ក្រុមអ្នកបើកបរយន្តហោះពន្លត់អគ្គិភ័យក្រូអាតជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនៅប្រទេសបារាំង
សារព័ត៌មាន៖ ស្ត្រី ៣នាក់រងរបួស ដោយ​ម្នាក់​ធ្ងន់ធ្ងរ ក្នុងហេតុ​ការណ៍​ចាក់ នៅទីក្រុងប៉ារីស
ពលរដ្ឋអ៊ីរ៉ង់បន្តប្រឆាំងរដ្ឋឈូងសមុទ្រ និងទាមទារឲ្យទីក្រុងតេអេរ៉ង់គ្រប់គ្រងជោគវាសនាខ្លួនឯង
វិមានក្រឹមឡាំង បញ្ជាក់​ថា ខ្លួនមិនបានឃើញអ្វីជាក់ស្តែង ជុំវិញសំណើសន្តិភាពអ៊ុយក្រែនថ្មីណាមួយទេ

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Pak Thae Song នឹងទៅបំពេញទស្សនកិច្ចនៅចិន

2026/07/10 01:36:05 am        63
ទីក្រុងប៉េកាំងបានប្រកាសនៅ​ថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក​ Pak Thae Song នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នា​សប្តាហ៍នេះ។អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បាន​បញ្ជាក់​​ឱ្យ​ដឹងថា​ ដំណើរទស្សនកិច្ចនេះ កើត​មាន​ឡើងតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិន។លោកស្រី Mao បាន​និយាយ​ថា លោក Pak នឹងដឹកនាំគណៈប្រតិភូបក្ស និងរដ្ឋាភិបាល ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ហើយ​និង​ចូលរួមព្រឹត្តិការណ៍ដែលប្រារព្ធខួបលើកទី៦៥​ នៃសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ និងជំនួយទៅវិញទៅមក រវាងប្រទេសចិន និងកូរ៉េខាងជើង។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាកាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦១។ដំណើររបស់លោក Pak នេះ​ បានកើតឡើងប៉ុន្មាន​សប្តាហ៍ បន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ​កូរ៉េខាងជើង កាលពីខែមុន។ចិនគឺជា​ដៃគូពាណិជ្ជកម្មដ៏សំខាន់​របស់​កូរ៉េខាងជើង ជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងទណ្ឌកម្មច្រើនបំផុត នៅលើពិភពលោក ដោយសារតែកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្ស ៤នាក់ នៅទូទាំងអ៊ុយក្រែន ខណៈបង្កើនសម្ពាធលើទីក្រុងគីវ

2026/07/10 12:50:00 am        56
ការវាយប្រហារដោយយានដ្រូននិងមីស៊ីលរបស់រុស្ស៊ីមុនពេលថ្ងៃរះ និងនៅពេលថ្ងៃត្រង់ បានសម្លាប់មនុស្ស ៤នាក់ នៅទូទាំងអ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូបានបន្តសម្ពាធរបស់ខ្លួនលើរដ្ឋធានីគីវ ក្នុងដំណាក់កាលចុងក្រោយនៃសង្គ្រាមដែលមានអាយុកាលជាង ៤ឆ្នាំ។យោងតាមលោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី ដែលកំពុងស្ថិតនៅប្រទេសទួរគី ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ បានឲ្យដឹងថា អ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅក្នុងតំបន់ Saratov និង Tatarstan របស់រុស្ស៊ី។សំឡេងផ្ទុះជាច្រើន ត្រូវបានឮភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រនៅទីក្រុងគីវ មុនពេលអាជ្ញាធរអាចចេញសេចក្តីជូនដំណឹងអំពីការវាយប្រហារតាមអាកាស ដើម្បីផ្តល់ពេលវេលាឲ្យជនស៊ីវិលស្វែងរកជម្រកសុវត្ថិភាព។ ។យោងតាមប្រធានរដ្ឋបាលទីក្រុង លោក Tymur Tkachenko បានឲ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីនៅព្រឹកព្រលឹម បានសម្លាប់ស្ត្រីម្នាក់ និងរបួសពីរនាក់ទៀត នៅទីក្រុងគីវ ។ សេវាសង្គ្រោះបន្ទាន់រដ្ឋ បាននិយាយថា ការវាយប្រហារនេះ បានបំផ្លាញអគាររដ្ឋបាល និងឃ្លាំងជាច្រើន រួមទាំងអគារយានដ្ឋាន និង រថភ្លើងជាច្រើនខ្សែផងដែរ៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ អ៊ីរ៉ង់កោះអញ្ជើញឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ជុំវិញការចោទប្រកាន់គ្មានមូលដ្ឋាន

2026/07/10 12:47:10 am        58
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីរ៉ង់បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលខ្លួនហៅថា «ការចោទប្រកាន់គ្មានមូលដ្ឋាន» បន្ទាប់ពីតុលាការទីក្រុងឡុងដ៍មួយបានកាត់ទោសមនុស្សពីរនាក់ពីបទវាយប្រហារដោយកាំបិត ដែលខ្លួននិយាយថា ត្រូវបានអនុវត្តតាមការបញ្ជារបស់អ៊ីរ៉ង់។ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា៖«បន្ទាប់ពីការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋានដដែលៗដោយមន្ត្រីអង់គ្លេសប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះប្រចាំទីក្រុងតេអេរ៉ង់ ត្រូវបានកោះហៅទៅកាន់ក្រសួង ហើយការតវ៉ារបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រឆាំងនឹងវិធីសាស្រ្តមិនសមរម្យរបស់រដ្ឋាភិបាលអង់គ្លេសចំពោះប្រទេសអ៊ីរ៉ង់ ត្រូវបានបញ្ជូនទៅកាន់លោក»។ជនជាតិរ៉ូម៉ានីពីរនាក់ ដែលត្រូវបានកាត់ទោសពីបទវាយប្រហារដោយកាំបិតក្នុងឆ្នាំ ២០២៤ ទៅលើអ្នកកាសែតអ៊ីរ៉ង់ម្នាក់នៅខាងក្រៅផ្ទះរបស់ខ្លួន នៅទីក្រុងឡុងដ៍ ក្នុងនាមអ៊ីរ៉ង់ ត្រូវបានកាត់ទោសកាលពីសប្តាហ៍មុនឲ្យជាប់ពន្ធនាគារ ១២ ឆ្នាំ និង ៨ឆ្នាំ រៀងៗខ្លួន៕

មនុស្ស ៤នាក់ស្លាប់ ក្នុងហេតុការណ៍បាក់អគារក្នុងទីក្រុងដែលី ខណៈភ្លៀងធ្លាក់បង្កជាបំណាក់ដីនៅឥណ្ឌា

2026/07/10 12:41:27 am        57
មនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ នៅក្នុងហេតុការណ៍បាក់រលំអគារនៅរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា ស្របពេលភ្លៀងមូសុងវស្សាបង្កឲ្យកើតមានបំណាក់ដី និងធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរនៅទូទាំងប្រទេសមួយនេះ ។ការិយាល័យអាកាសធាតុឥណ្ឌា បានចេញប្រកាសអាសន្នកម្រិតពណ៌ក្រហមនៅតាមតំបន់ជាច្រើននៅក្នុងរដ្ឋធានីដែលី ហើយនិងរដ្ឋជិតខាង Haryana ដោយពួកគេព្យាករពីភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះ ។ដើមឈើត្រូវបានរំលើងគល់ ផ្លូវត្រូវបានបិទ ហើយនិងបង្កើនហានិភ័យ ធ្វើឲ្យឧបទ្ទេវហេតុកើតឡើង ។នៅក្នុងរដ្ឋភាគខាងត្បូង Kerala ចំនួនមនុស្សស្លាប់សរុបដោយសារបំណាក់ដីនៅទីក្រុង Wayanad កើនឡើងដល់ ៥នាក់ ។នៅទីក្រុង Pune ស្ថិតក្នុងរដ្ឋ Maharashtra បរិមាណសំរាមដ៏ច្រើនសន្ធឹកសន្ធាប់ បានបាក់សង្កត់លើស្ថានីយប្រព្រឹត្តកម្មកាកសំណល់រាវ ក្នុងនោះមនុស្ស ៧នាក់ ត្រូវបានគេសង្ស័យថា ជាប់ខ្លួន ។ដោយឡែក នៅរដ្ឋភាគខាងជើង Uttar Pradesh ផ្លូវថ្នល់បន្តរងការជន់លិច ក្នុងនោះអ្នកស្រុកនាំគ្នាដើរលុកទឹកត្រឹមជង្គង់ ៕

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំលីបង់រំពឹងថា អ៊ីស្រាអែលនឹងដកកងទ័ពចេញពីប្រទេសនេះ

2026/07/10 12:38:51 am        56
ប្រធានាធិបតីលីបង់ លោក Joseph Aoun បានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុង បេរូត លោក Michel Issa ដើម្បីពិភាក្សាអំពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមទាំងស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសលីបង់ និងតំបន់ទាំងមូល។ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកប្រធានាធិបតី Aoun បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងបទឈប់បាញ់នៅភាគខាងត្បូងប្រទេសលីបង់ និងបង្កើនសម្ពាធលើអ៊ីស្រាអែលឲ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន និងអនុវត្តតាមកិច្ចព្រមព្រៀងក្របខណ្ឌដែលបានប្រកាស បន្ទាប់ពីការចរចាលីបង់-អាមេរិក-អ៊ីស្រាអែល ដែលបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន។លោកក៏បានអំពាវនាវឲ្យបញ្ចប់អរិភាពដែលបង្កឡើងដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងទីក្រុង និងភូមិជាច្រើនដែលខ្លួនបានកាន់កាប់។បន្ទាប់ពីកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Issa បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Aoun ទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺមានសារៈសំខាន់ជាពិសេសក្រោមកាលៈទេសៈបច្ចុប្បន្ន និងឆ្លុះបញ្ចាំងពីកម្រិតនៃការយកចិត្តទុកដាក់របស់លោកប្រធានាធិបតី ត្រាំ ចំពោះប្រទេសលីបង់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការលើកកម្ពស់សន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសនេះ និងកាត់បន្ថយទុក្ខវេទនារបស់ប្រជាជនរបស់ខ្លួន៕

ក្រុមជួយសង្រ្គោះប៉ាគីស្ថាន រកឃើញបំណែកយន្តហោះដឹកទំនិញបាត់ការទាក់ទង និងកំពុងរុករកយានិកបាត់ខ្លួន

2026/07/10 12:34:08 am        74
ក្រុមអាជ្ញាធរនិយាយថា ក្រុមជួយសង្រ្គោះប៉ាគីស្ថាន បានរកឃើញបំណែកយន្តហោះដឹកទំនិញ Boeing 737 នៅក្នុងសមុទ្រអារ៉ាប់ រយៈពេល ១២ម៉ោង ក្រោយវាបាត់ខ្លួននៅជិតតំបន់ឆ្នេរទីក្រុង Karachi ក្នុងនោះប្រតិបត្តិការរុករកនៅបន្ត សម្រាប់សមាជិកយានិក ៥នាក់ ដែលកំពុងបាត់ខ្លួន ។អាជ្ញាធរអាកាសយានដ្ឋានប៉ាគីស្ថាននិយាយថា បំណែកយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ K2 Airways ត្រូវបានរកឃើញនៅចម្ងាយ ៩៨គ.ម ភាគខាងត្បូងកំពង់ផែ Ormara ហើយកងទ័ពជើងទឹក និងទីភ្នាក់ងារសន្តិសុខសមុទ្រប៉ាគីស្ថាន បានដាក់ពង្រាយនាវា និងយន្តហោះរបស់ពួកគេ ដើម្បីចុះប្រតិបត្តិការរុករកមនុស្សបាត់ខ្លួន ។ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Facebookថា យន្តហោះអាយុកាល ២៧ឆ្នាំ ដែលប្រតិបត្តិការដោយក្រុមហ៊ុន K2 Airways មួយគ្រឿងនេះ រាយការណ៍បញ្ហាប្រព័ន្ធកំណត់ទិសដៅធ្វើដំណើរ កាលពីវេលាម៉ោង ២១និង ១៨នាទីយប់ ម៉ោងក្នុងស្រុកថ្ងៃអង្គារ ខណៈពេលកំពុងហោះហើរឆ្ពោះទៅកាន់ទីក្រុង Karachi ។ពួកគេបន្តថា ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងស្រុក ព្យាយាមនាំផ្លូវយន្តហោះ ប៉ុន្តែ ៣នាទីក្រោយមក ប្រព័ន្ធរ៉ាដាបង្ហាញថា យន្តហោះ បានហោះចុះយ៉ាងឆាប់រហ័ស ហើយការទំនាក់ទំនងក៏បានបាត់បង់ ។យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ជើងហោះហើរមួយនេះស្ថិតនៅចម្ងាយ ២៨៧គ.ម ភាគខាងលិចទីក្រុង Karachi នៅពេលបាត់ការទាក់ទងនោះ ហើយសេវាកម្មតាមដានជើងហោះហើរ Flightradar24 និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ទិន្នន័យបឋម បង្ហាញពីលទ្ធភាពដែលយន្តហោះធ្លាក់ចូលក្នុងសមុទ្រ ស្ថិតនៅតំបន់ភាគនិរតីទីក្រុង Karachi ។ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif បានសម្តែងនូវភាពក្រៀមក្រំជាពន់ពេកទៅដល់ក្រុមគ្រួសារអាកាសយានិក ៥នាក់ ដែលរួមមានអ្នកបើកបរយន្តហោះ ២នាក់ វីស្វករ ២នាក់ និងបុគ្គលិកជំនួយការម្នាក់ ៕

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បដិសេធការកត់សម្គាល់របស់លោក Trump ពី​ការ​​ដកទ័ព នៅ​លីបង់​

2026/07/10 12:31:52 am        57
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦)នេះ បានបដិសេធការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបាន​លើក​ឡើង​ថា អ៊ីស្រាអែលនឹងដកទ័ពចេញពីលីបង់ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ រវាងទីក្រុង Tel Aviv និងទីក្រុងបេរូត​ ដោយបញ្ជាក់​ថា អ៊ីស្រាអែល «មិនចាំបាច់​ត្រូវការការអនុញ្ញាត ដើម្បី​បន្ត​នៅក្នុងប្រទេសលីបង់» នោះទេ។ នេះបើយោងតាមសារព័ត៌មាន​ចុះផ្សាយ​ប្រចាំថ្ងៃរបស់អ៊ីស្រាអែល គឺ Yedioth Ahronoth។លោក Katz បាននិយាយថា៖ «យើងមិនបានសុំការអនុញ្ញាតពីភាគីណាមួយ ដើម្បី​ចូលទៅ​ក្នុង​ប្រទេសលីបង់ឡើយ​ ហើយយើងមិនចាំបាច់​ត្រូវការការអនុញ្ញាត ដើម្បី​បន្ត​នៅក្នុងប្រទេសលីបង់នោះ​ទេ»។លោកបានបន្ថែមថា៖ «ដូចដែលខ្ញុំ និងលោក​នាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់យ៉ាងច្បាស់លាស់​អ៊ីចឹង​ យើងនឹងបន្តវត្តមាន​នៅក្នុងតំបន់សន្តិសុខ ក្នុងប្រទេសលីបង់ ហើយធ្វើប្រតិបត្តិការពីតំបន់នោះឱ្យបានយូរតាមដែលចាំបាច់ រហូតដល់ក្រុមហេសបូឡាត្រូវបានរំសាយ​អាវុធ» ។ការអត្ថាធិប្បាយរបស់លោកបែប​នេះ បានកើតឡើងបន្ទាប់ពីលោក Trump ត្រូវបានសួរកាលពីថ្ងៃពុធនៅក្រៅកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ (NATO) ក្នុង​ទីក្រុង Ankara ប្រទេស​ទួរគី អំពីថា តើលោកជឿថាអ៊ីស្រាអែលគួរតែដកទ័ពរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ដែរ ឬយ៉ាង​ណា​។នាពេលនោះ លោក Trump បាននិយាយថា បន្ទាប់ពីបានជជែក​ជាមួយលោក Netanyahu លោកជឿថា អ៊ីស្រាអែលចង់ដកទ័ពចេញ។ លោកក៏បានលើក​ឡើង​ផងដែរថា អ៊ីស្រាអែល និងលីបង់ កំពុងធ្វើ​ការជាមួយ​គ្នាយ៉ាង​ល្អ​ ហើយ​និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាលើកដំបូង៕

អតីតមេបញ្ជាការកងទ័ពជើងទឹកអាហ្សង់ទីន ត្រូវបានកាត់ទោសពីបទផ្ទុះនាវាមុជទឹកក្នងឆ្នាំ ២០១៧

2026/07/10 12:29:14 am        59
តុលាការអាហ្សង់ទីន បានកាត់ទោសអតីតមន្រ្តីកងទ័ពជើងទឹកជាន់ខ្ពស់ម្នាក់កាលពីថ្ងៃពុធពីបទផ្ទុះនាវាមុជទឹកមួយគ្រឿង នៅអាត្លង់ទិកខាងត្បូង ក្នុងឆ្នាំ ២០១៧ ដែលសមាជិកនាវិកទាំង ៤៤ នាក់ បាន ស្លាប់។ការវាយប្រហារនាវា ARA San Juan គឺជាគ្រោះមហន្តរាយដ៏សាហាវបំផុតរបស់កងទ័ពជើងទឹកអាហ្សង់ទីន ក្នុងពេលមានសន្តិភាព។លោក Claudio Villamide មេបញ្ជាការកងកម្លាំងនាវាមុជទឹក នៅពេលមានសោកនាដកម្មនេះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទធ្វេសប្រហែសធ្ងន់ធ្ងរ និងការរំលោភលើកាតព្វកិច្ច។តុលាការសហព័ន្ធនៅភាគខាងត្បូងខេត្ត Santa Cruz ក៏បានហាមឃាត់លោកមិនឲ្យកាន់តំណែងសាធារណៈរយៈពេលប្រាំ ៦ឆ្នាំផងដែរ។អតីតមេបញ្ជាការកងទ័ពជើងទឹកបីនាក់ផ្សេងទៀត ត្រូវបានដោះលែង៕

អគ្គិភ័យបានឆាបឆេះអាងស្តុកប្រេងនៅតំបន់ Tver បន្ទាប់ពីរងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយ ក្រែន

2026/07/10 12:27:10 am        53
អភិបាលតំបន់លោក Vitaly Korolev បាននិយាយថា អគ្គិភ័យបានឆាបឆេះនៅអាងស្តុកប្រេង Tver បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារដោយយានដ្រូននៅតំបន់ Tver ភាគពាយ័ព្យនៃទីក្រុងមូស្គូ។ លោក Vitaly Korolev បានសរសេរនៅលើកម្មវិធីផ្ញើសារ Max ថា៖«អគ្គិភ័យបានឆាបឆេះនៅអាងស្តុកប្រេងនៅតំបន់ Tver ដោយសារការវាយបកទៅលើការវាយប្រហារដោយដ្រូនពេញមួយយប់»។ យោងលោកអភិបាលតំបន់នេះ កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើង ដើម្បីបញ្ចប់ផលវិបាកនៃការវាយប្រហារ និងធានាសុវត្ថិភាពរបស់អាងស្តុកប្រេងនេះ។លោកបានបន្ថែមថា អគ្គិភ័យនេះត្រូវបានពន្លត់ទាំងស្រុង ដោយពុំមានអ្នកស្លាប់ និងរបួស ត្រូវបានរាយការណ៍នោះទេ៕

លោក Lavrov ៖ រុស្ស៊ីមានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសម្ព័ន្ធមិត្តតំបន់ Sahel

2026/07/10 12:24:00 am        52
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov និយាយថា ទីក្រុងមូស្គូ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសម្ព័ន្ធមិត្ត Sahel (AES)ដើម្បីគាំទ្រកិច្ចខិតខំធ្វើសមាហរណកម្ម និងអាទិភាពសន្តិសុខរបស់ប្លុកអាហ្វិ្រកមួយនេះ ។លោក Lavrov បានធ្វើដំណើរទៅដល់ប្រទេសនីហ៊្សេ អំឡុងទស្សនកិច្ចផ្លូវរដ្ឋដែលមានគោលបំណងពង្រឹងភាពជាដៃគូសន្តិសុខ និងការពារជាតិជាមួយបណ្តាប្រទេស AES ដែលរួមមាននីហ៊្សេ ម៉ាលី និងប៊ូគីណាហ្វាសូ ។ដំណើរទស្សនកិច្ចនេះដែរ គឺជាផ្នែកមួយនៃកិច្ចខិតខំកំពុងបន្តរបស់ទីក្រុងមូស្គូ ដើម្បីពង្រីកឥទ្ធិពលនយោបាយ និងយោធារបស់ខ្លួននៅតំបន់ Sahel ដែលកំពុងប្រឈមនឹងបញ្ហាលំបាកសន្តិសុខកើនឡើង ។បណ្តាប្រទេស AES កំពុងព្យាយាមធ្វើពិពិធកម្មភាពជាដៃគូសន្តិសុខរបស់ពួកគេ បន្ទាប់ពីការធ្លាក់ចុះកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសមហាអំណាចលោកខាងលិចមួយចំនួន ។ពួកគេផ្តោតសំខាន់ផងដែរ លើការបង្កើតសមត្ថភាពរបស់ពួកគេ ក្នុងការទប់ទល់ជាមួយក្រុមប្រដាប់អាវុធដែលប្រតិបត្តិការនៅតំបន់នោះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកបើកបរយន្តហោះពន្លត់អគ្គិភ័យក្រូអាតជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/27/2026 07:07 PM
សារព័ត៌មាន៖ ស្ត្រី ៣នាក់រងរបួស ដោយ​ម្នាក់​ធ្ងន់ធ្ងរ ក្នុងហេតុ​ការណ៍​ចាក់ នៅទីក្រុងប៉ារីស
07/27/2026 07:07 PM
ពលរដ្ឋអ៊ីរ៉ង់បន្តប្រឆាំងរដ្ឋឈូងសមុទ្រ និងទាមទារឲ្យទីក្រុងតេអេរ៉ង់គ្រប់គ្រងជោគវាសនាខ្លួនឯង
07/27/2026 07:07 PM
វិមានក្រឹមឡាំង បញ្ជាក់​ថា ខ្លួនមិនបានឃើញអ្វីជាក់ស្តែង ជុំវិញសំណើសន្តិភាពអ៊ុយក្រែនថ្មីណាមួយទេ
07/27/2026 07:07 PM
ឥណ្ឌាកោះហៅឲ្យចូលខ្លួនឯកអគ្គរដ្ឋទូតអ៊ុយក្រែន ពាក់ព័ន្ធនឹងការស្លាប់នាវិករបស់ខ្លួនម្នាក់នៅសមុទ្រខ្មៅ
07/27/2026 07:07 PM
មន្ត្រីយោធាជប៉ុនត្រូវបានចោទប្រកាន់ជាផ្លូវ​ការ​ពីបទចូល​ដោយ​បំពាន​​​ និងគំរាមកំហែងស្ថានទូតចិន
07/27/2026 07:07 PM
ចិនជម្លៀសភ្ញៀវទេសចរជាប់ខ្លួននៅឧទ្យានជាតិ Jiuzhaigou ស្ថិតក្នុងខេត្ត Sichuan ក្រោយបំណាក់ភក់
07/27/2026 07:07 PM
រលកកម្ដៅនៅកូរ៉េខាងត្បូង នឹងបន្តមាន​រហូតដល់ដើមខែសីហា
07/27/2026 06:07 PM
ប្រមុខ UN ធ្វើដំណើរទៅកាន់អតីតពន្ធនាគាររបស់លោក Assad ស្ថិតនៅទីក្រុង Sednaya ប្រទេសស៊ីរី
07/27/2026 06:07 PM
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ប្រទេសកម្ពុជា និងប្រទេសចំនួន ៣ទៀតទទួលបានអត្រាពន្ធកូតាសូន្យ (TRQ) ពីអាមេរិក
07/27/2026 06:07 PM