លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

ជប៉ុនបាញ់បង្ហោះ និងចុះចតរ៉ូកែតដែលអាចប្រើប្រាស់​ឡើងវិញបានដោយជោគជ័យ​

2026/07/11 10:57:25 pm        87
ទីភ្នាក់ងារអវកាសជប៉ុនបានឱ្យដឹង​នៅ​ថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា រ៉ូកែតប្រើប្រាស់​ឡើងវិញ​បាន​គំរូដើមរបស់ខ្លួន បានបញ្ចប់ការធ្វើតេស្តហោះ​ឡើង​ និងចុះចតលើកដំបូងដោយជោគជ័យ ដែលជាជំហានមួយឆ្ពោះទៅមុខ នៅក្នុងបច្ចេកវិទ្យាកាត់បន្ថយការចំណាយដែលគ្របដណ្តប់ដោយក្រុម​ SpaceX។គំរូដើម ឬម៉ូដែលដើម​ ដែលត្រូវបានបាញ់បង្ហោះចេញពីកន្លែងសាកល្បងរបស់ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ក្នុងទីក្រុង Noshiro របស់​តំបន់ Akita បានហោះ​ឡើងដល់កម្ពស់ប្រហែល ១០​ម៉ែត្រ ហើយបន្ទាប់មកបានចុះចត​។ បើយោងតាម ​​​​JAXA បាន​បញ្ជាក់ថា ការហោះហើរនេះមានរយៈពេលប្រហែល ៤០វិនាទី។ លោក Takashi Ito មកពី JAXA ដែលបានដឹកនាំការបាញ់បង្ហោះនេះ បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមានអារម្មណ៍ថា យើងបានចំណាយពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងច្រើនលើរឿងនេះ ហើយឥឡូវនេះ គំរូដើមបានហោះឡើង និងចុះចតដោយគ្មានបញ្ហា។ ខ្ញុំត្រូវតែនិយាយថា ខ្ញុំមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង»។លោក Ito បានបន្ថែម​ថា ទីភ្នាក់ងារនឹងពិនិត្យទិន្នន័យ ដើម្បីកំណត់យ៉ាងពេញលេញ អំពីភាពជោគជ័យនៃការសាកល្បងនេះ​ ប៉ុន្តែលោក​ «មានទំនុកចិត្ត» ថា វា «ទទួលបានទិន្នន័យដែលមានប្រយោជន៍ខ្លាំងណាស់​»។គួរ​បញ្ជាក់​ថា រ៉ូក្កែតភាគច្រើនត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់តែម្តងប៉ុណ្ណោះ ដោយសមាសធាតុត្រូវ​ធ្លាក់ចូលទៅក្នុងសមុទ្រ ឆេះនៅក្នុងបរិយាកាស ឬនៅតែស្ថិតក្នុងគន្លងតារាវិថីជា​កម្ទេចកម្ទី​។ ដំណាក់កាលបាញ់បង្ហោះដំបូងត្រូវបានចាត់ទុកថា ជាសមាសធាតុថ្លៃបំផុត។ប៉ុន្តែការដាក់ពង្រាយរ៉ូកែតដែលអាចប្រើឡើងវិញបានដោយផ្នែក នឹងកាត់បន្ថយការ​ចំណាយ​ថ្លៃដើមបាញ់បង្ហោះ​។ ក្រុមហ៊ុន SpaceX នៅ​សហរដ្ឋ​អាមេរិក​ បានដំណើរការរ៉ូកែត Falcon 9 ដែលអាចប្រើឡើងវិញបានរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៧៕

មនុស្សយ៉ាង​ហោចណាស់ ១០​​នាក់រងរបួស ខណៈរុស្ស៊ីវាយប្រហារទីក្រុងគីវ ដោយមីស៊ីល

2026/07/11 10:52:39 pm        75
មន្ត្រីបានប្រាប់​ឱ្យដឹង​ថា រុស្ស៊ីបានវាយប្រហាររដ្ឋធានីអ៊ុយក្រែន ដោយមីស៊ីលបាលីស្ទិក នៅព្រឹកថ្ងៃសៅរ៍ (ទី១១ ខែកក្កដា​ ឆ្នាំ២០២៦)​ នេះ ដោយ​បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០នាក់រងរបួស ខណៈដែលទីក្រុងគីវ កំពុងរង់ចាំការផ្គត់ផ្គង់អាវុធ​ការពារដែនអាកាសថ្មី ស្រប​ពេលមានការខ្វះខាតដែលបានធ្វើឲ្យទីក្រុងនេះងាយ​រង​គ្រោះ​ដោយសារ​ការវាយប្រហាររបស់រុស្ស៊ី។សាក្សីម្នាក់របស់សារព័ត៌មាន Reuters បានឮសំឡេងផ្ទុះខ្លាំងជាបន្តបន្ទាប់នៅក្នុងទីក្រុងនេះ នាពេលព្រឹកព្រលឹម មុនពេលការជូនដំណឹងពី​ការ​វាយ​ប្រហារ​ពីលើ​អាកាសត្រូវបានប្រកាស។ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹង​ថា រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិក​ចំនួន ៦គ្រាប់ មីស៊ីលតម្រង់គោល​ដៅ ៦គ្រាប់ទៀត និងយានដ្រូន​ ១២១គ្រឿង ដោយបន្ថែមថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលតម្រង់​គោល​ដៅ​យ៉ាងហោចណាស់ ២គ្រាប់ និងយានដ្រូន ១១១គ្រឿង។ អ៊ុយក្រែន ដែលមានគ្រាប់កាន់តែ​តិច​ទៅ​ៗ សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ភាគច្រើនមិនអាចបាញ់ទម្លាក់មីស៊ីលបាលីស្ទិក​ ដែលធ្វើដំណើរក្នុងល្បឿនលឿន​ជាង​សំឡេងច្រើន​ដងបាន​ឡើយ​​ ក្នុងរយៈពេល ១ខែកន្លងមកនេះ។រុស្ស៊ីបានបង្កើនការវាយប្រហារលើរដ្ឋធានីនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ រហូតមកដល់ពេលនេះ នៅ​ក្នុងខែនេះ ការវាយប្រហារលើទីក្រុងគីវ និងតំបន់ជុំវិញ បានសម្លាប់មនុស្សយ៉ាង​តិច​ជាង ៦០នាក់​។រដ្ឋបាលយោធាក្រុងបានឱ្យដឹង​នៅលើកម្មវិធីផ្ញើសារ Telegram ថា ការវាយប្រហារនៅថ្ងៃសៅរ៍នេះ បានបំផ្លាញអគារមិនមែនជាលំនៅឋានមួយកន្លែង នៅក្នុងតំបន់​មួយ ខណៈដែលផ្សែងកំពុងហុយទ្រលោម​ចេញពីតំបន់​មួយទៀត ហើយអគារការិយាល័យមួយ កំពុង​មាន​អគ្គិភ័យ ដោយសារ​ការវាយប្រហារនេះ៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទៅ​ដល់ប្រទេសអូម៉ង់ហើយ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី និងតំបន់

2026/07/11 10:47:36 pm        99
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានទៅ​ដល់រដ្ឋធានី Muscat របស់​ប្រទេសអូម៉ង់ហើយ នៅ​ថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុង​តំបន់។ទីភ្នាក់ងារសារព័ត៌មាននេះ​បានឱ្យដឹង​ទៀត​ថា មន្ត្រីអូម៉ង់ បានស្វាគមន៍លោក Araghchi នៅពេលលោកធ្វើ​ដំណើរ​ទៅ​ដល់។ មិនទាន់មានព័ត៌មានលម្អិតបន្ថែមទៀតនៅឡើយទេ។ កាលពី​ថ្ងៃសុក្រ សារព័ព៌មាន IRNA បានរាយការណ៍ថា ស្ថានភាពនៅច្រកសមុទ្រ Hormuz គឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាដែលត្រូវពិភាក្សា អំឡុងទស្សនកិច្ចនេះ។កាលពី​ពាក់កណ្តាលខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានឈានដល់អនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្របសម្រួលដោយប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់ជម្លោះយោធារបស់ភាគីទាំង២ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។ តែ​ភាគីទាំង២ បាន​ចាប់​ផ្ដើម​បើក​ការវាយប្រហារតគ្នា ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ បន្ទាប់ពីមាន​ការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មចំនួន ៣គ្រឿងនៅច្រកសមុទ្រ Hormuz។ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់ កាលពីថ្ងៃព្រហស្បតិ៍ លើហេដ្ឋារចនាសម្ព័ន្ធយោធារបស់​សហរដ្ឋអាមេរិក នៅប្រទេស​បារ៉ែន កូវ៉ែត កាតា និងហ្ស៊កដានី ដើម្បីសងសឹក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក៕

KCNA៖ លោក Xi បញ្ជាក់​ថា ការប្តេជ្ញាចិត្តរបស់ចិន ចំពោះមិត្តភាពជាមួយកូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរ​ទេ

2026/07/11 10:41:04 pm        72
តាមរយៈ​លិខិតផ្ញើទៅមក​ជាមួយមេដឹកនាំកូរ៉េខាងជើង លោក​ Kim Jong Un និងផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិម​កូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋ នាថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីចិន លោក Xi Jinping បានបញ្ជាក់​ថា ការប្តេជ្ញាចិត្តរបស់ប្រទេស​ចិន ចំពោះចំណង​មិត្តភាពជា​ប្រពៃណី ជាមួយកូរ៉េខាងជើង នឹងពុំ​ផ្លាស់ប្តូរទេ ដោយមិនគិតពីស្ថានភាពអន្តរជាតិវិវត្តន៍ទៅ​ជា​យ៉ាងណានោះឡើយ​។ប្រព័ន្ធ​ផ្សព្វផ្សាយ​​ KCNA បាន​រាយ​ការណ៍​ថា​ ​លោក Kim នៅក្នុងលិខិតផ្ញើទៅកាន់លោក Xi បានលើក​ឡើង​ថា មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានឡើងដល់ «កម្រិតយុទ្ធសាស្ត្រថ្មី»។ នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Pak Thae Song បាន​ធ្វើ​ដំណើរទៅ​ដល់​ទីក្រុងប៉េកាំង កាលពី​ថ្ងៃទី១០ ខែកក្កដា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដើម្បីចូលរួមព្រឹត្តិការណ៍មួយដែលប្រារព្ធខួបលើកទី​៦៥ នៃសន្ធិសញ្ញាមិត្តភាពរបស់ប្រទេសជិតខាងទាំង២។ លោក Xi បានធ្វើដំណើរទៅទីក្រុងព្យុងយ៉ាង កាលពី​ខែមិថុនាកន្លង​ទៅ​ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅ​កូរ៉េខាងជើង ក្នុងរយៈពេល ៧ឆ្នាំ ជាកន្លែងដែលរូប​លោក និងលោក Kim បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមក ដែលបានចុះហត្ថលេខានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦១ នៅតែជាសន្ធិសញ្ញាការពារជាតិទៅវិញទៅមកសកម្មតែមួយគត់របស់ប្រទេសចិន។លោក Xi ត្រូវបានដកស្រង់សម្តី ដែល​បាន​លើក​ឡើង​ថា៖ «ដោយមិនគិតពីស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណានោះទេ គណបក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិន នឹងបន្តផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះមិត្តភាពជា​ប្រពៃណីរវាងចិន និងកូរ៉េខាងជើង បន្តគាំទ្រយ៉ាងរឹងមាំ ចំពោះបុព្វហេតុសង្គមនិយមរបស់កូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោក​អគ្គលេខាធិការ Kim Jong Un ហើយនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារផលប្រយោជន៍រួមរបស់ប្រទេសទាំង២​ និងបរិយាកាសយុទ្ធសាស្ត្រអំណោយផល»៕

ស្ពាន​អាមេរិក-កាណាដា​ដែល​ត្រូវ​បាន​លោក Trump គំរាម នឹង​​បើកដំណើរការ​​នៅ​ថ្ងៃទី២៧​ ខែកក្កដា

2026/07/11 10:26:08 pm        74
សហរដ្ឋអាមេរិក និងកាណាដា នឹងបើកឱ្យ​ឆ្លង​កាត់​ស្ពានអន្តរជាតិដែលត្រូវបានពន្យារពេល គឺ Gordie Howe ដែលតភ្ជាប់ទីក្រុង Detroit (សហរដ្ឋ​អាមេរិក) ជាមួយទីក្រុង Windsor របស់​ខេត្ត Ontario (កាណាដា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៦ នេះ​ បន្ទាប់ពីរដ្ឋាភិបាលកាណាដាបានយល់ព្រមផ្តល់ចំណែកនៃប្រាក់ចំណេញសុទ្ធដល់សហរដ្ឋអាមេរិក។ នេះបើយោងតាមមន្ត្រីដែលដឹងអំពីបញ្ហានេះ។កិច្ចព្រមព្រៀងនេះបញ្ចប់ការប្រឈមមុខដាក់គ្នាដ៏តានតឹង រវាងដៃគូពាណិជ្ជកម្មទាំង២។ ប្រទេសកាណាដាបានចំណាយ សម្រាប់ការសាងសង់ស្ពានចំនួន ៦,៤ពាន់លានដុល្លារកាណាដា (៤,៧ពាន់​លាន​ដុល្លារ​អាមេរិក) ឆ្លងកាត់ទន្លេ Detroit River បន្ទាប់ពីមាន​ការប្រឆាំងអស់រយៈពេលជាច្រើនឆ្នាំពីម្ចាស់ស្ពានមាន​ស្រាប់​​ Ambassador Bridge ដែលបានធ្វើការ​បរិច្ចាគ​ដ៏ធំ​ថ្មីៗនេះដល់ក្រុមនយោបាយមានទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក លោក​ Donald Trump។ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីរៀបរាប់លម្អិតអំពីកិច្ចព្រមព្រៀងនេះ មន្ត្រីទាំងនោះបានបញ្ជាក់​ថា ក្រោមកិច្ចព្រមព្រៀងនេះ កាណាដានឹងចែករំលែកប្រាក់ចំណេញប្រតិបត្តិការស្មើនឹងពាក់កណ្តាល ក្រោយ​ការចំណាយប្រតិបត្តិការ និងប្រាក់ចំណូលដោយផ្ទាល់ទៅកាន់មូលនិធិអភិវឌ្ឍន៍តំបន់ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក។មន្ត្រីទាំងនោះបាននិយាយថា អត្ថបទមូលដ្ឋាននៃកិច្ចព្រមព្រៀងដើម ដែលស្ថិតនៅចន្លោះប្រទេសកាណាដា និងរដ្ឋ Michigan តែប៉ុណ្ណោះ មិនត្រូវបានផ្លាស់ប្តូរទេ។ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម កាណាដាបានឱ្យដឹង​នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «អាជ្ញាធរស្ពាន Windsor-Detroit ក៏នឹងធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក លើការកែសម្រួលអត្រាអត្រាតម្លៃ​សេវា​ឆ្លង​កាត់​ស្ពាន ដោយស្វែងរកការឯកភាពគ្នា សម្រាប់ការផ្លាស់ប្តូរអត្រាថ្លៃសេវាមួយចំនួនដែលមិនទាក់ទងនឹងទីផ្សារ»។កាលពីខែកុម្ភៈ លោក Trump បានគំរាមរារាំងការបើកដំណើរការ​ស្ពាននេះ​។ លោកបានទាមទារនៅពេលនោះថា សហរដ្ឋអាមេរិកត្រូវមាន​សិទ្ធិ​កាន់កាប់យ៉ាងហោចណាស់ពាក់កណ្តាលលើ​ស្ពាននេះ៕

នូវែលសេឡង់ និងឥណ្ឌា លើកកម្ពស់ទំនាក់ទំនង​ ខណៈលោក​ Modi ទស្សនកិច្ចទីក្រុង Auckland

2026/07/11 10:22:55 pm        74
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងសមភាគីនូវែលសេឡង់ លោក Christopher Luxon បានលើក​កម្ពស់​ទំនាក់​ទំនង​ការទូតរបស់ប្រទេសទាំង២ នៅថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ ខណៈដែលលោក Modi ប្រឹង​ប្រែង​ជំរុញចំណងមិត្តភាពរបស់​ទីក្រុងញូវដេលី នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក​។មេដឹកនាំទាំង២ បានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ក្នុងអំឡុងពេលមាន​កិច្ចពិភាក្សានៅទីក្រុង Auckland ដែលឆ្លុះបញ្ចាំងពី «តម្លៃប្រជាធិបតេយ្យរួមគ្នា ទំនាក់ទំនងប្រជាជន និងប្រជាជនយ៉ាងជ្រាលជ្រៅ និងផលប្រយោជន៍រួមគ្នា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» របស់ប្រទេសទាំង២។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ។ប្រព័ន្ធផ្សព្វផ្សាយ​សាធារណៈ Radio New Zealand បាន​រាយការន៍ថា លោក Modi ដែលបានធ្វើ​ដំណើរ​ទៅ​ដល់កាលពី​យប់ថ្ងៃទី១០ ខែកក្កដា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយឥណ្ឌូនេស៊ី និងអូស្ត្រាលី នឹងថ្លែងសុន្ទរកថាមួយទៅកាន់ព្រឹត្តិការណ៍ជនភៀសខ្លួនឥណ្ឌានៅឯទីលាន Auckland នាយប់​ថ្ងៃទី១១ ខែកក្កដានេះ​។ដំណើរទស្សនកិច្ចលើកដំបូងដោយ​នាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់នូវែលសេឡង់ ក្នុងរយៈពេល ៤ឆ្នាំ បានកើតឡើងចំ​ពេលមានការកើនឡើងនូវ​អារម្មណ៍ប្រឆាំងឥណ្ឌា នៅនូវែលសេឡង់ និងភាពតានតឹង នៅក្នុងក្រុម​ចម្រុះ​កំពុង​កាន់អំណាចរបស់ប្រទេស​នេះ​ ដែលបណ្តាលមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំង២។ជាមួយ​គ្នានេះ ប្រទេសទាំង២ ក៏បានមាន​ភាព​កាន់តែ​ជិត​ស្និទ្ធផងដែរ​ ជុំវិញ​បញ្ហាសន្តិសុខ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ហើយ​សន្យាថា នឹងសហការគ្នាកាន់តែច្រើន ពាក់ព័ន្ធ​នឹង​សុវត្ថិភាពសមុទ្រ ដែលឆ្លុះបញ្ចាំងពីក្ដី​បារម្ភរួមគ្នា អំពីស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

សមាជិកព្រឹទ្ធសភាអាមេរិកប្រកាសកិច្ចព្រមព្រៀងជាមួយលោក Trump ស្ដី​ពី​សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ី

2026/07/11 10:17:44 pm        87
សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៤រូប បានឱ្យដឹង​កាល​ពី​ថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋបាលរបស់​លោកប្រធានាធិប Donald Trump ដើម្បីបន្តទៅមុខជាមួយនឹងច្បាប់ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ស្ដី​ពី​ទណ្ឌកម្មរុស្ស៊ី។សមាជិកព្រឹទ្ធសភា លោក​ Richard Blumenthal លោក Lindsey Graham លោកស្រី Jeanne Shaheen និងលោក Roger Wicker បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងមានមោទនភាព ក្នុងការប្រកាសថា យើងបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋបាលរបស់​លោក Trump ដើម្បីបន្តទៅមុខនូវ​ច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ីដែលត្រូវ​បានធ្វើបច្ចុប្បន្នភាពរបស់យើង។ យើងពិតជារីករាយណាស់ជាមួយនឹងវឌ្ឍនភាពដ៏សំខាន់នេះ ហើយរំពឹងថា នឹងដាក់ចេញច្បាប់នេះក្នុងពេលឆាប់ៗនេះ»។សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងទៀត​ថា៖ «ខណៈពេលដែលរុស្ស៊ីកំពុងបង្កើនការសម្លាប់ជនស៊ីវិល វាគឺ​មាន​ភាព​ចាំបាច់ណាស់ដែលស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិធ្វើការរួមគ្នា ដើម្បីបង្កើតវិធីសាស្ត្រទាមទារតម្លៃឱ្យខ្ពស់ ចំពោះ​អ្នកដែលទិញប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ី ដែលជាប្រភព​ដល់​ម៉ាស៊ីនធ្វើ​សង្គ្រាមរបស់លោក (Vladimir) Putin»។សេតវិមានមិនបានឆ្លើយតបភ្លាមៗឡើយ​ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់​ព័ន្ធ​នឹង​រឿង​នេះ​។ លោក Graham ដែលបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក​ Volodymyr Zelensky នៅទីក្រុង​គីវ កាលពីថ្ងៃទី១០ ខែកក្កដា បាននិយាយថា កិច្ចព្រមព្រៀងនេះ មានន័យថា ច្បាប់នេះអាចបន្តទៅមុខ ដោយផ្តល់ឱ្យលោក Trump នូវវិធីសាស្ត្រថ្មី ដើម្បីជួយបញ្ចប់សង្គ្រាម ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី៥ ហើយ​៕

កូរ៉េខាងជើងថ្កោលទោសកិច្ចប្រជុំណាតូ ហើយ​ថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរគួរផ្តើមជាមួយសម្ព័ន្ធមិត្តអាមេរិក

2026/07/11 10:11:50 pm        85
កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ចំពោះអ្វីដែលខ្លួនហៅថា ការពង្រឹងប្លុក​​យោធា និងការ​ពន្លឿនការ​បង្កើនអាវុធ បន្ទាប់ពីកិច្ចមាន​កិច្ច​ប្រជុំកំពូលរបស់​អង្គការ​ណាតូ (NATO) នាសប្តាហ៍នេះ។តាម​រយៈ​សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក្រសួងការបរទេសបានលើកឡើង​ថា ទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ថ្នាក់​ដឹកនាំរបស់​អង្គការ​ណាតូថា បានពណ៌នាអំពីការអនុវត្តសិទ្ធិអធិបតេយ្យភាពស្របច្បាប់របស់កូរ៉េខាងជើងថា ជាការគំរាមកំហែង។ក្រសួងបានបញ្ជាក់​ថា សម្ព័ន្ធភាពនេះបានបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗ ចំពោះការប្រឈមមុខដាក់គ្នា រវាងប្លុក និង​ប្លុក តាមរយៈការបង្កើនការចំណាយលើអាវុធ និងកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។នៅឯ​កិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ នៅប្រទេសទួរគី កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ​ មន្ត្រីបានប្រកាសពីកិច្ចព្រមព្រៀងផ្គត់ផ្គង់យោធា និងឧស្សាហកម្មជាង ៥០ពាន់លានដុល្លារ ខណៈដែលសម្ព័ន្ធមិត្តអឺរ៉ុបប្រឈមនឹងសម្ពាធជាបន្តបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ Donald Trump ឱ្យ​ទទួលបន្ទុកការពារជាតិរបស់សម្ព័ន្ធមិត្តកាន់តែច្រើនជាង​មុន​។នៅក្នុង​សេចក្ដីថ្លែងការណ៍​នោះ ក្រសួងបាន​បន្ថែម​ថា ទីក្រុងព្យុងយ៉ាង ដែលនិយាយថា ការជំរុញដោយលោកខាងលិចឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ ត្រូវបានបញ្ចប់ដោយមិនអាចត្រឡប់បាននោះ​ ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរ គួរតែផ្តោតជាចម្បងលើអ្វីដែលខ្លួនពិពណ៌នាថា ជាការប៉ុនប៉ងរបស់កូរ៉េខាងត្បូង និងជប៉ុន ក្នុង​ការ​ប្រឹង​​ប្រែង​ស្វែង​រក​អាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ក្រោមការការពាររបស់សហរដ្ឋអាមេរិក ក៏ដូចជាមហិច្ឆតានុយក្លេអ៊ែររបស់សមាជិកអង្គការ​ណាតូ ដែលចូលរួមក្នុងការរៀបចំចែករំលែកអាវុធនុយក្លេអ៊ែររបស់សម្ព័ន្ធមិត្ត៕

លោក Trump ព្រមានថា មីស៊ីល ១.០០០គ្រាប់ «ត្រៀម​រួច​ហើយ​» បើអ៊ីរ៉ង់ព្យាយាមធ្វើឃាតលោក

2026/07/11 08:58:05 pm        78
ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមបាញ់មីស៊ីលរាប់ពាន់គ្រាប់ទៅលើអ៊ីរ៉ង់ កាល​ថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) ប្រសិនបើអ៊ីរ៉ង់ព្យាយាមធ្វើឃាតរូប​លោក។លោក Trump បានសរសេរនៅលើវេទិកាបណ្ដាញ​សង្គម​ Truth Social របស់លោកថា៖ «មីស៊ីលចំនួន ១.០០០គ្រាប់ ត្រូវបាន​ត្រៀមរួចហើយ​ ដើម្បី​ប្រើប្រាស់​ ហើយមានគោលដៅទៅលើសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ដោយមីស៊ីលរាប់ពាន់គ្រាប់ទៀត នឹងទៅ​តាម​ក្រោយ​ភ្លាមៗ ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់ធ្វើសកម្មភាពតាមការគំរាមកំហែងរបស់ខ្លួន ដែលបានប្រកាសនៅគ្រប់ជ្រុងទាំងអស់នៃពិភពលោក ក្នុង​ការ​ធ្វើឃាត ឬប៉ុនប៉ងធ្វើឃាតប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិក ក្នុងករណីនេះ គឺរូប​ខ្ញុំ!»។លោកបានបន្ថែមថា «បញ្ជាត្រូវបានដាក់​រួចហើយ» ហើយបានអះអាងថា យោធាអាមេរិក «ត្រៀមខ្លួនជាស្រេច មានឆន្ទៈ និងមានសមត្ថភាព» សម្រាប់រយៈពេល ១ឆ្នាំ ដែលអាស្រ័យលើការពង្រីក «ដើម្បី​ធ្វើ​ការ​បំផ្លិច​បំផ្លាញ​តំបន់ទាំងអស់របស់​ប្រទេសអ៊ីរ៉ង់ទាំងស្រុង»។នៅ​មុន​នេះ លោក Trump បានប្រកាសថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ គឺ «ចប់ហើយ» ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមបន្តការចរចាដែលស្នើសុំដោយទីក្រុងតេអេរ៉ង់។ថ្មីៗនេះ អ៊ីស្រាអែល​បាន​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ជាមួយ​សហរដ្ឋអាមេរិក ដែល​បង្ហាញ​ថា អ៊ីរ៉ង់​បាន​បង្កើត​ផែនការ​ថ្មី​មួយ ​ដើម្បី​ធ្វើឃាត​លោក Trump។ នេះ​បើ​យោង​តាម​របាយការណ៍​របស់សារព័ត៌មាន Wall Street Journal៕

ព្យុះទីហ្វុង Bavi វាយ​ប្រហារ​​កោះភាគខាងត្បូងរបស់ជប៉ុន ខណៈតៃវ៉ាន់ជម្លៀសមនុស្សរាប់ពាន់នាក់

2026/07/11 08:53:30 pm        71
ព្យុះទីហ្វុង Bavi បានវាយ​ប្រហារ​​​កោះ Sakishima ភាគខាងត្បូងរបស់ប្រទេសជប៉ុន ដោយ​បង្កជា​ភ្លៀងធ្លាក់ខ្លាំង​ និងខ្យល់បក់ខ្លាំង នៅថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) ខណៈពេលដែលព្យុះនេះ​កំពុងបក់បោក​ឆ្ពោះទៅកោះ​តៃវ៉ាន់ ដែលជំរុញឱ្យអាជ្ញាធរព្រមានអំពីហានិភ័យពី​ការ​មាន​ទឹកជំនន់ និងបំណាក់​ដី។នៅលើកោះ Ishigaki ដែលជាផ្នែកនៃខេត្ត Okinawa បំណែកតូចៗនៃកម្ទេចកម្ទីអាចមើលឃើញប៉ើង​តាមដងផ្លូវដែល​គ្មាន​មនុស្ស ដោយមានតែយានយន្ត​ប៉ុណ្ណោះដែលប្រឈម​នឹង​ខ្យល់បក់ខ្លាំង​ និងភ្លៀងធ្លាក់​។ អាជ្ញាធរបានចេញការព្រមានអំពីខ្យល់បក់ខ្លាំងរហូតដល់ ១៩៨គីឡូម៉ែត្រ ក្នុងមួយម៉ោង។ជើងហោះហើរ និងសេវាកម្មស្រឡាងឆ្លងកាត់កោះ Ishigaki ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ នៅតែត្រូវបានផ្អាកសម្រាប់ពេញ​មួយ​ថ្ងៃសៅរ៍នេះ​។ ក្រុមហ៊ុនអាកាសចរណ៍បានលុបជើងហោះហើរចំនួន ៣៤៥ជើង​ ហើយគ្រួសារជាង ២៤.០០០គ្រួសារ នៅខេត្ត Okinawa បានដាច់ចរន្តអគ្គិសនី។នៅកោះ​ជិត​ខាង​តៃវ៉ាន់ រដ្ឋបាលបានជម្លៀសមនុស្សជាង ១៤.០០០នាក់ចេញពីតំបន់ភ្នំភាគច្រើន ខណៈដែលកោះនេះបានសេវាកម្ម​នានា ដើម្បី​ត្រៀម​ ដោយសារ​ព្យុះ Bavi នេះបក់បោក​ជិត​ដល់​ភាគខាងជើង។បើ​ទោះ​បី​ជា​ព្យុះនេះ​ ដែលកំពុងចុះខ្សោយបន្តិចម្តងៗ នឹងមិនវាយប្រហារកោះតៃវ៉ាន់ក៏ដោយ​ ក៏​រដ្ឋបាលកំពុងចាត់វិធានការបង្ការ ដើម្បីការពារការបាត់បង់អាយុ​ជីវិត ដោយសារការព្យាករ ដែល​ថា នឹងមានភ្លៀងធ្លាក់កម្រិត​ជិត ១ម៉ែត្រ នៅក្នុងតំបន់មួយចំនួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM