ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់រៀបចំបញ្ចុះសពលោក Khamenei នៅស្រុកកំណើតខណៈអាមេរិកបង្កើនការវាយប្រហារ

2026/07/09 04:18:08 pm        89
ប្រជាជនអ៊ីរ៉ង់កំពុងរៀបចំបញ្ចុះសពមេដឹកនាំដែលត្រូវបានសម្លាប់ លោក Ali Khamenei នៅស្រុកកំណើតរបស់លោកក្នុងក្រុង Mashhad នៅភាគឦសានប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដានេះ ខណៈការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកបានគំរាមកំហែងដល់ការរីកធំសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ការបញ្ចុះសពរបស់មេដឹកនាំកំពូលរូបនេះ ធ្វើឡើងបន្ទាប់ពីពិធីបុណ្យសពជាច្រើនថ្ងៃដែលបានទាក់ទាញអ្នកកាន់ទុក្ខរាប់លាននាក់នៅទូទាំងទីក្រុងផ្សេងៗគ្នាទាំងនៅក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់។ ប៉ុន្តែនៅពេលដែលពិធីបុណ្យសពបានឈានចូលដល់ថ្ងៃចុងក្រោយ សហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីទៅលើអ៊ីរ៉ង់ដើម្បីសងសឹកចំពោះការវាយប្រហារលើការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz ដ៏សំខាន់។ ប្រធានាធិបតី លោក Donald Trump ដែលកាលពីពេលមុនបាននិយាយថា បទឈប់បាញ់របស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់បានចប់ហើយ បានព្រមានអំពីអ្វីដែលអាក្រក់ជាងនេះទៅទៀតនឹងមកដល់ប្រសិនបើអ៊ីរ៉ង់បន្តវាយប្រហារលើនាវានៅច្រកសមុទ្រ Hormuz។ លោក Khamenei ត្រូវបានសម្លាប់នៅថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ បន្ទាប់ពីក្បួនដង្ហែរសពបានឆ្លងកាត់ទីក្រុងដ៏ពិសិដ្ឋ Najaf និងទីក្រុង Karbala ក្នុងប្រទេសអ៊ីរ៉ាក់ដែលនៅជិតខាងកាលពីថ្ងៃពុធ សពរបស់លោកនឹងទៅដល់ទីតាំងចុងក្រោយក្នុងទីក្រុងពិសិដ្ឋ Mashhad ។

តម្លៃប្រេងកើនឡើងជាង១ដុល្លារក្នុងមួយបារ៉ែល ខណៈអាមេរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់

2026/07/09 04:07:28 pm        71
តម្លៃប្រេងបានកើនឡើងវិញជាង១ដុល្លារក្នុងមួយបារ៉ែលក្នុងពាណិជ្ជកិម្មក្រោយការទូទាត់កាលពីថ្ងៃពុធ បន្ទាប់ពីយោធាសហរដ្ឋអាមេរិកបានចាប់ផ្តើមបើកការវាយប្រហារថ្មីទៅលើប្រទេសអ៊ីរ៉ង់។ សន្ទស្សន៍ប្រេងឆៅទាំងពីរប្រភេទបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមវាយប្រហារថ្មីទៅលើអ៊ីរ៉ង់ភ្លាមៗកាលពីយប់ថ្ងៃពុធ។ លោក Trump និយាយថា កិច្ចព្រមព្រៀងបណ្តោះអាសន្នដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ «ចប់ហើយ» ប៉ុន្តែក្រោយមកបានច្រានចោលសង្គ្រាមពេញបន្ទុក។ ប្រេងឆៅ Brent បានជួញដូរចុងក្រោយក្នុងតម្លៃ៧៩,២៨ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើងពីតម្លៃ៧៨,០២ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃពុធ។ ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានឡើងដល់៧៤,៧៦ដុល្លារក្នុងមួយបារ៉ែលកើនឡើងពីតម្លៃ៧៣,៥២ដុល្លារក្នុងមួយបារ៉ែល។ បញ្ជាការដ្ឋានកណ្តាលរបស់យោធាសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងបើកការវាយប្រហារថ្មីទៅលើអ៊ីរ៉ង់ក្នុងបំណងរក្សាច្រកសមុទ្រ Hormuz ឱ្យនៅបើកទូលាយសម្រាប់ការធ្វើចរាចរណ៍។ ការវាយប្រហារចុងក្រោយ បានកើតឡើងបន្ទាប់ពីភាពតានតឹងផ្ទុះឡើងបង្កឡើងដោយការវាយប្រហាររបស់អ៊ីរ៉ង់លើនាវានៅច្រកសមុទ្រ Hormuz ដែលក្រោយមកសហរដ្ឋអាមេរិកបានលុបចោលការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់ការលក់ប្រេងរបស់អ៊ីរ៉ង់នៅក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងភាគីទាំងពីរកាលពីខែមុន។ អ៊ីរ៉ង់ កាលពីថ្ងៃពុធបាននិយាយថា ខ្លួនបានវាយប្រហារលើទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសបារ៉ែន និងកូវ៉ែត ដែលបង្កឱ្យមានការវាយប្រហារសងសឹកពីសហរដ្ឋអាមេរិក។

លោក Trump បន្ធូរបន្ថយកំហឹងជាមួយសម្ព័ន្ធមិត្ត និងបិទបញ្ចប់កិច្ចប្រជុំកំពូល NATO ដែលទទួលបានជោគជ័យយ៉ាងខ្លាំង

2026/07/09 03:59:03 pm        98
ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់ជូនសម្ព័ន្ធមិត្ត NATO នូវការឱបក្រសោបដ៏កក់ក្តៅដែលមិននឹកស្មានដល់ ខណៈក្រុមមេដឹកនាំបានបញ្ចប់កិច្ចប្រជុំកំពូលដ៏សំខាន់មួយកាលពីថ្ងៃពុធ ៨កក្កដា សប្ដាហ៍នេះ បន្ទាប់ពីបានរិះគន់បណ្ដាមេដឹកនាំទាំងនោះលើការឆ្លើយតបរបស់ពួកគេចំពោះសង្គ្រាមរបស់លោកលើអ៊ីរ៉ង់។វាជាការផ្លាស់ប្តូរភ្លាមៗពីការប្រឆាំងទៅជាសេចក្តីស្រឡាញ់ក្នុងរយៈពេលប៉ុន្មានម៉ោងដ៏ខ្លី ដែលបង្ហាញពីអារម្មណ៍ជាច្រើនដោយមេដឹកនាំអាមេរិកដែលមានចិត្តប្រែប្រួលលឿនមិនទៀងទាត់។លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់ប្រមុខរដ្ឋចំនួន៣២ រូបនៅឯកិច្ចប្រជុំកំពូល NATO ក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសទួរគី ថាវាជាកិច្ចប្រជុំដ៏អស្ចារ្យមួយ មានសេចក្តីស្រឡាញ់ជាច្រើននៅក្នុងបន្ទប់នោះ និងមានសាមគ្គីភាពជាច្រើន។ ប្រភពមួយពីជំនួបនោះបានប្រាប់សារព័ត៌មាន AFP ថា នៅពីក្រោយកិច្ចប្រជុំបិទទ្វារនោះ លោក Trump បានធានាដល់ពួកគេថា លោកចង់ឱ្យសហរដ្ឋអាមេរិកស្ថិតនៅក្នុងសម្ព័ន្ធភាពយោធានេះ ដោយនិយាយថា «យើងនៅតែចង់នៅជាមួយអ្នក»។ហើយនោះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីប្រកាសចុងក្រោយដែលក្រុមមេដឹកនាំ NATO បានបញ្ជាក់ជាថ្មីនូវ «ការប្តេជ្ញាចិត្តដ៏រឹងមាំ» របស់ពួកគេចំពោះការផ្ដល់ជំនួយទៅវិញទៅមកដែលមានចែងក្នុងមាត្រា ៥ នៃសន្ធិសញ្ញាសម្ព័ន្ធភាពនេះ។ប៉ុន្តែថ្ងៃនោះពុំបានចាប់ផ្តើមក្នុងបរិយាកាសល្អទេ ដោយលោក Trump បានរិះគន់ចំពោះការបរាជ័យរបស់សម្ព័ន្ធមិត្ត NATO ក្នុងការគាំទ្រយុទ្ធនាការអ៊ីរ៉ង់របស់លោក មុនពេលសម័យប្រជុំ ដោយគំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយប្រទេសអេស្ប៉ាញ និងទទូចថាលោកនៅតែចង់បានដែនដី Greenland របស់សមាជិក NATO គឺប្រទេសដាណឺម៉ាក។លោកថា រូបលោកមានការខកចិត្តយ៉ាងខ្លាំងចំពោះ NATO ដោយសារតែអ្វីដែលពួកគេបានធ្វើជាមួយ Greenland និងដោយសារតែការពិតដែលថាពួកគេមិនចង់ជួយពួកលោកប្រយុទ្ធជាមួយរដ្ឋដែលឧបត្ថម្ភភេរវកម្មលេខមួយ គឺអ៊ីរ៉ង់៕

លោក TRUMP៖ ការទម្លាក់គ្រាប់បែករបស់អាមេរិកនឹងរឹតតែខ្លាំងក្លាថែមទៀត ប្រសិនបើអ៊ីរ៉ង់មិនឈប់វាយប្រហារ

2026/07/09 03:23:05 pm        127
ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃពុធ ៨ កក្កដា សប្ដាហ៍នេះ ថា ការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់នឹងរឹតតែខ្លាំងក្លាថែមទៀត ប្រសិនបើទីក្រុងតេអេរ៉ង់បន្តវាយប្រហារនាវានៅក្នុងច្រកសមុទ្រ Hormuz។ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងរូបភាពមួយនៃការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសអ៊ីរ៉ង់ថា នេះគឺជាការសងសឹកចំពោះការទម្លាក់គ្រាប់បែកលើនាវាកាលពីម្សិលមិញដោយអ៊ីរ៉ង់។ ប្រសិនបើវាកើតឡើងម្តងទៀត ការទម្លាក់គ្រាប់បែករបស់អាមេរិកនឹងរឹតតែខ្លាំងក្លាថែមទៀត ។យោធាអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ក្នុងគោលបំណងរក្សាច្រកសមុទ្រ Hormuz ដ៏សំខាន់ឱ្យបើកចំហសម្រាប់ចរាចរណ៍ ប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump បានប្រកាសថា កិច្ចព្រមព្រៀងបណ្តោះអាសន្នដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់គឺ «ចប់ហើយ»។ការវាយប្រហារជុំចុងក្រោយបំផុត ដែលសហរដ្ឋអាមេរិកបាននិយាយថា ត្រូវបានចាប់ផ្តើមជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃអង្គារលើនាវាដឹកទំនិញចំនួនបីគ្រឿងដែលឆ្លងកាត់ច្រកសមុទ្រនោះ បានធ្វើឱ្យទីក្រុងជាច្រើនតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់កក្រើក និងបានបណ្ដាលឱ្យតំបន់មួយចំនួនគ្មានអគ្គិសនី។បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលជាទីបញ្ជាការមជ្ឈិមបូព៌ារបស់យោធាសហរដ្ឋអាមេរិក បានសរសេរនៅលើបណ្ដាញសង្គម Xថា កងកម្លាំងបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានចាប់ផ្តើមបើកការវាយប្រហារបន្ថែមប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីបន្ថយសមត្ថភាពរបស់ពួកគេក្នុងការគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz។ ខណៈអ៊ីរ៉ង់មិនបានអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារលើនានា ក្រុមអ្នកវិភាគនិយាយថា ទីក្រុងតេអេរ៉ង់ប្រើប្រាស់សកម្មភាពបែបនេះដើម្បីទទួលបានឥទ្ធិពលក្នុងការចរចា៕

អ៊ូហ្គង់ដា បញ្ជូនក្រុមវេជ្ជសាស្រ្តទៅជួយកុងហ្គោដោះស្រាយការរីករាលដាលឆ្លងជំងឺអេបូឡា

2026/07/09 04:19:01 am        49
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ូហ្គង់ដាលោក Chris Baryomunsi និយាយថា ប្រទេសរបស់លោកនឹងបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្ត ហើយនិងបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡាថ្មី នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ស្របពេលដែលប្រទេសជិតខាងទាំង ២ ជំរុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺមួយនេះ ។ការប្រកាសបែបនេះ បានកើតមានឡើង ស្របពេលដែលកុងហ្គោប្រឹងប្រែងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡាដែលបានឆ្លងដល់មនុស្ស ១.៦២៤នាក់ និងបានសម្លាប់មនុស្ស ៥២១នាក់ ។ កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក(WHO) បានសាកល្បងវេជ្ជសាស្រ្តលើកដំបូងនូវការព្យាបាលពិសោធន៍សម្រាប់វីរុសមួយនេះ ខណៈកិច្ចខិតខំឆ្លើយតប បានពង្រីកជាមួយមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលព្យាបាលបន្ថែមទៀត ។ អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Bunia ដែលជាទីក្រុងរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយសារជំងឺអេបូឡារបស់កុងហ្គោ លោក Baryomunsi និយាយថា ពួកយើងមានក្រុមអ្នកជំនាញវេជ្ជសាស្រ្តអ៊ូហ្គង់ដានៅទីក្រុង Aru ជាទីដែលពួកយើងបានបង្កើតមជ្ឈមណ្ឌលព្យាបាល ។ លោកបន្តថា ពួកយើងបានឯកភាពផងដែរ ដើម្បីបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡានៅទីក្រុង Kasenyi និងនាំក្រុមគ្រូពេទ្យជំនាញ ហើយនិងភស្តុភារទៅកាន់ទីនោះ ដើម្បីឲ្យពួកយើងអាចធ្វើការជាក្រុម ក្នុងការទប់ស្កាត់ជំងឺអេបូឡា នៅកុងហ្គោ និងនៅអ៊ូហ្គង់ដា ។លោក Baryomunsi និយាយទៀតថា ការបើកព្រំដែនឡើងវិញ នឹងផ្អែកលើការធានាថា អ្នកជំងឺត្រូវបានព្យាបាល ហើយការប្រាស្រ័យទាក់ទងគ្នា ត្រូវបានតាមដាន និងត្រួតពិនិត្យ ។សូមបញ្ជាក់ថា ការអំពាវនាវសុំជំនួយមនុស្សធម៌ ដើម្បីដោះស្រាយវិបត្តិនៅកុងហ្គោទទួលបានត្រឹម ៥៤ភាគរយប៉ុណ្ណោះ ស្មើនឹង ៧៥២លានដុល្លារ ក្នុងចំណោមមូលនិធិត្រូវការ ១,៤ពាន់លានដុល្លារ ៕

ពលរដ្ឋអ៊ីរ៉ង់អំពាវនាវឲ្យបិទច្រកសមុទ្រ Hormuzទាំងស្រុង ក្រោយការវាយប្រហាររបស់អាមេរិក

2026/07/09 03:46:10 am        53
នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់ បានជំរុញឲ្យបិទច្រកសមុទ្រ Hormuz ទាំងស្រុង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃអង្គារថា ពួកគេបានបញ្ចប់ជុំថ្មីនៃការវាយប្រហារលើអ៊ីរ៉ង់ ដោយពួកគេបានវាយប្រហារគោលដៅជាង ៨០កន្លែង អំឡុងការការវាយប្រហារចុងក្រោយនេះ ។ពួកគេបន្តថា កងកម្លាំងអាមេរិកបានបើកការវាយប្រហារបែបនេះ ដើម្បីធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារ លើនាវាពាណិជ្ជកម្មដែលមានក្រុមជនស៊ីវិលស្លូតត្រង់ធ្វើការនៅក្នុងផ្លូវទឹកអន្តរជាតិ ។ ជាមួយគ្នានឹងការបើករលកថ្មីនៃការវាយប្រហារលើអ៊ីរ៉ង់ ទីក្រុងវ៉ាស៊ីនតោន បានដកហូតអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រទេសមួយនេះលក់ប្រេងផងដែរ បន្ទាប់ពីនាវាដឹកប្រេង ៣គ្រឿង រងការវាយប្រហារដោយកាំជ្រួចផ្លោងនៅច្រកសមុទ្រ Hormuz ។លោក Maryam Ghassemi គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា បន្ទាប់ពីការវាយប្រហារចុងក្រោយរបស់អាមេរិកលើតំបន់ភាគខាងត្បូងអ៊ីរ៉ង់ ពួកយើងគួរតែបិទច្រកសមុទ្រ Hormuz ទាំងស្រុង ។លោកបន្តថា បើទោះបីជាកងទ័ពជើងទឹកអាមេរិកបិទច្រកពួកយើង បើទោះបីជាពួកគេឡោមព័ទ្ធពួកយើងក៏ដោយ ច្រកសមុទ្រមួយនេះ គួរតែបិទទាំងស្រុងតែម្តង ។នៅព្រឹកថ្ងៃពុធនេះដែរ ប្រទេសបារ៉ែន ដែលជាទីតាំងរបស់កងនាវាទី៥ របស់កងទ័ពជើងទឹកអាមេរិក និងកូវ៉ែត ដែលជាទីតាំងរបស់កងកម្លាំងកងទ័ពជើងគោកអាមេរិក បានរោទិ៍សំឡេងប្រកាសអាសន្នពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ៕

យន្តហោះដឹកទំនិញមានយានិក ៥នាក់នៅលើយន្តហោះ បាត់ការទាក់ទងនៅជិតទីក្រុង Karachi ប្រទេសប៉ាគីស្ថាន

2026/07/09 03:38:06 am        72
អាជ្ញាធរអាកាសចរណ៍ប៉ាគីស្ថាននិយាយថា យន្តហោះដឹកទំនិញ Boeing 737 ចុះបញ្ជីដោយប៉ាគីស្ថាន ជាមួយយានិក ៥នាក់នៅលើយន្តហោះ បានបាត់ការទាក់ទងជាមួយក្រុមគ្រប់គ្រងចរាចរណ៍លើអាកាស កាលពីយប់ថ្ងៃអង្គារ ក្រោយរាយការណ៍ពីបញ្ហាប្រព័ន្ធកំណត់ទិសដៅធ្វើដំណើរ តាមផ្លូវចេញពីទីក្រុង Sharjah ឆ្ពោះទៅកាន់ទីក្រុង Karachi បង្ខំឲ្យមានប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ ។អាជ្ញាធរអាកាសយានដ្ឋានប៉ាគីស្ថាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Facebookថា យន្តហោះអាយុកាល ២៧ឆ្នាំ ដែលប្រតិបត្តិការដោយក្រុមហ៊ុន K2 Airways មួយគ្រឿងនេះ រាយការណ៍បញ្ហាប្រព័ន្ធកំណត់ទិសដៅធ្វើដំណើរ កាលពីវេលាម៉ោង ២១និង ១៨នាទីយប់ ម៉ោងក្នុងស្រុកថ្ងៃអង្គារ ខណៈពេលកំពុងហោះហើរឆ្ពោះទៅកាន់ទីក្រុង Karachi ។ពួកគេបន្តថា ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងស្រុក ព្យាយាមនាំផ្លូវយន្តហោះ ប៉ុន្តែ ៣នាទីក្រោយមក ប្រព័ន្ធរ៉ាដាបង្ហាញថា យន្តហោះ បានហោះចុះយ៉ាងឆាប់រហ័ស ហើយការទំនាក់ទំនងក៏បានបាត់បង់ ។យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ជើងហោះហើរមួយនេះស្ថិតនៅចម្ងាយ ២៨៧គ.ម ភាគខាងលិចទីក្រុង Karachi នៅពេលបាត់ការទាក់ទងនោះ ។សេវាកម្មតាមដានជើងហោះហើរ Flightradar24 និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ទិន្នន័យបឋម បង្ហាញពីលទ្ធភាពដែលយន្តហោះធ្លាក់ចូលក្នុងសមុទ្រ ស្ថិតនៅតំបន់ភាគនិរតីទីក្រុង Karachi ។ក្រុមហ៊ុនអាកាសចរណ៍ K2 Airways និងក្រុមហ៊ុន Boeing ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយជុំវិញឧបទ្ទេវហេតុមួយនេះ ៕

លោក Trump៖ សហរដ្ឋអាមេរិកប្រហែលជានឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំង​ក្លា​​ម្ដង​ទៀត យប់ថ្ងៃពុធនេះ

2026/07/09 03:35:26 am        75
​លោក​ប្រធានាធិបតី Donald Trump បានព្រមានថា ទីក្រុង​វ៉ាស៊ីនតោន​ប្រហែលជានឹងវាយប្រហារអ៊ីរ៉ង់យ៉ាង​ខ្លាំង​ក្លា​ម្តងទៀត នៅយប់ថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦)​ នេះ​ បន្ទាប់ពីមាន​ការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយសារ​​ការវាយប្រហារលើនាវា នៅច្រកសមុទ្រ Hormuz។ក្នុង​អំឡុង​ពេល​មាន​កិច្ចប្រជុំជាមួយ មេដឹកនាំ​អ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការ​ណាតូ (NATO) នៅទីក្រុង Ankara ប្រទេសទួរគី លោក Trump បានប្រាប់​ថា៖ «យើងបានវាយប្រហារពួកគេយ៉ាងខ្លាំងក្លា កាលពីយប់មិញ។ ប្រហែលជាមាន​វាយប្រហារពួកគេយ៉ាងខ្លាំងក្លា​ម្តងទៀត នៅយប់នេះ។ ខ្ញុំនឹងព្រមានប្រទេសនេះ​បន្តិច។ យើងនឹងវាយប្រហារប្រទេស​យ៉ាងខ្លាំងនៅយប់នេះ»។នៅមុននេះ លោក Trump បាននិយាយថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះគឺ «ចប់ហើយ»។នៅពេលត្រូវបាន​សួរថា តើអនុស្សរណៈនៃការយោគយល់គ្នានេះ បាន​ផ្អាកហើយ ឬនៅ មេដឹកនាំ​អាមេរិក​បាន​និយាយ​ថា៖ «នេះ​គឺ​ជាសំណួរគួរឱ្យចាប់អារម្មណ៍ណាស់ សម្រាប់ខ្ញុំ។ ខ្ញុំគិតថា វាគឺ​ចប់ហើយ»៕

ប្រភព៖ លោក Trump បានប្រាប់មេដឹកនាំណាតូថា លោកចង់បន្ត​វត្តមាន​អាមេរិក នៅក្នុងសម្ព័ន្ធភាព

2026/07/09 03:28:35 am        56
ប្រភពមួយដែល​ដឹង​ពី​កិច្ចពិភាក្សា​ បានប្រាប់សារព័ត៌មាន Reuters ថា លោក​ប្រធានាធិបតី Donald Trump បាននិយាយ​ទៅកាន់​សម្ព័ន្ធមិត្តណាតូថា លោកចង់បន្ត​រក្សាវត្តមាន​សហរដ្ឋអាមេរិក នៅក្នុងសម្ព័ន្ធភាពយោធានេះ នៅឯ​កិច្ចប្រជុំមេដឹកនាំរបស់​អង្គការ​នេះ​ ក្នុង​ទីក្រុង Ankara ប្រទេសទួរគី​ នា​ថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦)​ នេះ​។ប្រភពនេះ ដោយស្នើសុំមិនបញ្ចេញឈ្មោះ បាន​និយាយ​​ថា នៅក្នុងកិច្ចប្រជុំកំពូលបិទទ្វារនោះ​ លោក Trump ក៏បានលើក​ឡើង​ផងដែរថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តលក់អាវុធទៅឱ្យសម្ព័ន្ធមិត្ត មិនថា អាវុធទាំងនោះ​ត្រូវបានប្រើប្រាស់យ៉ាងដូចម្តេចនោះទេ។ប្រភពបានដកស្រង់សម្តីរបស់លោក Trump ដែលបានប្រាប់មេដឹកនាំណាតូថា៖ «យើងចង់នៅជាមួយអ្នក​»។ សេតវិមានមិនបានធ្វើអត្ថាធិប្បាយភ្លាមៗឡើយ​ ជុំវិញ​ការកត់សម្គាល់របស់លោក Trump នៅក្នុងកិច្ចប្រជុំនោះ។ជាមួយ​គ្នា​នេះ ប្រភពបានបញ្ជាក់​ថា លោក Trump មិនបាននិយាយជាថ្មីម្តងទៀតនោះទេ​ អំពីការរិះគន់របស់លោក ចំពោះសម្ព័ន្ធមិត្តក្នុង​អង្គការណាតូ គឺអេស្ប៉ាញ ឬការប្រកាសរបស់លោក អំពីការបញ្ចប់កិច្ចព្រមព្រៀងបទ​ឈប់បាញ់បណ្តោះអាសន្នជាមួយអ៊ីរ៉ង់ អំឡុងកិច្ចប្រជុំនោះ។ ហើយ​ប្រភព​នេះ​បានបន្ថែម​ថា លោកក៏មិនបាននិយាយអំពីបញ្ហាកោះ​ Greenland ជា​ករណី​ដែលបាននាំ​ឱ្យមាន​ភាព​រកាំ​រកូស​នៅក្នុងប្លុកនេះដែរ៕

មេដឹកនាំទួរគីជំរុញឱ្យសម្ព័ន្ធមិត្តណាតូលុប​ការរឹតបន្តឹងឧស្សាហកម្មការពារជាតិ នៅឯកិច្ចប្រជុំកំពូល

2026/07/09 03:27:33 am        52
ប្រធានាធិបតីទួរគី Recep Tayyip Erdogan បាននិយាយនៅ​ថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា សម្ព័ន្ធមិត្តណាតូ (NATO) ត្រូវតែលុប​ការរឹតបន្តឹងឧស្សាហកម្មការពារជាតិ ក្នុងចំណោមពួកគេ ដោយផ្ដល់​លទ្ធភាព​ឱ្យទីក្រុង Ankara បាន​ចូលទៅក្នុងគំនិតផ្តួចផ្តើមមួយចំនួន ដែល​មាន​សម្រាប់តែអឺរ៉ុបប៉ុណ្ណោះ។ពេល​ចាប់​ផ្ដើម​បើកកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃ​អង្គការ​ណាតូ នៅទីក្រុង Ankara លោក Erdogan បាននិយាយ​ថា៖ «ការរឹតបន្តឹងក្នុងចំណោមសម្ព័ន្ធមិត្ត លើកិច្ចសហប្រតិបត្តិការការពារជាតិ ជាពិសេសនៅក្នុងឧស្សាហកម្មការពារជាតិ ត្រូវតែត្រូវ​បាន​លុបចោល​»។លោក​បាន​បន្ថែម​ថា៖ «នៅពេលដែលគំរូនៃកិច្ចសហប្រតិបត្តិការដែលផ្អែកលើសុភនិច្ឆ័យ និងហេតុផលអាចធ្វើទៅបាន ការមិនរាប់បញ្ចូលសម្ព័ន្ធមិត្តដែលមិនមែនជាសមាជិកនៃសហភាព (អឺរ៉ុប) នឹងនាំឱ្យមានការបែកបាក់សិប្បនិម្មិត នៅតំបន់​អឺរ៉ុប»។កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក​ Donald Trump ដែលអង្គុយក្បែរលោក Erdogan បាននិយាយថា លោកនឹងដក​ទណ្ឌកម្មចេញពីទួរគី ហើយធ្វើការសម្រេចចិត្ត ស្ដីពីលទ្ធភាព​ដែល​អាច​លក់យន្តហោះ F-35 ទៅឱ្យប្រទេសនេះ។ ការសម្រេចទាំង២ ទំនងជាប្រឈមមុខនឹងការជំទាស់​ពីសភា។ទួរគីមានកងទ័ពធំទី២ របស់អង្គការ​ណាតូ ហើយបានលេចឡើង​ក្នុង​នាម​ជាអ្នកអភិវឌ្ឍន៍ និងនាំចេញអាវុធដ៏ធំមួយ​។ តែ​ទីក្រុង Ankara បានលើក​ឡើង​ម្តងហើយម្តងទៀតថា ខ្លួនចង់ចូលរួមក្នុងគំនិតផ្តួចផ្តើមសន្តិសុខអឺរ៉ុប ដូចជាគម្រោងផ្តល់មូលនិធិ SAFE ជាដើម តែ​រហូតមកដល់ពេលនេះ នៅតែ​មិនអាច​ចូល​រួម​បាន ដោយសារតែភាពខុសគ្នាខាងនយោបាយ និងគោលនយោបាយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM