លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារ IEA ព្រមានថា ការកើនឡើងភាពតានតឹងអាមេរិក-អ៊ីរ៉ង់ គំរាមដល់ការងើបឡើងវិញការផ្គត់ផ្គង់ប្រេង

2026/07/11 02:25:24 am        34
ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានព្រមាននៅថ្ងៃសុក្រនេះថា ការវិលត្រឡប់ទៅរកការធ្វើសង្រ្គាមឡើងវិញ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងគំរាមកំហែងបន្តឲ្យកើតមានវិបត្តិថាមពលសកល ។ពួកគេបន្តថា ហានិភ័យនៃការចាប់ផ្តើមអរិភាពឡើងវិញ អាចនឹងបំផ្លាញក្តីសង្ឃឹមនៃការងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារថាមពល ដែលត្រូវបានកត់សម្គាល់ដោយទីភ្នាក់ងាររបស់ពួកគេ នៅថ្ងៃសុក្រនេះ ។ការព្រមាននេះ បានកើតមានឡើង ស្របពេលមានការផ្អាកសកម្មភាពប្រយុទ្ធគ្នាពីកងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងអ៊ីរ៉ង់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចខិតខំធ្វើឲ្យដំណើរការការទូតរស់រានឡើងវិញ បើទោះបីជាប្រភពបានព្រមានថា យោធាសហរដ្ឋអាមេរិកនៅតែត្រៀមខ្លួន ក្នុងការចាប់ផ្តើមការវាយប្រហារឡើងវិញរបស់ពួកគេក៏ដោយ ។ទីភ្នាក់ងារ IEA និយាយនៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែចុងក្រោយរបស់ខ្លួនថា តម្រូវការប្រេងពិភពលោក កំពុងតែធ្លាក់ចុះនៅឆ្នាំនេះជាលើកដំបូង ចាប់តំាងពីឆ្នាំ ២០២០ ស្របពេលដែលជម្លោះបន្តធ្វើឲ្យអាក់ខានដល់ផលិតកម្ម និងការនាំចេញប្រេង នៅទូទាំងតំបន់មជ្ឈិមបូព៌ា ៕

ចិនហាមឃាត់ការនាំចេញ​អេលីយ៉ូមបណ្តោះអាសន្ន ខណៈជម្លោះ​អាមេរិក-អ៊ីរ៉ង់ ផ្ទុះឡើងជាថ្មី​

2026/07/11 02:25:03 am        35
នៅថ្ងៃសុក្រ (ទី១០​ ខែកក្កដា ឆ្នាំ២០២៦)​ នេះ ប្រទេសចិនបានប្រកាស អំពីការហាមឃាត់ការនាំចេញសមាសធាតុ​​អេលីយ៉ូមជាបណ្តោះអាសន្ន ដែលមានប្រសិទ្ធភាពភ្លាមៗ ខណៈដែលការមាន​ជម្លោះយោធាឡើងវិញ​ នៅតំបន់មជ្ឈិមបូព៌ា គំរាមកំហែងដល់ការខ្វះខាតឧស្ម័នថ្មី ដែលមាន​សារៈសំខាន់ ​សម្រាប់ការផលិតបន្ទះឈីប។នៅ​ដើម​ឆ្នាំ២០២៦ សង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់បាននាំឱ្យមានកង្វះខាតសមាសធាតុ​អេលីយ៉ូម ដែលរំខានដល់ក្រុមហ៊ុននានា នៅទូទាំងពិភពលោក ក្នុង​នោះ​រួមទាំងនៅក្នុងប្រទេសចិនផងដែរ ជាកន្លែងដែលឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) ពឹងផ្អែកខ្លាំងឡើងៗ លើបន្ទះឈីបក្នុងស្រុក សម្រាប់ការបណ្តុះបណ្តាល និងដំណើរការម៉ូដែល AI។ អេលីយ៉ូមគឺចាំបាច់សម្រាប់ការគ្រប់គ្រងកម្ដៅ​ក្នុងការផលិតបន្ទះឈីប។ការហាមឃាត់លើ​​អេលីយ៉ូមនេះ គឺជាឧទាហរណ៍ចុងក្រោយបំផុតរបស់​ទីក្រុងប៉េកាំង ដែលកំពុងស្វែងរកការការពារការខ្វះខាតសម្ភារៈសំខាន់ៗក្នុងស្រុក ដោយកាត់បន្ថយការនាំចេញ។ នៅមុននេះ ប្រទេសនេះ​បានដាក់ចេញវិធានការស្រដៀងគ្នា លើប្រេងឥន្ធនៈ ជី និងអាស៊ីតស៊ុលហ្វួរិក។ចិនក៏កំពុងស្វែងរកការជំរុញសមត្ថភាពផលិតបន្ទះឈីបក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែករបស់ឧស្សាហកម្ម លើបន្ទះឈីប​កម្រិតខ្ពស់​នៃ​ក្រុម​ហ៊ុន​​ Nvidia ដែលស្ថិតនៅក្រោមការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក​​​។ ហើយ​ប្រទេស​នេះ​ពឹងផ្អែកយ៉ាងខ្លាំងលើសមាសធាតុ​អេលីយ៉ូម នៅបរទេស ទោះបីជាមានការខិតខំប្រឹងប្រែង ដើម្បីពង្រីកផលិតកម្មក្នុងស្រុកក៏ដោយ៕

រដ្ឋធានី Bengaluru របស់ឥណ្ឌា ចាត់វិធានការទប់ស្កាត់លើការប្រើប្រាស់ទឹកស្អាត ស្របពេលក្តីបារម្ភពីកង្វះខាតទឹក

2026/07/11 02:10:32 am        63
ស្របពេលក្តីបារម្ភពីកង្វះខាតទឹកប្រើប្រាស់ ក្រុមអាជ្ញាធរនៅរដ្ឋធានីបច្ចេកវិទ្យា Bengaluru របស់ប្រទេសឥណ្ឌា បានហាមឃាត់ការប្រើប្រាស់ទឹកស្អាតសម្រាប់សកម្មភាពពុំចាំបាច់ រួមទាំងការលាងរថយន្ត និងស្រោចផ្កា ។វិធានការទប់ស្កាត់នេះដែរ បន្តដល់ការងារសំណង់ ការសម្អាតផ្លូវ និងការបំពេញទឹកក្នុងអាងហែលទឹក ។ ទោះបីជាយ៉ាងណាក៏ដោយ ការរឹតត្បិតនេះ ពុំអនុវត្តលើអាងហែលទឹកដែលប្រើប្រាស់ ដើម្បីបង្វឹកអត្តពលិក សម្រាប់ការប្រកួតកម្រិតថ្នាក់រដ្ឋ និងកម្រិតថ្នាក់ជាតិនោះទេ ។អ្នកដែលរកឃើញការបំពានបទបញ្ជានេះ អាចនឹងប្រឈមនឹងការផាកពិន័យជាទឹកប្រាក់ ៥០ដុល្លារ ហើយបើសិនជាហ៊ានបំពានម្តងទៀត អាចនឹងនាំឥ្យមានការពិន័យបន្ថែមទៀត ហើយនិងការកាត់បន្ថយការផ្គត់ផ្គង់ទឹក ។ចំណាត់ការបែបនេះ បានកើតមានឡើង ស្របពេលដែលប្រទេសឥណ្ឌារកឃើញខែមិថុនាស្ងួតខ្លាំងបំផុតរបស់ខ្លួន ក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ។ ដោយឡែក កម្រិតភ្លៀងធ្លាក់ពីទិសនិរតី នៅទាបជាងកម្រិតធម្មតា ហើយនិងបានធ្វើឲ្យប៉ះពាល់ដល់ផលដំណាំ ជាពិសេសនៅតំបន់ភាគខាងលិច និងតំបន់ភាគខាងត្បូងប្រទេសឥណ្ឌា ៕

ប្រទេសឥណ្ឌាកត់ត្រាអ្នក​ស្លាប់ទាក់ទង​នឹង​ទឹក​ភ្លៀងជាង​ ១០នាក់​

2026/07/11 02:07:55 am        53
ឥណ្ឌាបានមាន​អ្នក​ស្លាប់ទាក់ទង​នឹង​ទឹក​ភ្លៀងជាង​ ១០នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលភ្លៀងរដូវ​មូសុងបានបង្កឱ្យមានបំណាក់​ដី និងការបាក់​រលំផ្ទះសម្បែង នៅក្នុងតំបន់ជាច្រើនរបស់​ប្រទេស។នៅ​ដើមសប្តាហ៍នេះ បំណាក់​ដី បានកើត​មាននៅ​​ទីតាំងគម្រោងផ្លូវរូងក្រោមដី Anakkompoyil-Meppadi ក្នុងរដ្ឋ Kerala ភាគខាងត្បូងឥណ្ឌា ដោយបានបណ្ដាល​ឱ្យ​មនុស្ស ៧នាក់ស្លាប់​។ សាកសពម្នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦)​ នេះ។មន្ត្រីបានឱ្យដឹង​ថា មនុស្សម្នាក់នៅតែបាត់ខ្លួននៅកន្លែងកើតហេតុគម្រោងផ្លូវរូងក្រោមដីនេះ​ ហើយប្រតិបត្តិការជួយសង្គ្រោះនៅតែដំណើរការ។ មនុស្ស ៧នាក់បានបាត់បង់ជីវិត ​នៅភាគខាងជើងរដ្ឋ Uttar Pradesh ក្នុងសប្តាហ៍នេះ ខណៈទឹក​ភ្លៀង បានធ្លាក់​យ៉ាង​ជោគជាំនៅ​តំបន់នេះ ដែលរំខានដល់ជីវិតប្រចាំថ្ងៃ​​។នៅភាគខាងលិចរដ្ឋ Maharashtra យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីអគារមួយបានបាក់ដួលរលំ នៅតំបន់ Pimpri Chinchwad ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្តមាន​នៅ​រដ្ឋនេះ​។កាលពីសប្តាហ៍មុន មនុស្ស ៦នាក់ បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យអគារកម្ពស់​ច្រើនជាន់បាក់​ដួលរលំនៅក្នុងរដ្ឋធានីហិរញ្ញវត្ថុ Mumbai របស់ឥណ្ឌា។នៅរដ្ឋ Himachal Pradesh នៃតំបន់ភ្នំហិមាល័យ​ ភ្លៀងរដូវ​មូសុងបានបង្កការបំផ្លិចបំផ្លាញ នៅក្នុងតំបន់ជាច្រើន​។ លោក Sukhvinder Singh Sukhu រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ បានឱ្យដឹង​ថា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅក្នុងស្រុកផ្សេងៗនៃរដ្ឋក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានធ្វើ​ឱ្យ​មាន​ក្ដី​បារម្ភខ្លាំងឡើងៗ​៕

វិមានក្រឹមឡាំង៖ លោក Putin នៅតែបើកទូលាយចំពោះកិច្ចប្រជុំសន្តិភាពជាមួយអ៊ុយក្រែន

2026/07/11 02:05:43 am        59
វិមានក្រឹមឡាំងនិយាយនៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី Vladimir Putin នៅតែបើកទូលាយចំពោះការសម្រេចបានគោលដៅរបស់រុស្ស៊ី តាមរយៈវិស័យការទូត ប៉ុន្តែទីក្រុងមូស្គូ កំពុងច្បាមយកតំបន់ទ្រនាប់ឲ្យបានធំជាងនេះនៅប្រទេសអ៊ុយក្រែន ជាការឆ្លើយតបនឹងសកម្មភាពកើនឡើងរបស់ទីក្រុងគីវ ។អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឆ្លើយសំណួរ ជុំវិញអត្ថបទចុះផ្សាយកាលពីរយៈពេល ១ថ្ងៃមុន ដែលប្រភពចំនួន ៣ នៅជិតស្និតនឹងវិមានក្រឹមឡាំងនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការវាយប្រហារយានដ្រូនកាលពីពេលកន្លងទៅរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី និងកំពង់ផែរុស្ស៊ី កំពុងពង្រឹងដំណោះស្រាយរបស់លោក Putin ក្នុងការបន្តសង្រ្គាមមកទល់នឹងពេលនេះ ។លោក Peskov និយាយថា រុស្ស៊ីមានជំនឿថា របបក្រុងគីវ គ្មានបំណងចូលរួមកិច្ចប្រជុំស្វែងរកសន្តិភាពនោះទេនៅពេលឥឡូវនេះ ហេតុដូច្នេះហើយ ទីក្រុងមូស្គូ ត្រូវតែបន្តយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។លោកថា អ្នកត្រូវការលើកឡើងសំណួរមួយនេះទៅកាន់សេតវិមាន ថាតើភាគីអាមេរិក ត្រៀមខ្លួនរួចហើយឬនៅ ដើម្បីដាក់សម្ពាធរបបក្រុងគីវ ពួកយើងយល់ឃើញថា បច្ចុប្បន្នរបបក្រុងគីវពុំបានបង្ហាញទំនោរណាមួយឆ្ពោះទៅដំណើរការសន្តិភាពនោះទេ ។លោក Peskov និយាយទៀតថា រុស្ស៊ីនៅតែបើកទូលាយចំពោះការសម្រេចគោលដៅរបស់ខ្លួនតាមរយៈកិច្ចចរចាផ្នែកនយោបាយ និងការទូតដោយសន្តិវិធី ហើយលោកប្រធានាធិបតី Putin នៅតែបើកទូលាយ ៕

ប្រធានាធិបតីចិន លោក Xi ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងជើង នៅមុនខួបសន្ធិសញ្ញា

2026/07/11 02:03:12 am        50
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Pak Thae Song នៅទីក្រុងប៉េកាំង នាថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះ​។ទីក្រុងប៉េកាំង បាន​ឱ្យដឹង​ថា លោក Pak បានទៅ​ដល់ទីក្រុងប៉េកាំង នៅ​ព្រឹកថ្ងៃសុក្រនេះ​ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ហើយនឹងចូលរួមព្រឹត្តិការណ៍មួយដែលប្រារព្ធខួបលើកទី៦៥ នៃសន្ធិសញ្ញាមិត្តភាពរបស់ប្រទេសជិតខាងទាំង​២។ដំណើរនេះ បានកើតឡើងក្រោយ​មួយខែបន្ទាប់ពីលោក Xi បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅ​កូរ៉េខាងជើង ក្នុងរយៈពេល ៧ឆ្នាំ ជាកន្លែងដែលលោក និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ដោយ​ត្រូវ​បាន​ចុះហត្ថលេខានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦១ ​សន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ និងជំនួយទៅវិញទៅមក នៅតែជាសន្ធិសញ្ញាការពារជាតិទៅវិញទៅមកសកម្មតែមួយគត់របស់ប្រទេសចិន៕

កសិករចិញ្ចឹមឃ្មុំលីបង់ ប្រឈមនឹងការងើបឡើងវិញច្រើនឆ្នាំ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងឃ្មុំ

2026/07/11 02:00:28 am        50
លោក Fadi El Masri គឺជាកសិករចិញ្ចឹមឃ្មុំមួយរូបរបស់លីបង់ បានមើលថែបង្គងឃ្មុំរបស់គាត់នៅទីក្រុង Salima ដោយរូបលោករៀបរាប់ពីវិធីសាស្រ្តដែលលោកផ្លាស់ទីឃ្មុំរបស់លោកចេញពីតំបន់ភាគខាងត្បូងលីបង់ អំឡុងរងការផ្លោងគ្រាប់កាំភ្លើងធំ ។ក្រុមប្រឹក្សាជាតិស្រាវជ្រាវវិទ្យាសាស្រ្តលីបង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Xរបស់ខ្លួនកាលពីខែមិថុនាថា ពួកគេបានរកឃើញបង្គងឃ្មុំជាង ២ម៉ឺនបង្គង បាត់បង់ ឬរងការផលប៉ះពាល់ អំឡុងសង្រ្គាមរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ពោលគឺតំណាងឲ្យការបាត់បង់ផលិតកម្ម ៦៥ភាគរយ ។លោក Masri ដែលតាមធម្មតាបំលាស់ទីឃ្មុំរបស់គាត់នៅចម្លោះតំបន់ភ្នំលីបង់ និងតំបន់ភាគខាងត្បូងលីបង់ អាស្រ័យលើរដូវកាលនោះ និយាយថា លោកត្រូវតែធ្វើវាឲ្យបានលឿនជាងការគ្រោងទុកកាលពីខែមេសា ដោយសារតែស្ថានភាពបែបនេះ ។កសិករចិញ្ចឹមឃ្មុំវ័យ ៥៦ឆ្នាំរូបនេះ បន្តថា លោកបាត់បង់បង្គងឃ្មុំចំនួន ៩០បង្គង មុនពេលបំលាស់ទីបង្គងឃ្មុំនៅសស់របស់លោក ១២០បង្គង ចេញពីទីក្រុង Adloun ដែលស្ថិតនៅចម្ងាយប្រហែល ៤០គ.ម ភាគខាងជើងព្រំដែនលីបង់ជាមួយអ៊ីស្រាអែល ។ លោក Masri និយាយថា ការងើបឡើងវិញ មានការយឺតយ៉ាវខ្លាំងណាស់ ហើយលោកអាចប៉ាន់ស្មានដឹងថា វាអាចនឹងត្រូវការចំណាយពេលយ៉ាងហោច ៣ឆ្នាំ ដើម្បីឲ្យលោកអាចស្រង់ដើមបានខ្លះមកវិញ ៕

សារព័ត៌មាន៖ មីស៊ីលអ៊ីរ៉ង់មួយចំនួនដែលបាញ់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា បានទៅដល់គោលដៅ

2026/07/11 01:58:01 am        91
ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលអាមេរិកដែលមិនបញ្ចេញឈ្មោះ កាសែត The Wall Street Journal (WSJ) បានចុះផ្សាយថា ការវាយប្រហារសងសឹកមួយចំនួនរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅកូ វ៉ែត និងបារ៉ែន ទទួលបានជោគជ័យ។ សារព័ត៌មាននេះ បាននិយាយថា ទោះបីជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន អាចទប់ទល់នឹងការវាយប្រហារភាគច្រើនក៏ដោយ មីស៊ីលអ៊ីរ៉ង់ជាច្រើនគ្រាប់ បានទៅដល់គោលដៅរបស់ពួកវា។ ក្នុងពេលជាមួយគ្នានេះ មន្ត្រីអាមេរិកបានអះអាងថា ពួកវាបានបង្កការខូចខាតតិចតួច និងពុំមានអ្នកស្លាប់ និងរងរបួសឡើយ។នាពេលមុននេះ ទូរទស្សន៍ និងវិទ្យុរដ្ឋអ៊ីរ៉ង់ បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានវាយប្រហារប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក នៅក្នុងកូវ៉ែត ដោយបានបន្ថែមថា អ៊ីរ៉ង់បានវាយប្រហាររ៉ាដាព្រមានជាមុននៅកូវ៉ែត និងស៊ីទែនប្រេងឥន្ធនៈជាច្រើន នៅមូលដ្ឋានទ័ពអាមេរិក នៅបារ៉ែន៕

ពលរដ្ឋស៊ូដង់វិលត្រឡប់មកផ្ទះវិញនៅរដ្ឋធានីដែលមិនទាន់ត្រៀមខ្លួនស្វាគមន៍ពួកគេនៅឡើយទេ

2026/07/11 01:55:43 am        51
នៅឆ្នាំចាប់តាំងពីកងទ័ពស៊ូដង់ដណ្តើមមកវិញការគ្រប់គ្រងរដ្ឋធានី Khartoum ពីកងកម្លាំងយោធាប៉ារ៉ាដែលបានរឹបអូសបានទីក្រុងមួយនេះ ពេលចាប់ផ្តើមផ្ទុះសង្រ្គាមស៊ីវិលកាលពីឆ្នាំ ២០២៣នោះ មនុស្សជាង ២លាននាក់ ក្នុងចំណោម ៥នាក់ដែលបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងទីក្រុងមួយនេះ បានវិលត្រឡប់មកវិញ ។ប៉ុន្តែទោះបីជាអាជ្ញាធរសន្យាស្តាឲ្យបានឆាប់ជីវិតរស់នៅធម្មតាវិញ ក្រោយជ័យជំនះយោធារបស់ពួកគេក៏ដោយនោះ ថាមពលនៅតែគ្មានភាគច្រើន អគារបន្តរងការខូចខាត ហើយកម្មករនៅតែពុំទាន់ត្រូវបានគេបើកប្រាក់ខែឲ្យ ។ពលរដ្ឋមួយចំនួននិយាយថា ពួកគេបានវិលត្រឡប់មកវិញ គ្រាន់តែជាជម្រើសចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីរត់ភៀសខ្លួនចេញពីការបង្រ្កាមជនភៀសខ្លួននៅប្រទេសជិតខាងអេហ្ស៊ីប ។រដ្ឋាភិបាលស៊ូដង់ ដែលបានផ្លាស់ទីក្រសួង និងការិយាល័យរដ្ឋបាលរបស់ខ្លួនទៅកាន់ទីក្រុងតំបន់ឆ្នេរ Port Sudan នោះ បានបញ្ជាឲ្យមន្រ្តីរដ្ឋការវិលត្រឡប់មកបម្រើការងារវិញនៅទីក្រុង Khartoum ។ចំណែកឯ សិស្ស-និស្សិតដែលរៀនតាមប្រព័ន្ធនិម្មិត និងអនុញ្ញាតឲ្យចូលរួមប្រឡងនៅមណ្ឌលប្រឡងបណ្តោះអាសន្នស្ថិតតាមទីក្រុងផ្សេងទៀត ឬនៅបរទេសនោះ ត្រូវបានគេនិយាយប្រាប់ឲ្យវិលត្រឡប់ថ្នាក់រៀនវិញផងដែរ ។អ្នកស្រី Nisreen Altayeb ដែលរត់ភៀសខ្លួនទៅកាន់ប្រទេសអេហ្ស៊ីបជាមួយគ្រួសាររបស់គាត់បានសម្រេចចិត្តវិលត្រឡប់មកវិញ ក្រោយការបង្ក្រាបយ៉ាងចាស់ដៃលើជនភៀសខ្លួន បានចាប់ផ្តើមឡើងកាលពីដើមឆ្នាំនេះ ។អ្នកស្រី Altayeb និយាយថា ពួកយើងចាកចេញពីស៊ូដង់ ដោយសារតែខ្វះសន្តិសុខ ប៉ុន្តែក្រោយមកពួកយើងបានជួបប្រទះរឿងរ៉ាវតែមួយ ។ វាគ្មានសុវត្ថិភាពនោះទេនៅប្រទេសអេហ្ស៊ីប ។អ្នកស្រីបន្តទៀតថា ពេលពួកគេឮដំណឹងថា ស្ថានភាពនៅស៊ូដង់ល្អប្រសើរឡើង គាត់ និងគ្រួសាររបស់គាត់ បានសម្រេចចិត្តវិលត្រឡប់មកវិញ ។ គាត់ព្យាយាមវិលត្រឡប់ទៅធ្វើការវិញជាគ្រូបង្រៀន ប៉ុន្តែដូចគ្នានឹងមន្រ្តីរដ្ឋការផ្សេងទៀតដែរ គាត់ពុំត្រូវបានគេបើកប្រាក់បៀវត្សរ៍ជូននោះទេ ៕

អតីតនាយករដ្ឋមន្ត្រី៖ គ្មាននរណាម្នាក់នឹងទទួលយកអ៊ុយក្រែនចូលទៅក្នុងអង្គការណាតូទេ ទោះបី១ទសវត្សរ៍ទៀតក៏ដោយ

2026/07/11 01:51:21 am        51
អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន (២០១០-២០១៤) លោក Nikolay Azarov បានប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែននឹងមិនត្រូវបានទទួលយកចូលទៅក្នុងអង្គការណាតូ ឥឡូវនេះ ឬក្នុងរយៈពេលមួយទសវត្សរ៍ទៀតទេ។ ដោយធ្វើអត្ថាធិប្បាយលើការពិតដែលថា សេចក្តីប្រកាសកិច្ចប្រជុំកំពូលអង់ការ៉ា មិនបាននិយាយអំពីការប្តេជ្ញាចិត្តរបស់អង្គការណាតូ ក្នុងការទទួលយកអ៊ុយក្រែនជាសមាជិកនោះទេ លោកបានលើកដោយវោហាសាស្ត្រថា ៖«គ្មាននរណាម្នាក់ នឹងទទួលយកអ៊ុយក្រែនចូលទៅក្នុងអង្គការណាតូឥឡូវនេះ ឬក្នុងរយៈពេល ១០ ឆ្នាំទៀតនោះទេ។ ហេតុអ្វីបានជាពួកគេគួរទទួលយកប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញ ពុករលួយ និងមានឧក្រិដ្ឋកម្ម?»។ លោកបាននិយាយដោយសំដៅទៅលើការវាយប្រហារដោយគ្រាប់បែកកាលពីសប្តាហ៍មុន នៅទីក្រុង Monacoថា៖ «ការវាយប្រហារយ៉ាងឃោរឃៅលើពាណិជ្ជករអ៊ុយក្រែនម្នាក់ ត្រូវបានអនុវត្តនៅចំពោះមុខយើង ហើយបន្ទាប់មកឃាតករនោះ ត្រូវបានធ្វើឃាតនៅទីក្រុងគីវ»។ លោក Azarov បានបន្ថែមថា៖«បញ្ហាគឺថា របបក្រុងគីវមិនមែនជាសមាជិកណាតូទេ ប៉ុន្តែគ្មានសម្ព័ន្ធមិត្តណាតូណាមួយទទួលបានមូលនិធិច្រើនដូចអ៊ុយក្រែនទេ ហើយក៏គ្មានសម្ព័ន្ធមិត្តណាតូណាមួយទទួលបានអាវុធទំនើបៗ ចារកម្ម និងការគាំទ្រនយោបាយដូចរបប គីវកំពុងទទួលបាននាពេលបច្ចុប្បន្នដែរ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM