ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨
សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩

ព័ត៌មានជាតិ

មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងទូទាំងខេត្ត ប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ ប្រារព្ធ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

2025/05/13 01:16:01 pm        449
បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងទូទាំងខេត្ត សិស្ស និស្សិត ដឹកនាំ​ដោយ​ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បាន​ប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧២ព្រះវស្សា យាងចូល ៧៣​ព្រះវស្សា ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៥។នៅក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លា ពោរពេញ​ដោយ​ក្តី​សោមនស្ស​រីករាយ​នៃ​ព្រះរា​ជ​ពិធី​បុណ្យ ចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា ក្រុម​ប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត មន្ត្រី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ បញ្ញវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្ត សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរ​សួស្តី ​សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់យ៉ាង ចំពោះព្រះករុណាថ្លៃវិសេស ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលមាំមួន ខ្លាំងក្លាព្រះ​បញ្ញា​ញាណ​ភ្លឺថ្លា​ត្រចះ​ត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរដើម្បីព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បន្តព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រពីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ដើម្បីភាពចម្រុងចម្រើនថ្កុំថ្កើងរុងរឿង និងសម្បូរសប្បាយប្រកបដោ អង្គរជាទីស្នេហា និងប្រជារាស្ត្រគ្រប់រូបជាយូរអង្វែងតរៀងទៅ។ និងបានសម្តែងថ្វាយនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះស្នាព្រះហស្ថ ព្រះករុណាជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គតែងតែយកព្រះទ័យ ក្នុងការជួយដោះស្រាយ ទុក្ខលំបាក និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជានុរាស្ត្រនៅទូទាំងប្រទេស ជាពិសេសព្រះអង្គតែងតែយកអស់ ព្រះបញ្ញាញាណ ព្រះកាយពល និងព្រះរាជទ្រព្យដើម្បីរួមចំណែកកសាងសមិទ្ធផលសង្គមយ៉ាងច្រើន សំដៅស្តារ និងអភិវឌ្ឍន៍ទឹកដីព្រះរាជាណាចក្រកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ជាមួយគ្នានោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំង ទូទាំងខេត្ត សិស្ស និស្សិត បានបួងសួងដល់ទេវតាថែរក្សាទឹកដី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឬទ្ធីបារមីទេវតា នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធ ថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ បុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី សូមព្រះអង្គតាមជួយ បីបាច់ថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាថ្លៃវិសេស និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

នគរបាលរាជធានី បង្ក្រាបក្មេងទំនើង២ក្រុម ឃាត់ខ្លួនមនុស្សចំនួន ១០នាក់

2025/05/13 01:06:31 pm        489
ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បើកការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពួកគេបង្កហិង្សាកាប់ចាក់គ្នា ក្នុងទឹកដីខណ្ឌដង្កោ និងខណ្ឌច្បារអំពៅ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលជំនាញចំនួន០២ខណ្ឌពាក់ព័ន្ធ គឺខណ្ឌដង្កោ និងច្បារអំពៅ ក្រោមការអនុវត្តតាមបទបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ការបង្ក្រាបក្មេងទំនើងទាំង០២ក្រុមខាងលើ ធ្វើឡើងបន្ទាប់ពី ពួកគេ និងបក្សពួកជាច្រើននាក់ផ្សេងទៀត ( កំពុងរត់គេចខ្លួន ) បានធ្វើសកម្មភាពបង្កហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ចំនួន០២ករណីនៅមូលដ្ឋានខណ្ឌទាំង០២ខាងលើ កាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ ។ ដោយករណីទី១ នៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ និងទី២ នៅសង្កាត់រលួស ខណ្ឌដង្កោ ។ ក្រោយការបង្កហេតុ កម្លាំងជំនាញ មិនបង្អង់ពេលវេលាយូរ ក៏ឈានទៅបើកប្រតិបត្តិការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នឹងបើកការចុះទៅធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់តែម្តង ពោល គឺបង្ក្រាបដោយប្រើពេលត្រឹម០១ថ្ងៃក្រោយថ្ងៃកើតហេតុ ។ ក្នុងការបង្ក្រាបក្មេងទំនើងទាំង១០នាក់ កម្លាំងសមត្ថកិច្ចដកហូតបាន ដាវ០៣ដេីម ,កាំបិតប៉័ងតោ០២ដេីម និងកាំបិតផ្គាក់០១ដេីមផងដែរ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ចំណែកបក្សពួកមួយចំនួនទៀតរបស់ក្រុមជនសង្ស័យដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចក៏កំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទទោសផងដែរ៕ អត្ថបទ៖ កុម្ភះ

ឯកឧត្តមរដ្ឋមន្ត្រី​ ជា​ វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី​ “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart"

2025/05/13 12:53:39 pm        445
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា​ វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី​ “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart"​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង​ នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នាយកប្រតិបត្តិក្រុមហ៊ុន​ Smart Axiata ព្រមទាំងសាស្ត្រចារ្យ​ និស្សិត នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា​(ATC)​ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ កម្មវិធី “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart" គឺជាកម្មវិធីបណ្តុះបណ្តាលសហគ្រិនដែលផ្ដោតលើបច្ចេកវិទ្យាដែលមានគោលបំណងផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងនិស្សិតនូវខ្លឹមសារសិក្សាសំខាន់ៗ ទីតាំង និងការគាំទ្រផ្សេងទៀតដើម្បីជួយឱ្យពួកគេអាចទទួលបានការវិនិយោគតាមរយៈការបណ្តុះបណ្តាល បច្ចេកទេសដោយអ្នកឯកទេស និងឱកាសក្នុងការបង្កើនបណ្តាញទំនាក់ទំនង។

ក្រុមការងារក្រសួងសាធារណការប្រជុំពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកនៅភ្នំពេញ ខណៈបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ៩៣%

2025/05/13 12:47:10 pm        413
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានក្រុមការងារត្រួតពិនិត្យបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ ដែលអនុវត្តដោយក្រុមហ៊ុនសាងសង់ PHNOM PENH PRECAST PLANTS CO., LTD និង T.C.M. ENGINEERING COMPANY LTD ដោយមានការចូលរួមពី លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃគម្រោង ព្រមទាំងតំណាងក្រុមហ៊ុនទទួលការសាងសង់។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានអំពីវឌ្ឍនភាពនៃគម្រោង ព្រមទាំងពិនិត្យពីបញ្ហាប្រឈមដែលនៅសេសសល់ក្នុងការពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បីឱ្យការអនុវត្តគម្រោងអាចបញ្ចប់បានទៅតាមផែនការដែលបានគ្រោងទុក។សូមបញ្ជាក់ផងដែរថា គម្រោងនេះ បានបើកការដ្ឋាន កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ដែលមានវឌ្ឍនភាពគម្រោងបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ៩៣% នៃទំហំការងារសរុប ហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ បន្តគាំទ្រ និងរួមគ្នាដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

2025/05/13 12:28:02 pm        443
ភ្នំពេញ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍលើវិស័យមីន ដែលកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិកនៃក្រុមការងារបច្ចេកទេស។ក្នុងកិច្ចប្រជុំ តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមបណ្ឌិត លី ធុជ បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងរួមចំណែកប្រកបដោយទឹកចិត្តសប្បុរស ក្នុងបុព្វហេតុមនុស្សធម៌ចូលរួមដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា រយៈពេលជាង ៣០ឆ្នាំនេះ វិស័យមីននៅកម្ពុជា បានទទួលការគាំទ្រយ៉ាងពេញទំហឹងពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តគាំទ្រយ៉ាងមុតមាំពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ ដែលភាពជោគជ័យនេះ ក៏បានមកពីរួបរួមគ្នាពីគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ផងដែរ។ ប៉ុន្តែទោះបីយ៉ាងណា កម្ពុជានៅបន្តដំណើរយ៉ាងវែងឆ្ងាយទៀតក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលនៅសេសសល់ប្រមាណជា ១.៦៥៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនមានទំហំ ៤៦៩ គីឡូម៉ែត្រក្រឡា ដែលតម្រូវឱ្យមានការចូលរួមគាំទ្របន្ថែម និងមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់អះអាងជាថ្មីថា អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំសហការយ៉ាងជិតស្និទ្ធ និងព្យាយាមសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញអនុវត្តន៍នូវចក្ខុវិស័យរបស់ សម្តេចធិបតី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាធានាថារាល់ធនធានបោសសម្អាតមីនទាំងអស់ នឹងត្រូវប្រើប្រាស់ឲ្យចំគោលដៅជាអាទិភាព។ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងរួមគ្នាដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ជាមួយនឹងភាពជោគជ័យក្នុងប្រទេស ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា កម្ពុជា មានមោទនភាពបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) យ៉ាងសកម្ម និងទទួលបានការវាយតម្លៃខ្ពស់លើឆាកអន្តរជាតិ ជាមួយនឹងការដាក់ចេញនូវគោលដៅច្បាស់លាស់ និងម៉ឺងម៉ាត់របស់សម្តេចធិបតី គោរពនូវគោលការណ៍នៃអនុសញ្ញាឱ្យបានខ្ជាប់ខ្ជួន និងមានការប្តេជ្ញាចិត្ត ដើម្បីរួមចំណែកលុបបំចាត់ទុក្ខវេទនាបង្កដោយមីនប្រឆាំងមនុស្ស និងនាំមកនូវសេចក្តីថ្លៃថ្នូរជូនមនុស្សជាតិ។ ជាមួយគ្នានោះ វិស័យសកម្មភាពមីន ក៏បានរួមចំណែកផងដែរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងភាពជាដៃគូ បានយ៉ាងទូលំទូលាយ។

សមាជិកអាស៊ាន និងប្រទេសចិនផ្លាស់ប្តូរបទពិសោធន៍គ្នាលើវិស័យអប់រំបច្ចេកទេស

2025/05/13 12:15:03 pm        388
សមាជិកអាស៊ាន និងប្រទេសចិន បានផ្តល់ប្តូរបទពិសោធន៍គ្នាលើវិស័យអប់រំបច្ចេកទេស តាមរយៈសិក្ខាសាលាមួយដែលប្រទេសកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ។មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស (SEAMEO TED) និង អង្គការ GO STUDY Global Education បានសហការរៀបចំសិក្ខាសាលាអន្តរជាតិស្តីពី “ភាពជាដៃគូរវាងប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លើកទី២ (2nd China-SEA Partnership Workshop)” នៅសណ្ឋាគារ HYMAWARI រាជធានីភ្នំពេញ ចាប់ថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២៥ ។ នៅក្នុងសិក្ខាសាលា លោកបណ្ឌិត អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌល SEAMEO TED  បានមានប្រសាសន៍ថា សិក្ខាសាលានេះនឹងត្រួសត្រាយផ្លូវថ្មីបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរគ្រូបង្រៀន/សិស្សក្នុងវិស័យអប់រំវិជ្ជជីវៈ (TVET) ដោយក្នុងនោះប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍បានរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង TVET ជាយូរមកហើយ។ លោកបានបញ្ជាក់បន្ថែមថា វេទិកាសហប្រតិបត្តិការអប់រំបច្ចេកទេសចិន-អាស៊ាន (CATECP) បានចែករំលែកវគ្គសិក្សាតាមអ៊ីនធឺណិតជាច្រើនពីប្រទេសចិនដល់អាស៊ាន ដោយក្នុងឆ្នាំ២០២៤ សាលាចិនសរុបចំនួន ៤១ បានចែករំលែកវគ្គសិក្សាជាង ៣០០ ក្រោមកិច្ចសហការសម្របសម្រួលរបស់រវាង CATECP អង្គការ Go Study Global Education និងមជ្ឈមណ្ឌល SEAMEO TED។ តាមរយៈបណ្តាញផ្សេងៗ CATECP បានពង្រីកវិសាលភាពនៃវគ្គសិក្សាទាំងនេះទៅកាន់ប្រទេសអាស៊ានទាំងអស់ ដោយមានសិស្សចំនួនជាង២សែននាក់បានចូលរួមក្នុងវគ្គសិក្សាទាំងនោះ។ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៥ សាលារៀនចិនជាង ១០០ មកពីខេត្តចំនួន ១៤ បានចូលរួមក្នុងគម្រោងនេះរួចហើយ ហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងបានធ្វើការជាមួយក្រសួងអប់រំក្នុងប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម ប្រ៊ុយណេ និងប្រទេសដទៃទៀត ដើម្បីផ្សព្វផ្សាយពីវេទិកា CATECP ដល់គ្រឹះស្ថានឧត្តមសិក្សាជាង ២០០ នៅទូទាំងតំបន់។ លោកស្រីបណ្ឌិត ZHANG Xufeng អគ្គនាយករងនៃមន្ទីអប់រំនៃតំបន់ស្វយ័ត Guangxi Zhuang នៃសាធារណៈរដ្ឋប្រជាមានិតចិន បានលើកឡើងពីតួនាទីយ៉ាងសកម្មរបស់ តំបន់ស្វយ័ត Guangxi Zhuang ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈជាមួយបណ្តាប្រទេសអាស៊ាន រួមទាំងការអភិវឌ្ឍធនធានរួមគ្នា ការបង្កើតមហាវិទ្យាល័យសិប្បករទំនើបចំនួន ១៧ និងរៀបចំកម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្តូរគ្រូ/សិស្សជាច្រើន។លើសពីនេះ អ្នកស្រីបណ្ឌិតបានស្នើនូវគំនិតផ្តួចផ្តើមចំនួនបីរួមមាន៖ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលក្នុងការកសាងសហគមន៍ការអប់រំវិជ្ជាជីវៈចិន-អាស៊ាន ការប្រើប្រាស់ AI ដើម្បីពង្រឹងដល់ការអប់រំទ្វេភាគី និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមយុវជន។លោកស្រីបណ្ឌិត Riam Chau Mai ប្រធានផ្នែកសហប្រតិបតិ្តការសហគមន៍ និងឧស្សាហកម្ម នាយកដ្ឋានពហុបច្ចេកទេស និងការអប់រំមហាវិទ្យាល័យសហគមន៍ នៃក្រសួងឧត្តមសិក្សា នៃប្រទេសម៉ាឡេស៊ី បានលើកសរសើរចំពោះភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌល SEAMEO TED ក្នុងការជំរុញឧត្តមភាព TVET នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីកំពុងបោះជំហានទៅមុខក្នុងការរួមបញ្ចូលដំណោះស្រាយឌីជីថលក្នុងវិស័យអប់រំ តាមរយៈវេទិកាសិក្សាតាមអ៊ីនធឺណិត និងការវាយតម្លៃកម្រិតខ្ពស់ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយអ្នកដឹកនាំឧស្សាហកម្មដូចជា IBM និង AWS ដែលកំពុងពង្រឹងជំនាញឌីជីថលរបស់សិស្ស និងអ្នកអប់រំ ដើម្បីបំពេញតម្រូវការនៃឧស្សាហកម្ម 4. 0។រីឯ ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងនាមក្រសួងអប់រំកម្ពុជា ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃជំនាញស្នូលដែលអ្នកអប់រំត្រូវមាន ដូចជា ការប្រាស្រ័យទាក់ទង ការដោះស្រាយបញ្ហា ការសម្របខ្លួន ការធ្វើការងារជាក្រុម ភាពវៃឆ្លាតខាងអារម្មណ៍ ការគិតជាយុទ្ធសាស្ត្រ និងជំនាញក្នុងការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ និងរហ័ស។ ឯកឧត្តមបណ្ឌិតក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអភិវឌ្ឍន៍ជំនាញផ្សេងៗ ការសិក្សាពេញមួយជីវិត និងការខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមរដ្ឋាភិបាល ធុរកិច្ច និងស្ថាប័នអប់រំ ដើម្បីបំពេញតម្រូវការនៃវិស័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស៕គួរបញ្ជាក់ដែរថា សិក្ខាសាលាអន្តរជាតិស្តីពី “ភាពជាដៃគូរវាងប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លើកទី២ (2nd China-SEA Partnership Workshop)” ត្រូវបានរៀបចំឡើងក្នុងគោលបំណង កសាងទំនាក់ទំនង និងភាពជាដៃគូលើផ្នែកអប់រំបច្ចេកទេស និងដើម្បីផ្សារភ្ជាប់សាលាអប់រំបច្ចេកទេសតាមរយៈការចែករំលែកបទពិសោធន៍លើជំនាញបច្ចេកទេសពីអ្នកឯកទេសមកពីប្រទេសចិន និងប្រទេសសមាជិកអាស៊ាន ដែលមានអ្នកចូលរួម១៣៤រូប ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំស្ថាប័ន និងសាលាអប់រំបច្ចេកទេសមកពីប្រទេសចិន ប្រទេសសមាជិកអាស៊ាន និងប្រទេសរុស្សីសរុបចំនួន៤៨ស្ថាប័ន។ប្រធានបទសំខាន់ៗចំនួន១៣ ដែលពាក់ព័ន្ធទៅនឹងបទពិសោធ និងការអនុវត្តល្អបំផុតនានាសម្រាប់ភាពជាដៃគូលើផ្នែកអប់រំបច្ចេកទេស ត្រូវបានចែករំលែកដោយវាគ្មិន ដែលជាអ្នកជំនាញអន្តរជាតិក្នុងវិស័យអប់រំបច្ចេកទេស៕ អត្ថបទ៖ទូច សោភ័ណ

ស.ស.យ.ក រៀបចំពិធីថ្វាយព្រះពរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តតម សីហមុនី

2025/05/13 12:03:54 pm        433
សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបជុំ​រៀប​ចំ​ពិធី​បុណ្យ​ចម្រើនព្រះជន្មសម្ដេចព្រះបរមនាថ នរោត្តតម សីហមុនីព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា គម្រប់ព្រះជន្ម ៧២យាងចូល ៧៣ព្រះវស្សា។ ការរៀបចំពិធីថ្វាយព្រះពរនេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព សម្ដេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទី​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ រួមទាំងវត្តមានឯឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួម​ទាំង​ថ្នាក់​ដឹក​នាំ និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាប្រមាណ ៤០០នាក់។ដោយទទួលបានព្រះបរមរាជាអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្ដេច​ព្រះបរមនាថ នរោត្តតម សីហមុនី ព្រះមហក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំពិធីបុណ្យចម្រើនព្រះជន្មជូន ព្រះមហាក្សត្រ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា គម្រប់ព្រះជន្ម ៧២យាងចូល ៧៣ព្រះវស្សា។ក្នុងការរៀបចំពិធីថ្វាយព្រះពរនេះដែរ លោក សំហេង បូរ៉ា សមាជិកគ​ណៈ​កម្មាធិការ​កណ្ដាល​សហភាព​សហព័ន្ធយុវជនកម្ពុជា ក៏បានលើកឡើងនូវក្ដីសាទរ និងជាមហាកតិ្តយសដែល សហ​ភាព​សហព័ន្ធយុវជនកម្ពុជា ទទួលបានព្រះរាជាអនុញ្ញាត ឱ្យរៀបចំពិធីថ្វាយព្រះពរនេះឡើង។ ក្នុងនាមជាសមាជិក ស.ស.យ.ក ជាយុវជន ជាប្រជាពលរដ្ឋកម្ពុជា លោកពិតជាសូមអរព្រះគុណ និង​ដឹងគុណចំពោះព្រះរាជហឫទ័យរបស់ព្រះមហាក្សត្រដែលតែងគិតគូ សណ្ដោសប្រណី ស្រឡាញ់​ប្រជាពលរដ្ឋគ្រប់រូប។ការ​រៀប​ចំពិធីថ្វាយព្រះពរនេះ រៀបចំឡើងនាពេលព្រឹកដោយមានសកម្មភាពមួយចំនួន ដូចជាការ​ថ្វាយ​បង្គំ ព្រះបរមឆាយាលក្ខណ៍ របាំថ្វាយព្រះពរចម្រើនព្រះជន្មវស្សា និងការចាប់​ផ្ដើម​ពិធី​សាសនា​៕ អត្ថបទ៖គឹមហុក

សម្ដេចធិបតីអនុញ្ញាតឱ្យគណៈប្រតិភូសមាគម ATIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/05/13 11:56:11 am        362
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូនៃសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដឹកនាំដោយ លោក Barros Figueira Miguel ប្រធានសមាគម ATIC ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្ដេចធិបតី អនុញ្ញាតឱ្យនាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2025/05/13 11:52:07 am        390
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វីននី ប៊ីយ៉ានីម៉ា (Winnie Byanyima) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។សូមជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាលជាសេនាធិការបាននឹងកំពុងបំពេញបេសកកម្មដ៏សំខាន់ ចូលរួមយ៉ាងសកម្ម និងសហការក្នុងអន្តរវិស័យ ដើម្បីឆ្លើយតបនឹងបញ្ហាមេរោគអេដស៍យ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ បានសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការក្រៅរាជរដ្ឋាភិបាល សហគមន៍ និងសង្គមស៊ីវិល ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅកម្ពុជា ដើម្បីឆ្លើយតបឱ្យបាននូវគោលនយោបាយជាតិការបញ្ចប់ជំងឺអេដស៍ ឆ្នាំ២០២៣-២០២៨។ ក្រសួងសុខាភិបាលកម្ពុជាទទួលបានការគាំទ្ររបស់ដៃគូអភិវឌ្ឍ បានផ្តល់អាទិភាពក្នុងការធ្វើសមាហរណកម្មសេវាធ្វើតេស្តរកមេរោគអេដស៍ និងការថែទាំសុខភាព នៅក្នុងប្រព័ន្ធសុខាភិបាលថ្នាក់ជាតិ។ ចំណុចសំខាន់នោះគឺ ពង្រឹងលើការបម្រើសេវាថែទាំសុខភាពសម្រាប់អ្នកផ្ទុកមេរោគអេដស៍ នៅតាមមូលដ្ឋានសុខាភិបាលកម្រិតបឋម។ ស្របពេលដែលក្រសួងសុខាភិបាល កំពុងពង្រឹងក្នុងការឆ្លើយតបនឹងជំងឺអេដស៍ ប្រកបដោយប្រសិទ្ធភាព ក្រសួងក៏បានជំរុញនៃការលើកកម្ពស់ក្នុងការបញ្ឈប់ការរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍ផងដែរ។ប្រទេសកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា ដែលសម្រេចបានលទ្ធផល ៩៥-៩៥-៩៥ ជាភាគរយខ្ពស់ ប្រៀបធៀបនឹងគោលដៅដាក់ចេញ ដែលកម្ពុជាធ្លាប់ជាប្រទេសមានអត្រាប្រេវ៉ាឡង់ អ្នកផ្ទុកមេរោគអេដស៍ខ្ពស់ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺ៣% ក្នុងឆ្នាំ១៩៩៦ ហើយធ្លាក់ចុះមកនៅត្រឹមតែ ០.៥% ក្នុងឆ្នាំ២០២៤។ ខណៈចក្ខុវិស័យរបស់កម្ពុជាទៅថ្ងៃអនាគតគឺ ជំរុញឱ្យការបម្រើសេវាសុខាភិបាលកាន់តែល្អប្រសើរឡើង ជាពិសេសសេវាពិនិត្យ និងថែទាំអ្នកជំងឺអេដស៍៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទសំខាន់ចំនួន៤របស់ជាតិ

2025/05/13 11:47:43 am        397
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទសំខាន់ចំនួន ៤ របស់ជាតិ។ ក្នុងនោះរួមមាន៖ ទី១ ពិនិត្យ និងអនុម័តសុំណើរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលស្នើឡើងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​ ទី២.ការពិនិត្យ និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ៣.ការពិនិត្យ និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៤.ការពិនិត្យ និងអនុម័តប្រធានបទអំពីវិស័យកសិកម្ម។ បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សមាជរដ្ឋសភា និងព្រឹទ្ធសភាជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់មកលើរាជរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃខែកក្កដា ឆ្នាំ២០២៣ កន្លងនេះ។ ជាការឆ្លើយតបចំពោះទំនុកចិត្តរបស់ប្រជាពលរដ្ឋបែបនេះហើយបានជារាជរដ្ឋាភិបាលស្នើសុំសភាដែលតំណាងឱ្យប្រជាពលរដ្ឋ រៀបចំសមាជរដ្ឋសភា ព្រឹទ្ធសភាឡើង ក្នុងគោលបំណងបង្ហាញពីលទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិនៅក្នុងរយៈពេលជិត២ឆ្នាំមកនេះ។ សមាជរដ្ឋសភា និងព្រឹទ្ធជាឱកាសវិសេសវិសាលមួយដែលរាជរដ្ឋាភិបាលបង្ហាញពីទំនួលខុសត្រូវចំពោះមុខពលរដ្ឋដោយនៅក្នុងនោះនឹងបង្ហាញពីលទ្ធផលការងារសម្រេចបានជិត២ឆ្នាំមកនេះ ជូនពលរដ្ឋនៅចំពោះមុខតំណាងរាស្រ្ត ដែលជាតំណាងពលរដ្ឋម្ចាស់ឆ្នោត។ សូមជម្រាបថា យោងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា សមាជរដ្ឋសភា និងព្រឹទ្ធសភាគឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភាដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ក្នុងករណីចំបាច់ ដូចជា៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬករណីប្រធានសក្តិបណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ឬ ករណីផ្សេងៗទៀត ដែលគណៈកម្មការធិការសមាជយល់ឃើញថាជាបញ្ហាសំខាន់របស់ប្រទេសជាតិ។ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី អាចផ្តួចផ្តើមឱ្យមានការប្រជុំសមាជបាន។ ប្រធានសមាជ អញ្ជើញសមាជិករដ្ឋសភា និងព្រឹទ្ធសភាឱ្យចូលរួមប្រជុំសមាជ។ ច្បាប់សមាជរដ្ឋសភាព្រឹទ្ធសភាបានកំណត់ថា ប្រធានព្រឹទ្ធសភាជាប្រធានសមាជ។ សមាជរដ្ឋសភា និងព្រឹទ្ធសភាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។ លទ្ធផលចេញពីសមាជជាលទ្ធផលឧត្តុងឧត្តម ខ្ពង់ខ្ពស់បំផុតដែលនឹងត្រូវចុះក្នុងព្រះរាជកិច្ច។ សមាជរដ្ឋសភា និងព្រឹទ្ធសភាពជាដំណើរលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា ដែលមានប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសានាប្រទេសជាតិរបស់ខ្លួន៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពជើងទឹក IRGC បន្តទាមទារឲ្យនាវាសម្របសម្រួលជាមួយពួកគេ ទោះបីជាមានការដកការបិទផ្លូវរបស់អាមេរិកក៏ដោយ
06/17/2026 05:06 PM
នាយករដ្ឋមន្ត្រីកាណាដា ចាត់ទុក​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ថា ជា «ការ​ផ្លាស់ប្តូរស្ថានការណ៍​»
06/17/2026 05:06 PM
ហេសបូឡា៖ អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ បើអ៊ីស្រាអែលបន្ត​វត្តមាន​នៅ​លីបង់
06/17/2026 05:06 PM
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី និងបារ៉ែន ពិភាក្សាអំពីការវិវត្តថ្មីៗ បន្ទាប់ពីមានអនុស្សរណៈនៃយោគយល់រវាងអាមេរិកនិងអ៊ីរ៉ង់
06/17/2026 05:06 PM
លោក Trump រិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅលីបង់ និង​និយាយថា ជនស៊ីវិលស្លាប់ច្រើន​ណាស់​
06/17/2026 05:06 PM
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/17/2026 05:06 PM
ការដំឡើងពន្ធបន្ថែមរបស់អាមេរិក អាចប៉ះពាល់ដល់ការនាំចេញជាងពាក់កណ្តាលរបស់ប្រេស៊ីល
06/17/2026 05:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើឲ្យ​លោក Trump ដឹកនាំ​ការទូតដោយសន្តិវិធី ជាមួយកូរ៉េខាងជើង
06/17/2026 05:06 PM
អេក្វាឌ័រ ប្រកាសរដ្ឋក្នុងគ្រាអាសន្នក្នុងខេត្តចំនួន១០ និងក្រុងចំនួន៣ ក្នុងពេលមានអំពើហិង្សា
06/17/2026 05:06 PM
លោក Macron នឹងបញ្ចប់កិច្ចប្រជុំ G7 ដោយផ្តោតលើ AI និង​អាហារពេលល្ងាចជាមួយ​​លោក Trump
06/17/2026 05:06 PM