លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

វិបត្តិប្រេងឥន្ធនៈរបស់រុស្ស៊ី ជំរុញពលរដ្ឋរស់នៅក្នុងទីក្រុងមូស្គូ ងាកទៅទិញរថយន្តអគ្គិសនីមកប្រើប្រាស់

2026/07/11 03:58:30 am        28
រថយន្តអគ្គិសនីរបស់អ្នកស្រី Oksana Yasinskaya បានបើកឆ្លងកាត់រថយន្តចតយ៉ាងវែងរង់ចាំចាក់ប្រេងរថយន្តរបស់ពួកគេនៅស្ថានីយប្រេងមួយកន្លែង និងបើកចូលទៅកន្លែងសាកអាគុយរថយន្តដែលនៅទំនេរ ស្ថិតនៅតំបន់ភាគអាគ្នេយទីក្រុងមូស្គូ ។ក្រោយដោតសាកអាគុយរថយន្តរបស់គាត់ អ្នកស្រី Yasinskaya បានសំឡឹងមើលទីធ្លាដែលគេទុកចោលនៅក្នុងស្ថានីយប្រេង ដោយសញ្ញានៅលើម៉ាស៊ីនបូមសរសេរពាក្យសុំទោសថា ពួកគេគ្មានប្រេងបណ្តោះអាសន្ន គឺជាសញ្ញាស្រដៀងគ្នា កើតមាននៅតាមតំបន់ជាច្រើនរបស់រុស្ស៊ី ជាទីដែលការវាយប្រហាររបស់អ៊ុយក្រែនលើគោលដៅថាមពល បានធ្វើឲ្យរឹតត្បិតការផ្គត់ផ្គង់ ។កង្វះខាតប្រេងដែលនាំឲ្យមានការរង់ចាំរាប់ម៉ោង ដើម្បីចាក់ប្រេង ហើយតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត ហក់ឡើងខ្ពស់ជាងមុននោះ បង្ខំឲ្យអ្នកបើកបរមួយចំនួនដូចជាអ្នកស្រី Yasinskaya និងប្តីរបស់គាត់ ងាកទៅរករថយន្តអគ្គិសនីមកប្រើប្រាស់វិញ ។អ្នកស្រី Yasinskaya គឺជាវិស្វករវ័យ ៣៦ឆ្នាំ ដែលត្រូវធ្វើដំណើរទៅធ្វើការនៅទីក្រុងមូស្គូ និយាយថា ការតម្រង់ជួររង់ចាំនៅស្ថានីយប្រេង បានដោះស្រាយសំណួរ ។ កាលពីមុន ពួកយើងពុំដែលគិតដល់ការទិញរថយន្តអគ្គិសនីមកប្រើប្រាស់នោះទេ ។អ្នកស្រីបន្តថា គាត់មានអារម្មណ៍ធូរស្បើយ ដោយសារតែគាត់ មិនចាំបាច់តម្រង់ជួរ ដើម្បីចាក់សាំងរថយន្តនៅតាមស្ថានីយប្រេង ។ គាត់មិនចូលចិត្តខ្ជះខ្ជាយពេលវេលានោះទេ គាត់ដឹងថា ពលរដ្ឋច្រើនណាស់បានចំណាយពេល ២-៣ម៉ោង ដើម្បីតម្រង់ជួររង់ចាំចាក់ប្រេងរថយន្តរបស់ពួកគេនៅតាមស្ថានីយ ឬបើករថយន្តទៅចាក់ប្រេងនៅពេលយប់ ៕

ទឹកទន្លេ Loire រីងស្ងួតស្ទើរអស់ អំឡុងពេលរលកកម្តៅវាយប្រហារប្រទេសបារំាង

2026/07/11 03:38:54 am        51
រូបភាពវីដេអូឃ្លីបពីលើអាកាស ឃើញផ្នែកជាច្រើននៃទន្លេ Loire នៅសស់តែដីខ្សាច់ប៉ុណ្ណោះ ស្ថិតនៅតំបន់ភាគខាងលិចប្រទេសបារាំង ស្របពេលដែលរលកកម្តៅឆាប់រហ័ស វាយប្រហារប្រទេសបារាំង ហើយសីតុណ្ហភាព បានកើនឡើងដល់ ៤១អង្សាសេនៅថ្ងៃសុក្រនេះ ។ក្រសួងឧតុនិយមបារាំង និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេដាក់នាយកដ្ឋាន ៩កន្លែងនៅតាមដងទន្លេ Loire និងតំបន់ភាគលិចប្រទេសបារាំង ឲ្យស្ថិតក្រោមការប្រកាសអាសន្នកម្តៅកម្រិតខ្ពស់បំផុតពណ៌ក្រហម ចាប់ពីថ្ងៃត្រង់ ថ្ងៃសុក្រនេះតទៅ ។ នាយកដ្ឋាន ៧៦កន្លែងផ្សេងទៀត នឹងស្ថិតក្រោមការប្រុងប្រយ័ត្នកម្រិតពណ៌លឿងទុំ ។ការប្រកាសអាសន្ននេះដែរ បានកើតមានឡើង ក្រោយភ្លើងឆេះព្រៃបង្ខំឲ្យពលរដ្ឋប្រហែល ១ម៉ឺននាក់ ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅតំបន់ភាគខាងត្បូងប្រទេសបារាំង កាលពីដើមសប្តាហ៍នេះ ។ ក្រុមអ្នកវិទ្យាសាស្រ្តសហភាពអឺរ៉ុប បានបញ្ជាក់ថា តំបន់ភាគខាងលិចអឺរ៉ុប បានរកឃើញខែមិថុនាក្តៅខ្លាំងបំផុតជាប់កំណត់ត្រា ហើយការព្រមានពីឧត្តមក្រុមប្រឹក្សាអាកាសធាតុបារាំងបញ្ជាក់ថា កិច្ចខិតខំរបស់ប្រទេសមួយនេះ លើការកាត់បន្ថយការបំភាយឧស្ម័ន និងការសម្របខ្លួនទៅនឹងអាកាសធាតុ នៅមិនទាន់គ្រប់គ្រាន់នោះទេ ។ នៅថ្ងៃសុក្រនេះដែរ នាយករដ្ឋមន្រ្តីបារាំងលោក Sébastien Lecornu នឹងមានកិច្ចប្រជុំវិបត្តិអន្តរក្រសួង ដើម្បីសម្របសម្រួលការឆ្លើយតបរបស់រដ្ឋាភិបាល ស្របពេលដែលក្រុមអាជ្ញាធរនៅតាមតំបន់ជាច្រើន បានដាក់ចេញវិធានការរឹតត្បិតការប្រើប្រាស់ទឹក ៕

លោក Xi ជំរុញឱ្យចិន និងកូរ៉េខាងជើង បន្ត​ដំណោះស្រាយយុទ្ធសាស្ត្រ ក្នុង​ពេល​មាន​ភាពចលាចលសកល

2026/07/11 03:23:33 am        57
​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញឱ្យប្រទេសចិន និងកូរ៉េខាងជើង បន្ត​រក្សា «ដំណោះស្រាយជាយុទ្ធសាស្ត្រ» ក្នុង​អំឡុង​ពេលមាន​បរិយាកាសពិភពលោកច្របូកច្របល់ និងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងដែលលោកបានឈានដល់ជាមួយលោក Kim Jong Un កាលពីខែមុន។លោក Xi បានធ្វើការកត់សម្គាល់បែប​នេះ ពេល​មាន​ជំនួប​​ជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Pak Thae Song ដែលបានទៅ​ដល់ទីក្រុងប៉េកាំង នា​ថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដើម្បីចូលរួមព្រឹត្តិការណ៍មួយដែលប្រារព្ធខួបលើកទី៦៥ នៃសន្ធិសញ្ញាមិត្តភាពរបស់ប្រទេសជិតខាងទាំង​២។កាលពីខែមុន លោក Xi បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់កូរ៉េខាងជើង ក្នុងរយៈពេល ៧ឆ្នាំ ជាកន្លែងដែលលោក និងលោក Kim បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការ ទូទាំង​វិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ទូរទស្សន៍រដ្ឋ CCTV បានដកស្រង់សម្តីរបស់លោក Xi ដែល​បាន​លើកឡើង​ថា៖ «បច្ចុប្បន្ននេះ ស្ថានភាពអន្តរជាតិមានទំនាក់ទំនងគ្នាជាមួយនឹងការផ្លាស់ប្តូរ និងភាពចលាចល។ ប្រទេសចិន និងកូរ៉េខាងជើងគួរតែបន្ត​រក្សាដំណោះស្រាយជាយុទ្ធសាស្ត្រ និងបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ»។ប្រព័ន្ធផ្សព្វផ្សាយ​ CCTV បាន​រាយការណ៍ទៀតថា ជាមួយ​គ្នា​នេះ លោកបានអំពាវនាវឱ្យមានការអនុវត្តការឯកភាពគ្នាដែលលោកបានឈានដល់ជាមួយលោក Kim ឲ្យលឿនជាងមុន ដោយបញ្ជាក់​ថា ភាគីទាំង២ គួរតែធានាថា ទំនាក់ទំនងរបស់​ប្រទេស​ទាំង២ «តាមទាន់​ពេលវេលា» ។ ហើយ​លោក Xi បានប្រាប់លោក Park ថា ប្រទេសទាំង២ គួរតែការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍រៀងៗខ្លួន៕

លោក Modi ចាប់​ផ្ដើម​ដំណើរទៅ​នូវែលសេឡង់ ជាទស្សនកិច្ចដំបូងដោយ​នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុង​រយៈពេល ៤០ឆ្នាំ

2026/07/11 03:23:00 am        47
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចាប់ផ្តើមការ​ធ្វើ​​ដំណើរ​ទៅកាន់ប្រទេសនូវែលសេឡង់ នៅថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះ ដោយ​នេះ​គឺ​ជាការ​បំពេញ​ទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំនៃប្រទេសអាស៊ីខាងត្បូងមួយ​នេះ​ ក្នុងរយៈពេល ៤០ឆ្នាំ។នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានទទួលលោក Modi នៅឯអាកាសយានដ្ឋាន​។ លោក Modi គឺជានាយករដ្ឋមន្ត្រីឥណ្ឌាដំបូងគេដែលបានធ្វើ​ទស្សនកិច្ចនៅនូវែលសេឡង់ ចាប់តាំងពីមាន​ដំណើរបែប​នេះ​របស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក Rajiv Gandhi ក្នុងខែតុលា ឆ្នាំ១៩៨៦។ភ្លាមៗ បន្ទាប់ពីយន្ត​ហោះ​របស់លោក​ចុះចតនៅទីក្រុង Auckland លោក Modi បាននិយាយថា លោកទន្ទឹងរង់ចាំជួបជជែក​ជាមួយលោក Luxon និងពិភាក្សាអំពី «មិត្តភាពពេញលេញ» រវាងឥណ្ឌា និងនូវែលសេឡង់។អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាន​ឱ្យដឹង​ថា ដំណើរទស្សនកិច្ចនេះ «ត្រូវបានកំណត់ពង្រឹងទំនាក់ទំនងទ្វេភាគី និងបើក​ផ្លូវថ្មីនៃកិច្ចសហប្រតិបត្តិការនៅទូទាំងវិស័យជាច្រើន ជាពិសេសពាណិជ្ជកម្ម ការពារជាតិ កីឡា វប្បធម៌ ការអប់រំ និងការផ្លាស់ប្តូរប្រជាជន និង​ប្រជាជន​» ។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះកើតឡើងស្រប​ពេលមានភាពមិន​ចុះសម្រុង​គ្នា ក្នុងរង្វង់​រដ្ឋាភិបាលចម្រុះ នៅប្រទេសនូវែលសេឡង់ បន្ទាប់ពីខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌាកាលពីដើមឆ្នាំនេះ៕

ជប៉ុនជំរុញឲ្យពលរដ្ឋរស់នៅក្នុងខេត្ត Okinawa បន្តប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈព្យុះ Bavi បោកបក់ជិតមកដល់

2026/07/11 03:02:21 am        59
នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលជប៉ុន បានជំរុញប្រជាពលរដ្ឋរស់នៅក្នុងខេត្ត Okinawa ត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត ស្របពេលដែលព្យុះទីហ្វុងដ៏ខ្លាំងក្លា Bavi កំពុងបោកបក់ខិតមកជិតបណ្តាកោះនៅតំបន់ភាគនិរតី ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អនុរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណបក្សរដ្ឋមន្រ្តីជប៉ុនលោក Masanao Ozaki បានស្នើសុំឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងលទ្ធភាពនៃទឹកជំនន់ និងបំណាក់ដី ។លោក Ozaki និយាយថា ពួកយើងស្នើសុំឲ្យអ្នករាល់គ្នា ត្រូវតែត្រៀមជម្លៀសខ្លួន ត្រូវតែប្រុងប្រយ័ត្នទុកជាមុន មុនពេលខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ប្រែក្លាយទៅបញ្ហាធ្ងន់ធ្ងរ ហើយនិងស្វែងរកជម្រកនៅតាមអគារសិក្សា នៅក្នុងផ្ទះ និងនៅឲ្យឆ្ងាយពីមាត់បង្អួច ។នៅព្រឹកថ្ងៃសុក្រនេះ ព្យុះទីហ្វុង Bavi បានបោកបក់ខិតមកជិតកោះ Sakishima ដែលជាកោះដាច់ស្រយោលមួយរបស់ជប៉ុន ស្ថិតនៅក្បែរកោះតៃវ៉ាន់ ជាមួយកម្លាំងខ្យល់បក់អតិបរមា ១៦២គ.ម ក្នុង ១ម៉ោង បង្ខំឲ្យមានការលុបចោលជើងហោះហើរជាច្រើនវ៉ុល នៅក្នុងតំបន់ និងធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើររាប់ម៉ឺននាក់ ៕

បាតុកម្មផ្ទុះឡើងនៅរដ្ឋ West Bengal របស់ឥណ្ឌា ជុំវិញករណីចាប់រំលោភ-សម្លាប់ក្មេងស្រីអានីតិជន

2026/07/11 03:02:00 am        33
បាតុកម្មបានផ្ទុះឡើងនៅរដ្ឋភាគខាងកើត West Bengal របស់ឥណ្ឌា ក្រោយករណីចាប់រំលោភសេពសន្ថវៈ និងឃាតកម្មលើក្មេងស្រីអានីតិជនម្នាក់ ក្នុងនោះអតីតអភិបាលរដ្ឋលោក Mamata Banerjee ដែលដឹកនាំបាតុកម្មនៅទីក្រុង Baruipur ទាមទាររកយុត្តិធម៌សម្រាប់ក្មេងស្រីដែលត្រូវបានសម្លាប់ ។ក្មេងស្រីរងគ្រោះអាយុ ១១ឆ្នាំ បានបាត់ខ្លួន ហើយក្រោយមកត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងត្រពាំងមួយកន្លែង បង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ West Bengal ។បន្ទាប់ពីឧបទ្ទេវហេតុដែលបានកើតឡើងកាលពីថ្ងៃអាទិត្យនេះ ម្នាក់ក្នុងចំណោមជនសង្ស័យសំខាន់ក្នុងករណីនេះ ត្រូវបានសម្លាប់ អំឡុងការតបតជាមួយក្រុមនគរបាល ។ជនជាប់ចោទម្នាក់នេះ ត្រូវបាននាំខ្លួនឲ្យធ្វើតម្រាប់តាមនៅកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្ម ជាទីដែលជនជាប់ចោទ ត្រូវបានគេចោទប្រកាន់ថា បានឆក់យកកាំភ្លើងពីមន្រ្តីនគរបាល និងព្យាយាមរត់គេច រួចបានបាញ់តបតជាមួយសមត្ថិកិច្ច ។ក្រុមអាជ្ញាធរ និយាយថា ក្រោយមក ក្រុមនគរបាល បានចាត់វិធានការឆ្លើយតប ជាហេតុបណ្តាលឲ្យជនជាប់ចោទស្លាប់ ។ការប៉ះទង្គិចគ្នានេះដែរ បង្កការខឹងសម្បារនៅក្នុងចំណោមមេដឹកនំាគណបក្សប្រឆាំង ។ លោក Mahua Moitra គឺជាមេដឹកនំាគណបក្សប្រឆាំងក្នុងតំបន់ Trinamool Congress និយាយថា នគរបាលមិនគួរបាញ់ជនសង្ស័យត្រូវចំដើមទ្រូង ខ្នង និងក្បាល ហើយសម្លាប់គាត់បែបហ្នឹងនោះទេ ។ ទាំងនេះ គឺជាច្បាប់នៃការតបត តែមាននូវភាពខុសប្លែកគ្នា រវាងនគរបាល និងហ្វូងកុបកម្ម ៕

ប្រធានសន្តិសុខអ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថា «នឹងមិនមានសុវត្ថិភាពដោយសារការឆ្លើយតបឡើយ​»

2026/07/11 03:01:38 am        50
ប្រទេស​អ៊ីរ៉ង់បានព្រមាននៅថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះថា ការ​សងសឹក ចំពោះ​ការវាយប្រហារណាមួយ លើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន នឹង​កើតមាន​ ហើយអ៊ីស្រាអែលនឹងប្រឈមជាមួយ​ការឆ្លើយតប។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាននេះ​ លោក Mohammad Bagher Zolghadr លេខានៃ​ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានបញ្ជាក់​ថា៖ «ដូចដែលយើងបានប្រកាសពីមុនមកហើយ​ ការវាយប្រហារណាមួយលើហេដ្ឋារចនាសម្ព័ន្ធ នឹងត្រូវបាន​ឆ្លើយតបដោយការសងសឹកដូចគ្នា»។លោកបានបន្ថែមថា អ៊ីស្រាអែល ដែលលោកបាននិយាយថា នៅពីក្រោយសកម្មភាពអរិភាពថ្មីៗនេះ «នឹងមិនមានសុវត្ថិភាពដោយសារ​ការឆ្លើយតប​នេះ​ឡើយ​​»។កាលពីខែមុន អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់ជម្លោះយោធារបស់ភាគីទាំង២ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។តែ​ភាគីទាំង២ បានចាប់​ផ្ដើម​វាយប្រហារតប​តគ្នា ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ បន្ទាប់ពីមាន​ការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាពាណិជ្ជកម្មចំនួន ៣គ្រឿង នៅច្រកសមុទ្រ Hormuz៕

វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងទាក់ទងជាមួយទួរគី ពាក់​ព័ន្ធ​ជោគវាសនាប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី

2026/07/11 02:30:28 am        98
វិមានក្រឹមឡាំងបានឱ្យដឹង​នៅ​ថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦)​ នេះ​ថា ទីក្រុង​មូស្គូបានទាក់ទងជាមួយទួរគី ពាក់ព័ន្ធនឹង​ជោគវាសនានៃប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី ដែលជា​កម្មសិទ្ធិ​របស់​ទីក្រុង Ankara បន្ទាប់ពីសារព័ត៌មានបានរាយការណ៍ថា ទួរ​គីបានត្រៀមជាស្រេច ក្នុងការផ្ទេរមីស៊ីលការពារដែនអាកាសនេះ​ទៅប្រទេសឈូងសមុទ្រមួយ ដែលមិនត្រូវបាន​បញ្ចេញឈ្មោះឱ្យដឹង​។សារព័ត៌មានទួរគី Hurriyet បានរាយការណ៍នៅព្រឹក​ថ្ងៃសុក្រនេះថា ទួរគីអាចប្រកាសថា ខ្លួននឹងលក់បន្ត​នូវ​មីស៊ីល S-400 ទៅឱ្យប្រទេសឈូងសមុទ្រមួយយ៉ាង​ឆាប់តាមដែលអាចធ្វើទៅបាន នៅក្នុង​រង្វង់​ថ្ងៃនេះ ដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យលុបចោលទណ្ឌកម្ម លើទីក្រុង Ankara។នៅឆ្នាំ២០២០ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើទួរគី ដែលជាសមាជិករបស់​អង្គការណាតូដូចគ្នា ជុំវិញការទិញប្រព័ន្ធការពារដែនអាកាស S-400 ហើយបានដកប្រទេស​នេះ​ចេញពីកម្មវិធីផ្គត់ផ្គង់ និងផលិតយន្តហោះចម្បាំង F-35 ដែលទីក្រុង Ankara ចង់ចូលរួម។នៅពេលត្រូវបាន​សួរនៅថ្ងៃសុក្រ អំពីរបាយការណ៍របស់​ប្រព័ន្ធផ្សព្វផ្សាយនេះ​ និងថា តើទួរគីបានស្វែងរកការអនុញ្ញាតពីរុស្ស៊ី ដើម្បីបន្តកិច្ចព្រមព្រៀងដែលត្រូវបានរាយការណ៍​នេះ​ដែរ ឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយ​ថា៖ «ខ្ញុំអាចនិយាយរឿងមួយនៅទីនេះ នោះគឺ​ថា នេះគឺជាបញ្ហាដ៏រសើបបំផុត។ តែ​យ៉ាងណាក្ដី យើងបានទាក់ទងជាមួយភាគីទួរគី ពាក់​ព័ន្ធ​នឹង​បញ្ហានេះ ហើយយើងនឹងបន្តរក្សាទំនាក់ទំនងជាមួយពួកគេលើបញ្ហានេះ»៕

វិមាន Elysee៖ លោក Rutte និងលោក Zelenskyy នឹងចូលរួមកិច្ច​ប្រជុំសម្ព័ន្ធឆន្ទៈរួម​គាំទ្រ​អ៊ុយក្រែន

2026/07/11 02:26:11 am        46
ការិយាល័យ​ប្រធានាធិបតីបារាំង នៅ​ថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​ឱ្យដឹង​ថា ប្រមុខ​អង្គការណាតូ (NATO) លោក Mark Rutte និងលោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងចូលរួមកិច្ចប្រជុំ «សម្ព័ន្ធឆន្ទៈរួម» នាថ្ងៃចន្ទសប្ដាហ៍ក្រោយ​ នៅទីក្រុងប៉ារីស ជា​ការ​ជួប​ជុំ ដើម្បីបង្ហាញ​ការ​គាំទ្រអ៊ុយក្រែន។ការជួប​ជុំ​នេះនឹងមានគោលបំណងបង្កើត​សន្ទុះ ដើម្បីជួយអ៊ុយក្រែន បន្ទាប់ពីមាន​កិច្ចប្រជុំកំពូលអង្គការណាតូ កាលពីដើមសប្តាហ៍នេះ។ វិមាន Elysee បាន​ឱ្យដឹង​ថា ការរៀបចំផែនការនៅតែដំណើរការ សម្រាប់ការធានាសន្តិសុខ នៅពេលដែលបទឈប់បាញ់ត្រូវបានឈាន​ដល់​ រវាងអ៊ុយក្រែន និងរុស្ស៊ី។លោកប្រធានាធិបតីអាមេរិក Donald Trump បានបង្ហាញជំហរអំណោយផលជាងមុន ចំពោះទីក្រុងគីវក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលថ្មី​ៗនេះ​របស់​ក្រុមប្រទេស​មាន​ឧស្សាហកម្ម​លូត​លាស់​ទាំង៧ (G7) និងអង្គការ​ណាតូ​។វិមាន Elysee បានឱ្យដឹង​ទៀតថា ប្រទេស ២ ទៀត គឺម៉ុលដាវី និងម៉ាសេដូនី​ខាងជើង បានចូលរួមជាមួយសម្ព័ន្ធនេះ។ បើការិយាល័យ​របស់​ប្រធានាធិបតីបារាំងនេះ​ បាន​បន្ថែមថា​ មេដឹកនាំសហភាពអឺរ៉ុប លោក​ស្រី Ursula von der Leyen និងលោក Antonio Costa ក៏នឹងចូលរួមកិច្ចប្រជុំនៅថ្ងៃចន្ទនោះ​ផងដែរ៕

លោកស្រីអតីតនាយករដ្ឋមន្រ្តី Hasina មានគម្រោងវិលត្រឡប់ទៅកាន់ប្រទេសបង់ក្លាដែសវិញនៅខែធ្នូ

2026/07/11 02:25:48 am        44
នាយករដ្ឋមន្រ្តីដែលត្រូវបានទម្លាក់ចេញពីតំណែងរបស់បង់ក្លាដែសលោកស្រី Sheikh Hasina និយាយថា លោកស្រីមានគម្រោងវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់លោកស្រីវិញពីការនិរទេសខ្លួន នៅខែធ្នូខាងមុខនេះ បើទោះបីជាការកាត់ទោសប្រហារជីវិតត្រូវបានអនុម័ត អំឡុងការស្នាក់នៅរយៈពេល ២ឆ្នាំរបស់លោកស្រីនៅប្រទេសឥណ្ឌាក៏ដោយ ។អតីតមេដឹកនាំវ័យ ៧៨ឆ្នាំរូបនេះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍ដែលបានចុះផ្សាយនៅថ្ងៃសុក្រនេះថា លោកស្រីមានគម្រោងវិលត្រឡប់ទៅកាន់ប្រទេសបង់ក្លាដែសវិញជាមួយក្រុមមន្រ្តីជាន់ខ្ពស់មកពីគណបក្សសម្ព័ន្ធ Awami ដើម្បីតតាំងនឹងការបិទគណបក្សស្របច្បាប់របស់លោកស្រី ។ការវិលត្រឡប់មកវិញរបស់លោកស្រី Hasina អាចនឹងអង្រួនកិច្ចខិតខំធ្វើឲ្យស្ថិរភាពរបត់នយោបាយបង់ក្លាដែស បន្ទាប់ពីបដិវត្តន៍ឆ្នាំ ២០២៤ ប្រឆាំងនឹងការគ្រប់គ្រងបែបផ្តាច់ការកើនឡើងរបស់លោកស្រី ដែលមើលឃើញការរត់ភៀសខ្លួនរបស់លោកស្រី បន្ទាប់ពីការបង្ក្រាបស្លាប់មនុស្ស ពុំអាចបំបែកការបះបោរដឹកនាំដោយក្រុមនិស្សិតបាន ។ទោះបីជាយ៉ាងណាក៏ដោយ ការវិលត្រឡប់ទៅវិញរបស់លោកស្រី Hasina អាចនឹងជួយធ្វើឲ្យល្អប្រសើរឡើងផងដែរទំនាក់ទំនងជាមួយឥណ្ឌា ដែលបានជាប់គាំងដោយសារការសម្រេចចិត្តរបស់ទីក្រុងញូវដែលី ក្នុងការផ្តល់កន្លែងជ្រកកោនដល់លោកស្រី ។លោកស្រី Hasina និយាយនៅក្នុងបទសម្ភាស៍តាមទូរស័ព្ទជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពីរដ្ឋធានីរបស់ប្រទេសឥណ្ឌា ដែលលោកស្រីបានរត់ភៀសខ្លួនទៅកាន់ទីនោះកាលពីរយៈពេល ២ឆ្នាំមុនថា ពួកគេអាចនឹងចាប់ខ្លួនលោកស្រី ពួកគេអាចនឹងសម្លាប់លោកស្រី ប៉ុន្តែលោកស្រីនៅត្រូវតែទៅ ។ បើសិនជាសេចក្តីស្លាប់មកដល់ អ្នកស្រីចង់ស្លាប់នៅលើទឹកដីខ្លួនឯង ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM