ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

UNAIDS កោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោរបស់កម្ពុជា​ ក្នុង​ការឆ្លេីយតបទៅនឹងមេរោគអេដស៍​ និងជំងឺអេដស៍

2025/05/13 05:02:32 pm        104
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Winnie Byanyima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។  ក្នុងឱកាសនៃជំនួបនេះ, លោកជំទាវ Winnie Byanyima បានសម្តែងការកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោជាច្រើនរបស់កម្ពុជា។ លោកជំទាវអគ្គលេខាធិការរង បានកោតសរសើរ​ ជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍។ លោកជំទាវបានបន្តថា កម្ពុជាបានសម្រេចគោលដៅសកលចំនួន ២ ជាមួយលទ្ធផល​ ៩២-១០០-៩៨ ក្នុងចំណោមគោលដៅសកលទាំងបី ៩៥-៩៥-៩៥ (​៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ត្រូវបានគេធ្វើរោគវិនិឆ្ឆ័យ និងដឹងអំពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នកជំងឺផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយ ART, និង៩៥% នៃអ្នកជំងឺផ្ទុកមេរោគអេដស៍ ដែលកំពុងទទួលការព្យាបាលដោយ ART មានបន្ទុកមេរោគត្រូវបានបង្ក្រាប)​ របស់អង្គការសហប្រជាជាតិ និងបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីជាបន្តបន្ទាប់។ លោកជំទាវ Winnie Byanyima បានគូសបញ្ជាក់ថា លទ្ធផលជោគជ័យរបស់កម្ពុជាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ មិនត្រឹមតែបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់​ និង​ ជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺឆ្លងនានា។ បន្ថែមលើនេះ, លោកជំទាវអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលជាប្រទេសមួយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តប្រកបដោយមហិច្ឆតាលើការងារប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍។ លោកជំទាវបានបញ្ជាក់ជាថ្មីថា UNAIDS នឹងបន្តគាំទ្រកម្ពុជាបន្ថែមទៀត ដើម្បីឈានទៅសម្រេចផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ហើយអង្គការសហប្រជាជាតិនឹងបន្តភាពជាដៃគូជាមួយកម្ពុជា ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណអង្គការសហប្រជាជាតិ ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ UNAIDS ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា។ សម្តេចបវរធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍តាមរយៈការដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាច្រើន​ ហេីយថ្មីៗនេះ កម្ពុជាទើបតែបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ សម្តេចបវរធិបតី បានលើកឡើងថា៖ កម្ពុជាបានយកចិត្តទុកដាក់លើការកាត់បន្ថយអត្រាឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដោយគិតចាប់ពីឆ្នាំ១៩៩៦មក អត្រាឆ្លងមេរោគអេដស៍បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។សម្តេចបវរធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតអាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាល ជាពិសេសការលេីកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល, កសាងហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេសការពង្រឹងសមត្ថភាព​មណ្ឌលសុខភាព​ ដេីម្បីពង្រីកសេវាសុខាភិបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ។ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា «នៅពេលដែលយើងនិយាយពីការកសាងមូលធនមនុស្ស យើងត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋ»។ក្នុងជំនួបនោះដែរ, សម្តេចបវរធិបតី បានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយ UNAIDS ដើម្បីបន្តពង្រឹងវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេស ពង្រឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ សម្តេចបវរធិបតី បានលើកទឹកចិត្តដល់ UNAIDS ឱ្យបន្តភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីរួមគ្នាបន្តសម្រេចគោលដៅក្នុងការឆ្លេីយ​តប​ទៅនឹង​គោលដៅសកលទាំងបី​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ឆ្លើយតប​ទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍៕

ជំហានដំបូងអាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំប្រព័ន្ធលូ ដើម្បី​បញ្ចៀស​ការជន់លិចជំនន់ទឹកភ្លៀង ក្នុងក្រុងប៉ោយប៉ែត

2025/05/13 04:45:24 pm        107
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ផ្តល់លូ​ជំហានដំបូង១៥០កង់ ដើម្បីរៀបចំប្រព័ន្ធលូ​បញ្ចៀសពីការជន់លិចជំនន់ទឹកភ្លៀង នៅក្រុងប៉ោយប៉ែត ។ ឯកឧត្តម​អភិបាលខេត្ត​ បានបញ្ជាក់ថា ចំពោះមូលហេតុ​ដែល​បណ្ដាល​ឱ្យ​ទឹកភ្លៀង ហូរលិចលើដងផ្លូវ និងប៉ះពាល់ទៅដល់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត កាលពីពេលកន្លងទៅ គឺដោយសារតែបញ្ហាស្ទះប្រព័ន្ធលូ ។ មួយវិញទៀតបងប្អូន​ប្រជាពលរដ្ឋរៀប​ចំទុកដាក់សំរាមមិនបានត្រឹម ជាហេតុធ្វើ​ឱ្យសំរាមបិទមុខទឹកបណ្តាលឲ្យស្ទះប្រពន្ធ័លូ។ឯកឧត្តម បានជំរុញដល់ក្រុមការងារខេត្ត ​និងក្រុង ​ក៏ដូចជាជំនាញពាក់ព័ន្ធ កំពុង​ធ្វើការសិក្សាលម្អិត ដើម្បីរកប្រភពនៃមុខទឹក ក្នុងការរៀបចំនូវប្រព័ន្ធលូ បញ្ចៀស​ទឹកកុំឱ្យមានការស្ទះទឹក​ដូចពេលកន្លងមក ដែលធ្វើឱ្យជន់លិចលើផ្លូវ ​ប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុង។ នៅថ្ងៃទី១៣ ខែឧសភានេះដែរ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារ​ចុះមូលដ្ឋាន​ក្រុងប៉ោយប៉ែត រួមនឹងលោកអភិបាលក្រុងប៉ោយប៉ែត ​និងក្រុមការងារសង្កាត់ បាននាំយក​អេស្កាវ៉ាទ័រ កាយដាក់លូ នៅតាមទីតាំង ​ផ្លូវទាំង៣ខ្សែ ដែលជាមុខទឹកសំខាន់ក្នុងការ​សម្រួល​ដល់​ចរន្តទឹកហូរបញ្ជូនទឹកបានលឿន។ ជាមួយគ្នានេះដែរក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ​ក៏បានធ្វើការសំណូមពរដល់បងប្អូន​ប្រជាពលរដ្ឋ ​នៅក្នុងក្រុងប៉ោយប៉ែត ត្រូវចូលរួម​ជាមួយនឹងអាជ្ញាធរ ​ពិសេសកុំចោលសំរាមទៅតាមប្រព័ន្ធលូ ​ជាហេតុធ្វើឱ្យកកស្ទះទឹក បណ្តាលឱ្យជន់លិច​លើផ្លូវថ្នល់ និងប៉ះពាល់ដល់ផ្ទះបំបែងបងប្អូនប្រជាពលរដ្ឋ នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ។ ឯកឧត្តម សុំការយោគយល់​ពីបងប្អូនប្រជាពលរដ្ឋ ​ចូលរួម​សហការ​ជាមួយអាជ្ញាធរ ​ក្នុងពេល​គ្រឿង​ចក្រដំណើរ​ការរៀបចំប្រព័ន្ធ ​ប្រសិនបើមានការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សូម​មេត្តា​យោគយល់៕ ឃិនសារិទ្ធ

គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាអនុម័តសេចក្តីស្នើសុំកោះប្រជុំសមាជលើប្រធានបទចំនួន៣

2025/05/13 04:19:19 pm        129
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន សមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដោយមានវត្តមានចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តមគតិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ឯកឧត្តម វង សូត អនុ សូត អនុប្រធានទី២ រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាជំនួយការគណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភាផងដែរ។​ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានអនុម័តយល់ព្រមលើរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាមានចំនួន ៦ សំឡេងនៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។ បន្ទាប់មកអង្គប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវារៈ ដែលមានលទ្ធផលដូចខាងក្រោម៖-របៀបវារៈទី១ អង្គប្រជុំអនុម័តសេចក្តីស្នើសុំកោះប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាដើម្បីពិភាក្សាលើ ប្រធានបទសំខាន់ចំនួន៣ របស់ប្រទេសជាតិ ដែលមាន ប្រធានបទ៖ អំពីប្រព័ន្ធគាំពារសង្គម, ប្រធានបទ៖ អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទ៖ អំពីវិស័យកសិកម្ម។ សំឡេងអនុម័តរបៀបវារៈទី១ មានចំនួន ៦ សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។-របៀបវារៈទី២ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ជូន ឯកឧត្តម យស ផានីត្តា និងឯកឧត្តម ឈាង វុន ដោយសហការជាមួយ លោកជំទាវ មាន សំអាន និងលោកជំទាវ ឡោក ខេង ជាជំនួយ ការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាធ្វើការពិនិត្យ និងសិក្សាហើយធ្វើរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី២ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។-របៀបវារៈទី៣ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជូន ឯកឧត្តម អ៊ុ សារឹទ្ធ និងលោកជំទាវ និន សាផុន ដោយសហការជាមួយ លោកជំទាវ មាន សំអាន លោកជំទាវ ឡោក ខេង ឯកឧត្តម យស ផានីត្តា និងឯកឧត្តម ឈាង វុន ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី៣ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការ សមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។-របៀបវារៈទី៤ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីវិស័យកសិកម្ម ជូន ឯកឧត្តម ម៉ុង ឫទ្ធី និង ឯកឧត្តមសន្តិបណ្ឌិត ឡូយ ណ្ឌិត ឡូយ សុផាត ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី៤ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការ សមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សមាជរដ្ឋសភា និងព្រឹទ្ធសភាជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់មកលើរាជរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃខែកក្កដា ឆ្នាំ២០២៣ កន្លងនេះ៕

“រោងជាងឌីជីថល និងបញ្ញានិម្មិត” តម្លៃ ២លានដុល្លារ បានបើកសម្ពោធជាផ្លូវការនៅវិទ្យាស្ថាន NPIC

2025/05/13 04:15:14 pm        164
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “រោងជាងឌីជីថល និងបញ្ញានិម្មិត” ដែលគិតជាទឹកប្រាក់មានតម្លៃសរុបចំនួនប្រមាណ ២លានដុល្លារ ដែលជាកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនចិន Jiangsu Huibo Robotic Technology Co.,Ltd និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។ ​នៅក្នុងកម្មវិធីនេះ លោក វ័ង ស៊ិនហ័ង (Wang Zhenhua) នាយកប្រតិបត្តិក្រុមហ៊ុន Jiangsu Huibo បានឱ្យដឹងថា រោងជាងឌីជីថលនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) នៅកម្ពុជា តាមរយៈការចែករំលែកធនធានអប់រំវិជ្ជាជីវៈ និងអន្តរប្រតិបត្តិការនៃស្តង់ដារ ជួយឧស្សាហកម្មក្នុងស្រុកធ្វើឲ្យប្រសើរឡើងនៃផ្នែកបញ្ញានិមិ្មត។ លោកបានបន្តថា រោងជាងឌីជីថលនៅកម្ពុជា មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងយុទ្ធសាស្រ្តអន្តរភាវូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអនុវត្តយ៉ាងរស់រវើកនៃការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំចិន-កម្ពុជា ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចសហការនេះ អាចកើតឡើងបានក៏ដោយសារមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។ ឯកឧត្តម បានបន្ថែមថា នៅក្នុងវិស័យអប់រំ ចិនក៏ជាប្រទេសមួយដែលឈាមុខគេក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ដែលតែងតែបានជួយជ្រោមជ្រែងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា តាមយរៈការផ្តល់អាហារូបករណ៍ ព្រមទាំងការចែករំលែកនូវឧបករណ៍សម្ភារៈបណ្តុះបណ្តាល បទពិសោធន៍បច្ចេកទេស និងបច្ចេកវិទ្យា ជូនដល់គ្រូ និងសិស្សនិស្សិតកម្ពុជាផងដែរ។ ជាក់ស្តែង ការបង្កើតឱ្យមានរោងជាងថ្មីនេះ គឺពិតជាបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ពីរដ្ឋាភិបាលចិនចំពោះវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅកម្ពុជា។បើតាមការលើកឡើងរបស់ លោកអនុប្រធានរងក្រុមហ៊ុនខាងលើ ឆុយ សោហ៊ួយ (Cui Xiaohui) បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ធីវ៉េត នេះ គឺជាទំនាក់ទំនងដ៏សំខាន់ រវាងប្រទេសទាំងពីរ ក្នុងការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការបចេ្ចកវិទ្យា។ ដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលចិន និងកម្ពុជា រោងជាងឌីជីថល ប្រាកដជានឹងក្លាយទៅជាស្តង់ដារសម្រាប់អន្តភាវូបនីយកម្ម នៃការបណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យាខ្ពស់របស់កម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ។“រោងជាងឌីជីថល និងបញ្ញានិម្មិត“ នឹងរួមចំណែកដល់ការបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឱ្យកាន់តែមានភាពសំបូរបែប និងភាពទាក់ទាញ តាមរយៈការរួមបញ្ចូលនូវបច្ចេកវិទ្យានិងឧបករណ៍ទំនើបៗ ដើម្បីឱ្យគ្រូនិងសិស្សនិស្សិតទទួលបានូវបទពិសោធន៍ថ្មី និងជាក់ស្តែង ក្នុងការអនុវត្តទ្រឹស្តីបច្ចេកវិទ្យាឆ្លាតវៃទៅលើឧបករណ៍ទំនើប ដែលបង្កើតនូវបរិស្ថានសិក្សាបែបចម្រុះបច្ចេកវិទ្យា ជំរុញដល់ការអភិវឌ្ឍន៍សមត្ថភាព ប្រសិទ្ធភាពនៃការរៀន និងការបង្រៀន៕អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម ឌិត ទីណា ណែនាំអង្គភាពជំនាញសិក្សាបន្ថែម ពីប្រភពជីក្នុងស្រុក ដើម្បីកាត់បន្ថយថ្លៃដើមផលិតដល់កសិករ

2025/05/13 04:12:50 pm        261
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យលើដំណើរការផលិតជីគីមី និងជីសរីរាង្គ នៅទីស្តីការក្រសួង។ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពជំនាញ ត្រូវគិតគូរសិក្សាពីប្រភពជីប៉ូតាស្យូមក្នុងប្រទេសកម្ពុជាស្របតាមស្តង់ដារបច្ចេកទេស ដោយសិក្សាពីលទ្ធភាពនាំចូលជីប៉ូតាស្យូមពីប្រទេសឡាវ ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិត សំដៅផ្ដល់ផលចំនេញ និងជួយឱ្យកសិករទទួលបានតម្លៃបន្ថែមខ្ពស់។លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្នុងការសិក្សាការប្រើប្រាស់ជីគីមី ជីសរីរាង្គ និងជីជីវសាស្រ្ត តាមរយៈការប្រមូលទិន្នន័យប្រៀបធៀបការប្រើប្រាស់ពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងសិក្សាពិនិត្យមើលឃ្លាំងស្តុកជីថ្នាំកសិកម្ម ដែលអាចបង្កហានិភ័យខ្ពស់ផងដែរ៕

ចិន គាំទ្រភាពស្របច្បាប់ និងជួយផ្សព្វផ្សាយពីកម្ពុជា ដើម្បីនាំអ្នកទេសចរណ៍ចិនមកកាន់កម្ពុជាបន្ថែមទៀត

2025/05/13 04:11:17 pm        188
ភ្នំពេញ ៖ ចិន គាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា ហើយចិនក៏និងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។​ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសចិន គាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា ហើយចិនក៏និងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ បន្ថែមពីនេះចិនក៏និងជួយផ្សព្វផ្សាយពីកម្ពុជា ដើម្បីនាំអ្នកទេសចរណ៍ចិន មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ខណៈឯកឧត្តម អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពញ។ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងពីប្រវត្តិនៃការកកើតរបស់រាជធានីភ្នំពេញ និងស្ថានភាពបច្ចុប្បន្នដែលរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយអ្វីដែលសំខាន់នោះ គឺកម្ពុជាមានសន្តិភាពពេញលេញ។ ក្រោមការចង្អុលណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឲ្យមានផ្លូវថ្មើជើង ហើយផ្លូវនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ជាមួយនឹងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរផងដែរ។ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា ប្រទេសកម្ពុជាទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីមិត្តចិន ដោយរាជធានីភ្នំពេញបានស្ថាបនាផ្លូវខ្សែក្រវាត់ទី៣របស់រាជធានីភ្នំពេញ ដែលជាជំនួយរបស់មហាមិត្តចិន និងប្រសិទ្ធនាមផ្លូវនេះជាមហាវិថី ស៊ី ជីនពីង។ ផ្លូវក្រវាត់ក្រុងទី៣នេះ កាត់បន្ថយបាននូវការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែរថយន្តមួយចំនួនត្រូវបានវៀងទៅលើកំណត់ផ្លូវមួយខ្សែនេះ។ ចំណែកថ្នាក់ជាតិវិញ មិត្តចិនក៏បានជួយយ៉ាងច្រើនផងដែរ ជាក់ស្តែងដូចជាគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោជាដើម។ កម្ពុជាបានប្រកាន់ភ្ជាប់នូវគោលនយោបាយចិនតែមួយ ជាទំនាក់ទំនងដែកថែប តាមរយៈទំនាក់ទំនងដ៏ល្អនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើនរបស់ចិន ដើម្បីជួយគ្នាទៅវិញទៅមក ដកស្រង់បទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យមានការអភិវឌ្ឍរីកចម្រើន។ ចំពោះការងារសន្តិសុខសុវត្ថិភាពនៅរាជធានីភ្នំពេញ គឺរក្សាបាននូវសន្តិសុខវត្ថិភាពយ៉ាងល្អ មិនថាកិច្ចការពារសន្តិសុខជូនពលរដ្ឋចិនក៏ដូចជាស្ថានទូតចិននោះទេ។ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា ចិនគឺជាមិត្តល្អមានទំនាក់ទំនងល្អ នៅពេលដែលកម្ពុជាមានបញ្ហាអ្វីមួយចិនតែងតែជួយកម្ពុជាជានិច្ច ជាក់ស្ដែងនៅក្នុងអំឡុង covid-19 ចិនបានជួយវ៉ាក់សាំងមកកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឆ្នាំនេះជាឆ្នាំទេសចរណ៍ ឯកឧត្ដមសូមឲ្យចិនជួយផ្សព្វផ្សាយពីកម្ពុជាឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទេសចរណ៍នៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ឯកឧត្តម វ៉ាង វិនពីន បានថ្លែងនូវការអរគុណចំពោះការយកចិត្តទុកដាក់មើលថែប្រជាពលរដ្ឋចិន ដែលបានមកប្រកបរបរ និងបំពេញការងារនៅភ្នំពេញ ពិសេសនោះ គឺរក្សាបាននៅសន្តិសុខសុវត្ថិភាពយ៉ាងល្អប្រសើរ សំរាប់ទីតាំងស្ថានទូតចិនប្រចាំនៅកម្ពុជា ពិសេសថែមទៀតនោះសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរភ្នំពេញបានរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អបំផុត នៅពេលដែលប្រធានាធិបតីចិន ឯកឧត្ដម ស៊ី ជីនពីង បំពេញទស្សនៈកិច្ចនៅកម្ពុជា។សកម្មភាពនៃការយកចិត្តទុកដាក់ពីសំណាក់កងកម្លាំងនិងអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលប្រធានាធិបតីចិនគឺពិតជាបានបង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងកម្ពុជានិងចិន គឺជាទំនាក់ទំនងមិនធម្មតា តែជាទំនាក់ទំនងពិសេស។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ ឯកឧត្ដមចង់បង្កើតឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតទៅលើវិស័យកសិកម្ម ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ជនជាតិចិនឲ្យមកទេសចរណ៍នៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម វ៉ាង វិនពីន ក៏បានអរគុណផងដែរចំពោះកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយឆ្នាំនេះគឺជាឆ្នាំទី៦៧នៃទំនាក់ទំនងការទូតចិននិងកម្ពុជា៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋបាលរាជធានីភ្នំពេញ និង អ.ដ.ក ចុះ MOU ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និង​ឆាប់រហ័ស នៃការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ

2025/05/13 03:13:11 pm        378
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរ​ជាតិ​ដោះស្រា​យ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ (អ.ដ.ក) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពី​កិច្ច​សហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ លើ ៧ចំណុច សំដៅរួមគ្នា​លើក​កម្ពស់​គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការ​ដោះ​ស្រាយ​វិវាទ​តាម​រយៈ​ការ​សម្រុះ​សម្រួល​ដោះ​ស្រាយ​វិវាទ ក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា។ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក និង​លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នា ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរួមគ្នា លើក​កម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈ​ការ​សម្រុះ​សម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា។ផ្អែកតាមអនុស្សារណៈនៃការយោគយល់គ្នានេះ អ ដ ក និងរដ្ឋបាលរាជធានីភ្នំពេញ និង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្នុងនោះរួមមាន៖ ១.ក្នុងករណី​មាន​ការ​ដាក់​ពាក្យ​ស្នើ​សុំ ពីរដ្ឋបាលរាជធានីភ្នំពេញ អដក នឹងរៀបចំចេញជាកំណត់ហេតុ ព្រមព្រៀង​បញ្ចប់​វិវាទ ក្នុងក្របខណ្ឌនៃ អដក ចំពោះសំណុំរឿងវិវាទទាំងឡាយណា ដែលត្រូវ​បាន​សម្រុះ​សម្រួល​ផ្សះ​ផ្សាប​ញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែល​ស្ថិតក្នុងដែនសមត្ថកិច្ច នៃការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីខេត្ត ។ ២.រដ្ឋបាល​រាជ​ធានី​ភ្នំពេញ អាចបញ្ជូនសំណុំរឿងវិវាទដែលទទួលបាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី​ដាក់​ជូន អដក ពិនិត្យ និងដោះស្រាយនៅ អ ដ ក ។ ៣.រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់​កិច្ច​សហការ ជូនដល់ អដក ក្នុងការចុះមកដោះស្រាយវិវាទដែលកើតមាន ក្នុងមូលដ្ឋានរបស់ខ្លួន។៤.​រដ្ឋ​បាលរាជធានីភ្នំពេញ នឹងផ្តល់កិច្ចសហការ ក្នុងការផ្តល់នូវទិន្ន័យ ពាក់ព័ន្ធ​នឹង​ការ​ដោះ​ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ជូន អដក ដើម្បី អដក មាន​មូល​ដ្ឋាន​ច្បាស់លាស់ និងត្រឹមត្រូវក្នុងការៀបចំ ជាគោលនយោបាយ និងផែនការយុត្តិសាស្ត្រ ដាក់​ជូនរាជរដ្ឋាភិបាល ។ ៥. រួមសហការគ្នា ក្នុងការពង្រឹង និងលើកកម្ពស់ ការផ្សព្វ​ផ្សាយ​អំពី​អត្ថ​ប្រយោជន៍ នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សា​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលារ​ឱ្យ​បាន​ទូលំ​ទូលាយ ។ ៦. រួមសហការគ្នាក្នុងការៀបចំកិច្ចប្រជុំ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល ឬ​ព្រឹត្តិការណ៍នានា ទាក់ទងនឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ។ ៧. អនុវត្ត​សកម្មភាពចាំបាច់ផ្សេងទៀត តាមការព្រមព្រៀងគ្នារបស់គូភាគី ។ក្នុងឱកាសនោះ លោក កើត ឆែ បានលើកដែរថា រាជរដ្ឋាភិបាល ក្នុងនិតិកាលកន្លងមក ក្រោម​ការ​ដឹក​នាំ​ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសបនិងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភា តែងបានតាសតឿនក្រើនរំលឹក ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជ​ការ គ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទ ក្នុងដែនសមត្ថកិច្ច គឺកុំ​បណ្តោយ​ឱ្យ​កំទេចភ្លើង បង្កជាអគ្គីភ័យ ដែលមានន័យ​ប្រៀប​ប្រដូច​ទៅ​នឹង​វិវាទ​តូច​តាច​ក្នុង​មូល​ដ្ឋាន​បើគ្មានការយកចិត្តទុកដាក់។បន្ថែមលើនេះ លោក កើត ឆែ បានបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោម​ការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានដាក់ចេញ នូវកម្មវិធីនយោបាយ និង​យុទ្ធ​សាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និង​ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង៥ រួមមាន ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះ «ការពង្រឹង និងលើកកម្ពស់គុណភាព និង​ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌» ត្រូវបានកំណត់ជាអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមវិធានការគន្លឹះទាំង៥ សំដៅសម្រេចឱ្យបាននូវការងារជាអាទិភាព គឺការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួល ដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន៕

លោកជំទាវ ភឿង សកុណា អញ្ជើញ អធិបតីពិធីបិទ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដល់យុវជន ខណៈសិស្សចំនួន ១១១ នាក់ទទួលបានលទ្ធផលសិក្សាដោយជោគជ័យ

2025/05/13 03:01:23 pm        383
ភ្នំពេញ៖ នៅថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤- ២០២៥ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៥- ២០២៦។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ មានការចែកជូនបណ្ណសរសើរចំពោះគ្រូជំនាញដូនតាចំនួន៥រូប និងវិញ្ញាបនប័ត្រជូនដល់សិស្សដែលបានបញ្ចប់វគ្គសិក្សាឆ្នាំ២០២៤-២០២៥ចំនួន៦២រូប។ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចមហាបវរធិបតី នាយករដ្ឋមន្រ្តី សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។ដើម្បីចូលរួមអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាអនុលោមតាមគោលនយោបាយជាតិវិស័យវប្បធម៌ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលផ្តល់អាទិភាពជាចម្បងក្នុងការអភិរក្ស ថែរក្សា និងលើកស្ទួយមរតកវប្បធម៌ជាតិ ឲ្យសិ្ថតស្ថេរគង់វង្ស ដើម្បីពង្រឹងអត្តសញ្ញាណនិងកិត្យានុភាពជាតិ ព្រមទាំងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របពេលលើកតម្កើនសុខុមាលភាព ជីវភាព និងបង្កើនចំនួនអ្នកបន្តវេនមរតកវប្បធម៌ជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំដាក់ឲ្យដំណើរជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២៤-២០២៥ បើកដំណើរការនៅក្នុងខេត្តចំនួន៦ ទីតាំងចំនួន១១ ថ្នាក់ចំនួន១៣ ជំនាញចំនួន៨ មានដូចជា៖ ខ្មុកស្មាច់, ចម្លាក់ថ្ម, ចម្លាក់ស្មិត, ចម្លាក់ស្បែក, តម្បាញក្រមាពណ៌ត្រុំ, តម្បាញសូត្រ និងស្មូនឆ្នាំង។ សិស្សចំនួន ១១១ នាក់ទទួលបានលទ្ធផលសិក្សាដោយជោគជ័យក្រោយពីការចុះវាយតម្លៃយ៉ាងល្អិតល្អន់របស់លេខាធិការដ្ឋានជំនាញវិជ្ជាជីវៈដូនតា ទៅតាមទីតាំងបណ្តុះបណ្តាលនីមួយៗ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំបើកដំណើរការថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនវគ្គ២ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ចំនួន២០ថ្នាក់៕

សហគ្រិនស្រ្តីនៅកម្ពុជា បានកំពុងចាប់យកបច្ចេកវិទ្យាឌីជីថល​សម្រាប់ដំណោះស្រាយធ្វើអាជីវកម្ម

2025/05/13 02:30:16 pm        452
សហគ្រិនស្រ្តីនៅកម្ពុជា បាននិងកំពុងផ្លាស់ប្តូរឥរិយាបថ លើការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម នៃការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ជាដំណោះស្រាយនៅក្នុងការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាបណ្តើរៗ។លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីសហគ្រិនស្រ្តី និង វិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជានេះថា ជុំវិញផលិតផលក្នុងស្រុក ពីមួយឆ្នាំទៅមួយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈដែល កម្ពុជាមានដៃគូរជាច្រើន ក្នុងការកសាងសមត្ថភាព ចំណេះ និងជំនាញ ជាពិសេសនៅលើគុណភាព និងកម្រិតស្តង់ដារនៃការផលិត ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានផ្តល់នូវផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាផ្សេងៗ ខណៈដែល ក្រសួងពាណិជ្ជកម្ម ក៏បានខិតខំជួយត្រួសត្រាយផ្លូវ ផ្តល់ឱកាសដល់សហគ្រិនផលិតក្នុងស្រុក មានឱកាសបង្ហាញនូវផលិតផល របស់ខ្លួនសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។លោកជំទាវ បន្តថា ស្របពេលវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើននេះ ឃើញថា បច្ចុប្បន្នសហគ្រិនជាស្រ្តី បាននិងកំពុងផ្លាស់ប្តូរ ឥរិយាបថ និងបានបណ្តុះនូវគំនិតថ្មីៗស្របតាមនវានុវត្តន៍ ជាពិសេសការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ដំណោះស្រាយនៅក្នុង អាជីវកម្ម ទោះបីបច្ចុប្បន្នការចាប់យកវិស័យនេះនៅមានកម្រិតនៅឡើយ ការណ៍នេះ, បានបង្ហាញដល់ពួកគាត់បានយល់ដឹងខ្លះៗ អំពី សារៈសំខាន់ៗនៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជាផ្លូវឈានទៅសិក្សាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញធ្វើអាជីវកម្ម ពាណិជ្ជកម្ម ឱ្យកាន់តែជោគជ័យ។សូមបញ្ជាក់ថា ជុំវិញវិស័យឌីជីថលនេះ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជី ថលឱ្យបានជាអតិបរមា ជាពិសេសក្នុងសកម្មភាពធុរកិច្ច និងសេដ្ឋកិច្ច តាមវិធានប្រទាក់ក្រឡា និងជាប្រព័ន្ធ, ក្នុងគោលដៅកែលម្អ បរិយាសអំណោយផលដល់ការធ្វើធុរកិច្ច ការធ្វើអាជីវកម្ម និងការវិនិយោគ តាមរយៈការសម្រួលនិងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធ នានា, ការធ្វើឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្តល់សេវា និងកិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន, និងការលើកប្រសិទ្ធភាព នៃការសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន៕ អត្ថបទ៖ សុន រ៉ាឌី

សេចក្ដីព្រាងច្បាប់ស្ដីពីជលផលទទួលបានការឯកភាពពីគណៈកម្មការទី៣ នៃរដ្ឋសភា និងសម្រេចបញ្ជូនបន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យទៅតាមនីតិវិធី

2025/05/13 01:46:00 pm        524
នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញជួបប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីជលផល។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវតំណាងគណៈកម្មការនានា នៃរដ្ឋសភា ទីប្រឹក្សាច្បាប់អមរដ្ឋសភា នៅវិមានរដ្ឋសភា។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាថា ច្បាប់ជលផលដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ មានអាយុ ១៩ឆ្នាំហើយ បើគិតត្រឹមឆ្នាំ២០២៥នេះ។ នៅក្នុងរយៈពេល១៩ឆ្នាំនេះ ការវិវត្តនៃកំណើនប្រជាសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យា បានវិវត្តទៅមុខលឿនរហ័ស ដែលទាមទារការកែទម្រង់វិស័យជលផលរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យស្របតាមបរិការណ៍ សេដ្ឋកិច្ចសង្គមកម្ពុជានិងសាកលលោក។ ក្នុងន័យនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីជលផលថ្មីនេះឡើង។សេចក្តីព្រាងច្បាប់ស្តីពី ជលផលមាន១៥ ជំពូក និង ១០៤ មាត្រា និងឧបសម្ព័ន្ធចំនួន២ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបញ្ជូនមកសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។បើតាមការគូសបញ្ជាក់ពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនិងចូលជាធរមាន ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ដោយផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជាអាថិ៍៖១- គ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមាននិរន្តរភាព។ ២- ការពារផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្ម ផល ផលិតផលជលផល។ ៣- គាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យជលផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ។ ៤- បំពេញនូវលក្ខខណ្ឌតម្រូវនិងស្តង់ដា ឱ្យមានសង្គតិភាពទៅនឹងលិខិតុបករណ៍អន្តរជាតិ ដើម្បី ឆ្លើយតបទៅនឹងបរិបទថ្មីៗ ក្នុងការធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មទៅថ្នាក់តំបន់និង អន្តរជាតិ។ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងស្ដាប់ការបកស្រាយ ពន្យល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លើយតបនឹងចំណុចនានាដែលគណៈកម្មការជំនាញនៃរដ្ឋសភាបានសាកសួររួចមក ឯកឧត្តមសន្តិបណ្ឌិតប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះតាក់តែងនូវសេចក្តីព្រាងច្បាប់ស្ដីពីជលផលនេះឡើង ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងសង្គមជាតិ។ គណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យទៅតាមនីតិវិធីបន្តទៀតរបស់រដ្ឋសភា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លីទុយអានី និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយាន​ដ្រូន​
06/17/2026 06:06 PM
ក្រុមហ៊ុន Tesla បើកមជ្ឈមណ្ឌលពិសោធន៍ថ្មីនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា
06/17/2026 06:06 PM
លោក Modi ព្រមានអំពី «កង្វះទំនុកចិត្ត» មុនពេលមានជំនួប​ទ្វេភាគី​ជាមួយលោក Trump
06/17/2026 06:06 PM
ក្រុមមន្រ្តីរដ្ឋ Texas ចេញការឃ្លាំមើលព្យុះត្រូពិក និងព្រមានពីទឹកជំនន់នៅតាមទីក្រុងតំបន់ឆ្នេរ
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី គឺ «មិនប្រុងប្រយ័ត្ន» មិនមែន «គំរាម​» ទេ
06/17/2026 06:06 PM
ហុងគ្រីបើកការស៊ើបអង្កេតលើការរឹបអូសសាច់ប្រាក់ និងមាសរបស់អ៊ុយក្រែន
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីកាណាដាជំរុញឲ្យ​ធ្វើពិពិធកម្មថាមពលសកល ក្រោយ​មាន​វិបត្តិច្រកសមុទ្រ Hormuz
06/17/2026 06:06 PM
ក្រុមថែរក្សាសន្តិភាព UNIFIL រាយការណ៍ពីការធ្លាក់ចុះអំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសលីបង់
06/17/2026 06:06 PM
មន្ត្រីប៉ាឡេស្ទីន៖ អ្នកតាំងលំនៅអ៊ីស្រាអែលបានដុតបំផ្លាញវិហារឥស្លាមនៅតំបន់វេសបែង
06/17/2026 06:06 PM
ការនាំចេញរបស់ជប៉ុន កើនឡើង​ខ្ពស់​បំផុត ក្នុងរយៈពេលជាង ៣ឆ្នាំ ដោយ​សារតម្រូវការបន្ទះឈីប និងរថយន្ត
06/17/2026 06:06 PM