ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់លួចចូលផ្ទះពលរដ្ឋគាស់ទូដែកលួចអស់ទឹកប្រាក់សរុបតម្លៃ៨ម៉ឺនដុល្លារ

2025/05/14 12:41:27 pm        808
ភ្នំពេញ៖ ជនសង្សយ២នាក់ត្រូវបាននគរបាលស្រាវជ្រាវឃាត់ខ្លួន ក្រោយធ្វើសកម្មភាព បើក​ទ្វារ​បន្ទប់​ដេក ផ្ទះពលរដ្ឋ ចូលគាស់ទូដែក លួចយកប្រាក់ ចំនួន៤៥,០០០ដុល្លា និងគ្រឿង​អលង្ការ​មួយ​ចំនួនសរុបតម្លៃ៨ម៉ឺនដុល្លារ។ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង០៤ និង៣០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទួគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់។ជនសង្ស័យទាំង០២នាក់ ឈ្មោះ ១-ឈ្មោះ ធន សុផាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ២-ឈ្មោះ ធន ច័ន្ទធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះជនរងគ្រោះឈ្មោះ អ៊ឹង ជាងនី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកិច្ចសន្យា ស្នាក់នៅផ្ទះវី ឡាលេខ២២ ផ្លូវម្ល៉េះ បុរីអ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២៣ និង៥០នាទី រំលងអាធ្រាត មានជនសង្ស័យ០២ បានធ្វើសកម្មភាពបើកទ្វារបន្ទប់ដេក ផ្ទះពលរដ្ឋ នៅចំណុចបុរីអ័រគីដេ វី ឡា ផ្ទះលេខ QR១៣-២២ ផ្លូវម្លិះ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលគាស់ទូដែក លួចយកប្រាក់ ចំនួន៤៥,០០០ដុល្លា និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ៨ម៉ឺនដុល្លា។ សម្ភារៈបន្សល់ទុក៖ រូបថត ស្នាមគាស់ទូរដែក និងសម្ភារៈរាយប៉ាយនៅក្នុងបន្ទប់(កើតហេតុ) ទូរស័ព្ទដៃ ចំនួន០៥គ្រឿង ស៊េរីចាស់ , អាវុធខ្លី ចំនួន០៣ដើម ម៉ាករ៉ូឡូ ០២ដើម និងម៉ាកស៊ិចសាយអឺ ចំនួន០១ដើម , កុំព្យូទ័រយួរដៃ ចំនួន០២គ្រឿង , ខ្សែកស្វារេមានត្បូង ០១ខ្សែ , កូនកាបូបដៃចំនួន០១ ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ 

មហោស្រពសិល្បៈចម្រៀងសម័យទសវត្សរ៍ទី៦០ ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ ប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃនេះ

2025/05/14 12:32:05 pm        275
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីប្រឡងចម្រៀងក្នុងមហោស្រពសិល្បៈចម្រៀងសម័យឆ្នាំ២០២៥ «ទសវត្សរ៍ទី៦០» ប្រកួតវគ្គផ្តាច់ព្រ័ត្រ នាវេលាម៉ោង១៧:៣០នាទី ដើម្បីស្វែងរកបេក្ខជន បេក្ខនារី ដែលមានទឹកដមសំឡេងពីរោះ ដើម្បីគ្រងជ័យលាភី។ ជ័យលាភី លេខ១ លេខ២ និងលេខ៣ ឯ៣រូបទៀតទទួលបានជ័យលាភីកិត្តិយស។លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ BTV ព័ត៌មាន នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះថា គោលបំណងរៀបចំឲ្យមានមហោស្រពសិល្បៈចម្រៀងសម័យ “ទសវត្សរ៍ទី៦០” ទី១. ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងទី២. គឺជាការរំលឹកទៅដល់អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត ក៏ដូចជាតារាចម្រៀងប្រុស ស្រី ជាច្រើននាក់ផ្សេងទៀត នៅក្នុងអំឡុងទសវត្សរ៍ទី៦០។សម្លេង Motion: លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ....មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ រៀបចំនូវកម្មវិធីមហោស្រពសិល្បៈចម្រៀងសម័យ ដោយជ្រើសរើសយកបទចម្រៀងសម័យ ទសវត្សរ៍ទី៦០។ ទី១. គឺជាការចូលរួមថែរក្សា និងអភិរក្សសំនៀងមរតកដើម និងទី២. គឺបំផុសយុវជនជំនាន់ក្រោយឲ្យមានការចាប់អារម្មណ៍នូវចម្រៀងទសវត្សរ៍ទី៦០........(sound 01)សូមរំលេចឡើងវិញថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានដំណើរការរៀបចំមហោស្រពសិល្បៈចម្រៀងសម័យ “ទសវត្សរ៍ទី៦០” ឆ្នាំ២០២៥ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រឡងចំនួន៣៦រូប ស្រីចំនួន១៨រូប។ -នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ មន្ទីរបានរៀបចំការប្រឡងវគ្គជម្រុះ ដោយគណៈមេប្រយោគបានសម្រាំងជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន១៣រូប ស្រីចំនួន០៤រូប។ -នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ មន្ទីរបានរៀបចំការប្រឡងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយគណៈមេប្រយោគបានសម្រាំងជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន០៦រូប (ស្រី២រូប) សម្រាប់ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ -នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧:៣០នាទី មន្ទីរនឹងរៀបចំការប្រឡងវគ្គពផ្ដាច់ព្រ័ត្រ ស្វែងរកបេក្ខជន បេក្ខនារី ដែលមានទឹកដមសំឡេងពីរោះ ដើម្បីគ្រងជ័យលាភី។ ជ័យលាភី លេខ១ លេខ២ និងលេខ៣ ឯ៣រូបទៀតទទួលបានជ័យលាភីកិត្តិយស៕ អត្ថបទ៖ រដ្ឋា 

កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ជួយឱ្យពលរដ្ឋឱ្យមានការងារ និងមានប្រាក់ចំណូល​សមរម្យ

2025/05/14 12:22:34 pm        123
ប្រជាពលរដ្ឋដែលបានបញ្ចប់ និងមួយ​ចំនួន​ផ្សេង​ទៀត​បាន​កំពុង​ទទួ​ល​ការ​បណ្តុះ​បណ្តាល​យ៉ាង​យក​ចិត្ត​ទុកដាក់ពីក្រុមគ្រូបង្រៀន តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥​លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គឺ​ជា​ឱកាស​ក្នុង​ការ​សិក្សា​ជំនាញ​បន្ថែម​លើ​ជំនាញបច្ចុប្បន្ន ដើម្បីមានលទ្ធភាពក្នុងការពង្រីក និងបង្កើតមុខរបរថ្មីឱ្យកាន់តែប្រសើរ និង​មាន​ប្រាក់ចំណូលសមរម្យជាងមុន។អ្នកស្រី កែវ សុវណ្ណារី ជាពលរដ្ឋមកពីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្ន​ប្រកបរបរ​ខាង​ផ្នែក​ផលិតផលកែច្នៃ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដំបូងឡើយអ្នកស្រីមិនស្គាល់ទេ តើ TVET ជា​អ្វី? ប៉ុន្តែ បន្ទាប់ពីមានការណែនាំពីមិត្តភ័ក្តិ និង​បបួល​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ និងបច្ចេកទេសរយៈពេលខ្លីនេះ ទើបយល់ឃើញថា ពិតជាបាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ទាំង​ទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ អ្នកស្រីបានបន្តថា ក្រៅពីការសិក្សាដោយមិនគិតថ្លៃ គឺ​មាន​ការ​យកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រៀនរបស់គ្រូជំនាញពីម្នាក់ទៅម្នាក់ ដែល​ធ្វើ​ឱ្យ​សិស្ស​ឆាប់​ទទួល​បាន​ចំណេះ និងជំនាញមួយពិតប្រាកដ ជាពិសេសបានជួយបញ្រ្ជាបការយល់ដឹងបន្ថែម លើ​ជំនាញបច្ចុប្បន្ន។ស្រដៀង​គ្នា​ខាងលើនេះ អ្នកស្រី ប៉ែន សុគន្ធា ជាពលរដ្ឋមកពីតំបន់អរិយ៍ក្សត្រ សព្វថ្ងៃប្រកប​របរ​លក់​ដូរ​នៅក្នុងផ្ទះ បាននិយាយប្រាប់ ប៊ីធីវី ឱ្យដឹងដែរថា មូលហេតុ​សម្រេច​ចិត្ត​ចូល​សិក្សា​កម្ម​វិធី​បណ្តុះ​បណ្តា​លជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល ក្នុងគោលបំណង​ដើម្បី​បន្ថែម​ជំនាញ​ពី​លើមុខរបរបច្ចុប្បន្នដែលមានស្រាប់។ អ្នកស្រី បន្ថែមថា ការសិក្សាជំនាញនេះ គឺ​មាន​ភាព​ងាយ​ស្រួលក្នុងការសិក្សា ពីព្រោះកម្ម​វិធី​មួយ​នេះ​មាន​ជំនាញ​ជា​ច្រើន​ដែល​អាច​ជ្រើស​រើស​ដើ​ម្បី​សិក្សាបាន ជាពិសេសមានជំនាញដែលអាចឱ្យពលរដ្ឋដែលមានវ័យច្រើនអាចចូលរៀនបាន។ លើស​ពីនេះទៀតនោះ គឺអាចជ្រើសរើសម៉ោងសិក្សាច្រើនវេន រួមមានទាំងវេនព្រឹក រសៀល និង​យប់​ចាប់ពីថ្ងៃចន្ទ ដល់សុក្រ និងសៅរ អាទិត្យ ដែលសុ​ទ្ធ​សឹង​តែ​ជា​ពេល​វេលា​ល្អ​សម្រាប់​ពលរដ្ឋ​ដែល​ជា​អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចសិក្សាបាន។ទន្ទឹមនេះ ក្រុមពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានសម្តែងការអរគុណ និង​ដឹង​គុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់មកលើពលរដ្ឋ ជាពិសេស​អ្នក​ប្រកប​របរសេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកតាម​រយៈ​ការ​ដាក់​ចេញ​នូវ​កម្ម​វិធី​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ជា​ច្រើន ជាពិសេសនៅក្នុងអាណត្តិទី៧នេះ ដែលមានទាំង​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ (TVET) សិក្សាដោយឥតគិតថ្លៃ។សូមបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់​យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (កម្មវិធី TVET 1.5M) មាន​អ្នក​ស្នើ​ចុះ​ឈ្មោះដើ​ម្បីចូលរៀនជំនាញមានចំនួនជាង ១១ម៉ឺន ៣ពាន់នាក់។ ក្នុងនោះ សិស្សកំពុងសិក្សា និង​បានបញ្ចប់មានចំនួនជាង ៧ម៉ឺននាក់ យុវជនគោលដៅចំនួនជាង ៣ម៉ឺននាក់ និង​កំពុ​ង​ចុះ​កម្ម​សិក្សា​ចំនួនជាង ២ពាន់នាក់ យុវជនគោលដៅចំនួនជាង ១ពាន់នាក់។ ដោយឡែក ចំនួន​សិស្ស​ដែល​បាន​បញ្ចប់ការសិក្សាមានចំនួនជាង ៣ម៉ឺន ២ពាន់នាក់ ក្នុងនោះ យុវជនគោលដៅចំនួនជាង ១ម៉ឺន ៣ពាន់នាក់ និងចំនួនសិស្សដែលទទួលបានការងារធ្វើមានចំនួនជាង ១ម៉ឺន ៥ពាន់នាក់ ក្នុង​នោះយុវជនគោលដៅចំនួនជាង ៧ពាន់នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ប្រជារាស្រ្ដថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា

2025/05/14 12:04:46 pm        205
ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥នេះ ជាថ្ងៃនៃពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសព្រះពិធីបុណ្យចម្រើនព្រះជន្មនេះដែរ ប្រជានុរាស្ត្រខ្មែរ ក៏បានបង្ហាញ ទឹកចិត្ត គោរព ស្រឡាញ់ និងថ្វាយព្រះពរដល់ព្រះករុណាព្រះមហាក្សត្រផងដែរ។ ថ្ងៃនៃពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ជាថ្ងៃឈប់សម្រាកសម្រាប់ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសផងដែរ។ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះ ប្រជាពលរដ្ឋមួយចំនួនក៏បានមកកម្សាន្ត ជាលក្ខណៈគ្រួសារនៅមុខព្រះបរមរាជវាំងផងដែរ។ ស្របពេលដើរកម្សាន្ត ផ្តិតយករូបភាពមួយចំនួននាព្រឹកនេះ ពួកគាត់បានបង្ហាញនូវក្ដីរីករាយ ក្ដីគោរពស្រឡាញ់ចំពោះព្រះមហាក្សត្រ និងភ្ជាប់ជាមួយការថ្វាយព្រះពរដល់ព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្ម។ទន្ទឹមនឹងការថ្វាយព្រះពរនេះដែរ ពួកគាត់ក៏សូមអរព្រះគុណ ដល់ព្រះអង្គដែលតែងមានព្រះហឫទ័យសណ្ដោសប្រណីគិតគូដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ និងតែងមានការផ្ដល់ជូននូវព្រះរាជអំណោយជួយដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិនានា។ក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីម្សិលម៉ិញក៏ទទួលបានរាជានុញ្ញាតរៀបចំពិធីថ្វាយព្រះពរ នៅមុខព្រះមបរមរាជវាំងផងដែរ។ រីឯក្រសួងស្ថាប័នទាំងអស់ ក៏បានបង្ហោះនូវសារថ្វាយព្រះអង្គផងដែរ៕ អត្ថបទ៖ គឹមហុក

ក្រសួងឧស្សាហកម្មកំពុងជំរុញធ្វើសមាហរណកម្មទិន្នន័យ SME គាំទ្រដល់ការរីកចម្រើនក្នុងវិស័យនេះ

2025/05/14 11:53:42 am        130
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងជំរុញការធ្វើសមាហរណកម្មទិន្នន័យ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងសេវាគាំទ្រសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមាន ប្រសិទ្ធិភាព។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សា ការរៀបចំកំណត់បន្ទាត់មូលដ្ឋាន និងចំណុច ដៅនៃសូចនករ សមិទ្ធកម្មគន្លឹះ ក្នុងក្របខណ្ឌតាមដានពិនិត្យ និងវាយតម្លៃអនុវត្តយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ក្នុងគោលដៅ ដើម្បីជំរុញ កិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោល នយោបាយ និងសេវាគាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែមានប្រសិទ្ធិភាព។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានមធ្យោបាយ និងឧបករណ៍ឌីជីថល សម្រាប់ចុះបញ្ជីសហគ្រាសធុន តូច និងមធ្យមស្រាប់ តាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX ។ បញ្ហានេះ គោលដៅរបស់ រាជរដ្ឋាភិបាល គឺបានសម្របសម្រួលឱ្យមានច្រករួមមួយ សម្រាប់ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ហើយទិន្នន័យនឹងត្រូវបាន ចែករំលែកទៅក្រសួង-ស្ថាប័នជំនាញវិញ ព្រមទាំងអនុញ្ញាតឱ្យមានលំហូរ ទិន្នន័យស្វ័យប្រវត្តិសម្រាប់រាជរដ្ឋាភិបាលផងដែរ។ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងបន្ថែមថា ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យបានជោគជ័យ គឺត្រូវធ្វើ សមកាលកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យម ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដោយផ្តោតលើសហគ្រាស ដែលកំពុងដំណើរ ការ។ បញ្ហានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានប្រគល់ភារកិច្ចក្នុងការសម្របសម្រួល ទិន្នន័យ សហគ្រាសធុនតូច និងមធ្យម (សូចនាករទី៣០) សម្រាប់ក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល។សូមបញ្ជាក់ថា ជុំវិញសហគ្រាសធុនតូច និងមធ្យមនេះ កម្ពុជាបានជំរុញការចុះបញ្ជីដល់សហគ្រាសធុនតូច និងមធ្យម គឺបានអនុវត្ត ទៅតាមក្រសួងជំនាញនីមួយៗ ដោយបានគាំទ្រលើផ្នែកបច្ចេកទេស និងការអនុវត្តនីតិវិធីផ្សេងៗ របស់ក្រសួងស្ថាប័នទាំងនោះ ដើម្បី ជំរុញដល់ការរីកចម្រើននៅក្នុងវិស័យនេះ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ៩,១ ពាន់លាន​ដុល្លារ​អាមេរិក

2025/05/14 11:35:20 am        297
កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារ ដែលជាប្រទេសដៃគូ នៅក្នុងរយៈពេល ៤ ខែ ក្នុង​ឆ្នាំ​២០២៥នេះ មានទំហំទឹកប្រាក់ ប្រមាណ ៩,១ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៤ ភាគ​រយ ធៀបនិងឆ្នាំ២០២៤ បានគាំទ្រដោយប្រភេទទំនិញសំខាន់ៗ ជាច្រើន។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញស្ថិ​តិ​ពាណិជ្ជ​កម្ម ​នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ៤ ខែ ឆ្នាំ​២០២៥ នេះ ការនាំចេញមុខទំនិញរបស់កម្ពុជា មានទំហំ ទឹកប្រាក់សរុបជាង ៩,១ ពាន់​លាន​ដុល្លារ​អាមេរិក មានកំណើនកើនឡើងជាង ១៤ ភាគរយ ខណៈការនាំចេញ ក្នុងរយៈពេលដូចគ្នា ឆ្នាំ​២០២៤ មានទឹកប្រាក់ត្រឹម ៨ ពាន់លានដុល្លារប៉ុណ្ណោះ។ ការនាំចេញនេះបានគាំទ្រដោយទីផ្សារសំខាន់ៗដូចជា៖ ទីផ្សារសហរដ្ឋ អាមេរិក, វៀតណាម, ជប៉ុន, កាដាណា, អេស្បាញ និងអង់គ្លេសជាដើម។ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា បច្ចុប្បន្នពិភពលោកមិនទាន់មានភាពប្រាកដប្រជា នៅឡើយដូចជា ភាពតាន់តឹងភូមិសាស្រ្តនយោបាយ, ការអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន និងសង្គ្រាមពាណិជ្ជកម្មជាដើម បាន កំពុងហ៊ុមព័ទ្ធដោយហានីភ័យ។ ស្ថិតក្នុងស្ថានភាពនេះ ការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា បាននិងកំពុងបន្តកំណើននាំ ចេញល្អប្រសើរ, ដែលការណ៍នេះ បានបង្ហាញឱ្យឃើញពីការរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដាក់ចេញនូវគោលនយោ បាយ, យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ច្បាស់លាស់ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។ សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់ សរុបជាង ១៩,៥ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៧ ភាគរយ បើធៀបនិងឆ្នំា២០២៤ ក្នុងនោះការនាំចេញ ទំនិញ របស់កម្ពុជាមានទឹកប្រាក់ជាង ៩,១ ពាន់លានដុល្លារ កើនជាង ១៤ ភាគរយ ដោយគាំទ្រប្រភេទទំនិញជាច្រើនដូចជា៖ ការនាំចេញ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់, ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំ, ស្បែក ជើងនិងស្រោមជើង, កៅស៊ូនិងផលិតផលធ្វើពីកៅស៊ូ, គ្រឿងសង្ហារឹម, ផ្លែឈើ និងគ្រាប់ពីផ្លែឈើ និងមានប្រភេទទំនិញជាច្រើន ទៀត បានគាំទ្រដល់កំណើននៃការនាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យ​កសិឧស្សាហកម្ម​នៅ​កម្ពុជា​ដែល​កំពុ​ងមានការ​ខ្វះខាត

2025/05/14 11:13:16 am        212
នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយក​ប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជ​ធានី​ភ្នំពេញ​។ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន និងគណៈប្រតិភូ ដែលបាន​អញ្ជើញ​មក​ទស្សន​កិច្ចនៅកម្ពុជានាពេលនេះ។ សម្ដេចក៏អរគុណដែរចំពោះប្រតិភូជប៉ុន ដែល​បាន​ចាប់​អារម្មណ៍​ចំពោះ​ការវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម។សម្ដេចរំ​ពឹងថា តាមរយៈ​ដំណើរ​ទស្សន​កិច្ច​មក​កាន់​ប្រទេស​កម្ពុជា​នាពេល​នេះ​នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគ ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ទាញ​យក​នូវផលប្រយោជន៍ តាមរយៈការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​អស់​ពី​សក្ដា​នុពល។នៅក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បាន​សម្ដែង​នូវ​ការ​អរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និង​ប្រតិភូ​ជួប​សម្ដែង​ការ​គួរ​សម​ក្នុង​ពេល​នេះ ហើយលោកបានចាប់អារម្មណ៍ទៅលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹម​នឹង​នោះ​លោកបា​ន​រំលេច​អំពី​សក្ដា​នុពល​កសិកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​កម្ពុជា​អាច​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ និងអាចរៀនសូត្របាន។ លោកបានលើកឡើងថា ជប៉ុនបាន​ធ្វើ​កសិកម្ម​តាម​បែប​ឆ្លាត​វៃ ពោលគឺការធ្វើកសិកម្មពឹងផ្អែកទៅលើបច្ចេកវិទ្យា។ ចំណុចនេះ លោកសង្ឃឹមថា តាម​រយៈក្រុមហ៊ុនលោកនឹងអាចជួយសម្របសម្រួល ក្នុង​ការ​បណ្ដុះ​ធន​ធាន​មនុស្ស​កម្ពុជា​បន្ថែម​ទៀតពី​វិស័យ​កសិកម្មឆ្លាតវៃរបស់ជប៉ុនមកដល់កម្ពុជា។លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នឹងអាចមានដំណើរ​ទស្សន​កិច្ច​ពី​មន្រ្ដី​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ស្វែង​យល់​អំពី​ទិដ្ឋភាព​នៃ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​ហើយ​យកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ បា​ន​ស្នើ​សុំ​ការចង្អុលបង្ហាញពីសម្ដេចតេជោ អំពីឱកាសក្នុងការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។ជា​ការឆ្លើយតប សម្ដេចតជោ បានរំលេចឡើងថា កម្ពុជា ចាប់ពីឆ្នាំ ១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន​ ដោយសម្ដេចបានលើកឡើងថា កម្ពុជាកាល​ពី​អតីត​កាល​វិស័យ​កសិកម្ម​មាន​ភាព​អន់​ថយ​ ហើយពីមុនកម្ពុជាខ្វះស្បៀងផលិតត្រឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ ប៉ុន្ដែ​ក្រោយ​ពី​មាន​ការ​ធ្វើកំណែទម្រង់ជាបន្តបន្ទាប់តាំងពីសម្ដេចនៅជានាយករដ្ឋមន្រ្ដី កម្ពុជា​បាន​ប្រែខ្លួ​ន​ពី​ប្រទេស​ដែល​ខ្វះស្បៀង ផលិតស្បៀងសម្រាប់តែផ្គត់ផ្គង់ក្នុងប្រទេស ក្លាយជា​ប្រទេស​ដែល​មាន​ស្បៀង​បបូរ និងអាចនាំចេញទៅក្រៅប្រទេសថែមទៀត។ទន្ទឹមនឹងនេះ សម្ដេចតជោបានលើកឡើងថានូវចំណុចខ្វះខាតដែលកម្ពុជាត្រូវតែបំពេញ និង​អភិវឌ្ឍ​បន្ថែម គឺការកែច្នៃ ដោយបច្ចុប្បន្នដោយសារតែកំណើននៃការផលិតនៅក្នុងប្រទេសកម្ពុជា មាន​ការកើន​ឡើង​ច្រើន​កម្ពុជា​បាន​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ដែល​ជា​វត្ថុ​ធាតុ​ដើម​ទៅ​លក់​នៅ​ក្រៅ​ប្រ​ទេសដែលធ្វើឱ្យកម្ពុជាខាតបង់នូវផលប្រយោជន៍។សម្ដេច​តេជោរំលេចថា បើក្រុមហ៊ុន​ជប៉ុន​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​វិនិយោ​គ​បន្ថែម​កសិ​ឧស្សា​ហកម្ម​ ពោលគឺការកែច្នៃវត្ថុធាតុដើមនៅក្នុងប្រទេសកម្ពុជាសម្រាប់នាំចេញនោះ គឺជា​ចំណុច​ខ្លាំង​មួយដែ​ល​អាចអនុញ្ញាតឱ្យកម្ពុជាពង្រីកខ្លួននៅក្នុងការនាំចេញផលិតផល និង​ទាញ​យក​ផល​ចំណេញ​បាន​ច្រើន ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។ សម្ដេចលើកឧទាហរណ៍ដូចជាដំណាំស្រូវ និង​ស្វាយចន្ទី ដែលជាដំណាំសក្ដានុពលរបស់កម្ពុជា ប៉ុន្ដែ​កម្ពុជា​បាន​នាំ​វត្ថុ​ធាតុ​ដើម​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដោយកង្វះខាតនូវការ​វិនិយោគ​លើ​ការ​កែច្នៃនៅក្នុង​ប្រទេស​ដើម្បី​នាំ​ចេញ​ដោយ​ខ្លួន​ឯង​។ ដូច្នេះ​សម្ដេច​ចង់​ឱ្យ​អ្នក​វិនិយោគ​ជប៉ុនចា​ប់​អារម្មណ៍​លើ​វិស័យ​កសិ​ឧស្សា​ហកម្ម​នៅ​កម្ពុជា​ឱ្យ​មាន​ការ​កើនឡើង។ សម្ដេចតេជោសង្ឃឹមថា សម្រាប់ការងារបច្ចេកទេសបន្ថែម ភាគីជប៉ុន និង​រាជ​រដ្ឋាភិបាល​ជាពិសេសខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័ន​ជំនាញ​នៅ​ក្នុង​វិស័យ​នេះ​ដើម្បី​ធ្វើកិច្ចសហការជាមួយគ្នា។ ក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បានបង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍ ពីការលើកឡើងរបស់សម្ដេចតេជោ ចំពោះការវិ​និយោគ​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោកលើកឡើងថា តាមរយៈដំណើរមកកាន់ប្រទេសកម្ពុជា ភាគីក្រុម​ហ៊ុ​ន​របស់​លោក​នឹង​សិក្សាបន្ថែម ហើយជជែក​ជាមួយ​រាជ​រដ្ឋាភិបាល​ថា​តើ​ក្រុម​ហ៊ុន​របស់​លោក​អាច​នឹង​វិនិយោគ​ទៅ​លើវិស័យអ្វីផលិតកម្មអ្វីសំខាន់សម្រាប់វិស័យកសិកម្មនេះ។ លោកក៏បាន​សន្យា​ជួយ​ជំរុញ​វិនិយោគិនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ជា​ពិសេស​នៅក្នុង​វិស័យកសិកម្មនេះឱ្យបានច្រើន៕

ឯកឧត្តម ជា ធីរិទ្ធ៖ អាណត្តិរបស់សម្ដេចតេជោ កំពុងជំរុញការងារការទូតសភា និង​ការងារ​សមាជិក​ព្រឹទ្ធសភាជាមួយ​អង្គបោះឆ្នោតនៅមូលដ្ឋាន

2025/05/14 11:01:32 am        203
ភ្នំពេញ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ប្រាប់ BTV ថា ក្នុង​អាណត្តិ​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណា​ច​ក្រ​កម្ពុជា​ សម្ដេចកំពុងជំរុញលើកិច្ចការងារចំនួនពីរសំខាន់ គឺទី១ ការងារការទូតសភា និងទី២ ជំរុញ​ការ​ងារ​រវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់​នៅ​មូល​ដ្ឋាន​ដោយ​ផ្ទាល់។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា នៅ​ក្នុង​អាណត្តិ​របស់​សម្ដេច​តេជោ ​ហ៊ុន សែន ជាប្រធានព្រឹទ្ធសភានេះ ចំណុចទី១ សម្ដេចតេជោ បានដាក់​ចេញ​នូវ​ទិស​ដៅ​យុទ្ធ​សាស្រ្ដ​ជំរុញ​សភាកាទូត។ នៅក្នុងសភាកាទូតនេះទាំងរដ្ឋសភា និងព្រឹទ្ធសភា ប៉ុន្ដែ​ក្នុង​ក្រប​ខណ្ឌ​សម្ដេច​តេជោ សម្ដេចបានជំរុញទៅលើការទូតព្រឹទ្ធសភា ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ថាប័ន​ព្រឹទ្ធ​សភា ​ជាពិសេសសម្ដេចតេជោផ្ទាល់ និងចូលរួម​ចំណែក​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​បន្ថែម​ស្រប​ទៅ​នឹង​គោល​នយោបាយរាជរដ្ឋាភិបាលដែលមានស្រាប់។ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា សម្ដេចតេជោ បានជំរុញលើការងារការទូតសភានេះខ្លាំងណាស់ ខណៈ​បច្ចុប្បន្នក្នុងឱកាសសម្ដេចតេជោជួបជាមួយភ្ញៀវបរទេស ដែលបានមកស្នើសុំជួបពិភាក្សា និង​ស្នើ​សុំយោបល់ជាដើម សម្ដេចតែងតែយកឱកាសនេះសម្រាប់ជំរុញនូវសភាការទូតបន្ថែម។ឯកឧត្តម​បានបញ្ជាក់បន្ថែមថា ហើយនៅក្នុងអាណត្តិរបស់សម្ដេចតេជោនៅដើមខែមិថុនា ខាង​មុខ​នេះ នឹងមានសមាជព្រឹទ្ធសភា និងរដ្ឋសភា​ដែល​ជា​គំនិត​ផ្គួច​ផ្ដើម​របស់​សម្ដេច​តេជោដើ​ម្បី​ឱ្យ​រដ្ឋសភា និងព្រឹទ្ធសភា ធ្វើយ៉ាងណាបង្ហាញអំពីតួនាទីរបស់ស្ថាប័ន នីតិប្បញ្ញត្តិ ក្នុង​ការ​ផ្ដល់​យោបល់ និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។ចំណែក​ចំណុចទី២ សម្ដេចតេជោ បានជំរុញការងាររវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែល​ជា​សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ឱ្យមានគណនេយ្យភាពរវាងស្ថាប័ននីតិប្បញ្ញត្តិ ព្រឹទ្ធសភា ជា​មួយ​អង្គបោះឆ្នោត មានន័យថា សមាជិក​ព្រឹទ្ធសភា​ត្រូវ​ទៅ​ធ្វើ​ការ​នៅ​មូល​ដ្ឋាន​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែលបានបោះឆ្នោតឱ្យព្រឹទ្ធសភា ត្រូវចុះទៅមូលដ្ឋានមើលទុក្ខធុរៈរបស់ពួកគាត់ តើ​ពួក​គាត់​ជួបបញ្ហាអ្វីខ្លះ ពួកគាត់បានឮបញ្ហាពីប្រជាពលរដ្ឋមកយ៉ាងណា ហើយស្វែង​រក​ដំ​ណោះ​ស្រាយ​។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយ​លទ្ធផល ៦២សម្លេង លើ ៦២សម្លេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​ត្រូវ​បាន​ព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស សម្ដេចតេជោ ជា « ប្រធានព្រឹទ្ធសភា » នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា ក្នុងនីតិកាលទី៥ ដោយលទ្ធផល ៦២សម្លេង លើ ៦២សម្លេង នាថ្ងៃទី៣ ខែ​មេសា ឆ្នាំ២០២៤នេះ៕

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ញើសារលិខិតរំលែកមរណទុក្ខក្រុមគ្រួសារពលករខ្មែរពីរនាក់ទៀតដែលទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ

2025/05/14 09:57:06 am        295
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ លោក សុក សាន់ និងលោកស្រី ហង់ ថេត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោក សាន់ សឿន ត្រូវជាកូន ដែលបានទទួលមរណភាពក្នុងអាយុ ៣៨ឆ្នាំ ក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។តាមរយៈសារលិខិត សម្ដេចធិបតី នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តយ៉ាងខ្លាំង ដោយទទួលដំណឹងថា លោក សាន់ សឿន ត្រូវជាកូនរបស់ លោក និងលោកស្រី ដែលបានទទួលមរណភាពក្នុងអាយុ ៣៨ឆ្នាំ នៅក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានចូលរួមរំលែកទុក្ខប្រកបដោយ សេចក្តីសង្វេគអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់កូនជាទីស្រលាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចំពោះឪពុកម្តាយ ជីដូន ជីតា និងញាតិមិត្តជាទីស្រលាញ់។ជាមួយគ្នានេះ សម្ដេចធិបតី និងភរិយា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក សាន់ សឿន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា យោងតាមលទ្ធផលនៃ ការពិនិត្យកោសល្យវិច័យ DNA របស់វិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា សពពិតជាឈ្មោះ លោក សាន់ សឿន អាយុ ៣៨ឆ្នាំ និងឈ្មោះ លោកស្រី សុខ គឹមសី អាយុ ៣១ឆ្នាំ បានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រាកដមែន។ ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯក អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុងសម្របសម្រួលរៀបចំឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ដើម្បីយកសពមកធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកកំណើត ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។ក្រសួងបញ្ជាក់ថា ចាប់តាំងពីថ្ងៃកើតមានគ្រោះរញ្ជួយដីនៅប្រទេសថៃ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីកំណត់អត្តសញ្ញាណពលករខ្មែរដែលបាត់ខ្លួន និងបានផ្តល់ការគាំពារ ទាន់ពេលវេលាដល់ក្រុមគ្រួសារបងប្អូនពលករខ្មែរដែលបានទទួលមរណភាព និងរងរបួសដោយសារគ្រោះ មហន្តរាយធម្មជាតិនេះ៕

អគ្គនាយកដ្ឋានគយ និងរដ្ឋាករណែនាំដល់មន្រ្ដីគយឱ្យពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់

2025/05/14 09:29:22 am        295
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំដល់ប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករឱ្យពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ ដើម្បីបញ្ចៀសការនាំចូលទុរេនមានសារធាតុគីមីអាចបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ដើម្បីចូលរួមទប់ស្កាត់ ផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ណែនាំបណ្តោះអាសន្នដល់លោកលោកស្រី ប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ៖១. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ជាធរមាន ដូចយោងខាងលើ ដោយការនាំចូលផ្លែទុរេនត្រូវអមភ្ជាប់ជាមួយប្រតិវេទន៍គយនូវវិញ្ញាបនបត្រភូតគាមអនាម័យ។២. ត្រូវចាត់ចែងការដកសំណាកគម្រូតាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗ ដើម្បីស្នើសុំ កិច្ចសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ (ក.ប.ប.) ធ្វើការវិភាគ។ ក្នុងករណីនេះ ទំនិញនាំចូលអាចត្រូវបានអនុញ្ញាតដឹកជញ្ជូនទៅគម្យដ្ឋាន ក្នុងប្រទេសបន្ទាប់ពីបានបំពេញបែបបទបញ្ចេញទំនិញពីគយរួច ដោយអ្នកនាំចូលត្រូវបញ្ជាក់ជូនមន្ត្រី គយមានសមត្ថកិច្ចឱ្យបានច្បាស់លាស់នូវទីតាំងគម្បដ្ឋាននៃការដឹកជញ្ជូន ចែកចាយក្នុងប្រទេស។៣. ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា “ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព ឬ “ខូចគុណភាព” ត្រូវចាត់ចែងប្រមូលឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើត ចាត់វិធានការបន្តពី អគរ។៤. ត្រូវចាត់វិធានការតាមដានទប់ស្កាត់ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់តាមច្រក របៀងក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM