លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់កម្រងផ្ការំឭកគោរពខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦

2026/05/06 03:31:25 pm        145
រាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃសារជាថ្មី លើវិស័យចម្បងៗដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ដោយ​បាន​ទម្លាក់នូវអត្រាកំណើន បន្ទាប់ពីមានផលប៉ះពាល់បញ្ហាប្រេងឥន្ធនៈ បញ្ហាព្រំដែន​កម្ពុជា​-ថៃ និងការប៉ះពាល់រយៈខ្លីនៃការបង្ក្រាបសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា តែ​ទោះ​បី​យ៉ាង​ណាក៏​មានអនុវិស័យមួយចំនួននៅរក្សាកំណើនល្អ។ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ របស់រាជរដ្ឋាភិបាល ដែល​ទើប​ដាក់​ចេញផ្លូវការបាន​បង្ហាញផលអវិជ្ជមានធំៗចំនួន៣ រួមមាន៖ ការកើនឡើងថ្លៃប្រេងឥន្ធនៈ ដែល​ធ្វើឱ្យប៉ះពាល់ដល់វិស័យពឹងផ្អែកប្រេងដូចជា ផលិតកម្ម ដឹកជញ្ជូន និងទេសចចរណ៍ជាដើម គួប​ផ្សំនឹងការកើនឡើងនៃសម្ពោធអតិផរណា ដែលអាចបង្ហាក់បន្ទុចដល់ការចាយវាយ និងការ ប្រើ​ប្រាស់​ជារួម។ ចំណែកកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចជាការ​បង្វែរ​ប្រាក់​ឯកជន ទេសចរណ៍ ដែលពឹងផ្អែកច្រកព្រំដែនអន្តរជាតិ និងការនាំចេញ​កសិផល​កម្ពុជា​ជា​ដើម និងការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺអាចប៉ះ ពាល់ខ្លី​ទៅ​លើ​វិស័យ​មួយ​ចំនួន​។ជុំវិញការជះឥទ្ធិពលខាងលើ, បើក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ ​រាជរដ្ឋាភិបាលបានធ្វើ ការវាយតម្លៃសារជាថ្មី នៅលើវិស័យ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​រួម​មាន​៖ ​វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ក្នុងនោះ ចំពោះ​វិស័យ​ឧស្សាហកម្ម​ក្នុង​ឆ្នាំ​២​០២៦នេះ បានទម្លាក់ការវាយតម្លៃមកនៅត្រឹមប្រមាណ ៦,៧% ដោយសារ​កំណើន​ថម​ថយ​ជាង​ ការរំពឹងទុកនៃអនុវិស័យសំណង់ ខណៈដែលអនុវិស័យកាត់ដេរ និងមិនមែនកាត់ដេរ នៅ​រក្សា​បាន​ស្ថិរភាពកំណើន ខណៈដែលវិស័យ នេះនៅដើមឆ្នាំ ត្រូវបានវាយតម្លៃក្នុងអត្រា ៧,២%។ចំណែកវិស័យសេវាកម្ម ត្រូវបានវាយតម្លៃថា នឹងមានកំណើនថមថយបន្ថែមទៀត ក្នុង​អត្រា​កំណើន ​២,៦% (ខណៈនៅដើម ឆ្នាំបានវាយតម្លៃក្នុងអត្រា ៣,៧%), ចំណែកនិន្នាការ​ធ្លាក់​ចុះ​នេះ​ដោយ​សារ​ការថមថយនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូប អាហារ (ទេសចរណ៍) និង​កំណើនថមថយនៃអនុវិស័យលក់ដុំ-រាយ និងអចលនទ្រព្យ ដែលបង្ក​ឡើង​នូវ​ឥទ្ធិពល​ផ្ទួន​ៗ​គ្នា។​ ដោយឡែកវិស័យកសិកម្មក្នុងឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងមានកំណើនថមថយក្នុងអត្រា ០,៧% ដោយសារនិន្នាការថមថយនៃគ្រប់អនុ- វិស័យគាំទ្រកំណើន ស្របពេលនៅដើមឆ្នាំ វិស័យ​នេះ​ត្រូវ​បានរំពឹងថា ០,៩%។សូមបញ្ជាក់ថា ទោះបីវិស័យនឹងអាចថមថយ តែអនុវិស័យ​មួយ​ចំនួន​នៅ​បន្ត​មាន​កំណើន​ល្អ​ដូច​ជា៖​ អនុវិស័យកាត់ដេរ នឹងអាចបន្ត មានកំណើនល្អក្នុងអត្រា ៨,៦%, អនុវិស័យកម្ម​ន្តសាល​មិន​មែន​កាត់​ដេរ ​អាចរក្សាកំណើនក្នុងរង្វង់ ៨,៥% ដោយការរំពឹងទុកនៃនិន្នា ការល្អ​នៃ​ផលិត​កម្ម​បម្រើ​ទីផ្សារ​នាំចេញ ខណៈវិស័យសំណង់អាចបន្តក្នុងល្បឿនយឺត។ ក្រៅពីនេះ​អនុវិស័យ​បច្ចេក​វិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ ក៏នឹងបន្តកំណើនល្អ ខណៈអនុវិស័យលក់ដុំ-រាយ និង​អនុ​វិស័យ​ដឹក​ជញ្ជូន និងស្តុក អាចថមថយកំណើនបន្តិចបន្ទួច។ជុំវិញបញ្ហាខាងលើនេះ, លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​រាជ​បណ្ឌិតសភាកម្ពុជា លើកឡើងថា ទោះបីកម្ពុជាជួបបញ្ហាប្រឈមខ្លះៗក្តី តែ​ទីផ្សារ​នាំ​ចេញ​ទំនិញសំខាន់ៗនៅតែមានភាពធន់ ក្នុងការបន្តជ្រោមជ្រែងដល់ ទីផ្សារនាំចេញ ខណៈ​រាជ​រដ្ឋាភិបាល​បាន​ត្រៀមខ្លួនសមស្រប ទប់ទល់និងផលប៉ះពាល់ដូចជា ការកើនឡើង​នូវ​ភាព​តាន់​តឹង​នៃ​ភូមិសាស្រ្តនយោបាយ និងការរីកដុះដាលនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលប៉ះ​ពាល់​ដល់​ខ្សែច្រ​វាក់​ផលិត​កម្មជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺករណីការចុះអនុវត្តច្បាប់រុះរើសំណង់ខុសច្បាប់ ទន្រ្ទានកាន់កាប់ដីព្រៃ នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្ត ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

2026/05/06 03:14:47 pm        225
មន្ទីរបរិស្ថានខេត្តកោះកុងសូមបញ្ជាក់ជូនថា បានបញ្ជាក់ថាតំបន់ទឹកជ្រោះដំណាក់ក្បូន ជាគម្របព្រៃឈើ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាតំបន់ការពារធម្មជាតិ និងមិនមានការសង់ខ្ទម ឬការតាំងទីលំនៅនៅទីនោះទេ។ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ ជនខិលខូចមួយចំនួន បានចូលទន្ទ្រានកាន់កាប់ដីព្រៃ និងសង់សំណង់ខុសច្បាប់រួមមាន ខ្ទម និងតូបលក់ដូរចំនួន ២៥តូប រោងលម្ហែចំនួន ៧៦រោង និងបន្ទប់ទឹកចំនួន ២កន្លែង (៤បន្ទប់) ជាបន្តបន្ទាប់។ កន្លងមកានេះ រដ្ឋបាលស្រុកមណ្ឌលសីមា បានចេញសេចក្តីជូនដំណឹងចំនួន ៣លើក ឱ្យរុះរើដោយស្ម័គ្រចិត្តជាបន្ទាន់នូវតូបលក់ដូរ និងខ្ទម នៅទីតាំងដំណាក់ក្បូន និងតាមដងផ្លូវជាតិលេខ១០ និងបានចុះផ្សព្វផ្សាយអំពីច្បាប់បទដ្ឋានគតិយុត្តដល់តំណាងប្រជាពលរដ្ឋ ដែលបានចូលទន្ទានកាន់កាប់ដីចំនួន២លើករួចមកហើយដែរ។ ប្រជាពលរដ្ឋមួយចំនួន ក៏បានរុះរើចេញដោយស្ម័គ្រចិត្ត ក៏ប៉ុន្តែនៅមានជនខិលខូចរឹងរូសមួយចំនួនតូចប៉ុណ្ណោះ មិនព្រមរុះរើ និងចាកចេញ ដោយសំអាងមានមេក្លោងនៅពីក្រោយ។ដូចគ្នាដែរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាព ស្រុកមណ្ឌលសីមា បន្តចុះអនុវត្តច្បាប់ធ្វើការរុះរើសំណង់ខុសច្បាប់ទាំងនោះ និងចាត់វិធានការចំពោះមេក្លោង ឱ្យបញ្ឈប់បោកប្រាស់ប្រជាពលរដ្ឋ មកតាំងទីលំនៅខុសច្បាប់តទៅទៀត។ គួរបញ្ជាក់ថា ការទន្ទ្រាន កាន់កាប់ដីព្រៃក្នុងតំបន់ការពារធម្មជាតិ គឺត្រូវរងការផ្តន្ទាទោសតាមមាត្រា ៨៥១ ចំណុច(ច) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕

កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%

2026/05/06 03:04:37 pm        189
កម្ពុជានាំចេញបន្ទះសូឡា នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦, មានទឹកប្រាក់សរុបប្រមាណជាង ៥,៧លានដុល្លារអាមេរិក កើន ឡើងជិត ៧៥ភាគរយ ធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន ក្នុង​នោះ​ទីផ្សារ​សហរដ្ឋអាមេរិកបានស្រូបយកជិត ៨០ ភាគរយ នៃការនាំចេញ សរុប។ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍ នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុងនោះ ការនាំចេញបន្ទះសូឡា នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦ មាន​ទឹក​ប្រាក់​សរុប​ប្រមាណជាង ៥,៧ លានដុល្លារអាមេរិក កើនឡើង ជិត ៧៥ ភាគរយ ធៀបរយៈ​ពេល​ដូច​គ្នា​នឹងឆ្នាំ២០២៥ (ដែលបាននាំចេញត្រឹម ៣,២ លានដុល្លារអាមេរិកប៉ុណ្ណោះ) ដែល​នេះ​បាន​បង្ហាញនូវនិន្នាការនាំចេញកើនឡើង គាំទ្រដល់ការនាំចេញបន្ទះសូឡារបស់កម្ពុជា។ចំពោះប្រទេសដែលកម្ពុជាបាននាំចេញបន្ទះសូឡារួមមាន៖ សហរដ្ឋអាមេរិកមានទឹកប្រាក់ជាង ៤,៥ ​លានដុល្លារ កើនជាង ១.២០០ ភាគរយ, ប្រទេសឡាវ ជាង ៨៣ ម៉ឺនដុល្លារ កើន ១១៣ ភាគរយ, ហ្គាណា ជាង ១៤ ម៉ឺនដុល្លារ (ទីផ្សារថ្មី), តៃវ៉ាន់ និង ខេត្តមួយចំនួននៃប្រទេសចិន ជាង ១០ម៉ឺនដុល្លារ ថមថយជាង ៤០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ក្រៅពីនេះ កម្ពុជា​បាននាំចេញទៅទីផ្សារថ្មីៗផ្សេងទៀតដូចជា ម៉ាឡេស៊ី អេស្បាញ ហូឡង់ និង​អូស្រ្តាលី​ជា​ដើម ​ដែលបានកំពុងគាំទ្រដល់ការនាំ ចេញផលិតផលបន្ទះសូឡានេះ។ជុំវិញការនាំចេញបន្ទះសូឡានេះដែរ កម្ពុជាបាននាំចេញបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិក មាន​ភា​​ពលេចធ្លោជាងគេ ជាក់ ស្តែងការនាំចេញនៅក្នុងរយៈពេល៣ខែនេះ ទីផ្សារ​សហ​រដ្ឋអាមេរិ​ក​បាន​ស្រូប​យកផលិតផលបន្ទះសូឡា ត្រូវប្រមាណជិត ៨០ភាគរយ នៃការនាំ​ចេញ​បន្ទះ​សូឡា​សរុប​របស់​កម្ពុជា។សូមបញ្ជាក់ថា ទីផ្សារសហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំមួយ ដោយបាននិងកំពុង​ជួយ​ជ្រោម​ជ្រែង​ដល់​កំណើន​នៃការនាំចេញទំនិញរបស់ កម្ពុជា ជាក់ស្តែងនៅក្នុងរយៈពេល៣ខែនេះ ទីផ្សារ​សហ​រដ្ឋ​អាមេរិកបានស្រូបយកទំនិញគ្រប់ប្រភេទរបស់កម្ពុជា មានទឹកប្រាក់សរុប ប្រមាណជាង ៣,៣ ពាន់​លានដុល្លារ កើនជាង ៣៨ ភាគរយ នៃការ​នាំ​ចេញ​សរុប​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​របស់​កម្ពុជា​៕ អត្ថបទ៖ សុន រ៉ាឌី

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រសម្រេចការសាងសង់ ៩៨,៥៩%ហើយ

2026/05/06 02:57:58 pm        361
កំពង់ចាម៖ អ្នកនាំពាក្យក្រសួង សាធារណៈការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម ៩៨,៥៩%ហើយ។ផ្អែកលើល្បឿនការងារ គម្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ មានន័យថា លឿនជាងផែនការគ្រោងទុក។ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។គួរបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋស្របពាក្យមួយដែលបានពោលថា «មានផ្លូវ មានក្តីសង្ឃឹម»៕

ពលរដ្ឋស្នើឱ្យអ្នកផលិតមាតិកាផ្តោតលើប្រធានបទដែលផ្តល់ប្រយោជន៍ដល់សង្គម

2026/05/06 02:38:31 pm        84
ប្រជាពលរដ្ឋស្នើឱ្យអ្នកផលិតមាតិកាទាំងឡាយ ផ្តោតលើប្រធានបទណាដែលបានផ្តល់ជា​ប្រយោជន៍​ដល់មនុស្ស និងសង្គមជាតិ ជាជាងបង្កើតមាតិកាបង្កភាពអាណាធិបតេយ្យ បង្ក​ផល​ប៉ះ​ពាល់​ដល់​សីលធម៌សង្គម។ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ កាល​ពី​ព្រឹក​ថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ SUN & MOON លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ដ្រីទី១កម្ពុជា បានអំពាវនាវដល់អ្នកបង្កើតមាតិកា ត្រូវចូលរួម​បង្កើត​វីដេអូ​មាន​ការ​អប់រំ​ជា​ប្រយោជន៍ដល់សង្គម និងបញ្ចៀសការប្រើប្រាស់សកម្មភាពអាសអាភាស ការ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ ខណៈមានអ្នកផលិតមាតិកាមួយ​ចំនួន​បាន​បង្ហាញ​ចេញ​នូវ​លក្ខណៈ​មិន​សមរម្យ​ដែល​អាច​ជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ។ សារអំពាវនាវដ៏មានសារៈសំខាន់របស់លោកជំទាវបណ្ឌិត ក៏បានទាញ​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​បង​ប្អូន​ប្រជាពលរដ្ឋ ដែលនេះក៏ជាចំណុចកំពុងរសើបខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ស្របពេល​ទៅ​នឹង​យុគ្គ​សម័យឌីជីថល ដែលពលរដ្ឋម្នាក់ៗ សុទ្ធតែអាចបង្កើតមាតិកាផ្សេងៗបានដោយស៊េរី។ គួរបញ្ជាក់ ទាក់ទងការផលិតមាតិកានេះ កន្លងទៅក្រសួងព័ត៌មាន ក៏ធ្លាប់បា​ន​ចេញ​សេចក្តី​ណែ​នាំ​ជា​បន្ត​បន្ទាប់ ដល់អ្នកផលិតមាតិកាទាំងអស់ ត្រូវផលិតនូវវីឌីអូរទាំងឡាយណា ដែល​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ សីលធម៌ និងផ្តល់ជាប្រយោជន៍ដល់សង្គមជាតិ៕ អត្ថបទ៖ លីហេង

សម្តេចប្រធានរដ្ឋសភា៖ កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវរួមសហការគ្នា ដើម្បីបម្រើ ផលប្រយោជន៍ជូនពលរដ្ឋ ឱ្យបានកាន់តែច្រើនឡើង

2026/05/06 02:36:40 pm        169
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ វ៉ានណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយជាអនេកនិងបានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តម សនសៃ វ៉ានណាសៃ ដែលត្រូវបានរដ្ឋាភិបាលឡាវ តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។ តាមរយៈបេសកកម្មនេះ សម្តេចមានសង្ឃឹមនិងជំនឿមុតមាំថា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង»នៃទំនាក់ទំនងប្រទេសទាំងពីរ ដែលមានលក្ខណៈប្រៀបដូចជាដន្លងនឹងគ្នានោះ នឹងរីកចម្រើនជាបន្ថែមទៀត។ទោះបីជាពិភពលោកបច្ចុប្បន្នមានភាពប្រែប្រួល ស្មុគស្មាញ និងមិនប្រាកដប្រជាក៏ដោយ ក៏ចំណងមិត្តភាពនេះ មិនត្រឹមតែឈរយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែស្អិតល្មួត មានភាពធន់ និងស៊ីជម្រៅថែមទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍រួម។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ចំណងមិត្តភាពជាប្រពៃណី និងបងប្អូន រវាងកម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយផលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនទៀត ទាំងវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ជីវភាពពលរដ្ឋទាំងសងខាង ដូចជាវិស័យទេសចរណ៍ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានលើកឡើងពីការបើកច្រករបៀងវប្បធម៌ រវាងវត្តភូ និងអង្គរវត្ត ជាដើម។ឯកឧត្តម សនសៃ វ៉ានណាសៃ បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនេះ។ ឯកឧត្តម បានវាយតម្លៃ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះការរីកចម្រើនរបស់កម្ពុជា យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះរួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធសង្គម សំណង់អគាររដ្ឋ ឯកជន និងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ជាដើម។ឯកឧត្តម ក៏បានអរគុណរដ្ឋសភាកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ ជារៀងរាល់ឆ្នាំ ជូនរដ្ឋសភាឡាវ ក្នុងការបញ្ជូនមន្ត្រីមកសិក្សា ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យអន្តរជាតិប៊ែលធី ។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពលំបាកនេះ យើងត្រូវនាំគ្នាប្រែក្លាយ “ការប្រឈមឱ្យទៅជាឱកាស” ពង្រឹងឯកភាព និងសាមគ្គីជាតិឱ្យបានរឹងមាំ។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ដោយដៃម្ខាងដោះស្រាយបញ្ហាប្រឈម និងដៃម្ខាងទៀត ខិតខំអភិវឌ្ឍប្រទេសជាតិ ពង្រឹងមិត្តចាស់ ពង្រីកមិត្តថ្មី និងធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងប្រទេស និងតំបន់។ចំណងមិត្តភាពកម្ពុជា និងឡាវ បានឈានដល់ខួប ៧០ឆ្នាំ ក្នុងឆ្នាំ២០២៦នេះ។ ប្រទេសទាំងពីរ នឹងរៀបចំកម្មវិធី និងព្រឹត្តិការណ៍ជាច្រើន ដើម្បីអបអរសាទរ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសឡាវ និងសូមសម្តែងការអបអរសាទរជូនថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនឡាវទាំងអស់ ដែលទើបបញ្ចប់ការជ្រើសតាំងថ្នាក់ដឹកនាំជាតិ កាលពីថ្មីៗនេះ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋឡាវ សម្តេចមានជំនឿមុតមាំថាប្រទេសឡាវ នឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនឆ្នាំ២០៥៥ ជាមិនខានឡើយ។ ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនអំពីការសម្រេចលុបចោល ជាឯកតោភាគី របស់គណៈរដ្ឋមន្ត្រីប្រទេសថៃ នូវអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ (MOU 2001) ស្តីពីដែនសមុទ្រនៃប្រទេសទាំងពីរ។ កម្ពុជា សោកស្តាយចំពោះការសម្រេចជាឯកតោភាគី ហើយនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារ ដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រ ជាមួយប្រទេសថៃ។ ជំហររបស់កម្ពុជា គោរពច្បាប់អន្តរជាតិ ដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរព និងឱ្យតម្លៃខ្ពស់បំផុត លើសុខសន្តិភាព និងអាយុជីវិតប្រជាពលរដ្ឋ។ឯកឧត្តម សនសៃ វ៉ានណាសៃ បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានប្តេជ្ញាចិត្ត នៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ឱ្យសម្រេចលទ្ធផលល្អប្រសើរ បម្រើដល់ប្រយោជន៍នៃប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ទាក់ទងនឹងការលុបនូវអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ (MOU 2001) ស្តីពីដែនសមុទ្រ ឯកឧត្តមថា បានតាមដាន និងបន្តតាមដានករណីនេះ ដោយយកចិត្តទុកដាក់ផងដែរ៕

សិស្សថ្នាក់វិទ្យាល័យ ចាប់អារម្មណ៍លើការរៀបចំពិព័រណ៍ជំនាញនៅថ្នាក់ឧត្តមសិក្សា

2026/05/06 02:17:33 pm        209
សិស្សថ្នាក់វិទ្យាល័យ ពិសេសសិស្សនៅកម្រិតថ្នាក់ទី ១២ មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ​មុខ​ជំនាញ​សិក្សា​នៅកម្រិតឧត្តមសិក្សា។ ជាក់ស្ដែងនៅថ្ងៃនេះ សិស្សវិទ្យាល័យនៅរាជធានីភ្នំពេញ ជា​ច្រើន​រយ​នាក់ បានចូលរួមស្វែងយល់ ក្នុងពិព័រណ៍មុខជំនាញសិក្សា និងកម្មវិធីពីស្ទែម របស់​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ។សិស្សថ្នាក់វិទ្យាល័យ ពិសេសសិស្សនៅកម្រិតថ្នាក់ទី ១២ ជាច្រើនរយនាក់ បានមក​ចូល​រួម​ក្នុង​ពិព័រណ៍​ជំនាញ​សិក្សា និងកម្មវិធីពីស្ទែម ដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រៀបចំឡើង។ ចូល​រួម​ក្នុង​គោល​ដៅ​រួមមួយ គឺម្នាក់ៗចង់សិក្សាស្វែងយល់លម្អិត លើមុខជំនាញសិក្សានានា ដែល​សាលា​មាន​ក៏ដូចជាសិក្សាលម្អិត លើកម្មវិធីសិក្សា ក៏ដូចជាឱកាសការងារ សម្រាប់មុខជំនាញនីមួយៗ និង​ពិសេសភាពសមស្របនៃសមត្ថភាពខ្លួនទៅលើមុខជំនាញទាំងនោះ។ពួកគេ​ម្នាក់ៗចូលសាកសួរស្វែងយល់ គ្រប់មុខជំនាញ។ ពិសេសមុខជំនាញ ក្នុងវិស័យ​សុខាភិបាល​ ទាំងផ្នែកគិលានុបដ្ឋាក ផ្នែកឆ្មប និងផ្នែកផ្សេងៗទៀត។ សិស្សវិទ្យាល័យ ដែល​បាន​ចូល​រួម​ក្នុងពិព័រណ៍នេះ ក៏ឱកាសសាកល្បងអនុវត្តដោយផ្ទាល់ ជាក់ស្តែងពួកគេបានចូលរួមអនុវត្ត ការ​រៀន​ពីរបៀបចាក់ថ្នាំដោយផ្ទាល់ ហើយបាន​បង្ហាញ​ការ​ពេញ​ចិត្ត​ដែល​បាន​ចូល​រួម​ពិព័រណ៍​ជំនាញ​សិក្សា​នេះ ព្រោះឆ្នាំនេះជាឆ្នាំចុងក្រោយសម្រាប់ការសិក្សានៅថ្នាក់វិទ្យាល័យ។ក្នុងការ​រៀបចំពិព័រណ៍ជំនាញសិក្សានេះដែរ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សា សាកល​វិទ្យាល័យ ​ពុទ្ធិសាស្ត្រ បានលើកឡើងថា សាកលវិទ្យាល័យ បានបង្កើតឡើងតាំងពីឆ្នាំ ២០០៧។ សាកលវិទ្យាល័យ មានគោលដៅនិងមានភាពរួចរាល់ជានិច្ច ក្នុងការ​ចូលរួ​ម​បង្កើត​មូល​ធន​មនុស្ស​សម្រាប់​អនាគត​សង្គមជាតិកម្ពុជា។ ឯកឧត្តមថា ការរៀបចំកម្មវិធីពិព័រណ៍ជំនាញសិក្សានេះ គឺ​មាន​គោល​ដៅដែលជាការតម្រង់ទិសដល់សិស្សវិទ្យាល័យ។ តម្រង់ទិស ឱ្យសិស្សវិទ្យាល័យ​បាន​សិក្សា​ស្វែង​យល់លម្អិតលើមុខជំនាញសិក្សា តម្រង់ទិសឱ្យសិស្សបានត្រៀមខ្លួន ពង្រឹងសមត្ថភាព​ខ្លួន ​ដើម្បីមានភាពរួចរាល់សម្រាប់មុខជំនាញសិក្សាដែលខ្លួនជ្រើសរើស៕ អត្ថបទ៖ គឹម ហុក

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា បង្ហាញ​ពី​ការ​មិន​បោះ​បង់​ជន​រងគ្រោះ

2026/05/06 12:07:40 pm        239
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធាន​អចិន្ត្រៃយ៍​កាក​បាទ​ក្រហម​កម្ពុជា​បានថ្លែងថា ការបន្តបរិច្ចាគ​ថវិកា ធនធាន និងសម្ភារផ្សេងៗដល់កាកបាទក្រហមកម្ពុជា សម្រាប់​ការងារមនុស្សធម៌ បានបង្ហាញពីទឹកចិត្តសប្បុរសមិនបោះបង់ជនរងគ្រោះ គ្រួសារ​កង​ទ័ព​ពលី ​គ្រួសាយុ​ទ្ធជនរបួស ពិការ និងបងប្អូនភៀសសឹកឲ្យនៅឯកោ។ក្នុង​ពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ឧសភា ​២០២៦ ក្រោមមូលបទ៖ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២៦ ​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ការបន្ត​បរិច្ចាគ​ធន​ធាន​ដល់កាកបាទក្រហមកម្ពុជា ក្នុងដំណាក់កាល នៃវិបត្តិពិភពលោកកើតឡើងជាបន្តបន្ទាប់ រួម​ទាំង​កម្ពុជា​ផង​នោះ គឺបានបង្ហាញពីការមិនភ្លេចក្នុងការជួយសង្គម ជួយដល់អ្នកត្រូវការ និងអ្នក​ខ្សត់​ខ្សោយ​ជាង។លោកជំទាវបណ្ឌិតបានបន្តថា ការជួបជុំនៅពេលនេះ មិនត្រឹមតែជាកម្មវិធីប្រគល់ និង​ទទួល​ថវិកា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែបានបញ្ជាក់បន្តអំពីទឹកចិត្តមនុស្សធម៌ ទំនុកចិត្ត និងសាមគ្គីភាពរបស់ខ្មែរយើង ដែល​តែង​តែឈ​រជាមួយគ្នា នៅពេលដែលប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខលំបាក។លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ថែមថា សម្រាប់កាកបាទក្រហមកម្ពុជា ការ​បរិច្ចាគ​របស់សប្បុរសជន មិនមែនគ្រាន់តែជាចំនួនថវិកា ឬសម្ភារប៉ុណ្ណោះទេ ប៉ុន្តែគឺជាទំនុក​ចិត្ត​ប្រគល់​ជូន​កាក​បាទ​ក្រហម​កម្ពុជា​ ហើយនេះគឺជាក្តីមេត្តា ដែលចេញពីបេះដូង ហើយជាស្ពានមួយ ពី​អ្នក​ដែលមានលទ្ធភាព ជួយទៅកាន់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខ និងត្រូវការដៃមួយ ដើម្បី​ជួយ​គាំទ្រដ​ល់ពួកគាត់។លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្រាប់ថវិកាដែលបរិច្ចាគនេះ នឹងប្រែក្លាយជាអង្ករ ម្ហូប​អាហារ ​ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់ សម្រាប់​គ្រួសារ​មួយ​ដែល​កំពុង​ជួប​ការ​លំបាក ប៉ុន្តែលើសពីនេះទៅទៀត គឺជាកម្លាំងចិត្តសម្រាប់ម្ដាយម្នាក់ ដែលកំពុង​បារម្ភ​ពី​កូន​ៗ ​ជាក្តីសង្ឃឹមមួយសម្រាប់គ្រួសារជនភៀសសឹក ជាការលួងលោម និងលើក​ទឹក​ចិត្ត​សម្រាប់​គ្រួសារ​ជន​ពលី និងយុទ្ធជនរងរបួស ហើយជាសារដ៏កក់ក្ដៅ សម្រាប់ប្រាប់ពួកគាត់ថា ពួក​គាត់​មិន​ត្រូវ​បាន​បំភ្លេច​ចោល​នោះទេ នេះហើយជាអត្ថន័យដ៏ធំធេង នៃការបរិច្ចាគ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តទៀតថា កាកបាទក្រហមកម្ពុជា នឹងបន្ត​បេសក​កម្ម​សប្បុរសរបស់ខ្លួន មិនទុកឲ្យជនរងគ្រោះណាម្នាក់ឲ្យនៅឯកោ ដោយមិន​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​នោះ​ឡើយ ជាមួយនឹងការឈានមុខគេ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុង​ការងារ​មនុស្ស​ធម៌​ជួយដល់ជនរងគ្រោះ។ជាមួយនេះ លោកជំទាវបណ្ឌិត តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា នាំនូវការថ្លែងព្រះអំណរគុណ ចំពោះព្រះមហាក្សត្រ និងសម្ដេចម៉ែ ព្រះរាជ​ទាន​នូវ​ព្រះរា​ជកិច្ចគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ និងគ្រប់កាលៈទេសៈទាំងអស់ ជា​ពិសេសក្នុងទិវា ៨ឧសភា ២០២៦ ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហទ័យ ប្រោសព្រះរាជ​ឧបត្ថម្ភ​នូវ​ព្រះរាជទ្រព្យសរុបចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុង​បេសក​កម្ម​មនុស្ស​ធ​ម៌នេះ។លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងថា កាលពីឆ្នាំពី​២០២៥​កន្ល​ង​ទៅ ​កាកបាទក្រហមកម្ពុជា បាននាំយកអំណោយ ដែលទទួលបានពីធនធាន នៃការបរិច្ចាគ​ពី​សប្បុរស​ជន​នានា ជួយដល់គ្រួសារកងទ័ពពលី យុទ្ធជនរងរបួស គ្រួសារភៀសសឹក ជន​រង​គ្រោះ​នានា ​ក៏ដូចជាជនមានពិការភាពជាដើមសរុបរាប់ម៉ឺនគ្រួសារ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ

2026/05/06 11:54:11 am        244
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគីឲ្យសោះ ហើយក៏កុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគីផងដែរ ខណៈកម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ ដើម្បីដោះស្រាយ បញ្ហាដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ ក្រោយរដ្ឋាភិបាលថៃ សម្រេចលុបចោលអនុស្សរណៈយោគយល់គ្នា លើបញ្ហានេះ។តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ សម្តេចតេជោ បានបន្ថែមថា មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«សម្រាប់ខ្ញុំដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 ខ្ញុំពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព)។» ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅភាគីថៃថា គ្មានវឌ្ឍនភាព? សម្តេច តេជោ បានបញ្ជាក់ថា«ខ្ញុំគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៉ីន ស៉ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នាថៃ ផ្លាស់ប្តូនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ?។ ខ្ញុំគួរតែបញ្ជាក់បន្ថែមថា ទោះបីថៃមានការផ្លាស់ប្តូនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះនៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាលឯកឧត្តមនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូន ឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០ ដែលនៅពេលនោះហើយដែលវរជនទាំងពីរបានស្គាល់សម្លកកូរខ្មែរលើកដំបូងដែលភរិយាខ្ញុំចំអិនផ្ទាល់ដៃ ជូនភ្ញៀវកិត្តិយសទាំង២រូបសម្រាប់អាហារថ្ងៃត្រង់។សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅភាគីថៃថាកម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិចូលរួមនិងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញសង្ឃឹមថា កម្ពុជានិងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រផងដែរ៕អត្ថបទបាន ចក់

ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា

2026/05/06 11:42:57 am        83
ព្រះវិហារ៖ លោកឧត្តមអគារនុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ និងលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមពិធីប្រកាសព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស ដល់ទណ្ឌិតនៅពន្ធនាគារខេត្តព្រះវិហារ ចំនួន ១០នាក់ ស្រី ៣ នាក់ ដែលត្រូវបានបន្ធូរបន្ថយទោស ក្នុងព្រះរាជពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦។ក្នុងពិធីនោះដែរលោកឧត្តមអគារនុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ និងលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខរបស់​ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដល់ជនជាប់ឃុំទាំងអស់ និងបានធ្វើការណែនាំបន្ថែមទៀតដល់ជនជាប់ឃុំ ត្រូវយកចិត្តទុកដាក់គោរពវិន័យសណ្ដាប់ធ្នាប់ បទបញ្ជារបស់ពន្ធនាគារ កុំបង្កបញ្ហា នាំឱ្យកើតបទល្មើសថ្មីមួយទៀត។ លោក បន្ដការផ្ដាំផ្ញើទៀតថា ត្រូវយកយកចិត្តទុកដាក់ថែទាំ​សុខភាព​ផ្ទាល់ខ្លួន យកចិត្តទុកដាក់រៀនជំនាញវិជ្ជាជីវៈ ដើម្បី​ចេញទៅវិញប្រកបមុខរបរផ្គត់ផ្គង់គ្រួសារ និងចេះគោរពគ្នាទៅវិញទៅមក យោគយល់អ្នកជាប់ឃុំជាមួយគ្នា កែខ្លួនធ្វើជាមនុស្សល្អ ក្លាយជាបុគ្គលឆ្នើម ជាមូលហេតុនាំឱ្យមានការបន្ធូរបន្ថយទោសរាល់បុណ្យជាតិម្ដងៗ និងរួចទោសឆាប់បានចូលទៅរួមរស់ក្នុងសង្គមវិញ ។សូមបញ្ជាក់ថា ជនជាប់ឃុំ ចំនួន៩នាក់ ស្រី ៣ នាក់ ត្រូវបានបន្ធូរបន្ថយទោសរយៈពេល៣ខែ និងជនជាប់ឃុំ១នាក់ ត្រូវបានបន្ធូរបន្ថយទោស រយៈពេល៦ខែ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM
ចិនជំរុញឲ្យ​ G7 ឈប់ប្រើប្រាស់ «ក្រុម​​តូចៗ» ដើម្បីបំផ្លាញសណ្តាប់ធ្នាប់ពាណិជ្ជកម្មសកល
06/18/2026 07:06 PM