រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់កម្រងផ្ការំឭកគោរពខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសួសុខទុក្ខ និងប្រទានអំណោយជូនចាស់ជរានៅខណ្ឌដង្កោ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីវររាជមាតាជាតិខ្មែរ
គណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្ការំលឹកគុណជូនដល់វីរយុទ្ធជន វីរយុទ្ធនារី នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
ស្នាដៃបច្ចេកទេសរបស់សិស្សនិស្សិតចំនួន ៥ ដែលលេចធ្លោ ត្រូវបានដាក់តាំងបង្ហាញក្នុងទិវា TVET Day លើទី៩ ក្នុងវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហានុ

ព័ត៌មានជាតិ

អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តព្រះវិហារ

2026/05/07 07:36:16 am        161
នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កសាងតាមរយះ ឯកឧត្តម គីម រិទ្ធី ប្រធាន អ.ន.ក.ខេត្ត ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនសរុបចំនួន ៣៥០នាក់ ។ក្នុងរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត បានឲ្យដឹងថា ក្នុងនាមប្រធាន អ.ន.ក.ខេត្ត នឹងរៀបចំឲ្យមានការក្រុមការងារប្រចាំការ ដើម្បីបែងចែកតួនាទី និងភារកិច្ចរបស់មន្រ្តី ក្នុងការបម្រើសេវាលើតម្រូវការជូនសមាជិកទាំងអស់ជាអតីតយុទ្ធជន និងនិវត្តជន។នាឱកាសនេះ ឯកឧត្តម គន់ គីម ថ្លែងថា ការសាងសង់ទីស្នាក់ការសមាគមធ្វើឡើង ក្នុងគោលបំណងជួយសម្របសម្រួល និងផ្តល់សេវា ព្រមទាំងដោះស្រាយបញ្ហាប្រឈមទាំងឡាយជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជនឱ្យបានទាន់ពេលវេលា។ឯកឧត្តម គន់ គីម ថ្លែងទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម តែងតែណែនាំដល់ថ្នាក់ដឹកនាំសមាគមតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវចុះពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាព សំដៅជួយលើកស្ទួយជីវភាពពួកគាត់ឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕

UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ, កាត់បន្ថយការបំពុល, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ

2026/05/06 06:06:34 pm        91
អង្គការសហប្រជាជាតិដើម្បីបរិស្ថាន (UNEP) បានប្រកាសបន្តគាំទ្រកម្ពុជា ដើម្បីលើកកម្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ទប់ស្កាត់ការបំពុលដើម្បីនិរន្តរភាពបរិស្ថាន និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះជាការលើកឡើង លោកស្រី Dechen Tsering នាយកនិងជាតំណាងអង្គការ UNEP ប្រចាំតំបន់សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងឱកាសអញ្ជើញជួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ លោកស្រីបានបញ្ជាក់ពីការវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន ដែលបានសហការល្អ លើកិច្ចសហការលើផ្នែកបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសបានអនុវត្តសកម្មភាពជំរុញ លើការកាត់បន្ថយប្លាស្ទិក, ការគ្រប់គ្រងការបំពុលបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងឆ្លើយតបនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីអាកាសធាតុ។ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ការគាំទ្រ របស់អង្គការកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកការពារនិងអភិរក្សបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។ ឯកឧត្តមបានថ្លែងបន្ថែមអំពីគាំទ្ររបស់អង្គការ UNEP ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងគុណភាពខ្យល់ និងសារធាតុគីមី ការអភិរក្សជីវៈចម្រុះ និងផែនការសកម្មភាព ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា គម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា កំពុងទទួលបានជោគជ័យ ដោយសារមានអ្នកចូលរួមជាង១៤លាននាក់ គិតត្រឹមឆ្នាំ២០២៦នេះ ដែលបានប្តេជ្ញាចិត្តឈប់ប្រើថង់ប្លាស្ទិកជាបណ្តើរៗ។ ឯកឧត្តម បានថ្លែងថា កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ និងយុទ្ធនាការជាច្រើន ដើម្បីជំរុញឱ្យមានភាពស្អាត និងចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ទាំងក្នុងទឹក លើដី និងលើមេឃ ដើម្បីបង្កើនភាពធន់នឹង ការប្រែប្រួលអាកាសធាតុសម្រាប់ សហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីគម្រោងសហប្រតិបត្តិការបន្តទៀតគឺជំរុញ ការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន ដោយផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិ តាមរយៈការប្រែក្លាយសក្តានុពលធម្មជាតិ ទៅជាគោលដៅលំហែបៃតង និងអេកូទេសចរណ៍ និងការលើកកម្ពស់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។សូមបញ្ជាក់កិច្ចខិតខំប្រឹងប្រែងទាំងរបស់កម្ពុជា បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវអព្យាក្រឹតកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អគ្គមេបញ្ជាការ៖ ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន

2026/05/06 05:54:11 pm        323
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្ម នៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM)ហ្វីលីពីន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។ក្នុងជំនួបនោះ លោកឧត្តមនាវីត្រី GLENN Z DIZON បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្ពុជា ដែលតែងបានសហការល្អជាមួយក្រុមសង្កេតការណ៍ក្នុងអំឡុងពេលបំពេញបេសកកម្ម ដោយបានជួយជ្រោមជ្រែងរៀបចំសម្របសម្រួល ធ្វើឱ្យក្រុម (AOT) អនុវត្តការងារបានប្រសិទ្ធភាព សុវត្ថិភាព និងបរិយាកាសល្អប្រសើរ។លោកឧត្តមសេនីយ៍ត្រី GLENN Z DIZON បានសន្យាថា ក្នុងអាណត្តិបេសកកម្មរបស់លោក នឹងបន្តខិតខំបំពេញការងារឲ្យសកម្ម និងប្រកបដោយអព្យាក្រឹត្យភាព ដោយមិនឱ្យមានភាគីណារំលោភទៅភាគីណា ជាពិសេសការបង្កើនឡើងថែមទៀតការល្បាតនៅតំបន់ព្រំដែនដែលមានជម្លោះ។ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ប្រធានក្រុមបេសកកម្ម AOT ថ្មី មកកាន់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ AOT ក្នុងកិច្ចការងារនាពេលកន្លងមក។ក្នុងនាមកម្ពុជាជារដ្ឋគ្រួសារអាស៊ាន ឯកឧត្តមបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់បណ្តាប្រទេសជាសមាជិកអាស៊ាន ដែលបានបង្ហាញពីការសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តរបស់អាស៊ាន ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ជាពិសេសភាពតានតឹងនៃជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម បានបញ្ជាក់ជាថ្មីពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែល មានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ព្រំដែនមិនកែប្រែដោយកម្លាំងប្រដាប់អាវុធ។ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការចូលរួមគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុម AOT ដើម្បីសម្របសម្រួលដល់ការបំពេញភារកិច្ចសង្កេតការណ៍សម្រាប់អាណត្តិថ្មី ដឹកនាំដោយប្រទេសហ្វីលីពីន ដោយឯកឧត្តមជឿជាក់ថា ហ្វីលីពីន នឹងកសាងប្រវត្តិសាស្ត្រថ្មីមួយនៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបញ្ចប់ដោយហ្វីលីពីន៕

ប្រជាពលរដ្ឋស្រុកក្រូចឆ្មារ សាទរចំពោះសមិទ្ធផលថ្មី និងអរគុណដល់រាជរដ្ឋាភិបាលដែលស្ថាបនាផ្លូវបេតុង

2026/05/06 05:24:18 pm        113
ប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បង្ហាញនូវការសប្បាយរីករាយយ៉ាងខ្លំាង និងបានថ្លែងនូវអំណអរគុណ ចំពោះការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ផ្លូវក្រាលបេតុងចំនួន១ខ្សែ ដែលនេះគឺជាសមិទ្ធផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ បម្រើផលប្រយោជន៍ក្នុងសហគមន៍មូលដ្ឋាន។  ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានការងារស្ដារឡើងវិញផ្លូវក្រាលបេតុងចំនួន ១ ខ្សែ មាន៣កំណាត់ ប្រវែងសរុប ១ ៥៥០ ម៉ែត្រ និងការស្ថាបនាសំណង់ផ្សេងៗ ស្ថិតនៅភូមិ៥ ទៅភូមិ៣ ក្នុងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ផ្លូវនេះអនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ក្នុងនោះពិធីនោះអាជ្ញាធរ និងប្រជាពលរដ្ឋ បានសម្តែងនូវការ សប្បាយរីករាយ និងថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយនេះ នៅក្នុងមូលដ្ឋាន របស់ពួគគាត់ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីលើកកម្ពស់ការរស់នៅ។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាននោះ ចំពោះ ការទទួលបានសមិទ្ធផលថ្មីពីរាជរដ្ឋាភិបាល ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដែលគម្រោងផ្លូវនេះបានស្ថាបនាឡើងក្រោម គោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគោលដៅឈានសម្រេច តាមចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។ ឯកឧត្តមលើកឡើងបន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចាប់ផ្ដើមស្ថាបនាផ្លូវក្រាល បេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវល្បាយគ្រួស ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅទូទាំងប្រទេស ជាក់ស្តែងពីមួយអាណត្តិ ទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទបានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ឬផ្លូវក្រាលបេតុង ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ មានផ្លូវល្អធ្វើដំណើរ កាត់បន្ថយពេលវេលានិងចំណាយផ្សេងៗផងដែរ។ជុំវិញគម្រោងស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន មានការយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារស្ថាបនាផ្លូវខាងលើ ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយ ក្នុងអំឡុងពេល ស្ដារឡើងវិញផ្លូវក្រាលបេតុងនេះ ដើម្បីជំរុញការស្ថាបនាឱ្យបានលឿន បម្រើដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ សុន រ៉ាឌី

នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម

2026/05/06 05:07:05 pm        270
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមនាវីទោ ឆុង ស៊ីដេតមេបញ្ជាការរង និងជានាយសេនាធិការមូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូប បានអញ្ជើញទៅទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ចំនួន ០១គ្រឿង លេខ២៦៣ ដឹកនាំដោយឧត្តមនាវីត្រី ង៉ូ វ៉ាន់ថាញ់ មេបញ្ជាការនយោបាយ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម។ ក្នុងដំណើរអញ្ជើញមកចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៦-៣៧ នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ។ បន្ទាប់មកនៅរសៀលថ្ងៃដដែល គណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយ ឧត្តមនាវីត្រី ង៉ូ វ៉ាន់ថាញ់ មេបញ្ជាការនយោបាយ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-វៀតណាម។លក្ខណៈបច្ចេកទេសនាវា HQ ២៦៣ មានបណ្ដោយ ៤៩.៥៣ម៉ែត្រ ទទឹង ៩.២ម៉ែត្រ ទម្ងន់ ផ្ទុក ៣៧៥តោន ជម្រៅទឹក ២.៣ម៉ែត្រ ធានានឹងរលកកម្ពស់ ៧-៨ម៉ែត្រ មេបញ្ជាការនាវា លោកអនុនាវីឯក ង្វៀន ថេជៀន៕

ប្រាសាទសក្ល ជាសំណល់ស្ថាបត្យកម្មមួយនៅទាក់ទាញចំណាប់អារម្មណ៍អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ

2026/05/06 04:45:36 pm        152
កំពង់ឆ្នាំង៖ ប្រាសាទសក្ល ឬដែលប្រជាពលរដ្ឋហៅថា “ប្រាសាទប្រុស” គឺជាសំណង់បុរាណមួយមានតម្លៃជាប្រវត្តិសាស្ត្រ កំពុងឈរជាង១ពាន់ឆ្នាំនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ប្រាសាទនេះស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង និងជាង៣០គីឡូម៉ែត្រពីទីរួមស្រុកកំពង់លែង។តាមប្រភពព័ត៌មានក្នុងតំបន់ ប្រាសាទសក្ល ត្រូវបានកសាងឡើងដោយឥដ្ឋក្នុងសម័យបុរាណ ហើយស្ថិតនៅលើទីទួលមួយកណ្ដាលវាលស្រែ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ទីតាំងនេះបង្ហាញពីការជ្រើសរើសទីកន្លែងសាងសង់យ៉ាងមានយុទ្ធសាស្ត្រនៃបុព្វបុរសខ្មែរ ដែលភ្ជាប់ជាមួយបរិស្ថានធម្មជាតិ និងការរស់នៅរបស់សហគមន៍នៅសម័យកាលនោះ។ បច្ចុប្បន្ន ប្រាសាទនេះ នៅសល់សំណល់ស្ថាបត្យកម្មមួយចំនួន ប៉ុន្តែវានៅតែទាក់ទាញចំណាប់អារម្មណ៍ពីអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរដែលចង់ស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ដូនតាខ្មែរ។ ទោះជាយ៉ាងណា ការអភិរក្ស និងថែរក្សាប្រាសាទនេះនៅតែជាបញ្ហាប្រឈមមួយ ដោយសារកត្តាបរិស្ថាន និងការប៉ះពាល់ពីមនុស្ស។មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តការយកចិត្តទុកដាក់ក្នុងការអភិរក្ស និងជួសជុលប្រាសាទសក្ល ដើម្បីរក្សាទុកជាមរតកវប្បធម៌សម្រាប់យុវជនជំនាន់ក្រោយ និងជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ផងដែរ៕ កាំង ហុងវាស្នា 

ទឹកចិត្តព្រឹទ្ធសភាចំពោះសុខទុក្ខរបស់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅវត្តជ្រោយនាងនួន, ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងវីរកងទ័ពជួរមុខ

2026/05/06 04:43:17 pm        111
កាលពីដើមខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្នុងនាម សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា ទីប្រឹក្សា និងសមាជិកខុទ្ទកាល័យ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងវីរកងទ័ពជួរមុខ តាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖-នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមប្រធានស្តីទី ព្រឹទ្ធសភា បានដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីក្រុមហ៊ុន NAOS France/LABORATOIRE BIODERMA ប្រទេសបារាំង អញ្ជើញចុះពិនិត្យព្យាបាលជំងឺដោយមិនយកកម្រៃ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន៦៥០ គ្រួសារ និងវីរកងទ័ពជួរមុខ មកពីប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ដែលបានប្រព្រឹត្តទៅនៅវត្តជ្រោយនាងនួន ស្ថិតក្នុងឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។-នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមប្រធានស្តីទី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ជាសម្ភារៈប្រើប្រាស់ និងថ្នាំពេទ្យជូនដល់វីរកងទ័ពជួរមុខនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប និងជូនដល់វីរកងទ័ពជួរមុខ នៅកងពលអន្តរាគមន៍ធំលេខ៣ និងកងពលអន្តរាគមន៍តូចលេខ៩ ខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់វីរយុទ្ធជនដែលកំពុងឈរជើងយ៉ាងរឹងមាំនៅគ្រប់ទីកន្លែង និងជូនដល់បងប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗជាជនភៀសសឹកទាំងអស់ដែលកំពុងស្នាក់នៅក្នុងបរិវេណវត្តជ្រោយនាងនួន។ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុត ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន ឱ្យបានជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិ ជាពិសេសវាយបំបាក់ឱ្យបរាជ័យរាល់ការប៉ុនប៉ងរំលោភបំពាន និងមហិច្ឆតាប្លន់ទឹកដីរបស់កងទ័ពថៃឈ្លានពាន។ ឯកឧត្តមប្រធានស្តីទី ក៏បានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះទឹកចិត្តស្នេហាជាតិ សាមគ្គីឯកភាពជាតិជាធ្លុងមួយរបស់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស ដែលបាន និងបន្តជួយគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈដល់សមរភូមិមុខ ក៏ដូចជាដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ដោយបានសង្កត់ធ្ងន់ថា ទឹកចិត្តចូលរួមខ្លាំងក្លារបស់បងប្អូនទាំងអស់នេះ បានប្រែក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លានៃការរួបរួមសាមគ្គី ឯកភាពជាតិ ក្នុងការការពារជាតិរួមរបស់យើង។ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានជំនឿជឿជាក់លើការដឹកនាំប្រកបដោយគិតិបណ្ឌិត និងវៃឆ្លាតរបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញ  អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។ឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ តំណាងវីរយុទ្ធជននៅសមរភូមិ និងតំណាងប្រជាពលរដ្ឋភៀសសឹក បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្តដ៏បរិសុទ្ធថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី និងលោកជំទាវ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ជាមួយវីរយុទ្ធជននៅតាមសមរភូមិមុខ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស៕

ថៃលុបMOU2001 គឺជាការបំពានក្រមសីលធម៌នយោបាយ និងមិនគោរពការទូតនយោបាយ

2026/05/06 04:37:59 pm        250
បណ្តាមេដឹកនាំគណបក្សនយោបាយ បានលើកឡើងថា ការ​ប្រកាសរបស់​ថៃ​ដក​ខ្លួនជា​ឯក​តោភាគី​​ចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ២០០១ គឺជាការបំពានក្រម​សីលធម៌​នយោបាយ និងការមិនគោរពការទូតនយោបាយ និងបានប្រកាសគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញា​អង្គការ​សហប្រជាជាតិក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានថ្លែងប្រាប់ BTV ថា គណបក្ស​ធម្មាធិបតេយ្យ គាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលបាន​សម្រេចជ្រើសរើសប្រើប្រាស់​យន្តការ​នៃការ​ផ្សះផ្សារ​ដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិ​សមុទ្រ​ដើម្បី​ស្វែ​ងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់​ទាមទារ​ដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។ ហើយកម្ពុជាត្រូវតែប្រើប្រាស់យន្តការនេះ ទើប​អាច​ដោះស្រាយរាល់បញ្ហាជម្លោះព្រំដែនមិនថាផ្លូវគោក ផ្លូវទឹក ជាមួយប្រទេសថៃ។ចំណែកឯកឧត្តម បូរ៉ា កក្កដា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា ការប្រកាសជាផ្លូវការ​សម្រេច​ដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ គឺជា​ការបំពានក្រមសីលធម៌នយោបាយ និងការមិនគោរពការទូតនយោបាយ និងសូមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។ ហើយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44)៕ អត្ថបទៈ វង្ស សុភាព 

ក្រសួងការបរទេស រៀបចំធ្វើបទបង្ហាញជូនបណ្ដាអង្គទូតនានានៅកម្ពុជា ក្រោយថៃសម្រេចបញ្ចប់អនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី

2026/05/06 04:37:15 pm        151
លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញធ្វើបទបង្ហាញជូនដល់បណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា បន្ទាប់ពីភាគីថៃ សម្រេចបញ្ចប់អនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី កាលពីថ្ងៃម្សិលមិញ ខណៈពិធីធ្វើបទបង្ហាញនេះប្រព្រឹត្តិទៅនារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។សូមបញ្ជាក់ថា ជាការឆ្លើយតប កម្ពុជាបានប្តេជ្ញាជំរុញយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយគ្រប់វិវាទដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

​ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៥៣២គ្រួសារ រស់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្តទទួលបានអំណោយពីសប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ឧសភា

2026/05/06 04:33:58 pm        73
កំពង់ស្ពឺ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បន្តចាត់ឱ្យក្រុមការងារ ដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ រួមជាមួយលោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីថ្នាក់កណ្តាល មន្ត្រីប្រតិបត្តិសាខា អនុសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដែលទទួលបានពីសប្បុររសជន ក្នុងឱកាសទិវា ៨ឧសភា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥៣២គ្រួសារ មកពី៣ឃុំ គឺឃុំក្រាំងអំពិល ឃុំទំព័រមាស និងឃុំខ្ទុំក្រាំង នៃស្រុកសំរោងទង។ ពិធីចែកអំណោយខាងលើនេះរៀបចំឡើងនៅវត្តអង្គចំណោមមានជ័យ ស្ថិតភូមិច្រកបានសុខ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានបានផ្តល់ជូនកាកបាទក្រហមកម្ពុជា និងជាសក្ខីភាពមួយយ៉ាងច្បាស់ដែលបង្ហាញពីតម្លាភាព និងគណនេយ្យភាព របស់កាកបាទក្រហមកម្ពុជា ក្នុងការប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ ឧសភា) ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រាលទុក្ខលំបាកដល់ជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ ដែលត្រូវការឱ្យជួយជាចាំបាច់។លោក មុត ភន ប្រធានគណៈកម្មាធិការអនុសាខាស្រុកសំរោងទង មានប្រសាស៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូកាកបាទក្រហមកម្ពុជា ដែលអញ្ជើញមកចែកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ៥៣២គ្រួសារ នាឱកាសដ៏ថ្លៃថ្លានេះ ដែលនេះជាសកម្មភាពមួយបានផ្តល់នូវសារៈសំខាន់ យ៉ាងចាំបាច់ក្នុងការចូលរួមចំណែកជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបន្តឱ្យដឹងថាក្នុងចំណោមក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ស្រុកសំរោងទងមាន ១៥ ឃុំ ២៩៤ភូមិ មានប្រជាជនរស់នៅ ១៩០,៧៥៨នាក់ ស្រី៩៨,១៦២នាក់ មាន៤២,០០៧ គ្រួសារ អាយុ១៨ឡើងមានចំនួន ១២៥,៣៩០នាក់។ បច្ចុប្បន្នទូទាំងស្រុកមានគ្រួសារក្រីក្រសរុបចំនួន ៧,១៥៥គ្រួសារ ស្មើនឹង១៨.៥២% ក្នុងនោះគ្រួសារក្រីក្រ កម្រិត១មានចំនួន២,០៧២ ស្មើនឹង៥.៣៦% គ្រួសារក្រីក្រកម្រិត២មានចំនួន៥,០៨៣ ស្មើនឹង ១៣.១៦%។ មានគ្រួសារងាយរងហានិភ័យសរុបចំនួន២,៣៦៣ ស្មើនឹង៦.១២% ។ ចាស់ជរាគ្មានទីពឹងចំនួន ១០៨ នាក់ គ្រួសារផ្ទុកមេរោគអេដស៍សរុបចំនួន ១៣៩នាក់ ជនពិការសរុបចំនួន៣,៥៦៩នាក់។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរនិងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ រួមមានចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើនពិបាកក្នុងការចិញ្ចឹមជីវិត ជនពិការ កុមាកំព្រារ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ ជាដើម។ល។ មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ ថ្វីបើលោកមិនបានអញ្ជើញមកក៏ពិតមែន តែលោកបានចាត់ក្រុមការងារពីទីស្នាក់ការកណ្តាលចុះមកសាកសួរសុខទុក្ខដោយផ្ទាល់។ជាមួយគ្នានេះ ឯកឧត្តម បាននាំនូវសាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងក្នុងនាមឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេសស្ត្រីមានផ្ទៃពោះ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃថ្ងៃទី ២១ ខែកុម្ភៈ ដែលជា ទិវាជាតិសុខភាពមាតា ទារក និងកុមារ សូមស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យសុខភាពឱ្យបានយ៉ាងតិច ៤ដង មុនពេលសម្រាល, ពិនិត្យឈាមដើម្បីបង្ការការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយទៅកូន និងក្រោយពេលសម្រាលត្រូវនាំកូនទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមកាលកំណត់។ទន្ទឹមនេះ សូមបងប្អូនទាំងអស់ចូលរួមកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមិនឆ្លងចំនួន៤ រួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ តាមរយៈកាត់បន្ថយកុំប្រៃពេក កុំខ្លាញ់ និងកុំផ្អែមពេក, បញ្ឈប់ការជក់បារី និងចៀសវាងការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) ដែលកំពុងរីករាលដាលក្នុងស្រទាប់យុវជន, ចូរហាត់ប្រាណឱ្យបានទៀងទាត់ និងបរិភោគទឹកឱ្យបានច្រើន។ បន្ថែមលើនេះរដូវភ្លៀងជិតចូលមកដល់ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ជំងឺគ្រុនឈាម ត្រូវគេងក្នុងមុងទាំងយប់ទាំងថ្ងៃ និងលុបបំបាត់ជម្រកមូសខ្លា (សំបកកង់ឡាន ថូផ្កា ឬវត្ថុដក់ទឹក...) និងមានអនាម័យ ត្រូវហូបស្អាត ផឹកស្អាត (ដាំទឹកឆ្អិន) និងរស់នៅស្អាត។ ជាទីបញ្ចប់ ឯកឧត្តម ក៏បានអំពាវនាវដល់យុវជនឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងរួមគ្នាបង្ការការរីករាលដាលនៃមេរោគអេដស៍ក្នុងចំណោមយុវជន និងប្រជាជនគន្លឹះ។គួរបញ្ជាក់ផងដែរថា អំណោយកាកបាទក្រហមកម្ពុជា ដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១ដប និងឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភបន្ថែមក្នុង ១គ្រួសារៗ ទទួលបានថវិកា ២ម៉ឺនរៀល។ ជាមួយគ្នានេះគណៈប្រតិភូបានប្រគេនទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃគង់នៅវត្តអង្គចំណោមមានជ័យផងដែរ។ក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ៖ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌, កាកបាទក្រហមកម្ពុជា បាននិងកំពុងមមាញឹកក្នុងការចលនាកៀរគររកមូលនិធិពីសប្បុរសជនគ្រប់ទិសទី។ ថវិកាដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានបានបរិច្ចាគ គឺជាកម្លាំងចលករយ៉ាងសំខាន់ដែលអនុញ្ញាតឱ្យកាកបាទក្រហមកម្ពុជា បន្តបេសកកម្មមនុស្សធម៌ និងពង្រីកវិសាលភាពនៃការជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ អាស្រ័យហេតុនេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមមេត្តាបន្តចូលរួមបរិច្ចាគតាមកម្លាំងសទ្ធាជ្រះថ្លា ព្រោះថារាល់ការចូលរួមរបស់សប្បុរសជន គឺជាការផ្តល់នូវក្តីសង្ឃឹម និងជាស្នាមញញឹមរបស់គ្រួសារដែលកំពុងជួបការលំបាក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្អូន​ស្រី​មេដឹកនាំកូរ៉េខាងជើង ថ្កោលទោសការអំពាវនាវឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ G7
06/18/2026 05:06 PM
អ៊ីស្រាអែលកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកការទូតជាន់ខ្ពស់របស់EU ជុំវិញការលើកឡើងអំពី«ការរើសអើងពូជសាសន៍»
06/18/2026 05:06 PM
អ៊ីរ៉ង់និយាយថា កម្មវិធីមីស៊ីលនឹងមិនមែនជាផ្នែកមួយនៃការចរចាជាមួយអាមេរិកទេ
06/18/2026 05:06 PM
ប្រមុខណាតូ បញ្ជាក់ថា សម្ព័ន្ធភាពកំពុងចូលដល់ដំណាក់កាលអនុវត្ត មុនកិច្ចប្រជុំកំពូល Ankara
06/18/2026 05:06 PM
ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UN សាទរកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយអាមេរិក និងអ៊ីរ៉ង់
06/18/2026 05:06 PM
អង្គការ NATO និយាយថា ខ្លួនយល់ព្រមធ្វើទំនើបកម្មសមត្ថភាពនុយក្លេអ៊ែរ
06/18/2026 05:06 PM
រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់កម្រងផ្ការំឭកគោរពខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
06/18/2026 05:06 PM
ប្រធានអាស៊ានហ្វីលីពីន អញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងម៉ានីល
06/18/2026 05:06 PM
មន្ត្រីនិយាយថា អ៊ីស្រាអែលកំពុងចរចាជាមួយអាមេរិកអំពីការបន្តដាក់ពង្រាយកងទ័ពនៅលីបង់
06/18/2026 05:06 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសួសុខទុក្ខ និងប្រទានអំណោយជូនចាស់ជរានៅខណ្ឌដង្កោ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីវររាជមាតាជាតិខ្មែរ
06/18/2026 05:06 PM