ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រ ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន
អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទជាមួយថៃ ដោយសន្តិវិធីតាមរយៈ UNCLOS

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនប្រចាំខណ្ឌទាំង១៤ យកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខ និងកូនៗរបស់គាត់

2026/05/08 12:29:48 pm        94
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ត្រូវយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយត្រូវការពារសន្តិសុខ ជាមួយនិងការគិតគូរពីសុខទុក្ខ មើលថែជីវភាពប្រចាំថ្ងៃជូនគាត់ ពោលគឺមានការខ្វះខាតអ្វីត្រូវផ្តល់ជូនគាត់ភ្លាម បូកទាំងការសិក្សារបស់កូនគាត់ផងដែរ។ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាប្រចាំខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីបន្តដឹកនាំសមាគមឱ្យរីកចម្រើន ដោយត្រូវគោរព និងប្រតិបត្តិឱ្យខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់សមាគម យកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាត កំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិកដែលបានទទួលមរណភាពឱ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់គ្រួសារគាត់។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានក្នុងការលះបង់ ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ ដោយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតដល់សព្វថ្ងៃ។ ដូច្នេះហើយទើបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បង្កើតឱ្យមានសមាគមន៍នេះឡើង គឺដើម្បីឱ្យគ្រប់គ្នាជួយមើលថែចិញ្ចឹមសមាជិកឱ្យបានល្អនិងមានភាពកក់ក្ដៅដូចជាគ្រួសារខ្មែរ នៅពេលឪពុកម្ដាយចាស់ជរាទៅកូនចៅមើលថែទាំឪពុកម្ដាយដូច្នោះដែរ។ក្នុងឱកាសនោះលោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានឡើងអានសេចក្តីសម្រេចស្តីពីការប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដោយបានតែងតាំងអភិបាលខណ្ឌទាំង១៤ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌ និងមានអនុប្រធានប្រចាំការ១រូប អនុប្រធាន៣រូបនិងសមាជិក សមាជិកា២រូប នៅគ្រប់ខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើដល់អ្នកពាក់ព័ន្ធ ជំរុញបង្កើត MSME ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីតភ្ជាប់វិស័យនេះទៅរោងចក្រ

2026/05/08 12:22:16 pm        125
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ពិចារណារបង្កើត តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម នៅក្នុងឬជិតតំបន់សេដ្ឋកិច្ចនានា ក្នុងគោលដៅតភ្ជាប់វិស័យនេះទៅរោងចក្រ សហគ្រាស នានា ដើម្បីជំរុញពង្រីកខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងការអញ្ជើញចូលរួម ជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកាវិនិយោគកម្ពុជា រៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ នេះថា ជុំវិញសហគ្រាសធុនតូច និងមធ្យម (MSME) ចាប់ពីឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាចាកចេញពីប្រទេសដែលមានការ ភិវឌ្ឍតិចតួច អ្វីៗនឹងត្រូវផ្លាស់ប្តូរ ដូច្នេះអ្វីដែលយើងបាននិងកំពុងរៀបចំ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីគាំទ្រ ធ្វើ យ៉ាងណាឱ្យសហគ្រាសធុនតូច និងមធ្យមដើរទៅមុខ ដូច្នេះការគាំទ្រចំគោលដៅ គឺចាំបាច់សម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គង់ផ្គង់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញបញ្ហានេះ ប្រសិនយើងនិយាយពីការវិនិយោគ សូមឱ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រូវនិយាយពី សហគ្រាសធុនតូច និងមធ្យម ដើម្បីរួមគ្នាជំរុញផ្លាស់ប្តូរវិស័យឯកជន។ ឯកឧត្តមក៏បានស្នើដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជា ស្ថាប័នអនុវត្ត និងអ្នកបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ពិចារណារបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម នៅក្នុង ឬជិតតំបន់សេដ្ឋកិច្ចនានា ដើម្បីតភ្ជាប់ទៅនិងរោងចក្រ សហគ្រាស ដើម្បីជំរុញពង្រីកខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនេះជាចំណុចយុទ្ធ សាស្រ្តត្រូវកែប្រែ។ ឯកឧត្តមក៏បានលើកឡើងពីភាពចាំបាច់នៃការធ្វើសាមញ្ញកម្មសេវាសាធារណៈ និងការគាំទ្រពីគ្រប់តួអង្គ រួមទាំង វិស័យហិរញ្ញវត្ថុ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម អាចពង្រឹងសមត្ថភាព និងភ្ជាប់ទៅនឹងគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែល កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅកម្ពុជា។ជុំវិញការរៀបចំតំបន់ប្រមូលផ្តុំ MSME នេះ, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានថ្លែងនូវគាំទ្រចំពោះគម្រោងសហគ្រាសធុនតូច និងមធ្យម (MSME) ដែលបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ទាល់ ដើម្បីងាយស្រួលក្នុងការរៀបចំហេដ្ឋរចនាសម្ព័ន្ធ និងងាយស្រួលក្នុងការផ្គត់ផ្គង់ សម្រាប់យន្តច្រកចេញចូលតែមួយ។ ឯកឧត្តម បន្តថា បញ្ហានេះប្រសិនត្រូវអនុវត្ត គឺត្រូវបង្កើត MSME នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយផ្ទាល់ ព្រោះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេអាចទិញ ឬក៏ជួលដីដែលទំនេរ សម្រាប់អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តម បន្ថែមថា តាមរយៈនេះដែរ សហគ្រាសធុនតូច និង មធ្យម និងអាចទទួលបានការលើកទឹកចិត្ត ដែលបញ្ហានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រាច់ក្នុងរៀបចំផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អនុប្រធានទី១ CDC៖ កម្ពុជាអាចទទួលពន្ធគយបដិការ ១៩% ឬទាបជាងនេះ ខណៈការចរចារកំពុងបន្ត

2026/05/08 12:11:36 pm        158
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា សហរដ្ឋអាម៉េរិកមិនដំឡើងពន្ធគយបដិការ ខ្ពស់ជាងប្រទេសក្នុងតំបន់ឡើយ ហើយនៅពេលខាងមុខ កម្ពុជានឹងអាចទទួលពន្ធគយបដិការ ១៩% ឬទាបជាងនេះ ខណៈបច្ចុប្បន្នពន្ធគយបដិការនេះមិនទាន់កំណត់ ឬបញ្ចប់ការចរចារនៅឡើយ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញថា ជុំវិញពន្ធគយបដិការ រាជរដ្ឋាភិបាលបានអនុវត្តការងារចរចាបញ្ចុះពន្ធគយបដិការរវាង កម្ពុជា-សហរដ្ឋអាម៉េរិក ហើយជាផ្លែផ្កានៃការងារនេះ, កម្ពុជាបានក្លាយជាប្រទេសទី១ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ទោះបីជាតុលាការកំពូលសហរដ្ឋអាម៉េរិក បាន សម្រេចលុបចោលពន្ធគយបដិការនេះក្តី, ផ្អែកតាមបុព្វសិទ្ធរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ, ការដាក់ពន្ធគយ នានាក៏នៅតែអាចធ្វើទៅបាន ដូច្នេះកម្ពុជាសង្ឃឹមថា, នៅមានលទ្ធភាពក្នុងការចរចាជាមួយនឹងសហរដ្ឋអាម៉េរិក ធ្វើយ៉ាងណាប្រើប្រាស់ លទ្ធផល នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដែលបានសម្រេចកន្លងមក ជាមូលដ្ឋានក្នុងការកំណត់អត្រាពន្ធគយថ្មីៗ នាពេលខាង មុខ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា បន្ទាប់តុលាការកំពូលសហរដ្ឋអាម៉េរិកលុបចោលពន្ធគយបដិការនេះ ក្រុមការងារពិសេស របស់រាជរដ្ឋាភិបាលក៏បានជួបជាមួយតំណាងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ពិភាក្សអំពីពន្ធគយបដិការនេះ ថាតើសហរដ្ឋអាម៉េរិក នៅតែបន្តគោរពកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយកម្ពុជា ដែលបានផ្តល់ពន្ធគយបដិការនេះ ១៩% ឬយ៉ាងណា?។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា ជាចម្លើយ, ជុំវិញពន្ធគយបដិការនេះ សហរដ្ឋអាម៉េរិកនឹងផ្តល់ខ្ពស់បំផុតត្រឹម ១៩% ប៉ុណ្ណោះ។ ជុំវិញពន្ធគយបដិកានេះដែរ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា បច្ចុប្បន្នកម្ពុជាបាន និងកំពុងអនុវត្តពន្ធគយបដិការជាមួយសហរដ្ឋអាម៉េរិក ១០% ទោះបីពន្ធគយបដិការនេះត្រូវបញ្ចប់ក្នុងខែ កក្កដា ខាងមុខ, គឺមិនប៉ះ ពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ និងការស្រូបយកវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជាឡើយ។ទាក់ទងពន្ធគយបដិកានេះ, ឯកឧត្តម ស៊ុន ចាន់ថុល បានលើកទឹកចិត្តដល់វិស័យឯកជន សូមកុំមានការបារម្មណ៍ ខណៈ ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់បំផុត នៅក្នុងការការចរចារដោះស្រាយលើបញ្ហាពន្ធគយបដិកានេះ ដោយមិនឱ្យលើស ពី ១៩% ឬអាចទទួលបានទាបជាងនេះ។ បញ្ហានេះក្រុមការងារពិសេសរបស់រាជរដ្ឋាភិបាល នឹងទៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខាងមុខនេះ ដើម្បីដោះស្រាយបញ្ចប់បញ្ហាទាំងអស់នេះ នឹងបន្តនូវនីតិវិធីផ្ទៃក្នុងសុំសច្ចាប័នពីរដ្ឋសភា លើកកិច្ចព្រមព្រៀងដែលកម្ពុជា បានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតីមានជំនួបជាមួយមេដឹកនាំសមាជិកអាស៊ានជាច្រើន ក្នុងឱកាសចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន

2026/05/08 12:05:22 pm        187
មកទល់ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កំពុង​បន្តដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ ហ្វីលីពីន ក្នុងឱកាស​ចូល​រួម​កិច្ច​នេះ​សម្ដេចធិបតី​ក៏​មាន​ជំនួប​ជាមួយ​មេ​ដឹក​នាំ​ប្រទេស​សមាជិក​អាស៊ាន​ជាច្រើន ដើម្បីពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ក្នុងនោះនៅព្រឹកនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បន្ទាប់មកសម្ដេចធិបតី បានបន្តចូលរួម​កិច្ចប្រ​ជុំ​កំពូល​អាស៊ាន​លើកទី៤៨ ដែលជាកិច្ចប្រជុំពេញអង្គ។នៅព្រឹកនេះដែរ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏មានជំនួបជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​ក្នុងជំនួបអាហារពេលព្រឹកការងារត្រីភាគីរវាង កម្ពុជា ឡាវ និងវៀតណាម ដែលជា​ប្រពៃណី ​ក្នុងការពង្រឹងទំនាក់ទំនង និងសាមគ្គីភាពរវាងប្រទេសទាំងបីបន្ថែមទៀតផងដែរ។សូមជម្រាបថា ក្នុងបេសកកម្មថ្ងៃដំបូង ដឹកនាំគណៈប្រតិភូកម្ពុជា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ហ្វីលីពីនកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដចធិបតី ក៏មានជំនួប​ពិភាក្សា​ការងារ​ជាមួ​យ​មេដឹកនាំប្រទេសសមាជិកអាស៊ានជាច្រើនរូបទៀត ដូចជាជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុង​ជំនួប​នេះ​ភាគីទាំងពីរបានប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការ​ទ្វេភាគី​ជា​មួយ​គ្នា​បន្ថែម​ទៀត​។ ចំណែកជួបទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ប្រមុខដឹកនាំ កម្ពុជា និងសិង្ហបុរី ក៏បានប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​នេះ​ឱ្យកា​ន់តែ​រឹងមាំបន្ថែមទៀតជាមួយគ្នាផងដែរ។ ក្នុងឱកាសបេសក​កម្មចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏​មាន​ជំនួប​ត្រី​ភាគី​រវាង កម្ពុជា ហ្វីលីពីន និងថៃ ដែលដឹកនាំសម្របសម្រួលដោយ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងមានការចូលរួមពី ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃផងដែរ។ ក្រោយជំនួប​នេះ​ភាគី​ទាំង​បី​បាន​ធ្វើស​ន្និសីទសារព័ត៌មានរួមគ្នាក្នុងនោះ សម្ដេចធិបតីបាន​បញ្ជាក់​ច្បាស់ៗ​ចំពោះ​មុខ​ប្រធាន​អាស៊ាន ​និងនាយករដ្ឋមន្រ្ដីថៃ រួមនឹងបណ្ដាសារព័ត៌មានអន្តរជាតិនានាថា កម្ពុជាមិនទទួល​ស្គាល់​ជា​ដាច់​ខាតនូវ «ខ្សែបន្ទាត់ព្រំដែន» ដែលបង្កើតឡើង​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា​។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីក​កិច្ចសហប្រតិបត្តិការពេញលេញ និងបានអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានានូវការអនុវត្តបទឈប់បាញ់ និងវិធានការដែលបាន​ព្រម​ព្រៀង​ទាំង​អស់​រវាង​កម្ពុជា និងថៃ។ សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand R. Marcos Jr) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦៕ 

សម្ដេច​ធិបតី អំពាវនាវឱ្យអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុង​នូវ​សេចក្ដី​ប្រកាស​រួម​ថ្ងៃទី​២៧​ ខែធ្នូ ​២០២៥ ដើម្បីវាស់វែង និងខណ្ឌសីមា​ព្រំដែនគោកកម្ពុជា និងថៃ

2026/05/08 11:51:48 am        340
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ ​អំពាវ​នាវ​ឱ្យ​មាន​ការអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុង​នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ ជាពិសេសចំណុចទី៣ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និង​ខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌ​សីមា​ព្រំដែនគោក(JBC) ស្របតាម​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់​ដោយគ្មានការពន្យារពេលបន្តទៀត​​។ ការអំពាវនាវរបស់សម្តេចធិបតី​បានធ្វើឡើងក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៦ ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគី​កម្ពុជា ហ្វីលីពីន និងថៃ នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន ទីដែលកិច្ចប្រជុំកំពូលអាស៊ានកំពុងបើកធ្វើ។ សម្តេច​បវរ​ធិបតី​បានឱ្យដឹងទៀតថា កិច្ចប្រជុំត្រីភាគី​នេះ​បាន​ពិភាក្សា​អំពី​ការ​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​រាល់​យន្ដ​ការ​ដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC), គណៈ​កម្មាធិការ​ព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) បន្ទាប់​ពីរដ្ឋាភិបាលថ្មីរបស់ប្រទសថៃ បានចាប់​ផ្ដើម​អនុវត្ដ​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ពេញ​លេញ​រួច​មក​។ សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថា យន្តការនេះ គឺពិតជាចាំ​បាច់​ក្នុង​ការ​ធានា​បញ្ចប់​ការ​បង្កើត​អង្គ​ហេតុសម្រេច​លើទីតាំងជាក់ស្តែង(faits accomplis)និងដើម្បីធានាថា អធិបតេយ្យ​ភាព​ បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ស្របតាមច្បាប់អន្តរជាតិ និង​សន្ធិ​សញ្ញា ​ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និង​នាំ​មក​នូវសន្តិភាពយូអង្វែងរវាងប្រទេសយើងទាំងពីរ។ សម្តេចមហាបវរធិបតី បានគូស​បញ្ជាក់​ច្បាស់​ៗ​ថា កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែនមិន​អាច​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឬ​កំណត់​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង ​ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) នោះ​ទេ​។ សម្ដេច​ធិបតីបានថ្លែងថា កម្ពុជាក៏បានវា​យ​តម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​(AOT) និងសូមថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និង​ការ​ចូលរួមចំណែកជាបន្ដបន្ទាប់ ហើយកម្ពុជាបានផ្តល់កិច្ចសហប្រតិបត្ដិការពេញទំហឹង និង​អំពា​វ​នាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានា​ដល់​ការ​អនុវត្ដបទឈប់បាញ់ និងរាល់វិធានការដែលបានព្រមព្រៀង។  សម្ដេច​ធិបតីបានថ្លែងថា ក្នុងកិច្ចប្រជុំត្រីភាគនេះ ក៏បានពិភាក្សាផងដែរ អំពីទិសដៅទៅអនាគត សម្រា​ប់​ការ​ដោះ​ស្រាយ​ការ​ទាម​ទារ​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជា​មួយ​នឹង​ការ​សម្រេចចិ​ត្ត​របស់​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់“យន្តការផ្សះ​​​ផ្សារដោយចាប់បង្ខំ”ក្រោមអនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​នីតិ​សមុទ្រ​ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ប្រទេសថៃ ចេញពីអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ២០០១។ កម្ពុជាជឿជាក់ថា នេះគឺជាមាគ៌ាសន្តិវិធី ដែលនឹងនាំ​ទៅ​រក​ដំណោះ​ស្រាយ​ប្រកប​ដោយ​យុត្តិធម៌សម្រាប់ភាគីទាំងពីរ។ ជាចុងក្រោយ សម្តេចធិបតីគូសបញ្ជាក់ថា ​កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ ចំពោះការដោះ​ស្រាយ​ជម្លោះ​ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំ​ង​ការ​ប្តេជ្ញា​ចិត្ត​ដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បោះជំហានទៅមុខប្រកបដោយស្មារតីស្ថាបនាឆាប់រហ័ស និងដោយសុឆន្ទៈ៕

អភិបាលខេត្តតាកែវ បើកកិច្ចប្រជុំរៀបចំ “ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ”

2026/05/08 11:22:37 am        119
តាកែវ៖ នាព្រឹកថ្ងៃ ទី៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញបើកកិច្ចប្រជុំរៀបចំ“ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦”។កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុង-ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានជំរុញឱ្យក្រុមការងារទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ ទាំងផ្នែកសណ្តាប់ធ្នាប់ របៀបរបប ទីតាំងប្រារព្ធពិធី និងការកៀងគររកមូលនិធិពីសប្បុរសជននានា ដើម្បីបន្តសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុតក្នុងខេត្តតាកែវ ស្របតាមប្រធានបទ នៃទិវាពិភព លោកឆ្នាំនេះ ៕

អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តមណ្ឌលគិរី

2026/05/08 09:49:03 am        197
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានទីតាំងស្ថិតនៅ ភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក., ឯកឧត្តម ង៉ុយ អេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន។បន្ទាប់ពីពិធីសម្ពោធ ឯកឧត្តម គន់ គីម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តមណ្ឌលគិរី ដើម្បីពិនិត្យលើសកម្មភាព និងវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក។ឯកឧត្តម ថង សាវុន ប្រធាន អ.ន.ក.ខេត្ត បានឲ្យដឹងថា អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខាឃុំ-សង្កាត់ បានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនទៅតាមជំនាញរបស់ខ្លួន ជាពិសេសបានខិតខំដោះស្រាយលើបញ្ហាប្រឈមរបស់សមាជិកដែលមានជីវភាពខ្វះខាត។ឯកឧត្តម ថង សាវុន បានប្តេជ្ញាចិត្តអនុវត្តឲ្យបានយ៉ាងល្អប្រសើរចំពោះការយកចិត្តទុកដាក់លើអតីតយុទ្ធជន និងនិវត្តជនណាដែលជួបការលំបាកឲ្យទទួលបានអត្ថប្រយោជន៍ដែលឧបត្ថម្ភពីរាជរដ្ឋាភិបាល។ក្នុងឱកាសនេះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា សមាសភាពថ្នាក់ដឹកនាំសមាគមនាពេលនេះ គឺផ្នែកមួយនៃកិច្ចការងាររបស់សមាគម ដើម្បីធានាថា រចនាសម្ព័ន្ធការងារនៅតាមបណ្ដាខេត្តនានា មានភាពរឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្របសម្រួល និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងមូលដ្ឋានខេត្តនីមួយៗ ឲ្យទទួលបាននូវគោលនយោបាយ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។ ឯកឧត្តម គន់ គីម មានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ត្រូវចុះជាប់ជាប្រចាំតាមមូលដ្ឋានរបស់ខ្លួន ដើម្បីសួរសុខទុក្ខ និងពិនិត្យស្ថានភាពជីវភាពរស់នៅ ក្នុងការជួយដោះស្រាយ និងរួមចំណែកជួយលើកស្ទួយជីវភាពឲ្យបានសមរម្យ។គិតមកទល់ពេលនេះ ខេត្តមណ្ឌលគិរីមានសមាជិកសរុបចំនួន ៤៩៣នាក់ និងមានសមាជិកដែលទទួលបានការសាងសង់ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន០៧ខ្នង៕

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ

2026/05/07 11:26:20 pm        193
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ជាកិច្ចចាប់ផ្ដើម, ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ជាថ្មីម្ដងទៀត ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងសិង្ហបុរី។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជំនួបរវាងឯកឧត្តម និងសម្ដេចធិបតី នាឱកាសនេះ សបញ្ជាក់អំពីភាពជិតស្និទ និងការប្ដេជ្ញាចិត្តរវាងប្រទេសទាំងពីរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ក្នុងន័យនេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំង ការចូលជាធរមាន នាពេលថ្មីៗនេះ នៃពិធីសារទី២ ដើម្បីធ្វើវិសាធនកម្មលើកិច្ចព្រមព្រៀងស្តីពី «ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល» ដែលនឹងរួមចំណែកក្នុងការបន្តទាក់ទាញវិនិយោគិនសិង្ហបុរី មកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពី សន្តិសុខស្បៀង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ នាពេលថ្មីៗនេះផងដែរ។ សម្ដេចធិបតីបានសម្ដែងនូវសុទិដ្ឋិនិយមថា ប្រទេសទាំងពីរនឹងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគ្រប់វិស័យបន្ថែមទៀត ក៏ដូចជាបន្តផ្សារភ្ជាប់ភាពជាដៃគូររវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ថា កម្ពុជានឹងចាប់ផ្ដើមអនុវត្តច្បាប់ស្តីពី កាតព្វកិច្ចយោធា ក្នុងឆ្នាំ២០២៦នេះ ហើយសម្ដេចធិបតីសង្ឃឹមថាកម្ពុជានឹងទទួលបានការចែករំលែកបទពិសោធន៍ពីប្រទេសសិង្ហបុរីបន្ថែមទៀត ដើម្បីធានានូវភាពរលូនសម្រាប់ការអនុវត្ត។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ថាមពល ការពារជាតិ និងសន្តិសុខ ព្រមទាំងបានផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់មួយចំនួនក្នុងក្របខណ្ឌអាស៊ាន និងអន្តរជាតិ ៕

កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

2026/05/07 10:16:14 pm        113
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមលើគ្រប់វិស័យ និងបានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀតនៅពេលអនាគត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម Le Minh Hung ក៏បានអញ្ជើញសម្ដេចធិបតី បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ជាថ្មីម្ដងទៀត។ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជានិងវៀតណាម ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌគណបក្ស និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានប្រគល់ភារកិច្ចជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នេះឱ្យបានល្អប្រសើរ។ សម្ដេចធិបតីក៏បានគូសបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបន្តដាក់ចេញវិធានការបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ២០ ប៊ីលានដុល្លារអាមេរិក និងបានស្នើវិនិយោគិនវៀតណាមបន្តមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពន្លឿនការកំណត់ទីតាំងតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្ដេចធិបតីបានជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនឱ្យមានភាពសាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានពិភាក្សាលើគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សន្ដិសុខ និងការពារជាតិ, សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន៕

សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងនាយរដ្ឋមន្រ្តីថៃ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង

2026/05/07 08:40:05 pm        275
ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបពិភាក្សាត្រីភាគីរវាងហ្វីលីពីន កម្ពុជា និងថៃ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា និងថៃ បានប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង។សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថា «ថ្ងៃនេះ ខ្ញុំនិងនាយករដ្ឋមន្ត្រី Anutin ទើបតែបានជួបប្រជុំគ្នាដោយមានការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង។ ការពិភាក្សារបស់យើងផ្តោតលើភាពតានតឹង និងវិធានការកសាងទំនុកចិត្ត ដើម្បីស្តារ និងពង្រឹងក្របខ័ណ្ឌការងារសម្រាប់សន្តិភាពយូរអង្វែង និងធ្វើឱ្យទំនាក់ទំនងប្រែមកធម្មតា។ យើងបានពិភាក្សាអំពីការបន្តឡើងវិញនូវយន្តការដែលមានស្រាប់ទាំងអស់ពោលគឺ JBC, GBC និង RBC ខណៈដែលរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានរៀបចំមុខងាររបស់ខ្លួនបានពេញលេញ»។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសូមថ្លែងអំណរគុណដល់រដ្ឋជាសមាជិកអាស៊ានចំពោះការគាំទ្រ និងការរួមចំណែកជាបន្តបន្ទាប់របស់ពួកគេ។ កម្ពុជាស្វាគមន៍ចំពោះការទទួលយកភាពជាអ្នកដឹកនាំរបស់ប្រទេសហ្វីលីពីនពីប្រទេសម៉ាឡេស៊ី។ កម្ពុជាបានពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និងអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងវិធានការដែលបានព្រមព្រៀងទាំងអស់។យើងក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន រួមទាំងតាមរយៈសមាគមមិត្តភាពកម្ពុជា-ថៃ ដែលជាសសរស្តម្ភបំពេញបន្ថែមក្នុងការកសាងទំនុកចិត្តឡើងវិញ និងលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក។ នាពេលខាងមុខយើងបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីការបរទេសទាំងពីររបស់យើងចូលរួមក្នុងការពិភាក្សាលម្អិតបន្ថែមទៀត និងអនុវត្តវាទៅមុខតាមរបៀបជាក់ស្តែង និងផ្តោតលើលទ្ធផល ដូចដែលប្រធានាធិបតីបានលើកឡើង។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា ព្រំដែនមិនអាចផ្លាស់ប្តូរ ឬកំណត់ដោយកម្លាំង ឬតាមរយៈ «fait accompli» បានទេ។សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ដែរ កម្ពុជាក៏អំពាវនាវឱ្យមានការអនុវត្តពេញលេញ និងជាបន្ទាន់នៃសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ទាំងស្រុង ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការបន្តការងារស្ទង់មតិដោយ JBC និងកំណត់ព្រំដែនឡើងវិញជាបន្ទាន់ដោយ JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមិនមានការពន្យារពេលបន្ថែមទៀត។ យើងជឿជាក់ថាយន្តការនេះនឹងមានសារៈសំខាន់ដើម្បីធានាបាននូវការបញ្ចប់នៃការអនុវត្ត «fait accompli» នៅលើដី និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងព្រំដែនអន្តរជាតិត្រូវបានគោរព និងស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយហេតុនេះលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។យើងក៏ពិភាក្សាអំពីមាគ៌ានាពេលអនាគតសម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រដែលត្រួតស៊ីគ្នា ដែលកម្ពុជាបានសម្រេចចិត្តផ្តួចផ្តើមការផ្សះផ្សាដោយបង្ខំក្រោម UNCLOS បន្ទាប់ពីថៃដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១។កម្ពុជាជឿជាក់ថា នេះជាមាគ៌ាសន្តិភាពឆ្ពោះទៅរកដំណោះស្រាយដ៏យុត្តិធម៌សម្រាប់ភាគីទាំងពីរ។ ជាចុងក្រោយ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅមុខដោយស្ថាបនា រហ័ស និងដោយសុច្ឆន្ទៈ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកនិយាយថា អ៊ីរ៉ង់ ព្រមព្រៀងពង្រាវអ៊ុយរ៉ានីញ៉ូម ក្រោមកិច្ចព្រមព្រៀងសន្តិភាព
06/18/2026 10:06 AM
លោក Trump អរគុណលោក Xi Jinping និងលោក Putin ចំពោះជំហរអព្យាក្រឹតក្នុងសង្គ្រាមអ៊ីរ៉ង់
06/18/2026 10:06 AM
ប្រមុខក្រុមហេសបូឡា៖ លីបង់ស្ថិតក្នុងពេលដ៏សំខាន់បន្ទាប់ពីកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់
06/18/2026 10:06 AM
ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រ ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ
06/18/2026 09:06 AM
លោក Putin ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម
06/18/2026 09:06 AM
តម្លៃប្រេងបន្តធ្លាក់ចុះ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
06/18/2026 09:06 AM
ប្រធានាធិបតីបារាំងសាទរភាពជោគជ័យនៃកិច្ចប្រជុំកំពូល G7 ដោយសារការវិវត្តន៍លើអ៊ុយក្រែន និងអ៊ីរ៉ង់
06/18/2026 09:06 AM
ប្រធានាធិបតីអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែលោក Trump ថា នៅតែអាចបន្តការវាយប្រហារបាន
06/18/2026 08:06 AM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន
06/18/2026 07:06 AM
អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
06/18/2026 07:06 AM