រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង៣៧ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក

2025/05/06 11:07:27 am        131
ក្នុងឱកាសជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ( Prabowo Subianto ) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដំណើរទស្សនកិច្ចការងារនៅឥណ្ឌូណេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកឡើងថា កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង៣៧ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក។ ដូច្នេះសមិទ្ធផលកម្ពុជានៅពេលនេះមិនអាចកាត់ផ្តាច់ពីការជួយរបស់ឥណ្ឌូណេស៊ីឡើយ ដោយសម្តេចបានអរគុណចំពោះការចូលរួមរបស់ឥណ្ឌូណេស៊ី ក្នុងការជួយដល់កម្ពុជា។នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមប្រធានាឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានសម្តែងការស្វាគមន៍ចំពោះសម្តេចតេជោ ដោយឯកឧត្តមលើកឡើងថា ជាកិត្តិយដែលបានទទួលវត្តមានរបស់សម្តេចតេជោនៅឥណ្ឌូណេស៊ី បន្ទាប់ពីឯកឧត្តមបានជួបសម្តេចនៅភ្នំពេញ នៅខែកញ្ញា ឆ្នាំ២០២៤ មុនឯកឧត្តម ស្បថចូលកាន់ដំណែង។ ឯកឧត្តមប្រធានាធិបតីបន្តថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្តេចជាបុរសរដ្ឋ ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។ ឯកឧត្តម បន្តថា ឥណ្ឌូណេស៊ី តែងតែប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងដោះស្រាយទំនាស់ដោយសន្តិវិធីនៅកម្ពុជា តាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង១៩៩០ ដែលកាលប្រវត្តិនេះ ជាគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី លើគ្រប់វិស័យ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខណ្ឌអាស៊ាន។ នៅក្នុងជំនួបនោះ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តមប្រធានាធិបតី ដែលជាមិត្តចាស់ ដោយសម្តេចនិងឯកឧត្តមបានស្គាល់គ្នាជាង ៣០ ឆ្នាំមកហើយ។ សម្តេចបន្តថា កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង ៣៧ ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក។ សម្តេចតេជោ បន្តថា កម្ពុជានិងឥណ្ឌូណេស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងនៅក្របខណ្ឌទ្វេភាគី និងអាស៊ាន។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតកន្លងទៅ ដែលឯកឧត្តមប្រធានាធិបតី ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា លើកឡើងទៀតថា ថ្មីៗនេះ ឥណ្ឌូណេស៊ី បានក្លាយជាអធិរាជផ្នែកស្បៀង ហើយក៏ជាអធិរាជផ្នែកសន្តិសុខឋាមពលផងដែរ តែកម្ពុជាវិញ មានសន្តិសុខស្បៀង តែខ្វះសន្តិសុខឋាមពល។ សម្តេចតេជោ បន្តថា ប្រទេសទាំងពីរមានសហប្រតិបត្តិការល្អ ហើយសម្តេចសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរឱ្យខ្លាំងក្លាថែមទៀត។នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានជម្រាបទៅលើប្រធានាធិបតីឥណ្ឌូណេស៊ី ពីការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាចំពោះឯកឧត្តមក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលសមស្រប។ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅ មានប្រធានាធិបតីឥណ្ឌូណេស៊ីជាច្រើនបានទៅទស្សនកិច្ចនៅកម្ពុជា។ ជាការឆ្លើយតបលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានអរព្រះគុណព្រះករុណា ព្រះមហាក្សត្រកម្ពុជា ចំពោះការអញ្ជើញ រូបឯកឧត្តម ហើយឯកឧត្តមប្រធានាធិបតី បានជម្រាបសម្តេចតេជោថា ឯកឧត្តម សូមទទួលយក និងទៅបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតី ក៏បានផ្តាំតាមសម្តេចតេជោឲ្យនាំនូវសេចក្តីនឹករលឹកពីឯកឧត្តម ថ្វាយព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តម ប្រាបូវ៉ូ បានជម្រាបសម្តេចតេជោទៀតថា ក្នុងរយៈពេល ៦ ខែ ដែលឯកឧត្តម ធ្វើជាប្រធានាធិបតីឥណ្ឌូណេស៊ី ប្រទេសឥណ្ឌូនេស៊ី បានទទួលសមិទ្ធផល ខាងផ្នែកសន្តិសុខស្បៀង ជាមួយនឹងការយកចិត្តទុកដាក់សន្តិសុខឋាមពល ជាពិសេសជំរុញវិនិយោគផ្នែកសន្តិសុខឋាមពល។ឯកឧត្តមបន្តថា ឥណ្ឌូណេស៊ី ចង់ឲ្យកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នា លើផ្នែកនេសាទ ហើយឥណ្ឌូណេស៊ី ត្រៀមឲ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទនិងឋាមពលនៃប្រទេសទាំងពីរ។ ចំណែកពាក់ព័ន្ធនឹងការហោះហើររវាងប្រទេសទាំងពីរឯកឧត្តម ប្រាបូវ៉ូ លើកឡើងថា បច្ចុប្បន្ននេះ ជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia មានជើងហោះហើរទៅកោះបាលី របស់ឥណ្ឌូណេស៊ី ឯក្រុមហ៊ុនឥណ្ឌូណេស៊ី ក៏កំពុងសិក្សាដើម្បីបើកជើងហោះហើរទៅខេត្តសៀមរាបផងដែរ។នៅចុងក្រោយនៃជំនួប សម្តេចតេជោ និងឯកឧត្តម ប្រាបូវ៉ូ ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធានៃប្រទេសទាំងពីរដែលមានសន្ទុះល្អ ហើយមេដឹកនាំទាំងពីរបន្តជំរុញឲ្យពង្រីកបន្ថែម។លើសពីនេះ ភាគីទាំងពីរជជែកពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន លើបទឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀនជាដើម៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ

2025/05/06 09:53:57 am        158
កណ្ដាល៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ខេត្តកណ្តាលនាពេលនេះ នឹងអាចផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ប្រជាជន តាមរយៈការកាត់បន្ថយការងារ បរិស្ថានសំដៅចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ សាធារណរដ្ឋកូរ៉េ ដែលបានបន្តគាំទ្រ និងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ខណៈតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចទៅសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំមុនបានលើកកម្រិតទំនាក់ទំនងប្រទេសទាំងពីរឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ដ ដែលនេះជាឱកាសជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមទៀតមកកម្ពុជា។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ សុខភាពគឺជាគោលសំខាន់ បើយើងមានសុខភាពល្អ គឺជាធនធាន ប៉ុន្ដែបើយើងមានជំងឺ សុខភាពមិនល្អ គឺជាបន្ទុកក្នុងគ្រួសារ ដូច្នេះទើបក្នុងរយៈពេលជិត២០ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានកសាងនូវសមត្ថផលសុខាភិបាល និងដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់សុខុមាលភាពសុខភាពដល់ពលរដ្ឋ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ក្រុងតាខ្មៅនាពេលនេះ ខុសពីក្រុងតាខ្មៅនាពេលកន្លងមក មានហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ លំនៅដ្ឋានសាងសង់ និងកំណើនប្រជាពលរដ្ឋច្រើន ដូច្នេះការដោះស្រាយបញ្ហាទឹកកខ្វក់ជាការសំខាន់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការយកចិត្តទុកដាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ មិនត្រឹមតែគិតគូទៅលើការព្យាបាលប៉ុណ្ណោះទេ ប៉ុន្ដែត្រូវគិតគូទៅដល់ការបង្កា ការពារ កុំឱ្យកើតមានឡើង ជាពិសេសជំងឺដែលពាក់ព័ន្ធទៅនឹងបរិស្ថានជុំវិញ គឺយើងចាំបាច់រួមគ្នាដើម្បីការពារ ដែលនេះជាកត្តាចាំបាច់ និងជាផ្នែកមួយនៃគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រទេស ដូច្នេះរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍចម្រោះទឹកកខ្វក់នេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការកសាងមិនអាចធ្វើមួយថ្ងៃបានទេ ប៉ុន្តែរាជរដ្ឋាភិបាលនឹងខិតខំធ្វើ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល។ -សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនិងបន្តចុះគ្រប់ទីកន្លែង ដើម្បីសម្ពោធសមិទ្ធផលជាច្រើន ជាបន្តបន្ទាប់ទៀតនៅទូទាំងប្រទេស ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ នេះជាផ្ការីករបស់រាជរដ្ឋាភិបាល ។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ កាលពីខ្ញុំនៅក្មេងពេលចូលឆ្នាំម្ដងៗខ្ញុំមិនដែលបានឃើញមុខឪពុកខ្ញុំទេ ព្រោះឪពុកខ្ញុំចេញទៅសមរភូមិ ប៉ុន្ដែបច្ចុប្បន្នក្នុងមួយឆ្នាំៗ កម្ពុជាយើងចូលឆ្នាំច្រើនដងណាស់ សប្បាយណាស់ពេលចូលឆ្នាំ មិនដូចកាលពីខ្ញុំនៅក្មេងទេ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ៖ អ្នកណាធ្វើផ្ការីកអីក៏ធ្វើទៅ សំខាន់រាជរដ្ឋាភិបាល ខិតខំកសាងសមិទ្ធផលឲ្យរីកកាន់តែខ្លាំង ដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ ទាំងមូល។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺចង់មានន័យឌឺដង ឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស៕-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោង នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែកក្កដា ឆ្នាំ២០២៥ នឹងមានតំបន់សេដ្ឋកិច្ចពិសេសមួយនៅ ក្បែរអាកាសយានដ្ឋាននោះថែមទៀត។ តំបន់សេដ្ឋកិច្ចពិសេសនោះក៏មានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធត ភ្ជាប់ជាមួយនឹងព្រែកជីកហ្វូណនតេជោផងដែរ។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ទោះបីជាបច្ចុប្បន្នពិភពលោកកំពុងមានបញ្ហាស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្ដែខ្ញុំសូមឱ្យប្រជាពលរដ្ឋ ជឿជាក់រាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលនៅជាមួយបងប្អូន កសាងសមិទ្ធផលសម្រាប់បងប្អូន មិនទៅណាចោលប្រជាពលរដ្ឋទេ។

ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ នៅកម្ពុជា

2025/05/05 09:04:25 pm        150
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។នៅក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកប្រធានបានសម្ដែងនូវចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​និងជាអតីត​នាយក​រដ្ឋមន្ត្រី​ ​និងសម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី។​ ចំពោះរូបលោក, កម្ពុជាតែងមានការផ្លាស់ប្តូរជាវិជ្ជមានជានិច្ច​ នៅរាល់ពេលដែលលោកមកកម្ពុជា​ ម្តងៗ។ ជាមួយគ្នានេះ, លោកប្រធានក៏បានបង្ហាញនូវក្ដីសោមនស្សរីករាយ ដែលបានឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា​ កាន់តែរឹងមាំ និង​ រីកលូតលាស់​ខ្លាំងក្លា។ ឆ្លៀតក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ និងការផលិតនូវផលិតផលផ្សេងៗ ដែលជាការកែច្នៃចេញពីសំណល់នៃការចម្រាញ់ប្រេងឆៅ។ លោកប្រធានបន្ថែមថា ការវិនិយោគនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការជំរុញដល់ការបង្កើនផលិតភាពនៃផលិតកម្មរបស់កម្ពុជា ផងដែរ។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងការស្វាគមន៍ចំពោះលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា កម្ពុជាតែងតែស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគនានា​ ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ បន្ថែមលើនេះ, សម្តេចបវរធិបតីក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុន ដែលវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់។ ការវិនិយោគលេីខ្សែច្រវាក់ផ្គត់ផ្គង់​ គឺជាទិសដៅដ៏សំខាន់របស់កម្ពុជាក្នុងការជំរុញការផលិតនូវផលិតផលពាក់កណ្ដាលសម្រេច ក៏ដូចជាផលិតផលសម្រេច ដើម្បីបម្រើទៅដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅតំបន់​ និងសកលលោក។ មុននឹងបញ្ចប់, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យ និងពិចារណាក្នុងការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ព្រមទាំងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសិក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា៕

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ​ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា

2025/05/05 08:56:14 pm        188
ភ្នំពេញ ៖ រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសជំនួបនេះ​, ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា​ និងដែលបានទទួលការអនុញ្ញាតពីសម្តេចបវរធិបតី​​ ឱ្យចូលជួបសម្តែងការគួរសម។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ សម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឯកឧត្តម​ និងគណៈប្រតិភូ​ នឹងជួបពិភាក្សាការងារ​ ជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា ហើយគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ដែល MoU នេះ នឹងរួមចំណែកពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍របស់កូរ៉េក្នុងការគ្រប់គ្រងធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាប្រសិទ្ធភាព,​ ចីរភាព និងអស់សក្តានុពល​ នៃធនធាន​ សម្រាប់បម្រើដល់វិស័យទ្រទ្រង់សេដ្ឋកិច្ច ជាពិសេស​ វិស័យឧស្សាហកម្ម។ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា បន្ថែមទៀត។ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះការគាំទ្រ​ និងជំនួយរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹករវាងកម្ពុជា និងកូរ៉េ។ ជាមួយគ្នានេះ, សម្តេចបវរធិបតី បានលើកឡើងថា ស្របពេលដែលនគរូបនីយកម្មនៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងការកើនឡើងនូវតម្រូវការនៃការប្រើប្រាស់ទឹក ព្រមទាំងការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹកស្អាតជូន​ប្រជាពលរដ្ឋ​ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព​ និង​ ចីរភាព។ ក្នុងន័យនេះ, សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងតភ្ជាប់ប្រព័ន្ធធារាសាស្ត្រដែលតភ្ជាប់ទន្លេមេគង្គ និងបឹងទន្លេសាប និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េលើការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នៃគម្រោងតភ្ជាប់នេះ។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រសួងបរិស្ថានកូរ៉េ បន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ដើម្បីរួមចំណែកគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព​, អស់សក្តានុពល​ និង​ មានចីរភាព៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល «សូមយើងរួមគ្នាប្រឆាំងជាមួយនឹងជំងឺមហារីក»

2025/05/05 07:50:37 pm        96
ភ្នំពេញ ៖ បន្ទាប់ពីពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានការធ្វើបទបង្ហាញស្តីពី «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ តំណាងដោយលោកជំទាវ រ័ត្ន បូតា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត។​ជាកិច្ចចាប់ផ្តើមឆ្លុះបញ្ចាំងអំពីខ្លឹមសារ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា ឯកសារដ៏សំខាន់នេះ គឺជាលទ្ធផលនៃការងាររយៈពេលវែង ដែលបានប្រមូលផ្តុំអ្នកជំនាញជាច្រើន នៅក្នុងក្រុមការងារបច្ចេកទេសកម្រិតខ្ពស់ នៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក រួមទាំងតំណាងក្រសួង ស្ថាប័ន និងអង្គការនានា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះសហភាតរៈទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការធ្វើឱ្យផែនការជាតិនេះលេចជារូបរាងឡើងនាថ្ងៃដ៏នក្ខត្តឫក្សនេះ។ ជំងឺមហារីកជានិមិត្តរូបនៃសំណាងអាក្រក់។ ដូច្នេះហើយយើងត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់។ គ្រូពេទ្យមានកាតព្វកិច្ច ជា «មធ្យោបាយព្យាបាល ថែទាំ» រីឯអ្នកពាក់ព័ន្ធទាំងឡាយ ជាអ្នកដែលត្រូវ «ទទួលស្គាល់លទ្ធផល» ដែលទាំងអស់គ្នាត្រូវប្រឹងប្រែងប្រែក្លាយសំណាងអាក្រក់នេះ ឱ្យទៅជាសេចក្តីសង្ឃឹម។ អ្នកដែលចាប់ផ្តើមប្រែក្លាយឱ្យទៅជាសេចក្តីសង្ឃឹមនេះគឺអ្នកដឹកនាំ គ្រូពេទ្យ អ្នកថែទាំ អ្នកស្រាវជ្រាវ អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ សហគមន៍ ដែលត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានការយល់ដឹងឱ្យបានច្យាស់លាស់ទាំងអស់គ្នាអំពីជំងឺមហារីកនេះ។ សរុបមកបញ្ហាប្រឈមនៃជំងឺមហារីកនេះជាភារកិច្ចរបស់មនុស្សគ្រប់រូបទាំងអស់គ្នា។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ និងសូមផ្ញើសារទៅប្រជាពលរដ្ឋគ្រប់រូបអំពីការការពារ និងការប្រយុទ្ធប្រឆាំងនៃជំងឺមហារីកដូចតទៅ៖ក. ចំពោះអ្នកវិជ្ជាជីវសុខាភិបាល៖ សូមទំនាក់ទំនងជាមួយអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ ដោយធ្វើការស្វែងយល់ចិត្តអ្នកជំងឺ នៅពេលពួកគាត់ទទួលដំណឹងថាមានជំងឺមហារីក ធ្វើយ៉ាងណាកុំឱ្យអ្នកជំងឺបាក់ទឹកចិត្ត បាត់បង់ស្មារតី។ខ. ចំពោះអ្នកពាក់ព័ន្ធ៖ ត្រូវចូលរួមប្រឆាំងជាមួយជំងឺមហារីក សូមគ្រប់ក្រសួង ស្ថាប័ន ចូលរួមទាំងអស់គ្នា ក្នុងការបង្ការឱ្យស្រប និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដូចជា ការចូលរួមចាក់ថ្នាំបង្ការមហារីកមាត់ស្បូន ការអប់រំសុខភាព តាមសាលា តាមសហគមន៍ ត្រួតពិនិត្យផលិតផលកសិកម្ម ទៅលើសាច់នាំចូល។ល។ គ. ចំពោះប្រជាពលរដ្ឋ៖ សូមឱ្យស្វែងយល់អំពីការគំរាមគំហែងនៃជំងឺមហារីក ទំនាក់ទំនងជំងឺមហារីកជាមួយជីវភាពរស់នៅប្រចាំថ្ងៃ សុខភាពរបស់ក្រុមគ្រួសារ សុវត្ថិភាពសុខភាពយូរអង្វែង ក្តីសង្ឃឹម ការព្រាត់ប្រាស់ បំណុល។ ដែលយើងអាចកាត់ចេញបាននៃកត្តាខាងក្រៅរបស់ជំងឺមហារីក។ ជាងនេះទៅទៀត សូមប្រជាពលរដ្ឋទាំងអស់ ឆាប់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋាន ដើម្បីទទួលបានការពិនិត្យ និងព្យាបាលថែទាំទាន់ពេលវេលា។មុននឹងបញ្ចប់ពិធី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរ «ត្រូវរួមគ្នា ដើម្បីកម្ពុជាយើងកាត់បន្ថយអត្រាហានិភ័យនៃជំងឺមហារីកនេះ ហើយមានសង្ឃឹមថាកម្មវិធីជាតិប្រយុទ្ធនឹងជំងឺមហារីក នឹងទទួលបានជោគជ័យទៅតាមដំណើរការ ដើម្បីសុខភាពរបស់ជាតិកម្ពុជារបស់យើង»៕អត្ថបទ រដ្ឋា

ក្រសួងធម្មការ និងសាសនា បន្តលើកកម្ពស់ និងអភិរក្សប្រពៃណី តាមរយៈការរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៤៩)

2025/05/05 07:39:39 pm        125
ភ្នំពេញ ៖ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានលើកឡើងថា ក្រសួងធម្មការ និងសាសនា កំពុងបន្តអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងអភិរក្សប្រពៃណី ទំនៀមទំលាប់ ព្រះពុទ្ធសាសនា។ ការថ្លែងរបស់ឯកឧត្តម ហាក់ ប៊ុនធឿន យ៉ាងដូច្នេះក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៩, ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ព្រះមន្រ្តីសង្ឃ សិក្ខាកាមជាអាចារ្យ អាចារ្យនី មកពីរាជធានី-ខេត្ត ចំនួន២០៥ អង្គ/នាក់ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ឯកឧត្តម ហាក់ ប៊ុនធឿន បានបន្តថា វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរជំនាន់ទី៤៩នាឱកាសនេះ រៀបចំដោយនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ដឹកនាំដោយឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ក្រោមការយកចិត្តទុកដាក់ស្របតាមអនុសាសន៍ណែនាំប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញឲ្យក្រសួងធម្មការ និងសាសនា ដែលដឹកនាំដោយ ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានណែនាំឲ្យថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ចែករំលែកនូវចំណេះដឹងបន្ថែម ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិជាដើម។ ទន្ទឹមនឹងការអភិរក្សរហូតដល់សព្វថ្ងៃ តាមរយៈនេះ ឯកឧត្តម បានសំណូមពរ ដល់សិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់យកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ និងចែករំលែកចំណេះដឹងរបស់ខ្លួនឲ្យបានទូលំទូលាយ និងសូមជូនពរដល់សិក្ខាកាមទាំងអស់ទទួលបានជោគជ័យទៅតាមបែបបទជំនាញរៀងៗខ្លួន។នាឱកាសនេះ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជាគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ទើបសម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់នាំណែឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ។សូមជម្រាបជូនថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់នូវអនុសាសន៍ដល់ក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ដោយគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ ជាជំនាន់ទី១ រហូតមកដល់បច្ចុប្បន្នមកដល់ជំនាន់ទី៤៨ហើយ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀម ទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង ។ ដោយឡែកសម្រាប់ វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៩ នាឱកាសនេះ គឺសិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ១៩មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ៕អត្ថបទ រដ្ឋា

ស្ថាប័នតុលាការកំពូល កម្ពុជា-ឡាវ នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមទៀត

2025/05/05 07:22:24 pm        123
ភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វៀងថុន ស៊ីផាន់ដន (Viengthong Siphandone) ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវ វៀងថុន ស៊ីផាន់ដន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម​​ និងពិភាក្សាការងារ។ លោកជំទាវបានជម្រាបជូនសម្តេចបវរធិបតីថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូ មកកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលឡាវ-កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ លោកជំទាវក៏បានជម្រាបជូនសម្ដេចបវរធិបតីបន្ថែមថា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ នាថ្ងៃស្អែក, ស្ថាប័នកំពូលទាំងពីរនឹងចែករំលែកបទពិសោធន៍ និងព័ត៌មាន រវាងគ្នា និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន រួមទាំងការជួញដូរមនុស្ស,​ ការជួញដូរគ្រឿងញៀនខុសច្បាប់​,​​ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (online scams) ក៏ដូចជាការបន្តសហការគ្នានៅក្នុងវេទិកាអន្តរជាតិ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ​ និងដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” កាលពីឆ្នាំ២០១៩។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ចំណងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ គឺជាមរតកដែលបានបន្សល់ទុកពីថ្នាក់ដឹកនាំជំនាន់មុនៗ ហើយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តពូនជ្រុំទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតីក៏បានគូសរំលេចពីវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ លើវិស័យជាច្រើន ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ថាមពល និងពាណិជ្ជកម្ម ជាដេីម។ សម្តេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលនៃប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការល្អរវាងតុលាការកំពូលទាំងពីរ នឹងចូលរួមចំណែកដល់ការអនុវត្តច្បាប់ ដេីម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការជួញដូរមនុស្ស និងគ្រឿងញៀន​ ខុសច្បាប់។  សម្ដេចបវរធិបតីក៏បានគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នតុលាការនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត នៅគ្រប់កម្រិត៕

សម្តេចតេជោ អញ្ជើញដល់សាធារណរដ្ឋឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាព និងចាប់ផ្ដើមទស្សនកិច្ចការងារ

2025/05/05 04:58:24 pm        137
ភ្នំពេញ ៖នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។​ដំណើរអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកនយោបាយមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំប្រទេសឥណ្ឌូនេស៊ីនោះ ទទួលបានការស្វាគមន៍យ៉ាងមហោឡារិក កក់ក្តៅ និងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិនាទីក្រុងហ្សាការតាភ្លាម សម្តេចតេជោ ទទួលបានការស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់ប្រទេសឥណ្ឌូនេស៊ី និងឈរអមជារបងដោយកងកិត្តិយសរបស់ឥណ្ឌូនេស៊ី ចាប់ពីព្រលានយន្តហោះ រហូតដល់វិមានប្រធានាធិបតីឥណ្ឌូនេស៊ី ក្បួនរថយន្តរបស់សម្តេចតេជោ ត្រូវបានហែហមអមក្បួនដោយរថយន្ត និងម៉ូតូកិត្តិយសជាច្រើនគ្រឿង។ នៅឯវិមានប្រធានាធិបតីវិញ មានការរៀបចំពិធីស្វាគមន៍ជាផ្លូវការយ៉ាងមហោឡារិក ដោយឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងកងកិត្តិយសជាច្រើនរូប មានទាំងកងកិត្តិយសជិះសេះជាក្បួនថែមទៀតផង។កាន់តែពិសេសថែមទៀតនោះ ដំណើររបស់សម្តេចតេជោ ចាប់ពីពេលអញ្ជើញដល់ព្រលានយន្តហោះ រហូតដល់ជួបជជែកការងារជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវបានផ្សាយផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនរបស់ឥណ្ឌូនេស៊ីផងដែរ។ បន្ទាប់នៅនៅរសៀលនេះ សម្តេចតេជោ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតីផងដែរ។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃនៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ី សម្តេចតេជោ មានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូនេស៊ី រួមមានឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន, ប្រធានព្រឹទ្ធសភា និងលោកជំទាវស្រី ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។ក្នុងឱកាសស្នាក់នៅរដ្ឋធានីហ្សាការតា សម្ដេចតេជោប្រធានព្រឹទ្ធសភា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងមាន ជំនួបរួមគ្នាជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្ត្រប្រចាំអាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងផ្តល់បាឋកថាពិសេស ក្រោមប្រធានបទ «កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក» ដែលជាវិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប ២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ជាមួយគា្ននេះ សម្តេចតេជោ នឹងអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលនឹងមានការចូលរួមដោយអគ្គលេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ីនិងប្រចាំអាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូនេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូនេស៊ី៕អត្ថបទ៖ វ៉ន ដារ៉ា

ឧត្តមនាវីឯក ទៀ សុខា ដឹកនាំមន្រ្តីចូលរួមពិព័រណ៍ការពារជាតិសន្តិសុខលំហសមុទ្រអន្តរជាតិ អាស៊ី និងសន្និសីទលំហសមុទ្រអន្តរជាតិនៅប្រទេសសិង្ហបុរី

2025/05/05 04:24:44 pm        221
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជា​អគ្គ​លេខា​ធិការ​ជាតិ​សន្តិសុ​ខ​លម្ហ​សមុទ្រ​ បានអញ្ជើញដឹកនាំប្រតិភូកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ចូល​រួម​ពិព័រណ៍​ការពារ​ជាតិ​សន្តិសុខលម្ហសមុទ្រអន្តរជាតិអាស៊ី (IMDEX) និងសន្និសីទ​លម្ហស​មុទ្រ​អន្តរជាតិ​(IMSC) នៅ​ប្រទេសសិង្ហបុរី រយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២៥​នេះ។បើតាមឧត្តមនាវីឯក សំ សុខា អ្នកនាំពាក្យកងទ័ពជើងទឹកបានឲ្យដឹងថា ពិព័រណ៍​ការពារ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​អន្តរជាតិអាស៊ី និងសន្និសីទលម្ហសមុទ្រ(IMDEX ASIA 2025) គឺ​ជា​ព្រឹត្តិការណ៍​ការពារដែនសមុទ្រ និងដែនសមុទ្រឈានមុខគេរបស់អាស៊ី ប៉ាស៊ីហ្វិក។ ការពិព័រណ៍​ការពារ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​អន្តរជាតិ​អាស៊ី និង​សន្និសីទ​លម្ហ​សមុទ្រ​នេះ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​របស់ខ្លួននៅក្នុងឆ្នាំ ១៩៩៧ ហើយក្លាយ​ទៅ​ជាវេទិកា​សម្រាប់​អាជីវកម្ម​នៃ​សមុទ្រ​ដើម្បី​បង្ហាញ​នាវា ប្រព័ន្ធការពារជាតិ និងបច្ចេកវិទ្យាទំនើបៗ។ ឧត្តមនាវីឯក សំ សុខា បានឲ្យដឹង​ទៀត​ថា​ព្រឹត្តិការណ៍តាំងពិព័រណ៍សម្រាប់ឆ្នាំ២០២៥នេះ នឹងមានគណៈប្រតិភូចូលរួម​មក​ពី​ប្រទេស​ជាង​៤០​ហើយនាវាចម្បាំងធំៗចូលរួមដាក់ពិព័រណ៍ចំនួន២២គ្រឿង រួមទាំងយុទ្ធោបករណ៍​ទំនើបៗ​ជា​ច្រើនទៀតផងដែរ៕ អត្ថបទ៖​ បាន ចក់

រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីបរិច្ចាគឈាមក្រោមប្រធានបទ ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់

2025/05/05 04:18:30 pm        161
ក្រោមប្រធានបទដ៏មានអត្ថន័យ "ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់" រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ បានរៀបចំឡើងនូវពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដ៏ឱឡារិក ដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់ឈាមជូនដល់មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ក៏ដូចជាអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ក្នុងការព្យាបាល។ ពិធីដ៏មសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុង-ស្រុកទាំង៨ កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតនាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទព្រះវិហារ នៃអគាររដ្ឋបាលសាលាខេត្តជាន់ទី៣។ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានលើកឡើងថា "ក្លឹបនៃក្តីស្រឡាញ់" បានរួមចំណែកយ៉ាង សំខាន់ក្នុងការជំរុញយុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមគាំទ្រគោលដៅបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ១០០% របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សកម្ម ភាពនេះ មិនត្រឹមតែលើកកម្ពស់វប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃប៉ុណ្ណោះទេ ថែមទាំងពង្រឹងនូវសុវត្ថិភាព និងនិរន្តរភាពឈាម សម្រាប់សង្គ្រោះជីវិតមនុស្សផងដែរ។ ឯកឧត្តម បានបន្តទៀតថាការបរិច្ចាគឈាម គឺជាទង្វើដ៏មានតម្លៃដែល បង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្ត ទុកដាក់ចំពោះសង្គម។ ឈាមដែលបាន បរិច្ចាគនឹងត្រូវប្រើប្រាស់សម្រាប់ការវះកាត់ ព្យាបាលជំងឺធ្ងន់ធ្ងរ និងសង្គ្រោះជីវិតអ្នកជំងឺ ដូចជា ជំងឺមហារីក ជំងឺឈាម អ្នកជំងឺដែល រងរបួសធ្ងន់ និងស្ត្រីឆ្លងទន្លេជាដើម។បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា"ក្លឹបនៃក្តីស្រឡាញ់" ប្តេជ្ញាបន្តរៀបចំកម្មវិធី បរិច្ចាគឈាមជាប្រចាំ ដើម្បីបំពេញតម្រូវការ ឈាមនៅក្នុងមន្ទីរពេទ្យ។ សូមបញ្ជាក់ថា កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ២០០នាក់ ក្នុងនោះមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន ១៤១នាក់ ស្រី៣៥នាក់។ អ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាគមានចំនួន ៣៦ នាក់ ស្រី ២៦ នាក់។ ឈាមដែលប្រមូលបានមានចំនួន ៨៤ សាក់ ដែលមានក្រុមឈាម O+ ចំនួន ២៦ សាក់, AB+ ចំនួន ៦ សាក់, A+ ចំនួន ១៦ សាក់ និង B+ ចំនួន ៣៦ សាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
06/13/2026 01:06 PM
សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
06/13/2026 01:06 PM
BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
06/13/2026 12:06 PM
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
06/13/2026 12:06 PM
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
06/13/2026 12:06 PM
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
06/13/2026 11:06 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
06/13/2026 11:06 AM
អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
06/13/2026 10:06 AM
បទឈប់បាញ់នៅលីបង់ ជាការសាកល្បងវាយតម្លៃសម្រាប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
06/13/2026 10:06 AM