ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ

ព័ត៌មានអន្តរជាតិ

តម្លៃប្រេងហក់ឡើងខ្ពស់ ភាគហ៊ុនធ្លាក់ចុះ ពេលលោក Trump ប្រកាសថា MOU ជាមួយអ៊ីរ៉ង់ចប់ហើយ

2026/07/09 01:17:43 am        89
នៅថ្ងៃពុធនេះតម្លៃប្រេងបានហក់ឡើងខ្ពស់ជាង ៥ភាគរយ ខណៈតម្លៃភាគហ៊ុនធ្លាក់ចុះ ធ្វើឲ្យក្រុមវិនិយោគិន គេចវេសពីទ្រព្យសកម្មមានហានិភ័យ ។វាបានកើតឡើង ក្រោយប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អនុស្សរណៈយោគយល់គ្នា(MOU) ដែលបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះ គឺចប់ហើយ ដោយរូបលោកបន្តថា លោកមិនចង់មានទំនងទំនងជាមួយទីក្រុងតេអេរ៉ង់ទៀតទេ ។កិច្ចព្រមព្រៀងឈប់បាញ់បណ្ដោះអាសន្ន ដែលមានការចុះហត្ថលេខាដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ក្រោមការសម្របសម្រួលពីប៉ាគីស្ថាន មានបំណងផ្តល់ពេល ៦០ថ្ងៃ សម្រាប់ដំណើរការចរចា ស្ដីពីកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ ប៉ុន្តែការចរចាដោយប្រយោល នៅប្រទេសកាតា បានបញ្ចប់ទៅដោយគ្មានសញ្ញាពីការមានវឌ្ឍនភាពឡើយ ហើយយោធាអាមេរិកបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ។តម្លៃប្រេងឆៅ បានហក់ឡើងខ្ពស់នៅថ្ងៃនេះ ចាប់តាំងពីចុងខែឧសភារហូតមក ពោលគឺកើនឡើងចំនួន ៥ភាគរយ ដល់តម្លៃ ៧៨ដុល្លារ ក្នុង ១បារ៉ែល បើទោះបីជាវាស្ថិតនៅក្រោមតម្លៃឡើងខ្ពស់កប់ពពក ១២០ដុល្លារ ក្នុង ១បារ៉ែល អំឡុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ ។ខណៈពេលនោះដែរ ភាគហ៊ុនអឺរ៉ុប ស្ថិតលើផ្លូវនៃការធ្លាក់ចុះផងដែរ នៅផ្សារភាគហ៊ុន STOXX 600 ចាប់តំាងពីពាក់កណ្តាលខែមីនា ហើយផ្សារភាគហ៊ុនសហរដ្ឋអាមេរិក បានធ្លាក់ចុះដូចគ្នា ៕

ស៊ីរីនិយាយថា ការផ្ទុះគ្រាប់បែកនៅទីក្រុងដាម៉ាស បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៣៦នាក់ រងរបួស

2026/07/09 01:15:22 am        66
អាជ្ញាធរស៊ីរីបាននិយាយនៅថ្ងៃពុធនេះថា ការផ្ទុះដែលបានវាយប្រហារកណ្តាលទីក្រុងដាម៉ាស ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារបានសម្លាប់មនុស្សម្នាក់ និងរបួសរាប់សិបនាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រសួងសុខាភិបាលស៊ីរី បាននិយាយថា៖«ចំនួនអ្នកស្លាប់ចុងក្រោយពីការផ្ទុះពីរលើកដែលបានកើតឡើង...នៅជិតអគារក្រសួងទេសចរណ៍នៅទីក្រុងដាម៉ាស គឺម្នាក់ និង របួស ៣៦នាក់»។ការផ្ទុះនៅជិតសណ្ឋាគារដែលលោក ម៉ាក្រុង បានស្នាក់នៅមួយយប់ បានកើតឡើង បន្ទាប់ពីលោកបានចាកចេញ និងមួយសន្ទុះមុនពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានប្រកាសពីការមកដល់របស់លោកនៅវិមានប្រធានាធិបតី ដើម្បីជួបជាមួយសមភាគីស៊ីរីរបស់លោក គឺលោក Ahmed Al-Sharaa។លោក ម៉ាក្រុង បានក្លាយជាប្រមុខរដ្ឋដំបូងគេមកពីសហភាពអឺរ៉ុបដែលបានទៅទស្សនកិច្ចប្រទេសស៊ីរី ចាប់តាំងពីការដួលរលំនៃមេដឹកនាំកាន់អំណាចយូរ លោក បាសា អាល់អាសាដ ក្នុងឆ្នាំ ២០២៤៕

វិមានក្រឹមឡាំង៖ ទួរគីនឹងអាចឲ្យអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរឧស្ម័ន

2026/07/09 01:13:02 am        68
វិមានក្រឹមឡាំងនិយាយនៅថ្ងៃពុធនេះថា ខ្លួនសង្ឃឹមថា ទួរគី និងប្រទេសផ្សេងទៀត អាចប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដើម្បីបញ្ឈប់អ៊ុយក្រែន ពីការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលអន្តរជាតិ ក្រោយទីក្រុងមូស្គូរាយការណ៍ពីការវាយប្រហារលើស្ថានីបង្ហូរឧស្ម័ន ។ នៅមុននេះ រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារលើស្ថានីយបង្ហូរឧស្ម័ន Krasnodarskaya របស់ក្រុមហ៊ុន Gazprom ដែលជាកន្លែងផ្តល់សេវាកម្មនាំចេញឧស្ម័នទៅកាន់ប្រទេសទួរគី កាត់តាមបំពង់បង្ហូរឧស្ម័ន Blue Stream ។ អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការវាយប្រហារបែបនេះ គ្រោះថ្នាក់ខ្លាំងណាស់ ហើយរុស្ស៊ីបានចាត់វិធានការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចំពោះការវាយប្រហារបែបនេះ ។ លោក Peskov បានធ្វើសេចក្តីអត្ថាធិប្បាយផងដែរ ចំពោះការវាយប្រហារយានដ្រូនលើនាវាដឹកប្រេង Yasa Polaris របស់ក្រុមហ៊ុន Chevron ដែលត្រូវបានប្រើប្រាស់សម្រាប់បំពង់បង្ហូរប្រេង Caspian Pipeline Consortium ស្ថិតនៅជិតតំបន់ឆ្នេរសមុទ្រខ្មៅរបស់រុស្ស៊ី ៕

ការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ីលើទីក្រុង Kharkiv របស់អ៊ុយក្រែនសម្លាប់មនុស្ស ២នាក់

2026/07/09 01:10:32 am        62
ក្រុមមន្រ្តីក្នុងស្រុកនិយាយថា នៅព្រឹកថ្ងៃពុធនេះ កងកម្លាំងរុស្ស៊ី បើកការវាប្រហារមីស៊ីលជាបន្តបន្ទាប់លើទីក្រុង Kharkiv របស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀត រងរបួស រួមទាំងក្មេងៗ ៣នាក់ផងដែរ ។ទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី ២របស់អ៊ុយក្រែន ស្ថិតនៅចម្ងាយប្រហែល ៣០គ.មប៉ុណ្ណោះ ពីព្រំដែនរុស្ស៊ី ហើយតែងតែក្លាយជាគោលដៅវាយប្រហារញឹកញាប់របស់យានដ្រូន មីស៊ីល និងគ្រាប់បែកតម្រង់គោលដៅរបស់រុស្ស៊ី ពេញសង្រ្គាមមួយនេះ ដោយសារវាស្ថិតនៅជិតរុស្ស៊ី ។អភិបាលក្រុង Kharkiv លោក Ihor Terekhov និយាយថា មីស៊ីល ១គ្រាប់បានវាយប្រហារត្រូវចំអគារផ្ទះល្វែងកម្ពស់ ៥ជាន់ នៅស្រុក Nemyshlianskyi ។ដោយឡែក អភិបាលតំបន់ Kharkiv លោក Oleh Syniehubov និយាយថា កងកម្លាំងរុស្ស៊ី បើកការវាយប្រហារ ៣លើកលើស្រុកមួយនេះ ។ក្រុមមន្រ្តីសង្រ្គោះបន្ទាន់ បានកំណត់អត្តសញ្ញាណមនុស្ស ២នាក់ដែលបានសម្លាប់នៅក្នុងការវាយប្រហារខាងលើថា ជាបុរសម្នាក់ និងស្រ្តីម្នាក់ ដោយពួកគេទាំង ២នាក់មានអាយុជាង ៦០ឆ្នាំ ។យោងតាមការអះអាងរបស់លោក Viktor Zabashtha គឺជាប្រធានមន្ទីរសង្រ្គោះបន្ទាន់តំបន់ Kharkiv បានឲ្យដឹងថា ភាគច្រើននៃអ្នករងរបួស ត្រូវចំណាំងគ្រាប់ ហើយរថយន្តគិលានសង្រ្គោះ ១០គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ៕

មន្ត្រីUNជំរុញឲ្យលោកខាងលិចចូលរួមជាមួយអាហ្វហ្គានីស្ថានដើម្បីការពារកុំឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងអស្ថិរភាព

2026/07/09 01:08:14 am        56
មន្ត្រីជាន់ខ្ពស់ពីររូបរបស់អង្គការសហប្រជាជាតិ បាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសលោកខាងលិចក្នុងការចូលរួមជាមួយប្រទេសអាហ្វហ្គានីស្ថាន ដើម្បីទប់ស្កាត់ប្រទេសពីការធ្លាក់ចូលទៅក្នុងអស្ថិរភាពដែលអាចមានផលវិបាកហួសពីព្រំដែនរបស់ខ្លួន។លោក Barham Salih ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានប្រាប់សារព័ត៌មាន APក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារជាមួយប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ លោក Alexander De Croo ក្នុងអំឡុងពេលទស្សនកិច្ចរួមគ្នា ទៅកាន់ប្រទេសនេះថា៖«មេរៀននៃអតីតកាលថ្មីៗនេះ គឺថា ការមិនអើពើនឹងប្រទេសអាហ្វហ្គានីស្ថាន មិនមែនជារឿងល្អដែលត្រូវធ្វើនោះទេ»។ដោយនិយាយតាមរយៈតំណភ្ជាប់វីដេអូ លោកបានលើកឡើងថា ទោះបីជាបញ្ហាប្រឈម និងការលំបាកជាច្រើន នៅតែមានក៏ដោយ «វាជាការឆ្លាតវៃណាស់ក្នុងការចូលរួម គាំទ្រ និងលើកកម្ពស់គោលនយោបាយប្រភេទត្រឹមត្រូវ ដើម្បីធានាថា ប្រទេសអាហ្វហ្គានីស្ថាន នៅតែមានសុវត្ថិភាព និងសុខស្រួល»។ «បើគ្មានការចូលរួមទេ ខ្ញុំគិតថា យើងអាចប្រឈមនឹងអស្ថិរភាព ជាមួយនឹងផលវិបាកទាំងអស់នៃអស្ថិរភាពនោះ» មិនថាជាគ្រឿងញៀន ភាពជ្រុលនិយម សកម្មភាពឧក្រិដ្ឋកម្ម ឬចលនារបស់ជនភៀសខ្លួននោះទេ»។បន្ទាប់ពីជម្លោះរយៈពេល ៤ ទសវត្សរ៍ ប្រទេសក្រីក្រនិងពឹងផ្អែកលើជំនួយនេះ ឥឡូវនេះកំពុងជួបប្រទះនឹងវិបត្តិជាច្រើន ចាប់ពីគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ រហូតដល់ការហូរចូលនូវជនភៀសខ្លួនត្រឡប់មកវិញច្រើនបំផុតដែលពិភពលោកមិនធ្លាប់បានឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ៕

លោក Trump បាន​បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយអេស្ប៉ាញ

2026/07/09 01:05:15 am        70
នៅឯ​កិច្ចប្រជុំកំពូលអង្គការ​ណាតូ (NATO) នាថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់​ឱ្យដឹង​ថា លោកបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារបស់លោក គឺ​លោក Scott Bessent កាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញ ដោយចាត់ទុក​ទីក្រុងម៉ាឌ្រីដថា ជា «ដៃគូមិន​ល្អ​» ឡើយ នៅក្នុងសម្ព័ន្ធភាពនេះ​។អំឡុង​ពេល​និយាយ​ដោយមាន​អគ្គលេខាធិការ​អង្គការណាតូ​ លោក Mark Rutte អង្គុយក្បែរ​នោះ នៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូល ក្នុង​ទីក្រុង Ankara ប្រទេស​ទួរគី លោក Trump បាន​លើក​ឡើង​ថា លោកមិនចង់ធ្វើជំនួញជាមួយប្រទេសអេស្ប៉ាញទៀត​ទេ។លោក Trump បានប្រាប់លោក Rutte ថា៖ «ប្រទេសអេស្ប៉ាញមិនយល់ព្រមចំពោះអ្វីទាំងអស់ ហើយអ្នកមិនគួរជួយ ឬ​គាំទ្រប្រទេសនេះ​ឡើយ​»។ ដោយងាកមុខ​ទៅរកលោក Bessent លោកបានបន្ថែម​ថា៖ «ខ្ញុំមិនចង់ធ្វើពាណិជ្ជកម្មជាមួយពួកគេទៀត​ទេ យល់ទេ?»។លោក Trump បានបង្ហាញការខកចិត្តម្តងហើយម្តងទៀតជាមួយអេស្ប៉ាញ ដែលមិនបានយល់ព្រមលើគោលដៅចំណាយការពារជាតិថ្មីរបស់អង្គការ​ ចំនួន ៥ភាគរយ​នៃផលិតផលក្នុងស្រុកសរុប (GDP) និងដែលថ្នាក់ដឹកនាំគណបក្សសង្គមនិយមរបស់ពួកគេ បានបដិសេធមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ដែនអាកាស ឬមូលដ្ឋានរបស់​ខ្លួន​ នៅលើទឹកដីរបស់ប្រទេសនេះ​ សម្រាប់សង្គ្រាមអ៊ីរ៉ង់។គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមានមូលដ្ឋានយោធាសំខាន់ចំនួន ២ នៅក្នុងប្រទេសអេស្ប៉ាញ គឺ​មូលដា្ឋន​កងទ័ពជើងទឹក Rota (Naval Station Rota) និងមូលដ្ឋានទ័ពអាកាស Moron (Moron Air Base)៕មន្ត្រីអាមេរិកមួយ​រូប​បានប្រាប់សារព័ត៌មាន Reuters កាលពីខែមេសាថា អ៊ីម៉ែល​ផ្ទៃក្នុងរបស់មន្ទីរបញ្ចកោណ បានគូសបញ្ជាក់ពីជម្រើសនានា​ ដើម្បីឱ្យ​សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសម្ព័ន្ធមិត្តក្នុង​អង្គការ​ណាតូ ដែលខ្លួនជឿថា មិន​បាន​គាំទ្រប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ក្នុង​នោះ​រួមទាំងការព្យួរអេស្ប៉ាញ​ពីសម្ព័ន្ធភាព​យោធានេះ​ផង​ដែរ​៕

IRGC អះអាងថា ខ្លួនបានវាយប្រហារលើមូលដ្ឋានយោធាអាមេរិកចំនួន ៨៥កន្លែង នៅបារ៉ែន និងកូវ៉ែត

2026/07/09 01:02:59 am        72
កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC អង្គភាពសម្រាំងនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់) បានធ្វើការវាយប្រហារលើមូលដ្ឋានយោធាអាមេរិកចំនួន ៨៥កន្លែង នៅប្រទេសបារ៉ែន និងកូវ៉ែត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទឹកដីអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Fars។ទីភ្នាក់ងារសារព័ត៌មាននេះ បានដកស្រង់សេចក្តីថ្លែងការណ៍របស់ IRGCថា៖«ជាការឆ្លើយតបដំបូងចំពោះការឈ្លានពាននេះ កងកម្លាំងកងទ័ពជើងទឹក និងអវកាសរបស់ IRGC ក្នុងប្រតិបត្តិការរួមគ្នាដោយប្រើមីស៊ីល និងយានដ្រូន បានវាយប្រហារមូលដ្ឋានយោធាសំខាន់ៗចំនួន ៨៥ កន្លែងរបស់សហរដ្ឋអាមេរិកនៅកំពង់ផែ Salman តំបន់កងនាវាទី ៥ នៃកងទ័ពជើងទឹកអាមេរិក នៅបារ៉ែន និងមូលដ្ឋានទ័ពអាកាស Ali Al Salem នៅកូវ៉ែត»៕

រុស្ស៊ីនិយាយថា កងកម្លាំងរក្សាសន្តិភាពមានសារៈសំខាន់សម្រាប់ការសម្រេចបាននូវសន្តិភាពតាមរយៈការសន្ទនា

2026/07/09 12:22:00 am        74
អ្នកតំណាងផ្លូវការបស់ក្រសួងនេះ លោកស្រី Irina Volk បាននិយាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី លោក Vladimir Kolokoltsev បានកត់សម្គាល់ពីសារៈសំខាន់នៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយបានអំពាវនាវឲ្យកងកម្លាំងរក្សាសន្តិភាពផ្តោតលើការសម្រេចបាននូវការផ្សះផ្សារវាងភាគីសង្គ្រាមតាមរយៈការសន្ទនា។ លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំរវាងលោក Kolokoltsev និងលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការសន្តិភាពនៅទីក្រុងញូវយ៉កថា៖«រដ្ឋមន្ត្រីរុស្ស៊ីបានបញ្ជាក់ថា ប្រតិបត្តិការរក្សាសន្តិភាពរបស់UN គឺជាឧបករណ៍សំខាន់មួយសម្រាប់ពង្រឹងសន្តិសុខអន្តរជាតិ ហើយប្រតិបត្តិការនេះ មានរយៈពេល ៧៨ឆ្នាំមកហើយ។ ដូច្នេះវាអាចធ្វើទៅបានដើម្បីបង្កើតតម្រូវការជាមុនសម្រាប់ការស្តារ និងរក្សាសន្តិភាពប្រកបដោយចីរភាពនៅក្នុងប្រទេស និងតំបន់ជាច្រើន។ វាពិតជារឿងដ៏សំខាន់ក្នុងការរក្សាកងកម្លាំងរក្សាសន្តិភាពឲ្យស្ថិតនៅក្នុងការ ផ្តោតអារម្មណ៍លើការសម្រេចគោលដៅនៃការផ្សះផ្សាប្រកបដោយចីរភាពរបស់ភាគីសង្គ្រាមតាមរយៈការសន្ទនា ហើយបន្ទាប់មកចូលទៅក្នុងដំណើរការនយោបាយ»។ លើសពីនេះទៅទៀត លោកស្រី Kolokoltsev បាននិយាយថា ការសម្រេចចិត្តលើអនាគតនៃការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គួរតែត្រូវបានធ្វើឡើងដោយផ្ទាល់នៅក្នុងអង្គការនេះ។ គណៈកម្មាធិការពិសេសនៃប្រតិបត្តិការរក្សាសន្តិភាពរបស់UN ត្រូវបានស្នើឡើងជាវេទិកាដ៏ល្អបំផុតសម្រាប់រឿងនេះ ព្រោះវាអាចធ្វើការសម្រេចចិត្តដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បំផុតលើគំនិតផ្តួចផ្តើមកែទម្រង់ដែលលើកកម្ពស់ដោយលេខាធិការដ្ឋានអង្គការសហប្រជាជាតិ៕

លោក Lavrov៖ សេដ្ឋកិច្ចអឺរ៉ុបកំពុងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏អាក្រក់ ហើយមិនអាចលាក់បាំងការពិតបានឡើយ

2026/07/09 12:19:36 am        62
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ បាននិយាយថា សេដ្ឋកិច្ចអឺរ៉ុបកំពុងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏អាក្រក់ ហើយវាពុំអាចទៅរួចទេ ក្នុងការលាក់បាំងការពិតនោះ។ រដ្ឋមន្ត្រីរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីពិគ្រោះយោបល់ជាមួយប្រធានគណៈកម្មការសហភាពអាហ្វ្រិក លោក Mahamoud Ali Yusuf ថា៖«បើគ្មានជំហានជាក់លាក់ទេ វាមិនអាចទៅរួចទេក្នុងការលាក់បាំងស្ថានភាពដ៏អាក្រក់ដែលសេដ្ឋកិច្ចអឺរ៉ុប រួមទាំងសេដ្ឋកិច្ចអាល្លឺម៉ង់ កំពុងធ្លាក់ចុះ។ វិស័យសង្គមរបស់ខ្លួន កំពុងរងទុក្ខយ៉ាងធ្ងន់ធ្ងរ អត្ថប្រយោជន៍កំពុងត្រូវបានកាត់បន្ថយ ហើយសេដ្ឋកិច្ចស៊ីវិលកំពុងរត់គេចពីអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក ក្នុងចំណោមកន្លែងផ្សេងទៀត ដែលលក្ខខណ្ឌអំណោយផលជាងសម្រាប់អាជីវកម្ម»។ លោក ឡាវរ៉ូវ បានបន្ថែមថា ការចាក់បញ្ចូលថវិការបស់អឺរ៉ុបទៅក្នុងការផលិតអាវុធ«កំពុងរក្សាសេដ្ឋកិច្ចពីការដួលរលំ»៕

ចំនួនអ្នកស្លាប់ដោយសារព្យុះ នៅចិន កើនឡើងដល់យ៉ាង​តិច ១៧នាក់ ខណៈ​រាប់រយនាក់រងរបួស

2026/07/09 12:17:40 am        75
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាន​រាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏អាក្រក់ នៅក្នុងតំបន់មួយចំនួននៃប្រទេសចិន បានកើនឡើងដល់យ៉ាង​តិច ១៧នាក់ កាលពី​ថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) ដោយមានមនុស្សរាប់រយនាក់ទៀតរងរបួស និងរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ ខណៈដែលលោក​ប្រធានាធិបតី Xi Jinping បានជំរុញឱ្យមានកិច្ច​ប្រឹងប្រែងជួយសង្គ្រោះ «គ្រប់យ៉ាង​»។រូប​ភាព​វីដេអូដែលត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានបង្ហាញឱ្យ​ឃើញ​ទឹកភក់ហូរកាត់ជញ្ជាំងបេតុងបាក់​នៃទំនប់អាងស្តុកទឹក នៅតំបន់ភាគខាងត្បូងនៃខេត្ត Guangxi ដែល​ជាតំបន់រងគ្រោះខ្លាំងបំផុត​។វីដេអូពី​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញពី​ក្រុមអ្នកជួយសង្គ្រោះពាក់អាវ​ពោង​សុវត្ថិភាព ស្វែងរកមនុស្សដែលបាត់ខ្លួន តាម​ទូកពោង​ ខណៈពេលដែលអាជ្ញាធរបានសាងសង់ជម្រកសង្គ្រោះបន្ទាន់ ដើម្បីផ្ដល់កន្លែង​ជ្រក​ដល់​អ្នកដែលបានផ្លាស់ទីលំនៅ។ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ ដែល​បង្ក​ឡើង​ដោយ​ព្យុះទីហ្វុង Maysak បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ នៅខេត្ត Guangxi ជាកន្លែងដែលអាជ្ញាធរបានបង្កើនការឆ្លើយតបក្នុងគ្រាអាសន្ននៃការគ្រប់គ្រងទឹកជំនន់ដល់កម្រិតខ្ពស់បំផុត នៅក្នុងទីក្រុង​ Nanning។មន្ត្រីតំបន់បានប្រាប់សន្និសីទសារព័ត៌មានមួយថា ​មនុស្សយ៉ាងហោចណាស់ ១៣០.០០០នាក់ ត្រូវបានជម្លៀសចេញ ហើយ​ ១១នាក់នៅតែបាត់ខ្លួន ដោយបន្ថែមថា ទឺក​ភ្លៀងបានបំផ្លាញដីកសិកម្មជិត ១៣.០០០ហិចតា។ជាមួយ​គ្នា​នេះដែរ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាន​រាយការណ៍ថា ព្យុះផ្គររន្ទះ និងខ្យល់បក់ខ្លាំងបានបណ្ដាល​ឱ្យ​មនុស្ស ១១នាក់ផ្សេងទៀតសា្លប់​ និង ៣៣១នាក់រង​របួស នៅក្នុងខេត្ត Hubei ភាគកណ្តាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM