អ៊ីរ៉ង់ ព្រមានអ៊ីស្រាអែលអំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើបន្តការប្រយុទ្ធ
រ៉ូម៉ានី បាញ់ទម្លាក់យានដ្រូនរុស្ស៊ីលើកទីបី ខណៈប្រធានាធិបតីហៅការបំពាននេះថាមិនអាចអត់ឱនបាន
រុស្ស៊ីអះអាងពីការគ្រប់គ្រងភូមិថ្មីមួយខណៈអ៊ុយក្រែនរាយការណ៍ថាបានវាយប្រហាររោងចក្រថាមពលរុស្ស៊ី
មេដឹកនាំកំពូលអ៊ីរ៉ង់៖ បូរណភាពទឹកដីរបស់លីបង់គឺជាលក្ខខណ្ឌសំខាន់ដើម្បីបញ្ចប់សង្គ្រាម

ព័ត៌មានអន្តរជាតិ

មនុស្សជាង១០នាក់បានស្លាប់ក្នុងចំហេះព្រៃនៅភាគខាងត្បូងប្រទេសអេស្ប៉ាញ

2026/07/10 05:48:32 pm        60
យោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់ក្នុងស្រុកបានឲ្យដឹងថា មនុស្ស១២នាក់បានស្លាប់ក្នុងចំហេះព្រៃដ៏ធំមួយដែលបានឆេះរាលដាលកាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅស្រុក Los Gallardos ខេត្ត Almeria ភាគខាងត្បូងប្រទេសអេស្ប៉ាញ។ អង្គភាពសេវាសង្គ្រោះបន្ទាន់១១២ បាននិយាយថា អង្គភាពបានទទួលរបាយការណ៍ដំបូងនៃអគ្គិភ័យនៅម៉ោងប្រហែល៥:០០ល្ងាចម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។ ដោយសារតែសីតុណ្ហភាពខ្ពស់ សំណើមទាប និងខ្យល់បក់ខ្លាំង ចំហេះព្រៃបានរាលដាលយ៉ាងឆាប់រហ័សទៅកាន់ក្រុង Bedar ដែលនៅជិតខាង។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយបានឲ្យដឹងថា ជនរងគ្រោះមួយចំនួនត្រូវបានរកឃើញនៅក្នុងរថយន្តដែលត្រូវបានហ៊ុមព័ទ្ធដោយអណ្តាតភ្លើង។ ប្រតិបត្តិការពន្លត់អគ្គិភ័យបានបន្តកាលពីពេលយប់ ដោយអង្គភាពINFOCA បានដាក់ពង្រាយក្រុមបុគ្គលិកនៅលើដីគោក យន្តហោះពន្លត់អគ្គិភ័យ និងឧទ្ធម្ភាគចក្រដើម្បីទប់ស្កាត់អណ្តាតភ្លើង។ អាជ្ញាធរយុត្តិធម៌បានបើកការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុនៃអគ្គិភ័យ និងកំណត់អត្តសញ្ញាណជនរងគ្រោះ ខណៈអង្គភាពសេវាសង្គ្រោះបន្ទាន់នៅតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន ហើយកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យនៅតែបន្ត។

យោធាអាមេរិក ច្រានចោលការជាប់ពាក់ព័ន្ធបន្ទាប់ពីការផ្ទុះត្រូវបានលាន់ឮនៅក្នុងប្រទេសអ៊ីរ៉ង់

2026/07/10 05:46:43 pm        136
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋពាក់កណ្តាលផ្លូវការបានឲ្យដឹងថា សំឡេងផ្ទុះត្រូវបានលាន់ឮនៅក្នុងតំបន់ផ្សេងៗគ្នាក្នុងប្រទេសអ៊ីរ៉ង់ ខណៈមន្ត្រីយោធានៅសហរដ្ឋអាមេរិកបានច្រានចោលការជាប់ពាក់ព័ន្ធណាមួយនៅក្នុងការវាយប្រហារថ្មីទាំងនេះ។ ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍ថា សំឡេងផ្ទុះជាច្រើនត្រូវបានគេឮកាលពីយប់ថ្ងៃព្រហស្បតិ៍នៅក្នុងតំបន់ជុំវិញទីក្រុង Bushehr ជាទីតាំងរោងចក្រនុយក្លេអ៊ែរមួយរបស់អ៊ីរ៉ង់ និងទីក្រុង Choghadak ដែលនៅក្បែរនោះ។ សារព័ត៌មាននិយាយថា ការផ្ទុះចំនួនបីលើកបន្ថែមទៀតត្រូវបានគេឮនៅក្នុងទីក្រុង Konarak ភាគខាងត្បូង។ ភ្លាមៗនោះ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រាប់សារព័ត៌មាន Al Jazeera ថា យោធាអាមេរិកមិនបានធ្វើការវាយប្រហារណាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ទេក្នុងរយៈពេលជាច្រើនម៉ោងកន្លងទៅនេះ។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នាទៅវិញទៅមកចាប់តាំងពីថ្ងៃអង្គារ ដោយទីក្រុងតេអេរ៉ង់បានវាយប្រហារទីតាំងយោធានៅទូទាំងឈូងសមុទ្រ រួមមាននៅប្រទេសកាតា បារ៉ែន និងកូវ៉ែត ធ្វើឲ្យកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយដែលបានព្រមព្រៀងគ្នាកាលពីពាក់កណ្តាលខែមិថុនា កាន់តែមានភាពតានតឹង។ លោក Ehsan Jahanian អភិបាលរងក្រុង Bushehr ទទួលបន្ទុកកិច្ចការនយោបាយនិងសន្តិសុខ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ IRNA ថា ការផ្ទុះនៅក្នុងទីក្រុងនេះបណ្តាលមកពីប្រព័ន្ធការពារដែនអាកាស។ ប៉ុន្តែលោក Jahanian បាននិយាយបន្ថែមថា ទីបញ្ជាការកណ្តាលយោធាមួយកន្លែងនៅជាយក្រុង Bushehr ត្រូវបានវាយប្រហារ ជាអ្វីដែលលោកបានពិពណ៌នាថាជាគ្រាប់ផ្លោង។

មេដឹកនាំកូរ៉េខាងជើងថា មានតែការពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនទេទើបអាចទប់ស្កាត់ការគំរាមកំហែងគ្រប់ប្រភេទបាន

2026/07/10 05:44:01 pm        65
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ១០កក្កដា សប្ដាហ៍នេះថា កូរ៉េខាងជើងបានសម្រេចចិត្តលើវិធានការដើម្បីពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន "ទាំងបរិមាណ និងគុណភាព" ខណៈមេដឹកនាំ លោកគីម ជុងអ៊ុន (Kim Jong Un)បានអំពាវនាវឱ្យធ្វើទំនើបកម្មយោធារបស់ខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ដដែល និយាយថា វិធានការ និងការកត់សម្គាល់របស់លោក គីម បានកើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំដ៏ទូលំទូលាយមួយរបស់គណៈកម្មការយោធាកណ្តាលនៃគណបក្សពលករកាន់អំណាចកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ។ យោងតាមរបាយការណ៍ លោក គីម បាននិយាយថា សន្តិសុខ និងសន្តិភាពពិតប្រាកដ របស់កូរ៉េខាងជើងអាចត្រូវបានធានាបានលុះត្រាតែមានការកសាងយោធាដ៏មានឥទ្ធិពលដែលមានសមត្ថភាពគ្រប់គ្រងការគំរាមកំហែងទាំងអស់។ ប្រភពខាងលើនិយាយថា កិច្ចប្រជុំនេះបានកំណត់ផែនការដើម្បីបន្តហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃប្រព័ន្ធប្រយុទ្ធ ពង្រីក និងពង្រឹងកម្លាំងនុយក្លេអ៊ែរ និងធ្វើឱ្យមូលដ្ឋានយោធាមានស្តង់ដារ ឯកទេស និងទំនើបកម្ម ។ របាយការណ៍បានបន្ថែមថា កិច្ចប្រជុំនេះ ក៏បានពិភាក្សាផងដែរ អំពីការពង្រីកតួនាទីរបស់ការិយាល័យចារកម្ម ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារបស់កូរ៉េខាងជើង ដើម្បីកែលម្អសមត្ថភាពស៊ើបការណ៍សម្ងាត់ និងការប្រមូលព័ត៌មានចារកម្មរបស់ខ្លួន។ KCNA ខាងលើនេះ បាននិយាយថា កិច្ចប្រជុំនេះបានលើកយកបញ្ហាសាងសង់មូលដ្ឋានទ័ពជើងទឹកទំនើបៗ និងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរោងចក្រផលិតនាវា ដោយឆ្លុះបញ្ចាំងពីអ្វីដែលខ្លួនហៅថាជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងឋានៈ និងតួនាទីរបស់កងទ័ពជើងទឹក៕

អាជ្ញាធរស៊ីរី៖ ក្រុមមានទំនាក់ទំនងជាមួយរដ្ឋអ៊ិស្លាមនៅពីក្រោយការបំផ្ទុះគ្រាប់បែកនៅក្រុងដាម៉ាសត្រូវបានចាប់ខ្លួន

2026/07/10 04:43:48 pm        78
អាជ្ញាធរប្រទេសស៊ីរី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរបានចាប់ខ្លួនសមាជិកទាំងអស់នៃក្រុមមួយដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាម(IS) ដែលពួកគេនិយាយថាទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅសប្តាហ៍នេះក្នុងទីក្រុងដាម៉ាស បន្ទាប់ពីប្រតិបត្តិការសន្តិសុខត្រូវបានសម្របសម្រួលនៅក្នុងរដ្ឋធានី និងតំបន់ជនបទដែលនៅជុំវិញនោះ។ ឧត្តមសេនីយ៍ Ahmad al-Dalati មេបញ្ជាការនៃអង្គភាពសន្តិសុខផ្ទៃក្នុងតំបន់ជនបទដាម៉ាស បាននិយាយថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតដែលធ្វើការក្នុងការសម្របសម្រួលជាមួយអង្គភាពចារកម្ម បានពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាព និងភស្តុតាងផ្សេងៗទៀតដែលប្រមូលបានពីកន្លែងកើតហេតុ។ លោក al-Dalati និយាយថា «យើងអាចកំណត់អត្តសញ្ញាណសមាជិកម្នាក់នៃក្រុមដែលទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែក ហើយតាមរយៈការតាមដានជននេះ យើងបានឈានទៅដល់សមាជិកដែលនៅសល់របស់ក្រុម»។ លោក al-Dalati និយាយថា កងកម្លាំងសន្តិសុខ បានធ្វើការឆ្មក់បង្ក្រាបក្នុងពេលដំណាលគ្នានៅក្នុងតំបន់ជាច្រើននៃទីក្រុងដាម៉ាស និងតំបន់ជនបទមួយចំនួន ដែលបានឈានទៅដល់ការចាប់ខ្លួនសមាជិកទាំងអស់នៃក្រុមដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក។ លោកនិយាយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ជនសង្ស័យទាំងនោះជារបស់ក្រុមរដ្ឋអ៊ីស្លាម ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីចំនួនអ្នកត្រូវបានឃុំខ្លួន ឬអត្តសញ្ញាណរបស់ពួកគេឡើយ។ ការផ្ទុះគ្រាប់បែកពីរលើកបានវាយប្រហារនៅក្បែរអគារក្រសួងទេសចរណ៍របស់ប្រទេសស៊ីរីកាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron។ ការផ្ទុះគ្រាប់បែកបានសម្លាប់មនុស្សម្នាក់ និងរបួសជាច្រើននាក់ដែលភាគច្រើនជាបុគ្គលិកក្រសួងមហាផ្ទៃខណៈក្បួនរថយន្តរបស់លោក Macron ស្ថិតនៅចម្ងាយប្រហែល១០គីឡូម៉ែត្រពីកន្លែងកើតហេតុ។

ប្រទេសអាល្លឺម៉ង់ នឹងទិញមីស៊ីល Tomahawk របស់សហរដ្ឋអាមេរិក

2026/07/10 04:41:40 pm        76
លោក Friedrich Merz អធិការបតីអាល្លឺម៉ង់បានប្រកាសថា ប្រទេសរបស់លោកបានព្រមព្រៀងទិញមីស៊ីលស៊ីបគោលដៅ Tomahawk ផលិតនៅសហរដ្ឋអាមេរិក។ ជោគវាសនានៃកិច្ចព្រមព្រៀងនេះ នៅមិនទាន់ច្បាស់នៅឡើយទេ ព្រោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ធ្លាប់បាននិយាយថា លោកនឹងកាត់បន្ថយវត្តមានយោធារបស់ប្រទេសលោកនៅក្នុងប្រទេសអាល្លឺម៉ង់។ លោក Merz បាននិយាយនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃព្រហស្បតិ៍ថា «យើងបានព្រមព្រៀងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្រៅកិច្ចប្រជុំសម្ព័ន្ធយោធា NATO ក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី ថា យើងនឹងទិញមីស៊ីល Tomahawk របស់អាមេរិក ហើយដាក់មូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់»។ លោក Merz បាននិយាយថា ប្រទេសរបស់លោកកំពុងបិទគម្លាតយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងវិស័យការពារជាតិ ហើយនឹងខិតខំអភិវឌ្ឍប្រព័ន្ធនៅអឺរ៉ុបដោយផ្ទាល់។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០២៤ ថា សហរដ្ឋអាមេរិកនឹងបំពាក់ឲ្យកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់នូវអាវុធរយៈចម្ងាយឆ្ងាយ ដោយចាប់ផ្តើមនៅឆ្នាំនេះ ខណៈមីស៊ីល Tomahawk គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង។ ទោះជាយ៉ាងណា រដ្ឋបាលលោក Trump បាននិយាយកាលពីខែឧសភាថា ខ្លួនមានផែនការកាត់បន្ថយចំនួនកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ប្រហែល៥.០០០នាក់។ រឿងនេះកើតឡើង បន្ទាប់ពីលោក Merz បានសួរអំពីវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះជម្លោះនៅប្រទេសអ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍នៅពេលនោះថា កិច្ចព្រមព្រៀងនេះអាចត្រូវបានលុបចោល។

ប្រភពសិ្នទ្ធវិមានក្រឹមឡាំង៖លោក Putin ទំនងពង្រីកសង្គ្រាមអ៊ុយក្រែនកាន់តែខ្លាំង ទោះលោក Trump ជំរុញឱ្យមានសន្តិភាពក៏ដោយ

2026/07/10 04:38:16 pm        90
ប្រភពបីដែលជិតស្និទ្ធនឹងវិមានក្រឹមឡាំងបានប្រាប់សារព័ត៌មាន Reuters ថាលោកប្រធានាធិបតី Vladimir Putin កំពុងបដិសេធការអំពាវនាវឱ្យចរចាសន្តិភាពជាមួយទីក្រុងគីវ ដោយការវាយប្រហារពីយានដ្រូនថ្មីៗនេះរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេង និងកំពង់ផែរបស់រុស្ស៊ី បានពង្រឹងការតាំងចិត្តរបស់លោកក្នុងការបន្តប្រយុទ្ធសម្រាប់ពេលនេះ។ ប្រភពពីរដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោក Putin ទំនងជានឹងពង្រីកជម្លោះកាន់តែធំ ដែលឥឡូវនេះចូលដល់ឆ្នាំទីប្រាំហើយ។ ម្នាក់ក្នុងចំណោមពួកគេ ដែលជួបប្រជុំជាប្រចាំជាមួយប្រធានាធិបតី បានពិពណ៌នាអំពីលទ្ធភាពខ្ពស់នៃការកើនឡើងជម្លោះក្នុងប៉ុន្មានខែខាងមុខ។ ការអត្ថាធិប្បាយនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថា លោក Putin ចង់ឱ្យសង្គ្រាមបញ្ចប់ ហើយដំណោះស្រាយមួយគឺ កាន់តែខិតជិតជាងអ្វីដែលមនុស្សដឹង។ លោក Trump បានមានជំនួបតាមទូរស័ព្ទដាច់ដោយឡែកជាមួយមេដឹកនាំរុស្ស៊ី និងសមភាគីអ៊ុយក្រែនរបស់លោកគឺលោក Volodymyr Zelenskyy កាលពីសប្តាហ៍មុន។ លោកបានជួបលោក Zelenskyy នៅឯកិច្ចប្រជុំកំពូលណាតូកាលពីថ្ងៃពុធសប្ដាហ៍នេះ ជាទីដែលប្រធានាធិបតីអ៊ុយក្រែនរូបនេះ និយាយថា លោកទាំងពីរបានពិភាក្សាអំពីគំនិតដើម្បីនាំសន្តិភាពឱ្យកាន់តែខិតជិត។សេតវិមានពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ បុគ្គលម្នាក់ក្នុងចំណោមមនុស្សដែលដឹងអំពីការគិតរបស់លោក Putin បាននិយាយថា លោកបានខំប្រឹងយ៉ាងខ្លាំងដើម្បីសម្រេចគោលបំណងសំខាន់នៃការដណ្តើមយកតំបន់ Donbas ភាគខាងកើតរបស់អ៊ុយក្រែន ដែលការវាយរុលទៅមុខរបស់រុស្ស៊ីបានថយចុះនៅឆ្នាំនេះ។ ប្រភពដដែលនេះបាននិយាយថា លោក Putin ថ្មីៗនេះបានស្តីបន្ទោសក្រុមទីប្រឹក្សាដែលស្នើឱ្យមានការសម្របសម្រួលដោយផ្អែកលើបទឈប់បាញ់តាមបណ្តោយសមរភូមិបច្ចុប្បន្ន។ ប្រភពទីពីរបាននិយាយថា លោក Putin ជឿជាក់ថា រុស្ស៊ីនឹងដណ្តើមយកតំបន់ Donbas ក្នុងពេលឆាប់ៗនេះ។ប្រធានាធិបតីរុស្ស៊ីបានបដិសេធជាសាធារណៈចំពោះការអំពាវនាវរបស់លោក Zelenskyy ក្នុងខែមិថុនាសម្រាប់កិច្ចប្រជុំ និងបទឈប់បាញ់៕

អ៊ុយក្រែនវាយប្រហារនាវារុស្ស៊ីជិតឧបទ្វីបគ្រីម៉េ ជាការកើនឡើងនៃវាយប្រហារកាន់តែខ្លាំងលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ

2026/07/10 04:15:31 pm        98
យោធាអ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួននៅជិតឧបទ្វីបគ្រីម៉េ (Crimea) ដែលរុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធ បន្ទាប់ពីការវាយប្រហារលើច្រករបៀងដីគោករបស់រុស្ស៊ីទៅកាន់ឧបទ្វីបនេះ ដោយកំណត់គោលដៅផ្លូវផ្គត់ផ្គង់តាមសមុទ្រផងដែរ។ មេបញ្ជាការកងកម្លាំងយានដ្រូនរបស់អ៊ុយក្រែន លោក Robert Brovdi ដែលត្រូវបានគេស្គាល់ថា Magyar បាននិយាយថា យ៉ាងហោចណាស់នាវាចំនួន២៥ គ្រឿងត្រូវបានវាយប្រហារ និងដុតបំផ្លាញក្នុងរយៈពេលបួនថ្ងៃកន្លងមកនេះនៅក្នុងសមុទ្រ Azov ជាតំបន់ជាប់សមុទ្រដែលភ្ជាប់ទៅសមុទ្រខ្មៅដោយច្រកសមុទ្រ Kerch។ ការខាតបង់បែបនេះក្នុងរយៈពេលខ្លីគឺជាការប៉ះទង្គិចយ៉ាងច្បាស់ដល់សមត្ថភាពកងទ័ពជើងទឹករបស់រុស្ស៊ី ក៏ដូចជាការធានារបស់លោក Vladimir Putin ក្នុងការរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈ។ ការវាយប្រហារទាំងនេះហាក់ដូចជាដំណាក់កាលចុងក្រោយនៃ "ការបិទផ្លូវភស្តុភារ" ស្វ័យប្រកាសរបស់អ៊ុយក្រែន ដែលមានគោលបំណងបិទការផ្គត់ផ្គង់ និងផ្លូវចូល និងចេញពីឧបទ្វីបគ្រីម៉េ។ ការពិភាក្សាយោធារបស់អ៊ុយក្រែននិយាយថា នាវាចំនួន ៣៦ គ្រឿងត្រូវបានវាយប្រហារ ហើយភាគច្រើនជាកម្មសិទ្ធិរបស់ "កងនាវាស្រមោល" នៃនាវាដឹកប្រេងពាណិជ្ជកម្មរបស់រុស្ស៊ី។ ចំនួនពិតប្រាកដមិនច្បាស់លាស់ទេ ព្រោះនាវាមួយចំនួនអាចត្រូវបានវាយប្រហារច្រើនជាងមួយលើក ហើយមិនមែនការវាយប្រហារទាំងអស់ត្រូវបានបញ្ជាក់ដោយឯករាជ្យនោះទេ៕

អាមេរិក-អ៊ីរ៉ង់ កំពុងបន្តវាយប្រហារដាក់គ្នា ខណៈទីក្រុងតេអេរ៉ង់ប្រារព្ធពិធីបញ្ចុះសពលោក Khamenei

2026/07/10 03:08:46 pm        160
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបើកការវាយប្រហារដាក់គ្នាម្តងទៀត ដែលបានបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ៩ កក្កដា សប្ដាហ៍នេះ ខណៈក្រុមអ្នកសង្កេតការណ៍បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួននាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋឈូងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហាររបស់អាមេរិកលើខេត្តនានាតាមបណ្ដោយឆ្នេរសមុទ្រភាគខាងត្បូង និងភាគខាងកើតរបស់អ៊ីរ៉ង់ ដែលធ្វើឲ្យបទឈប់បាញ់រយៈពេលបីសប្តាហ៍កាន់តែរិចរិល។ ក្រោយមក ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះជាច្រើននៅទូទាំងភាគខាងត្បូងអ៊ីរ៉ង់ រួមទាំងទីក្រុង Bushehr ដែលជាទីតាំងមួយនៃរោងចក្រនុយក្លេអ៊ែររបស់ប្រទេសនេះ ព្រមទាំង ទីក្រុង Konarak ទីក្រុង Choghadak និងទីក្រុង Bandar Abbas។អាមេរិកនិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធាចំនួន៩០កន្លែង ដែលមួយចំនួននៅជិតច្រកសមុទ្រ ខណៈអ៊ីរ៉ង់និយាយថា មនុស្ស ១៤នាក់បានស្លាប់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានរាយការណ៍ផងដែរថា គោលដៅនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ត្រូវបានវាយប្រហារ ដោយដកស្រង់សម្តីអភិបាលរងខេត្ត។ សហរដ្ឋអាមេរិកពុំបានធ្វើអត្ថាធិប្បាយលើការវាយប្រហារចុងក្រោយបំផុតនោះទេ។ប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយរដ្ឋ បានរាយការណ៍ថាអ៊ីរ៉ង់បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូវ៉ែត បារ៉ែន និងកាតា ជាការឆ្លើយតប។ ក្រោយមកនៅថ្ងៃព្រហស្បតិ៍ដដែល ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារបន្ថែមទៀតទៅលើទីតាំងនានានៅក្នុងប្រទេសកូវ៉ែត ហ្ស៊កដានី និងអ៊ីរ៉ាក់ ។ ដោយឡែក ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា ខណៈសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានបញ្ចុះបន្ទាប់ពីពិធីបុណ្យសពរយៈពេលប្រាំមួយថ្ងៃ។ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុង Mashhad នៅភាគឦសាននៃប្រទេសអ៊ីរ៉ង់ ដោយគ្រវីទង់ជាតិអ៊ីរ៉ង់ ខណៈមួយចំនួនកាន់ស្លាកសញ្ញាគំរាមសម្លាប់លោកប្រធានាធិបតីអាមេរិក លោក Donald Trump។គួររម្លឹកថា លោក Khamenei ត្រូវបានសម្លាប់នៅថ្ងៃទី២៨ ខែកុម្ភៈ ២០២៦ ក្នុងអំឡុងពេលម៉ោងដំបូងនៃការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់៕

ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ

2026/07/10 04:10:31 am        56
យោងតាមការសិក្សាមួយដែលក្រុមអ្នកស្រាវជ្រាវនិយាយថា អាចផ្តល់ជាគន្លឹះសម្រាប់ប្រភពដើមវិវត្តនៃការនិយាយស្តីថា មនុស្សលោក និងសត្វស្វាឪដទៃទៀត អាចនឹងចែករំលែកការសើចស្រដៀងគ្នានេះ អស់រយៈពេលយ៉ាងហោចណាស់ក៏ ១៥លានឆ្នាំដែរ ។ការសិក្សាដែលចុះផ្សាយដោយកាសែត Communications Biology បានវិភាគលើការថតសំឡេងសើចឯកឯងរបស់ស្វាអូរ៉ង់អ៊ូតង់ ស្វាហ្គោរីឡា ស្វាបូណូបូស ស្វាឪ និងមនុស្ស ។    ក្រុមអ្នកស្រាវជ្រាវរួមមានទាំងក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Warwick បានពិនិត្យមើលស្វីតសើចចំនួន ១៤០ របស់ស្វាអូរ៉ង់អ៊ូតង់ ៤ក្បាល ស្វាហ្គោរីឡា ២ក្បាល ស្វាបូណាបូស ៣ក្បាល ស្វាឪ ៤ក្បាល និងក្មេង ៤នាក់ ដែលមានអាយុចន្លោះពី ៦ខែ ដល់ ៧ឆ្នាំ ។ លោកស្រីវេជ្ជបណ្ឌិត Chiara De Gregorio គឺជាសហការីស្រាវជ្រាវកិត្តិយសផ្នែកចិត្តវិទ្យានៅសាកលវិទ្យា Warwick និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គំនិតនាំឲ្យមានការពិនិត្យមើលការសើចរបស់ស្វាឪ និងមនុស្ស គឺដើម្បីហេតុផលសំខាន់ៗចំនួន ២ ។ ហេតុផលទី ១ យល់ឲ្យច្រើនបន្តិចពីការសើចរបស់វា ថាតើវាផ្លាស់ប្តូរការវិវត្តដោយរបៀបណា ហើយហេតុផលទី ២ ពួកយើងចង់ប្រើសំណើចជាតំណាងសម្រាប់ការយល់ដឹងកាន់តែច្រើនពីការវិវត្តភាសារបស់មនុស្ស ។ ក្រុមអ្នកស្រាវជ្រាវ ផ្តោតសំខាន់លើពេលវេលានៃការផ្ទុះសំឡេងជាបន្តបន្ទាប់ ជាជាងកម្រិតសំឡេង ឬអាំងតង់ស៊ីតេសំឡេង ។ ពួកគេបានរកឃើញថា ក្រុមទាំង ៥ បានបង្កើតសំណើចជាមួយនឹងចន្លោះពេល ចង្វាក់ស្មើគ្នា ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា លំនាំចង្វាក់ជាមូលដ្ឋាននេះ មាននូវនៅក្នុងបុព្វបុរសស្វាឪមានជីវិតចុងក្រោយ រួមទាំងមនុស្សផងដែរ ដែលបានរស់នៅកាលពីរយៈពេលប្រហែល ១៥លានឆ្នាំមុន ៕

កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា

2026/07/10 03:40:34 am        41
នៅទីក្រុង Bunia របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ យុវតី La Joie Kahindo វ័យ ១៨ឆ្នាំ កំពុងព្យាយាមកសាងជីវិតរបស់នាងឡើងវិញក្រោយបាត់បង់ឪពុកម្តាយដោយសារជំងឺអេបូឡា ។ ទីក្រុង Bunia ស្ថិតក្នុងចំណោមទីក្រុងនៅចំណុចកណ្តាលនៃការរីករាលដាលឆ្លងជំងឺអេបូឡាកាលពីពេលកន្លងទៅដែលត្រូវបានប្រកាសដោយអង្គការសុខភាពពិភពលោក(WHO) កាលពីខែឧសភាឆ្នាំ ២០២៦ ។ យុវតី Kahindo នៅចាំបានយ៉ាងច្បាស់ មុនពេលដែលឪពុកម្តាយរបស់នាងស្លាប់ ។ នាងរំឭកថាស្ថានភាពម្តាយរបស់នាង ពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ។ ម្តាយរបស់នាង បានឆ្លងជំងឺពេលដែលគាត់មានផ្ទៃពោះ ។ អ្នកជិតខាងដឹងច្បាស់ពីស្ថានភាពជំងឺរបស់ម្តាយនាងហើយបានទូរស័ព្ទហៅរថយន្តគិលានសង្គោះ និងណែនាំឲ្យឪពុករបស់នាងទៅមន្ទីរពេទ្យផងដែរហើយចាប់តាំងពីពេលនោះមក ឪពុករបស់នាង ក៏ធ្លាក់ខ្លួនឈដូចគ្នា ។ យុវតី Kahindoនិយាយទៀតថា ឪពុកម្តាយរបស់នាងទៅមន្ទីរពេទ្យនៅថ្ងៃចន្ទ ហើយប្រហែលជាវេលាម៉ោង៣រសៀលថ្ងៃអង្គារ ពួកយើងទទួលដំណឹងដ៏អកុសលមួយ គឺទាំង ឪពុក និងទាំងម្តាយរបស់នាងបានស្លាប់បាត់ទៅហើយ ។យោងតាមទិន្នន័យពីរដ្ឋាភិបាលបានឲ្យដឹងថាមនុស្សយ៉ាងហោច ៦០០នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានសម្លាប់ដោយសារជំងឺអេបូឡាខណៈករណីឆ្លងបានបញ្ជាក់ កើនឡើងដល់ ១.៧៥៩នាក់ ។ចំនួនសរុបដែលបានបញ្ចេញកាលពីថ្ងៃពុធនេះត្រូវបានបញ្ជាក់គិតត្រឹមថ្ងៃអង្គារ ខណៈករណីឆ្លងថ្មី ៥១នាក់ និងករណីស្លាប់ថ្មី២០នាក់ ត្រូវបានរកឃើញ ក្នុងរយៈពេល ២៤មោងចុងក្រោយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តសិស្សវិទ្យាល័យចុះទស្សនកិច្ចសាលា TVET ដើម្បី​ស្វែង​យល់​ពី​សក្តានុ​ពលខ្លួ​នឯង ការបណ្តុះបណ្តាលជំនាញ និងឱកាសការងារនាពេលអនាគត
07/27/2026 02:07 PM
សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
07/27/2026 02:07 PM
រដ្ឋាភិបាលបាន​ចាប់ឆ្នោតផ្តល់លេខដីឡូតិ៍ និងផ្ទះនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព
07/27/2026 02:07 PM
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
07/27/2026 02:07 PM
សម្ដេចធិបតី៖ កម្ពុជា-ចិន នឹងរៀបចំកិច្ចប្រជុំ នៃ «យុទ្ធសាស្ត្រ ៣+៣» ជាមួយគ្នានៅឆ្នាំក្រោយ
07/27/2026 01:07 PM
ទេសាភិបាល៖ សេដ្ឋកិច្ចកម្ពុជានឹងអាចចាត់ទុកមានភាពធន់ ដែលសម្រេចបានក្នុងរង្វង់ ៣% ទៅ ៤%
07/27/2026 12:07 PM
អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា អនុវត្តគម្រោង​បោស​សម្អាតមីន​នៅខេត្តពោធិ៍សាត់
07/27/2026 12:07 PM
មេបញ្ជាការយោធភូមិភាគទី៤ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា
07/27/2026 12:07 PM
សម្ដេចធិបតី៖ ចិនបានដើរ​តួនាទី​យ៉ាង​សកម្ម​តាំង​ពី​ដើម​មក​លើ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​-ថៃ
07/27/2026 12:07 PM
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
07/27/2026 12:07 PM