ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ

ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុបជំរុញឱ្យគ្រប់ភាគីគោរពបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ក្នុង​ពេលមានអរិភាពថ្មី

2026/07/09 03:27:01 am        51
​គណៈកម្មការអឺរ៉ុប នៅថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ បានសង្កត់ធ្ងន់ថា ការទូតនៅតែជាមាគ៌ាតែមួយគត់ ដើម្បីដោះស្រាយបញ្ហា «នៅសេសសល់» ពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយជំរុញឱ្យគ្រប់ភាគីគោរពបទឈប់បាញ់យ៉ាងពេញលេញ ទោះបីជាមានអរិភាពថ្មី​ និងការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិក លោក​ Donald Trump ដែលលើកឡើង​ថា បទឈប់បាញ់បានបញ្ចប់ហើយ​ក៏ដោយ​។ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក​​ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Anouar El Anouni បានប្រាប់អ្នកសារព័ត៌មានថា៖ «វាគឺ​ច្បាស់ណាស់ថា មានតែការទូតប៉ុណ្ណោះដែលអាចនាំមកនូវដំណោះស្រាយប្រកបដោយចីរភាព ចំពោះបញ្ហានៅសេសសល់ទាំងអស់»។លោកបានបន្ត​ទៀត​ថា៖ «វាមានសារៈសំខាន់ណាស់ដែលតួអង្គទាំងអស់គោរពបទឈប់បាញ់យ៉ាងពេញលេញ អនុវត្តសេចក្តីសម្រេចលេខ២៨១៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងចៀសវាងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់កិច្ច​ការ​ការទូតដែលកំពុងដំណើរការ»។នៅពេលត្រូវសួរថា តើសហភាពអឺរ៉ុប (EU) នៅតែចាត់ទុកបទឈប់បាញ់នេះថា មានប្រសិទ្ធភាពដែរ ឬទេ បន្ទាប់ពីមាន​ការអត្ថាធិប្បាយរបស់លោក Trump លោកបាននិយាយថា «ខ្ញុំគិតថា ជំហររបស់យើង គឺច្បាស់លាស់ណាស់ ហើយមិនមាន​ទីកន្លែង ដើម្បី​ឱ្យមាន​ការភាន់ច្រឡំនោះឡើយ​។ វាមានសារៈសំខាន់ណាស់ដែលតួអង្គទាំងអស់គោរពបទឈប់បាញ់យ៉ាងពេញលេញ»។ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ហើយលោក Trump បាននិយាយថា បទឈប់បាញ់ជាមួយទីក្រុងតេអេរ៉ង់ «បានបញ្ចប់ហើយ​» ដែលបង្កើនក្ដី​ព្រួយបារម្ភ ដែល​ថា តំបន់នេះអាចប្រឈមមុខនឹងជម្លោះថ្មី៕

រុស្ស៊ីព្យាយាមបង្អាក់ប្រព័ន្ធ Starlink របស់លោក Musk ដើម្បីទប់ទល់យានដ្រូនអ៊ុយក្រែន

2026/07/09 03:26:34 am        37
កងកម្លាំងរុស្ស៊ី កំពុងព្យាយាមទប់ទល់ជាមួយការវាយប្រហារយានដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន តាមរយៈក្លែងបន្លំទំនិញយោធា និងដាក់ពង្រាយប្រព័ន្ធបង្អាក់អេឡិចត្រូនិកដ៏មានឥទ្ធផល ។ នេះបើយោងតាមការអះអាងរបស់មេបញ្ជាការកងកម្លាំងយានដ្រូន និងអ្នកបើកបរយន្តហោះរបស់អ៊ុយក្រែន ។ការប្រើប្រាស់យានដ្រូនតម្លៃថោករបស់អ៊ុយក្រែនដែលមានសមត្ថភាពវាយប្រហារគោលដៅរាប់សិបកន្លែងមានចម្ងាយច្រើនគ.មពីក្រោយជួរមុខ បានក្លាយជាលក្ខណៈពិសេសដ៏សំខាន់មួយនៃសង្រ្គាមរបស់ពួកគេ ។នៅក្នុងឆ្នាំនេះ ប្រតិបត្តិការយានដ្រូនអ៊ុយក្រែន មានគោលដៅលើផ្លូវផ្គត់ផ្គង់ ឃ្លាំងស្តុកប្រេង ប្រព័ន្ធការពារដែនអាកាស និងទីបញ្ជាការរបស់រុស្ស៊ី ធ្វើឲ្យអាក់ខានដល់ភស្តុភាររបស់ទីក្រុងមូស្គូ និងរួមចំណែកធ្វើឲ្យជួបកង្វះខាតប្រេងឥន្ធនៈនៅតំបន់គ្រីមៀ ។ក្រុមមេបញ្ជាការយានដ្រូនមកពីកងវរសេនាធំប្រព័ន្ធយានគ្មានមនុស្សបើកលេខ ៤២២របស់អ៊ុយក្រែន និយាយថា រុស្ស៊ីបានឆ្លើយតបវិញជាមួយការបិទបាំងការផ្គត់ផ្គង់យោធានៅក្នុងរថយន្តស៊ីវិល ហើយប្រើប្រាស់ឧបករណ៍បង្អាកប្រព័ន្ធ Starlink ដ៏ទំនើប ដើម្បីជ្រៀតជ្រែកការទំនាក់ទំនងរបស់យានដ្រូន ៕

លោកស្រីនាយករដ្ឋមន្រ្តី Frederiksen ៖ ដាណឺម៉ាកត្រៀមខ្លួនរួចរាល់ក្នុងការការពាររាល់មីលីម៉ែត្រនៃទឹកដីណាតូ

2026/07/09 03:11:36 am        55
នាយករដ្ឋមន្រ្តីដាណឺម៉ាកលោកស្រី Mette Frederiksen និយាយនៅក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី នាថ្ងៃពុធនេះថា ប្រទេសរបស់លោកស្រី ត្រៀមខ្លួនរួចរាល់ក្នុងការការពាររាល់មីលីម៉ែត្រនៃទឹកដីរបស់សម្ព័ន្ធមិត្តយោធាណាតូ រួមទាំងរាជាណាចក្រដាណឺម៉ាកផងដែរ ។លោកស្រីថ្លែងបែបនេះ រយៈពេល ១ថ្ងៃ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បញ្ជាក់ឡើងវិញថា កោះ Greenland គួរគ្រប់គ្រងដោយសហរដ្ឋអាមេរិក ។ការពោលអះអាងរបស់លោក Trumpថា សហរដ្ឋអាមេរិកត្រូវការ ឬគ្រប់គ្រងកោះ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាកនោះ បានធ្វើឲ្យកើតមានទំនាក់ទំនងជាប់គាំងជាយូរមកហើយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Copenhagen ដែលប្រទេសទាំងនេះ គឺជាសមាជិកស្ថាបនិករបស់អង្គការណាតូ ។លោកស្រី Frederiksen និយាយថា ពួកយើងបានត្រៀមខ្លួនរួចរាល់ ក្នុងការការពាររាល់មីលីម៉ែត្ររបស់ដែនដីណាតូ រួមទាំងទឹកដីផ្ទាល់ខ្លួនផងដែរ ។ លោកស្រីបានបញ្ជាក់ឡើងវិញផងដែរថា កោះ Greenland មិនមែនសម្រាប់លក់នោះទេ ៕

មេបញ្ជាការកងកម្លាំងយានដ្រូនអះអាងថា អ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងស្រមោល ៩គ្រឿងរបស់រុស្ស៊ី

2026/07/09 02:56:52 am        55
មេបញ្ជាការកងកម្លាំងយានដ្រូនទីក្រុងគីវ អះអាងនៅថ្ងៃពុធនេះថា យានដ្រូនអ៊ុយក្រែន បានវាយប្រហារនាវាដឹកប្រេងស្រមោល ៩គ្រឿងរបស់រុស្ស៊ី នៅក្នុងសមុទ្រ Azov ។ លោក Robert Brovdi គឺជាមេបញ្ជាការកងកម្លាំងយានដ្រូនអ៊ុយក្រែន បានចុះផ្សាយរូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គម Telegram ឃើញការវាយប្រហារលើនាវាដឹកប្រេង ៩គ្រឿងនៅក្នុងសមុទ្រ Azov ។ ទីតាំង និងកាលបរិច្ឆេតពេលវីដេអូថត ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បានឡើយ ។ លោក Brovdi បន្តថា ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ នាវាដឹកប្រេងសរុប ១៩គ្រឿង រងការវាយប្រហារ ស្របពេលដែលអ៊ុយក្រែនបង្កើនកិច្ចខិតខំ ដើម្បីធ្វើឲ្យតំបន់គ្រីមៀ ឯកា ។ខណៈពេលនោះដែរ វិមានក្រឹមឡាំងនិយាយនៅថ្ងៃពុធនេះថា ខ្លួនសង្ឃឹមថា ទួរគី និងប្រទេសផ្សេងទៀត អាចប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដើម្បីបញ្ឈប់អ៊ុយក្រែន ពីការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលអន្តរជាតិ ក្រោយទីក្រុងមូស្គូរាយការណ៍ពីការវាយប្រហារលើស្ថានីបង្ហូរឧស្ម័ន ។លោក Peskov បានធ្វើសេចក្តីអត្ថាធិប្បាយផងដែរ ចំពោះការវាយប្រហារយានដ្រូនលើនាវាដឹកប្រេង Yasa Polaris របស់ក្រុមហ៊ុន Chevron ដែលត្រូវបានប្រើប្រាស់សម្រាប់បំពង់បង្ហូរប្រេង Caspian Pipeline Consortium ស្ថិតនៅជិតតំបន់ឆ្នេរសមុទ្រខ្មៅរបស់រុស្ស៊ី ៕

ប្រធានាធិបតីលីបង់ រំពឹងថា ទទួល​បាន​លទ្ធផលវិជ្ជមាន ពីកិច្ច​ប្រជុំ​​នាពេលខាង​មុខ​ជាមួយលោក Trump

2026/07/09 02:53:34 am        58
យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រធានាធិបតី បាន​ឱ្យដឹង​ថា ប្រធានាធិបតីលីបង់បានលើកឡើង​នៅ​ថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា លោករំពឹងថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាពេលខាងមុខ និងកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នឹងនាំមកនូវលទ្ធផលវិជ្ជមាន សម្រាប់ប្រទេសរបស់លោក។នៅព្រឹក​ថ្ងៃពុធនេះ​ ប្រភពជាន់ខ្ពស់លីបង់មួយរូប​ បាននិយាយថា លោក Joseph Aoun ត្រូវបានអញ្ជើញឱ្យទៅទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន​ នា​ថ្ងៃទី២១ ខែកក្កដា ដើម្បីជួប​ពិភាក្សាជាមួយលោក Trump។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថា នឹងផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយ​អ៊ីស្រាអែល ដែល​ត្រូវបាន​សម្របសម្រួលដោយសហរដ្ឋអាមេរិក ជំហររបស់ប្រទេសលីបង់ លើការអភិវឌ្ឍតំបន់ និងទំនាក់ទំនងទ្វេភាគី រវាងទីក្រុងបេរូត និងវ៉ាស៊ីនតោន។ក្នុងអំឡុងពេលជួបជាមួយគណៈប្រតិភូមកពីសហព័ន្ធអន្តរជាតិនៃអ្នក​ធ្វើ​ធុរកិច្ច​លីបង់ លោក Aoun បាននិយាយថា៖ «ខ្ញុំរំពឹងថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ខ្ញុំទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងកិច្ចប្រជុំរបស់ខ្ញុំជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នឹងនាំមកនូវលទ្ធផលវិជ្ជមាន សម្រាប់ប្រទេសលីបង់»។លោក Aoun បានបន្ថែម​ថា ដំណើរទស្សនកិច្ចនេះ ក៏ឆ្លុះបញ្ចាំងផង​ដែរពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកដំណោះស្រាយយូរអង្វែង ចំពោះសង្គ្រាមជាបន្តបន្ទាប់ និងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ និងការសម្រេចបាននូវស្ថិរភាព នៅទូទាំងតំបន់​មជ្ឈិមបូព៌ា៕

ចិនប្រឈមនឹងការមកដល់របស់ព្យុះ Bavi ដែលជាព្យុះទី ២ ក្នុងរយៈពេល១សប្តាហ៍

2026/07/09 02:49:45 am        39
ចិនកំពុងប្រឈមនឹងព្យុះទីហ្វុង Bavi នៅថ្ងៃសៅរ៍ខាងមុខនេះដែលជាព្យុះកំបុតត្បូងទី ២នឹងមកដល់ ក្នុងរយៈពេល ១សប្តាហ៍ ។រូបភាពផ្កាយរណប ឃើញព្យុះ Bavi កំពុងបង្កើនកម្លាំងពីលើសមុទ្រហ្វីលីពីននៅថ្ងៃពុធនេះ។ ដោយអង្កត់ផ្ចិតស្ថិតនៅចម្ងាយជាង ១ពាន់គ.ម ព្យុះ Bavi បានបោកបក់ដល់ដីគោកមួយភ្លែតនៅកោះ Rotaរបស់សហរដ្ឋអាមេរិក ស្ថិតនៅតំបន់ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិកជាមួយនឹងកម្លាំងខ្យល់បក់ ២៩០គ.ម ក្នុង ១ម៉ោង ។កាលពីសប្តាហ៍មុន ព្យុះទីហ្វុង Maysak បានបោកបក់ដល់ដីគោកនៅខេត្តភាគខាងត្បូង Hainan របស់ចិន ហើយភ្លាមៗនោះ ព្យុះមួយនេះ បានបោកបក់ឆ្ពោះទៅកាន់តំបន់ Guangxiជាទីដែលវាបង្កឲ្យមានភាពវឹកវរខ្លាំងបំផុត ។ចំហាយព្យុះ Maysakបង្កឲ្យកើតមានព្យុះកួចចំនួន ២ផងដែរ នៅតំបន់ភាគកណ្តាលប្រទេសចិន ដោយបានសម្លាប់មនុស្សយ៉ាងហោច ៨នាក់ ពេលដែលខ្យល់បោកបក់ក្នុងល្បឿន១៤៩គ.ម ក្នុង ១ម៉ោង បានធ្វើឲ្យក្រឡាប់រថយន្ត ប៉ើងដំបូលអគារនិងបន្សល់ទុកការខូចខាតទ្រង់ទ្រាយធំ ។អ្នកជំនាញមនាក់នៅមន្ទីរឧតុនិយមខេត្ត Hubei និយាយប្រាប់កាសែត Hubei Daily ថា ព្យុះកួចកម្រកើតមានឡើងខ្លាំងណាស់នៅក្នុងខេត្តមួយនេះ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មរថយន្ត ផលិតកម្ម និងបច្ចេកវិទ្យា ។ លោកបន្តថា ព្យុះកួចចុងក្រោយនៅខេត្ត Hubei បានកើតឡើងកាលពីខែឧសភា ឆ្នាំ ២០២១ ៕

អាល្លឺម៉ង់បន្ទោសអ៊ីរ៉ង់ ចំពោះការ​បង្កើន​​ភាព​តាន​តឹង​​ជាមួយអាមេរិក និងជំរុញ​ឱ្យមាន​ការទូត

2026/07/09 02:49:03 am        50
ប្រទេស​អាល្លឺម៉ង់ នៅថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ បានបន្ទោសអ៊ីរ៉ង់ ចំពោះការបង្កើន​​ភាព​តាន​តឹង​​ចុងក្រោយបង្អស់ នៅក្នុងជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជាបង្ក​អរិភាពទៅវិញទៅមក​ដែលបានជំរុញឱ្យប្រធានាធិបតី លោក​ Donald Trump ប្រកាសថា បទឈប់បាញ់ជាមួយទីក្រុងតេអេរ៉ង់ គឺ​ «ចប់ហើយ»។រដ្ឋមន្ត្រីការបរទេស Johann Wadephul បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ Phoenix ថា ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើនាវាពាណិជ្ជកម្មដែលធ្វើ​ដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz «មិនអាចទទួលយកបាន» ឡើយ ហើយសកម្មភាពរបស់ទីក្រុងតេអេរ៉ង់ បានជំរុញឱ្យមានការវាយប្រហារដោយ​យោធារបស់សហរដ្ឋអាមេរិក​។លោក Wadephul បាននិយាយថា៖ «នាវាដែលត្រូវបានកំណត់គោលដៅ កំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ជាពិសេសឆ្លងកាត់តំបន់ដែលគ្មានគ្រាប់​មីន នៅពេលដែលនាវា​ទាំងនោះ​ត្រូវបានវាយប្រហារដោយអ៊ីរ៉ង់»។ លោកបានបន្ថែមថា «វាចាំបាច់ត្រូវសម្រេច​ឱ្យបាន​ច្បាស់លាស់​ចុង​ក្រោយ​ និង​អចិន្ត្រៃយ៍​​ថា នេះគឺជាផ្លូវដឹកជញ្ជូនអន្តរជាតិ។ អ៊ីរ៉ង់មិនត្រូវដាក់​មីន​ វាយប្រហារ​នាវា ឬយក​ថ្លៃ​ឆ្លង​កាត់​​ ឬពន្ធគយអ្វី​ឡើយ។ អ៊ីរ៉ង់ត្រូវយល់ទាំង​ស្រុង​នូវ​ចំណុចនេះ»។ជាមួយ​គ្នានេះ លោក Wadephul បានលើក​ឡើងជាថ្មី​នូវការ​អំពាវនាវរបស់អាល្លឺម៉ង់ ដើម្បី​ឱ្យ​មាន​ដំណោះស្រាយការទូត ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងតេអេរ៉ង់ត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួនជាមុនសិន​៕

យន្តហោះឈ្លបយកការណ៍របស់ណាតូហោះហើរជុំវិញតំបន់ Kaliningrad ពីរថ្ងៃជាប់ៗគ្នា

2026/07/09 02:46:36 am        75
ប្រភពមួយនៅក្នុងសេវាត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់សហភាពអឺរ៉ុប បានប្រាប់សារព័ត៌មាន TASSថា យន្តហោះឈ្លបយកការណ៍ និងស្វែងរកគោលដៅរបស់អង្គការណាតូ ប្រភពដដែលបាននិយាយថា៖«យន្តហោះ Bombardier Challenger 650 Artemis II កំពុងត្រូវបានគេ ឃើញម្តងទៀត នៅក្នុងតំបន់ Kaliningrad ដោយហោះជុំវិញតំបន់នេះតាមរយៈដែនអាកាសនៃប្រទេសប៉ូឡូញ និងលីទុយអានី ក៏ដូចជាលើដែនទឹកអព្យាក្រឹតនៃសមុទ្របាល់ទិក»។លោកបានកត់សម្គាល់ថា នាថ្ងៃអង្គារ យន្តហោះដែលបានមកដល់ពីមូលដ្ឋានអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងទីក្រុង Constantaរបស់ប្រទេសរ៉ូម៉ានី បានហោះជុំវិញតំបន់រុស្ស៊ីចំនួន ៥ជុំ មុនពេលត្រឡប់មកវិញ។ប្រភពដដែលបានរំលឹកថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស បានកត់ត្រាជើងហោះហើរស្រដៀងគ្នារបស់យន្តហោះ Bombardier Challenger 650 Artemis II ជុំវិញតំបន់ Kaliningrad រួចហើយ។ លើសពីនេះទៀតនោះ យន្តហោះនេះបានហោះហើរច្រើនដងពីភាគខាងត្បូងទៅភាគខាងជើង និងត្រឡប់មកវិញឆ្លងកាត់ដែនអាកាសនៃប្រទេសឡាតវី លីទុយអានី និងអេស្តូនី ដោយរាល់ពេលបានបត់ជុំវិញឆ្នេរសមុទ្រនៃឈូងសមុទ្រហ្វាំងឡង់ ប៉ុន្តែមិនបានចូលទៅជិតតំបន់ព្រំដែននៃប្រទេសទាំងនេះ ជាមួយរុស្ស៊ី និងបេឡារុសទេ។ យន្តហោះនេះ ក៏ត្រូវបានគេសង្កេតឃើញនៅលើដែនទឹកអព្យាក្រឹតនៃសមុទ្រខ្មៅផងដែរ ជាកន្លែងដែលវាបានហោះហើរពីខាងលិចទៅខាងកើតនៃដែនទឹក និងត្រឡប់មកវិញ ដោយមិនបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសណាមួយឡើយ៕

នាយករដ្ឋមន្ត្រី៖ ប៊ុលហ្គារីបានអស់អាវុធសម្រាប់ផ្តល់ឲ្យអ៊ុយក្រែន

2026/07/09 02:33:09 am        34
នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev បានប្រាប់អ្នកយកព័ត៌មានថា ប៊ុលហ្គារីបានអស់អាវុធ និងគ្រាប់រំសេវនៅក្នុងឃ្លាំងយោធារបស់ខ្លួន ដែលអាចផ្តល់ឲ្យអ៊ុយក្រែនទៀតហើយ។ លោកបាននិយាយថា៖«យើងអស់សមត្ថភាពរបស់យើងក្នុងការផ្តល់ជំនួយយោធាតទៅទៀត។ ខ្ញុំកំពុងសំដៅទៅលើអាវុធ និងគ្រាប់រំសេវពីឃ្លាំងកងកម្លាំងប្រដាប់អាវុធប៊ុលហ្គារី។ យើងបានដឹកជញ្ជូនកញ្ចប់ជំនួយចំនួន ១៣ រួចហើយ ហើយយើងគ្មានអ្វីនៅសល់សម្រាប់អ៊ុយក្រែនទេ» យោងតាមលោកនាយករដ្ឋមន្ត្រី ឥឡូវនេះប៊ុលហ្គារីអាចជួយបានតែដោយការជួសជុលគ្រឿងយុទ្ធោបករណ៍នៅលើទឹកដីរបស់ខ្លួនប៉ុណ្ណោះ៕

អេស្ប៉ាញបដិសេធការគំរាមពាណិជ្ជកម្មរបស់លោក Trump និង​​ថា ទំនាក់ទំនងទ្វេភាគី​ជាប្រយោជន៍ប្រទេស​ទាំង២

2026/07/09 02:30:56 am        39
អេស្ប៉ាញ នៅថ្ងៃពុធ (ទី​៨ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បាននិយាយ​សម្រាល​ការគំរាមកំហែងចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីលោកបានអំពាវនាវឱ្យកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសនេះ​ ដោយចាត់​ទុក​ទីក្រុងម៉ាឌ្រីដថា ជា «ដើម​ហេតុ​នាំ​ឱ្យខាត​បង់​» អំឡុងកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ (NATO) នៅរដ្ឋធានី Ankara របស់​ទួរគី។បើយោងតាមសារព័ត៌មានអេស្ប៉ាញ EFE បាន​ឱ្យដឹងថា ប្រភពពី​រដ្ឋាភិបាល បានបញ្ជាក់​ថា អេស្ប៉ាញបន្ត​មាន​ «ទំនាក់ទំនងសង្គម វប្បធម៌ និងសេដ្ឋកិច្ចដ៏អស្ចារ្យ» ជាមួយសហរដ្ឋអាមេរិក ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២។ ពួកគេ​ក៏បានសង្កត់ធ្ងន់ផងដែរថា សហភាពអឺរ៉ុប (EU) គឺជាសហជីពពាណិជ្ជកម្ម ហើយ​ដូច្នេះ គ្មានរដ្ឋសមាជិកណាមួយអាចត្រូវបានជ្រើសរើសជាគោល​ដៅ​នៅក្នុងបញ្ហាពាណិជ្ជកម្មនោះទេ​។រដ្ឋាភិបាលបានផ្តល់ការឆ្លើយតបដូចគ្នា ចំពោះការគំរាមកំហែងស្រដៀងគ្នាដែលធ្វើឡើងដោយលោក Trump កាលពីដើមឆ្នាំនេះ បន្ទាប់ពីអេស្ប៉ាញបានក្លាយជាសមាជិករបស់​អង្គការណាតូតែមួយគត់ដែលបដិសេធមិនប្តេជ្ញាបង្កើនការចំណាយលើវិស័យ​ការពារជាតិរបស់ខ្លួនឱ្យ​ដល់ ៥ភាគរយ​នៃផលិតផលក្នុងស្រុកសរុប (GDP)។ប្រទេស​នេះ​បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកមិនអាចកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ជាមួយអេស្ប៉ាញតែមួយ​​បានឡើយ​ ពី​ព្រោះថា ទំនាក់ទំនងនោះ គឺជាមួយ EU ទាំងមូល។ រដ្ឋាភិបាលក៏បានកត់សម្គាល់ផងដែរថា យោងតាមរបាយការណ៍ បាន​បង្ហាញ​ថា សហរដ្ឋអាមេរិកមានអតិរេកពាណិជ្ជកម្មជាមួយអេស្ប៉ាញ ដែល​មានន័យថា ប្រទេស​នេះ​ទទួលបានអត្ថប្រយោជន៍ពីទំនាក់ទំនងពាណិជ្ជកម្មនេះ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM