កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មវស្សា ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា
សម្ដេចធិបតី កំពុងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី
សម្ដេចតេជោ៖ កម្ពុជា និងឥណ្ឌូណេស៊ីមានទំនាក់ទំនងល្អជាប្រវត្តិសាស្រ្ដ និងកំពុងពូនជ្រំឱ្យស៊ីជម្រៅបន្ថែម
អាជ្ញាធរភ្នំពេញរកឃើញអាជីវកម្មលក់ទូរស័ព្ទឈ្មោះ ឡឹ ចា ឌីជីថល ត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ ត្រៀមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួង-ស្ថាប័នចំនួន ៥ បន្ថែមទៀត នាពេលឆាប់ៗនេះ

2026/05/07 04:14:30 pm        192
យុទ្ធនាការជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមក្រសួង-ស្ថាប័នថ្នាក់ជាតិ នៅតែបន្តបោះជំហានទៅមុខយ៉ាងសកម្ម។ ជាក់ស្តែង ដើម្បីត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំជំនួបជាមួយតំណាងក្រសួង-ស្ថាប័នចំនួន ៥ ដើម្បីធានាឱ្យដំណើរការចុះជំរឿននាពេលខាងមុខប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។កិច្ចប្រជុំត្រៀមលក្ខណៈនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំង ៥ សរុបប្រមាណ ៥០រូប។យោងតាមផែនការរបស់គណៈកម្មការធ្វើជំរឿនមន្រ្តី ក្រសួង-ស្ថាប័នចំនួន ៥ គោលដៅ ដែលនឹងត្រូវចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនាពេលឆាប់ៗខាងមុខនេះ រួមមាន៖ ក្រសួងពាណិជ្ជកម្ម, ក្រសួងរ៉ែ និងថាមពល, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា។ ជំនួបពិភាក្សានាព្រឹកនេះនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងប្រសិទ្ធភាពការងារមុនពេលចុះប្រតិបត្តិការជាក់ស្តែង ដោយបានពិភាក្សា និងដោះស្រាយរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានាដែលលើកឡើងដោយតំណាងក្រសួង-ស្ថាប័នទាំង ៥។ កិច្ចប្រជុំបានជំរុញការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីនៅតាមរចនាសម្ព័ន្ធក្រសួងនីមួយៗ ឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ធានាធ្វើយ៉ាងណាឱ្យទិន្នន័យមន្ត្រីដែលទទួលបានមានភាពរួចរាល់ ច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។តាមរយៈការត្រៀមលក្ខណៈទុកជាមុនយ៉ាងម៉ត់ចត់នេះ ក្រុមការងាររំពឹងយ៉ាងមុតមាំថា ប្រតិបត្តិការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមក្រសួង-ស្ថាប័នទាំង ៥ នេះ នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យស្របតាមផែនការដែលបានគ្រោងទុក៕

អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោដដាក់ឲ្យប្រើប្រាស់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តរតនគិរី

2026/05/07 03:22:55 pm        90
នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តរតនគិរី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កសាងដោយ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធាន អ.ន.ក. ដែលមានទីតាំងស្ថិតនៅ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក., ឯកឧត្តម ណាប់ ប៊ុនអេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនសរុបចំនួន ៣៧០នាក់។ឯកឧត្តម ញ៉ែម សំអឿន ប្រធាន អ.ន.ក.ខេត្ត បានឲ្យដឹងថា បន្ទាប់ពីពិធីសម្ពោធទីស្នាក់ការសមាគមនាពេលនេះ នឹងរៀបចំចាត់តាំងក្រុមការងារប្រចាំការ ដើម្បីបម្រើការការងាររដ្ឋបាល និងផ្តល់សេវាជូនសមាជិក។ឯកឧត្តម ញ៉ែម សំអឿន ប្តេជ្ញាចិត្ត និងណែនាំដល់ថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ ក្នុងការចុះពិនិត្យ និងដោះស្រាយជាអាទិភាពសម្រាប់សមាជិកដែលមានជីវភាពទីទ័ល ដើម្បីទទួលបានអត្ថប្រយោជន៍របស់រាជរដ្ឋាភិបាល។នាឱកាសនេះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ការសាងសង់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺជាកន្លែងប្រមូលផ្តុំរបស់មន្រ្តី ដើម្បីអនុវត្ត និងផ្តល់សេវាលើតម្រូវការ ព្រមទាំងបញ្ហាប្រឈមនានា។ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា បន្ទាប់ពីទីស្នាក់សមាគមបានដាក់ឲ្យដំណើរការ សូមសមាជិក-សមាជិការទាំងអស់នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែងរបស់សមាជិកនីមួយៗ ដើម្បីលើកជាសំណើ និងរបាយការណ៍ជូនថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាលសមាគមពិនិត្យ និងសម្រេច។អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តរតនគិរី ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដែលមានទំហំអាគារ ១១ម៉ែត្រ គុណនឹង ២១ម៉ែត មានក្រឡាផ្ទៃសរុប ២៣១ម៉ែត្រការ៉េ មាន ៤បន្ទប់ សាងសង់លើផ្ទៃដីទំហំទទឹង ៥០ម៉ែត្រ៕

អនុប្រធានទី១ CDC អំពាវនាដល់វិនិយោគិន បន្តផ្សព្វផ្សាយលើការលុបបំបាត់ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល

2026/05/07 03:18:00 pm        120
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពាវនាដល់វិនិយោគិនដែលវិនិយោគនៅកម្ពុជា បន្តផ្សព្វផ្សាយអំពីការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ និងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្ហាញ ទៅកាន់ពិភពលោក ទាំងការវិនិយោគ និងទេសចរណ៍។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ តាមរយៈការដាក់ចេញនូវ "ច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា ការដាក់ចេញនូវច្បាប់នេះ ជាសក្ខីភាពបង្ហាញអំពីចំណាត់ការយ៉ាងសកម្មបំផុត ដែលស្តែង ចេញតាមរយៈសកម្មភាពចុះបង្ក្រាបជនល្មើសជាក់ស្ដែងជាបន្តបន្ទាប់។ កិច្ចការនេះស្ថិតនៅក្រោមការយកចិត្ដទុកដាក់យ៉ាងហ្មត់ចត់ ជាទីបំផុត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅបង្កើតឱ្យបាននូវ បរិយាកាសវិនិយោគ និងទេសចរណ៍ប្រកបដោយសុវត្ថិភាព សន្តិសុខ និងភាពជឿជាក់ពេញលេញ ដែលនេះគឺជាអាទិភាពខ្ពស់បំផុត មួយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមក៏បានអំពាវសូមឱ្យវិនិយោគិនទាំងអស់ បន្តផ្តល់ទំនុកចិត្ត និងជួយផ្សព្វផ្សាយអំពីការប្តេជ្ញាចិត្ត និងចំណាត់ការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងករណីនេះ ដើម្បីបង្ហាញទៅកាន់ពិភពលោកថា "កម្ពុជាមានសុវត្ថិភាព ១០០% ទាំង សម្រាប់វិនិយោគ និងទេសចរណ៍”។ក្នុងវេទិកានេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសរំលេចអំពីវឌ្ឍនភាពការងារកាលពីថ្មីៗនេះ ដែលជាដំណឹងល្អមួយសម្រាប់ វិនិយោគិន និងធុរជនកម្ពុជា ដោយរាជរដ្ឋាភិបាលបានសម្រេចលុបបំបាត់កម្រៃ “ស្កេនកុងតឺន័រ” ទាំងស្រុង ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ ទី១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។ ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ ជាកិច្ចសម្រួលពាណិជ្ជកម្ម និងចូលរួមចំណែកដ៏សំខាន់ក្នុងការ កាត់បន្ថយបន្ទុកថ្លៃភស្តុភារកម្ម៕អត្ថបទ៖ សុន រ៉ាឌី

ពលរដ្ឋជាង ៨លាននាក់អាចព្យាបាលជំងឺដោយមិនចំណាយប្រាក់ តាមរយៈប្រព័ន្ធ​គាំពារ​សុខភាពសង្គម

2026/05/07 02:58:37 pm        244
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបន្តពង្រីកវិសាលភាពនៃការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គមដល់ពលរដ្ឋកម្ពុជាចំនួន ៨ ២០២ ៣៩៧ នាក់ នៅទូទាំងប្រទេស។ ពលរដ្ឋទាំងជាង ៨លាននាក់ ទទួលបានការព្យាបាលជំងឺនានានៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនដែលជាដៃគូររបស់ ប.ស.ស. ដោយមិនចាំបាច់ចំណាយប្រាក់ផ្ទាល់ខ្លួន រីឯពលរដ្ឋដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅមួយចំនួនទៀត រាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួសទាំងស្រុង ក្នុងការព្យាបាលជំងឺ តាមរយៈមូលនិធិសមធម៌សុខាភិបាល។ក្រុមគោលដៅចំនួន ៨ ២០២ ៣៩៧ នាក់ ឬស្មើ ៤៦,៦៦% នៃពលរដ្ឋសរុប មានមកពីគ្រួសារមានបណ្ណសមធម៌ គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងទៀតចំនួន ៤ ៦៦៥ ៨៨៨ នាក់, សមាជិក ប.ស.ស. ដែលជាកម្មករ-និយោជិត ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ, បុគ្គលក្នុងវិស័យសាធារណៈ ដែលរួមមាន មន្ត្រីរាជការសាធារណៈ, និវត្តជន, បុគ្គលស្វ័យនិយោជន៍, និងអ្នកក្នុងបន្ទុក ចំនួន ៣ ៥៣៦ ៥០៩ នាក់។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជា ធ្លាប់បានលើឡើងកាលពីពេលកន្លងទៅថា វឌ្ឍនភាពនៃការពង្រីកវិសាលភាពនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែជាលទ្ធផលនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ដែលតែងចាត់ទុកការលើកស្ទួយសុខុមាលភាពរបស់ពលរដ្ឋ ជាគោលដៅអាទិភាពចំពោះមុខ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបន្តពង្រឹងការអភិវឌ្ឍវិស័យសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។ តាមរយៈកេរដំណែលដែលសម្រេចបានក្រោមការដឹកនាំប្រកដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក៏នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តបេសសកម្មនេះ តាមរយៈ ការបន្តជំរុញ ការពង្រឹងវិស័យសុខាភិបាលនិងប្រព័ន្ធគាំពារសុខភាពសង្គម ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយគាំពារសុខភាពសង្គម ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី១ ស្តីពី ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល សំដៅពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព សុវត្តិភាព ប្រសិទ្ធភាព និងប្រកបដោយសមធម៌៕ អត្ថបទ៖ គឹម ហុក

ប្រមុខការទូតកម្ពុជា៖ អាស៊ានបានបង្ហាញពីសមត្ថភាពសម្របខ្លួន និងឆ្ពោះទៅមុខកាន់តែរឹងមាំដោយដកស្រង់បទពិសោធពីបញ្ហាប្រឈមដែលបានកើតឡើងកន្លងទៅ

2026/05/07 02:56:07 pm        299
ហ្វីលីពីន៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អាស៊ានបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការសម្របខ្លួន និងឆ្ពោះទៅមុខកាន់តែរឹងមាំ ដោយដកស្រង់បទពិសោធពីបញ្ហាប្រឈមដែលបានកើតឡើងកន្លងទៅ ដើម្បីបន្តដុសខាត់កិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែល្អប្រសើរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន មានច្រើនសណ្ឋាន ហើយទាមទារឱ្យមានការឆ្លើយតបប្រកបដោយភាពបុរេសកម្ម ការសម្របសម្រួលគ្នា និងឱ្យបានទាន់ពេលវេលា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងន័យនេះ អាស៊ានបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការសម្របខ្លួន និងឆ្ពោះទៅមុខកាន់តែរឹងមាំ ដោយដកស្រង់បទពិសោធពីបញ្ហាប្រឈមដែលបានកើតឡើងកន្លងទៅ ដើម្បីបន្តដុសខាត់កិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែល្អប្រសើរ។ទាក់ទងនឹងការកសាងសហគមន៍អាស៊ាន អង្គប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) បានសង្កត់ធ្ងន់ថា សមាហរណកម្មដែលកាន់តែស៊ីជម្រៅ គឺទាមទារឱ្យមានការសម្របសម្រួលឱ្យកាន់តែរឹងមាំរវាងអន្តរវិស័យ។ តាមរយៈការជំរុញឱ្យមានសហវិបុលភាព និងកិច្ចសហការកាន់តែជិតស្និទ្ធតាមវិស័យនានា អាស៊ានអាចពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសហគមន៍មួយដែលផ្ដោតលើប្រជាជន៕

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុលផ្លូវលេខ១៤២ ក្នុងស្រុកភ្នំស្រួច ក្រោយ​រងការ​ខូចខាត​ដោយទឹកជំនន់

2026/05/07 02:54:32 pm        294
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យអាជ្ញាធរស្រុកភ្នំស្រួច និងអង្គភាពពាក់ព័ន្ធពន្លឿនការជួសជុល ផ្លូវលេខ១៤២ ឡើងវិញ ក្រោយរងគ្រោះខូចខាតដោយទឹកជំនន់ កាលពីឆ្នាំកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះ ។ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរស្រុក និងដៃគូពាក់ព័ន្ធ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ផ្លូវលេខ១៤២ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច ទៅរង្វង់មូលកន្ទួត នៃស្រុកឱរ៉ាល់មានប្រវែងប្រមាណជាង ៤៨គីឡូម៉ែត្រ បានរងការខូចខាតធ្ងន់ធ្ងរ ដោយសារទឹកជំនន់ បង្កឱ្យមានការពិបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូន ដែលទាមទារឱ្យមានការជួសជុលនិងថែទាំឡើងវិញ ។ឯកឧត្តមបានបន្តថា ផ្លូវមួយខ្សែនេះ បច្ចុប្បន្នកំពុងក្លាយជាផ្លូវ ដែលមានសក្តានុពលខ្លាំង និងមមាញឹកក្រោយកើតមានតំបន់សេដ្ឋកិច្ច និងរោងចក្រ ហើយក៏កំពុងដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការធ្វើដំណើរ និងដឹកជញ្ជូនកសិផល នៃស្រុកទាំងពីរ ។ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ការជួសជុលកំណាត់ផ្លូវលេខ១៤២នេះ គឺបានការចូលរួមពីវិស័យឯកជន និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តហើយដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែង សូមជំរុញ និងក្រើនរំឭកដល់មន្ត្រីបច្ចេកទេស ឱ្យបង្កើនការយកចិត្តទុកដាក់ ពង្រឹងគុណភាព និងស្តង់ដារផ្លូវ ។ ក្រោយការជួសជុលរួចរាល់ ម្ចាស់អាជីវកម្មនានា និងអ្នកដឹកជញ្ជូនគ្រប់ប្រភេទ ត្រូវបញ្ឈប់ការដឹកលើសទម្ងន់ ដែលនាំឱ្យផ្លូវបាក់ស្រុត មិនអាចធានាដល់ប្រើប្រាស់ បានយូរអង្វែង៕ អត្ថបទ​ បាន​ សុខរិទ្ធិ

ប្រមុខការទូតកម្ពុជា បន្តចូលរួមកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដើម្បីពិភាក្សាលើយុទ្ធសាស្ត្រនានាឆ្លើយតបទៅនឹងបរិបទពិភពលោក

2026/05/07 02:48:04 pm        123
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។ កិច្ចប្រជុំបានពិភាក្សាលើយុទ្ធសាស្ត្រនានាឆ្លើយតបទៅនឹងបរិបទនៃពិភពលោកដែលកំពុងមានភាពឃ្លាតឆ្ងាញពីគ្នាកាន់តែខ្លាំង គួបផ្សំនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយឥតឈប់ឈរ និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច។កិច្ចពិភាក្សានេះក៏បានផ្ដោតសំខាន់លើការពង្រឹងនិម្មាបនកម្មតំបន់ ក្នុងគោលដៅធានាឱ្យតំបន់នេះនៅតែដើរតួនាទីចម្បងនៃវិបុលភាពសាកល និងជាសសរស្តម្ភដ៏រឹងមាំនៃសមាហរណកម្មសេដ្ឋកិច្ច។

ក្រសួងអភិវឌ្ឍន៍ជនបទ កសាងហេដ្ឋារចនាសម្ព័ន្ធ ជួយសម្រួលជីវភាពពលរដ្ឋ​នៅគម្រោងដី​សម្បទាន​សង្គមកិច្ច​ក្នុងភូមិសាស្ត្រាស្រុកចន្ទ្រា ខេត្តស្វាយរៀង

2026/05/07 02:47:06 pm        219
ស្វាយរៀង៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាផ្លូវ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិសាស្ត្រានៃស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ។សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ គឺជាផ្លូវប្រភេទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤ ៥០០០ម៉ែត្រ ទទឹង៧ម៉ែត្រ ជាមួយនឹងការដាក់នូវប្រព័ន្ធលូ ហើយសម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងគម្រោងនេះ មានទាំងគ្រួសារកងទ័ព គ្រួសារនៅនគរបាលការពារព្រំដែន អតីតយុទ្ធជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ។ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវាយតម្លៃ លើគម្រោងការស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការសម្រេចទៅបានចក្ខុវិស័យ ឆ្នាំ២០៣០ ប្រជាពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ប្រជាពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់បាន នូវការកសាងផ្លូវគមនាគមន៍ ឲ្យមានភាពល្អ ហើយផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ជាចំណែកដ៏សំខាន់ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ ។ឯកឧត្តមបានបន្តថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងយុទ្ធសាស្ត្រសំខាន់របស់ខ្លួន គឺកំពុងប្រឹងប្រែងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ។ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ចំពោះកិច្ចការងារអភិវឌ្ឍន៍ និងថែទាំផ្លូវនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់យ៉ាងខ្លំាង និងតែងតែចុះពិនិត្យនៅតាមបណ្តាខេត្តនានា លើការងារស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមានសារៈសំខាន់ណាស់ ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ចនៅជនបទ ឱ្យកាន់តែមានភាពរីកចម្រើន ។ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានបន្តទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាគន្លឹះដ៏សំខាន់ គាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដូច្នេះហើយ បានជារាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍនៅតាមជនបទ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ជាមួយគ្នានោះ គណៈកម្មការអន្តរក្រសួង ក៏បានស្នើទៅកាន់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សូមចូលរួមទប់ស្កាត់ នូវការដឹកលើសទម្ងន់ ដែលធ្វើឱ្យផ្លូវឆាប់រងការខូចខាត ហើយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បីធានាថាអាចប្រើប្រាស់បានយូរអង្វែង ហើយក៏ជំរុញទៅកាន់ក្រុមហ៊ុនទទួលបានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ត្រូវថែទាំជាប្រចាំ៕ អត្ថបទ បាន សុខរិទ្ធិ

មូលនិធិគន្ធបុប្ផាកម្ពុជាប្រគល់ថវិកាជាង ៤លាន ៥សែនដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា

2026/05/07 02:41:20 pm        261
មូលនិធិគន្ធកម្ពុជា បានប្រគល់ថវិកាប្រមាណ ៤ ៥៤១ ៨២២ ដុល្លារអាម៉េរិក ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ដើម្បីបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដោយ​ឥត​គិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ក្នុងចំណោមថវិកាទាំងអស់នេះ, ថវិកាចំនួន ៤ លានដុល្លារអាម៉េរិក ទទួល​បាន​ពី​ការ​បរិច្ចា​គ​ពី​សប្បុរស​ជននានា និងថវិកាចំនួន ៥៤១ ៨២២ ដុល្លារអាម៉េរិកទៀត ទទួលបាន​ពី​ការ​កាត់​កម្រៃ​សំបុ​ត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦។មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​សប្បុរស​ជន​ទាំង​អស់​ដែល​បាន​បរិច្ចាគ​ជូន​មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ដែល​ជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕

រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ

2026/05/07 02:36:34 pm        249
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សម្រាប់ ៤ ខែ ដំបូងក្នុងឆ្នាំ២០២៦ មានចំនួនសរុប ១៨៤ គម្រោង ជាមួយទំហំវិនិយោគជាងប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិក នេះបង្ហាញនូវរំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, សេដ្ឋកិច្ចកម្ពុជានៅតែបង្ហាញពីភាពធន់ និង កំណើនវិជ្ជមាន។ កំណើនសេដ្ឋកិច្ចកម្ពុជា នៅរក្សាបាននូវសន្ទុះវិជ្ជមានដោយសម្រេចបានក្នុងរង្វង់ប្រមាណ ៥% ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាក៏នៅតែត្រូវបានព្យាករថា នឹងរក្សាបាននូវអត្រាកំណើនខ្ពស់បន្តទៀត ដែលនេះ សបញ្ជាក់ពីការរក្សាបាននូវស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចជាតិ បើទោះបីស្ថិតក្នុងកាលៈទេសៈសកល ប្រកបដោយភាពមិនប្រាកដ ប្រជាខ្ពស់ក៏ដោយ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្ថែមថា ទន្ទឹមនឹងភាពធន់នៃសេដ្ឋកិច្ច ការវិនិយោគក៏មានសន្ទុះខ្លាំងក្លាស្របគ្នា។ ជាក់ស្តែក្នុង ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រថែមមួយទៀត ដោយបានអនុម័តគម្រោង វិនិយោគរហូតដល់ ៦៣០ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១០ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណជាង ៤០% ធៀប នឹងទុនវិនិយោគក្នុងឆ្នាំ២០២៤។ សន្ទុះវិជ្ជមាននេះនៅតែបន្ត ជាក់ស្តែងសម្រាប៤ខែដំបូង ក្នុងឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការអនុម័តគម្រោងមានចំនួនសរុប ១៨៤ គម្រោង ជាមួយទំហំវិនិយោគជាងប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិក ខណៈដែល រំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងជា យន្តការគន្លឹះក្នុងការជំរុញពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា ការបន្តទទួលបានរំហូរវិនិយោគជាបន្តបន្ទាប់នេះ មិនមែនត្រឹមតែជាតួលេខបង្ហាញពី ស្ថិរភាព និងកំណើនប៉ុណ្ណោះទេ ប៉ុន្តែសបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តដែលវិនិយោគិនមានចំពោះកម្ពុជា និងក្តីរំពឹងទុកអំពីការលូត លាស់នៃធុរកិច្ចរបស់ខ្លួននៅកម្ពុជា។ យ៉ាងណាក្តីរាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍ និងពង្រឹងកិត្យានុភាពកម្ពុជាជាបន្តបន្ទាប់ ដើម្បី ក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពល និងទាក់ទាញបំផុតមួយក្នុងតំបន់៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើលីបង់នៅតែបន្តទោះមានកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ក៏ដោយ
06/18/2026 01:06 PM
កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មវស្សា ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា
06/18/2026 12:06 PM
Real Madrid ប្រកាសពីការផ្ទេរផ្លូវការ Bernardo Silva ជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ
06/18/2026 12:06 PM
កីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ២រូប ទទួលបានសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅជប៉ុន
06/18/2026 12:06 PM
ប្រទេសចិនសន្យាចាត់វិធានការឆ្លើយតប ក្រោយកោះតៃវ៉ាន់បើកដំណើរការគេហទំព័រស៊ើបការណ៍សម្ងាត់
06/18/2026 12:06 PM
លីគនារី៖ ភ្នំពេញក្រោន ជាក្រុមតែមួយគត់មិនស្គាល់ចាញ់ ខណៈព្រះខ័នរាជ ឡើងមកឈរលេខ៣
06/18/2026 12:06 PM
រុស្ស៊ី ចោទប្រកាន់អ៊ុយក្រែនថាបានវាយប្រហាររថយន្តក្រុងដឹកសិស្ស ខណៈទីក្រុងគីវបដិសេធ
06/18/2026 12:06 PM
ព័រទុយហ្គាល់ចាប់ផ្តើម World Cup ដោយស្មើ DR Congo ១-១ ខណៈ Ronaldo បង្ហាញខ្លួនជាលើកទី៦
06/18/2026 12:06 PM
ក្រុមនិស្សិតរិះគន់ការបិទកម្មវិធី Telegram របស់ប្រទេសឥណ្ឌា ជុំវិញការក្លែងបន្លំការប្រឡងផ្នែកពេទ្យ
06/18/2026 12:06 PM
សម្ដេចធិបតី កំពុងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី
06/18/2026 12:06 PM