អ៊ីរ៉ង់ ព្រមានអ៊ីស្រាអែលអំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើបន្តការប្រយុទ្ធ
រ៉ូម៉ានី បាញ់ទម្លាក់យានដ្រូនរុស្ស៊ីលើកទីបី ខណៈប្រធានាធិបតីហៅការបំពាននេះថាមិនអាចអត់ឱនបាន
រុស្ស៊ីអះអាងពីការគ្រប់គ្រងភូមិថ្មីមួយខណៈអ៊ុយក្រែនរាយការណ៍ថាបានវាយប្រហាររោងចក្រថាមពលរុស្ស៊ី
មេដឹកនាំកំពូលអ៊ីរ៉ង់៖ បូរណភាពទឹកដីរបស់លីបង់គឺជាលក្ខខណ្ឌសំខាន់ដើម្បីបញ្ចប់សង្គ្រាម

ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារUN៖ ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់ជនស៊ីវិលយ៉ាងតិច ២៦៥នាក់ នៅអ៊ុយក្រែន ក្នុងខែមិថុនា

2026/07/10 10:13:51 pm        31
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២៦៥នាក់ នៅអ៊ុយក្រែន និងរបួស ១.៨១៦នាក់ ក្នុងខែមិថុនា ដែលជាចំនួនអ្នកស្លាប់ និងរបួសរួមបញ្ចូលគ្នាខ្ពស់បំផុត ចាប់តាំងពីខែដំបូង បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ លោកស្រី Rosemary DiCarlo ប្រធានកិច្ចការនយោបាយរបស់UN បាននិយាយថា ចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់ និងរងរបួសនៅអ៊ុយក្រែន ក្នុងខែឧសភា គឺខ្ពស់បំផុត ចាប់តាំងពីខែមេសា ឆ្នាំ ២០២២ ប៉ុន្តែទិន្នន័យពីការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR) របស់អង្គការសហប្រជាជាតិ បានចង្អុលបង្ហាញពីចំនួនអ្នកស្លាប់កាន់តែខ្ពស់នៅក្នុងខែមិថុនា និងប្រហែលជាក្នុងខែកក្កដា ក៏ខ្ពស់ដែរ។អ្នកនាំពាក្យUNម្នាក់ បាននិយាយថា ទិន្នន័យចុងក្រោយសម្រាប់ខែមិថុនា នឹងត្រូវចេញផ្សាយ នៅចុងខែកក្កដា។ លោកស្រី DiCarlo បាននិយាយថា៖«និន្នាការដ៏គួរឲ្យព្រួយបារម្ភនេះ ហាក់ដូចជាបន្តរហូតដល់ខែកក្កដា» ដោយលើកឡើងពីរលកវាយប្រហារតាមអាកាសដ៏ធំចំនួនបីរបស់រុស្ស៊ីលើទីក្រុងគីវ និងទីក្រុងអ៊ុយក្រែនផ្សេងទៀត កាលពីសប្តាហ៍មុននេះ ដែលភាគច្រើនកំណត់គោលដៅលើមជ្ឈមណ្ឌលទីក្រុងដែលមានប្រជាជនស៊ីវិលច្រើន៕

ស្ថិតិ៖ អត្រាគ្មានការងារធ្វើនៅតំបន់ហ្កាហ្សាកើនឡើងដល់ ៨០% នៅឆ្នាំ ២០២៥

2026/07/10 10:12:03 pm        50
ការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីន (PCBS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលប្រារព្ធទិវាប្រជាជនពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ថា អត្រាគ្មានការងារធ្វើនៅតំបន់ហ្កាហ្សា បានកើនឡើងដល់ ៨០ ភាគរយ នៅឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹង ២៩ភាគរយ នៅតំបន់វេសបែង។ PCBS បាននិយាយថា ចំនួនប្រជាជនប៉ាឡេស្ទីនទូទាំងពិភពលោក បានឈានដល់ប្រហែល ១៥.៥ លាននាក់ នៅចុងឆ្នាំ ២០២៥ ដោយមានប្រជាជនប្រមាណ ៥.៦ លាននាក់រស់នៅ ក្នុងទឹកដីប៉ាឡេស្ទីន ៦.៨ លាននាក់ នៅក្នុងប្រទេសអារ៉ាប់ និង ១.៩ លាននាក់ នៅអ៊ីស្រាអែល។PCBS បានបន្តថាសង្គមប៉ាឡេស្ទីន នៅតែមានមនុស្សវ័យក្មេង ដោយអ្នកដែលមានអាយុក្រោម ៣០ឆ្នាំ មានចំនួនប្រហែល ៦៥ ភាគរយនៃចំនួនប្រជាជនទាំងអស់។ ការិយាល័យនេះ បានបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស ក្នុងខែតុលា ឆ្នាំ ២០២៣ អគារជាង ១៩៨.០០០ខ្នង នៅតំបន់ហ្កាហ្សា ត្រូវបានខូចខាត ក្នុងនោះអគារជាង ១០២.០០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង៕

លោក NETANYAHU ប្តេជ្ញាថា លោកនឹងរារាំងអ៊ីរ៉ង់មិនឲ្យទទួលបាននុយក្លេអ៊ែរនិងជំរុញការផលិតអាវុធទេ

2026/07/10 10:09:27 pm        55
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរទេ ហើយនឹងពង្រីកការផលិតអាវុធក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការទិញពីបរទេសទេ។លោក ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់អ្នកបើកយន្តហោះកងទ័ពអាកាសថា៖ «គោលនយោបាយរបស់យើង គឺច្បាស់លាស់៖ ដោយមានកិច្ចព្រមព្រៀង ឬគ្មានកិច្ចព្រមព្រៀង អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរទេ»។ លោកបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលមិនបានបើកការវាយប្រហារលើអ៊ីរ៉ង់ទេ «អ៊ីរ៉ង់នឹងបានប្រដាប់អាវុធដោយខ្លួនឯង» ដោយសំដៅទៅលើការចោទប្រកាន់របស់អ៊ីស្រាអែលថា អ៊ីរ៉ង់កំពុងស្វែងរកអាវុធនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់បានបដិសេធ។លោក ណេតាន់យ៉ាហ៊ូ ក៏បានប្រកាសពីផែនការបន្ថែមថវិកាការពារជាតិចំនួន ៣៥០ ពាន់លានសេកែល (ប្រហែល ១១៦ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។លោកបានបញ្ជាក់ថា៖«មួយផ្នែកធំនៃថវិកានេះ នឹងទៅកងទ័ពអាកាស ប៉ុន្តែនៅក្នុងនោះ យើងក៏នឹងអភិវឌ្ឍឧស្សាហកម្មគ្រាប់រំសេវផលិតដោយអ៊ីស្រាអែលយ៉ាងទូលំទូលាយផងដែរ» ដោយបន្ថែមថា ការសម្រេចនេះ នឹង«កាត់បន្ថយការពឹងផ្អែកលើការទិញសម្ភារៈយោធាពីបរទេស»៕

រុស្ស៊ី ថា ខ្លួនកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារប្រទេស រួមទាំងពីប្រព័ន្ធ Patriot របស់អាមេរិកដែរ

2026/07/10 07:49:00 pm        94
វិមានក្រឹមឡាំងបានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីលទ្ធភាពនៃការផ្តល់អាជ្ញាប័ណ្ណសម្រាប់អ៊ុយក្រែនដើម្បីផលិតប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot)។ ការអត្ថាធិប្បាយទាំងនេះត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន TASS។ យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov រុស្ស៊ីដឹងយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវ។លោកបាននិយាយថា រុស្ស៊ីកំពុងធ្វើអ្វីគ្រប់យ៉ាងចាំបាច់ដើម្បីការពារផលប្រយោជន៍ប្រទេស រួមទាំងពីប្រព័ន្ធ Patriot ផងដែរ។ លោក Peskov បាននិយាយថា មានភាពផ្ទុយគ្នានៅក្នុងជំហររបស់សហរដ្ឋអាមេរិក ដោយកត់សម្គាល់ថា ខណៈទីក្រុងវ៉ាស៊ីនតោនបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ខ្លួនក៏កំពុងព្យាយាមសម្រួលដល់ការដោះស្រាយជម្លោះផងដែរ។ លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរថា នៅពេលស្ថានភាពជុំវិញអ៊ីរ៉ង់ត្រូវបានដោះស្រាយ ទីក្រុងវ៉ាស៊ីនតោននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការដោះស្រាយរវាងរុស្ស៊ី និងអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ លើកឡើងថា រុស្ស៊ីសង្ឃឹមថា នៅពេលអាមេរិកទទួលបានជោគជ័យក្នុងការដោះស្រាយស្ថានភាពជុំវិញអ៊ីរ៉ង់ ទោះបីជាមានការលំបាកគួរឱ្យកត់សម្គាល់ក៏ដោយ ពួកគេនឹងត្រលប់ទៅរកកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេលើផ្លូវអ៊ុយក្រែនវិញ។ លោក Peskov ក៏បានធ្វើអត្ថាធិប្បាយលើការអះអាងរបស់លោក Trump ផងដែរដែលថាការវាយប្រហាររបស់ទីក្រុងគីវនឹងនាំមកនូវការដោះស្រាយដោយសន្តិវិធីកាន់តែខិតជិត។ លោកថា របបក្រុងគីវ វាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ីកាន់តែច្រើន រុស្ស៊ីនឹងត្រូវបង្ខំចិត្តបង្កើតតំបន់ទ្រនាប់កាន់តែច្រើន៕

ក្រុមអ្នកតវ៉ាប្រឆាំងអន្តោប្រវេសន៍ រំខានដល់សង្កាត់ Alexandra របស់ប្រទេសអាហ្វ្រិកខាងត្បូង

2026/07/10 07:46:14 pm        56
ក្រុមអ្នកតវ៉ាប្រឆាំងអន្តោប្រវេសន៍ បានធ្វើដំណើរឆ្លងកាត់សង្កាត់ Alexandra នៃទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ដោយស្វែងរកជនបរទេសគ្មានឯកសារពីផ្ទះមួយទៅផ្ទះមួយ និងដើរគៀងជនអន្តោប្រវេសន៍ជាច្រើននាក់ឲ្យចេញពីអគារនានា ខណៈនគរបាលបានតាមដានប្រតិបត្តិការនេះ។ សារព័ត៌មាន Reuters បានមើលឃើញក្រុមអ្នកតវ៉ាបង្ខំចិត្តចូលទៅក្នុងលំនៅឋានជាច្រើនកន្លែងមុនពេលណែនាំជនអន្តោប្រវេសន៍ឲ្យចាកចេញ រួមទាំងពលរដ្ឋមកពីប្រទេសម៉ាឡាវី និងហ្ស៊ីមបាវ៉េ។ ក្រុមអ្នកតវ៉ាដែលមានកាន់ដំបង និងកាំបិត បានបន្តធ្វើដំណើរឆ្លងកាត់ផ្លូវក្នុងសង្កាត់ Alexandra ដោយនិយាយថាពួកគេកំពុងស្វែងរកជនបរទេស។ អាជ្ញាធរបានរក្សាវត្តមាននៅក្នុងតំបន់នោះក្នុងពេលមានការព្រួយបារម្ភអំពីភាពតានតឹងកើនឡើង និងការកំណត់គោលដៅលើជនអន្តោប្រវេសន៍។ ការបោសសម្អាតនេះ គឺជាការកើនឡើងចុងក្រោយនៅក្នុងសកម្មភាពប្រឆាំងអន្តោប្រវេសន៍ជាបន្តបន្ទាប់ដែលត្រូវបានមើលឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលធ្វើឲ្យមានការរិះគន់ពីអន្តរជាតិ ខណៈជនបរទេសត្រូវបានបណ្តេញចេញពីលំនៅឋានរបស់ពួកគេ និងបានឃើញអាជីវកម្ម និងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ។ ជនអន្តោប្រវេសន៍ត្រូវបានដាក់កំហុសចំពោះការដណ្តើមយកការងារ បង្កឧក្រិដ្ឋកម្ម និងដាក់សម្ពាធលើសេវាសាធារណៈ នេះបើយោងតាមការអះអាងដែលអ្នកវិទ្យាសាស្ត្រសង្គមនិយាយថាខ្វះភស្តុតាង។ យោងតាមស្ថិតិ StatsSA បានឲ្យដឹងថា ចំនួនប្រជាជនអន្តោប្រវេសន៍នៅអាហ្វ្រិកខាងត្បូងមានចំនួនប្រហែល៣លាននាក់ ឬប្រហែល៤%នៃចំនួនប្រជាជនសរុប ។

UN៖ ការឆ្លើយតបចំពោះគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា នឹងពិបាកខ្លាំងមិនគួរឲ្យជឿ

2026/07/10 07:43:52 pm        65
លោក Tom Fletcher មន្ត្រីជាន់ខ្ពស់ផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា គ្រោះមហន្តរាយដែលបង្កឡើងដោយគ្រោះរញ្ជួយដីជាបន្តបន្ទាប់ក្នុងកម្រិត៧,២ និង៧,៥ រ៉ិចទ័រ នឹង «ពិបាកខ្លាំងមិនគួរឲ្យជឿសម្រាប់រដ្ឋាភិបាលណាមួយនៅលើពិភពលោក» ក្នុងការគ្រប់គ្រង។ អង្គការសហប្រជាជាតិ មានគោលដៅទៅដល់ប្រជាជន១,៣លាននាក់ក្នុងរយៈពេល៦ខែខាងមុខ ដែលត្រូវការគាំទ្រជំនួយមនុស្សធម៌បំផុត។ អាជ្ញាធរ បានបង្កើនចំនួនអ្នកស្លាប់កាលពីថ្ងៃព្រហស្បតិ៍ដល់ ៣.៨៨៩នាក់ ខណៈចំនួនអ្នករងរបួសមានចំនួន១៦.៧៤០នាក់។ នៅពេលត្រូវបានសួរថាតើតួលេខអ្នកស្លាប់ និងរងរបួសរបស់រដ្ឋាភិបាលទាំងនេះអាចទុកចិត្តបានដែរឬទេ លោក Fletcher បាននិយាយថា វាពិបាកនិយាយដោយសារតែស្ថានភាពវឹកវរនៃគ្រោះមហន្តរាយ។ ខណៈ ប្រជាជនបានរិះគន់ការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋ លោកFletcher បាននិយាយថា ក្រុមសម្របសម្រួលរបស់អង្គការសហប្រជាជាតិដែលត្រូវបានបង្កើតឡើងជាមួយរដ្ឋាភិបាល បាននិងកំពុងធ្វើការដើម្បីសម្រួលដល់ជំនួយអន្តរជាតិ។ លោក Fletcher និយាយថា អង្គការសហប្រជាជាតិបានកៀរគរជំនួយសម្របសម្រួលបានជាង ៣០០ លានដុល្លាររួចហើយ ហើយប្រជាជនជិត៤០.០០០ នាក់បានទទួលជំនួយស្បៀងអាហារក្នុងរយៈពេលពីរសប្តាហ៍មកនេះចាប់តាំងពីការឆ្លើយតបចាប់ផ្តើម។ អង្គការសហប្រជាជាតិ ក៏កំពុងដាក់ពង្រាយក្រុមការងារដើម្បីផ្តល់ការគាំទ្រផ្លូវចិត្តដល់អ្នករស់រានមានជីវិត ជាពិសេសស្ត្រី និងកុមារ។

សារព័ត៌មាន WSJ៖ អ៊ីស្រាអែល ប្រាប់លោក Trump ថា អ៊ីរ៉ង់មានផែនការធ្វើឃាតលោក

2026/07/10 07:39:18 pm        58
សារព័ត៌មាន The Wall Street Journal បានរាយការណ៍នៅថ្ងៃសុក្រនេះថា ថ្មីៗនេះ អ៊ីស្រាអែលបានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា ខ្លួនមានព័ត៌មានចារកម្មដែលនិយាយថា អ៊ីរ៉ង់កំពុងរៀបចំផែនការប៉ុនប៉ងធ្វើឃាតលើរូបលោក។ សារព័ត៌មាន CNN បានរាយការណ៍ដាច់ដោយឡែកថា ព័ត៌មានចារកម្មនេះទាក់ទងនឹងការប៉ុនប៉ងជាក់លាក់។ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពុំបានឆ្លើយតបទៅនឹងរបាយការណ៍ និងការអះអាងទាំងនេះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានអះអាងថា ខ្លួនបានរារាំងការប៉ុនប៉ងជាច្រើនលើករបស់អ៊ីរ៉ង់ក្នុងការធ្វើឃាតលោក Trump។ ថ្លែងនៅទីក្រុងអង់ការ៉ា ប្រទេសទួរគី នៅក្រៅកិច្ចប្រជុំកំពូលNATOកាលពីដើមសប្តាហ៍នេះ លោក Trump បាននិយាយសំដៅទៅលើការគំរាមកំហែងដល់អាយុជីវិតរបស់លោកពីសំណាក់ប្រទេសអ៊ីរ៉ង់ ដែលលោកបាននិយាយថាបានធ្វើឱ្យលោកស្ថិតនៅក្នុងបញ្ជីគោលដៅ។

អ៊ីរ៉ង់និយាយថា កិច្ចប្រជុំកំពូលNATO នៅទីក្រុងអង់ការ៉ា មានហេតុផលនយោបាយ

2026/07/10 07:37:50 pm        55
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ ថា ខណៈសម្ព័ន្ធយោធា NATO បានជួបប្រជុំគ្នានៅសប្តាហ៍នេះក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី បញ្ហាសំខាន់បំផុតមួយនៅចំពោះមុខសម្ព័ន្ធមិត្តនេះ គឺសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ។ ប៉ុន្តែអ៊ីរ៉ង់ បាននិយាយថា កិច្ចប្រជុំ និងការផ្តោតសំខាន់របស់កិច្ចប្រជុំលើច្រកសមុទ្រ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺមានហេតុផលនយោបាយ។ ស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសទួរគី បាននិយាយថា កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសលោកគឺសន្តិវិធី ដោយសង្កត់ធ្ងន់ថាទីក្រុងតេអេរ៉ង់ ពុំមានបំណងផលិតអាវុធនុយក្លេអ៊ែរទេ។ ស្ថានទូតបាននិយាយបន្ថែមថា អ៊ីរ៉ង់មានការទទួលខុសត្រូវរក្សាសន្តិសុខនៅច្រកសមុទ្រ Hormuz ហើយសកម្មភាពបង្កអស្ថិរភាពរបស់ប្រទេសដទៃទៀតគឺជាប្រភពចម្បងនៃភាពអសន្តិសុខនៅក្នុងតំបន់ នេះបើយោងតាមទីភ្នាក់ងារ IRNA បានរាយការណ៍។ លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានរិះគន់ការសាទរខ្លួនឯងឥតឈប់ឈររបស់ប្រមុខណាតូ លោក Mark Rutte ចំពោះការបម្រើសង្គ្រាមខុសច្បាប់ ដោយនិយាយថាការគាំទ្ររបស់ណាតូចំពោះសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ បង្ហាញពីផ្នត់គំនិតដែលខ្វះភាពម្ចាស់ការរបស់អ្នកអែបអបដែលចូលចិត្តសរសើរ។

ចរាចរណ៍ច្រកសមុទ្រ Hormuz ធ្លាក់ចុះ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្តប្រយុទ្ធគ្នា

2026/07/10 07:33:46 pm        70
ការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz បានធ្លាក់ចុះស្របពេលមានការប្រយុទ្ធគ្នាឡើងវិញរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជាការបង្កផលប៉ះពាល់ថ្មីដល់ទីផ្សារថាមពល ដែលកំពុងរងផលប៉ះពាល់ពីការរំខានដល់ការផ្គត់ផ្គង់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ក្រុមហ៊ុន Lloyd’s List Intelligence បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្មាននាវាធំណាមួយបានឆ្លងកាត់ច្រកសមុទ្រនេះតាមរយៈផ្លូវសម្របសម្រួលរបស់សហរដ្ឋអាមេរិក ឡើយ ខណៈកំពុងតាមដានទីតាំងរបស់នាវាចាប់តាំងពីថ្ងៃអង្គារមក ។ ក្រុមហ៊ុនទិន្នន័យសមុទ្រខាងលើបាននិយាយថា ទិន្នន័យ Lloyd’s List Intelligence បង្ហាញថា គ្មាននាវាណាដែលមានទម្ងន់លើសពី១០.០០០ តោន បានឆ្លងកាត់ផ្លូវដែលហៅថា Southern Highway ជាមួយនឹងប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិ(AIS) របស់ពួកគេដែលបានបើកចាប់តាំងពីថ្ងៃទី ៧ ខែកក្កដានោះទេ ទោះបីជាយ៉ាងហោចណាស់មាននាវាពីរគ្រឿងត្រូវបានគេជឿថាបានឆ្លងកាត់ក៏ដោយ។ វេទិកាស៊ើបការណ៍សមុទ្រ Windward បាននិយាយកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា មានតែនាវាចំនួនប្រាំគ្រឿងប៉ុណ្ណោះដែលត្រូវបានតាមដានឆ្លងកាត់ច្រកសមុទ្រនេះកាលពីថ្ងៃពុធ និងព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ បើប្រៀបធៀបទៅនឹងការឆ្លងកាត់ចំនួន ៤៥គ្រឿង កាលពីថ្ងៃចន្ទ។ នាវាប្រហែល ១៣០ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក ជារៀងរាល់ថ្ងៃមុនពេលចាប់ផ្តើមសង្គ្រាមកាលពីចុងខែកុម្ភៈ៕

មនុស្សជិត១០.០០០ នាក់ស្លាប់ក្នុងរលកកម្ដៅនៅអឺរ៉ុប ដោយមានអ្នកស្លាប់ជាង៥.០០០នាក់នៅអាល្លឺម៉ង់

2026/07/10 06:23:07 pm        84
ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្សកំពុងលេចរូបរាងកាន់តែច្បាស់នៅទូទាំងទ្វីបអឺរ៉ុប។ មនុស្សជិត១០.០០០ នាក់បានស្លាប់ក្នុងអំឡុងពេលរលកកម្ដៅខ្លាំងនៅរដូវក្តៅឆ្នាំនេះក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសជាច្រើនទៀតនៅអឺរ៉ុប ដោយមានអ្នកស្លាប់ជាង៥.០០០នាក់ត្រូវបានកត់ត្រានៅអាល្លឺម៉ង់តែមួយ នេះបើយោងតាមសារព័ត៌មាន Reuters។ទីភ្នាក់ងារសុខភាពសាធារណៈរបស់អាល្លឺម៉ង់ គឺវិទ្យាស្ថាន Robert Koch (RKI) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ៩កក្កដាសប្ដាហ៍នេះថា មនុស្សប្រមាណ៥.១២០នាក់បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងកម្ដៅរហូតមកដល់ពេលនេះនៅឆ្នាំនេះ។ ការស្លាប់ភាគច្រើនបានកើតឡើងនៅចុងខែមិថុនា ២០២៦នេះ នៅពេលសីតុណ្ហភាពជាមធ្យមប្រចាំសប្តាហ៍បានកើនឡើងលើសពី ២០ អង្សាសេ។ក្នុងរបាយការណ៍ប្រចាំសប្តាហ៍របស់ខ្លួន RKI បាននិយាយថា ជនរងគ្រោះប្រហែល ៤.២៧០ នាក់មានអាយុ ៧៥ឆ្នាំ ឬចាស់ជាងនេះ។ ស្ត្រីច្រើនជាងបុរសបានស្លាប់ ដែលភាគច្រើនដោយសារតែស្ត្រីមានចំនួនច្រើនជាងនៃចំនួនប្រជាជនវ័យចំណាស់។ តួលេខរបស់អាល្លឺម៉ង់បន្ថែមពីលើរូបភាពដ៏គួរឱ្យព្រួយបារម្ភកាន់តែខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប។សេវាកម្មតាមដានការប្រែប្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបាននិយាយក្នុងព្រឹត្តិបត្រព័ត៌មានមួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា អឺរ៉ុបខាងលិចបានកត់ត្រាខែមិថុនាជាខែដ៏ក្តៅបំផុតរបស់ខ្លួនក្នុងកំណត់ត្រា ដោយមានសីតុណ្ហភាពជាមធ្យម២០,៧៤ អង្សាសេ។ទន្ទឹមនឹងនេះ ក្រុមអាជ្ញាធរជាតិនៅបារាំង បែលហ្ស៊ិក អេស្ប៉ាញ និងហូឡង់បានរាយការណ៍ពីការស្លាប់លើសពី៤.៧០០នាក់ក្នុងអំឡុងពេលរលកកម្ដៅចាប់ពីថ្ងៃទី ២០-២៨ខែមិថុនា។ មនុស្សចាស់ជាជនរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារការស្លាប់ដែលទាក់ទងនឹងកម្ដៅនៅទូទាំងទ្វីបអឺរ៉ុប ខណៈសីតុណ្ហភាពបំបែកកំណត់ត្រា និងអត្រាមរណភាពខ្ពស់ បានកើនឡើង បង្កឱ្យមានការព្រួយបារម្ភឡើងវិញអំពីហានិភ័យចេះតែកើនឡើងដែលបង្កដោយអាកាសធាតុអាក្រក់។តួលេខនេះកើតមានស្របគ្នានឹងរលកកម្ដៅឡើងក្ដៅខ្លាំងបំផុត នៅពេលសីតុណ្ហភាពបានឡើងដល់កំណត់ត្រារបស់ជាតិ ៤១,៧ អង្សាសេ។ដោយឡែក ប្រមុខអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានព្រមានថា រលកកម្ដៅ ដែលធ្លាប់ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មានតែមួយលើកក្នុងមួយជំនាន់ ឥឡូវនេះកំពុងកើតឡើងស្ទើរតែរៀងរាល់ឆ្នាំដោយសារតែការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទេសាភិបាល៖ សេដ្ឋកិច្ចកម្ពុជានឹងអាចចាត់ទុកមានភាពធន់ ដែលសម្រេចបានក្នុងរង្វង់ ៣% ទៅ ៤%
07/27/2026 12:07 PM
អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា អនុវត្តគម្រោង​បោស​សម្អាតមីន​នៅខេត្តពោធិ៍សាត់
07/27/2026 12:07 PM
មេបញ្ជាការយោធភូមិភាគទី៤ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា
07/27/2026 12:07 PM
សម្ដេចធិបតី៖ ចិនបានដើរ​តួនាទី​យ៉ាង​សកម្ម​តាំង​ពី​ដើម​មក​លើ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​-ថៃ
07/27/2026 12:07 PM
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
07/27/2026 12:07 PM
ក្រសួង​ពាណិជ្ជកម្មពន្យល់ពីការអនុវត្តន៍ពន្ធគយថ្មី ១០% របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា
07/27/2026 12:07 PM
សម្ដេចធិបតី៖ កម្ពុជាបានធ្វើការជាមួយដៃគូអន្តរជាតិជាច្រើនរួមទាំង FBI អាមេរិក ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសន្ដិសុខសាយប័រ
07/27/2026 12:07 PM
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
07/27/2026 12:07 PM
អ៊ីរ៉ង់ ព្រមានអ៊ីស្រាអែលអំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើបន្តការប្រយុទ្ធ
07/27/2026 12:07 PM
រ៉ូម៉ានី បាញ់ទម្លាក់យានដ្រូនរុស្ស៊ីលើកទីបី ខណៈប្រធានាធិបតីហៅការបំពាននេះថាមិនអាចអត់ឱនបាន
07/27/2026 12:07 PM