រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានជាតិ

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែមិថុនា

2025/05/06 03:10:30 pm        119
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥-១៦ ខែមិថុនាខាងមុខនេះ នឹងរៀបចំ​ប្រារព្ធ​ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET DAY) លើកទី៨ ឆ្នាំ២០២៥ នៅកោះពេជ្រ និងនៅគ្រប់ខេត្តទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។នៅក្នុងសេចក្តីជូនដំណឹង ស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការជូនដំណឹងដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនឯកជន អង្គការជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ទិវាជាតិនេះ នឹងមានការដាក់តាំងបង្ហាញស្នាដៃរបស់ សិស្ស និស្សិត និងសាធារណជនដែលមានគំនិតច្នៃប្រឌិត នវានុវត្តន៍ ពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងវិស័យពាក់ព័ន្ធនានា ដែលអាចប្រើប្រាស់ជាប្រយោជន៍ដល់ការសិក្សា ស្រាវជ្រាវ បម្រើដល់ការងារសង្គម វិស័យកសិកម្ម ពាណិជ្ជកម្ម សំណង់ និងឧស្សាហកម្ម។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនឯកជន អង្គការជាតិ និងអន្តរជាតិ អញ្ជើញចូលរួមដាក់តាំងបង្ហាញស្នាដៃ គំនិតច្នៃប្រឌិតឧបករណ៍ សម្ភារៈ បច្ចេកវិទ្យា នវានុវត្តន៍ និងខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានច្រើនកុះករ ដើម្បីស្វែងយល់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ៕

ក្រសួងការងារ សហការជាមួយអង្គការ ILO រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ»

2025/05/06 02:52:29 pm        120
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ» ដើម្បីបង្កើនការជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ សោម ចំណាន ។ យោងតាមប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ និងបង្រៀនដោយអ្នកជំនាញពីអង្គការអន្តរជាតិការងារ លើប្រធានបទសំខាន់ៗ មានដូចជា៖ ទី១-អង្គការអន្តរជាតិខាងការងារ កិច្ចសន្ទនាសង្គម និងការងារសមរម្យ ទី២-ការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាងសម្រាប់ការងារសមរម្យ និង៣-ដំណើរការនៃការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាង ដែលរួមមានការកំណត់សំណួរគោលនយោបាយ, ការស្វែងរកភស្ដុតាង, វាយតម្លៃភស្ដុតាង, ការសំយោគភស្ដុតាង, ការអនុវត្ត, ការទំនាក់ទំនងភស្ដុតាង, និងការបង្កើតសេចក្ដីព្រាងនៃគោលនយោបាយសង្ខេប។ល។ ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសមាគមនិយោជក តំណាងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា សរុបចំនួន៤២នាក់ នៅទីស្តីការក្រសួងការងារ។ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់សមាសភាពត្រីភាគី ដែលជាអ្នកចូលរួមបង្កើតគោលនយោបាយ ដើម្បីទទួលបានចំណេះដឹងអំពីគោលការណ៍សំខាន់ៗរបស់អង្គការអន្តរជាតិខាងការងារ, ទស្សនាទាននៃការងារសមរម្យ និងដំណើរការនៃការកសាងគោលនយោបាយក្នុងបរិបទនៃការងារសមរម្យ ព្រមទាំងភាពខុសគ្នារវាងការកសាងគោលនយោបាយដោយផ្អែកលើការស្រាវជ្រាវ និងការកសាងគោលនយោបាយដោយផ្អែកលើភស្តុតាង ជាពិសេសវិធីសាស្ត្រស្រាវជ្រាវនិងការកសាងគោលនយោបាយ ការវាយតម្លៃភស្តុតាងសម្រាប់ការងារសមរម្យ និងការទំនាក់ទំនងនិងការតស៊ូមតិសម្រាប់ការងារសមរម្យ។ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាការពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសកម្ពុជា និងអង្គការ ILO ក្នុងការជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយចីរភាព និងបរិយាបន្ន៕

កម្ពុជា និងកូរ៉េ សហការគ្នាលើគម្រោងកាត់បន្ថយឧស្ម័នមេតាន

2025/05/06 02:42:51 pm        120
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះការគាំទ្រ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រដ្ឋាភិបាលកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន ក្នុងការផ្តួចផ្តើមគំនិតកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់នេះ ដែលនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏ខ្លាំងក្លា។ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ ស្តីពីការកាត់បន្ថយឧស្ម័នមេតាន នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ជាមួយគ្នានេះ គម្រោងសហប្រតិបត្តិការអាស៊ាន-កូរ៉េ នឹងផ្តល់ឱកាសដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង កសាងសមត្ថភាពបច្ចេកទេស និងអនុវត្តដំណោះស្រាយជាក់ស្តែងដែលសម្របទៅនឹងបរិបទជាតិរបស់កម្ពុជា ក្នុងគោលដៅរួមឆ្ពោះទៅរកការក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ គម្រោងនេះក៏បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីទាក់ទាញហិរញ្ញប្បទានកាបូន និងជំរុញការចូលរួមពីវិស័យឯកជន ព្រមទាំងធានាបាននូវសុចរិតភាពបរិស្ថាន។លើសពីនេះ កម្ពុជាបានមើលឃើញនូវការកើនឡើងគួរឱ្យកត់សម្គាល់នៃការបញ្ចេញឧស្ម័នមេតាន ជាពិសេសពីវិស័យកសិកម្ម (ការដាំដុះស្រូវ និងការចិញ្ចឹមសត្វ) និងវិស័យកាកសំណល់។ វិស័យទាំងនេះមិនត្រឹមតែសំខាន់សម្រាប់សេដ្ឋកិច្ច និងជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងជាផ្នែកដែលការអនុវត្តវិធានការឆ្លាតវៃ និងធន់នឹងអាកាសធាតុ អាចនាំមកនូវផលប្រយោជន៍ច្រើនយ៉ាង ដូចជាការកាត់បន្ថយការបញ្ចេញឧស្ម័ន ការលើកកម្ពស់សុខភាពសាធារណៈ និងការបង្កើនភាពធន់សម្រាប់សហគមន៍។គួររម្លឹកជូនដែរថា កម្ពុជាបានរៀបចំ និងដាក់ស្នើផែនទីចង្អុលផ្លូវសម្រាប់ការកាត់បន្ថយឧស្ម័នមេតានថ្នាក់ជាតិទៅកាន់វិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកល និងក្រុមចម្រុះអាកាសធាតុ និងខ្យល់ស្អាត កាលពីខែឧសភា ឆ្នាំ២០២៥ ដោយបានក្លាយជាប្រទេសដំបូងគេមួយក្នុងចំណោមប្រទេសមានការអភិវឌ្ឍន៍តិចតួចដែលបានដាក់ស្នើផែនទីចង្អុលផ្លូវនេះ។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដើរតួនាទីជាគំរូក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព៕

សម្តេចធិបតី ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី សម្ដែងការអបអរសាទរជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី

2025/05/06 02:26:40 pm        153
នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី។តាមរយៈបណ្ដាញសង្គមសម្ដេចធិបតី បានសរសេរដូច្នេះថា «ខ្ញុំបានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) របស់ឯកឧត្តម ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា លទ្ធផលនៃការបោះឆ្នោតនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី មានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តម Anthony Albeneses និងបន្តគាំទ្រឯកឧត្តមធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋអូស្ត្រាលី។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម Anthony Albenese ប្រទេសយើងទាំងពីរ នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនកម្ពុជា និងអូស្ត្រាលី"។

សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវតែធ្វើការជាមួយគ្នាឱ្យរឹងមាំបន្ថែមទៀត និងត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

2025/05/06 02:25:06 pm        145
នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។នៅក្នុងជំនួបនេះ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មការអចិន្ត្រៃយ៍អាស៊ាន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន។ ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលមកដល់ពេលនេះគឺជាខួបលើកទី២៦ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។ ឯកឧត្តមបានរំលេចថាចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់អាស៊ាន និងដោះស្រាយបញ្ហារបស់អាស៊ាន តួយ៉ាងដូចជាកម្ពុជាបានធ្វើជាប្រធានអាស៊ានចំនួន៣លើក គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ ២០២២ ដែលតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកាតដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន នាពេលកន្លងមកក៏ដូចជានៅថ្ងៃអនាគត ដែលកម្ពុជាកំពុងចូលរួមចំណែកយ៉ាងសកម្មផងដែរ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម កៅ គឹមហួន ក៏បានរំលេចនូវតួនាទីដ៏សំខាន់របស់កម្ពុជាជាពិសេស សម្ដេចតេជោ ដែលបានជួយគាំទ្រដល់ទីម័រឡេស្តេឲ្យបានចូលជាសមាជិកពេញសិទ្ធិអាស៊ាន ជាពិសេសនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចតេជោបានជួយឲ្យ ទីម័រឡេស្តេ បានចូលជាសមាជិកអង្កេតការណ៍របស់អាស៊ាន ហើយសូមបញ្ជាក់ថា ទីម័រឡេស្តេ នៅពេលនេះគឺជាសមាជិកអង្កេតការណ៍ របស់អាស៊ាន។ ហើយសម្ដេចតេជោកំពុងតែខិតខំជំរុញឲ្យ ទីម័រឡេស្តេ បានចូលជាសមាជិកពេញសិទ្ធរបស់អាស៊ាននៅឆ្នាំ២០២៥នេះ។ នៅក្នុងឱកាសនោះដែរ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន ដែលបានស្វាគមន៍ចំពោះសម្ដេចនិងសហការី ក្នុងឱកាសនៃការទស្សនកិច្ចលេខាធិការដ្ឋានអាស៊ាននៅពេលនេះ។ សម្ដេចតេជោបានរំលេចថានៅពេលដែលសម្ដេចបានធ្វើជាប្រធានអាស៊ាន៣ដងនៅក្នុងកិច្ចប្រជុំអាស៊ានកាលពីពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺនៅឆ្នាំ២០០២ ២០១២ និង២០២២ សម្ដេចមិនដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននោះទេ។ ហើយនេះជាដំណើរទស្សនកិច្ចលេខាធិការដ្ឋានអាស៊ានលើកដំបូងរបស់សម្ដេច ថ្វីត្បិតកាលពីឆ្នាំ ២០២១ សម្ដេចបានមកប្រជុំនៅលេខាធិការដ្ឋានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែសម្ដេចក៏មិនបានធ្វើដំណើរទស្សនកិច្ចពិនិត្យមើលលេខាធិការដ្ឋានអាស៊ានដូចលើកនេះឡើយ។ នៅក្នុងឱកាសនេះដែរសម្ដេចតេជោ ក៏បានរំលេចនូវព្រឹត្តិការណ៍២៦ឆ្នាំមុន នៅពេលដែលកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលក្នុងពេលនោះកម្ពុជាបានចូលរួមចំណែក និងខិតខំប្រឹងប្រែងទម្រាំបានចូលជាសមាជិកអាស៊ាន។ ហើយនៅក្នុងចំណុចនេះសម្ដេចតេជោក៏បានប្រៀបធៀបទៅនឹងករណីទីម័រឡេស្តេ។ កម្ពុជាកាលពី២៦ឆ្នាំមុននៅមុនពេលកម្ពុជាចូលជាសមាជិកអាស៊ាន និងទីម័រឡេស្តេបបច្ចុប្បន្នគឺស្ថានភាពរបស់ទីម័រឡេស្តេគឺប្រសើរជាងកម្ពុជាឆ្ងាយណាស់។ ហើយសម្ដេចសង្ឃឹមថាទីម័រឡេស្តេ នឹងអាចចូលជាសមាជិកអាស៊ាននៅឆ្នាំ២០២៥នេះពីព្រោះវត្តមានរបស់ទីម័រឡេស្តេនៅក្នុងអាស៊ាននឹងធ្វើឲ្យអាស៊ានពង្រីកខ្លួនកាន់តែធំនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត។ នៅក្នុងឱកាសនោះសម្ដេចតេជោ ក៏បានចែករំលែកនូវបញ្ហាដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្ន គឺពិសេសគឺបញ្ហាសង្គ្រាមពាណិជ្ជកម្ម។ សម្ដេចតេជោបានរំលេចថានាពេលបច្ចុប្បន្ននេះសង្គ្រាមពាណិជ្ជកម្មកំពុងតែភ្ជាប់នឹងបញ្ហាឧបសគ្គនយោបាយដែលធ្វើឲ្យមានផលប៉ះពាល់ដល់បណ្ដាលប្រទេសនានា លើសាកលលោកក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ។ សម្ដេចតេជោបានបញ្ជាក់ទៅកាន់អគ្គលេខាធិការណ៍អាស៊ានថាប្រទេសទាំងអស់ ពិសេសនៅក្នុងតំបន់អាស៊ានកំពុងជួបបញ្ហា ដូច្នេះអាស៊ានត្រូវតែធ្វើការជាមួយគ្នារឹងមាំនិងខ្លាំងបន្ថែមទៀតហើយអាស៊ានត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់អាស៊ាន ជាពិសេសទីផ្សារដែលមានស្រាប់តាមរយៈកិច្ចព្រមព្រៀង RCEP ដែលប្រទេសនៅក្នុងអាស៊ានមិនគួរមើលរំលងនោះឡើយ។ សម្ដេចតេជោក៏បានរំពឹងថា ក្នុងឆ្នាំនេះនៅពេលដែលប្រទេសម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានប្ដូរវេន នឹងអាចចូលរួមចំណែកដោះស្រាយនូវបញ្ហាទាំងអស់នេះបាន។ជាចុងក្រោយនៃជំនួបនេះឯកឧត្តម កៅ គឹមហួន បានសម្ដែងនៅក្ដីត្រេកអរសារជាថ្មីហើយបញ្ជាក់ពីមោទនភាពដែល ឯកឧត្តម និងសហការីបានទទួលវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នៅលេខាធិការដ្ឋានអាស៊ាន ហើយក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានចែករំលែកនូវសារសំខាន់ៗទាក់ទងទៅនឹងការងាររបស់សម្ដេចក្នុងពេលធ្វើជានាយករដ្ឋមន្ត្រី៕

សម្ដេចធិបតី ថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលកូរ៉េខាងត្បូង បានរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា

2025/05/06 12:47:46 pm        117
ក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានរួមចំណែកឈានមុខដល់ការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ ពិសេសលើវិស័យសំខាន់ៗ ដូចជា វិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍, អប់រំ, សុខាភិបាល, ការងារ និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការទទួលយកពលករកម្ពុជាជាច្រើនទៅធ្វើការងារនៅប្រទេសកូរ៉េក្នុងលក្ខខណ្ឌល្អប្រសើរ គួរជាទីទុកចិត្ត។សម្តេចធិបតី បានគូសរំលេចពីគុណតម្លៃនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងរយៈពេល ២៨ ឆ្នាំមកនេះដែលប្រឹងប្រែងបង្កើតឡើងវិញ ដោយសម្តេចតេជោ បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា។សូមជម្រាបថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០២៤ បានលើកកម្រិតទំនាក់ទំនងប្រទេសទាំងពីរឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ដ ដែលនេះជាឱកាសជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមទៀតមកកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ជិត២០ខែនេះរដ្ឋាភិបាលកសាងសមិទ្ធផលសុខាភិបាលជាច្រើន ដើម្បីលើកកម្ពស់សុខភាពពលរដ្ឋ

2025/05/06 12:39:04 pm        122
ក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ដើម្បីគិតគូរដល់សុខភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តកសាងសមិទ្ធផលក្នុងវិស័យសុខាភិបាលជាច្រើន ដូចជាមន្ទីរពេទ្យ មណ្ឌលសុខភាព និងការដាក់ចេញនូវគោលនយោបាយសុខាភិបាល ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ សុខភាពគឺជាគោលសំខាន់ បើប្រជាពលរដ្ឋមានសុខភាពល្អ គឺជាធនធានសម្រាប់គ្រួសារ និងសង្គមជាតិ ប៉ុន្ដែបើប្រជាពលរដ្ឋមានជំងឺ សុខភាពមិនល្អ គឺជាបន្ទុកក្នុងគ្រួសារ ក៏ដូចជាសង្គមជាតិដែរ។ ដូច្នេះទើបក្នុងរយៈពេលជិត២០ខែមកនេះ ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ បានខិតខំកសាងសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាល មានដូចជា មន្ទីរពេទ្យ មណ្ឌលសុខភាព និងការដាក់ចេញនូវគោលនយោបាយសុខាភិបាលជាច្រើនទៀត ដើម្បីតែលើកកម្ពស់សុខុមាលភាព និងសុខភាពដល់ពលរដ្ឋ។ សូមជម្រាបថា គោលនយោបាយអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី គឺជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ ដោយក្នុងនោះ គោលនយោបាយអាទិភាពទី១ គឺការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ឱ្យរាជធានី-ខេត្តពិនិត្យរោងចក្រសហគ្រាសនានា ត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យត្រឹមត្រូវ

2025/05/06 12:32:07 pm        72
ក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវពិនិត្យតាមបណ្ដារោងចក្រ សហគ្រាសនានា ត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យត្រឹមត្រូចៀងវាងការបញ្ចេញទឹកកខ្វក់ មានការបំពុលទៅដល់ប្រជាពលរដ្ឋ និងបរិស្ថាន។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថាការយកចិត្តទុកដាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ មិនត្រឹមតែគិតគូទៅលើការព្យាបាលប៉ុណ្ណោះទេ ប៉ុន្ដែត្រូវគិតគូទៅដល់ការបង្កា ការពារ កុំឱ្យកើតមានឡើង ជាពិសេសជំងឺដែលពាក់ព័ន្ធទៅនឹងបរិស្ថានជុំវិញ គឺចាំបាច់រួមគ្នាដើម្បីការពារ ដែលនេះជាកត្តាចាំបាច់ និងជាផ្នែកមួយនៃគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រទេស ដូច្នេះរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ឬអាងចម្រោះទឹកកខ្វក់នេះណាស់។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការគិតគូរលើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្លោះទឹកកខ្វក់នៅទីក្រុង ឆ្លើយតបនឹងការរីកលូតលាស់ឥតឈប់ឈរ និងកំណើន ប្រជាពលរដ្ឋនៅតាមបណ្តាទីប្រជុំជនសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។យោងតាមរបាយការណ៍របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅដែលបើកការដ្ឋាននៅថ្ងៃនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA SEOYOUNG ដែលមានតម្លៃកិច្ច សន្យាសរុបប្រមាណជាង ៩០ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយ ផលប៉ះពាល់ និងពន្ធអាករផ្សេងៗ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយគ្រោង បញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧។ ខណៈបច្ចុប្បន្ននេះក្រសួងបានបញ្ចប់ និងកំពុងសាងសង់ស្ថានីយចម្លោះទឹកកខ្វក់សរុបចំនួន ១៤ កន្លែង និងទីលានទុកដាក់សំរាមចំនួន ១១ កន្លែងរួមទាំងបណ្តាញលូគ្រប់ប្រភេទនៅតាមទីក្រុង និងទីប្រជុំជនសំខាន់ៗក្នុងតំបន់ជុំវិញបឹងទន្លេសាប តំបន់ជាប់សមុទ្រ និងតំបន់ទេសចរណ៍ផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ ការគិតគូរលើបញ្ហាសំរាម និងទឹកកខ្វក់ជាការគិតគូរដល់សុខភាព និងការរស់នៅរបស់ពលរដ្ឋ

2025/05/06 12:25:34 pm        127
ក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ការគិតគូរលើបញ្ហាសំរាម និងបញ្ហាទឹកកខ្វក់ គឺជាការគិតគូរដល់សុខភាព និងការរស់នៅរបស់ពលរដ្ឋ និងការបង្កា ទប់ស្កាត់ជំងឺផ្សេងៗដែលអាចកើតឡើងពីបរិស្ថានរស់នៅរបស់ពលរដ្ឋដោយផ្ទាល់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់- កាលទី១ ដោយបន្តកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី ១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥។ ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តោតកាន់តែខ្លាំងលើបញ្ហាសុខភាព និង សុខុមាលភាពរបស់ប្រជាជនកម្ពុជា, ទាំងនៅទីប្រជុំជន និងទីជនបទ, ហើយការអភិវឌ្ឍប្រព័ន្ធចម្លោះទឹកកខ្វក់ជាបន្តបន្ទាប់នេះ គឺជាការខិតខំមួយក្នុងចំណោមការប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីបន្តកាត់បន្ថយអត្រាឈឺ និង ស្លាប់បណ្តាលមកពីការឆ្លងជំងឺកង្វះអនាម័យ និងបរិស្ថានកខ្វក់។ក្នុងឱកាស សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា តាមរយៈ“គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” នេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង០៦ សង្កាត់នៃក្រុង តាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ គម្រោងនេះក៏នឹងជួយជំរុញការវិនិយោគ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ។សូមជម្រាបថា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណភាពនៅក្នុងទីក្រុង និងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលត្រូវបាន កំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានសម្រេចផងដែរនូវសមិទ្ធផលច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង និរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈនៅកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ អួលដើមក និងស្រក់ទឹកភ្នែក ខណៈរំលឹកពីការឈឺចាប់ពេលធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប៉ុល ពត

2025/05/06 12:14:27 pm        98
សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានស្រក់ទឹកភ្នែក និងមានប្រសាសន៍ទាំងអួលដើមក ពេលដែលសម្តេចរំលឹកអំពីដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប៉ុល ពត ពោលគឺធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើឲ្យវៀតណាម ជួយរំដោះកម្ពុជា ចេញពីរបបវាលពិឃាតដ៏ខ្មៅងងិតកម្ពុជាប្រជាធិបតេយ្យនោះ។ក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្ដីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA SCHOOL OF GOVERNMENT)នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងវ័យ២៥ឆ្នាំ សម្តេច បានលះបង់ប្រពន្ធកូន និងឱពុកម្តាយជាទីស្រលាញ់ ដើម្បីធ្វើដំណើរទាំងគ្រោះថ្នាក់ ក្នុងគោលបំណងរំដោះកម្ពុជាឲ្យរួច ផុតពីសង្រ្គាមកាប់សម្លាប់ខ្មែរគ្នាឯង ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទាំងទឹកភ្នែងនៅមុខមហាជនក្នុងវេទិការអន្តរជាតិ ក្នុងទឹកដីប្រទេសឥណ្ឌូនេស៊ីនោះថា បើសិនជាសម្តេច និងសមមិត្តរួមដំណើរ មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុនក្នុងការរំដោះជាតិ ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេតើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជា ឬអាចធ្វើឲ្យប្រជាជាតិកម្ពុជាផុតពូជ ខណៈដែលជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់នាពេលនោះបានស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហមនោះ។សូមរំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសម្តេចតេជោ ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងទៀតថា ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់សម្តេច និងយុទ្ធមិត្តកាលពី៤៨ឆ្នាំមុននេះហើយ ដែលជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឲ្យទទួលបានពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន ដូច្នេះ ក្នុងតម្លៃណាក៏ដោយ គឺសម្តេចមិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញនូវសុខសន្តិភាពនេះឡើយ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
06/13/2026 01:06 PM
សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
06/13/2026 01:06 PM
BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
06/13/2026 12:06 PM
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
06/13/2026 12:06 PM
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
06/13/2026 12:06 PM
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
06/13/2026 11:06 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
06/13/2026 11:06 AM
អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
06/13/2026 10:06 AM
បទឈប់បាញ់នៅលីបង់ ជាការសាកល្បងវាយតម្លៃសម្រាប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
06/13/2026 10:06 AM