី រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានតបតខ្លាំង​ៗវិញ នៅថ្ងៃសៅរ៍នេះ ដោយទទូចថា ទីក្រុងតេអេរ៉ង់ «រហូតមកដល់ពេលនេះបានរក្សាពាក្យសន្យារបស់ខ្លួន មិនដូចអ្វីដែលហៅថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ដែល​កំពុងរំលោភលើមាត្រា៩​ នៃ MOU»។ការលើ​ក​ឡើង​​នោះ សំដៅទៅលើផ្នែកនៃ MOU ដែល​ថា អ៊ីរ៉ង់នឹង «រក្សាស្ថានភាពបច្ចុប្បន្ននៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន» ហើយសហរដ្ឋអាមេរិក «នឹងមិនដាក់ទណ្ឌកម្មថ្មីណាមួយឡើយ ហើយនឹងមិនដាក់ពង្រាយកងកម្លាំងបន្ថែម នៅក្នុងតំបន់» ដោយរង់ចាំកិច្ចព្រមព្រៀងចុងក្រោយ។លោក Araghchi បានសង្កត់ធ្ងន់ថា៖ «ការរំលោភបំពាននោះកើតឡើងបន្ទាប់ពីមាន​ការរំលោភបំពាន និង​កំហុសឆ្គងផ្សេងទៀតរបស់​សហរដ្ឋអាមេរិក។ ស្ថាន​ភាព​ពិត គឺថា មានតែភាគី​ទាំង២ អនុលោមតាម​គ្នាទៅវិញទៅមកប៉ុណ្ណោះ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM